ព្រះសហគមន៍កាតូលិកកម្ពុជា ផ្តល់ចំណេះដឹងអំពីការប្រើបញ្ញាសិប្បនិម្មិត និងក្រមសីលធម៌តាមជំនឿ

ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងក្រមសីលធម៌» រយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ ដោយប្រមូលផ្តុំសិក្ខាកាមប្រមាណ ៧០នាក់។ កម្មវិធីនេះមិនត្រឹមតែផ្តោត​លើ​ការ​បំពាក់បំប៉នជំនាញឌីជីថលទំនើបដល់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលេច​នូវ​សារ​​អប់រំផ្នែកសីលធម៌យ៉ាងជ្រាលជ្រៅ ដើម្បីរំលឹកមនុស្សកុំឱ្យវង្វេងក្នុងពិភពនិម្មិត រហូត​បាត់​បង់​តម្លៃ និងទំនាក់ទំនងពិតប្រាកដរវាងមនុស្ស និងមនុស្ស។

កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សិក្ខាសាលាដ៏​មានសារៈ​សំខាន់​មួយត្រូវបានប្រព្រឹត្តទៅក្រោមការគាំទ្រយ៉ាងកក់ក្តៅពីលោកអភិបាលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ ព្រមទាំងមានការចូលរួមពីលោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ លោកបូជាចារ្យ បងប្រុស បងស្រី និង​គ្រីស្ត​បរិស័ទ ដែលជាសិក្ខាកាម សរុបប្រមាណ ៧០នាក់។

គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺការបណ្តុះបណ្តាលចំណេះដឹង និងជំនាញ​អនុវត្ត​ជាក់ស្តែង​លើឧបករណ៍បង្កើតមាតិកាដោយបញ្ញាសិប្បនិម្មិត (Generative AI) ដើម្បីគាំទ្រ​ដល់​ការងារ​ប្រចាំថ្ងៃ និងការផ្សព្វផ្សាយ។ ប៉ុន្តែអ្វីដែលជាចំណុចស្នូល គឺការធានាថាការប្រើប្រាស់​បច្ចេក​វិទ្យា​ទាំងអស់ត្រូវតែឈរលើគោលការណ៍ «ក្រមសីលធម៌កាតូលិក» យ៉ាងម៉ឺងម៉ាត់។

នៅក្នុងពិធីបើក លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានរំឭកពីសារលិខិតផ្លូវ​ការរបស់​សម្តេច​ប៉ាប ឡេអូ ទី១៤ ដែលបានណែនាំឱ្យសង្គមមើលឃើញ AI ក្នុងដែនកំណត់មួយ​ច្បាស់​លាស់។

លោកអភិបាលបានគូសបញ្ជាក់នូវទស្សនៈប្រៀបធៀបយ៉ាងមុតស្រួចថា៖ «មនុស្ស​ត្រូវ​តែរក្សាតម្លៃថ្លៃថ្នូរនៃជីវិត។ យើងត្រូវយកបច្ចេកវិទ្យាមកបម្រើយើង មិនមែនយើង​ទៅបម្រើ​បច្ចេកវិទ្យា​នោះទេ ដូច្នេះកុំឱ្យអេអាយ AI ក្លាយជាម្ចាស់ ហើយមកដឹកនាំ​យើងតាម​ចិត្ត​ឡើយ»។

លោកអភិបាលបានបន្ថែមទៀតថា ទោះបីជាបច្ចេកវិទ្យានាំមកនូវភាពអស្ចារ្យ​យ៉ាង​ណា​ក៏ដោយ ក៏ធាតុពិតដ៏សំខាន់បំផុតគឺ «មនុស្ស» ព្រោះAI អាច​នាំយើងឱ្យ​ធ្លាក់​ចូលទៅក្នុងពិភពនិម្មិត និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ (Fake News) ផងដែរ។

បើតាមការលើកឡើងរបស់លោកគ្រូ ហ៊ឹន សុភាព ប្រធានក្រុមបច្ចេកទេសAI ​ជា​នាយក​ប្រតិបត្តិ DG Academy និងជាវាគ្មិនបានឱ្យដឹងថា ចំណេះដឹង AI រយៈពេល ៣ថ្ងៃនេះ មានប្រយោជន៍ខ្លាំងណាស់ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកជំនាញ ដើម្បីយកទៅជួយ​ដល់​មុខ​របរ គ្រួសារ និងការរីកចម្រើនក្នុងសង្គម។

ស្របគ្នានេះដែរ លោកបូជាចារ្យ អ៊ុន ស៊ុន បានអះអាងថា បច្ចេកវិទ្យានេះជាស្ពានចម្លងព្រះសហគមន៍ឱ្យដើរទាន់យុគសម័យថ្មី ក្នុងការ​អប់រំ និងការផ្សព្វផ្សាយទៅកាន់ក្រុមយុវជន។

សិក្ខាកាមដែលបានចូលរួម ដូចជាកញ្ញា ពូន ស្រីប៉ប់ មកពីខេត្តសៀមរាប និងលោក សុខ រតនា គ្រូបង្រៀនកុំព្យូទ័រនៅខេត្តតាកែវ បានសម្តែងក្ដីរំភើបចំពោះការរៀនសូត្រពីម៉ូដែលAI ល្បីៗ​ដូចជា ChatGPT, Gemini, Claude, Canva និង DeepSeek ជាដើម។

កញ្ញា ពូន ស្រីប៉ប់​បាន​ប្តេជ្ញា​ថា នឹង​យកចំណេះដឹងនេះទៅប្រើប្រាស់ក្នុងផ្លូវត្រឹមត្រូវ ដោយ​មិនប្រើប្រាស់វា​ទៅក្នុង​ផ្លូវ​ដែល​បង្កផល​ប៉ះពាល់ដល់អ្នកដទៃឡើយ។

ចំណែកលោកគ្រូ សុខ រតនា អះអាងថា លោកនឹង​ចែក​រំលែកបន្តដល់សិស្សានុសិស្សរបស់លោក តែមិនឲ្យកូនសិស្សពឹងតែលើវា១០០%នោះឡើយ តែពឹងលើការគិត និងការពិចារណារបស់ខ្លួនដែរ។

មានសារក្រើនរំឭកដ៏មានន័យមួយមកពីលោក ឡេង ហុង ដែលជាជំនួយការ​ព្រះ​សហគមន៍​កាតូលិកត្រែងត្រយឹង បានពោលថា៖ «បច្ចេកវិទ្យាកាន់តែទំនើប មនុស្សកាន់​តែ​ទាប! ដូច្នេះយើងគួរតែងាកមកនិយាយជាមួយមនុស្សជុំវិញខ្លួន កុំឱបក្រសោបបច្ចេកវិទ្យាខ្លាំងពេក រហូតភ្លេចខ្លួន បាត់បង់ការទំនាក់ទំនង បាត់បង់សេចក្តីស្រឡាញ់ ការយោគយល់ និងភាពស្និទ្ធស្នាលរវាងគ្នា»។

សិក្ខាសាលារយៈពេល ៣ថ្ងៃនេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយនឹងការប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមទាំង ៧០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និង​មាន​អភិបូជា​បិទ​ក្រោមអធិបតីភាព​របស់​លោក​អភិបាល​ហង្សលី។

លោកអភិបាល​ហង្សលីមានប្រសាសន៍ថា បច្ចេកវិទ្យាថ្មី ណែនាំ​ឲ្យយើង​ត្រូវគិត​ អំពីការប្រើប្រាស់​យ៉ាងដូចម្តេច​ដើម្បី​ជាប្រយោជន៍​ដល់​ការ​ប្រកាសដំណឹងល្អ ព្រោះ​យើង​ឃើញ​ថា មនុស្ស​សម័យនេះ គិតតែ​ពីខ្លួនឯង​លែង​គិតដល់​ព្រះជាម្ចាស់។ លោក​ថា «យើង​ត្រូវ​ប្រើ​ ឲ្យ​ស្រប​តាម​ជំនឿ​ដែលព្រះយេស៊ូ​ណែនាំ​ឲ្យយើង​ចេះ​ស្រឡាញ់ ឲ្យ​ស្របតាម​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ណែនាំ​ឲ្យយើង​ស្គាល់ល្អ​និង​អាក្រក់។»

លោកគង្វាលដដែល​បាន​រំលឹកឲ្យ​សក្ខាកាម យកចិត្ត​ទុកដាក់​លើ​ផល​ប្រយោជន៍​រួម​ និ​ងការ​យាង​មកវិញ​របស់​ព្រះយេស៊ូ​គ្រីស្ត​៕

ដោយ​ផាត​ សំភី

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email