អភិបូជា​ថ្ងៃ​អាទិត្យ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ និង​ទិវា​គ្រួសា

ធ្វើ​នៅ​មជ្ឈមណ្ឌល​ព្រះសហគមន៍​ភ្នំពេញ​ថ្មី

ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២២

“ការ​ប្រកាស​ដំណឹង​ល្អ​និង​គ្រួសារ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​យើង​មាន​តួ​អង្គ​ពីរ មាន​បុរស​ពីរ​នាក់​ដែល​ព្រះយេស៊ូ​លើក​មក​ធ្វើ​ជា​ឧទាហរណ៍ ដើម្បី​ឱ្យ​យើង​គិត​ពិចារណា​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ជា​ពិសេស​ថ្ងៃ​នេះ​អំពី​ជីវិត​របស់​យើង​ជា​គ្រួសារ។ អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​និង​គ្រួសារ ដែល​ប្រកាស​ដំណឹង​ល្អ​ដល់​ដាច់​ស្រយាល​នៃ​ផែនដី។

មាន​ឥរិយាបថ​ពីរ ចរិត​ពីរ បុរស​ម្នាក់​ពេល​គាត់​នៅ​មុខ​ព្រះជាម្ចាស់ បាន​ចាប់​ផ្តើម​ធ្វើ​របាយការណ៍​អំពី​ស្នាដៃ​របស់​គាត់។ អួត​ខ្លួន ខ្ញុំ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ខ្ញុំ​អធិដ្ឋាន​ផង ខ្ញុំ​តម​អាហារ​ផង ជួយ​អ្នក​ក្រី​ក្រ​ផង ខ្ញុំ​ជា​មនុស្ស​ពិសេស នៅ​ក្នុង​ខ្លួន​ខ្ញុំ​ឥត​មាន​អ្វី​ខុស​ដូច​អ្នក​ដទៃ​ឡើយ។ ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ ដែល​បាន​អធិដ្ឋាន​ជា​មួយ​ព្រះជាម្ចាស់​ដែរ នៅ​ពេល​នោះ​គាត់​ចេះ​តែ​ទូល​អង្វរ​ព្រះជាម្ចាស់ “ឱ​ព្រះជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូល​បង្គំ​ជា​មនុស្ស​បាប​ផង”។ គាត់​មិន​បាន​និយាយ​អ្វី​វែង​ឆ្ងាយ គឺ​គាត់​អធិដ្ឋាន​តែ​ប៉ុណ្ណឹង។ ក្រោយ​មក​ព្រះយេស៊ូ បាន​សំលឹង​មើល​មហា​ជន ដើម្បី​ប្រាប់​ថា “ប្រយ័ត្ន ប្រសិន​បើ​យើង​លើក​តម្កើង​ខ្លួន​ឯង យើង​ត្រូវ​តែ​បន្ទាប​ចុះ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​បាន​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ”។ ប៉ុន្តែ មិន​មែន​បន្ទាប​ខ្លួន​ដោយ​លេង​ល្ខោន បន្ទាប​ខ្លួន​ដោយ​ដាក់​ខ្លួន​ដ៏​ពិត​ប្រាកដ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​គម្ពីរ​នេះ​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ។ បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​បាន លុះត្រាតែ​យើង​ដាក់​ខ្លួន យើង​ទទួល​ស្គាល់​អំពើ​ឋានៈ​របស់​យើង​ជា​មនុស្ស​ទន់​ទាប។ ប៉ុន្តែ ជា​មនុស្ស​ទន់​ទាប​ប្រៀប​ធៀប​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះ​មនុស្ស​លោក។ ថ្ងៃ​នេះ យើង​បាន​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង គ្រួសារ​ដ៏​វិសុទ្ធ​ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះជាម្ចាស់។ ធំ​ធេង​ចំពោះ​សន្ត​យ៉ូសែប​និង​ព្រះនាង​ម៉ារី ព្រះអង្គ​បាន​ជ្រើស​រើស​ទាំង​ពីរ​នាក់ ដើម្បី​ធ្វើ​ជា​មាតា​បិតា​របស់​ព្រះបុត្រា​តែ​ម្តង។ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​នៅ​ពេល​យើង​មើល​គ្រួសារ​ដ៏​វិសុទ្ធ នេះ​ជា​គោល​ដៅ​យើង​គ្រប់ៗ​រូប។

នៅ​ពេល​យើង​មើល​ឃើញ ព្រះយេស៊ូ​ចាប់​កំណើត​ជា​មនុស្ស នៅ​ក្នុង​គ្រួសារ​មួយ​សាមញ្ញ​ធម្មតា យើង​មើល​ឃើញ​សេចក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​ព្រះជាម្ចាស់។ ធ្វើ​ឱ្យ​យើង​យល់​ថា ពិត​មែន​នៅ​មុខ​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​យើង​ត្រូវ​តែ​ដាក់​ខ្លួន។ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​អួត​ខ្លួន​យើង​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ យើង​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ មាន​ចិត្ត​មេត្តា​ករុណា យើង​ចេះ​តែ​អធិដ្ឋាន ចេះ​តែ​តម​អាហារ​នៅ​មុខ​ព្រះជាម្ចាស់​ផ្ទាល់។ ព្រះជាម្ចាស់​ដែល​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ និង​ចេះ​តែ​បង្ហាញ​សេចក្តី​ស្រឡាញ់​នៅ​ពេល​ព្រះអង្គ​បាន​ចាត់​ព្រះបុត្រា​ឱ្យ​យាង​មក ដើម្បី​សង្រ្គោះ​យើង។

ដូច្នេះ ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ដើម្បី​ឱ្យ​យើង​រីក​ចម្រើន នៅ​ក្នុង​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ គឺ​យើង​ដាក់​ខ្លួន។ ដោយ​ទទួល​ស្គាល់ “បពិត្រ​ព្រះអម្ចាស់ ពិត​មែន​សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ ខ្ញុំ​ជា​មនុស្ស​តូច​តាច​ម្នាក់​មិន​សូវ​ចេះ​ស្រឡាញ់ មិន​សូវ​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ ប៉ុន្តែ​សូម​ព្រះអង្គ​ប្រទាន​សេចក្ដី​ស្រឡាញ់​ឱ្យ​យើង​ខ្ញុំ​ដ៏​ពេញ​លក្ខណៈ សូម​ប្រទាន​សេចក្ដី​សង្ឃឹម​ឱ្យ​ទូល​បង្គំ សូម​ប្រទាន​ជំនឿ​យ៉ាង​រឹង​មាំ​ឱ្យ​ទូល​បង្គំ”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ដាក់​ខ្លួន ទទួល​ស្គាល់​អំពី​ព្រំដែន​របស់​យើង ទទួល​ស្គាល់​អំពី​ចំណុច​ខ្សោយ​របស់​យើង ណែនាំ​ឱ្យ​យើង​បង្កើត​ទំនាក់​ទំនង​មិន​មែន​តែ​ជា​មួយ​ព្រះជាម្ចាស់​យ៉ាង​ត្រឹម​ត្រូវ​។ ប៉ុន្តែ ណែនាំ​ឱ្យ​យើង​បង្កើត​ទំនាក់​ទំនង​នៅ​ក្នុង​គ្រួសារ​របស់​យើង ជា​ប្តី​ប្រពន្ធ​ជា​មួយ​កូន ជា​មួយ​បង​ប្អូន​ឯទៀតៗ។ ប្រសិន​បើ នៅ​ពេល​យើង​ជួប​បង​ប្អូន​ឯទៀតៗ​យើង​ចេះ​តែ​អួត​ខ្លួន យូរៗ​គេ​លែង​ចង់​ស្តាប់​យើង។ ប្រសិន​បើ ប្តី​ចេះ​តែ​ថា​ខ្ញុំ​ជា​មនុស្ស​ល្អ ហើយ​ថា​ឱ្យ​ប្រពន្ធ​មិន​ចេះ​អ្វី​សោះ ធ្វើ​ម្ហូប​មិន​កើត មិន​ចេះ​មើល​កូន ចាយ​លុយ​មិន​ត្រឹម​ត្រូវ… យើង​មិន​អាច​ទៅ​មុន​ជា​មួយ​គ្នា​បាន​ទេ។ ប្រសិន​បើ ប្រពន្ធ​ចេះ​តែ​ជេរ​ប្តី មើល​ងាយ​ប្តី ថា​ឱ្យ​ប្តី… លទ្ធ​ផល​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​យើង​មាន​សេចក្តី​សុខ​ជា​គ្រួសារ។ ផ្ទុយ​ទៅ​វិញ យើង​ដាក់​ខ្លួន​ទាំង​អស់​គ្នា ដូច​កន្លង​មក​ខ្ញុំ​ធ្លាប់​ប្រាប់​ម្តង​ហើយ​ថា “នៅ​ពេល​ខ្ញុំ​បាន​ទេសនា​អំពី​សេចក្តី​ស្រឡាញ់ ប្តី​ប្រពន្ធ​ចេះ​គោរព​គ្នា ចេះ​លើក​លែង​ទោស​ឱ្យ​គ្នា ចេះ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក… ក្រោយ​មក​មាន​អ៊ី​ម្នាក់​ដែល​បាន​ស្តាប់​ខ្ញុំ​ទេសនា គាត់​ថា​ពេល​ស្តាប់​លោក​ឪពុក​និយាយ​ណែនាំ​ឱ្យ​ខ្ញុំ​ភ្ញាក់​មែន​ទែន ពេល​ខ្ញុំ​ទៅ​ផ្ទះ​វិញ​ខ្ញុំ​បាន​ហៅ​ប៉ា​វា​ហើយ​ប្រាប់​គាត់​ថា ប៉ា​វា​ខ្ញុំ​សុំទោស​២០​ឆ្នាំ​ដែល​រៀប​ការ ខ្ញុំ​ចេះ​តែ​ជេរ​ឯង​រហូត​មិន​ដែល​និយាយ​ល្អ​សោះ ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​ទៅ​ឯង​ថា ខ្ញុំ​ស្រឡាញ់​ប៉ា​វា​ណាស់”។

នៅ​ពេល​យើង​ឃើញ​ព្រះនាង​ម៉ារី និង​សន្ត​យ៉ូសែប ដែល​កំពុង​សំលឹង​មើល​ព្រះយេស៊ូ នៅ​ពេល​នោះ​យើង​ឃើញ​ឥរិយាបថ​នេះ ដាក់​ខ្លួន ដោយ​ទទួល​ព្រះសង្រ្គោះ ដាក់​ខ្លួន​ដើម្បី​បង្កើត​ទំនាក់​ទំនង​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​សេចក្តី​ស្រឡាញ់។

ដូច្នេះ ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល សម្រាប់​យើង​ជា​ពេល​វេលា​ដើម្បី​គិត​អំពី​ក្រុម​គ្រួសារ នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ។ នៅ​ក្នុង​នេះ យើង​មាន​៣​ចំណុច​ដ៏​សំខាន់​គឺ៖

ចំណុច​ទី​១ ប្រកាស​ដំណឹង​ល្អ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​របស់​យើង និង​នៅ​ក្នុង​ទ្វីប​អាស៊ី​ដែរ។ សព្វ​ថ្ងៃ យើង​មាន​លោក​អភិបាល គីគេ កំពុង​ចូល​រួម​ប្រជុំ​រយៈ​ពេល​២​សប្តាហ៍​នៅ​ទីក្រុង​បាំងកក រួម​ជា​មួយ​លោក​អភិបាល ២៧៥​អង្គ នៅ​ក្នុង​ទី្វប​អាស៊ី ដើម្បី​គិត តើ​យើង​ជា​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ប្រកាស​ដំណឹង​ល្អ​តាម​រយៈ ទី​១​វប្បធម៌ (នៅ​ក្នុង​ទ្វីប​អាស៊ី​ជា​វប្បធម៌​យ៉ាង​ពិសេស​ដែល​មាន​រាប់​សតវត្សរ៍) ទី​២​តាម​រយៈ​សាសនា​ដទៃ (នៅ​ក្នុង​ទ្វីប​អាស៊ី​យើង​មាន​សាសនា​ដើម​យ៉ាង​រឹង​មាំ ដូច​ជា​សាសនា​ព្រះពុទ្ធ សាសនា​អ៊ីស្លាម យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​មាន​ទំនាក់​ទំនង​រវាង​សាសនា​នឹង​សាសនា​ដើម្បី​ប្រកាស​ដំណឹង​ល្អ) និង​ទី​៣​តាម​រយៈ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន (នៅ​ក្នុង​ទ្វីប​អាស៊ី​យើង​មាន​ទាំង​អស់ ប្រជាជន​ក្រីក្រ​បំផុត ក៏​ដូច​ជា​ប្រជាជន​អ្នក​មាន​បំផុត យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​គ្រប់​ស្ថាន​ភាព​ប្រចាំ​ជីវិត​របស់​បង​ប្អូន​យើង)?

ចំណុច​ទី​២ យើង​ដឹង​ថា​ថ្ងៃ​នេះ​គ្រួសារ​ជា​កន្លែង​ដំបូង​បង្អស់​ដើម្បី​ប្រកាស​ដំណឹង​ល្អ នៅ​ពេល​គ្រួសារ​មាន​សេចក្ដី​សុខ ពេល​គ្រួសារ​ចេះ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​គ្រួសារ​ចេះ​លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​នោះ​យើង​ជា​គ្រួសារ​ដែល​បង្កើត​ទំនាក់​ទំនង​ជា​មួយ​បង​ប្អូន​ឯទៀតៗ​យ៉ាង​ស្រួល។ មិន​មែន​ដូច​បុរស​ទី​មួយ​ដែល​បាន​និយាយ​ទៅ​ព្រះជាម្ចាស់ អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​មិន​ដូច​គេ​ទេ។ កុំ​ឱ្យ​គ្រួសារ​របស់​យើង ចូល​ព្រះវិហារ​គ្រាន់​តែ​អធិដ្ឋាន​គ្នា​យើង ហើយ​មើល​ងាយ​គ្រួសារ​ដទៃ។ ជួន​កាល​មាន​គ្រួសារ​មួយ​ចំនួន​បាក់​បែក​គ្នា មាន​គ្រួសារ​ខ្លះ​ឈ្លោះ​គ្នា មាន​គ្រួសារ​ខ្លះ​មាន​ទុក្ខ​លំបាក​មែន​ទែន ហើយ​យើង​ថា​សំណាង​គ្រួសារ​យើង​មិន​ដូច​គ្រួសារ​គេ នេះ​យើង​បង្កើត​ទំនាក់​ទំនង​មិន​កើត​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​ចេះ​បង្កើត​ទំនាក់​ទំនង​រវាង​គ្រួសារ​នឹង​គ្រួសារ នៅ​ក្នុង​ព្រះសហគមន៍​នីមួយៗ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ នោះ​ពេល​ហ្នឹង​ខ្ញុំ​ជឿ​ថា​គ្រួសារ​របស់​យើង​រឹង​មាំ។ ដោយសារ យើង​បាន​ចែក​រំលែក​បទ​ពិសោធ​រវាង​គ្នា​នឹង​គ្នា យើង​ចែក​រំលែក​ទាំង​អំណរ​សប្បាយ ទាំង​ទុក្ខ​លំបាក ដើម្បី​ឱ្យ​គ្រួសារ​របស់​យើង​រីក​ចម្រើន​ដោយ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ដោយសារ គ្រួសារ​ជា​កន្លែង​មួយ​ដែល​យើង​បាន​ទទួល​ឥទ្ធិពល​ពី​ព្រះនាង​ម៉ារី សន្ត​យ៉ូសែប និង​ព្រះយេស៊ូ​មែន ប៉ុន្តែ​ក៏​ជា​កន្លែង​មួយ​ដែល​យើង​អាច​ទៅ​ជា​សាក្សី​សម្រាប់​គ្រួសារ​ឯទៀតៗ។

ចំណុច​ទី​៣ ឱ្យ​យើង​នឹក​ឃើញ​គ្រួសារ​របស់​យើង​ជា​ព្រះសហគមន៍​ដ៏​តូច​មួយ ដែល​យើង​បង្រៀន​ដើម្បី​ស្គាល់​ព្រះជាម្ចាស់។ ជា​កន្លែង​ដែល​កូន​រៀន​គូស​សញ្ញា​ឈើ​ឆ្កាង​ដំបូង ធម៌​បពិត្រ​ព្រះនាង​ម៉ារី ធម៌​ឱ​ព្រះបិតា…។ នៅ​ក្នុង​គ្រួសារ​ដែល​យើង​ចាប់​ផ្តើម ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង​ចាក់​គ្រឹះ​នៅ​លើ​ទឹក​ដី​កម្ពុជា។ ជា​ពិសេស​សព្វ​ថ្ងៃ ដោយសារ​គ្រួសារ​របស់​យើង​មួយ​ចំនួន​ធំ ដែល​មាន​សមាជិក​គ្រួសារ​ម្នាក់​ជា​គ្រីស្ត​បរិស័ទ។ ថ្ងៃ​នេះ យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​មាន​គ្រួសារ​ពីរ ដែល​ប្តី​ជា​គ្រីស្ត​បរិស័ទ​យូរ​ឆ្នាំ​ហើយ ឥលូវ​នេះ​ប្រពន្ធ​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ។ នៅ​ក្នុង​ជីវិត​ថ្មី​នៃ​ព្រះសហគមន៍​របស់​យើង យើង​មាន​ប៉ុន្មាន​គ្រួសារ​ដែល​ចាប់​ផ្តើម​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​គ្រួសារ​ផ្ទាល់​ខ្លួន។ ណែនាំ​ឱ្យ​កូនៗ​ចាប់​ផ្តើម​ស្គាល់​ព្រះយេស៊ូ ក្នុង​គ្រួសារ​យើង​មាន​ប៉ុន្មាន​នាក់​ដែល​បាន​ចូល​ក្នុង​ក្រុម​បម្រើ​អាសនៈ ចូល​នៅ​ក្នុង​ក្រុម​យុវជន ក្រុម​ពិធី​បុណ្យ…។ នេះ​ជា​គ្រួសារ ដែល​ចាប់​ផ្តើម​រស់​នៅ​ក្នុង​សេចក្ដី​សុខ​ពី​គ្រួសារ​ដ៏​វិសុទ្ធ។

បង​ប្អុន​ជា​ទី​ស្រឡាញ់ យើង​មាន​របៀប​ដោយ​សំលឹង​មើល​គ្រួសារ​ដ៏​វិសុទ្ធ គ្រួសារ​ដ៏​វិសុទ្ធដែល​លះ​បង់​ចោល​ដើម្បី​ស្រឡាញ់​ព្រះជាម្ចាស់។ គ្រួសារ​ដ៏​វិសុទ្ធ​ដែល​យក​ចិត្ត​ទុក​ដាក់ ព្រះនាង​ម៉ារី​និង​សន្ត​យ៉ូសែប​បាន​យក​ចិត្ត​ទុក​ដាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ព្រះកុមារ​យេស៊ូ (នៅ​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​១២​ព្រះវស្សា បាត់​ព្រះកាយ) យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូន។ គ្រួសារ​ដែល​ជា​គ្រួសារ​សម្រាប់​អ្នក​ដទៃ មិន​សម្រាប់​តែ​គ្នា​យើង ដោយសារ​យើង​ជា​ប្តី​ប្រពន្ធ​ជា​មួយ​កូន យើង​អាច​ទៅ​ជា​គ្រួសារ​អាត្មា​និយម​ខ្លាំង​ណាស់ មិន​ចេះ​មើល​គ្រួសារ​ដទៃ​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​មើល​គ្រួសារ​ដ៏​វិសុទ្ធ​នេះ នៅ​ពេល​ព្រះយេស៊ូ​ចេញ​ពី​ភូមិ​ណាសារ៉ែត​ដើម្បី​ទៅ​ប្រកាស​ដំណឹង​ល្អ ឪពុក​ម្តាយ​មិន​បាន​បដិសេធ​ទេ ទុក​ឱ្យ​ព្រះយេស៊ូ​បំពេញ​តួនាទី​របស់​ព្រះអង្គ។ ផ្ទុយ​ទៅ​វិញ ព្រះនាង​ម៉ារី​ជា​សាវ័ក​ដំបូង​របស់​ព្រះយេស៊ូ ដែល​ដើរ​តាម​ព្រះយេស៊ូ​ដោយ​លើក​ទឹក​ចិត្ត​កូន​រហូត​ដល់​កូន​ទទួល​មរណៈភាព​នៅ​លើ​ព្រះឈើឆ្កាង។

ពិត​មែន​បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​មាន​មធ្យោបាយ​ច្រើន អធិដ្ឋាន​ជា​លក្ខណៈ​គ្រួសារ ជា​ពិសេស​នៅ​ក្នុង​រដូវ​រង់​ចាំ នៅ​ក្នុង​រដូវ​៤០​ថ្ងៃ។ និយាយ​គ្នា​ជា​មួយ​ប្តី​ប្រពន្ធ ពេល​ល្ងាច​នៅ​ពេល​យើង​មក​ពី​ធ្វើ​ការ​វិញ សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក យូរៗ​ម្តង​ដើរ​កំសាន្ត​ខ្លះៗ ដើម្បី​យក​ពេល​ជា​លក្ខណៈ​គ្រួសារ។ កន្លង​មក នៅ​ភ្នំ​វល្លិ៍​មាន​គ្រួសារ​ច្រើន​បាន​ដើរ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ នេះ​ជា​ពេល​វេលា​ដើម្បី​យក​ពេល​និយាយ​គ្នា​នៅ​ក្នុង​សេចក្តី​សុខ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក។

ខ្ញុំ​សូម​អធិដ្ឋាន ដើម្បី​ឱ្យ​គ្រួសារ​របស់​យើង​ទៅ​ជា​គ្រួសារ​ថ្មី ពោរពេញ​ដោយ​កម្លាំង ដើម្បី​បង្កើត​ពិភព​ថ្មី ដោយ​សំលឹង​មើល​ព្រះនាង​ម៉ារី សន្ត​យ៉ូសែប និង​ព្រះយេស៊ូ​ជានិច្ច។ ដោយ​ដឹង​ថា នៅ​ពេល​យើង​មាន​គ្រួសារ​ដ៏​សុខ​សាន្ត យើង​មាន​ព្រះសហគមន៍​ដ៏​សុខសាន្ត​ដែរ និង​យើង​មាន​ពិភព​លោក​ដ៏​សុខ​សាន្ត​ដែរ។ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​ទាំង​មូល នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ឱ្យ​យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា ទៅ​តាម​ផ្លូវ​នៃ​ជីវិត ជីវិត​អស់​កល្ប​ជានិច្ច។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email