កម្ពុជា​នឹង​មាន​បូជាចារ្យ​៣​រូប​បន្ថែម​ទៀត​ក្នុងពេល​ឆាប់ៗ​

សំឡេង​ភ្លេង​ឆៃយ៉ាំលាន់កងរំពងយ៉ាង​ឱឡារិក​ មុខ​ក្បួន​ដង្ហែ​យុវជនបីរូប​ជា​និស្សិត​ទេវវិទ្យាល័យ សន្ត​យ៉ូហាន ម៉ារី វីយ៉ាណែរ​នាទីក្រុង​ភ្នំពេញ ដែល​បាន​សុំ​ថ្វាយខ្លួន​ទៅព្រះជាម្ចាស់​ ដែល​មាន​អមដោយមាតាបិតារបស់​លោក​ និង​អស់​លោក​បូជាចារ្យ​និង​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា​ទាំង​៣​ភូមិភាគ ហែចូល​ក្នុង​ពិធី​តែង​តាំង​​​ជាឧបដ្ឋាក។

ក្នុងពិធី​យ៉ាង​ឱឡារិក​នេះ​ លោក​នាយក​ទេវវិទ្យាល័យ សួន ហង្ស​លី​ បាន​ស្នើ​សុំ​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ​ទទួល​លោក​ទាំង​បី​ជា​ឧបដ្ឋាក​ ដោយ​មាន​ប្រសាសន៍ថា លោក​ទាំង​បី​​​បាន​តស៊ូ​នៅ​ក្នុង​ការអប់រំ ការសិក្សា និង​នៅក្នុង​ផ្លូ​វិញ្ញាណ ហើយ​ពេល​នេះបាន​បញ្ចប់ការ​សិក្សានិង​ស្នើ​សុំ​លោក​អភិបាល​តែង​តាំង​ពួក​គាត់​ជាឧបដ្ឋាក។​

បេក្ខជន​ទាំង​បីរូប​មានលោក​យ៉ូហាន​បាទីស្ត វី សំណាង លោក​អន់តូនី ថៃរតនៈ​(ប៊ុនលី) និង​លោក ប៉ូល វិន​ កាន់ ​បាន​ឆ្លើយ​តប​នឹង​សំណួរ​លោក​អភិបាល​អូលីវីយ៉េ បញ្ជាក់​អំពី​ជំហរ​របស់​ពួកគាត់​ក្នុងកិច្ច​ការ​បម្រើ​ព្រះជាម្ចាស់​ក្នុងនាម​ជា​អ្នក​បួស។

ឧបដ្ឋាក គឺជា​ជំហាន​បញ្ចប់​ក្នុង​ការ​អប់រំ​ក្នុង​ទេវវិទ្យាល័យ និង​ដើម្បី​ត្រៀម​ខ្លួន​ទទួលពិធី​តែង​តាំង​ជា​បូជាចារ្យ​កាតូលិក​ក្នុងពេល​ឆាប់​ៗ​ខាង​មុខនេះ។

នៅក្នុង​ធម្ម​ទេសនា លោកអភិបាល​អូលីវីយេ​ដែល​ជា​អធិបតី​នៃ​កម្មវិធីមានប្រសាសន៍ថា នៅ​លើ​ឈើ​ឆ្កាង​ព្រះយេស៊ូ​កំពុង​ត្រាស់ហៅ​​លោក​​ទាំង​៣ឱ្យ​ទទួល​ទឹកដែល​ជាជីវិត​អស់​កល្បជានិច្ច។​

​លោក​បញ្ជាក់​ទៀត​ថា ឧបដ្ឋាក គឺ​«បម្រើព្រះជាម្ចាស់» ដោយ​ថ្វាយ​ខ្លួន​ជា​​យញ្ញបូជាអស់កល្ប​ជានិច្ច ហើយចាប់ពីពេល​នេះ​តទៅ​ជីវិត​របស់​ពួកលោក​​​លែង​ជាជីវិត​ឯកជនទៀត​ហើយ គឺ​ត្រូវ​លះបង់ភាព​ផ្ទាល់​ខ្លួន​ទាំងអស់ ដូច​សន្ត​ស្ទេផាន​ ជាឧបដ្ឋាក​ដំបូងនៅក្នុង​ព្រះសហគមន៍​។

ការបម្រើ​ព្រះជាម្ចាស់ នាំឱ្យ​ជីវិត​ភ្ជាប់នឹង​ព្រះជាម្ចាស់​អស់​មួយជីវិត និង​នាំឱ្យ​មនុស្ស​ដែល​គ្មាន​ឋានៈ គ្មាន​ទីពឹង​អាចចូល​រួម​ក្នុង​អំណរសប្បាយ​ជាមួយព្រះជាម្ចាស់។ លោក​អភិបាល​បន្ថែម​ថា ការ​បម្រើ​ ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ ស្រឡាញ់​ព្រះជាម្ចាស់ ត្រូវ​​ដាក់​ខ្លួន​ ដាក់​ចិត្ត​សម្រាប់ព្រះជាម្ចាស់ និង​​ទីពឹងលើ​​ព្រះជាម្ចាស់ ហើយ​ត្រូវ​​មាន​ចិត្ត​ស្មោះ និងស្ម័គ្រ​ស្លាប់​ដោយ​ដឹង​ថា​ព្រះជាម្ចាស់​លើក​លែង​ទោស​ដល់​អ្នក​បម្រើ​ស្មោះ​ត្រង់។

លោកអភិបាល​បញ្ជាក់ទៀតថា បម្រើ​ព្រះជាម្ចាស់​ គឺ​ត្រូវ​ធ្វើ​អស់ពី​សមត្ថភាព​ដែល​យើង​មាន ដោយ​​មិន​ធ្វើ​តាម​អារម្មណ៍ តែពោរពេញ​ដោយអំណរ​សប្បាយ​របស់​ព្រះជាម្ចាស់​ដែលនាំ​ឱ្យ​មាន​កម្លាំង​ទៅ​មុខ​ជានិច្ច។

ក្នុងពិធី​ដែល​មាន​លោក​បូជាចារ្យជិត​១០០​អង្គ​មក​ពី​ភូមិភាគ​ទាំង​បីក្នុងប្រទេស​កម្ពុជា នាថ្ងៃទី​១០ ខែ​កញ្ញា​នេះ​ លោក​អភិបាល​ បាន​ផ្ដាំផ្ញើ​ដល់​លោក​បូជាចារ្យ​​ដែលនឹង​​ទទួល​លោក​ឧបដ្ឋាកថ្មីនេះ ​ជួយ​គាំទ្រ​ពួកលោក​ឲ្យ​​បំពេញបេសកកម្ម​នៃ​ការបម្រើ ដើម្បី​ឱ្យ​ឋានៈជាឧបដ្ឋាក​ភ្ជាប់​នៅក្នុង​ដួង​ចិត្ត តាមរយៈ​បទពិសោធនៃការ​បម្រើ គឺ​ស្រឡាញ់​ព្រះជាម្ចាស់​អស់​ពីដួង​ចិត្ត ដោយ​មាន​ការ​លើកលែង​ទោសនិងដាក់​ខ្លួន។

ក្រោយធម្មទេសនា​បញ្ចប់​ និស្សិត​ទេវវិទ្យាល័យ​ទាំង​៣រូប​បាន​​សន្យា​ ជាមួយ​លោក​អភិបាល​ព្រះសហគមន៍ នៅមុខ​គ្រីស្ត​បរិស័ទ​ជាង​២០០០នាក់ ដោយ​សន្យា​រួម​ចិត្ត​គំនិត​ជាមួយ​លោក​អភិបាល​​ព្រះសហគមន៍​ ដោយ​គោរព និង​ស្ដាប់​បង្គាប់​។

បន្ទាប់​មក​លោក​អភិបាល​បាន​ទ្រាប​ដៃ​លើ​ក្បាល​បេក្ខជន​ម្នាក់​ៗ និង​អធិដ្ឋាន​សូមព្រះជាម្ចាស់​ប្រសិទ្ធិពរ និង​ចាត់ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​យាង​មក​សណ្ឋិត​លើ​លោក​ឧបដ្ឋាក​ទាំងបីរូប​​ឱ្យ​បាន​ទៅជា​អ្នក​បម្រើ​តុសក្ការៈ និង​អាច​បំពេញ​មុខងារជាឧបដ្ឋាក​យ៉ាង​សមរម្យ។

លោក​ឧដ្ឋាក​ថ្មី ត្រូវ​បាន​បំពាក់​ឯកសណ្ឋាន​ជាឧបដ្ឋាក ដោយ​មាន​កន្សែងពានា និង​ដាម៉ាតិច​(អាវ​បំពង់វែង​)របស់​លោក​ឧបដ្ឋាក រួច​លុតជង្គង់ទទួល​ព្រះគម្ពីរពីលោក​អភិបាល​ ជាសញ្ញា​ដើម្បី​បំពេញ​បេសកកម្ម​ប្រកាស​ព្រះបន្ទូល។​

ក្រោយ​ពី​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​ឧបដ្ឋាក​រួច​ លោក​អភិបាលអូលីវីយ៉េ ​បាន​ចាត់​តាំង​លោក​ឧបដ្ឋាក​ទាំងបី​ទៅបំពេញ​បេសកកម្មនៅ​មណ្ឌល​សកម្មភាព​រៀង​ៗ​ខ្លួន។ ក្នុង​នោះ​លោក​ឧបដ្ឋាកប៊ុនលី បម្រើ​នៅមណ្ឌល​សកម្មភាពភ្នំ​ពេញ​ខាង​ជើង​ជាមួយ​លោក​បូជាចារ្យ ប៉ូល​រឿង ឆ័ត្រសិរី។ លោក​ឧបដ្ឋាក វិន កាន់ ទៅ​បម្រើ​ព្រះសហគមន៍មណ្ឌលសកម្មភាព​ព្រះសីហនុ ជាមួយ​លោកបូជាចារ្យយ៉ាំង​​លូកា តាវ៉ូឡា។​ លោក​ឧបដ្ឋាក វី សំណាង ទៅ​បម្រើ​ព្រះសហគមន៍មណ្ឌលសកម្មភាព​ភ្នំពេញ​ថ្មី ភ្នំពេញ​ខាង​ត្បូង និង​តាខ្មៅ ដែល​មាន​លោក​អភិបាលអូលីវីយ៉េ​ជា​អ្នក​ណែនាំ។

លោក​ឧបដ្ឋាកប៊ុនលី ឲ្យ​ដឹងថា ទំរាំ​បាន​មក​ដល់​ថ្ងៃនេះ លោក​បាន​ឆ្លង​កាត់​នូវ​ទុក្ខលំបាកនិង​ឧបសគ្គ​ជា​ច្រើន ប៉ុន្តែ​អ្វីដែល​អាច​ឲ្យ​លោក​ទៅមុខ​បាន​គឺ​ ​ការ​អធិដ្ឋាន​ជាមួយ​ព្រះ​ជាម្ចាស់ ដើម្បីអាច​នៅ​ជា​មួយ​ព្រះអង្គ​ដោយ​ទុក​ចិត្ត និង​ផ្ញើ​ជីវិត​លើ​​ព្រះអង្គ។

លោក​ឧបដ្ឋាក ប៊ុនលី កើត​ថ្ងៃ​ទី​១០​កញ្ញា ១៩៩៣ នៅទីក្រុង​ភ្នំពេញ ហើយ​បាន​សិក្សា​រៀន​សូត្រ​នៅ​សាលា​ដុន​បូស្កូ និងស្នាក់នៅ​ក្នុង​​មណ្ឌលមីកាអែលរបស់​ព្រះសហគមន៍។ លោក​បាន​សុំ​ចូល​ទេវវិទ្យាល័យក្នុង​ឆ្នាំ​​២០១៥។

លោក​បន្ត​ថា «​បម្រើ​តុ​សក្ការៈ​គឺ​បម្រើ​ព្រះគ្រីស្ត​ គឺ​ទាំងពិធីបុណ្យ​និង​មនុស្ស។ ​ខ្ញុំ​នឹង​ព្យាយាមរស់​​នៅ​ក្នុង​ទំនាក់​ទំនងដោយ​យក​ចិត្ត​ទុក​ដាក់​សួរ​សុខទុក្ខ​អ្នក​ក្រីក្រ​។»

ក្នុង​សំលៀក​បំពាក់​ថ្មីជា​ឧបដ្ឋាក លោក​ប៉ូល វិន កាន់និយាយ​ថា «ខ្ញុំ​មិននឹក​ស្មាន​ថា​ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ​ឱ្យ​ទទួល​ការ​តែង​តាំង​អគ្គសញ្ញានេះ ដោយសារ​​យើង​ជាអ្នក​តូច​តាច​ជាមនុស្ស​ធម្មតាសាមញ្ញ តែ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឱ្យ​មាន​កិត្តិយស។ នៅពេល​ដែល​ខ្ញុំ​គិត​របៀប​នេះ​ខ្ញុំ​ព្រឺសម្បុរ ដោយ​សារ​ជីវិត​ខ្ញុំ​អស្ចារ្យ​មែនទែន​។»

មុន​ពេល​តែង​តាំង​ជា​ឧបដ្ឋាក និស្សិត​ទេវវិទ្យាល័យ​ទាំង​បី​​ត្រូវ​រស់នៅ​ក្នុង​ទេវវិទ្យាល័យ​យ៉ាង​ហោច​ណាស់​៧ឬ​៨​ឆ្នាំ​ ដើម្បី​រៀនមុខវិជ្ជានានា មាន​ទស្សនវិជ្ជា ទេវវិជ្ជា និង​ការ​រស់នៅ​ជា​សហគមន៍​ កិច្ច​ការ​បម្រើ​បងប្អូន​និង​បម្រើ​ព្រះជាម្ចាស់។

ក្នុង​រយៈពេល​នោះ​ ឧបសគ្គ​និ​ងអំណរសប្បាយ​តែង​កើត​មានឡើង ហើយ​ការ​ធ្លាក់​ទឹក​ចិត្ត​ឬ​​ការ​សង្ស័យ​អំពី​ជីវិត​នៃការត្រាស់​ហៅ តែ​ង​កើត​មាន​ជា​រឿយៗ​ ប៉ុន្តែ​ការ​ទុក​ចិត្ត​និង​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់​គឺ​ធ្វើ​ឲ្យ​ជីវិត​ទៅ​មុខ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ឧបដ្ឋាក​កាន់។  

លោក​ឧបដ្ឋាក ប៉ូល វិន កាន់ កើត​១៩៩២ ក្នុងទីក្រុង​ភ្នំពេញ មាន​បងប្អូន​​​៦នាក់ និង​បាន​សិក្សា​រៀន​សូត្រ​និង​​ស្នាក់​នៅ​ដុន​បូស្កូក្នុង​ឆ្នាំ​២០០៧។ ឆ្នាំ២០១៤ លោកបានសុំចូល​ទេវវិទ្យាល័យ។

លោក​កាន់​បន្ថែម​ថា «ស្រឡាញ់ និង​បម្រើ» ជាពាក្យ​ស្លោក​ឆ្លាក់​នៅ​ក្នុង​ដួង​ចិត្ត​របស់លោក ក្នុងកិច្ច​ការ​ប្រ​ចាំ​ថ្ងៃ​ ដែល​នឹង​ត្រូវ​អនុវត្ត​ក្រោយ​ពេល​ទទួល​អគ្គសញ្ញា​តែង​តាំង​ជាឧ​បដ្ឋាក​នេះ​។​

រីឯលោកឧបដ្ឋាក វី សំណាង មានប្រសាសន៍ថា «កាលពីយប់មិញខ្ញុំគេងមិនលក់ ហើយព្រឹកឡើងពេលអធិដ្ឋានតាមពេលកំណត់ ខ្ញុំស្រក់ទឹកភ្នែកនិងមើលឈើឆ្កាង។» លោក​បន្ត​ថា តាមរយៈទឹកភ្នែក និងការ​ទ្រាបដៃរបស់​លោក​អភិបាល បាន​ធ្វើ​ឲ្យ​លោក​យល់​ថា «ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ហើយ(ខ្ញុំ)សូមអរព្រះគុណព្រះជាម្ចាស់ចំពោះការត្រាស់ហៅមួយនេះ។»

ក្នុង​ឆ្នាំ​២០០៨ លោក​ឧបដ្ឋាក វី សំណាង​បាន​រស់នៅក្នុងសាលាបច្ចេកទេស​ដុន​បូស្កូ និង​បានរិះ​គិត​ពីការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់ចំពោះ​ជីវិត​របស់​លោក​ ទោះ​បី​ពេលនោះ​លោក​ជា​ កូនទោលក្នុង​គ្រួសារ​គ្រីស្ត​បរិស័ទ​។ នៅ​ក្នុង​ឆ្នាំ​​២០១៨ លោក​បាន​សុំ​ចូល​ទទួល​ការអប់​រំ​នៅទេវវិទ្យាល័យ។

«ខ្ញុំ​មាន​អារម្មណ៍​រំភើបចង់​ហោះ» ជាពាក្យ​ដែល​ចេញ​ពី​មាត់​លោក​ វី ​ចាន់ឌី ក្នុង​នាម​ជា​ឪពុក​ ​របស់លោក​ឧបដ្ឋាកវីសំណាង។ លោក​ចាន់ឌី​ឲ្យ​ដឹង​ទៀតថា នៅពេល​កូន​និយាយ​ថា ​គាត់​មាន​បំណង​ចង់​ក្លាយ​ជាបូជាចារ្យ​តាំងពីក្មេង​​ ឪពុក​រូបនេះ​បាន​សម្រេច​ចិត្ត​ថ្វាយ​​កូន​របស់​គាត់​​​ទៅ​ព្រះជាម្ចាស់ ដោយ​បាននាំកូន​ប្រុស​​​ទៅព្រះវវិហារ​ទៀងទាត់​។

ចំពោះ​លោក​ង្វៀង យ៉ាំង លើង ជាឪពុក​របស់​លោក​ឧបដ្ឋាក ថៃ រតនៈ ហៅ​ប៊ុន​លី បាន​ឱ្យ​ដឹង​ថា គាត់​បាន​​ទន្ទឹងរង់​ចាំពិធីនេះ​អស់រយៈពេល​១៦ឆ្នាំ​មកហើយ «ខ្ញុំ​ចង់​ឱ្យ​កូន​ខ្ញុំ​បំពេញ​តួនាទី​ឱ្យបានល្អ និង​ណែនាំ​អ្នក​ជិតខាង​ឱ្យ​បាន​សុខសប្បាយទាំងអស់គ្នា។»​

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាតូលិក លោក​អភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍ទៀតថា​ ព្រះសហគមន៍​កម្ពុជា​មាន​ការ​ត្រាស់​ហៅ​តិច ហើយ​នេះ​ជាផ្លែដែលបាន​ទទួល​​នៅក្នុង​ជីវិត​របស់លោក​ឧបដ្ឋា​កទាំង​បី ទាំងព្រះសហគមន៍​ ទាំង​សាលាដុនបូស្កូ និង​លោក​បូជាចារ្យ​ដែល​បាន​អធិដ្ឋាន​សម្រាប់​ការត្រាស់​ហៅ។​

លោកអភិបាល​បញ្ជាក់ថា «នេះជាកម្លាំង​មួយ​ដើម្បី​ឱ្យ​យើង​បន្ត​ប្រកាស​ដំណឹងល្អ​ ដើម្បី​​ឱ្យ​យើង​ទៅជាអ្នក​បម្រើ ព្រោះ​ឧបដ្ឋាក​មានន័យ​ថា «បម្រើ» ដោយ​សន្យា​នៅលីវអស់មួយជីវិត ដើម្បី​ថ្វាយ​ខ្លួន​ទៅព្រះជាម្ចាស់​ ទៅបងប្អូន និងព្រះសហគមន៍។​»

មក​ដល់​ពេល​បច្ចុប្បន្ននេះ ព្រះសហគមន៍​នៅ​កម្ពុជា​មាន​លោក​បូជាចារ្យជាតិ​កម្ពុជា​​ចំនួន​១០​នាក់​ប៉ុណ្ណោះ​ក្នុ​ងចំណោម​សាសនទូត​បរទេស​ជិត​១០០នាក់​​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង ​ព្រះសហគមន៍​ចំនួន​ជាង​៨០​ ទោះបី​ជា​ព្រះសហគមន៍​នៅ​កម្ពុជា​បាន​កកើត​ឡើង​តាំង​ពី​​សតវត្សទី​១៦​មក​ក៏ដោយ។ ដោយសារ​តែ​សង្គ្រាម​រាប់​មិន​អស់​នៅ​ក្នុង​ប្រទេស​ ជា​ពិសេស​ក្នុង​របប​ប៉ុល​ពត បាន​បំផ្លាញ​ស្ទើរតែ​ទាំង​ស្រុង​នូវ​សាសនា​និង​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ជាតិ ក្នុង​នោះ​លោកអភិបាល​ជាតិ​ខ្មែរ និង​សហការីរបស់​លោក អស់​លោក​បព្វជិត-ជិតា និង​គ្រីស្ត​បរិស័ទ​ជា​ច្រើន​បានស្លាប់​និង​ត្រូវ​បាន​សម្លាប់​។

មក​ដល់​ពេលនេះ គ្រីស្ត​បរិស័ទ​នៅ​ក្នុងប្រទេស​កម្ពុជា​មាន​ចំនួន​តិច​តួច​នៅ​ឡើយ គឺ​ប្រមានជា​២ម៉ឺននាក់​ក្នុង​ចំណោម​ប្រជាជន​ជិត​១៦លាននាក់៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email