ព្រះសហគមន៍​រំលឹក​ចំណង​មិត្ត​ភាព​៥០០​ឆ្នាំ​នៅ​កម្ពុជា

សាសនិក​ដែល​ក្នុងនោះ​មាន​សិស្សនិស្សិត​ សាស្ត្រាចារ្យ និង​អ្នកបួស​ប្រមាណ​ជិត​៨០នាក់ បាន​ចូលរួម​សន្និសីទគរុសភាស្ដីពីមិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍​គ្រីស្តសាសនា​និងព្រះ​រាជា​ណាចក្រកម្ពុជា ដែល​ រៀបចំឡើងដោយសមាគមបេសកជនបារាំង រួមជាមួយ​សមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​  ក្នុងគោលបំណងចង់ផ្ដោតសំខាន់លើទំនាក់ទំនង​រវាង ​ព្រះរាជា​ណាចក្រ​​កម្ពុជា​និងព្រះសហគមន៍កាតូលិក​ និង​ចង​ក្រង​ឯកសារ​ប្រវត្តិសាស្ត្រសម្រាប់​ព្រះសហគមន៍កាតូលិក​នៅកម្ពុជា។

អង្គសន្និសីទនេះ​ធ្វើឡើង​កាល​ពីថ្ងៃទី​១៤ ខែ​កញ្ញាកន្លងទៅ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ នារាជធានី​ភ្នំពេញ​ ដោយមាន​វាគ្មិន​ប្រវត្តិសាស្ត្រ​​ជា​សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ ​និង​បូជាចារ្យ​កាតូលិក​​បាន​ឡើង​ធ្វើ​បទបង្ហាញ​អំពី​របប​គំហើញ​ថ្មីៗ​និង​ឯកសារ​កាលប្រវត្តិ​ដែល​ទាក់​ទង​នឹង​ព្រះសហគមន៍កាតូលិក​នៅ​កម្ពុជា​។

ឯកឧត្តមបណ្ឌិតសាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​និង​កីឡា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សកលវិទ្យាល័យ​ភូមិភ្នំពេញ​ មាន​ប្រសាសន៍​បើក​កម្មវិធី​​ថា ព្រះសហគមន៍កាតូលិក​បាន​ចូលរួម​ជួយ​ដល់​សង្គម​កម្ពុជា​ជាច្រើន​​ក្នុងពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស​ក្នុង​វិស័យ​អប់រំ​ ដោយ​មាន​ពី​ថ្នាក់​កម្រិត​មត្តេយ្យ​សិក្សា​រហូត​ដល់​ឧត្តម​សិក្សា ​ការផ្តល់​និវេសនដ្ឋាន​ដល់​យុវជន​ ការថែទាំសុខភាពប្រជាជន ការផ្តល់អាហារូបករណ៍ដល់​សិស្ស​និង​និស្សិត និង​ការ​ផ្គត់ផ្គង់​ជីវភាពប្រជាជន​ជា​ច្រើន​ទៀត​​។

លោក​បន្ថែម​ថា ថ្ងៃ​នេះ​យើង​មាន​​បព្វជិត​មក​ពី​សាសនា​ផ្សេងៗ​គ្នា​ រួម​ទាំង​សាស្ត្រាចារ្យ និស្សិត​ជាតិនិង​អន្តរជាតិ​ជាច្រើន​បាន​ចូលរួម​ បាន​បង្ហា្​ពី​វប្បធម៌​នៃ​ការ​ចែក​រំលែក និង​វប្បធម៌​នៃ​ការសន្ទនា​គ្នា​រវាង​សាសនា​ផ្សេង​គ្នា និង​រវាង​ការ​យល់​ឃើញ​ផ្សេងគ្នា​ ហើយ​ដែល​បង្ហាញ​ថា​ សង្គម​កម្ពុជា​យើងជាសង្គម​ដែល​​អាច​ទទួល​យក យោគយល់ មាន​សេរីភាព​នៅក្នុង​ជំនឿសាសនា ដែល​ជាមូលដ្ឋាន​ក្នុង​ការ​រួម​ដៃគ្នា​​អភិវឌ្ឍ​ជាតិ​យើង។

«យើង​នៅ​តែ​បន្ត​រឹត​ចំណង​មិត្ត​ភាព​រវាង​ព្រះសហគមន៍​គ្រីស្តសាសនា​និង​ប្រជាជាតិ​កម្ពុជា​ ជាមួយក្តីមេត្តា ករុណា ការអធ្យាស្រ័យ ការយល់​យោគ ក្តីស្រឡាញ់ និង​សុខដុមនីភាពសម្រាប់ពិភពលោកទាំងមូលដែល​ត្រូវការ​បំផុត​នាពេល​បច្ចុប្បន្ននេះ» ឯកឧត្តមបណ្ឌិត​បន្ថែម។

លោក​ទេសរដ្ឋ​មន្ត្រី អៀង ម៉ាលី ទីប្រឹក្សាជាន់ខ្ពស់​សមាគមអ្នកប្រវត្តិសាស្ត្រនៅកម្ពុជា និង​ជា​ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ថ្លែង​នៅ​ក្នុង​អង្គជំនួបនេះថា សន្និសីទ​គរុ​សភា​ស្ដី​ពី​មិត្តភាព ៥០០ឆ្នាំរវាងព្រះសហគមន៍គ្រីស្ត​សាសនានិងព្រះរាជាណាចក្រកម្ពុជានៅពេលនេះ មាន​អត្ថន័យ​យ៉ាងធំធេង​ដើម្បីរំលឹក​ឡើង​វិញអំពីអនុស្សាវរីយ៍ជាមិត្តភាពរវាងបារាំងនិងកម្ពុជាក្នុងអំឡុង ៥ សតវត្សរ៍​កន្លង​មក​នេះ។ លោក​បាន​រំឭកថា នៅពាក់​កណ្ដាលស.វទី ១៧ មកបេសកជនព្រះសហគមន៍​កាតូលិក​នៃ​ប្រទេសបារាំង មក​ដល់​កម្ពុជា គឺ​លោកអភិបាលហ្សង់ក្លូដ ម៉ីស ដែលបាន​បង្កើត​ព្រះវិហារនៅក្រុងលង្វែក។

តាម​រយៈសៀវភៅដែលមានចំណងជើងថា វិសាលវិហារនៅស្រុកស្រែ លោក​ទេសរដ្ឋមន្ត្រីបាន​រំលឹក​ថា ការ​ចូល​មក​របស់ប្រទេស​បារាំងនៅ​កម្ពុជា​ មិន​ត្រឹម​តែ​ដើម្បី​រក្សាភាពគង់វង្សនៃរាជ្យបល្ល័ងប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​ឲ្យ​វិស័យ​ពុទ្ធ​សាសនា​និង​វប្បធម៌​ខ្មែរ​បាន​រីក​ចម្រើន​ឡើង​ផងដែរ ដោយ​បារាំង​បានកសាង​​សាលា​បាលី​ជាន់ខ្ពស់និងពុទ្ធសាសនបណ្ឌិតក្នុងឆ្នាំ ១៩៣០។

​នៅក្នុងជំនួបនេះ មាន​បង្ហាញ​នូវ​ឯកសារ​កាលប្រវត្តិ​ជា​ច្រើន​ និង​ស្នាដៃស្រាវជ្រាវ​ចង​ក្រង​ប្រវត្តិសាស្ត្រ​ទាំង​ថ្មីនិង​ចាស់​មួយចំនួន​ទាក់​ទង​នឹង​ព្រះសហគមន៍កាតូលិក​នៅ​កម្ពុជា។ តាម​ឯកសារ​ទាំង​អស់​នោះ​ បាន​ឲ្យដឹងថា វត្ត​មាន​គ្រីស្ត​សាសនា​បាន​មក​ដល់​ទឹក​ដី​មួយ​នេះ នៅ​ដើម​ស.វទី​១៦ នៃ​គ.ស ក្នុង​អំឡុង​ពេល​​​កម្ពុជា​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពួកព័រទុយហ្គាល់។

​ព្រះមុនីកុសលបណ្ឌិតយ៉ន សេងយៀត ព្រះសាកល​វិទ្យាធិការរង​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសី​ហនុរាជ ថ្លែង​ក្នុង​អង្គ​ពិធី​ថា រយៈពេល៥០០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងព្រះសហគមន៍​កាតូលិក និងវត្ត​អារាម​មិនសូវមានភាពជិតស្និទ្ធនឹងគ្នាប៉ុន្មានទេ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​យើងមានភាព​ជិត​ស្និទ្ធ​គ្នា​ខ្លាំង។

ព្រះតេជគុន​បន្តថា ជំនួប​អន្តរសាសនា​ដែល​សម្ដេចព្រះមហាសង្ឃ​រាជទេវង្ស​បាននិមន្តចូលរួមនៅក្នុងឆ្នាំ ២០១៧​ជាមួយសមាគម​សន្តអេជីឌីអូ​នៅ​ទីក្រុង​រ៉ូម ​បាន​ប្រែទំនាក់ទំនងទៅ​​ជា​ជិតស្និទ្ធខ្លាំង។

ព្រះមុនីកុសល​​​មានដីកាបញ្ជាក់ទៀតថា​ «យើង​បាន​បន្ត​ទំនាក់ទំនង​៥០០ឆ្នាំ​មក​ហើយ ហើយ​យើង​ក៏​នឹង​បន្ត​៥០០ឆ្នាំទៅខាងមុខទៀត ដោយ​ប្រកាន់​​គោល​ការណ៍នៃការគោរព​នៅ​ពហុជំនឿ ដែល​អាចជួយអ្នក​​កាន់សាសនាផ្សេងគ្នា​អាច​រួមគ្នា ​អាចចូលទៅជិតគ្នាបាន»។

​ឯកឧត្តម​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះ​សហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​ជំនាន់ទី​២៤ មាន​ប្រសាសន៍​ថា ទស្សនវិស័យ​របស់​ព្រះសហគមន៍​កាតូលិក ​គឺ​លើក​កម្ពស់​តម្លៃថ្លៃថ្នូរ​នៃជីវិត​មនុស្ស​ជាតិ​ទាំងអស់ ដោ​យ​ជឿថា ពួកគាត់​​ជាតំណាងរបស់ព្រះជាម្ចាស់ និងជាពិសេសព្រះសហគមន៍​កាតូលិក​យកចិត្ត​ទុក​ដាក់​ដើម្បី​ផលប្រយោជន៍រួម  ដើម្បីឲ្យមានសកម្មភាព សមត្ថភាព និងភាតរភាព និង​យក​ចិត្ត​ទុក​ដាក់ថែរក្សា​និងការពារបរិស្ថាន​ដែលជាអំណោយទានរបស់​ព្រះជាម្ចាស់​ដើម្បី​បម្រើ​សុខសន្តិភាព។

លោកអភិបាល​ព្រះសហគមន៍​​បាន​បញ្ជាក់​ថា ក្នុងឆ្នាំ១៩៨០ ខណៈ​កម្ពុជា​កំពុង​មាន​វិបត្តិ​និង​​មានជំរំ​ជន​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ ​អង្គការការីតាកម្ពុជាដែល​ជា​ស្ថាប័ន​របស់​ព្រះសហគមន៍​ កាតូលិក​​បាន​ចូល​រួម​យ៉ាង​ជិតស្និទ្ធ​ជាមួយរដ្ឋអំណាចកម្ពុជា ធ្វើ​ដំណើរ​រួមជាមួយប្រជាជនក្នុងគ្រារងទុក្ខលំបាក។

លោក​អភិបាល​បន្ថែមថា ព្រះសហគមន៍​កាតូលិក​ក៏​មាន​ទំនាក់ទំនង​ជាមួយ​អន្តរសាសនា ជាពិសេសរួម​ជាមួយ​ព្រះពុទ្ធសាសនា ដើម្បី​លើកស្ទួយសង្គម​ឱ្យ​មាន​សុខដុមនីកម្ម​ តាមរយៈ​សកម្មភាព​មនុស្សធម៌និង​ចូលរួម​គ្រប់​វិស័យនៅក្នុង​សង្គម​។

លោកបាន​លើក​ឡើង​ទៀតថា កម្មវិធីថ្ងៃ​នេះជា​ឱកាស​មួយ​សម្រាប់​យុវជន​សិក្សា​រៀន​សូត្រ​ និង​អាច​ជួយ​ឲ្យពួកគេ​​ចេះ​​​រៀប​ចំ​អនាគតសម្រាប់​ប្រទេស​ជាតិ។

លោក​សង្ឃឹម​ថា ពេលអនាគត​យើងអាច​មាន​ឱកាស​ផ្សេង​ទៀត​​ដែល​អាច​ឱ្យ​មាន​និស្សិត​ដែល​កំពុង​ស្រាវ​ជ្រាវ​​ពី​ប្រវត្តិសាស្ត្រ និង​អំពី​សាសនា​នានា​អាច​យល់​ស៊ីជម្រៅ​​​ចូល​ក្នុង​វប្បធម៌​ផ្ទាល់ខ្លួន និង​ដើម្បី​ឱ្យ​យើង​រួម​គ្នា​កសាងសង្គម​មួយ​ដែល​ចេះ​យល់​ចិត្ត​គ្នា និង​ធ្វើ​ដំណើរ​នៅក្នុង​សុខដុមរមនា​និង​កសាងសេចក្ដីសុខ​។

ពេជ្រ ស្រីនាថ​ វ័យ​២១​ឆ្នាំ ជានិស្សិត​​ឆ្នាំ​ទី​៤ ផ្នែក​ប្រវត្តិ​វិទ្យានៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញដែល​បាន​ចូលរួម​ក្នុង​កម្មវិធីនេះ និយាយ​ថា«ខ្ញុំ​មិននឹក​ស្មាន​ថា​ទំនាក់​ទំនង​រវាង​គ្រីស្ត​សាសនានិង​កម្ពុជា​មាន​ភាព​ជិត​ស្និទ្ធគ្នា​រហូត​​៥០០ឆ្នាំ​ទេ ហើយ​​នេះ​​ជារឿង​ថ្មី​សម្រាប់​ខ្ញុំ​ដែរ។ និង​ខ្ញុំសប្បាយរីករាយ​ដោយ​ទំនាក់​ទំនងសាសនា​បាន​​ធ្វើ​ឱ្យ​សង្គម​របស់​ខ្ញុំ​មាន​ភាព​រីកចម្រើន​ទៅមុខ និង​ជា​រឿង​ល្អ​ដែល​មាន​អន្តរ​សាសនា​​​ច្រើន​នៅក្នុង​ប្រទេសដែល​ធ្វើ​ឱ្យ​យើង​រៀន​យល់ពីគ្នា និង​សាសនា​ចូលរួម​ចំណែក​​​ជួយ​ដល់​សង្គម​ជួយដល់​មនុស្សខ្វះខាត»។

អ្នកឧកញ្ញ៉ា គួច ម៉េងលី​ បាន​ឱ្យ​ដឹង​ថា ថ្ងៃនេះ​ជាប្រវត្តិសាស្ត្រ​មួយរវាង​ព្រះសហគមន៍​និង​ព្រះរាជា​ណាចក្រ​កម្ពុជាក្នុង​ទំនាក់​ទំនង​៥០០ឆ្នាំ។ ការ​រំឭក​ពី​ប្រវត្តិសាស្ត្រ​នេះ​យើង​រៀន​ពី​គ្នា​ទាំងវិជ្ជមាន​និង​អវិជ្ជមាន ដើម្បី​យក​មក​កែ​កុំ​ឱ្យ​រស់​នៅ​ជាមួយ​គ្នា​មាន​ការ​ប៉ះទង្គិចផ្លូវចិត្ត​និង​ប៉ះទង្គិចនឹងសាសនានិង​ការរើសអើង។

លោកម៉េង​លី​បន្ត​ថា ​ប្រទេស​ខ្មែរ​យើងបាន​​រៀនសូត អនុគ្រោះ និង​បើក​ចំហ។ នៅ​ស្រុក​ខ្មែរ​មាន​សេរីភាព​កាន់​សាសនា និង​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សុខដុមនីកម្ម។

តាមឯកសារ​ប្រវត្តិ​​ព្រះសហគមន៍​កាតូលិក​នៅ​កម្ពុជា ដែលចងក្រង​ដោយ​លោក​បូជាចារ្យ​ហ្វ្រង់ស្វ័រ ប៉ុងសូដស៍ បាន​ឲ្យដឹងថា ព្រះសហគមន៍កាតូលិក​បាន​ចូលមក​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៥៥៥ នៃ​គ.ស តាមរយៈ​បព្វ​ជាតិ​ព័រទុយហ្គាល់​ម្នាក់ ឈ្មោះ​ហ្គាស្ប៉ា ដាគ្រុស។

បច្ចុប្បន្ន​ព្រះសហគមន៍កាតូលិក​នៅប្រទេស​កម្ពុជា​មាន​កន្លែង​ថ្វាយបង្គំ​និង​ព្រះវិហារ​សរុប​ចំនួន​១០៤​កន្លែង និង​មាន​គ្រីស្ត​បរិស័ទ​ប្រមាណ​ជាង​២ម៉ឺន​នាក់ ក្នុងចំណោម​ប្រជាជន​កម្ពុជា​ចំនួន​ជិត​១៦លាន​នាក់៕

​

ដោយដាលីស​

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email