អធិដ្ឋាន​និង​បម្រើ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់

អត្ថបទ​ទី១៖ អេសាយ ៥៨,៩ខ-១៤
ប្រសិន​បើ​អ្នក​សុខ​ចិត្ត​បេះ​អាហារ​ពី​មាត់​ខ្លួន យក​ទៅ​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លាន នោះ​ពន្លឺ​របស់​អ្នក​នឹង​ចែង‌ចាំង​ក្នុង​ទី​ងងឹត។ អស ៥៨,១០
ដំណឹងល្អ៖ លូកា ៥,២៧-៣២
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ? លក ៥,៣០

បង​ប្អូន​ជា​ទី​ស្រឡាញ់

អ្នកណាអង្វររកព្រះនាម​ព្រះអម្ចាស់ អ្នកនោះ​នឹទទួលការសង្គ្រោះ” នៅ​ថ្ងៃ​នេះ​ដែល​យើង​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារិក​សម្រាប់​បេក្ខ​ជន​៨៣​នាក់ ដែល​ត្រៀម​ខ្លួន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​រាត្រី​បុណ្យ​ចម្លង។ នៅ​ពេល​យើង​ស្ដាប់​អត្ថបទ​នេះ “អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះ​នឹទទួលការសង្គ្រោះ” តាម​ពិត​យើង​ចូល​យ៉ាង​ជ្រៅ​បំផុត​នៅ​ក្នុង​អាថ៌​កំបាំង​នៃ​ជំនឿ​របស់​យើង។ ប្រសិន​បើ បង​ប្អូន​នឹក​ឃើញ​ជំហាន​ទី​១​នៅ​ពេល​យើង​បាន​គោះ​ទ្វារ​ដើម្បី​សុំ​ចូល​នៅ​ក្នុង​ព្រះសហគមន៍ លោក​បាន​សួរ​ថា “សុំ​អ្វី?” យើង​ឆ្លើយ​ថា “សុំជំនឿ” លោក​បន្ត​សួរ​ថា “សុំ​ជំនឿដើម្បី​អ្វី?” យើង​ឆ្លើយ​ថា “ដើម្បីទទួលជីវិតអស់ល្ប​ជានិច្ច”។ ប្រសិន​បើ យើង​និយាយ​អំពី​ជីវិត​អស់​កល្ប​ជានិច្ច យើង​និយាយ​អំពី​ការ​សង្រ្គោះ។

ព្រឹក​មិញ យើង​បាន​នឹក​ឃើញ​យើង​ជា​គ្រីស្ត​បរិស័ទ និង​សញ្ញា​សម្គាល់​នៃ​គ្រីស្ត​បរិស័ទ គឺ​គូស​ឈើ​ឆ្កាង​នៅ​លើ​ខ្លួន “ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ដោយ​នឹក​ឃើញ​ដល់​ព្រះយេស៊ូ ដែល​បាន​សោយ​ទិវង្គត ដើម្បី​សង្រ្គោះ​យើង។ ពិធី​ជ្រមុជ​ទឹក ដែល​យើង​ទទួល​ណែនាំ​ឲ្យ​យើង​រួម​ស្លាប់ រួម​រស់ ដោយសារ​ព្រះយេស៊ូ​មិន​មែន​តែ​សោយ​ទិវង្គត ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ រួម​ស្លាប់ រួម​រស់​ជា​មួយ​ព្រះយេស៊ូ​ដើម្បី​កើត​ជា​ថ្មី។ ថ្ងៃ​នេះ យើង​ធ្វើ​ជំហាន​ទី​២ នៅ​ពេល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក យើង​ថា​ជា​ជំហាន​ទី​៣។ តាម​ពិត ពិធី​ជ្រមុជ​ទឹក​ជា​ជំហាន​ទី​១​នៅ​ក្នុង​ជីវិត​ថ្មី​ដែល​យើង​ទទួល ជា​ជីវិត​ដែល​ទៅ​ជា​ជីវិត​ដែល​ណែនាំ​ឲ្យ​យើង​ចូល​នៅ​ក្នុង​អាថ៌​កំបាំង​នៃ​ជំនឿ​របស់​យើង ណែនាំ​ឱ្យ​យើង​ទទួល​ការ​សង្គ្រោះ “អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះ​នឹទទួលការសង្គ្រោះ”។ ហេតុ​នេះ​ហើយ ថ្ងៃ​នេះ​ពិត​មែន​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​យើង​មើល​ឃើញ​គោល​ដៅ​នៃ​ជីវិត​របស់​យើង។ ព្រឹក​មិញ យើង​បាន​គូស​ផ្លូវ​នៃ​ជីវិត នៅ​ថ្ងៃ​កើត​លើ​ផែនដី​នេះ​ពី​ឪពុក​ម្ដាយ នៅ​ថ្ងៃ​ដែល​បន្តិច​ទៀត​យើង​កើត​សាជាថ្មី នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​រួម​ជា​មួយ​ព្រះយេស៊ូ។ យើង​កើត​ម្ដង​ទៀត តាម​ពិត​យើង​កើត​បី​ដង កើត​លើក​ទី​១​នៅ​លើ​ផែនដី​នេះ​ពី​ឪពុក​ម្ដាយ កើត​លើក​ទី​២​នៅ​ពេល​យើង​ទទួល​ជីវិត​ថ្មី​នៅ​ពេល​ជ្រមុជ​ទឹក និង​លើក​ទី​៣​ពេល​យើង​កើត​នៅ​ស្ថាន​បរម​សុខ​រួម​ជា​មួយ​ព្រះជាម្ចាស់។ ដូច្នេះ ថ្ងៃ​នេះ​ទោះ​បី​យើង​នៅ​ក្មេង​ក៏​ដោយ យើង​អាច​មើល​ឃើញ​គោល​ដៅ​នៃ​ជីវិត​របស់​យើង គឺ​មិន​មែន​ស្លាប់​ទេ គោល​ដៅ​នៃ​ជីវិត​របស់​យើង គឺ​ទទួល​ការ​សង្គ្រោះ រស់​នៅ​អស់​កល្ប​ជានិច្ច​ជា​មួយ​ព្រះជាម្ចាស់។

ដូច្នេះ យើង​បាន​ចាប់​ផ្ដើម​ដើរ​តាម​រក​ព្រះអង្គ​នៅ​ក្នុង​ជីវិត​ពី​យូរ​ឆ្នាំ​មក​ហើយ មាន​ខ្លះ​១០​ឆ្នាំ មាន​ខ្លះ​៥​ឆ្នាំ មាន​ខ្លះ​៣​ឆ្នាំ ដែល​ធ្វើ​ដំណើរ​នៅ​ក្នង​ព្រះសហគមន៍ ដែល​ស្គាល់​ព្រះសហគមន៍ ដោយសារ​មាន​មិត្ត​ភក្កិ ដោយសារ​មាន​បង​ប្អូន។ នៅ​ទី​នេះ យើង​មាន​មក​ពី​ព្រះសហគមន៍​សំប៉ាន យើង​មាន​គ្រួសារ​មួយ​ទាំង​ឪពុក​ទាំង​ម្ដាយ ទាំង​កូន​បី​នាក់ ដែល​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។ យើង​មាន​បង​ប្អូន​បង្កើត​ខ្លះៗ​ដែរ ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា យើង​មាន​ឪពុក​ម្ដាយ​ខ្លះ​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​ហើយ។ យើង​ចាប់​ផ្ដើម​ដើរ​ដូច​បង​ប្អូន​របស់​យើង ដើម្បី​ស្គាល់​ព្រះយេស៊ូ ថ្ងៃ​ដែល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក​យើង​ដឹង​ថា នៅ​ពេល​នោះ​យើង​បំពាក់​ព្រះយេស៊ូ​សម្រាប់​ចូល​ក្នុង​ជីវិត​ថ្មី​នៅ​លើ​ផែនដី​នេះ​សិន។ ដោយសារ កុំ​ឲ្យ​យើង​គិត​អំពី​អនាគត យើង​គិត​ពី​ជីវិត​ថ្មី​នៅ​លើ​ផែនដី​នេះ​សិន ដែល​ណែនាំ​ឲ្យ​យើង​នឹក​ឃើញ “ព្រះបន្ទូលស្ថិតនៅក្បែរមាត់អ្នក និងនៅក្នុងចិត្តអ្នក”។ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ស្ថិត​នៅ​ក្នុង​មាត់​របស់​យើង និង​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​យើង​មិន​តែ​ប្រកាស​ដោយ​បបូរ​មាត់​របស់​យើង​នោះ​ទេ “ខ្ញុំជឿលើព្រះជាម្ចាស់ អាម៉ែន ខ្ញុំឯកភាព ខ្ញុំដើរតាមព្រះជាម្ចាស់ អរព្រះគុណព្រះជាម្ចាស់ អាម៉ែនទៀត​ឡើយ”។ ប៉ុន្តែ សំខាន់​គឺ​ជំនឿ​ដែល​យើង​មាន​នៅ​ដួង​ចិត្ត​របស់​យើង និង​ជំនឿ​នេះ​ជា​អំណោយ​ទាន​ពិសេស​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ ដើម្បី​ណែនាំ​ឲ្យ​យើង​ទៅ​មុខ​នៅ​ក្នុង​ជីវិត។ ដើម្បី​ណែនាំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​សុចរិត ដែល​អាច​ប្រកាស​យ៉ាង​ពិត​ប្រាកដ​អស់​ពី​ដួង​ចិត្ត អស់​ពី​ស្មារតី អស់​ពី​ជំនឿ ពិត​មែន​ខ្ញុំ​ស្រឡាញ់​ព្រះជាម្ចាស់ ពិត​មែន​ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ។ ដោយ​ដឹង​ថា យើង​មាន​ព្រះអម្ចាស់​តែ​មួយ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ព្រះអម្ចាស់​ដែល​បាន​ជ្រើស​រើស​យើង ព្រះអម្ចាស់​ដែល​ថ្ងៃ​នេះ​នៅ​ក្នុង​ព្រះសហគមន៍ ត្រាស់​ហៅ​យើង​យ៉ាង​ឱឡារិក ដើម្បី​ឱ្យ​យើង​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះអម្ចាស់ ដើម្បី​ឲ្យ​យើង​ភ្ជាប់​នៅ​ក្នុង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអម្ចាស់។

ថ្ងៃ​នេះ ខ្ញុំ​បាន​គូរ​រូប​បេះដូង​របស់​យើង​ដែល​ជា​សញ្ញា​នៃ​សេចក្ដី​ស្រឡាញ់ ដែល​ជា​សញ្ញា​នៃ​ជីវិត​របស់​យើង ដែល​ជា​សញ្ញា​នៃ​វិញ្ញាណ​របស់​យើង។ ប៉ុន្តែ បេះដូង​របស់​យើង​តូច តែ​បេះដូង​របស់​ព្រះជាម្ចាស់​ធំ​ណាស់ ធំ​ជាង​ពិភព​លោក​ទាំង​មូល ជា​សេចក្ដី​ស្រឡាញ់​ដែល​គ្មាន​ព្រំដែន។ ថ្ងៃ​នេះ យើង​សប្បាយ​ចិត្ត យើង​ត្រេក​អរ​ដូច​ព្រះនាង​ម៉ារី ព្រះនាង​ម៉ារី​សប្បាយ​ចិត្ត​ដោយសារ​ប៉ុន្មាន​ខែ​ទៀត​នឹង​ទទួល​ព្រះយេស៊ូ។ នៅ​ក្នុង​ខែ​មីនា​នេះ​ថ្ងៃ​ទី​២៥ យើង​ធ្វើ​ពិធី​ទេវ​ទូត​កាព្រីអែល​ប្រាប់​ដំណឹង​ទៅ​ព្រះនាង​ម៉ារី ព្រះនាង​ម៉ារី​ពោរពេញ​ដោយ​អំណរ​សប្បាយ ចាប់​ពី​ថ្ងៃ​ដែល​ទទួល​ដំណឹង​ថា​ទៅ​ជា​មាតា​របស់​ព្រះជាម្ចាស់។ ថ្ងៃ​នេះ យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ​ដោយ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​ទៀត​យើង​ទទួល​ជីវិត​ថ្មី លោក​ឪពុក​ក៏​ពោរពេញ​ដោយ​អំណរ​សប្បាយ​ពិសេស។ បង​ស្រី​បង​ប្រុស គ្រូ​អប់រំ​ជំនឿ បង​ធម៌​មាន​អំណរ​សប្បាយ​ពិសេស ដោយសារ​ដឹង​ថា​នៅ​ក្នុង​៥​សប្ដាហ៍​ខាង​មុខ​នេះ យើង​កើត​កូន​ថ្មី។ ពេល​លោក​ឪពុក​ធ្វើ​ពិធី​ជ្រមុជ​ទឹក ដោយ​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ហាក់​បី​ដូច​ជា​ឆ្លង​ទន្លេ​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង ព្រះសហគមន៍​របស់​យើង​បង្កើត​កូន​ថ្មី។

សព្វ​ថ្ងៃ ប្អូនៗ​នៅ​ក្នុង​ផ្ទៃ​ពោះ​នៃ​ព្រះសហគមន៍ នៅ​រាត្រី​បុណ្យ​ចម្លង​យើង​ចេញ​ពី​ផ្ទៃ​ពោះ​នៃ​ព្រះសហគមន៍ ដើម្បី​កើត​នៅ​លើ​ផែនដី​នេះ ដើម្បី​រួម​រស់​នៅ​ក្នុង​ជីវិត​ថ្មី​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់។ ទោះ​បី​ទទួល​តែ​ទឹក​តិច​តួច​នៅ​លើ​ក្បាល​យើង យើង​ដឹង​ថា​នៅ​ពេល​នោះ​ដូច​ជា​យើង​ចេញ​ពី​ផ្ទៃ​ពោះ​នៃ​ព្រះសហគមន៍ ដើម្បី​កើត​នៅ​លើ​ផែនដី​នេះ ដើម្បី​រស់​នៅ​ជា​មួយ​គ្រួសារ​ថ្មី​របស់​យើង​ដ៏​ទូលំ​ទូលាយ ដែល​មាន​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ទ្វីប​អាស៊ី និង​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល។ ប៉ុន្តែ យើង​ដឹង​ហើយ​ថា​កូន​ង៉ែត​ពេល​កើត​ពី​ម៉ែ​ថ្មីៗ​ វា​ឈឺ វា​យំ ដោយសារ​សួត​របស់​វា​ធ្លាប់​ជាប់​នៅ​ក្នុង​ទឹក​បាន​ទទួល​ដង្ហើម​ថ្មី បាន​ទទួល​ជីវិត​ថ្មី។ ដូច្នេះ វា​យំ​ដោយសារ​ដង្ហើម​ចូល​ពេញ​នៅ​ក្នុង​សួត​របស់​វា។ សម្រាប់​យើង​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​យប់​ដែល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក យើង​ស្រែក​ប៉ុន្តែ​មិន​មែន​ស្រែក​យំ​ដោយសារ​យើង​សោក​ស្ដាយ ឬ​ដោយសារ​យើង​កំសត់ យើង​ស្រែក​យំ​ដោយសារ​យើង​ទទួល​ដង្ហើម​ថ្មី ជីវិត​ថ្មី ដែល​ចូល​ទៅ​ក្នុង​ខ្លួន​របស់​យើង ចូល​នៅ​ក្នុង​វិញ្ញាណ​យើង ចូល​ទៅ​ក្នុង​បេះដូង​យើង គឺ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ផ្ទាល់ គឺ​ជា​មហា​គ្រួសារ​ធំ​ដែល​យើង​ទទួល​នៅ​ក្នុង​ព្រះសហគមន៍ ជា​មួយ​បង​ប្អូន​របស់​យើង នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​ទទួល។

ថ្ងៃ​នេះ យើង​ឃើញ​ព្រះយេស៊ូ​បាន​ទទួល​ការ​ល្បួង ការ​ល្បួង​របស់​ព្រះយេស៊ូ​គឺ​ជា​ការ​ល្បួង​របស់​យើង​ដែរ។ ព្រះយេស៊ូ​ដែល​កំពុង​តម​អាហារ​នៅ​ក្នុង​វាល​រហោ​ស្ថាន មារសាតាំង​ធ្វើ​ឱ្យ​ព្រះយេស៊ូ​មើល​ឃើញ​នំបុ័ង ព្រោះ​នៅ​ពេល​យើង​ឃ្លាន​យើង​តែង​តែ​ចង់​ហូប ប៉ុន្តែ​ព្រះយេស៊ូ​ថា​កុំ​ល្បួង​ព្រះជាម្ចាស់។ ក្រោយ​មក មារសាតាំង​នៅ​តែ​បន្ត​ល្បួង​ព្រះយេស៊ូ តែ​ព្រះអង្គ​មិន​ចាញ់​ការ​ល្បួង​របស់​មារសាតាំង​ឡើង។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ទី​ពឹង​លើ​ព្រះជាម្ចាស់ ដោយ​ដឹង​ថា​ទ្រព្យ​សម្បត្តិ​នៅ​លោកិយ៍​នេះ​មិន​អាច​មាន​សេចក្ដី​សុខ ដូច​នៅ​ស្ថាន​បរម​សុខ​បានឡើយ។ ព្រះយេស៊ូ​នៅ​វាល​រហោ​ស្ថាន​អប់រំ​យើង កុំ​ឲ្យ​យើង​មាន​ចិត្ត​លោភ​លន់ កុំ​ជាប់​ជា​មួយ​លោកិយ៍ ចិត្ត​លោភ​លន់​ណែនាំ​ឱ្យ​យើង​ច្រណែន ណែនាំ​ឲ្យ​យើង​រក​រឿង​គេ ណែនាំ​ឲ្យ​យើង​មាន​ចិត្ត​អាត្មា​និយម។ ដោយសារ យើង​ចង់​មាន​សម្រាប់​យើង ហើយ​យើង​ភ្លេច​បង​ប្អូន​ឯទៀតៗ។

នៅ​ពេល​នេះ យើង​ចូល​នៅ​ក្នុង​ពិភព​ថ្មី​ជា​ពិភព​របស់​ព្រះជាម្ចាស់ ប៉ុន្តែ​ជា​ពិភព​របស់​ព្រះជាម្ចាស់​ដែល​ស្ថិត​នៅ​លើ​ផែនដី​នេះ។ យើង​ជា​គ្រីស្ត​បរិស័ទ យើង​រស់​នៅ​លើ​លោកីយ៍​នេះ ដើម្បី​មាន​គោល​ដៅ​ចូល​ស្ថាន​បុរម​សុខ។ ហេតុ​នេះ​ហើយ ចាប់​ពី​ពេល​នេះ​ត​ទៅ ឥឡូវ​នេះ​មិន​មែន​ថ្ងៃ​ស្អែក​មិន​មែន​ខាន​ស្អែក ឥឡូវ​នេះ​យើង​ចាប់​ផ្ដើម​អធិដ្ឋាន​ដើម្បី​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់ និង​បម្រើ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដល់​បង​ប្អូន​ឯទៀតៗ​ជានិច្ច។ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំមានវិន័យតែមួយ សូមស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ សូមលាងជើងឲ្យគ្នាទៅវិញទៅមក ដូចខ្ញុំបានលាងជើងដល់បងប្អូន”។ ស្រឡាញ់​ដោយ​បបូរ​មាត់​ស្រួល​ណាស់ ខ្ញុំ​ស្រឡាញ់​ឯង ខ្ញុំ​ស្រឡាញ់​គេ ប៉ុន្ត​នៅ​ក្នុង​ចិត្ត​ស្អប់​ចង់​ងាប់ នៅ​មុខ​គេ​យើង​ញញឹម​ស្អាត​ណាស់ ប្រើ​ពាក្យ​ផ្អែមៗ នៅ​ពេល​គេ​ទៅ​ហើយ​យើង​ជេរ​គេ និយាយ​ដើម​គេ។ បបូរ​មាត់​របស់​យើង​អាច​មាន​អំពើ​ល្អ​និង​អំពើ​អាក្រក់ ប៉ុន្តែ​សំខាន់​គឺ​ដួង​ចិត្ត​របស់​យើង ដូច្នេះ​ពេល​យើង​ថា​យើង​ស្រឡាញ់​ឲ្យ​យើង​មើល​យ៉ាង​ជាក់​ស្បែង។

ជា​មូល​ហេតុ នៅ​ពេល​ព្រះយេស៊ូ​ឲ្យ​វិន័យ​ចុង​ក្រោយ នៅ​ពេល​ព្រះយេស៊ូ​បាន​លាង​ជើង​ដល់​ក្រុម​គ្រីសុ្ត​ទូត។ មុន​ព្រះយេស៊ូ​ប្រកាស​វិន័យ សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រះយេស៊ូ​បាន​លាង​ជើង​យ៉ាង​ជាក់​ស្ដែង បាន​បម្រើ​គេ​យ៉ាង​ជាក់​ស្ដែង។ កុំ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង ចេញ​តែ​ពី​បបូរ​មាត់​របស់​យើង ប៉ុន្តែ​អត់​មាន​អ្វី​សោះ​នៅ​ក្នុង​ដួង​ចិត្ត។ ផ្ទុយ​ទៅ​វិញ សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ បង​ប្អូន​ដែល​បន្តិច​ទៀត​ទៅ​ជា​គ្រីស្ត​បរិស័ទ ជា​មនុស្ស​ថ្មី យើង​ចូល​ទៅ​ក្នុង​ជីវិត​ថ្មី​របស់​ព្រះជាម្ចាស់ ណែនាំ​ឲ្យ​យើង​បម្រើ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ ណែនាំ​ឱ្យ​យើង​ភ្ជាប់​ជា​មួយ​បង​ប្អូន​ឯទៀតៗ។ ប៉ុន្តែ ប្រភព​នៃ​សេចក្ដី​ស្រឡាញ់​គឺ​ព្រះយេស៊ូ គឺ​ព្រះជាម្ចាស់​ដែល​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ធំធេង។ ដូច្នេះ ប្រសិន​បើ​យើង​អត់​មាន​ប្រភព​ដើម្បី​ដឹក​នាំ​យើង យើង​ស្រឡាញ់​ដូច​ម្តេច​បាន។ ហេតុ​នេះ​ហើយ អធិដ្ឋាន​និង​បម្រើ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ជានិច្ច។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​ថ្មី​ដែល​យើង​ត្រៀម​ទទួល​នៅ​ខាង​មុខ​នេះ។ ខ្ញុំ​ផ្ទាល់​អរ​ព្រះគុណ​ព្រះជាម្ចាស់ សម្រាប់​ព្រះសហគមន៍​របស់​យើង​ដែល​មាន​ជីវិត ទោះ​បី​យើង​បាន​ជាប់​ជា​មួយ​កូវីដ-១៩។ អរគុណ​ដល់​លោក​ឪពុក ដែល​បាន​ថែរក្សា​ហ្វូង​ចៀម ថែរក្សា​កូន​ចៅ​ឲ្យ​មាន​ជីវិត ឲ្យ​ជួប​ជុំ​គ្នា​ថ្ងៃ​នេះបាន។ អរគុណ​ដល់​លោក​គ្រូ​អ្នក​គ្រូ​អប់រំ​ជំនឿ ដល់​បង​ធម៌ ដែល​បាន​ថែរក្សា​ព្រះសហគមន៍​របស់​យើង​ឲ្យ​មាន​ជីវិត។ ទោះ​បី កាលៈទេសៈ ស្ថានភាព ណែនាំ​ឲ្យ​ជួន​កាល​យើង​ចង់​គាំង ប៉ុន្តែ​យើង​អត់​បាន​គាំង​ទេ ដោយសារ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យើង​មិន​អាច​គាំង​បាន​ទេ។ ដូច្នេះ ថ្ងៃ​នេះ​ពិត​មែន​យើង​ត្រេក​អរ អំណរ​ដែល​មក​ពី​ព្រះជាម្ចាស់ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​អស់​ពី​ដួង​ចិត្ត។ ដោយសារ ព្រះអង្គ​បាន​ណែនាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ទូល​អង្វរ​ព្រះអង្គ នៅ​ក្នុង​ព្រះនាម​ព្រះអង្គ ឲ្យ​យើង​ទទួល​ការ​សង្រ្គោះ។ អាម៉េន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email