ពិធីចែករង្វាន់សិស្សពូកែនិងសិស្សនិទ្ទេស A,B ក្នុងស្រុកត្រាំកក់

សិស្សប្រលងបាក់ឌុបជាប់និទ្ទេស A ចំនួន ៤នាក់ និទ្ទេស B ចំនួន ៣១នាក់ និងសិស្សពូកែពាន់រង្វាន់ឯកឧត្តមបណ្ឌិតច័ន្ទ សារុន ពីលេខ១​ដល់លេខ១០ ចំនួន ១២៤នាក់​ ​ និងគ្រូបង្រៀនល្អ មកពីវិទ្យាល័យនានាក្នុង​ស្រុក​ត្រាំកក់ ឆ្នាំសិក្សា ២០១៨-២០១៩ ទទួលរង្វាន់លើកទឹកចិត្ត នា​ថ្ងៃទី៣ តុលា ២០១៩។ 

ពិធីប្រគល់រង្វាន់បានប្រារព្ធធ្វើឡើង​នៅសាលាស្រុកត្រាំកក់  ក្រោមអធិបតីភាព របស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ជាប្រធានក្រុមការងារប្រចាំស្រុកត្រាំកក់ លោក អូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងថ្នាក់ដឹកនាំមន្ទីរអប់រំខេត្ត ថ្នាក់ដឹកនាំស្រុក និងមន្ត្រីរាជការ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

លោក អ៊ុត ជំនិត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកត្រាំកក់ បានឡើងថ្លែងរបាយការណ៍ជូនអង្គពិធីមានដូចជា នៅក្នុងស្រុកត្រាំកក់មានវិទ្យាល័យចំនួន១០ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩នេះ មានបេក្ខជនចុះឈ្មោះប្រឡងមធ្យមសិក្សាទុតិយភូមិចំនួន ១២០៥នាក់ ស្រី ៦៦៦នាក់។ បេក្ខជនមកប្រឡង ១២០៣នាក់ ស្រី ៦៦៤នាក់។ បេក្ខជនប្រឡងជាប់ ៨៧៤នាក់ ស្រី ៥០០នាក់ ស្មើនិង ៧២,៦៥% ស្រីស្មើនិង ៧៥,៣៧%។ ក្នុងនោះមាននិទ្ទេស A ៤នាក់ ស្រី ២នាក់ និទ្ទេស B ៣១នាក់ ស្រី ១៩នាក់ និទ្ទេស C ៦៤នាក់ ស្រី៣៦នាក់ និទ្ទេស D ១៥១នាក់ ស្រី៩៤នាក់ និទ្ទេស E ៦២៤នាក់ ស្រី៣៤៨នាក់ ប្រឡងធ្លាក់ ៣២៩នាក់ ស្រី១៦៤នាក់។

ក្នុងពិធីដ៏ឱឡារិកយុវសិស្ស និទេ្ទស A នឿន សំណាង មកពីវិទ្យាល័យអគ្គមហាសេនាបតីតេជោអង្គតាសោម បានចែកបទពិសោធក្នុង អង្គពិធីទាំងមូលថា៖ មានកត្តាផ្សំជាច្រើនដែលនាំគេក្លាយជាសិស្សពូកែ​គឺ កត្តាគ្រូបង្រៀន កត្តាខ្លួនឯង គឺត្រូវខិតខំតស៊ូសិក្សាដោយខ្លួនឯង  មានកាលវិភាគច្បាស់លាស់។ កត្តាមិត្តភ័ក្តិ ជួយណែនាំនិងបំពេញបន្ថែមនូវចំណុចខ្វះឲ្យគ្នាទៅវិញទៅមក។ កត្តាគ្រួសារ កត្តាសាលារៀន និងកត្តាសង្គមជាតិ នៅក្រោមម្លប់សន្តិភាពអាចឲ្យកុមារគ្រប់រូបទទួលបានការអប់រំគ្រប់គ្រាន់។ យុវសិស្ស នឿន សំណាង ក៏បានផ្តាំផ្ញើដល់ប្អូនៗជំនាន់ក្រោយថា សូមយកពេលទំនេរចូលបណ្តាល័យអានសៀវភៅ ចេះបង្កើតក្លិបសិក្សានិងមានទំនាក់ទំនងល្អជាមួយមិត្តភ័ក្តិ។

ស្រដៀងគ្នានេះដែរ យុវសិស្ស ជាប់និទ្ទេស A​ ភ័ក្ត ច័ន្ទជីវី មកពីវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បានថ្លែងថា គេចូលចិត្តយកចិត្តទុកដាក់សិក្សានៅសាលាជាជាងនៅផ្ទះ ដោយសារមិនចង់ដាក់សំពាធលើខ្លួនឯង។ ​យុវសិស្ស កូនកសិកររូបនេះក៏បានបន្តថា “តាំងពីដើមមកខ្ញុំចង់បាននិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនេះ”។ យុវសិស្សរូបនេះ ក៏បានផ្តាំទៅសិស្សប្អូនជំនាន់ក្រោយ សូមខិតខំរៀនតាំងពីដើមឆ្នាំ ជាជាងខំនៅចុងឆ្នាំ ព្រោះយើងអាចភ្លេចភ្លាំងកន្លែងណាមួយ ហើយដែលសំខាន់កុំលេងទូរស័ព្ទច្រើនពេក ជាពិសេសហ្គេមអនឡាញ វាអាចធ្វើឲ្យយើងវក់។ ជីវី ក៏បានថ្លែងអំណរគុណដល់លោកអភិបាល អូលីវីយេ និងលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់លើការសិក្សារបស់ពួកគេ រហូតដល់បានទទួលជោគជ័យដូចថ្ងៃនេះ។

លោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បានថ្លែងក្នុងអង្គពិធីថា សិស្សនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បានជាប់បាក់ឌុប១០០% ដែលមាននិទេ្ទស A ម្នាក់ក្នុងចំណោម៤នាក់ និទេ្ទស B ៨នាក់ក្នុងចំណោម៣១នាក់ទូទាំងស្រុកត្រាំកក់ និងមាន១១នាក់ដែលបានជាប់ជាពានរង្វាន់សិស្សពូកែ​ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ក្នុងឆ្នាំ២០១៩នេះ។

 លោកអភិបាលបានបន្តថា ព្រះសហគមន៍កាតូលិក បានជួយដល់វិស័យអប់រំពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា មានសិស្សានុសិស្សប្រមាណ១០០០នាក់នៅក្នុងស្រុកត្រាំកក់។ លោកក៏បានអបអរសាទរ និងលើកទឹកចិត្តដល់សាលាទាំងអស់ដែលមានក្នុងស្រុកត្រាំកក់ អរគុណដល់លោកគ្រូអ្នកគ្រូ នាយកសាលាដែលបានយកចិត្តទុកដាក់ ដើម្បីអប់រំណែនាំឲ្យសិស្សានុសិស្សជោគជ័យ អរគុណដល់ឪពុកម្តាយដែលបានជម្រុញ ដើម្បីឲ្យសិស្សានុសិស្សមានកម្លាំងកម្លាំងចិត្តដើម្បីទៅមុខ និងអបអរសាទរសិស្សានុសិស្សទាំងអស់។

លោកអភិបាលបន្ថែមទៀតថា “សូមការពារថែរក្សានៅក្នុងជីវិតផ្ទាល់ខ្លួន គឺឲ្យមាន Visoin អគ្គទស្សនៈ។ ឲ្យមាន Passion យកចិត្តទុកដាក់នៅក្នុងសេចក្តីស្រឡាញ់ និងឲ្យមាន Action  ដើម្បីអនុវត្តយ៉ាងសកម្ម។ លោកថា សូមគិតផ្ទាល់ខ្លួន តើយើងមានអគ្គទស្សនៈអ្វីខ្លះសម្រាប់ជីវិតនៅថ្ងៃអនាគត? ពេលមានអគ្គទស្សនយ៉ាងច្បាស់លាស់ សូមយកចិត្តទុកដាក់យើងបានជាប់បាក់ឌុបយ៉ាងល្អដោយសារបានយកចិត្តទុកដាក់ និងចុងក្រោយឲ្យយើងអនុវត្តយ៉ាងសកម្ម ដើម្បីឲ្យអនាគតរបស់យើង ប្រទេសរបស់យើងបន្តរីកចម្រើន។ យើងជោគជ័យនៅក្នុងការអប់រំនិងការសិក្សា លុះត្រាតែយើងនឹកឃើញមនុស្សយើង ដែលមានខួរក្បាលផង  ដែលមានរូបកាយផង និងដែលមានផ្លូវវិញ្ញាណដែលណែនាំឲ្យយើងយល់ថា ជីវិតរបស់យើងមានតម្លៃ។

លោកបណ្ឌិត ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវមានប្រសាសន៍ថា ចំពោះលទ្ធផលដែលប្អូនៗសិស្សានុសិស្សក្នុងស្រុកត្រាំកក់ ទទួលបានក្នុងការប្រឡងបាក់ឌុបនេះ ជាទីមោទនៈចំពោះឪពុកម្តាយ ជីដូនជីតា វាមិនគ្រាន់តែជាកិត្តិយសរបស់កូនៗនិងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាកិត្តិយសសម្រាប់ប្រជាពលរដ្ឋស្រុកត្រាំកក់ ជាពិសេសសម្រាប់ខេត្តតាកែវ។ ស្រុកត្រាំកក់មានកិត្តិយស ដោយសារប្អូនៗបានឡងជាប់ហើយបានទទួលនិទេ្ទស A ចំនួន៤នាក់។ លទ្ធផលដែលប្អូនៗទទួលបាននេះ មិនមែនកើតឡើងដោយចៃដន្នទេ គឺដោយសារការខិតខំប្រឹងប្រែងរបស់កូនៗទាំងអស់តាំងពីដើមរៀងមក។

ក្នុងនោះលោកក៏បានលើកទឹកចិត្តដល់អ្នកប្រលងធ្លាក់ឲ្យខិតខំថែមទៀត ដើម្បីជំនះយកសញ្ញាបត្រនេះ ចំពោះអ្នកដែលជាប់ហើយនៅផ្លូវវែងឆ្ងាយតទៅទៀតដើម្បីខិតខំសិក្សារៀនសូត្រ។

បន្ទាប់ពីសំណេះសំណាលរួចហើយ គណៈអធិបតីទាំងអស់បានចែករង្វាន់ដល់សិស្សពូកែ និងសិស្សទទួលបាននិទ្ទេស A និង B នៅក្នុងស្រុកត្រាំកក់ព្រមទាំងថតរូបអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ។ ​​រង្វាន់ទាំងនេះរួមមាន ម៉ូតូ Honda Wave ចំនួន៤គ្រឿង ចែកជូនដល់សិស្សជាប់និទ្ទេស A ចំនួន៤នាក់ ចំពោះសិស្សនិទ្ទេស B ចំនួន៣១នាក់ ទទួលបានទូរស័ព្ទស្មាតហ្វូនម្នាក់១គ្រឿង។​សម្រាប់រង្វាន់សិស្សពូកែថ្នាក់ស្រុកពីលេខ១ដល់១០ចំនួន១២៤នាក់ គឺសិស្សលេខ១ទទួលបានកង់មួយគ្រឿង កាតាបមួយ សៀវភៅ ប៊ិច និងថវិកា ៤០.០០០៛ លេខ២ ទទួលបានកាតាបមួយ សៀវភៅ ប៊ិច និងថវិកា ៤០.០០០៛ លេខ៣ ដល់លេខ១០ ទទួលបានកាតាបមួយ សៀវភៅ ប៊ិច និងថវិកា ៣០.០០០៛ និងលោកគ្រូអ្នកគ្រូបង្រៀនល្អក្នុងស្រុកត្រាំកក់ ទទួលបាន សារុងមួយ និងថវិកាចំនួន ៤០.០០០៛ ។

​​រង្វាន់ទាំងនេះរួមមាន ម៉ូតូ Honda Wave ចំនួន៤គ្រឿង ចែកជូនដល់សិស្សជាប់និទ្ទេស A ចំនួន៤នាក់ ចំពោះសិស្សនិទ្ទេស B ចំនួន៣១នាក់ ទទួលបានទូរស័ព្ទស្មាតហ្វូនម្នាក់១គ្រឿង។​សម្រាប់រង្វាន់សិស្សពូកែថ្នាក់ស្រុកពីលេខ១ដល់១០ចំនួន១២៤នាក់ គឺសិស្សលេខ១ទទួលបានកង់មួយគ្រឿង កាតាបមួយ សៀវភៅ ប៊ិច និងថវិកា ៤០.០០០៛ លេខ២ ទទួលបានកាតាបមួយ សៀវភៅ ប៊ិច និងថវិកា ៤០.០០០៛ លេខ៣ ដល់លេខ១០ ទទួលបានកាតាបមួយ សៀវភៅ ប៊ិច និងថវិកា ៣០.០០០៛ និងលោកគ្រូអ្នកគ្រូបង្រៀនល្អក្នុងស្រុកត្រាំកក់ ទទួលបាន សារុងមួយ និងថវិកាចំនួន ៤០.០០០៛ ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

Subscribe to our newsletter

Don't miss new updates on your email