បុណ្យលើកតម្កើងព្រះត្រៃឯក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី “យើងជាគ្រួសារតែមួយដូចព្រះត្រៃឯក”

បងប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​គោរព​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ (ព្រះត្រៃឯក)។ យើង​បាន​ស្ដាប់​អត្ថបទ​ទី​១ អំពី​គម្រោងការ​ដ៏​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​សម្រាប់​ប្រជារាស្រ្ត​អ៊ីស្រាអែល​ពី​ដើម និង​ដែល​បាន​រៀបចំ​សម្រាប់​យើង​សព្វ​ថ្ងៃ។ គម្រោងការ​នេះ គឺ “អ្នក​ត្រូវ​កាន់​តាម​វិន័យ និង​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ដែល​ខ្ញុំ​បាន​ប្រគល់​ឱ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឱ្យ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក​មាន​សុភមង្គល​ហើយ មាន​អាយុ​យឺនយូរ​នៅ​លើ​ទឹក​ដី​ដែល​ព្រះជាម្ចាស់​របស់​អ្នក​ប្រទាន​ឱ្យ​អ្នក​រហូត​ត​ទៅ”។ នេះ​ជា​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់ ឱ្យ​យើង​ទាំង​អស់​គ្នា​មាន​សុភមង្គល មាន​អាយុ​យឺនយូរ​នៅ​លើ​ទឹក​ដី​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ។

សព្វ​ថ្ងៃ សម្រាប់​យើង​ទឹក​ដី​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ គឺ​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​របស់​យើង​។ ដោយ​ដឹង​ថា ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា​បាន​ជ្រើស​រើស​យើង បាន​ជ្រើស​រើស​យើង​ជា​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​នៅ​លើ​ទឹក​ដី​យើង។ ព្រះជាម្ចាស់ បាន​ណែនាំ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ឱ្យ​យើង​ទទួល​ស្គាល់​ថា ពិត​មែន​យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់។ ដូច​យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ទី​២ ដោយសារ​ព្រះវិញ្ញាណ​នេះ​យើង​បន្លឺ​សំឡេង​ឡើង​ថា “អាប៉ា ឱ​ព្រះបិតា” គឺ​ព្រះវិញ្ញាណ​ដែល​ផ្ដល់​សក្ខី​ភាព ឱ្យ​វិញ្ញាណ​របស់​យើង​ខ្ញុំ​ដឹង​ថា យើង​ពិត​ជា​បុត្រ​ធីតា​បស់​ព្រះជាម្ចាស់​មែន។ យើង​ទទួល​បេសកកម្ម​ពី​ព្រះយេស៊ូ​ផ្ទាល់ ដែល​ថ្ងៃ​នេះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ដល់​យើង​ថា “ចូរ​ចេញ​បង្ហាត់​មនុស្ស​គ្រប់​ជាតិ​សាសន៍ ឱ្យ​ធ្វើ​ជា​សាវ័ក ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឱ្យ​គេ​នៅ​ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។

បងប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​គម្រោងការ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​ដើម​រៀង​មក​រហូត​ដល់​សព្វ​ថ្ងៃ។ គឺ​យើង​ជា​ប្រជារាស្ត្រ​ដែល​ព្រះជាម្ចាស់​ជា​ព្រះបិតា​បាន​ជ្រើស​រើស យើង​មាន​សមត្ថភាព​ដើម្បី​ហៅ​ព្រះជាម្ចាស់​ថា​ព្រះបិតា នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ដោយសារ យើង​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ និង​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​យើង​ទទួល​បេសកកម្ម​មួយ​យ៉ាង​ពិសេស គឺ​បង្ហាត់​ឱ្យ​មនុស្ស​ទាំង​ឡាយ​ធ្វើ​ជា​សាវ័ក និង​ណែនាំ​ឱ្យ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។

នៅ​ក្នុង​ខែ​ឧសភា​នេះ យើង​បាន​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះនាង​ម៉ារី​ជា​ពិសេស និង​នៅ​ក្នុង​ខែ​មិថុនា ដែល​បន្តិច​ទៀត​យើង​នឹង​ចូល យើង​គោរព​ជាពិសេស​ព្រះយេស៊ូ​ដែល​មាន​ព្រះហឫទ័យ​ស្រឡាញ់​មនុស្ស​លោក និង​គោរព​ព្រះនាង​នារី​ដែល​មាន​ព្រះបេះដូង​ស្រឡាញ់​យើង​ដែរ។ ជា​ពេល​វេលា​ពិសេស នៅ​ក្នុង​ខែ​មិថុនា​ដើម្បី​ផ្ញើ​ជីវិត​របស់​យើង​សារជាថ្មី​ទៅ​លើ​ព្រះជាម្ចាស់ ដែល​មាន​ព្រះហឫទ័យ​ស្រឡាញ់​មនុស្ស​លោក។

ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះជាម្ចាស់ ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​ដូចជា​មាន​ពិសោធន៍​យ៉ាង​ប្លែក អំពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​មាន។ សេចក្តី​ស្រឡាញ់​រវាង​ព្រះបិតា​និង​ព្រះបុត្រា នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ដូច្នេះ យើង​មើល​ឃើញ​ថ្ងៃ​នេះ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​ជា​សេចក្តី​ស្រឡាញ់ រវាង​ព្រះបិតា​និង​ព្រះបុត្រា​កំពុង​ធ្វើ​ដំណើរ។ ធ្វើ​ដំណើរ​ពី​ព្រះបិតា​ទៅ​ព្រះបុត្រា ពី​ព្រះបុត្រា​ទៅ​ព្រះបិតា និង​ដោយសារ​ព្រះជាម្ចាស់​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង ព្រះជាម្ចាស់​បាន​បើក​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ដើម្បី​បង្កើត​យើង​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ​។ ដូចជា ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​ចេញ​ពី​ព្រះបេះដូង​របស់​ព្រះយេស៊ូ ដើម្បី​សណ្ឋិត​លើ​យើង​ដូច​យើង​បាន​គោរព​ពី​សប្តាហ៍​មុន ណែនាំ​ឱ្យ​យើង​ជា​ព្រះសហគមន៍ ណែនាំ​ឱ្យ​យើង​ជា​ព្រះកាយ​ព្រះគ្រីស្ត ណែនាំ​ឱ្យ​យើង​ជា​មហា​គ្រួសារ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ចូល​រួម​នៅ​ក្នុង​អាថ៌កំបាំង​នៃ​ព្រះជាម្ចាស់ ដើម្បី​ធ្វើ​ជា​អង្គ​មួយ។ នេះ​ជា​ការ​អស្ចារ្យ​ដែល​ថ្ងៃ​នេះ​យើង​គោរព ប្រសិន​បើ​យើង​នឹក​ឃើញ​មួយ​ភ្លែត យើង​ចូល​នៅ​ក្នុង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​តែ​ម្តង យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់​តែ​ម្ដង។ យើង​មិន​មែន​ជា​ព្រះជាម្ចាស់ ដែល​នៅ​ស្ថាន​បរម​សុខ យើង​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​គ្រួសារ​តែ​មួយ ដែល​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ​មែន។

ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ណែនាំ​ឱ្យ​យើង​ទៅ​រក​ផ្លូវ​នានា យើង​ឃើញ​សព្វ​ថ្ងៃ​ទោះ​បី​យើង​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ទោះ​បី​យើង​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់ ទោះបី​យើង​ចង់​ចូល​រួម​នៅ​ក្នុង​គម្រោងការ​របស់​ព្រះអង្គ ដែល​ណែនាំ​ឱ្យ​យើង​មាន​សុភមង្គល ឱ្យ​យើង​មាន​អាយុ​យឺនយូរ​នៅ​លើ​ផែនដី​នេះ។ យើង​ឃើញ​ជំងឺ​កូវីដ-១៩ ក៏​នៅ​តែ​បន្ត​រារាំង​ផ្លូវ​នៃ​សុភមង្គល​របស់​យើង ក៏​នៅ​តែ​បន្ត​ធ្វើ​ជា​ទុក្ខ​លំបាក​សម្រាប់​បងប្អូន​របស់​យើង​យ៉ាង​ច្រើន។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ចេះ​តែ​សង្ឃឹម​ថា​ប្រហែល​ថ្ងៃ​ស្អែក​យើង​អស់​កូវីដ​ហើយ ផ្ទុយ​ទៅ​វិញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​មើល​តួ​លេខ​ទោះ​បី​មាន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​យ៉ាង​ច្រើន​ក៏​ដោយ ទោះ​បី​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​មាន​ច្រើន​ក៏​ដោយ។ ក៏​យើង​នៅ​តែ​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ថ្មីៗ ពី​៥០០​នាក់​ឡើង​ទៅ។ យើង​ក៏​បាន​ឃើញ ជំងឺ​នេះ​ចាប់​ផ្តើម​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​នានា ជា​ពិសេស​ចូល​តាម​រោងចក្រ ពី​រោងចក្រ​ចូល​ដល់​ភូមិ។ តាម​ពិត គម្រោងការ​របស់​ព្រះជាម្ចាស់​សម្រាប់​ផែនដី​នេះ ជួន​កាល​យើង​ថា​មិន​សូវ​យល់ ប៉ុន្តែ​ថ្ងៃ​នេះ​យើង​យល់ យើង​មាន​សុភមង្គល​មែន។ តើ​យើង​មាន​សុភមង្គល​របៀប​ណា? គឺ​យើង​ត្រូវ​ការ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ជានិច្ច។

បងប្អូន​ជា​ទី​ស្រឡាញ់ តាម​ពិត​ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​ការ​ទៅ​ថ្វាយ​អភិបូជា​នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សារតូច ដើម្បី​នឹក​រឭក​ដល់​វិញ្ញាណ​ក្ខន្ធ​របស់​លោក​អភិបាល អ៊ីវ រ៉ាមូស ដែល​បាន​ទទួល​មរណៈភាព​១០០​ថ្ងៃ។ ដោយសារ ផ្សារតូច​ជា​កន្លែង​មួយ​ជា​ប្រវត្តិ​សាស្រ្ត​របស់​លោក​អភិបាល អ៊ីវ ប៉ុន្តែ​ថ្មីៗ​នេះ​យើង​បាន​ទទួល​ដំណឹង​ថា​យើង​មិន​អាច​ទៅ​ផ្សារតូច​បាន​ទេ ដោយសារ​តំបន់​នោះ​ចូល​នៅ​ក្នុង​តំបន់​លឿង​ទុំ​សារជាថ្មី។ ពី​ម្សិលមិញ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ព្រែក​ដាច់​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​ដែល​បាត់​ផ្ទះ ដោយសារ​ការ​បាក់​ដី​ស្រុត​ចូល​ទន្លេ​មេគង្គ​ថ្មីៗ​នេះ ដែល​មាន​ចំនួន​១៦​គ្រួសារ​។ មុន​ខ្ញុំ​ចេញ​ធ្វើ​ដំណើរ ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ជំងឺ​កូវីដ-១៩​បាន​វាយ​លុក​ចូល​ទៅ​ដល់​ភូមិ​ព្រែក​ដាច់​ហ្នឹង​ហើយ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ។ ហើយ​ក្រោយ​មក ម្សិល​មិញ​ខ្ញុំ​ក៏​មាន​គម្រោង​ការ​ថា​នឹង​ទៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង នៅ​ខេត្ត​តាកែវ។ ដូច​បងប្អូន​បាន​ដឹង​ហើយ​ថា នៅ​ក្នុង​រយៈ​ពេល​បី​ខែ​កន្លង​មក បាន​ឃើញ​ខ្ញុំ​ផ្សាយ​អភិបូជា​ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម នៅ​ចំការ​ទៀង​រហូត។ ក៏​ប៉ុន្តែ ពី​ម្សិល​មិញ​ដែរ​នៅ​ចំការទៀង​យើង​មាន​៨​នាក់ ដែល​នៅ​ក្បែរ​ព្រះវិហារ​របស់​យើង និង​នៅ​លើ​ទឹក​ដី​ព្រះវិហារ​របស់​យើង​តែ​ម្ដង បាន​ជាប់​ដោយ​ប្រយោល​ពី​មីង​ម្នាក់​ដែល​បាន​កើត​ជំងឺ​កូវីដ​នៅ​រោងចក្រ។ ដូច្នេះ យើង​មិន​អាច​ថ្វាយ​អភិបូជា​នៅ​ទី​នោះ​បាន​ទេ ជា​លើក​ទី​១​នៅ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ដែរ។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ក្រុម​សិល្បៈ និង​ក្រុម​គ្រីស្ត​បរិស័ទ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង​ដែល​បាន​ជួយ​យើង​នៅ​ក្នុង​រយៈ​ពេល​៣​ខែ​កន្លង​មក ដើម្បី​មាន​អភិបូជា​ជា​រៀង​រាល់​សប្តាហ៍។ ថ្ងៃ​នេះ ជា​ក្រុម​សិល្បៈ និង​ក្រុម​ភ្លេង​ដែល​បាន​ជាប់​ដោយ​ប្រយោល​ជា​មួយ​នឹង​ជំងឺ​កូវីដ-១៩ ដូច្នេះ​គេ​ត្រូវ​ធ្វើ​ចក្តា​ឡីសាក់​ក្នុង​ផ្ទះ ឬ​នៅ​ក្នុង​បរិវេណ​ព្រះវិហារ។ ដូច្នេះ យើង​បាន​ឃើញ​គម្រោងការ​របស់​ព្រះជាម្ចាស់​សម្រាប់​យើង​គឺ​ជា​អ្វី?

បន្តិច​ទៀត យើង​ចូល​នៅ​ក្នុង​ខែ​មិថុនា​ជា​ពេល​វេលា ដើម្បី​មើល​សារជាថ្មី​អំពី​គម្រោងការ​របស់​ព្រះជាម្ចាស់។ នៅ​ពេល​នោះ យើង​នឹង​គោរព​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះយេស៊ូ​គ្រីស្ត នៅ​ពេល​យើង​គោរព​ព្រះបេះដូង​នៃ​ព្រះនាង​ម៉ារី។ សប្តាហ៍​ក្រោយ យើង​គោរព​ព្រះយេស៊ូ​ដែល​ជា​ព្រះកាយ​ព្រះគ្រីស្ត ជា​ពេល​វេលា​សម្រាប់​យើង​ដើម្បី​សាប​ព្រោះ និង​សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​លើ​ដី​ស្រែ​ម្ដង​ទៀត។ នៅ​ថ្ងៃទី​១ ខែ​មិថុនា យើង​ចូល​នៅ​ក្នុង​ទិវា​សិទ្ធិ​កុមារ​អន្តរ​ជាតិ ដូច្នេះ​ជា​ពេល​វេលា​មួយ ដើម្បី​ចូល​នៅ​ក្នុង​ជីវិត​ដែល​ព្រះជាម្ចាស់​ប្រទាន​សារជាថ្មី និង​ដើម្បី​សួរ​ខ្លួន​ឯង​ថា តើ​សុភមង្គល​ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឱ្យ​សុភមង្គល​នេះ​កើត​ឡើង? ទោះ​បី យើង​រស់​នៅ​ក្នុង​បរិយាកាស​ដ៏​ពិបាក​នេះ បរិយាកាស​ពិបាក​សម្រាប់​សង្គម បរិយាកាស​ពិបាក​សម្រាប់​ព្រះសហគមន៍ បរិយាកាស​ពិបាក​សម្រាប់​ក្រុម​គ្រួសារ​យ៉ាង​ច្រើន ​ដែល​បាត់​បង់​ការងារ ដែល​បាត់​បង់​ចំណូល​ពី​មួយ​ខែ​ទៅ​មួយ​ខែ បរិយាកាស​ពិបាក​សម្រាប់​ក្រុម​គ្រួសារ​មួយ​ចំនួន បាត់​បង់​បង​ប្អូន​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩។ ដូច្នេះ សំណួរ​របស់​យើង​មាន​តែ​មួយ តើ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​គោរព​ឋានៈ​ដ៏​ពិសេស ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់?

ព្រះជាម្ចាស់ បាន​ជ្រើស​រើស​យើង​ដើម្បី​ធ្វើ​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ។ ដើម្បី​គោរព​ឋានៈ​នេះ ដើម្បី​គោរព​កិត្តិយស​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់​ផ្ទាល់ យើង​មាន​ផ្លូវ​តែ​មួយ គឺ​យើង​បំពេញ​បេសកកម្ម​របស់​យើង​ដ៏​ពេញ​លក្ខណៈ។ ទោះ​បី​មាន​ជំងឺ​កូវីដ-១៩​ក៏​ដោយ យើង​ក៏​នៅ​តែ​បំពេញ​បេសកកម្ម​របស់​យើង​ដ៏​ពេញ​លក្ខណៈ។ បេសកកម្ម​របស់​យើង គឺ​ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​យ៉ាង​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា “សូម​ចេញ​ទៅ​បង្ហាត់​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឱ្យ​ធ្វើ​ជា​សាវ័ក”។ នេះ​ជា​បេសកកម្ម​ដែល​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​ព្រះសហគមន៍ យើង​បាន​ទទួល។ ដូច្នេះ នៅ​ក្នុង​ខែ​មិថុនា​នេះ ឆាប់ៗ​នេះ​នៅ​ថ្ងៃទី​១ ខែ​មិថុនា ដែល​ជា​ថ្ងៃ​យើង​គោរព​សន្ត​យ៉ូស្ទីន យើង​ក៏​នឹក​រលឹក​ដល់​និស្សិត​នៃ​សាលា​អប់រំ​ជំនឿ​សន្ត​យ៉ូស្ទីន ដែល​ផ្អាក​រៀន​យូរ​ហើយ។ នៅ​ថ្ងៃ​ដែល​យើង​គោរព​សន្ត​យ៉ូស្ទីន ដែល​ជា​ឧបការី​នៃ​គ្រូ​អប់រំ​ជំនឿ ដោយសារ​សន្ត​យ៉ូស្ទីន​នៅ​ក្នុង​សតវត្ស​ទី​១ បាន​បង្កើត​សាលា​អប់រំ​ជំនឿ​ដំបូង​នៅ​ទីក្រុង​រ៉ូម មុន​ធ្វើ​ជា​មរណៈសាក្សី។ នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​ប្រជុំ​ជា​មួយ​បូជាចារ្យ​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ដើម្បី​គិត​ពិចារណា៖

ទី​១ អំពី​កម្មវិធី​អប់រំ​ជំនឿ តើ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​បន្ត​អប់រំ​ជំនឿ​ដល់​បេក្ខជន​របស់​យើង​ទាំង​អស់ ដែល​កំពុង​ត្រៀម​ធ្វើ​ជំហាន​ទី​១ ដែល​កំពុង​ត្រៀម​ធ្វើ​ជំហាន​ទី​២ ត្រៀម​ទទួល​ព្រះកាយ​ព្រះគ្រីស្ត ត្រៀម​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស? យើង​មាន​រាប់​រយ​នាក់​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ដោយសារ​បរិយាកាស​នៃ​ជំងឺ​កូវីដ-១៩ ដែល​ផ្អាក​ការ​ជួប​ជុំ​គ្នា​ក៏​នៅ​យូរ​ទៀត យើង​នឹង​ប្រជុំ​បន្ទាន់​ដើម្បី​រក​មធ្យោបាយ​ណា​មួយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នេះ។

ទី​២ អំពី​កុមារ ជំទង់ និង​យុវជន នៅ​ក្នុង​បេសកកម្ម​របស់​យើង​ទាំង​យុវជន​យុវនារី ទាំង​ជំទង់ និង​កូន​ក្មេង។ នៅ​ក្នុង​ខែ​មិថុនា រួម​ជា​មួយ​ការិយាល័យ​យុវជន ជំទង់ និង​កុមារ ភូមិភាគ​ភ្នំពេញ យើង​កំពុង​រៀបចំ​ផែនការ ដើម្បី​ឱ្យ​ខែ​មិថុនា​យើង​ពោរពេញ​ដោយ​អត្ថន័យ ដើម្បី​ឱ្យ​កូន​ក្មេង​តាម​មណ្ឌល​សកម្មភាព​នីមួយៗ​នៅ​ក្នុង​ខែ​មិថុនា ប្រហែល​៤០០០​នាក់​តាម​រយៈ​ប្រធាន​យុវជន មេ​កាយ​រិទ្ធិ ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ ដើម្បី​ផ្ញើ​សម្ភារៈ​សិក្សា ដើម្បី​ផ្ញើ​ដំណាប់​ស្វាយ​តិចៗ ដើម្បី​ឱ្យ​គេ​មាន​រស​ជាតិ​នៅ​ក្នុង​ជីវិត​របស់​គេ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត ជា​ពិសេស​ដើម្បី​បង្ហាញ​ថា​យើង​ជា​គ្រួសារ​តែ​មួយ។

យើង​បន្ត ជា​មួយ​ការិយាល័យ​ការ​សិក្សា​កាតូលិក ដើម្បី​ផ្សាយ​តាម​កម្ម​វិធី Telegram តាម​កម្ម​វិធី Google Meet ដើម្បី​ឱ្យ​សិស្សានុសិស្ស​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​១២ អាច​រៀន​ពី​ចម្ងាយ ដើម្បី​ឱ្យ​វិទ្យាស្ថាន​សន្ត​ប៉ូល បន្ត​រៀន​ពី​ចម្ងាយ ដើម្បី​ឱ្យ​កូន​មត្តេយ្យ​បន្ត​រៀន។ បន្តិច​ទៀត យើង​នឹង​ឃើញ​របាយការណ៍​នៃ​ការ​សិក្សា​របស់​សាលា​ព្រះសហគមន៍​កាតូលិក។ យើង​បាន​ឃើញ​ដែរ មាន​សាលា​ខ្លះ​បាន ១០០% មាន​សាលា​ខ្លះ​បាន ០% មាន​សាលា​ខ្លះ​បាន ២០% មាន​សាលា​ខ្លះ​បាន ៥០% ក្នុង​ចំណោម​កូនៗ​ដែល​អាច​ចូល​រៀន​បាន។ ដូច្នេះ យើង​ទាំង​អស់​គ្នា​យើង​ត្រូវ​ការ​ទៅ​រក​មធ្យោបាយ​ថែម​ទៀត ដើម្បី​ឱ្យ​យើង​ឡើង ពី​០​ដល់​១០០% ពី​២០​ដល់​១០០% ពី​៥០​ដល់​១០០% និង​រក្សា ១០០% សម្រាប់​កន្លែង​ដែល​បាន​១០០% រួច​ហើយ។ ដោយសារ យើង​នឹក​ឃើញ​ដល់​ព្រះយេស៊ូ​នៅ​ពេល​ដែល​ព្រះយេស៊ូ​បាត់​កូន​ចៀម​តែ​មួយ​ក្បាល ក្នុង​ចំណោម​កូន​ចៀម​១០០​ក្បាល ក៏​ព្រះយេស៊ូ​បាន​ទុក​កូន​ចៀម​៩៩​ក្បាល​ឱ្យ​នៅ ហើយ​ទៅ​ស្វែង​រក​កូន​ចៀម​១​ក្បាល​ដែល​វង្វេង​បាត់​នោះ។ ដូច្នេះ សម្រាប់​យើង​ជា​ព្រះសហគមន៍​ជា​តួនាទី​របស់​យើង យើង​មិន​អាច​ទុក​បង​ប្អូន​ណា​ម្នាក់​បាន​ទេ យើង​មាន​៩៩​នាក់​យើង​បាត់​ម្នាក់ យើង​ត្រូវ​ការ​ចេញ​ដើម្បី​ដើរ​តាម។ យើង​ដើរ​តាម​បេក្ខជន​អប់រំ​ជំនឿ ដើរ​តាម​សិស្ស-និស្សិត តាម​កូន​ក្មេង តាម​ជំទង់ តាម​យុវជន​យុវនារី តាម​លោក​តា​លោក​យាយ ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​យល់​ថា យើង​មាន​ព្រះបិតា យើង​មាន​ព្រះបុត្រា យើង​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​ស្រឡាញ់​គ្នា​ណាស់។ នៅ​ក្នុង​ព្រះសហគមន៍​យើង​ជា​គ្រួសារ​តែ​មួយ​ដែល​ស្រឡាញ់​គ្នា​ណាស់។

ដូច្នេះ​បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​នៅ​តែ​បន្ត​ធ្វើ​សង្រ្គាម​ដើម្បី​សម្លាប់​ជំងឺ​កូវីដ-១៩ ជា​សង្រ្គាម​ដ៏​វិសុទ្ធ​ដែល​ណែនាំ​ឱ្យ​យើង​រួម​គ្នា​ទទួល​ខុស​ត្រូវ​យ៉ាង​ខ្ពស់។ ដោយ​យក​ចិត្ត​ទុក​ដាក់ ដូច​ព្រះជាម្ចាស់​បាន​បញ្ជា​យើង ឱ្យ​យើង​ធ្វើ​តាម​ធម្ម​វិន័យ ឱ្យ​យើង​ធ្វើ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ​ទាំង​អស់។ យើង​ធ្វើ​តាម​ធម្ម​វិន័យ​របស់​ព្រះយេស៊ូ​គឺ “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​យើង”។ យើង​ធ្វើ​តាម​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល “៣​កុំ ៣​ការពារ” យើង​ធ្វើ​តាម​អនុសាសន៍​របស់​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ “៣​ថែរក្សា” ដើម្បី​ឱ្យ​យើង​រួម​គ្នា​ឈ្នះ​ជំងឺ​កូវីដ-១៩​ឆាប់ៗ​នេះ។ យើង​បន្ត​អធិដ្ឋាន​អស់​ពី​សមត្ថភាព ខ្ញុំ​សង្ឃឹម​ថា​មាន​បង​ប្អូន​ចូល​រួម​អភិបូជា​ពី​ចម្ងាយ​ច្រើន​តាមរយៈ https://www.facebook.com/LiveCatholicChannel។ ដោយសារ យើង​ឥត​មាន​អភិបូជា​ដោយ​ផ្ទាល់​ពី​យូរ​ខែ​មក​ហើយ ដូច្នេះ​យើង​នៅ​សល់​តែ​ផ្លូវ​មួយ​នេះ កុំ​ឱ្យ​យើង​មើល​ងាយ​ផ្លូវ​នេះ។ ព្រោះ​ថា​មាន​តែ​ផ្លូវ​ហ្នឹង ដើម្បី​អធិដ្ឋាន ដើម្បី​យល់​ថា​យើង​ជា​គ្រួសារ​តែ​មួយ។ ដូច្នេះ ហ្វេសបុកភេច https://www.facebook.com/LiveCatholicChannel ជា​ឧបករណ៍​មួយ​យ៉ាង​ពិសេស​ដើម្បី​ឱ្យ​យើង​បន្ត​ធ្វើ​ការ​ជា​មួយ​គ្នា សម្រុះសម្រួល​ជា​មួយ​គ្នា​ដោយ​យល់​ថា ពិត​មែន​នៅ​ក្នុង​ព្រះត្រៃឯក​យើង​ជា​គ្រួសារ​តែ​មួយ យើង​ជា​បងប្អូន​គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត យើង​ទទួល​បេកកម្ម​មួយ​យ៉ាង​ពិសេស។

ថ្មីៗ​នេះ បង​ប្អូន​បាន​ឃើញ​ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ដល់​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ (ទាំង​សម្តេច​សង្ឃ ទេព វង្ស ទាំង​សម្តេច​សង្ឃ បួរ គ្រី) ខ្ញុំ​ក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ​ដល់​សាលា​រាជធានី​ភ្នំពេញ។ ដោយសារ​យើង​ចែក​ម៉ាស់​មែន ប៉ុន្តែ​ជា​ពេល​វេលា​មួយ​ដើម្បី​បង្ហាញ​ថា យើង​ជា​ព្រះសហគមន៍​កាតូលិក​មិន​ឆ្ងាយ​ពី​សាសនា​ដទៃ ព្រះសហគមន៍​កាតូលិក​មិន​ឆ្ងាយ​ពី​សង្គម​បច្ចុប្បន្ន​នេះ ព្រះសហគមន៍​កាតូលិក​មិន​ឆ្ងាយ​ពី​បង​ប្អូន​ដែល​កំពុង​រង​ទុក្ខ​លំបាក។ ផ្ទុយ​ទៅ​វិញ យើង​ជា​គ្រួសារ​តែ​មួយ​នៅ​ក្នុង​ព្រះសហគមន៍​ដោយសារ​យើង​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក ប៉ុន្តែ​យើង​ជា​គ្រួសារ​តែ​មួយ​នៅ​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​មូល ជា​មួយ​គ្រប់​វិស័យ គ្រប់​ស្ថាប័ន។ ដោយសារ យើង​ជា​ប្រជារាស្ត្រ​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត ប៉ុន្តែ​យើង​ជា​ប្រជារាស្ត្រ​តែ​មួយ​លើ​ទឹក​ដី​របស់​យើង ដែល​ជា​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ឱ្យ​យើង។ ដូច្នេះ បេសកកម្ម​ដែល​យើង​ទទួល​មិន​មែន​ជា​អ្វី​ដែល​តូច​តាច​មួយ តែ​ជា​បេសកកម្ម​មួយ​យ៉ាង​ធំ​ណាស់ បេសកកម្ម​តែ​មួយ​គ្រប់​គឺ ចូល​នៅ​ក្នុង​គម្រោងការ​របស់​ព្រះជាម្ចាស់ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ពី​ដើម “ខ្ញុំ​បាន​ប្រគល់​ឱ្យ​អ្នក​នៅ​ថ្ងៃ​នេះ មាន​សុភមង្គល មាន​អាយុ​យឺន​យូរ”។

សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បងប្អូន​ទាំង​អស់ សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​ព្រះសហគមន៍​របស់​យើង។ ថ្ងៃ​នេះ សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​ម្តាយ​ទាំង​អស់ ជា​ពិសេស​នៅ​ប្រទេស​បារាំង (ថ្ងៃ​នេះ​ជា​បុណ្យ​ម្តាយ)។ ខ្ញុំ​ក៏​សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​យើង​ទាំង​អស់​គ្នា នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ពិត​មែន​យើង​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក ភូមិភាគ​ភ្នំពេញ
ប្រទេស​កម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email