បេក្ខជន​១២រូប​សុំចូលព្រះសហគមន៍

មនុស្ស​ចំនួន​១២​នាក់ បាន​ឈរ​នៅ​ក្រៅព្រះវិហារ​សន្តីម៉ារី​ញញឹម​ចំការទៀង ហើយ​បាន​គោះ​ទ្វារ​ខ្លាំង ដើម្បី​ឲ្យ​អ្នក​ខាង​ក្នុង​ដែល​កំពុង​រៀបចំ​ថ្វាយ​សក្ការៈបូជា​ទៅព្រះជាម្ចាស់​បាន​ដឹង។

«តើបងប្អូនមករកអ្វី?»  លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីត​ហស្លេ​បាន​សួរ​ទៅ​កាន់​អ្នក​នៅ​ខាង​ក្រៅទ្វារ។ ពួកគាត់​តប​ថា «មកសុំជំនឿ ដែលផ្ដល់ជីវិតអស់កល្បជានិច្ច។»

លោកអភិបាល​បាន​អញ្ជើញ​ពួកគាត់ទាំងអស់​ឲ្យ​ចូល​ក្នុង​វិហារ​របស់​ព្រះជាម្ចាស់ ហើយ​ឲ្យ​ពួកគាត់​បង្ហាញ​ខ្លួន​នៅ​មុខ​គ្រីស្ត​បរិស័ទ​ទាំង​អស់​ដែលជា​ព្រះសហគមន៍នៅ​ភូមិចំការទៀង ឃុំ​គូស ស្រុ​ក​ត្រាំ​កក់​ខេត្ត​តាកែវ។

បេក្ខជន​ទាំងនោះ​បាន​ ចូលរួម​ជាមួយព្រះ​សហគមន៍​ ដោយ​ប្រកាស​ «សុំ​យក​ព្រះគ្រីស្តជាទីពឹង ព្រះបន្ទូលជាទីពឹង និងព្រះសហគមន៍ជាទីពឹង»។

ក្នុងធម្មទេសនានាថ្ងៃទី​២១ ខែ​សីហា គង្វាលព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអូលីវីយ៉េ មាន​ប្រសាសន៍ថា ថ្ងៃនេះយើងចាប់ផ្ដើមធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទៅរកគោលដៅតែមួយគឺចង់បាន​សេចក្ដីសុខ។

លោក​អភិបាល​បន្តថា «ជីវិតដែលគ្មានទីពឹងជាជីវិតឯកោ ជាជីវិតដែលគ្មានក្ដីសង្ឃឹម។» យើងធ្វើដំណើរជាមួយព្រះយេស៊ូ ដែលមានព្រះបន្ទូលជាទីពឹង។ យើងត្រូវចូលក្នុងជីវិតព្រះសហគមន៍របស់យើងដើម្បីចាក់គ្រឹះ ដើម្បីទទួលមរតក ដែលមាន​តាំង​ពី​ប្រវត្តិសាស្ត្រព្រះសហគមន៍តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។

លោកអភិបាល​បញ្ជាក់ថា ពេលយើងយកព្រះសហគមន៍ជាទីពឹងគឺ យើងចូលក្នុងមរតកពិសេសដែលជាកម្លាំង ដើម្បីបម្រើ​។

បេក្ខជនម្នាក់ៗ​បាន​ឡើងមកមុខអាសន:អុជធូបប្រកាសស្នើសូមយកព្រះគ្រីស្ត ព្រះបន្ទូល និងព្រះសហគមន៍ជាទីពឹង នៅចំពោះមុខលោកអភិបាល លោកបូជាចារ្យ និងគ្រីស្តបរិស័ទទាំងអស់។

លោកអភិបាលព្រះសហគមន៍អូលីវីយ៉េ គូសសញ្ញាឈើឆ្កាងលើថ្ងាសបេក្ខជនទាំងអស់ដើម្បីឱ្យបេក្ខជនទាំងនេះក្លាយជាអ្នកទទួលអប់រំជំនឿ។ សាក្សីនៃជំនឿ គូសសញ្ញាឈើឆ្កាងលើត្រចៀកបេក្ខជន​ដើម្បី​ឱ្យពួកគាត់​ចេះ​ស្ដាប់​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​ គូសសញ្ញាឈើឆ្កាង​លើភ្នែកដើម្បីមើលឃើញព្រះពន្លឺព្រះជាម្ចាស់ គូសសញ្ញាលើមាត់បេក្ខជន ដើម្បីឱ្យពួកគាត់​ចេះឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ គូសសញ្ញាឈើឆ្កាងលើទ្រូងដើម្បីភ្ជាប់ចិត្តគំនិតជាមួយព្រះយេស៊ូ និង​គូសសញ្ញាឈើឆ្កាងលើដៃដើម្បីធ្វើដំណើររួមជាមួយគ្នាដោយចិត្តរីករាយ។

លោក​កូយ សារ៉ុម បាន​ស្គាល់​ព្រះសហគមន៍កាតូលិក​តាំង​ពី​ឆ្នាំ​២០០២ ដោយ​ធ្វើការងារ​ជាមួយព្រះវិហារ​សន្តីម៉ារី​ញញឹម​ចំការទៀង​ ​ជាគ្រូ​បង្ហាត់​សិល្បៈ​។ លោក​ឲ្យដឹងថា ក្នុងរយៈពេល​២០​ឆ្នាំ​នេះ លោក​​បាន​យល់​ឃើញ​ថា «ទាំងខ្ញុំ​ទាំងគេសុទ្ធ​តែ​ជាប់​អំពើបាប ​មានតែ​ព្រះ​គ្រីស្ត​ទេ​ដែល​យាង​ផ្សព្វ​ផ្សាយ​ប្រោស​មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំងអស់​។»

ក្នុងវ័យ​ជាង​៧០​ លោក​សារ៉ុម​បាន​សម្រេចចិត្ត​ធ្វើ​ជា​គ្រីស្ត​បរិស័ទ។ «គោល​ដៅ​របស់​ខ្ញុំ​​ចង់​ផ្សព្វ​ផ្សាយ​ទាក់ទាញ​បងប្អូន​ផ្សេងទៀត​ឱ្យ​ចូល​ព្រះសហគមន៍ ដោយ​មាន​មាគ៌ាព្រះគ្រីស្ត​ជាគោលនៅក្នុង​ទំនាក់ទំនងរស់នៅដោយប្រាប់តៗគ្នា ដូច​នៅក្នុង​ព្រះ​គម្ពីរ​មាន​ឃ្លាមួយ​ថា អ្នក​ដែល​មាន​អាវពីរ​ត្រូវ​ចែក​ឱ្យ​អ្នក​ដែល​មិនមានមួយ។»

លោកគ្រូ​សិល្បៈ​រូប​នេះ​បាន​បន្ថែម​ថា «​សាសនា​​គ្រីស្ត​ធ្វើ​ឱ្យ​ខ្ញុំ​ជ្រះ​ថ្លា ស្ម័គ្រ​បម្រើ និង ដើម្បី​អភិរក្ស​សិល្បៈវប្បធម៌​ខ្មែរ​យើង។»​

លោកអភិបាលព្រះសហគមន៍​ភូមិភាគភ្នំពេញ មាន​ប្រសាសន៍​ទៀតថា នៅពេលធ្វើជំហានទី១នេះ សូម​ឲ្យ​យើងនឹកឃើញអំពី​វិធី ដើម្បីឱ្យព្រះសហគមន៍មានជីវិត ដោយមានគ្រីស្តបរិស័ទចាក់គ្រឹះ​ផ្ទាល់​នៅកម្ពុជានេះ ជា​ពិសេស​គឺបូជាចារ្យ ដែល​ពិតជាមានសារៈសំខាន់សម្រាប់​ព្រះសហគមន៍។​

បេក្ខជនជំហានទី១ទាំងនេះមានស្រី៧នាក់ និងប្រុស៥នាក់ ដែលក្នុងនេះមានបេក្ខជន២នាក់មកពីព្រះវិហារសន្តយ៉ូសែបត្រពាំងក្រញូង៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email