កុមារ​ជួបជុំគ្នា បោះជំរំនិង​រៀន​ពី​ការ​រស់នៅ​ក្នុង​ព្រះសហគមន៍និង​សង្គម

កុមារ​​ជាង​៣០០នាក់​ បាន​ជួប​ជុំ​គ្នា​បោះ​ជំរំ​​នៅមជ្ឈ​មណ្ឌល​ភ្នំពេញថ្មី រិះគិត​និង​ចូលរួម​រៀន​អំពី​ការ​អភិវឌ្ឍន៍​ចំណេះដឹង​ផ្នែក​សង្គមនិងកិច្ចការងារ​រស់នៅ​ប្រចាំ​ថ្ងៃ ក្រោម​ប្រធានបទ «អនាគតភ្លឺស្វាងសម្រាប់កុមារទាំងអស់» ដែល​ដឹកនាំ​ដោយ​​ការិយាល័យ​ យុវជន ជំទង់ កុមារ និង​គ្រួសារ នា​ថ្ងៃ​ទី​២៧-​២៩ ខែឧសភា ឆ្នាំ២០២២​។

កុមារីអាយុ ៨ឆ្នាំ លីន ដាណេ មកពី​ព្រះសហគមន៍​ព្រែកតាទែន បាននិយាយថា នេះជាលើក​ទី​១ដែលនាង​​បាន​ចូលរួម​បោះជំរំនេះ។ ដាណេ​បន្តថា​ «ខ្ញុំ​សប្បាយ​ដោយ​បានចួប​មិត្តភក្តិច្រើន ហើយបាន​កាដូរ​ថែម​ទៀត។» កុមារី ដាណេ ប្រាប់​ទៀត​ថា ក្រៅ​ពី​សប្បាយ នាង​​បាន​រៀន​រាំ រៀន​រើស​សំរាម រៀន​សំអាត រៀន​សម្ដែង «ហើយ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ជួយ​ឱ្យ​ខ្ញុំ​ក្លាយជាកូនល្អ។»

កញ្ញា វ៉ាន់ សុផារី ជាមេកាយឫទ្ធិមកពីព្រះសហគមន៍ចំប៉ានៃមណ្ឌលសកម្មភាពទន្លេមេគង្គ ដែល​ជា​តំបន់​មួយ​មាន​កុមារ​វៀតណាម​បាន​និយាយ​ថា នាង​បាន​ចូលរួម​ក្នុង​ការិយល័យ​យុវជន ជំទង់​ កុមារនិង​គ្រួសារ​បាន​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។

សុផារី ឲ្យ​ដឹងទៀតថា  ឆ្លង​តាម​​បទពិសោធនៃការដឹកនាំកុមារ និង​តាមរយៈការណែនាំរបស់បងៗធ្វើ​ឲ្យនាង​ស្គាល់​សមត្ថភាព​ខ្លួន​ឯង។  យុវតី​រូប​នេះ បន្ថែមថា “នៅកម្មវិធីនេះធ្វើឱ្យខ្ញុំមានបទពិសោធន៍ខាងល្បែងកម្សាន្តជាច្រើន ដើម្បីនាំយកទៅលេងជាមួយកុមារនៅព្រះសហគមន៍ខ្ញុំក្រោយពេលត្រលប់ទៅវិញ”។

សុផារី បាន​បន្ត​ថា «១. ពង្រីក្រុមកាយឫទ្ធិឱ្យមានកុមារកាន់តែច្រើន ដោយប្រមូលកុមារនៅក្រៅភូមិបន្ថែម។ ២. ជួយណែនាំកុមារឱ្យនិយាយភាសាខ្មែរឱ្យបានច្រើន ដើម្បីអាចរួបរួមគ្នាជាមួយក្មេងក្នុងភូមិនិងក្រៅភូមិ។ ៣. អនុវត្តនូវអ្វីដែលយើងមានបទពិសោធនៅក្នុងកម្មវិធីនេះ។»

​លោក​ស៊ាន់​សារឿន​ ប្រធាន​ការិយាល័យ​យុវជន ជំទង់ កុមារ និង​គ្រួសារ​បាន​ឱ្យ​ដឹងថា រយៈពេល​៣​ថ្ងៃនេះ គឺ​ជា​កម្ម​វិធី​បោះ​ជំរំរបស់​កុមារ​កាយឫទ្ធិ ដែល​មាន​កុមារ​មក​ពី​ព្រះសហគមន៍នានា​ក្នុង​ភូមិភាគ​ភ្នំពេញ។

លោក​សារឿន បន្ថែមថា កម្មវិធីនេះ​បង្កើត​​ឡើង​ដើម្បី​ឱ្យ​កុមារ​ទទួល​បាន​នូវ អំណរ​សប្បាយ ចេះ​បង្កើត​មិត្ត​ថ្មី​តាម​រយៈទំនាក់​ទំនង​រវាង​កុមារ​និង​កុមារ និងឱ្យ​កុមារ​ទទួលបាននូវការអប់រំមាន​សីលធម៌នៃការ​រស់នៅ អនាម័យ ចេះ​ស្រឡាញ់​បរិស្ថាន ស្រឡាញ់ព្រះសហគមន៍ និង​ស្រឡាញ់គ្រួសាររបស់គេ។

ក្នុងពេលចាប់​ផ្តើម​នា​ល្ងាច​ថ្ងៃ​ដំបូង កុមារ​នៃ​ព្រះសហគមន៍ទាំងអស់​បាន​ចូលរួម​រៀបចំ និង​អធិដ្ឋាន​តេហ្សេ​ជាមួយគ្នាផងដែរ។​

លោក​សារឿន បញ្ជាក់​ទៀត​ថា «ខ្ញុំ​បាន​ឃើញ​ថា រយៈពេល​៣ថ្ងៃ​មកនេះ​(យើង)​ទទួល​បាន​ជោគជ័យ​មែនទែន ​ដោយ​មាន​ទាំង​បរិយាកាស អំណរសប្បាយ។» លោក​បន្ថែមទៀតថា ​ កុមារ​មាន​ទំនាក់ទំនង​ជាមិត្តភក្តិ​ និង​ចូលរួម​ក្នុង​សកម្មភាព​ជាក្រុម​គឺ ​សម្ដែង លេងកម្សាន្ត រស់នៅជាមួយគ្នា​ និង​អធិដ្ឋានជាមួយគ្នា។​

តាមរយៈ​សកម្មភាព​របស់​កុមារក្នុង​ប៉ុន្មាន​ថ្ងៃនេះ លោក​សារឿន បញ្ជាក់ថា សកម្មភាព​ទាំងនេះជាកម្លាំង​នាំ​ឱ្យ​ការិយាល័យយុវជន ជំទង់ កុមារ និង​គ្រួសារ​​របស់​យើង​មាន​កម្លាំង​បន្ថែម​ទៀត ដោយ​មើល​ឃើញពី​ផល​ផ្លែទាំងនេះ។

​ការិយាល័យយុវជន ជំទង់ កុមារ និង​គ្រួសារ​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​បង្កើត​ឡើង​ក្នុងឆ្នាំ​២០០៣ មាន​ទិសដៅ​តម្រង់ទិស​របស់​កុមារ​ ជំទង់ យុវជន និង​គ្រួសារ​ឲ្យ​ចូលរួម​ក្នុងព្រះសហគមន៍​និង​សង្គម អប់រំ​រំ​ផ្តល់​ចំណេះដឹង​បន្ថែម​អំពី​របៀប​រស់នៅ​ផ្សារភ្ជាប់​ជា​មួយជំនឿ។

នៅ​ថ្ងៃទី​៣​នៃ​កម្មវិធី​បោះ​ជំរំ​កាយឫទ្ធិ​ មាន​កុមារ​ជាង​មួយ​នាក់​ផ្សេងទៀត​ដែលរស់នៅ​ក្បែរ​តំបន់​មជ្ឈមណ្ឌល​ភ្នំពេញ​ថ្មី បាន​នាំ​គ្នា​មក​ចូលរួម​អបអរ​កម្មវិធី​សិទ្ធិកុមារ​អន្តរជាតិ​ផងដែរ ​ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​បាន​កើន​ឡើង​ជាង​៥០០នាក់។

នៅក្នុង​ឱកាសនេះ​ដែរ លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេ​ញ​ ​មាន​ប្រសាសន៍ថា ថ្ងៃនេះ យើង​នឹក​ដល់​ថ្ងៃ​១មិថុនា ដែល​យើង​គោរព​សិទ្ធិ​កុមារអន្តរជាតិ​ និង​មាន​ប្រធានបទ “អនាគត​ភ្លឺស្វាង​សម្រាប់កុមារទាំងអស់” គឺមាន​ន័យ​ថា​សម្រាប់កុមារ​នៅក្នុងពិភពលោក​ទាំងមូល។​

លោក​អភិបាល​អូលីវីយ៉េ រំឭក​ដល់​កុមារ​អំពី​របៀប​ដែល​ធ្វើ​ឱ្យ​មាន​អនាគតភ្លឺស្វាង ដោយ​យកពេលស្ងៀម​ស្ងាត់ដើម្បី​គិត​ពី​កិច្ចការ​ដែល​កុមារម្នាក់ៗ​ចង់​ធ្វើ​នាពេល​អនាគត​ និង​ដើម្បីឱ្យ​អនាគត​ជោគជ័យ​ដោយ​ត្រូវ ​យក​ចិត្ត​ទុកដាក់​លើសិក្សា យក​ចិត្ត​ទុកដាក់​លើ​បងប្អូនឪពុកម្ដាយទាំងក្នុង​គ្រួសារនិង​ក្នុង​សង្គម យក​ចិត្ត​ទុក​ដាក់​លើច្បាប់​កាយឫទ្ធិ យក​ចិត្ត​ទុក​ដាក់ ​ស្រឡាញ់​​បរិស្ថាន និង​យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន​ជាមួយ​ព្រះជាម្ចាស់ដែល​ប្រទានជីវិត​ឱ្យ​យើង​ជាប្រចាំ។​

ជាមួយ​នឹង​កម្មវិធីនោះដែរ ការិយាល័យ​យុវជន ជំទង់​ កុមារ​និងគ្រួសារ បាន​រៀបចំ អំណោយ​បន្តិច​បន្តួច​សម្រាប់​កុមារ​ទាំង​អស់។ ក្រោយកម្មវិធីនេះ កុមារ​កាយឫទ្ធិ​បាន​នាំ​គ្នា​ចួលរួម​អភិបូជារួម​គ្នា ដើម្បី​បិទ​កម្មិវិធី។

លោក​អភិបាលអូលីវីយ៉េ ​មាន​ប្រសាសន៍​ណែនាំ​នៅក្នុង​ធម្មទេសនាលោក​​បាន​រំ​ឭក​ដល់​កុមារ និងគ្រីស្ត​បរិស័ទ​ទាំងអស់​​ដើម្បី​យកឱកាសនេះ​ចូលរួម​ជាមួយ​កូនក្មេង​ទាំងអស់​ដែល​កំពុង​រង​ទក្ខលំបាក គ្មានម្ហូបអាហារគ្រប់គ្រាន់ប្រមាណជា​២០លាននាក់​ និង​រាប់លាន​ដែល​ស្លាប់​ដោយ​ខ្វះ​ម្ហូបនិងសេវាកម្ម​សុខភាពផងដែរ។​

ឆ្លៀត​ក្នុង​ឱកាសនេះ លោក​អភិបាល ស្នើ​សុំ​ឲ្យ​លោក​បូជាចារ្យ និង​គណៈកម្មការ​​នៅតាម​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ទាំងអស់ក្នុង​ឆ្នាំនៃ​មហាសន្និបាត​​២០២១-២០២៣ ​រិះ​គិត​ធ្វើ​យ៉ាងណាឱ្យកុមារ​មានឱកាស ​ចួបជុំគ្នា ​បង្កើត​មិត្ត​ថ្មី យល់​អំពី​ជីវិត ស្រឡាញ់​បរិស្ថាន ស្រឡាញ់ព្រះជាម្ចាស់​និង​អ្នក​ដទៃ ដើម្បី​ឱ្យ​ព្រះ​សហគមន៍​របស់​យើង​ទៅ​ជាមហាគ្រួសារមួយ​ដែល​ប្រមូល​ក្មេងគ្រប់ទីកន្លែង។

លោក​បន្ថែមថា បទពិសោធទាំងនេះ​រួម​ជាមួយ​កូនក្មេង​មួយ​ចំនួន​ដែល​មិនមែនជាគ្រីស្ត​បរិស័ទ​ ជាឱកាសមួយ​ដើម្បី​ធ្វើ​ដំណើរជាមួយ​គ្នា ជាឱកាសមួយ​ដើម្បី​ស្គាល់ព្រះសហគមន៍​កាតូលិក និង​រិះគិតពី​ដំណើរជីវិតជាកុមារ​នៅក្នុង​សង្គម​បច្ចុប្បន្ននេះ​។

កម្មវិធី​បោះជំរំកុមារ​កាយឫទ្ធិនេះ ​មាន​កុមារ​មកពី​ព្រះសហគមន៍​មណ្ឌល​សកម្មភាពចំនួន​៦គឺ ​ភ្នំពេញ​ខាង​ជើង ភ្នំពេញ​ខាង​ត្បូង ភ្នំពេញ​ថ្មី​ តាខ្មៅ បាសាក់ និង​មេគង្គ។​ ​ព្រះសហគមន៍​ក៏បាន​បង្ហោះ​ប៉េងប៉ោងចូលរួម​អបអរសាទរកុមារទាំងអស់​ទូទាំងពិភពលោក​ផងដែរ៕​

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email