យុវជនយុវនារី២១នាក់ ត្រូវបានស្វាគមន៍ជាផ្លូវការ ក្នុងសញ្ញាដំបូងមុនក្លាយជាគ្រីស្តបរិស័ទ

នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ក្នុងមណ្ឌលសកម្មភាពតាកែវ ភូមិភាគភ្នំពេញ យុវជននិង​យុវតី​​ចំនួន២១រូប បានសុំចូលព្រះសហគមន៍ ជាជំហានដំបូងមុននឹងក្លាយជាគ្រីស្តបរិស័ទ។

ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងគ្រីស្តបរិស័ទក្នុងមណ្ឌលសកម្មភាពតាកែវ បងប្រុសបងស្រី និងបងប្អូនគ្រីស្តបរិស័ទជាច្រើននាក់ ដោយមានលោកអភិបាល អូលីវីយ៉េ ជាអធិបតី។

នៅក្នុងកម្មវិធីនោះផងដែរ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ព្រះសហគមន៍គិរីវង់ ដែលបានអញ្ជើ​ញគ្រប់ព្រះសហគមន៍នៅក្នុងមណ្ឌលសកម្មភាពតាកែវ ដើម្បីចូលរួមអធិដ្ឋានអបអរសាទរយុវជនយុវនារី២១នាក់ ដែលយើងបានស្វាគមន៍ជាផ្លូវការនិងយ៉ាងឱឡារិកនៅក្នុងព្រះសហគមន៍យើង។

លោកអភិបាលបានមានប្រសាសន៍ថា ៖ «តាមពិតប្អូនៗមួយចំនួនជាកូនកាយរឹទ្ធិរបស់យើងយូរឆ្នាំមកហើយ ដូច្នេះដល់ពេលវេលាធ្វើពិធីមួយដើម្បីស្វាគមន៍ពួកគាត់»។

លោកថា ជំហានទីមួយ ជាទូទៅសម្រាប់យុវជន ចាំរហូតដល់គាត់មានអាយុ១៨ ឬ១៩ឆ្នាំ ប៉ុន្តែសម្រាប់កូនក្មេងបើចាំយូរពេកគេក៏ចង់មានសញ្ញាមួយដែរ។ថ្ងៃនេះពួកគេបានទទួលព្រះ​ពរពីព្រះជាម្ចាស់ ថ្ងៃនេះគេបានទទួលមេដៃសន្តីតេរេសា ថ្ងៃនេះគេបានទទួលគម្ពីរដំណឹងល្អដើម្បីទៅជាព្រះបន្ទូលចិញ្ចឹមជីវិតរបស់គេចាប់ពីពេលនេះតទៅ។

លោកបូជាចារ្យ ហ្វេសរ៉ាណាន់ដូ ដែលជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពតាកែវ ក៏បានថ្លែងផងដែរ ថាសម្រាប់ប្អូនៗដែលបានសុំចូលព្រះសហគមន៍ថ្ងៃនេះ ពួកគាត់ខ្លះបានទទួលការ​អប់រំជំនឿអស់រយៈពេលពីរឆ្នាំ ខ្លះទៀត៣ឆ្នាំហើយ។

លោកបូជាចារបាន​មានប្រសាសន៍ថា ៖ «ដូច្នេះ ព្រះសហគមន៍ក៏បានសម្រេចចិត្តឲ្យបេក្ខជនទាំងនោះចូលនៅក្នុងព្រះសហគមន៍ជាផ្លូវការ ដើម្បីបញ្ជាក់ថា គាត់ចូលកាន់តែជិតស្និទ្ធរួមជា​មួយគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍ និងបញ្ជាក់ថា ចាប់ពីពេលនេះតទៅបងប្អូនចាប់ផ្តើម​មើលឃើញផ្លូវនិងមាគ៌ារបស់ព្រះជាម្ចាស់កាន់តែច្បាស់ឡើង»។

លោកបន្តទៀតថា ពួកគាត់កំពុងតែតម្រែតម្រង់ចិត្តគំនិតឆ្ពោះទៅព្រះជាម្ចាស់ ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទនៅពេលខាងមុខ។

លោកបូជាចារ្យ ហ្វេសរ៉ាណាន់ដូ ក៏បាន​ថ្លែងអំណរគុណដល់បងប្អូនទាំងអស់ជាកុមារាកុមារី ជាយុវជនយុវនារី ក៏ដូចជាបងប្អូនមួយចំនួនកំពុងតែស្តាប់ព្រះបន្ទូល ស្តាប់ព្រះសូរសឿងរបស់ព្រះជាម្ចាស់ ឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ និងកំពុងតែបង្ហាញសេចក្តីស្រឡាញ់ចំ ពោះព្រះជាម្ចាស់កាន់តែច្បាស់ ដោយវត្តមានរបស់គាត់នៅក្នុងព្រះសហគមន៍របស់ព្រះអង្គផងដែរ។

យុវនារី ម៉ៅ មករា ជាបេក្ខជនដែលបានសុំចូលព្រះសហគមន៍បានថ្លែងថា គាត់បានទទួលការអប់រំជំនឿអស់រយៈពេល៥ឆ្នាំ ដោយសារចង់ស្គាល់ព្រះជាម្ចាស់ និងចង់ដើរតាមព្រះជាម្ចាស់។ កញ្ញា មករា បន្តថា ពេលខ្លះមានគេរិះគន់កាលដែលនាង​ចូលនៅក្នុងព្រះសហគមន៍ដែរ ព្រោះគាត់កើតចេញពី​គ្រួសារកាន់ព្រះពុទ្ធសាសនា​ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយសារជំនឿរបស់នាង​ យុវតី​រូបនេះ​មិនគិតអំពីពាក្យសំដីទាំងនោះឡើយ ហើយគាត់តែងតែមកព្រះវិហារជារៀងរាល់សប្តាហ៍។

យុវតីរូបនេះបន្តទៀតថា លោកឪពុកបានអប់រំគាត់ឲ្យស្គាល់ព្រះជាម្ចាស់ ឲ្យចេះដើរតាមព្រះជាម្ចាស់ ចេះស្តាប់ព្រះបន្ទូល និងខិតខំព្យាយាមមកទទួលការអប់រំជំនឿ។ កញ្ញា មករាក៏សូមអរគុណលោកបូជាចារ្យ​ដែលបានអប់រំជំនឿពួកគាត់កន្លងមក ដែលធ្វើឲ្យពួកគាត់បានយល់ពីព្រះជាម្ចាស់កាន់តែច្បាស់ជាងមុន។

ស្រដៀងគ្នាដែរយុវជន ស៊ាប សាវេត ថ្លែងថា រយៈពេល១ឆ្នាំដែលគាត់បានទទួលការអប់រំជំនឿនៅក្នុងព្រះសហគមន៍ ធ្វើឲ្យគាត់ចង់ដើរតាមព្រះជាម្ចាស់ ត្បិតតែយុវជនរូបនេះមកពីគ្រួសារពុទ្ធបរិស័ទ ប៉ុន្តែឪពុកម្តាយគាត់ពុំបានបដិសេធក្នុងជម្រើសនៃជំនឿរបស់គាត់ទេ។

យុវជនសាវេតបានប្រាប់ថា ៖ «ខ្ញុំ​ពិតជាមានអំណរ​សប្បាយណាស់ដែលបានដើរតាមព្រះយេ​ស៊ូគ្រីស្ត ព្រោះបានធ្វើឲ្យខ្ញុំ​ចេះអធិដ្ឋាន ចេះថ្វាយបង្គំទៅព្រះជាម្ចាស់»។

យុវជន​រូប​នេះ​បន្ថែមថា ត្បិតតែពេលនេះគាត់​​មិនទាន់ក្លាយជាគ្រីស្តបរិស័ទ ប៉ុន្តែនៅពេលគាត់ទៅបន្តការសិក្សានៅភ្នំពេញឬនៅកន្លែងណាផ្សេង គាត់​នឹងបន្តទទួលការអប់រំជំនឿនៅព្រះសហគមន៍ដែលនៅក្បែរ រហូតក្លាយជាគ្រីស្តបរិស័ទពេញលក្ខណៈ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email