អភិបូជាបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ កិច្ចការ ២,១-១១មាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ។ កក ២,៣អត្ថបទ​ទី២៖ រ៉ូម ៨,៨-១៧បង‌ប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ រម ៨,១៥ដំណឹងល្អ៖ យ៉ូហាន ១៤,១៥-១៦.២៣ខ-២៦ព្រះ​ដ៏​ជួយ​ការ‌ពារ គឺ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ យហ ១៤,២៦

“សេរីភាព​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​សម្រាប់​ព្រះសហគមន៍​យើង​នៅ​ក្នុង​ពិភព​លោក ដែល​គោរព​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក។ ជា​ពេល​វេលា​ដែល​យើង​ទន្ទឹង​រង់​ចាំ ព្រះយេស៊ូ​បាន​ផ្ញើ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​អាច​ទៅ​ប្រកាស​ដំណឹង​ល្អ​ដ៏​ពេញ​លក្ខណៈ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​រស់​នៅ​ដោយ​ដង្ហើម​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់។ បង​ប្អូន​ទាំង​១៩​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ថ្ងៃ​នេះ យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ហើយ​មែន ប៉ុន្តែ​ពេល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ បី​ដូច​ជា​យើង​ពោរពេញ​ដោយ​ដង្ហើម​របស់​ព្រះអង្គ​នៅ​ក្នុង​សួត​របស់​យើង នៅ​ក្នុង​ខ្លួន​របស់​យើង គឺ​ជីវិត​របស់​ព្រះអង្គ​ផ្ទាល់។

ខ្ញុំ​គិត​ថា សម្រាប់​យើង​នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ពេល​វេលា​មួយ ប្រហែល​មាន​បទ​ពិសោធន៍​ប្លែក​អំពី​អត្ថន័យ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នៅ​ក្នុង​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ដោយសារ យើង​បាន​រស់​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​ជា​មួយ​កូវីដ-១៩ នៅ​ក្នុង​បរិយាកាស​ដែល​ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ថា ដង្ហើម​របស់​យើង​ស្ទើរ។ យើង​នៅ​ដោយ​គ្មាន​សិទ្ធិ​ជួប​ជុំ​គ្នា រយៈ​ពេល​២​ឆ្នាំ​នេះ​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​កន្លែង​ដែល​មាន​ព្រំដែន ដែល​មាន​ជញ្ជាំង ណែនាំ​ឱ្យ​យើង​ឥត​មាន​បទ​ពិសោធន៍​អំពី​សេរីភាព។ ប្រទេស​ចិន​បាន​បិទ​ទី​ក្រុង​សៀងហៃ ដែល​មាន​ប្រជាជន​ប្រហែល​២៥​លាន​នាក់ គេ​បាន​បិទ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​២​ខែ​កន្លង​មក ដើម្បី​អនុវត្ត​នយោបាយ​កូវីដ​ស្មើ​សូន្យ​របស់​រដ្ឋាភិបាល​ចិន។ គេ​ឱ្យ​ប្រជាជន​នៅ​តែ​ក្នុង​ផ្ទះ​តែ​ម្តង ប៉ុន្មាន​ថ្ងៃ​មុន​គេ​បាន​បើក​ឡើង​វិញ ប្រជាជន​ចេញ​ពី​ផ្ទះ​ហើយ​គេ​បាន​ផ្តល់​សក្ខីភាព​ថា គេ​សប្បាយ​ចិត្ត​ណាស់។ ឥលូវ​នេះ​គេ​ពោរពេញ​ដោយ​សេរីភាព ពោរពេញ​ដោយ​កម្លាំង យើង​សប្បាយ​ចិត្ត​ជួប​ជុំ​គ្នា​ជា​មួយ​បង​ប្អូន ជា​មួយ​មិត្ត​ភ័ក្តិ ជា​មួយ​គ្រួសារ។ ដោយសារ យើង​អាច​ទទួល​ខ្យល់​ដង្ហើម​បរិសុទ្ធ​នៅ​ក្នុង​ដួង​ចិត្ត នៅ​ក្នុង​សួត​របស់​យើង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​បទ​ពិសោធន៍​មួយ​ពិសេស ដែល​ណែនាំ​ឱ្យ​យើង​យល់​ថា​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ នៅ​ពេល​យើង​ដើរ​បាន នៅ​ពេល​យើង​បាន​ទទួល​ខ្យល់​បរិសុទ្ធ នៅ​ពេល​យើង​អាច​ជួប​ជុំ​គ្នា យើង​អាច​និយាង​បាន​ថា “ជយោ​សេរីភាព”។ នៅ​ឆ្នាំ​២០១៤ ខ្ញុំ​បាន​ទៅ​ទី​ក្រុង​សៀងហៃ ខ្ញុំ​បាន​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស​ឱ្យ​គ្រីស្ត​បរិស័ទ​ជនជាតិ​បារាំង។ ជា​ធម្មតា នៅ​ពេល​យើង​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស​យើង​ប្រើ​ប្រេង​គ្រីស្មា (ប្រេង​ពិសិដ្ឋ ដែល​លោក​អភិបាល​រៀប​ចំ​មុន​បុណ្យ​ចម្លង)។ ដែល​មាន​បូជាចារ្យ​ទាំង​អស់​ក្នុង​ភូមិភាគ​មក​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ព្រះពរ​លើ​ប្រេង​ពិសិដ្ឋ។ ប៉ុន្តែ នៅ​ឆ្នាំ​នោះ​គេ​គ្មាន​ប្រេង​ពិសិដ្ឋ​ទេ គេ​បាន​ទៅ​ខ្ចី​នៅ​ភូមិភាគ​ផ្សេង។ ព្រោះ​ថា នៅ​ឆ្នាំ​២០១៤​លោក​អភិបាល​ថ្មី​ក្រោយ​ពេល​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​អភិបាល​រួច​ហើយ ត្រូវ​ប៉ូលីស​ចាប់​និង​បង្ខាំង​គាត់​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ​មិន​ឱ្យ​ទៅ​ណា។ នេះ​ជា​ជីវិត​របស់​យើង ជួន​កាល​យើង​ពោរពេញ​ដោយ​សេរីភាព ជួន​កាល​យើង​រស់​នៅ​ក្នុង​កន្លែង​ចង្អៀត​ចង្អល់ ដែល​ណែនាំ​ឱ្យ​យើង​បី​ដូច​ជា​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ដែរ។

ម្សិល​មិញ ខ្ញុំ​បាន​ប្រសិទ្ធី​ពរ​លើ​ព្រះវិហារ​ថ្មី​នៅ​កំពត យើង​បាន​ស្តាប់​អត្ថបទ​អំពី​សន្ត​ប៉ូល​ដែល​ទៅ​ដល់​ទី​ក្រុង​រ៉ូម។ សន្ត​ប៉ូល គាត់​សប្បាយ​ចិត្ត គាត់​បាន​ជួល​ផ្ទះ​មួយ​ហើយ​គាត់​បង្រៀន​មនុស្ស​ទាំង​អស់​ដែល​ចង់​មក​ស្តាប់​គាត់ បង្រៀន​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ បង្រៀន​អំពី​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់។ នៅ​ពេល​នោះ លោក​ប៉ូល គាត់​បាន​សរសេរ​ថា “ឥត​មាន​អ្វី​សោះ ដែល​រារាំង​ផ្លូវ​ដើម្បី​បង្រៀន” គាត់​ដូច​ជា​ពោរពេញ​ដោយ​សេរីភាព។ ប៉ុន្តែ ពីរ​ឆ្នាំ​ក្រោយ​មក​ចាប់​ផ្តើម​មាន​បញ្ហា​ហើយ ប៉ូលីស​និង​ទាហាន​របស់​ចៅ​អធិរាជ​រ៉ូមាំង បាន​មក​ចាប់​គាត់​ហើយ​សម្លាប់​គាត់​ដោយ​កាត់​ក បាត់​បង់​សេរីភាព​អស់​ហើយ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​ជីវិត​របស់​យើង មាន​សេរីភាព​ផង គ្មាន​សេរីភាព​ផង សេរីភាព​និង​ព្រំដែន សេរីភាព​និង​ជញ្ជាំង​ដែល​ណែនាំ​ឱ្យ​យើង​គាំង។ ប៉ុន្តែ​ព្រឹក​នេះ ជា​ព្រឹក​ពិសេស​ដែល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “បង​ប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឱ្យ​បង​ប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឱ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​នោះ​ទេ គឺ​បង​ប្អូន​បាន​ទទួល​ព្រះវិញ្ញាណ​ដែល​ធ្វើ​ឱ្យ​បង​ប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះជាម្ចាស់”។ យើង​លែង​ភ័យ​ខ្លាច លែង​រស់​នៅ​ក្នុង​បន្ទប់​ដ៏​តូច​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​លែង​ភ័យ​ខ្លាច។ ណែនាំ​ឱ្យ​យើង​ចេញ ពី​មន្ទីរ​ឃុំឃាំង​ដែល​យើង​កសាង​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​រស់​នៅ​ក្នុង​សេចក្តី​សុខ​សាន្ត។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ពេល​យើង​មើល​ឃើញ​ការ​ភ័យ​ខ្លាច​របស់​យើង​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក បើក​បិទ​សង្គម បើក​បិទ​ព្រំដែន មាន​ព្រះវិហារ​យើង​ចូល​មិន​បាន…។ ប៉ុន្តែ ឥឡូវ​នេះ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​យើង​មាន​បទ​ពិសោធន៍​អំពី​សេរីភាព។ បទ​ពិសោធន៍​អំពី​សេរីភាព​ដែល​យើង​អាច​ជួប​ជុំ​គ្នា សេរីភាព​ដែល​អាច​ដើរ​កំសាន្ត​ជា​មួយ​គ្នា សេរីភាព​ដែល​អាច​ចូល​ព្រះវិហារ សេរីភាព​ដែល​អាច​ធ្វើ​ការ​បាន…។ ប៉ុន្តែ នេះ​ជា​សេរីភាព​ដែល​បន្ត​នៅ​មាន​ព្រំដែន ដោយសារ​ថ្ងៃ​ស្អែក​អាច​មាន​វិន័យ​ថ្មី​ម្តង​ទៀត។ សេរីភាព​សំខាន់​បំផុត​ដែល​យើង​ទទួល​ថ្ងៃ​នេះ ជា​សេរីភាព​ផ្ទៃ​ក្នុង​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ព្រឹក​នេះ ដោយ​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យើង​យល់​ថា ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ណែនាំ​ឱ្យ​យើង​មាន​ពិសោធន៍​យ៉ាង​ពិសេស​បំផុត។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ដើម្បី​រំដោះ​យើង​ពី​អំពើ​បាប រំដោះ​យើង​ពី​ទុក្ខ​លំបាក រំដោះ​យើង​ពី​ការ​ឈឺ​ចាប់ រំដោះ​យើង​ដើម្បី​ឱ្យ​យើង​រស់​នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះជាម្ចាស់​ផ្ទាល់។

យូរៗ​ម្តង ខ្ញុំ​បាន​ទៅ​មន្ទីរ​ឃុំ​ឃាំង​នៅ​ព្រៃ​ស ដើម្បី​ថ្វាយ​អភិបូជា​សម្រាប់​ពួក​គាត់ រាល់​ដង​ខ្ញុំ​មាន​អារម្មណ៍​មួយ​ប្លែក ណែនាំ​ឱ្យ​ខ្ញុំ​រំភើប​ដែរ។ ដោយសារ ខ្ញុំ​បាន​ជួប​ជា​មួយ​អ្នក​ជាប់​នៅ​ទី​នោះ មាន​ខ្លះ​ជាប់​១០​ឆ្នាំ ២០​ឆ្នាំ ៣០​ឆ្នាំ… នៅ​ពេល​យើង​ទុក​ពេល​ឱ្យ​គេ​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់ (ធម៌​អង្វរ​សកល) ខ្ញុំ​បាន​ទុក​ឱ្យ​គេ​អធិដ្ឋាន​ដោយ​សេរី។ ពេល​ខ្ញុំ​បាន​ស្តាប់ របៀប​ដែល​គេ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​ណែនាំ​ឱ្យ​គេ​មាន​ជីវិត អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​គេ។ នៅ​ពេល​នោះ ខ្ញុំ​យល់​ថា សេរីភាព​មិន​មែន​តែ​រឿង​ដែល​យើង​អាច​ដើរ​ទៅ​ណា​តាម​ចិត្ត ទោះ​បី​យើង​រស់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង គ្មាន​សេរីភាព​រស់​នៅ​ក្នុង​សង្គម​ជា​មួយ​គ្រួសារ​ផ្ទាល់​ខ្លួន​បាន។ ប៉ុន្តែ យើង​មាន​សេរីភាព​មួយ​ទៀត គឺ​ជា​សេរីភាព​ផ្ទៃ​ក្នុង ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ហើយ​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​យក​ពី​យើង​បាន​ទេ។ យើង​បាន​ស្តាប់ សក្ខីភាព​ពី​គ្រីស្ត​បរិស័ទ​របស់​យើង​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម ដែល​បាត់​បង់​សេរីភាព​ពិត​មែន ប៉ុន្តែ​នៅ​ក្នុង​ដួង​ចិត្ត​ផ្ទាល់​ខ្លួន​យើង​មាន​សេរីភាព​ដើម្បី​អធិដ្ឋាន មាន​សេរីភាព​ដើម្បី​ទូល​អង្វរ​ព្រះជាម្ចាស់។ យើង​មាន​សេរីភាព​ផ្ទៃ​ក្នុង នេះ​ជា​អំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។

ពិត​មែន ព្រះសហគមន៍​របស់​យើង​រស់​នៅ​ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ព្រះសហគមន៍​បាន​ចាប់​កំណើត​នៅ​ក្បែរ​ឈើ​ឆ្កាង។ នៅ​ពេល​គេ​យក​លំពែង​ចាក់​ទ្រូង​ព្រះយេស៊ូ នៅ​ពេល​នោះ​មាន​ឈាម មាន​ទឹក គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​យាង​ចេញ​ពី​បេះដូង​របស់​ព្រះយេស៊ូ ដើម្បី​បង្កើត​ព្រះសហគមន៍។ ព្រះសហគមន៍​បាន​ទទួល​បេសកកម្ម នៅ​ពេល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក រួម​ជា​មួយ​ព្រះនាង​ព្រហ្មចារិនី​ម៉ារី ដែល​ថ្ងៃ​ស្អែក​យើង​គោរព​ជា​មាតា​នៃ​ព្រះសហគមន៍។ ពិត​មែន ព្រះសហគមន៍​របស់​យើង​រស់​នៅ​ក្នុង​សេរីភាព​មួយ​យ៉ាង​ពិសេស គឺ​សេរីភាព​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ជា​សេរីភាព​ផ្សេង​ពី​សេរីភាព​ដែល​យើង​បាន​ទទួល​តាម​ច្បាប់ ឬ​នៅ​ក្នុង​ប្រទេស​នីមួយៗ ជា​សេរីភាព​ផ្ទៃ​ក្នុង​នៃ​ដួង​ចិត្ត​របស់​យើង។

ថ្ងៃ​នេះ យើង​មាន​បេក្ខជន​១៩​នាក់​ជា​សញ្ញា​សម្គាល់ ជា​សាក្សី​យ៉ាង​ពិសេស ដែល​ណែនាំ​ឱ្យ​យើង​យល់​ថា នៅ​ពេល​យើង​សុខ​ចិត្ត​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ យើង​លែង​នៅ​ឯកោ យើង​លែង​នៅ​ម្នាក់​ឯង។ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សន្យា​ថា “ខ្ញុំ​នឹង​ផ្ញើ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ជា​ព្រះ​ដែល​ជួយ​ការពារ ដែល​ព្រះ​បិតា​ចាត់​ឱ្យ​មក​ក្នុង​នាម​ខ្ញុំ និង​បង្រៀន​សេចក្តី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំលឹក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ផង”។ ហេតុ​នេះ​ហើយ នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ទោះ​បី​ព្រះយេស៊ូ​យាង​ឡើង​ស្ថាន​បរម​សុខ​ហើយ យើង​ដឹង​ថា​ជីវិត​របស់​យើង​ពោរពេញ​ដោយ​កម្លាំង​ថ្មី។ ពោរពេញ​ដោយ​សេរីភាព​យ៉ាង​ប្លែក តាម​រយៈ​ព្រះអំណោយ​ទាន​ទាំង​ប្រាំ​ពីរ ដែល​បង​ប្អូន​នឹង​ទទួល​បន្តិច​ទៀត។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ដែរ គឺ​ឱ្យ​យើង​មើល​ផ្លែ​នៃ​អំណោយ​ទាន​ទាំង​នោះ ផ្លែ​នេះ​ណែនាំ​ឱ្យ​យើង​ឈ្នះ​ឧបសគ្គ​ទាំង​អស់។

ប្រសិន​បើ​យើង​ពិចារណា ព្រះសហគមន៍​របស់​យើង​ក្នុង​អំឡុង​ពេល​កូវីដ-១៩​រាត​ត្បាត ភូមិភាគ​ភ្នំពេញ​យើង​មិន​បាន​ងាប់​ទេ។ យើង​នៅ​មាន​ជីវិត​របៀប​ផ្សេងៗ​ពី​ធម្មតា ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​បង្កើត​របៀប​ថ្មីៗ ដើម្បី​រស់​នៅ​ក្នុង​ការ​អធិដ្ឋាន នៅ​ក្នុង​ធម៌​មេត្តា​ករុណា នៅ​ក្នុង​ជំនឿ​នឹង​សេចក្តី​សង្ឃឹម​របស់​យើង។ ផ្លែ​ដែល​ណែនាំ​ឱ្យ​យើង​ឈ្នះ​ឧបសគ្គ​ទាំង​អស់ គឺ​ជំនឿ សេចក្តី​ស្រឡាញ់ សេចក្តី​សុខ​សាន្ត អំណរ​សប្បាយ ការ​លើក​លែង​ទោស ចិត្ត​ស្លូត​បូត ចិត្ត​បរិសុទ្ធ​។ នេះ​ណែនាំ​ឱ្យ​យើង​ទៅ​មុខ នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត ដូច្នេះ​ថ្ងៃ​នេះ​យើង​អាច​និយាយ​បាន​ថា យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ យើង​នៅ​ក្នុង​សន្និបាត​២០២១-២០២៣​របស់​ព្រះសហគមន៍​សកល យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។ ពីរ​សប្តាហ៍​មុន យើង​បាន​ប្រមូល​ចម្លើយ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​អស់ ដែល​ជា​ចម្លើយ​សំខាន់​ណាស់​ដែល​ខ្ញុំ​នឹង​ផ្ញើ​ទៅ​ទីក្រុង​រ៉ូម។

ខ្ញុំ​សូម​លើក​យក​ចំណុច​សំខាន់ៗ ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​ព្រះសហគមន៍៖

  • ដោយ​ទុក​ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដឹក​នាំ​យើង ដោយ​ទុក​ឱ្យ​សេរីភាព​នៅ​ក្នុង​ខ្លួន​យើង​អាច​រីក​ចម្រើន​ថែម​ទៀត គឺ​កែប្រែ​ចិត្ត​គំនិត។
  • ធម៌​មេត្តា​ករុណា ដែល​យើង​សម្តែង​យ៉ាង​សកម្ម គ្រប់​ពេល​វេលា​នៅ​ក្នុង​ជីវិត​របស់​យើង។
  • ឱ្យ​យើង​សហការ​គ្នា​ជា​គ្រីស្ត​បរិស័ទ ខ្ញុំ​សូម​អរគុណ​ដល់​បង​ប្អូន​ដែល​និយាយ​ភាសា​កូរ៉េ និយាយ​ភាសា​បារាំង និង​និយាយ​ភាសា​អង់គ្លេស ដែល​បាន​ចូល​រួម​ថ្ងៃ​នេះ។ ដោយសារ​នេះ ជា​សញ្ញា​សម្គាល់​ថា​ព្រះសហគមន៍​របស់​យើង​ជា​ព្រះសហគមន៍​តែ​មួយ។
  • ឱ្យ​យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា ដោយ​រក​ឃើញ​ផ្លូវ​ថ្មី​ដើម្បី​ប្រកាស​ដំណឹង​ល្អ កុំ​ឱ្យ​យើង​គាំង កុំ​ឱ្យ​យើង​ខ្លាច កុំ​ឱ្យ​យើង​ភ័យ។ នេះ​ជា​អត្ថន័យ​នៃ​ពិធី​បុណ្យ​របស់​យើង​ថ្ងៃ​នេះ នៅ​ពេល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​រក​ឃើញ​ផ្លូវ​ថ្មី​ជានិច្ច។ ជា​មូល​ហេតុ ដែល​ព្រះសហគមន៍​របស់​យើង​មាន​អាយុ​ជាង​២០២០​ឆ្នាំ ដោយសារ​វត្តមាន​របស់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​ថែរក្សា​ជំនឿ​ពី​ដើម ដែល​យើង​បាន​ទទួល​ពី​ក្រុម​គ្រីស្ត​ទូត​។ ប៉ុន្តែ ណែនាំ​ឱ្យ​យើង​រក​ផ្លូវ​ថ្មី មធ្យោបាយ​ថ្មី ដើម្បី​ណែនាំ​ឱ្យ​ការ​សង្រ្គោះ​យាង​មក​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង ជា​ពិសេស​នៅ​ក្នុង​ភូមិភាគ​របស់​យើង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិត​មែន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ស្ថិត​នៅ​ជា​មួយ​យើង ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​ទៅ​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ ឱ្យ​យើង​ទៅ​ជា​អ្នក​ដែល​ទទួល​មរតក​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត។ ពិត​មែន ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​រំដោះ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ត្រាស់​ហៅ​យើង​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ត្រាស់​ហៅ​យើង ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​ទូត ឱ្យ​យើង​ទៅ​ជា​សាសនៈ​ទូត​នៃ​សុខ​សន្តិភាព។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ត្រាស់​ហៅ​យើង ឱ្យ​យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា នៅ​ក្នុង​ព្រះសហគមន៍​រួម​ជា​មួយ​ព្រះនាង​ម៉ារី ដែល​ជា​មាតា​របស់​យើង ដែល​ជា​មាតា​នៃ​ព្រះសហគមន៍។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email