អភិបូជា​អាទិត្យ​ទី​៣៤​នៃ​រដូវ​ធម្មតា ឆ្នាំ​ខ

បុណ្យ​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ពិភព​លោក

ពី​ព្រះសហគមន៍​សន្ត​សិលា

ពោធិ៍ធំ ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២១

“បូជាចារ្យ   ព្រះមហាក្សត្រ   ព្យាការី”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ជា​បុណ្យ​ពិសេស​ដែល​យើង​គោរព​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ពិភព​លោក សប្តាហ៍​នេះ​ជា​សប្តាហ៍​ចុង​ក្រោយ​នៃ​រដូវ​ធម្មតា សប្តាហ៍​ក្រោយ​យើង​ចូល​នៅ​ក្នុង​រដូវ​រង់ចាំ។ យើង​សង្ឃឹម​ថា​រដូវ​រង់ចាំ និង​បុណ្យ​ព្រះយេស៊ូ​ប្រសូត​ឆ្នាំ​នេះ​មិន​ដូច​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ណែនាំ​ឱ្យ​យើង​មាន​គ្នា​តិច​ដែល​អាច​ចូល​រួម​បាន ដើម្បី​អបអរ​សាទរ​ព្រះយេស៊ូ​ប្រសូត។ បច្ចុប្បន្ន​នេះ យើង​ឃើញ​សង្គម​របស់​យើង​បាន​បើក​សាជាថ្មី ទាំង​សាលា​រៀន ទាំង​កន្លែង​ធ្វើ​ការ ទាំង​ផ្សារ ទាំង​ផ្នែក​សាសនា…។ ថ្ងៃ​នេះ យើង​អបអរ​សាទរ​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ពិភព​លោក ពេល​យើង​និយាយ​អំពី​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ពិភព​លោក យើង​យល់​ថា​ព្រះយេស៊ូ​មិន​មែន​ជា​ព្រះមហាក្សត្រ​ដូច​យើង​នឹក​ឃើញ។

យើង​នឹក​ឃើញ ព្រះមហាក្សត្រ​ដែល​សោយ​រាជ្យ​ដើម្បី​គ្រប់​គ្រង​ប្រទេស ប៉ុន្តែ​យើង​ត្រូវ​ការ​យល់​ថា​ព្រះយេស៊ូ​គ្រីស្ត​មិន​គ្រប់​គ្រង​ប្រទេស​មួយ។ ប្រសិន​បើ ព្រះយេស៊ូ​គ្រប់​គ្រង​ប្រទេស​អ៊ីស្រាអែល​ដូច​គេ​គិត​ពី​ដើម យើង​ឥត​មាន​ព្រះយេស៊ូ​សម្រាប់​យើង​ថ្ងៃ​នេះ​ទេ។ ប៉ុន្តែ ព្រះយេស៊ូ​មិន​មែន​ជា​ព្រះមហាក្សត្រ​សម្រាប់​ប្រទេស​មួយ តែ​ព្រះយេស៊ូ​ជា​ព្រះមហា​ក្សត្រ​សម្រាប់​ពិភព​លោក​ទាំង​មូល​។ ព្រះយេស៊ូ​គ្រីស្ត មិន​មែន​ជា​ព្រះមហាក្សត្រ​ដឹកនាំ​ប្រទេស ដឹក​នាំ​ឱ្យ​ប្រជាជន​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ តែ​ជា​ព្រះមហាក្សត្រ​ដែល​យាង​មក​ដើម្បី​ប្រណី​សន្តោស​ដល់​យើង ដើម្បី​ប្រទាន​សេចក្តី​សុខសាន្ត​ឱ្យ​យើង និង​ដើម្បី​រំដោះ​យើង​ឱ្យ​រួច​ពី​បាប នេះ​ជា​គម្រោង​ការណ៍​របស់​ព្រះជាម្ចាស់​។ ដូច​នៅ​ក្នុង​អត្ថបទ​ទី​២ “ព្រះយេស៊ូ​គ្រីស្ត​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឱ្យ​រួច​ពី​បាប​ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​សេចក្តី​សុខសាន្ត​ដល់​បងប្អូន ព្រះយេស៊ូ​គ្រីស្ត​ប្រណី​សន្តោស​ដល់​បង​ប្អូន”។

គម្រោង​ការណ៍​របស់​ព្រះជាម្ចាស់ មិន​មែន​សម្រាប់​ប្រទេស​ណា​មួយ មិន​មាន​សម្រាប់​ប្រជាជន​ណា​មួយ ប៉ុន្តែ​សម្រាប់​យើង​ទាំង​អស់​គ្នា និង​សម្រាប់​ពិភព​លោក​ទាំង​មូល សម្រាប់​មនុស្ស​ដែល​សុខ​ចិត្ត​ដើរ​តាម​ព្រះយេស៊ូ។ ដូច្នេះ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​យើង​នៅ​ក្នុង​ព្រះសហគមន៍​ពោធិ៍ធំ-ក្តីកណ្តាល​ដែល​បាន​ជួប​ជុំ​គ្នា​ថ្ងៃ​នេះ។ ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ជា​ដំណឹង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល។ ដោយ​ដឹង​ថា យើង​មាន​ព្រះយេស៊ូ​ដែល​ស្រឡាញ់​យើង ដែល​ប្រណី​សន្តោស​ដល់​យើង ដែល​ណែនាំ​ឱ្យ​យើង​ទទួល​សេចក្តី​សុខសាន្ត និង​ដែល​ណែនាំ​ឱ្យ​យើង​ទទួល​ជីវិត ជា​ជីវិត​អស់​កល្ប​ជានិច្ច។ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង ឱ្យ​យើង​ថែរក្សា​សេចក្តី​សង្ឃឹម​នេះ។

យើង​ត្រូវ​ការ​ពិចារណា ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​របស់​យើង មាន​ន័យ​ថា​យើង​ទាំង​អស់​គ្នា​យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់។ ដូច្នេះ ដោយ​នាម​យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ តើ​យើង​ទទួល​តួនាទី យើង​ទទួល​ការងារ យើង​ទទួល​ខុស​ត្រូវ​អ្វី​ខ្លះ? យើង​ទាំង​អស់​គ្នា​យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ ដោយសារ​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​មាន​ន័យ​ថា​ណែនាំ​ឱ្យ​យើង​ទៅ​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់។ យើង​ជា​ក្មេង​ក៏​ដោយ យើង​ចាស់​ក៏​ដោយ​ដែល​នៅ​ទី​នេះ យើង​ដឹង​ថា​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​យើង និង​ព្រះជាម្ចាស់​បាន​ប្រទាន​ឋានៈ​មួយ​ពិសេស គឺ​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​អគ្គ​សញ្ញា​ជ្រមុជ​ទឹក។ នៅ​ពេល​លោក​ឪពុក​ធ្វើ​អគ្គ​សញ្ញា​ជ្រមុជ​ទឹក នៅ​ពេល​នោះ​លោក​ឪពុក​បាន​និយាយ​ពាក្យ​មួយ​ថា “ចាប់​ពី​ពេល​នេះ​ត​ទៅ​កូន​ទៅ​ជា​បូជាចារ្យ ទៅ​ជា​ព្រះមហាក្សត្រ និង​ទៅ​ជា​ព្យាការី”។ តាម​ពិត យើង​ទាំង​អស់​គ្នា​ដែល​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ មាន​ន័យ​ថា​ជា​កូន​របស់​ព្រះជាម្ចាស់ យើង​ទទួល​ឋានៈ​ទាំង​បី ជា​បូជាចារ្យ ជា​ព្រះមហាក្សត្រ ជា​ព្យាការី។ នេះ​ជា​អ្វី ដែល​យើង​ត្រូវ​តែ​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​ប្រចាំ។

ទី​មួយ ថ្ងៃ​នេះ​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “ព្រះអង្គ​បាន​ធ្វើ​ឱ្យ​យើង​ទៅ​ជា​រាជា​គណៈ និង​ជា​ក្រុម​បូជាចារ្យ​បម្រើ​ព្រះជាម្ចាស់”។ បូជាចារ្យ​មិន​មែន​តែ​លោក​ឪពុក ដែល​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ ប៉ុន្តែ​យើង​ទទួល​ឋានៈ​ជា​បូជាចារ្យ​នៅ​ក្នុង​អត្ថ​ន័យ​ថា យើង​ត្រូវ​តែ​ថ្វាយ​ខ្លួន​ទៅ​ព្រះជាម្ចាស់។ មាន​ន័យ​ថា យើង​ជា​គ្រីស្ត​បរិស័ទ​មាន​ឋានៈ​ជា​បូជាចារ្យ យើង​ត្រូវ​តែ​អធិដ្ឋាន យើង​ត្រូវ​តែ​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ផ្ទាល់។ មិន​មែន​តែ​បូជាចារ្យ ដែល​បាន​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ ដែល​ថ្វាយ​សក្ការៈ​បូជា ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​យើង​សប្បាយ​ចិត្ត​ចូល​អភិបូជា​។ ពី​ប៉ុន្មាន​ខែ​កន្លង​មក យើង​បាន​បិទ​ទ្វារ​ព្រះវិហារ​មួយ​រយៈ ពី​ប៉ុន្មាន​ខែ​យើង​បាន​កំណត់​ចំនួន​មនុស្ស​ចូល​អភិបូជា។ ដូច្នេះ នៅ​ពេល​នេះ​យើង​យល់​ថា​អភិបូជា​ជា​ពេល​វេលា​សំខាន់​ណាស់​សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ ដោយសារ​ជា​ពេល​វេលា​ដែល​យើង​ថ្វាយ​ជីវិត​របស់​យើង​ទៅ​លើ​ព្រះអង្គ។ ជា​ពេល​វេលា​ដែល​យើង​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់ ជា​ពេល​វេលា​ដែល​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង។ ដូច្នេះ ជា​មូល​ហេតុ​ដែល​យើង​ទាំង​អស់​គ្នា​យើង​ចូល​នៅ​ក្នុង​ឋានៈ​ជា​បូជាចារ្យ នៅ​ក្នុង​អត្ថ​ន័យ​ថា​យើង​មាន​តួនាទី​មួយ​សំខាន់​ណាស់ ចូល​អភិបូជា អធិដ្ឋាន អធិដ្ឋាន​សម្រាប់​យើង​ផ្ទាល់ និង​អធិដ្ឋាន​សម្រាប់​ពិភព​លោក​ទាំង​មូល​ដែរ។ ថ្មីៗ​នេះ យើង​មាន​ឱកាស​ច្រើន​ដើម្បី​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់ ឱ្យ​ពិភព​លោក​រក​ឃើញ​សេចក្តី​សុខ​សាជាថ្មី ឱ្យ​សង្គម​របស់​យើង​រក​ឃើញ​កម្លាំង​សាជាថ្មី។

ទី​ពីរ នៅ​ក្នុង​ឋានៈ​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ យើង​ទទួល​តួនាទី​ជា​ព្រះមហាក្សត្រ ប៉ុន្តែ​មិន​មែន​ជា​ព្រះមហាក្សត្រ​តាម​លោកីយ៍ គឺ​ព្រះមហាក្សត្រ​តាម​របៀប​ព្រះយេស៊ូ។ ព្រះមហាក្សត្រ​តាម​របៀប​ព្រះយេស៊ូ គឺ​ព្រះយេស៊ូ​បម្រើ ព្រះយេស៊ូ​ជួយ ព្រះយេស៊ូ​ជា​ព្រះ​ដែល​បាន​លាង​ជើង​ឱ្យ​ក្រុម​សាវ័ក ព្រះយេស៊ូ​ស្រឡាញ់​យើង បម្រើ​យើង រហូត​ដល់​ព្រះអង្គ​សោយ​ទិវង្គត។ ដូច្នេះ ពេល​យើង​នឹក​ឃើញ​យើង​ជា​ព្រះមហាក្សត្រ​យើង​ត្រូវ​ការ​បង្ហាញ​ថា យើង​ជា​អ្នក​បម្រើ​ដូច​ព្រះយេស៊ូ។ បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ព្រះសហគមន៍ បម្រើ​បង​ប្អូន​នៅ​ក្នុង​សង្គម យើង​បម្រើ​ដើម្បី​ឱ្យ​អ្នក​ដទៃ​មាន​សេចក្តី​សុខ។ តាម​របៀប​ដែល​យើង​ជួយ តាម​របៀប​ដែល​យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក យើង​ជា​អ្នក​បម្រើ​ដ៏​ពិត​ប្រាកដ​តាម​របៀប​ព្រះយេស៊ូ​តែ​ម្តង។

ទី​បី យើង​ជា​ព្យាការី ព្យាការី​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​តួនាទី​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ដូច្នេះ នៅ​ក្នុង​នាម​ជា​ព្យាការី​យើង​ត្រូវ​ការ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​រស់​នៅ​តាម​ព្រះបន្ទូល​ហ្នឹង​និង​ណែនាំ​ឱ្យ​បង​ប្អូន​ទាំង​អស់ អាច​ស្គាល់​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់។ នេះ​ណែនាំ​ឱ្យ​យើង​អាច​ទៅ​ជា​ព្យាការី គឺ​ជា​ព្យាការី​ដែល​រស់​នៅ​នៅ​ក្នុង​សេចក្តី​ពិត។

ជា​បូជាចារ្យ ជា​ព្រះមហាក្សត្រ ជា​ព្យាការី មាន​ន័យ​ថា​យើង​អធិដ្ឋាន​សម្រាប់​ពិភព​លោក យើង​ជា​អ្នក​បម្រើ យើង​ជា​អ្នក​ដែល​ស្តាប់​ព្រះបន្ទូល​ដែល​មក​ពី​ព្រះជាម្ចាស់ និង​ដែល​រស់​នៅ​តាម​ព្រះបន្ទូល​ហ្នឹង​នៅ​ក្នុង​សេច​ក្តី​ពិត។ ដោយសារ ថ្ងៃ​នេះ​យើង​បាន​ស្តាប់​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​កើត​មក​ហើយ ខ្ញុំ​មក​នៅ​ក្នុង​លោក​នេះ​ដើម្បី​ផ្តល់​សក្ខីភាព​អំពី​សេចក្តី​ពិត អ្នក​ណា​កើត​ពី​សេចក្តី​ពិត​អ្នក​នោះ​នឹង​ស្តាប់​សំលេង​ខ្ញុំ”។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ឱ្យ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​កើត​នៅ​ក្នុង​សេចក្តី​ពិត នេះ​ជា​របៀប​ដែល​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​មាន​ជីវិត​លើ​ផែនដី​នេះ គឺ​ធ្វើ​ដូច​ម្តេច​ដើម្បី​កើត​នៅ​ក្នុង​សេចក្តី​ពិត។ យើង​ត្រូវ​ការ​មើល​ឃើញ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ដើម្បី​ឱ្យ​យើង​មាន​ជីវិត ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើយ​វិញ​ដើម្បី​ឱ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ យើង​មើល​ឃើញ​អស់​ហើយ ទោះ​បី​យើង​ភ្ជាប់​នឹង​អំពើ​បាប​ក៏​ដោយ យើង​ដឹង​ថា​ព្រះអង្គ​រំដោះ​យើង​លុះត្រាតែ​យើង​ចង់​កែ​ប្រែ​ចិត្ត​គំនិត។ ទោះ​បី​យើង​ស្លាប់​នៅ​លើ​ផែនដី​នេះ​ពិត​មែន​ក៏​ដោយ យើង​ដឹង​ថា​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ជា​មួយ​ព្រះជាម្ចាស់ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង​។ ដូច្នេះ យើង​ត្រូវ​ការ​គិត តើ​យើង​ត្រូវ​ការ​ធ្វើ​ដូច​ម្តេច​ដើម្បី​អនុវត្ត?

កន្លែង​នេះ​ជា​កន្លែង​ពិសេស​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ពី​សម័យ​ដើម​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​មាន​ព្រះសហគមន៍​តែ​ពីរ មួយ​នៅ​ពញាឮ និង​មួយ​ទៀត​នៅ​ពោធិ៍ធំ (មាត់​ក្រសាស់)។ ពី​ដើម​មាន​ន័យ​ថា​ពី​ឆ្នាំ​១៩៥០ យើង​មាន​ព្រះសហគមន៍​តែ​ពីរ ក្រោយ​មក​យើង​មាន​ព្រះសហគមន៍​ព្រះមាតា (មណ្ឌល​សុខភាព​ដូន​ពេញ​សព្វ​ថ្ងៃ)។ ដូច្នេះ យើង​អាច​និយាយ​បាន​ថា​តាម​ប្រវត្តិ​សាស្ត្រ ព្រះសហគមន៍​ខ្មែរ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​មាន​ដើម​កំណើត​គឺ​នៅ​ពោធិ៍ធំ​នេះ។ ជា​ព្រះសហគមន៍​នេះ ដែល​យើង​មាន​លោក​អភិបាល ឆ្មារ សាឡាស់ លោក​ឪពុក ឆ្មារ សាឡឹម ដែល​បាន​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះសហគមន៍​នេះ។ នេះ​ក៏​ជា​ព្រះសហគមន៍​ដែល​យើង​បាន​ទទួល​មរណៈ​សាក្សី ជា​ព្រះសហគមន៍​ដែល​យើង​បាន​មើល​ឃើញ​ជីវិត​ដ៏​ពិបាក។ នៅ​ពេល​មាន​លោក​តា​លោក​យាយ​ដែល​បាន​ផ្តល​សក្ខីភាព បាន​ស្តាប់​អំពី​ថ្ងៃ​បុណ្យ​ចម្លង​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៧៥។ នៅ​ពេល​នោះ​ស្ពាន​ជ្រោយ​ចង្វារ​បាន​ដាច់​ហើយ លោក​ឪពុក ឆ្មារ សាឡឹម បាន​មក​ទី​នេះ​ដើម្បី​ថ្វាយ​អភិបូជា​សម្រាប់​បុណ្យ​ចម្លង។ នៅ​ពេល​ហ្នឹង គណៈកម្មការ​បាន​ជម្រាប​លោក​ឪពុក​ថា “យើង​មិន​អាច​ថ្វាយ​អភិបូជា​បាន​ទេ ដោយសារ​ឥលូវ​នេះ​បរិយាកាស​ពិបាក​ណាស់ យើង​ខ្លាច យើង​កំពុង​មាន​គ្រាប់​ដែល​ធ្លាក់​ពី​លើ គេ​កំពុង​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ជួប​ជុំ​គ្នា”។ ប៉ុន្តែ លោក​ឪពុក ឆ្មារ សាឡឹម បាន​និយាយ​ថា “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដូច្នេះ​បើ​យើង​មិន​ថ្វាយ​អភិបូជា​នៅ​ក្នុង​អំណរ​សប្បាយ ដូច​ជា​យើង​បាត់​បង់​ជំនឿ​អស់​ហើយ”។ ដូច្នេះ គាត់​បាន​ណែនាំ​គ្រីស្ត​បរិស័ទ​ប៉ុន្មាន​នាក់​មក​ថ្វាយ​អភិបូជា​នៅ​ទី​នេះ​ចុង​ក្រោយ ហើយ​ត្រលប់​ទៅ​ភ្នំពេញ​វិញ​រហូត​ដល់​ខ្មែរ​ក្រហម​ចូល ចាប់​លោក​និង​គ្រីស្ត​បរិស័ទ​ប៉ុន្មាន​នាក់ ឱ្យ​ធ្វើ​ដំណើរ​ដល់​តាំងគោក​ហើយ​បាន​ទទួល​មរណៈភាព​នៅ​ទី​នោះ​តែ​ម្តង។ យើង​នៅ​សល់​តែ​ឈើ​ឆ្កាង​របស់​លោក​អភិបាល ឆ្មារ សាឡាស់ តែ​ប៉ុណ្ណឹង ជា​ឈើ​ឆ្កាង​ដែល​លោក​បាន​ទទួល​នៅ​ថ្ងៃ​លោក​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​អភិបាល នៅ​ព្រះវិហារ​ព្រះមាតា (មណ្ឌល​សុខ​ភាព​ដូន​ពេញ​សព្វ​ថ្ងៃ)។ ដូច្នេះ នៅ​ពេល​យើង​ស្តាប់​អំពី​ប្រវត្តិ​សាស្ត្រ យើង​ត្រូវ​ការ​យល់​ថា​យើង​ជា​បច្ចុប្បន្ន​នេះ យើង​ជា​អ្នក​ថ្មីៗ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​បន្ត​ផ្តល់​សក្ខី​ភាព?

យើង​ដឹង​ថា យើង​ជា​ព្រះសហគមន៍​ប្រវត្តិ​សាស្ត្រ​នៅ​ទី​នេះ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ និង​បងប្អូន​ថ្មីៗ អាច​ស្គាល់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់? យើង​ត្រូវ​ការ​គិត​ខ្លួន​ឯង តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ប្រមូល​គ្រីស្ត​បរិស័ទ យុវជន​យុវនារី កូន​ក្មេង​មួយ​ចំនួន​ឱ្យ​គេ​មក​ព្រះវិហារ? ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​អ៊ុំទូក តាម​ពិត​យើង​បាន​សម្រាក​បី​បួន​ថ្ងៃ ដូច្នេះ​ជា​ឱកាស​មួយ​ដើម្បី​ជួប​ជុំ​គ្នា។ យើង​ត្រូវ​ការ​គិត តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ផ្តល់​សក្ខីភាព​អំពី​សេចក្តី​ពិត​ដល់​បង​ប្អូន​ឯទៀតៗ? សព្វ​ថ្ងៃ យើង​មាន​សាលា​របស់​បង​ប្រុស​សម្រាប់​មត្តេយ្យ​និង​បឋម​សិក្សា នេះ​ជា​ឱកាស​មួយ​ដើម្បី​ផ្តល់​សក្ខីភាព​ដែរ។ យើង​មាន​ក្រុម​សង្គហៈ ដើម្បី​ធ្វើ​សកម្មភាព​ធម៌​មេត្តា​ករុណា ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​អ្នក​ជំងឺ ដល់​បង​ប្អូន​ដែល​អស់​សង្ឃឹម។ ប៉ុន្តែ ព្រះសហគមន៍​របស់​យើង​ត្រូវ​ការ​រីក​ចម្រើន សព្វ​ថ្ងៃ​យើង​បាន​រីក​ចម្រើន​នៅ​ក្នុង​អាគារ យើង​មាន​ព្រះវិហារ​ថ្មី មាន​ផ្ទះ​សំណាក់​ធម៌ មាន​ផ្ទះ​សម្រាប់​ស្នាក់​នៅ មាន​ចេតិយ មាន​ភ្នំ​ព្រះនាង​ម៉ារី…។ ប៉ុន្តែ ប្រសិន​បើ​យើង​គិត​អំពី​ចំនួន​គ្រីស្ត​បរិស័ទ ចំនួន​សក្ខីភាព​ដែល​យើង​ផ្តល់ តើ​យើង​បាន​រីក​ចម្រើន​ឬ​អត់? នេះ​ជា​សំណួរ​ដែល​យើង​ត្រូវ​ការ​គិត។ យើង​ដឹង​ថា អាគារ​មិន​នៅ​ស្ថិត​ស្ថេរ​ទេ មុន​ឆ្នាំ​១៩៧៥​នៅ​ទី​នេះ​ក៏​មាន​ព្រះវិហារ​ដែរ ប៉ុន្តែ​អ្វី​ដែល​ស្ថិត​ស្ថេរ​គឺ​មនុស្ស នេះ​ជា​អ្វី​ដែល​សំខាន់​ជាង។

អាគារ​មិន​ស្ថិត​ស្ថេរ​ទេ អ្វី​ដែល​ស្ថិត​ស្ថេរ​គឺ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ តែ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ស្ថិត​ស្ថេរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ប្រសិន​បើ ឥត​មាន​មនុស្ស​យើង​ដើម្បី​ទទួល​ព្រះបន្ទូល​នេះ ប្រសិន​បើ​យើង​ឥត​មាន​យើង​ដើម្បី​ចែក​រំលែក​ព្រះបន្ទូល​នេះ ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​ព្រះបន្ទូល​ស្ថិត​ស្ថេរ​បាន។ ព្រះសហគមន៍​ពោធិ៍ធំ​នេះ​ពោរពេញ​ដោយ​មោទនភាព ដោយសារ​ជា​ព្រះសហគមន៍​ដែល​បាន​ទទួល​មរតក​យ៉ាង​ច្រើន​ពី​សម័យ​ដើម ពី​មរណៈ​សាក្សី។ ដូច្នេះ យើង​ត្រូវ​តែ​ថែរក្សា​មរតក​នេះ​ដើម្បី​ទៅ​មុខ កុំ​ឱ្យ​យើង​ចេះ​តែ​នឹក​ឃើញ​រឿង​ចាស់ៗ ឱ្យ​យើង​យល់​ថា​យើង​ទៅ​មុខ​។ យើង​អាច​ទៅ​មុខ​បាន លុះត្រាតែ​យើង​ជា​យុវជន​យុវនារី យើង​ជា​កូន​ក្មេង យើង​ជា​គ្រីស្ត​បរិស័ទ​ពោរពេញ​ដោយ​កម្លាំង ដើម្បី​ផ្តល់​សក្ខីភាព​ត​ទៅ​ទៀត។ និង​ដើម្បី​ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​ជីវិត ជីវិត​ដែល​មក​ពី​ព្រះយេស៊ូ​ផ្ទាល់។

យើង​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់ ឱ្យ​យើង​ភ្ញាក់​ស្មារតី​ជានិច្ច ជា​ពិសេស​ថ្ងៃ​នេះ​ដែល​យើង​គោរព​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ពិភព​លោក។ សូម​ព្រះអង្គ​ប្រទាន​ព្រះពរ​ដល់​ព្រះសហគមន៍​របស់​យើង ដល់​គ្រីស្ត​បរិស័ទ​របស់​យើង ដើម្បី​ឱ្យ​យើង​អាច​បង្កើត​គ្រួសារ​មួយ​ដែល​ពោរពេញ​ដោយ​ជីវិត ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ដោយ​ដឹង​ថា ពិត​មែន​ព្រះយេស៊ូ​ជា​ជីវិត ព្រះយេស៊ូ​សេចក្តី​ពិត ព្រះយេស៊ូ​ជា​ផ្លូវ​តែ​មួយ ដែល​ណែនាំ​ឱ្យ​យើង​រក​ឃើញ​អនាគត​របស់​យើង គឺ​ជីវិត​អស់​កល្ប​ជានិច្ច​។ អាមែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email