លោកអភិបាលព្រះសហគមន៍កម្ពុជាស្វាគមន៍ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ប្រារព្ធពិធីបង្សុកូលថ្វាយអតីតសម្តេចប៉ាប

ក្នុងថ្ងៃចុងក្រោយដែលព្រះសហគមន៍សកលអធិដ្ឋានរំលឹកវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញបាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ចំពោះព្រះដំណើរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃចំនួន៤២អង្គ បាននិមន្តបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ និងនាំយកព្រះរាជសារ រំលែកទុក្ខរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ នន្ទ ង៉ែត ជូនលោក​អភិបាល អូលីវីយ៉េ នារសៀល ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសកម្មព្រះសហគមន៍ភូមិភាគភ្នំពេញ។

            សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ជាព្រះចៅអធិការវត្តឧណ្ណាលោម និងជាព្រះសកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាអំពីទំនាក់ទំនងដ៏ល្អរវាងព្រះពុទ្ធសាសនានិងគ្រីស្តសាសនានិកាយកាតូលិក តាមរយៈសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយ និងសម្តេចប៉ាប យ៉ូហាន ប៉ូលទី២ សម្តេចប៉ាប បេណេឌីកទី១៦ និងសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ នៅបុរីវ៉ាទីកង់ ហើយទ្រង់ទាំងអស់តែងតែបង្ហាញពីភាពស្និទ្ធស្នាលនិងភាព​ជាកល្យាមិត្ត។

សម្តេចយ៉ន សេងយៀត មានដីកាបន្តថា ក្នុងព្រះបរមនាម សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមពុទ្ធបរិស័ទនិងក្នុងនាមសកលវិទ្យាល័យព្រះសីហនុរាជ «សូមចូលរួមរំលែកទុក្ខជាមួយព្រះសហគមន៍កាតូលិកទាំងអស់ដែលបានបាត់បង់សម្តេចប៉ាបជាទីគោរពស្រឡាញ់។»

ក្នុងនោះដែរព្រះអង្គ សូមអរគុណលោកអភិបាលអូលីវីយ៉េ ដែលបានរៀបចំអនុញ្ញាតឱ្យព្រះសង្ឃមានឱកាសមកបង្សុកូលថ្វាយព្រះរាជកុសលចំពោះសម្តេចប៉ាបដែលលោកបានលាចាកលោកនេះទៅ «សូមសម្តេចបានយាងទៅសោយសុខនៅឋានសួគ៌ជាមួយព្រះជាម្ចាស់»។

សម្ដេចព្រះមហាអរិយវង្សសង្ឃឹមថា ទាំងព្រះពុទ្ធសាសនា ទាំងគ្រីស្ត​សាសនាកាតូលិកនឹង«ធ្វើដំណើររួមគ្នាក្នុងបុព្វហេតុមនុស្សជាតិ សេចក្តីល្អ សេចក្តីសុខរបស់មនុស្សជាតិ និងពិភពលោក»។

ក្នុងឱកាសនោះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ផងដែរអំពីចេតនានិងទស្សនវិស័យរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូដែលយកចិត្តទុកដាក់ ជំរុញប្រជាជននិងមេដឹកនាំសាសនាទាំងអស់ឲ្យមានទំនាក់ទំនងល្អរវាងសាសនានិងសាសនា «ទាំងគ្រីស្តបរិស័ទ ពុទ្ធបរិស័ទ ឥស្លាមបរិស័ទ ឱ្យមានឱកាសធ្វើដំណើររួមជាមួយគ្នា»។

លោក​បាន​រំលឹកថា ក្នុងពេល​ដែល​លោកតែងតាំ​ង​ជា​អភិបាល​ព្រះសហគមន៍​នៅ​កម្ពុជា អតីត​សម្តេច​ព្រះសង្ឃរាជ ទេព​ វង្ស​ បាន​និមន្ត​ចូលរួម​ផងដែរ។ នេះ​បញ្ជាក់​អំពី​ទំនាក់ទំនង​ល្អ​រវាង​សាសនា​ទាំងពីរ។​

ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​បាន​ប្រារព្ធ​ពិធី​រំលឹក​ព្រះវិញ្ញាណ​ក្ខន្ធរបស់​​​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ​តាំង​ពីថ្ងៃទី​២៤ ខែ​មេសា​មក​ ក្នុងនោះ​​មានការ​ចូលរួម​ពី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រួមទាំងមន្ត្រីជាន់ខ្ពស់ពីស្ថាប័នធំៗ មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនានា មន្ត្រីសង្ឃជាន់ខ្ពស់ពី​គណៈធម្មយុត្តិ​កនិកាយ​ គណៈដឹកនាំសាសនាឥស្លាមនៅកម្ពុជា មេដឹកនាំក្រុមជំនុំគ្រីស្តបរិស័ទធំៗមួយចំនួន ក្រុមបព្វជិត-ជិតា អង្គការកាតូលិក ការិយាល័យភូមិភាគភ្នំពេញ និងគ្រីស្តបរិស័ទតាមព្រះសហគមន៍នានា។​

លោកអភិបាលអូលីវីយ៉េ​បានបន្ថែមថា ក្នុងពេលបន្តិចទៀត ព្រះសហគមន៍នឹងមានសម្តេចប៉ាបថ្មី ដែលនឹងត្រូវជ្រើសរើសដោយក្រុមលោកកាឌីណាល់ នៅទីក្រុងរ៉ូមក្នុងចំណោមកាឌីណាល់ចំនួន១៣៣រូប ដែលមានអាយុក្រោម៨០ឆ្នាំ។

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ជាសម្តេចប៉ាបលើកទី២៦៦ បន្តវេនពីសន្តសិលា បានសោយទិវង្គតកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅនាទីក្រុងរ៉ូមដោយរោគាពាធ ក្នុងព្រះជន្ម៨៨ព្រះវស្សា៕

ដោយកែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email