យើង​ជា​សាក្សី​របស់​ព្រះយេស៊ូ

អភិបូជា​បិទ​កម្មវិធី​បូជនីយ៍ចរ

ធ្វើ​នៅ​កសិដ្ឋាន​ឋាន​សួគ៌ ភ្នំវល្លិ៍

ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២២

អត្ថបទ​ទី១៖ អេសាយ ៦,១-២ក.៣-៨តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង? អស ៦,៨អត្ថបទ​ទី២៖ កូរិនថូសទី១ ១៥,១-១១បង‌ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម‌រយៈ​ដំណឹង‌ល្អ។ ១ករ ១៥,២ដំណឹងល្អ៖ លូកា ៥,១-១១គេ​បោះ‌បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ លក ៥,១១

បង​ប្អូន​ជា​ទី​ស្រឡាញ់

សូម​ឱ្យ​នាំគ្នីគ្នាច្រៀងរាំ តម្កើងកិច្ចការ ថាព្រះអម្ចាស់រុងរឿងអស្ចារ្យ ឧត្ដមថ្លៃ​ថ្លា​បំផុតគ្មានពីរ” ពី​យប់​មិញ​យើង​បាន​រាំ យើង​បាន​ច្រៀង ប៉ុន្តែ​មិន​មែន​តែ​រាំ​ច្រៀង​ដើម្បី​សប្បាយៗ​គ្នា​យើង រាំ​ច្រៀង​ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ នៅ​ពេល​យើង​ដើរ យើង​នឿយ​ហត់ ក្ដៅ​ផង សប្បាយ​ផង ឈឺ​ជើង​ផង ជាប់​សាច់​ដុំ​ផង… យើង​ដឹង​ថា​យើង​បាន​ដើរ​នៅ​ក្នុង​ការ​តស៊ូ យើង​បាន​បែក​ញើស​នៅ​ក្នុង​ការ​តស៊ូ។ ប៉ុន្តែ យើង​ក៏​មាន​ពេល​ដើម្បី​អធិដ្ឋាន ដើម្បី​សូត្រ​ផ្គាំ ដើម្បី​សម្លឹង​មើល​ទេសភាព​យ៉ាង​ពិសេស ដែល​មាន​នៅ​ក្នុង​តំបន់​ភ្នំ​វល្លិ៍​នេះ ដែល​ជា​ស្នាដៃ​របស់​ព្រះជាម្ចាស់។ ហេតុ​នេះ​ហើយ យប់​មិញ​នៅ​ពេល​យើង​សប្បាយ​រួម​គ្នា ជា​ពេល​វេលា​មួយ​ដើម្បី​បង្ហាញ​អំណរ​សប្បាយ​ដែល​យើង​មាន។ ដោយសារ ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង ព្រះជាម្ចាស់​ស្រឡាញ់​យើង។

បង​ប្អូន​ដែល​ជា​យុវជន​យុវនារី ដែល​បាន​ចូល​ជា​មួយ​យើង​រយៈ​ពេល​ពីរ​ថ្ងៃ ក៏​ដូច​ជា​បង​ប្អូន​យុវជន​យុវនារី​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ដែល​ភ្ជាប់​ជា​មួយ​ឆ្នាំ​សិក្សា​ថ្មី ដែល​ភ្ជាប់​នៅ​ក្នុង​ឆ្នាំ​សកម្មភាព​នៅ​ក្នុង​ព្រះសហគមន៍​ថ្មី។ ដោយសារ ពេល​វេលា​ប្រែប្រួល​អស់​ហើយ ព្រោះ​តែ​កូវីដ-១៩ ជា​កម្លាំង​ដែល​យើង​ទទួល​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត។ ពី​ម្សិល​មិញ យើង​បាន​ឃើញ​ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះជាម្ចាស់​ស្រឡាញ់​យើង និង​ព្រះជាម្ចាស់​មាន​គម្រោងការ​តែ​មួយ​គឺ​ណែនាំ​ឱ្យ​យើង​ទាំង​អស់​គ្នា ពោរពេញ​ដោយ​សុភមង្គល។ ថ្ងៃ​នេះ យើង​បាន​ឃើញ​ព្រះយេស៊ូ​កំពុង​ត្រាស់​ហៅ​សាវ័ក ពី​សម័យ​ដើម​ព្រះយេស៊ូ​នៅ​ក្នុង​សមុទ្រ​ទីបេរីយ៉ា ក្នុង​ប្រទេស​អ៊ីស្រាអែល។ ប៉ុន្តែ តាម​ពិត​យើង​ដឹង​ថា​ពី​ម្សិលមិញ​យើង​ឃើញ​នៅ​ក្នុង​វិហារ​យើង មាន​កញ្ចក់​មួយ​ផ្ទាំង​ដែល​មាន​រូប​ព្រះយេស៊ូ ដែល​កំពុង​ត្រាស់​ហៅ​សាវ័ក​នៅ​សមុទ្រ​កែប​និង​ភ្នំ​បូកគោ។ ដោយសារ អ្វី​ដែល​កើត​ឡើង​២០០០​ឆ្នាំ​មុន​នៅ​ស្រុក​កាលីឡេ គឺ​កើត​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ព្រះយេស៊ូ​ត្រាស់​ហៅ​យើង​សព្វ​ថ្ងៃ ព្រះយេស៊ូ​ចង់​ឱ្យ​យើង​ទាំង​អស់​គ្នា​ធ្វើ​ដំណើរ​រួម​ជា​មួយ​ព្រះអង្គ។ សំណួរ​ដែល​យើង​ត្រូវ​ការ​ទុក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​គឺ តើយើងសុខ​ចិត្តលះបង់ចោលអ្វីៗទាំងអស់ ដើម្បីដើរតាមព្រះយេស៊ូដែរ​ឬទេ?

ប្រសិន​បើ យើង​សុខ​ចិត្ត​យើង​ថា​ទាំង​អស់​គ្នា​យើង​ទៅ​ជា​បង​ប្រុស​បង​ស្រី ជា​បូជាចារ្យ ប៉ុន្តែ​​យើង​ជា​គ្រីស្ត​បរិស័ទ​ធម្មតា យើង​ក៏​ត្រូវ​តែ​ធ្វើ​ជា​សាក្សី​អំពី​ជំនឿ​ដែល​យើង​បាន​ទទួល សាក្សី​អំពី​កម្លាំង​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ សាក្សី​អំពី​សេចក្ដី​ស្រឡាញ់។ យើង​បាន​ចាប់​អារម្មណ៍​អំពី​អត្ថបទ​ទី​២ លោក​ប៉ូល​គាត់​ផ្ដល់​សក្ខីភាព​អំពី​អ្វី​ដែល​គាត់​បាន​ស្ដាប់ ពី​សាក្សី​បន្ទាល់​ដែល​បាន​ឃើញ​ព្រះយេស៊ូ​ផ្ទាល់។ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត ព្រះយេស៊ូ​បាន​ចូល​នៅ​ក្នុង​ផ្នូរ ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ លោក​ប៉ូល​បាន​ស្ដាប់​ពី​គេ ដោយសារ​លោក​ប៉ូល​អត់​ដែល​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម។ លោក​ប៉ូល​ស្ដាប់​ពី​គេ មាន​ខ្លះ​គេ​ស្លាប់​ហើយ​ប៉ុន្តែ​គេ​បន្ត​ផ្ដល់​សក្ខីភាព​តៗ​គ្នា សព្វ​ថ្ងៃ​ដល់​យើង​នៅ​ប្រទេស​កម្ពុជា ដល់​យើង​ជា​យុវជន​យុវនារី​នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ។ ផ្ដល់​សក្ខីភាព​តៗ​គ្នា ជាង​២០០០​ឆ្នាំ​ដែល​ក្រុម​គ្រីស្ត​ទូត​បាន​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់ ដែល​បាន​ស្ដាប់​ព្រះយេស៊ូ​ផ្ទាល់ ដែល​មើល​ឃើញ​ព្រះយេស៊ូ​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង​ផ្ទាល់ ដែល​បាន​ឃើញ​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ផ្ទាល់។ ក្រោយ​មក គេ​ចាប់​ផ្ដើម​ផ្ដល់​សក្ខីភាព​តៗ​គ្នា​ដោយ​ស្ដាប់ ដូច​យើង​កំពុង​ស្ដាប់​ដែរ យើង​ស្ដាប់​លោក​តា​លោក​យាយ​ដែល​ផ្ដល់​សក្ខីភាព អំពី​ជីវិត​មុន​សម័យ​ប៉ុល ពត អំពី​ជីវិត​នៅ​ក្នុង​សម័យ​ប៉ុល ពត អំពី​ជីវិត​នៅ​ក្នុង​សម័យ​ក្រោយ​ប៉ុល ពត យើង​ស្ដាប់​ឪពុក​ម្ដាយ​ដែល​ផ្ដល់​សក្ខីភាព។ ដូច្នេះ សម្រាប់​យើង​ថ្ងៃ​នេះ​ទោះ​បី​យើង​នៅ​ក្មេង​ក៏​ដោយ យើង​ទទួល​តួនាទី​មួយ​យ៉ាង​ពិសេស គឺ​យើង​ជា​សាក្សី​ដែល​ផ្ដល់​សក្ខីភាព​អំពី​ព្រះយេស៊ូ ដែល​គង់​នៅ​ជា​មួយ​យើង​សព្វ​ថ្ងៃ។

បទ​ពិសោធន៍​ដែល​យើង​មាន​ប៉ុន្មាន​ថ្ងៃ​កន្លង​មក គឺ​ជា​បទ​ពិសោធន៍​ដែល​ណែនាំ​ឱ្យ​យើង​មាន​អំណរ​សប្បាយ​រួម​គ្នា។ ប៉ុន្តែ អំណរ​សប្បាយ​នេះ​មិន​មែន​ជា​អំណរ​សប្បាយ​ដែល​មក​ពី​លោកីយ ជា​អំណរ​សប្បាយ​ដែល​មាន​ដោយសារ​យើង​ជួប​ជុំ​គ្នា​ដោយ​នាម​ព្រះជាមា្ចស់។ ពេល​យើង​ចាប់​ផ្ដើម​ប្រមូល​យុវជន​យុវនារី​តាម​កន្លែង​នីមួយៗ ជា​របៀប​ដែល​យើង​ត្រាស់​ហៅ​ដែរ ជា​របៀប​ព្រះយេស៊ូ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​យើង​ដែរ។ តាមរយៈ ការិយាល័យ​យុវជន តាមរយៈ​លោក​ឪពុក ដែល​បាន​ប្រមូល និង​យើង​បាន​ឆ្លើយ​តប​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម​។ យើង​បាន​ទុក​ចោល​តួនាទី ការងារ ការ​សិក្សា​របស់​យើង ពីរ​បី​ថ្ងៃ ដើម្បី​ជួប​ជុំ​គ្នា​នៅ​កំពត ដើម្បី​ដើរ​រួម​គ្នា ដើម្បី​ស្ដាប់​ព្រះបន្ទូល ដើម្បី​បង្កើត​ទំនាក់​ទំនង​ជា​មួយ​មិត្ត​សម្លាញ់​ថ្មី ដើម្បី​មើល​ឃើញ​ស្នាព្រះហស្ត​របស់​ព្រះជាម្ចាស់ ដែល​បាន​បង្កើត​ពិភព​លោក​ទាំង​មូល។ យើង​បាន​លះ​បង់​ចោល សុខ​ចិត្ត​ដើរ​ជា​មួយ​ព្រះយេស៊ូ​នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ។ នៅ​ពេល​យើង​ត្រឡប់​ទៅ​វិញ នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង​ផ្ទាល់ ឱ្យ​យើង​បន្ត​ធ្វើ​ជា​សាក្សី​ដែល​យើង​ទទួល​សក្ខីភាព​យើង ទទួល​តួនាទី​មួយ​សំខាន់ គឺ​យើង​ផ្ដល់​សក្ខីភាព​ដល់​យុវជន​តៗ។

មាន​ប៉ុន្មាន​កន្លែង​ដែល​យុវជន​ចង់​មក​ច្រើន ដូច្នេះ​យើង​ជា​តំណាង​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស ពេល​យើង​ទៅ​វិញ​ឱ្យ​យើង​គិត​ជា​មួយ​លោក​ឪពុក ជា​មួយ​បងប្រុស​បងស្រី តើ​យើងធ្វើដូចម្ដេចដើម្បីប្រមូលយុវជនយុវនារីយើងតៗ? កុំ​ឱ្យ​កម្លាំង​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ជា​កម្លាំង​ណែនាំ​ឱ្យ​យើង​សប្បាយ​មែន ណែនាំ​ឱ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​មែន ប៉ុន្តែ​ក្រោយ​មក​បន្តិច​ម្ដងៗ​វា​ចុះ​ទៅៗ។ ផ្ទុយ​ទៅ​វិញ ឱ្យ​វា​រីក​ចម្រើន​ទៅៗ​ដើម្បី​ណែនាំ​ឱ្យ​កន្លែង​នីមួយៗ ដឹង​ថា​នៅ​ក្នុង​ភូមិភាគ​យើង យើង​មាន​ព្រះវិហារ​៥០​កន្លែង​ដែល​មាន​យុវជន​យុវនារី ដែល​ចង់​ស្ដាប់​ដំណឹង​ល្អ ដូច​ពី​ដើម​លោក​ប៉ូល​ណែនាំ​ឱ្យ​ដំណឹង​ល្អ​ទៅ​គ្រប់​ទី​កន្លែង។ តាម​ពិត យើង​ទាំង​អស់​គ្នា​យើង​ជា​គ្រីស្ត​ទូត​តូច​មួយ ប៉ុន្តែ​មិន​មែន​តូច​ដោយសារ​យើង​អត់​មាន​អំណាច អត់​មាន​ឋានៈ យើង​ជា​គ្រីស្ត​ទូត​ដ៏​តូច​មួយ​ពោរពេញ​ដោយ​អត្ថន័យ។ ដែល​ណែនាំ​ឱ្យ​ព្រះបន្ទូល​ទៅ​មុខ​បាន ដែល​ណែនាំ​ឱ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ទៅ​ដល់​គ្រប់​ទី​កន្លែង។ អាទិត្យ​មុន ខ្ញុំ​បាន​ស្ដាប់​ក្រុម​ជំទង់​ដែល​ថា យើង​ខិត​ខំ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ យើង​ខិត​ខំ​បម្រើ​អសានៈ យើង​ខិត​ខំ​ច្រៀង យើង​ខិត​ខំ​សម្អាត​បរិវេណ​ព្រះវិហារ គេ​បាន​ផ្តល់​សក្ខីភាព​របស់​គេ។ យើង​ជា​យុវជន​យុវនារី​នៅ​ទី​នេះ តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឱ្យ​សេចក្ដីស្រឡាញ់ដែលយើងទទួលពីព្រះជាម្ចាស់ អាច​ទៅជាសេចក្ដីស្រឡាញ់សម្រាប់បងប្អូនឯទៀតៗ?

ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ព្រះជាម្ចាស់​ណែនាំ​ឱ្យ​យើង​ទៅ​ជា​សាក្សី​នៃ​សេចក្ដី​ស្រឡាញ់។ ហេតុ​នេះ​ហើយ ពេល​យើង​ទៅ​វិញ​ឱ្យ​យើង​ប្រមូល​យុវជន​យុវនារី​របស់​យើង ដើម្បី​បន្ត​រស់​នៅ​ក្នុង​អំណរ​សប្បាយ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ណែនាំ​ឱ្យ​ជីវិត​របស់​យើង​ទៅ​ជា​មាន​សេចក្ដី​សុខ និង​មាន​សុខដុមរមនា។ យើង​ជា​និស្សិត យើង​ជា​សិស្ស​សាលា យើង​ជា​អ្នក​ធ្វើ​ការ នេះ​ជា​ជីវិត​ធម្មតា​របស់​យើង ប៉ុន្តែ​ជីវិត​ធម្មតា​របស់​យើង​ទទួល​ពន្លឺ​ពី​ព្រះជាម្ចាស់​ផ្ទាល់ ពន្លឺ​ពី​សេចក្ដី​ស្រឡាញ់​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់។ ហេតុ​នេះ​ហើយ យើង​បាន​នឹក​ឃើញ​ក្នុង​ជីវិត​របស់​យើង យើង​មាន​ជីវិត​ធម្មតា ប៉ុន្តែ​យើង​មាន​សេចក្ដី​ស្រឡាញ់​តាម​រយៈ​វិន័យ​របស់​លោក​ម៉ូសេ​ទាំង​១០​ប្រការ។ ប៉ុន្តែ តាម​រយៈ​វិន័យ​របស់​ព្រះយេស៊ូ “សូស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”។ ព្រះយេស៊ូ​បាន​ស្រឡាញ់​យើង​រហូត​ដល់​បូជា​ជីវិត​នៅ​លើ​ឈើ​ឆ្កាង ប៉ុន្តែ​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ទាំង​អស់​ទៅ​ជា​សាក្សី​នៃ​សេចក្ដី​ស្រឡាញ់​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ដូច្នេះ ខ្ញុំ​សូម​អញ្ជើញ​ឱ្យ​បង​ប្អូន​ទាំង​អស់​គ្នា ខិត​ខំ​អស់​ពី​សមត្ថភាព យើង​បាន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ថ្ងៃ​នេះ “កុំខ្លាចអី ខ្ញុំណែនាំ​ឱ្យ​អ្នកធ្វើជា​អ្នក​នេសាទមនុស្សវិញ”។ យើង​ទាំង​អស់​គ្នា​យើង​ជា​អ្នក​នេសាទ មិន​មែន​នេសាទ​ត្រី មិន​មែន​នេសាទ​មនុស្ស​ដោយ​ចាប់​គេ​ឱ្យ​គេ​បាត់​បង់​សេរីភាព។ ផ្ទុយ​ទៅ​វិញ នេសាទ​មនុស្ស​ដោយ​ផ្ដល់​សក្ខីភាព ដើម្បី​ឱ្យ​មនុស្ស​មួយ​ចំនួន​យ៉ាង​ធំ អាច​ស្ដាប់​ដំណឹង​ល្អ​ដែល​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​ថ្មី ដើម្បី​រស់​នៅ​ជា​មនុស្ស​យ៉ាង​ត្រឹម​ត្រូវ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។

ខ្ញុំ​អធិដ្ឋាន​ទូល​អង្វរ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ សម្រាប់​យុវជន​យុវនារី​ដែល​នៅ​ទី​នេះ ដែល​ជា​គ្រីស្ត​ទូត ដែល​ជា​កីឡាករ​របស់​ព្រះជាម្ចាស់ ដែល​ជា​ទាហាន​របស់​ព្រះជាម្ចាស់ ដែល​តស៊ូ​ជានិច្ច ដែល​ដើរ​ជានិច្ច ទៅ​មុន​ជានិច្ច។ ណែនាំ​ទៅ​យុវជន​ថែម​ទៀត អាច​ទទួល​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​គង់​នៅ អំពី​ព្រះជាម្ចាស់​ដែល​បាន​បង្កើត​យើង អំពី​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ពិភព​លោក​ទាំង​មូល​ដើម្បី​ឱ្យ​យើង​គ្រប់​គ្រង ដើម្បី​ឱ្យ​យើង​រស់​នៅ​ជា​គ្រួសារ​តែ​មួយ​ដែល​ពោរពេញ​ដោយ​កម្លាំង​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ សូម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​គង់​នៅ​ជា​មួយ​យុវជន​យុវនារី​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ដើម្បី​ឱ្យ​ឆ្នាំ​២០២២​នេះ ទៅ​ជា​ឆ្នាំ​ដែល​យើង​ដើរ​រួម​ជា​មួយ​គ្នា ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ដែល​យើង​ទាំង​អស់​គ្នា ចូល​រួម​យ៉ាង​សកម្ម​បំផុត ដើម្បី​ឱ្យ​ព្រះសហគមន៍​យើង​រី​កចម្រើន និង​ឱ្យ​សង្គម​យើង​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម​ថែម​ទៀត។ រីក​ចម្រើន​លូត​លាស់ ដើម្បី​ទៅ​ជា​សង្គម​ដែល​ទទួល​សេចក្ដី​ស្រឡាញ់ ទទួល​យុត្តិធម៌​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​យើង​ដឹង​ថា យើង​ជា​សាក្សី​របស់​ព្រះយេស៊ូ ដែល​សោយ​ទិវង្គត​និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះយេស៊ូ​ដែល​គង់​នៅ​សព្វ​ថ្ងៃ ព្រះយេស៊ូ​ដែល​ជា​ធម៌​មេត្តាករុណា​របស់​ព្រះជាម្ចាស់ ដែល​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្ដែង។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email