លោកអភិបាលអូលីវីយ៉េបើកសន្និបាតព្រះសហគមន៍សកលសម្រាប់ភូមិភាគ

តបតាមការអញ្ជើញរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ សម្រាប់សន្និបាតព្រះសហគមន៍សកលដែលធ្វើឡើងសម្រាប់ឆ្នាំ២០២១-២០២៣ ក្រោមប្រធានបទ «យើងជាព្រះសហគមន៍ធ្វើដំណើរជាមួយគ្នា ជាធ្លុងតែមួយ ចូលរួមប្រកាសដំណឹងល្អ» លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំបើកកម្មវិធីនេះ កាលពីថ្ងៃទី ១៧ តុលា ២០២១ ដោយមានអ្នកតំណាងព្រះសហគមន៍ តំណាងការិយាល័យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងអង្គការការីតាសដែលជាតំណាងធម៌មេត្តាករុណារបស់ព្រះសហគមន៍សរុបជាង៤០នាក់ចូលរួម។  ក្នុងអង្គពិធីបើក ដោយមានអភិបូជា លោកអភិបាលអូលីវីយ៉េ  ជ្មិតហស្លេ  អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានរំលឹកអំពីពាក្យជាធ្លុងតែមួយសម្រាប់ព្រះសហគមន៍ ដោយមានប្រសាសន៍ថា ព្រះសហគមន៍មានអ្នកដឹកនាំមួយរូប គឺព្រះយេស៊ូ ហើយក្នុងនាមព្រះយេស៊ូយើងជាព្រះសហគមន៍ ជាគ្រួសារមួយ យើងត្រូវជួយគ្នាទៅវិញទៅមក រួមដំណើរជាមួយគ្នា និងធ្វើឲ្យគ្រួសារនេះ មានជីវិត។