លោកអភិបាលអូលីវីយ៉េបើកសន្និបាតព្រះសហគមន៍សកលសម្រាប់ភូមិភាគ

តបតាមការអញ្ជើញរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ សម្រាប់សន្និបាតព្រះសហគមន៍សកលដែលធ្វើឡើងសម្រាប់ឆ្នាំ២០២១-២០២៣ ក្រោមប្រធានបទ «យើងជាព្រះសហគមន៍ធ្វើដំណើរជាមួយគ្នា ជាធ្លុងតែមួយ ចូលរួមប្រកាសដំណឹងល្អ» លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំបើកកម្មវិធីនេះ កាលពីថ្ងៃទី ១៧ តុលា ២០២១ ដោយមានអ្នកតំណាងព្រះសហគមន៍ តំណាងការិយាល័យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងអង្គការការីតាសដែលជាតំណាងធម៌មេត្តាករុណារបស់ព្រះសហគមន៍សរុបជាង៤០នាក់ចូលរួម។ 

ក្នុងអង្គពិធីបើក ដោយមានអភិបូជា លោកអភិបាលអូលីវីយ៉េ  ជ្មិតហស្លេ  អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានរំលឹកអំពីពាក្យជាធ្លុងតែមួយសម្រាប់ព្រះសហគមន៍ ដោយមានប្រសាសន៍ថា ព្រះសហគមន៍មានអ្នកដឹកនាំមួយរូប គឺព្រះយេស៊ូ ហើយក្នុងនាមព្រះយេស៊ូយើងជាព្រះសហគមន៍ ជាគ្រួសារមួយ យើងត្រូវជួយគ្នាទៅវិញទៅមក រួមដំណើរជាមួយគ្នា និងធ្វើឲ្យគ្រួសារនេះ មានជីវិត។ 

«សកម្មភាពនីមួយៗតាមកន្លែងនីមួយៗគឺជាជីវិតរបស់យើង និងយើងដឹងថាជីវិតរបស់យើងត្រូវបន្ត។ នេះជាមហាគ្រួសារតែមួយនៅក្នុងព្រះសហគមន៍និងជាឱកាសមួយដើម្បីចូលរួមជាមួយនឹងព្រះសហគមន៍សាកល» លោកអភិបាលបញ្ជាក់។
លោកអភិបាល បន្ថែមទៀតថា ព្រះសហគមន៍កម្ពុជាមិនមែនជាព្រះសហគមន៍ឯកោនោះទេ យើងចូលរួមធ្វើដំណើរជាមួយព្រះសហគមន៍ឡាវ ព្រះសហគមន៍ក្នុងទ្វីបអាស៊ី និងព្រះសហគមន៍ទូទាំងពិភពលោក។ 
លោកអូលីវីយ៉េ ពន្យល់ថា យើងធ្វើដំណើរជាមួយគ្នាដើម្បីប្រកាសដំណឹងល្អ ជាបេសកកម្មដែលយើងទទួលតាំងពីថ្ងៃដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹក។ តួនាទីជាគ្រីស្តបរិស័ទគឺ ជាបូជាចារ្យដោយអធិដ្ឋាន ជាព្រះមហាក្សត្រគឺបម្រើ និងជាព្យាការីគឺប្រកាសដំណឹងល្អដល់មនុស្សឯទៀតៗ។ 
ការយកចិត្តទុកដាក់ប្រណិប័តន៍ជំនឿគឺជាចំណុចស្នូលនៃគ្រីស្តបរិស័ទ ដោយ«យើងបានយកចិត្តទុកដាក់បង្ហាញធម៌មេត្តាករុណាដល់បងប្អូនរបស់យើងដែលកំពុងរងទុក្ខលំបាក។ នេះហើយជាផ្លែនៃជំនឿរបស់យើង» លោកអភិបាលបន្ថែម។
លោកអភិបាលបានផ្ដាំផ្ញើគ្រីស្តបរិស័ទទាំងអស់ថា យើងទាំងអស់គ្នាជារាងកាយរបស់ព្រះគ្រីស្តដើម្បីរួមគ្នាធ្វើដំណើរប្រកាសដំណឹងល្អ ដើម្បីជោគជ័យយើងត្រូវការភាពជាធ្លុងតែមួយ ហើយភ្ជាប់ជាមួយព្រះជាម្ចាស់និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអ្នកបំភ្លឺយើង។
អង្គសន្និបាតសកលនេះ បានចាប់ផ្តើមបើកដំណើរការឡើងនៅទីក្រុងរ៉ូមដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅនេះ ដែលមានរយៈពេលពីរឆ្នាំ បានដាក់សំណួរបីសំខាន់ៗសម្រាបព្រះសហគមន៍នៅតាមតំបន់នីមួយៗរិះគិត ក្នុងនោះរួមមាន៖ 
១) តើនៅក្នុងព្រះសហគមន៍របស់ខ្ញុំផ្ទាល់ ខ្ញុំដើររួមជាមួយគ្នាដូចម្ដេច តាមរយៈក្រុមនានានិងគណៈកម្មការ?
២) នៅពេលយើងដើររួមជាមួយគ្នានៅក្នុងព្រះសហគមន៍របស់យើងផ្ទាល់ តើយើងជួបឧបសគ្គអ្វីខ្លះ? តើយើងជួបអំណរសប្បាយអ្វីខ្លះ? 
៣) តាមបទពិសោធរបស់យើងនៅក្នុងការធ្វើដំណើររួមជាមួយគ្នានៅក្នុងព្រះសហគមន៍របស់យើងផ្ទាល់តើយើងត្រូវការកែប្រែអ្វីខ្លះ ដើម្បីឱ្យយើងរីកចម្រើននៅក្នុងការប្រកាសដំណឹងល្អដល់បងប្អូនទាំងអស់?
សំណួរទាំងបីខាងលើនេះ លោកអភិបាលអូលីវីយ៉េ នឹងផ្ញើទៅកាន់ព្រះសហគមន៍និងស្ថាប័នព្រះសហគមន៍ទាំងអស់ក្នុងភូមិភាគភ្នំពេញ ក្នុងខែវិច្ឆិកានេះ ដើម្បីឲ្យឆ្លើយតប តាមសកម្មភាពរបស់ព្រះសហគមន៍នីមួយៗ ហើយនឹងត្រូវផ្ញើត្រឡប់មកវិញនៅមុនបុណ្យណូអែលឆ្នាំ២០២១នេះ។ 
លោកបានបញ្ជាក់ថា រាល់របាយការណ៍របស់ព្រះសហគមន៍នីមួយៗ លោកនឹងសំយោគវាធ្វើរបាយការណ៍ទៅកាន់ក្រុមសភាលោកអភិបាលឡាវ-កម្ពុជា (CELAC) ដើម្បីសរុបរបាយការណ៍ផ្ញើទៅកាន់ទីក្រុងរ៉ូម៕
Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email