អគ្គសញ្ញាលាបថ្ងាស ក្នុងអំឡុងពេលកូវីដ១៩ជាលើកដំបូង

គ្រីស្តបរិស័ទ១២រូបទទួលអគ្គសញ្ញាលាប នៅព្រះវិហារសន្តសិលានិងសន្តប៉ូល នាទីក្រុងភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ រួមនិងលោកបូជាចារ្យសិលា សួន ហង្សលី នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២១។

លោកបូជាចារ្យ សួន ហង្សលី មានប្រសាសន៍បើកកម្មវិធីអភិបូជាថា បេក្ខជនចំនួន១២រូបនេះ គឺខ្លះបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីឆ្នាំ២០១២ ២០២០ និង២០២១។ ដោយសារ covid-១៩ ពិធីបុណ្យក្នុងព្រះសហគមន៍ត្រូវផ្អាក។

លោកបូជាចារ្យទទួលខុសត្រូវព្រះវិហារនេះ មានប្រសាសន៍ទៀតថា «ថ្ងៃនេះគឺជាសញ្ញាពិសេសដែលបញ្ជាក់អំពីការរីកចម្រើននៃព្រះសហគមន៍របស់យើង ហើយប្អូនដែលទទួលអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះគឺជាសាក្សីនៃជំនឿរបស់យើង»។

ក្នុងពិធីបុណ្យនេះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា នេះជាលើកទី១ បន្ទាប់ពីថ្ងៃ ២០ កុម្ភៈ យើងមានឱកាសដែលជួបជុំគ្នានៅក្នុងថ្ងៃនេះនៅក្នុងសេរីភាព បន្ទាប់ពី៨ ខែកន្លងមកដែលយើងមិនបានចូលក្នុងពិធីបូជាដែលមានគ្នាច្រើនដូចនេះ។ ហើយនេះក៏ជាលើកទី១ ដែលព្រះសហគមន៍យើងធ្វើអគ្គសញ្ញាលាបថ្ងាសនៅក្នុងឆ្នាំនេះ គឺបានប្រើប្រេងពិសិដ្ឋដែលបានប្រសិទ្ធិពរជាមួយលោកបូជាចារ្យមួយចំនួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំនេះដើម្បីធ្វើអគ្គសញ្ញានានា។

លោកថា ១២នាក់ក្នុងថ្ងៃនេះ និងខែខាងមុខនេះមានជាង១០០ នាក់នៅចំប៉ាដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាស។ នេះជាឱកាស ដើម្បីប្រើប្រេងនេះដើម្បីផ្ដល់កម្លាំងដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធសម្រាប់ព្រះសហគមន៍យើង។

នៅក្នុងបរិបទនៃកូវីដ១៩ លោកអភិបាលបានមានប្រសាសន៍ថា ពេលយើងនិយាយអំពីការភ័យខ្លាច យើងនឹកឃើញដល់កូវីដ១៩ គឺយើងរស់នៅក្នុងភាពភ័យខ្លាច ការប្រុងប្រយ័ត្នដែលនាំឲ្យយើងភ័យខ្លាច សូម្បីតែទំនាក់ទំនងជាមួយមនុស្សឯទៀត។ នៅពេលយើងខ្លាចមនុស្សយើងបិទទ្វារផ្ទះ និងបិទទ្វារនៃដួងចិត្តរបស់យើងដែរ។ ពេលយើងភ័យខ្លាចយើងបាត់បង់ទំនាក់ទំនងផ្ទាល់ដោយនៅឆ្ងាយពីគ្នា។ មនុស្សគ្រប់កម្រិតចាប់ផ្ដើមស្គាល់គ្នាតាមរយៈzoom នៅតែតាមកញ្ចក់កុំព្យូទ័រនិងទូរសព្ទ។ យើងបង្កើតទំនាក់ទំនង ប៉ុន្តែមិនមែនទំនាក់ទំនងពិត។

លោកអភិបាលព្រះសហគមន៍បន្តថា ផ្ទុយនឹងភ័យគឺអំណរសប្បាយដោយមានសេចក្ដីសុខ ដោយត្រូវបង្កើតទំនាក់ទំនងផ្ទាល់ និយាយជាមួយគ្នា លើកទឹកចិត្តគ្នា និងសួរសុខទុក្ខគ្នាទៅវិញទៅមក។ គ្រីស្តបរិស័ទត្រូវប្រកាសដូចក្រុមគ្រីស្តទូតពីដើម គឺក្រោយបុណ្យទី៥០ គេចេញទៅ ហើយពេលនេះ យើងប្រកាសដោយធ្វើជាសក្ខីភាពភាពដ៏ពិតប្រាកដ។

ក្នុងនោះដែរ លោកអភិបាលបានបន្ថែមថា ថ្ងៃនេះប្អូន១២ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសជាពេលវេលាដើម្បីទទួលអំណោយទៀតនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលណែនាំឱ្យយើងខ្លាច គោរពព្រះជាម្ចាស់អស់ពីដួងចិត្តអស់ពីស្មារតី មកពីសេចក្ដីស្រឡាញ់និងជំនឿរបស់យើង។

យ៉ាងណាមិញលោកអភិបាលអូលីវីយ៉េ ឱ្យបេក្ខជនទាំង១២រូប យកចិត្តទុកដាក់ធ្វើជាសាក្សីអំពីព្រះយេស៊ូទៅកាន់មនុស្សឯទៀតៗ។ ត្រូវហ៊ានប្រកាសអំពីដំណឹងល្អដូចក្រុមគ្រីស្តទូត តាមទេពកោសល្យ និងសមត្ថភាពរៀងៗខ្លួន។ និងត្រូវបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់តាមរយៈការអធិដ្ឋាន ស្តាប់ព្រះបន្ទូល និង បន្តបង្ហាញមេត្តាករុណារបស់ព្រះជាម្ចាស់។ 

លោកអភិបាលអូលីវីយ៉េបន្ថែមទៀតថា «ដូច្នេះទាំងអនុវត្តជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ ដោយយើងជាព្រះសហគមន៍ដើរជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយមានគ្រីបរិស័ទលោកឪពុកលោកអភិបាលបងស្រីយើងគ្រួសារតែមួយធ្វើដំណើរជាមួយគ្នាយើងទាំងអស់គ្នាមានតួនាទីដើម្បីធ្វើជាអ្នកបម្រើ។ សូមឱ្យយើងយកចិត្តទុកដាក់បម្រើព្រះសហគមន៍របស់យើងទៅយើងជាគ្រីស្តបរិស័ទមិនមែនជាភ្ញៀវដែលចូលព្រះសហគមន៍តែមួយភ្លែតរួចចេញទៅវិញ។  ដូច្នេះថ្ងៃនេះយើងពោរពេញដោយកម្លាំងថ្មីនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធដែលណែនាំឱ្យយើងបើកទ្វារបើកបង្អួចនៃបេះដូង និងជីវិតរបស់យើង ដើម្បីឱ្យយើងរួមរស់នៅក្នុងអំណរសប្បាយជាមួយព្រះជាម្ចាស់។ យើងបានរៀនរស់ជាមួយកូវីដ១៩ ប៉ុន្តែជីវិតរបស់យើងសំខាន់ណាស់ដើម្បីរួមរស់ជាមួយព្រះយេស៊ូប្រចាំថ្ងៃ។ លោកអភិបាលអូលីវីយេទទូចស្នើដល់គ្រីស្តបរិស័ទទាំងអស់សូមឱ្យយើងធ្វើជាសក្ខីភាពពិតៗ ជាគ្រីស្តបរិស័ទសកម្ម»។

នៅក្នុងថ្ងៃនេះដែរ បេក្ខជន សុង គឹមហេង បាន​ឲ្យ​ដឹងថា «នៅពេល​ដែល​ខ្ញុំ​បាន​ទទួលអគ្គសញ្ញាលាប​ថ្ងាសនេះ ខ្ញុំ​ពិតជាមាន​អំណរសប្បាយរីករាយ និង​រំភើប​ជាខ្លាំង ព្រោះ​នេះជាចំណុចមួយ​ដែលជំរុញ​​យើង​ជាគ្រីស្ត​បរិស័ទ​ហ៊ាន​ប្រកាស​ជំនឿ បង្ហាញសេចក្ដី​ស្រឡាញ់ ជាពិសេស​ធ្វើជាសក្ខីភាពអំពីព្រះសហគមន៍​ដល់​បងប្អូនឯទៀតៗ​ដែល​មិន​ទាន់ស្គាល់ព្រះសហគមន៍»។ គឹមហេង បន្តថា គឺ​យើង​ធ្វើ​ដោយ​ទំនុកចិត្តដូចជាការទៅសួរសុខទុក្ខ​ដល់​បងប្អូន​ក្រីក្រ ក្នុង​នាមជាព្រះគ្រីស្ត​ ហើយ​គាត​នឹង​បន្ត​សន្យាធ្វើជាគ្រីស្ត​បរិស័ទពេញលេញ និង​ធ្វើជាគ្រីស្តបរិស័ទ​គំរូក្រោយពេល​ធ្វើអគ្គសញ្ញាលាបថ្ងាសនេះ។

រីឯបេក្ខជិនី ឈាង ស្រីនា បានឱ្យដឹងថា «សម្រាប់​ខ្ញុំ​ផ្ទាល់​គិតថាព្រះវិញ្ញាណ​ដ៏​វិសុទ្ធជួយ​ឱ្យ​ខ្ញុំ​មាន​ភាព​រឹងមាំ​ ក្លាហាន ដើម្បី​ប្រកាស​ជំនឿ​ និង​ចែក​សេចក្ដី​ស្រឡាញ់​ដល់ជន​ដែល​ខ្វះខាត ទោះបី​ដឹង​ថាបរិបទ​នេះ​ជាសម័យ​កូវីដរក្សាគម្លាត​ និង​ប្រជាជន​គ្រប់គ្នា​មាន​ភាព​ភ័យ​ខ្លាច។ ដូច្នេះដោយសារព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​រឹងមាំ​ក្នុង​ការ​ប្រកាស​ជំនឿ តាមរយៈ​ការចុះចែកអំណោយ​ដល់ជនក្រីក្រ»។

នៅក្នុងព្រះសហគមន៍កាតូលិក អគ្គសញ្ញាមានចំនួន៧ មានដូចជា ជ្រមុជទឹក ព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត លាបថ្ងាស សម្រុះសម្រួល តែងតាំង (ឧបដ្ឋាក បូជាចារ្យ) អាពាហ៍ពិពាហ៍ លាបប្រេងអ្នកជំងឺ។ ព្រះសហគមន៍ប្រើប្រាស់អគ្គសញ្ញាទាំង៧នេះ ដើម្បីបញ្ជាក់អំពីវត្តមានរបស់ព្រះជាម្ចាស់គង់នៅជាមួយមនុស្សលោកអស់កល្បជានិច្ច៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email