ត្រៀម​ខ្លួន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស

ពី​ព្រះសហគមន៍​សំរោង​ធំ

ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២

អត្ថបទ​ទី១៖ អេសាយ ៦,១-២ក.៣-៨ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ។ អស ៦,៥អត្ថបទ​ទី២៖ កូរិនថូស​ទី​១ ១៥,១-១១បង‌ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម‌រយៈ​ដំណឹង‌ល្អ។ ១ករ ១៥,២ដំណឹងល្អ៖ លូកា ៥,១-១១ព្រះ‌អង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក។ លក ៥,៣

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ដែល​យើង​ចូល​នៅ​ក្នុង​អាទិត្យ​ទី​៦​នៃ​រដូវ​ធម្មតា ថ្ងៃ​នេះ​យើង​យក​ពេល​វេលា​ដើម្បី​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស។ អគ្គ​សញ្ញា​លាប​ថ្ងាស គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​ជីវិត​ផ្ទាល់​របស់​ព្រះជាម្ចាស់ ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់​ផ្ទាល់។ ជា​សេចក្ដី​ក្លាហាន​និង​កម្លាំង​របស់​ព្រះជាម្ចាស់​ផ្ទាល់​ដែល​នឹង​សណ្ឋិត​លើ​បង​ប្អូន ដូច​យើង​បានស្ដាប់​នៅក្នុង​អត្ថបទ​ទី​មួយ ពី​ដើម​នៅ​ពេល​ក្រុម​គ្រីស្ត​ទូត​កំពុង​ភ័យ​ខ្លាច។ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ហើយ មាន​គេ​ចង់​បៀត​បៀន​ក្រុម​សាវ័ក​របស់​ព្រះយេស៊ូ ហេតុ​នេះ​ហើយ​គេ​អធិដ្ឋាន​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ ដោយ​បិទ​ទ្វារ បិទ​បង្អួច។ ប៉ុន្តែ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​យាង​មក​ដូច​ខ្យល់​ដែល​បក់​គេ​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​គេ​ចាប់​ផ្ដើម​ទៅ​ជា​សាក្សី​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​មនុស្ស​យ៉ាង​ច្រើន។

ការ​អស្ចារ្យ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ គឺ​មាន​មហា​ជន​ដែល​មក​ពី​ស្រុក​នា​នា ដែល​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា នៅ​ពេល​គេ​ជួប​ជា​មួយ​ក្រុម​គ្រីស្ត​ទូត ដូច​ជា​គេ​ស្ដាប់​បាន​អ្វី​ដែល​ក្រុម​គ្រីស្ត​ទូត​កំពុង​ប្រកាស​អំពី​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ អំពី​ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​មនុស្ស​យើង​មាន​សេចក្ដី​សុខ អំពី​ព្រះយេស៊ូ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នៅ​ពេល​នោះ ទោះ​បី​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា​គេ​ស្ដាប់​បាន ដោយសារ​គេ​យល់​ចិត្ត​គ្នា ដូច​ពី​ដើម​នៅ​ពេល​ព្រះយេស៊ូ​នៅ​ជា​មួយ​មហា​ជន នៅ​ពេល​នោះ​ជួន​កាល​មាន​៥០០០​នាក់ ជួន​កាល​មាន​១០០០០​នាក់ ទោះ​បី​គ្មាន​ឧបករណ៍​បំពង​សំលេង​ដូច​ពេល​នេះ មហា​ជន​គេ​ស្ដាប់​បាន និង​គេ​ស្ដាប់​ឮ​ទៀត។ ប៉ុន្តែ ប្រហែល​គេ​ឮ​មិន​សូវ​ច្បាស់ តែ​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​គេ​បាន​ទទួល​ព្រះបន្ទូល​ដែល​ព្រះយេស៊ូ​ដែល​កំពុង​ចែក​រំលែក។ នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ គេ​ទទួល​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​ដែល​គង់​នៅ​ជា​មួយ​គេ អំពី​ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​ជីវិត​របស់​គេ​រក​ឃើញ​អត្ថន័យ ជាពិសេស គេ​យល់​ថា​ព្រះជាម្ចាស់​ស្រឡាញ់​គេ និង​ព្រះជាម្ចាស់​ចង់​ឱ្យ​គេ​មាន​សុភមង្គល។

ក្នុង​កម្មវិធី​បូជនីយចរ​យុវជន​អាទិត្យ​មុន ខ្ញុំ​បាន​យក​ប្រធាន​បទ ”ព្រះជាម្ចាស់​ចង់​ឱ្យ​យើង​មាន​សុភមង្គល​រួម​ជា​មួយ​ព្រះយេស៊ូ”។ សុភមង្គល​ដែល​ព្រះជាម្ចាស់​ចង់​ឱ្យ​យើង​មាន គឺ​ពី​ដើម​រៀង​មក​ព្រះជាម្ចាស់​បាន​បង្កើត​យើង​ជា​បុរស​ជា​ស្រ្តី ឱ្យ​រស់​នៅ​ក្នុង​សេចក្ដី​សុខ​សាន្ត​របស់​ព្រះជាម្ចាស់។ ពី​ដើម​រៀង​មក ព្រះជាម្ចាស់​បាន​ប្រទាន​វិន័យ​ទាំង​ដប់​ប្រការ ដើម្បី​ណែនាំ​ឱ្យ​មនុស្ស​មាន​របៀប​រស់​នៅ​ក្នុង​សង្គម របៀប​ដើម្បី​ស្រឡាញ់​ព្រះជាម្ចាស់។ សង្ឃឹម​យើង​ចាំ​វិន័យ​ទាំង​១០​ប្រការ ៤​ដំបូង​គោរព​ព្រះជាម្ចាស់ និង​៦​បន្ទាប់​គឺ​រស់​នៅ​ក្នុង​សង្គម កុំ​សម្លាប់​ជីវិត កុំ​កុហក កុំ​យក​ប្រពន្ធ​គេ កុំ​ក្បត់… ដើម្បី​ឱ្យ​យើង​ធ្វើ​ដំណើរ​នៅ​ក្នុង​សង្គម​យ៉ាង​សុខសាន្ត។ ដោយសារ នេះ​ជា​គោល​ដៅ​របស់​ព្រះជាម្ចាស់​សម្រាប់​យើង នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ថ្ងៃ​នេះ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​យើង​មើល​មួយ​ជំហាន​ទៀត ដែល​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​មនុស្ស​យើង​មាន​សុភមង្គល។ សុភមង្គល​ណែនាំ​ឱ្យ​យើង​យល់​ថា ទោះ​បី​យើង​មាន​ទុក្ខ​លំបាក ទោះ​បី​យើង​ពិបាក​ចិត្ត ទោះ​បី​ស្រេក​ឃ្លាន ទោះ​បី​យើង​យំ​សោក ក៏​យើង​រក​ឃើញ​សុភមង្គល​បាន​ដែរ។ “អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រខ្សត់​អើយ អ្នក​មាន​សុភមង្គល​ហើយ​ត្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះរាជ​របស់​ព្រះជាម្ចាស់ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ អ្នក​មាន​សុភមង្គល​ហើយ​ត្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ អ្នក​មាន​សុភមង្គល​ហើយ​ត្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេកអរ”។

ដូច្នេះ យើង​មើល​ឃើញ​ព្រះជាម្ចាស់​កែប្រែ​ជីវិត​របស់​យើង ជា​អ្នក​ក្រខ្សត់​ឱ្យ​មាន​សុភមង្គល​ដោយសារ​យើង​បាន​ទទួល​ទ្រព្យ​សម្បត្តិ​មួយ​យ៉ាង​ពិសេស គឺ​ព្រះរាជ​របស់​ព្រះជាម្ចាស់។ ទទួល​សម្បត្តិ​មួយ​យ៉ាង​ពិសេស គឺ​ព្រះជាម្ចាស់​ផ្ទាល់​ដែល​បាន​ណែនាំ​ឱ្យ​ថ្ងៃ​អនាគត​របស់​យើង​មាន​សុភមង្គល​នៅ​ស្ថាន​បរម​សុខ។ អ្នក​ដែល​កំពុង​ឃ្លាន ពេល​យើង​ឃ្លាន​បាយ​យើង​អត់​មាន​សុភមង្គល​ទេ ប៉ុន្តែ​ព្រះជាម្ចាស់​កែប្រែ​ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​មាន​សុភមង្គល ដោយសារ​យើង​បាន​ទទួល​ជីវិត​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ជីវិត​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ ណែនាំ​ឱ្យ​យើង​ឆ្អែត​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ ឆ្អែត​នៅ​ក្នុង​សុភមង្គល។ ប៉ុន្តែ មិន​មែន​ឆ្អែត​ណែនាំ​ឱ្យ​យើង​ឈឺ ឆ្អែត​ណែនាំ​ឱ្យ​យើង​ពោរពេញ​ទៅ​ដោយ​កម្លាំង ថាមពល ដើម្បី​ប្រកាស​ដំណឹង​ល្អ ដើម្បី​រស់​នៅ​និង​តស៊ូ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ អ្នក​ដែល​កំពុង​យំ​សោក តាម​ពិត​យើង​មិន​ខ្វះ​ទឹក​ភ្នែក​នៅ​ក្នុង​ជីវិត​របស់​យើង ប៉ុន្តែ​យើង​ដឹង​ថា​ព្រះជាម្ចាស់​កែប្រែ​ទឹក​ភ្នែក​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​អស់​កម្លាំង ណែនាំ​ឱ្យ​យើង​កម្សត់​ទុរគត ទៅ​ជា​មនុស្ស​ពោរពេញ​ដោយ​អំណរ​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។

ថ្ងៃ​នេះ ដែល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ជា​ជំហាន​មួយ​ទៀត​ដើម្បី​ចូល​នៅ​ក្នុង​សុភមង្គល​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ឱ្យ​យើង ដើម្បី​ចូល​នៅ​ក្នុង​ជីវិត​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​ឱ្យ​យើង​នៅ​លើ​ផែនដី​នេះ ប៉ុន្តែ​ដើម្បី​ត្រៀម​ខ្លួន​នៅ​ស្ថាន​បរម​សុខ។ ដូច​យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ទី​២​ថ្ងៃ​នេះ “ដោយសារ​ព្រះយេស៊ូ​មាន​ព្រះជន្ម​ថ្មី​ដ៏​រុង​រឿង​មែន ណែនាំ​ឱ្យ​មនុស្ស​យើង​ទាំង​អស់​ដែល​ស្លាប់​នៅ​លើ​ផែនដី​នេះ បាន​ទទួល​ព្រះជន្ម​ថ្មី​ដ៏​រុង​រឿង​ដែរ​នៅ​ស្ថាន​បរម​សុខ”។ យើង​មាន​យុវជន​យុវនារី​ច្រើន​ដែល​ទទួល​អគ្គ​សញ្ញា​ថ្ងៃ​នេះ សូម​គិត​អំពី​ជីវិត​នៅ​លើ​ផែនដី​នេះ​សិន ដោយ​ដឹង​ថា​អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ល្អ​សព្វ​ថ្ងៃ ជា​មរតក​សម្រាប់​យើង​នៅ​ក្នុង​ថ្ងៃ​អនាគត។ ដោយសារ នៅ​ពេល​យើង​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់ ព្រះអង្គ​នឹង​សួរ​ដល់​យើង តើ​យើង​បាន​ស្រឡាញ់​គេ​ឬទេ? តើ​យើង​បាន​ស្រឡាញ់​ព្រះជាម្ចាស់​អស់​ពី​ដួង​ចិត្ត​ឬទេ? តើ​យើង​បាន​អធិដ្ឋាន​អស់​ពី​ដួង​ចិត្ត​ឬទេ? តើ​យើង​បាន​ជួយ​បង​ប្អូន​ឯទៀតៗ​ឬ​ទេ? តើ​យើង​បាន​ខិត​ខំ​ណែនាំ​ឱ្យ​មនុស្ស​ដែល​កំពុង​ពិបាក មាន​កម្លាំង​សាជាថ្មី​ឬ​ទេ? តើ​យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជម្ងឺ និង​អ្នក​ដែល​មាន​បញ្ហា​នៅ​ក្នុង​ជីវិត​ឬ​ទេ? តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​បង្ហាញ​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង​ឬទេ?

នេះ​ជា​សំណួរ​ដែល​យើង​នឹង​ទទួល សំណួរ​នេះ​យើង​ឆ្លើយ​បាទ ចាស យើង​បាន​ខិត​ខំ​ស្រឡាញ់ យើង​បាន​ខិត​ខំ​លើក​លែង​ទោស យើង​បាន​ខិត​ខំ​អធិដ្ឋាន​លុះត្រាតែ​យើង​បាន​ធ្វើ​ពិត​មែន មិន​អាច​និយាយ​កុហក​ទៅ​ព្រះជាម្ចាស់​បាន​ទេ។ ដូច្នេះ នៅ​ពេល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ថ្ងៃ​នេះ ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ ជា​ជីវិត​របស់​ព្រះអង្គ ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់ ជា​សេចក្ដី​ក្លាហាន ជា​ថាមពល ជា​កម្លាំង​របស់​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​យើង​អាច​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ​មែន។ កុំ​ឱ្យ​យើង​ចេះ​តែ​ស្រឡាញ់​ដោយ​បបូរ​មាត់ ប៉ុន្តែ​ឱ្យ​យើង​ចេះ​ស្រឡាញ់​យ៉ាង​ជាក់​ស្ដែង នៅ​ក្នុង​សកម្មភាព​ដែល​យើង​មាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ស្រឡាញ់​ព្រះជាម្ចាស់ ដោយ​ស្ដាប់​ព្រះបន្ទូល ដោយ​អធិដ្ឋាន ដោយ​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត អគ្គ​សញ្ញា​លើក​លែង​ទោស។ ជា​ពិសេស នៅ​ពេល​យើង​ចូល​ក្នុង​រដូវ​៤០​ថ្ងៃ ដើម្បី​កែប្រែ​ចិត្ត​គំនិត​ម្ដង​ទៀត។ ថ្ងៃ​នេះ ប្អូនៗ​ដែល​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដ៏​ពេញ​លក្ខណៈ ជា​ពេល​វេលា​មួយ​ដើម្បី​ទទួល​កម្លាំង​មួយ​ប្លែក​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់ និង​ដើម្បី​អនុវត្ត​ដល់​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។

ដូច្នេះ ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដល់​យើង “សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ” នៅ​ពេល​ហ្នឹង​យើង​ទទួល​សុភមង្គល​ដ៏​ពិត​ប្រាកដ។ សូម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ សូម​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ដែល​ភ្លឺ​ស្វាង​សម្រាប់​យើង​ផ្ទាល់ សម្រាប់​គ្រួសារ​របស់​យើង និង​សម្រាប់​បងប្អូន​ឯទៀតៗ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ជួនកាល យើង​ភ័យ​ខ្លាច​ដោយ​សារ​ជំងឺ​កូវីដ-១៩​ពី​ប៉ុន្មាន​ឆ្នាំមកហើយ ឥលូវ​នេះ​យើង​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ជា​ទី​ពឹង​មួយ​យ៉ាង​ពិសេស​បំផុត​ដែល​ណែនាំ​ឱ្យ​យើង អាច​ទៅ​មុខ​បន្តិច​ម្តងៗ​នៅ​ក្នុង​ជីវិត​របស់​យើង ណែនាំ​ឱ្យ​យើង​ថែរក្សា​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ជីវិត​របស់​យើង ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​ជំនឿ។ បន្តិច​ទៀត​ខ្ញុំ​ប្រកាស​នៅ​មុខ​ព្រះសហគមន៍ នៅ​មុខ​ព្រះជាម្ចាស់ មុន​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ដែល​ជា​ជីវិត ដែល​ជា​ដង្ហើម​ដ៏​ពេញ​លក្ខណៈ​របស់​ព្រះជាម្ចាស់ ដែល​យាង​ចូល​នៅ​ក្នុង​សួត​របស់​យើង នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង នៅ​ក្នុង​ជីវិត​របស់​យើង ជីវិត​នៃ​ព្រះសហគមន៍​និង​ជីវិត​នៃ​សង្គម។

ថ្ងៃ​នេះ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​គង់​នៅ​ជា​មួយ​យើង ដែល​បាន​ថែរក្សា​យើង ដែល​បាន​ជ្រើស​រើស​យើង ដើម្បី​ឱ្យ​យើង​ធ្វើ​ដំណើរ​នៅ​លើ​ផែនដី​នេះ ដោយ​ត្រៀម​ខ្លួន​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email