“អ្នក​ចម្បាំង​ការពារ​ពន្លឺ”

អភិបូជា​ពិធី​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ

នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី

ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៣

កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។ នៅ​គ្រា​នោះ ផែន‌ដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះ‌អង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ កណ ១,១-៥

លោក​អភិបាល លោក​ឪពុក បង​ប្អូន​ជា​ទី​ស្រឡាញ់

អំបាញ់មិញ ខ្ញុំ​បាន​អាន​កំណើត​ពិភព​លោក​នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក ដើម​ដំបូង​នៃ​ពិភព​លោក​ព្រះជាម្ចាស់​បាន​បង្កើត​ពន្លឺ នៅ​ពេល​នេះ​យើង​ឃើញ​ព្រះអាទិត្យ​កំពុង​ត្រៀម​លិច។ ថ្ងៃ​នេះ ពិត​មែន​យើង​មាន​អំណរ​សប្បាយ​ជួប​ជុំ​គ្នា នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ឧបដ្ឋាក​បាន​ចូល​ក្នុង​អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ​ក្នុង​តួនាទី​នេះ។ លោក​បូជាចារ្យ​មួយ​ចំនួន​ក៏​ជា​លើក​ទី​មួយ​ដែរ ដែល​បាន​ចូល​ជា​មួយ​យើង នៅ​ក្នុង​ព្រះសហគមន៍​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ក្រុម​បូជាចារ្យ​បម្រើ​ព្រះសហគមន៍​នៅ​កម្ពុជា។ លោក​អភិបាល សិលា សួន ហង្សលី ក៏​ជា​លើក​ទី​មួយ​ដែល​បាន​ចូល​រួម​អភិបូជា​នេះ ក្នុង​តួនាទី​ជា​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម លោក​អភិបាល គីគេ ជា​លើក​ទី​២២ ខ្ញុំ​ជា​លើក​ទី​១៤។

យប់​នេះ យើង​ឃើញ​បង​ប្អូន​មក​យ៉ាង​ច្រើន​ដើម្បី​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ពិសេស​នៅ​ថ្ងៃ​ដែល​យើង​អរ​ព្រះគុណ​ព្រះអង្គ​សម្រាប់​លោក​បូជាចារ្យ​របស់​យើង អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ប្រេង​ដែល​ព្រះអង្គ​ប្រទាន​ពរ​បន្តិច​ទៀត ដែល​យើង​នឹង​ប្រើ​នៅ​រាត្រី​បុណ្យ​ចម្លង​ខាង​មុខ​នេះ។ សម្រាប់​បង​ប្អូន​ដែល​បាន​ត្រៀម​ខ្លូន​ពី​យូរ​ឆ្នាំ​ហើយ ដើម្បី​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ទូទាំង​ប្រទេស​កម្ពុជា។ យប់​នេះ ខ្ញុំ​សូម​អនុញ្ញាត​និយាយ​ទៅ​លោក​បូជាចារ្យ ហើយ​បង​ប្អូន​សូម​ទទួល​ស្តាប់​និង​ចូល​នៅ​ក្នុង​ដំណើរ​រួម​ជា​មួយ​គ្នា។

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​សណ្ឋិត​លើ​ខ្ញុំ” នេះ​ជា​ព្រះបន្ទូល​ដែល​ព្រះយេស៊ូ​បាន​ថ្លែង​នៅ​ពេល​ចូល​ក្នុង​ធម្មសាលា​លើក​ដំបូង។ ប៉ុន្តែ​កុំ​ឱ្យ​យើង​ភ្លេច​ថា នៅ​ពេល​ព្រះយេស៊ូ​ចូល​នៅ​ក្នុង​ធម្មសាលា​ដំបូង ព្រះយេស៊ូ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ នៅ​ពេល​ព្រះយេស៊ូ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ហើយ ព្រះយេស៊ូ​បាន​ទៅ​វាល​រហោស្ថាន​៤០​ថ្ងៃ​៤០​យប់ ព្រះអង្គ​បាន​ទទួល​ការ​ល្បួង នៅ​ពេល​ព្រះយេស៊ូ​ចាប់​ផ្តើម​ឃ្លាន​នៅ​ថ្ងៃ​ទី​៤០។ នៅ​ពេល​នោះ ព្រះយេស៊ូ​បាន​ឈ្នះ​មារសាតាំង។ យើង​ត្រូវ​តែ​មើល​ឃើញ ការ​សន្ទនា​រវាង​ព្រះយេស៊ូ​នឹង​មារសាតាំង នេះ​ជា​ការ​ប្រយុទ្ធ​រវាង​ព្រះពន្លឺ​និង​ភាព​ងងឹត។ ពិត​មែន ព្រះយេស៊ូ​គ្រីស្ត​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ព្រះអង្គ​បាន​ឈ្នះ​ការ​ប្រយុទ្ធ​នេះ។

លោក​ឪពុក​ជា​ទី​ស្រឡាញ់ នៅ​ថ្ងៃ​ដែល​យើង​បាន​ទទួល​អគ្គ​សញ្ញា​ជា​បូជាចារ្យ យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដ៏​ពេញ​លក្ខណៈ យើង​បាន​អភិសេក​ដោយ​ប្រេង​ពិសិដ្ឋ​ដើម្បី​ចូល​នៅ​ក្នុង​ឋានៈ​ជា​បូជាចារ្យ តាម​ព្រះយេស៊ូ​គ្រីស្ត​ដែល​ជា​មហា​បូជាចារ្យ។ នៅ​ពេល​នេះ យើង​ហ៊ាន​និយាយ​ថា “យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ”។ មិន​មែន​ជា​អ្នក​ចម្បាំង ដើម្បី​បំផ្លាញ ដើម្បី​ណែនាំ​ឱ្យ​មាន​ភាព​ស្អប់​គ្នា ប៉ុន្តែ​ដើម្បី​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​ពន្លឺ​និង​សេចក្តី​ពិត​ឈ្នះ​គ្រប់​ពេល​វេលា គ្រប់​កាលៈទេសៈ។ បន្តិច​ទៀត ដែល​យើង​ចូល​នៅ​ក្នុង​សប្តាហ៍​ពិសិដ្ឋ យើង​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ ដើម្បី​ឈ្នះ​អំពើ​ហិង្សា ដើម្បី​ឈ្នះ​អំពើ​បាប ដើម្បី​ឈ្នះ​ការ​ស្អប់​គ្នា​នៅ​លើ​ផែនដី​ទាំង​មូល។

លោក​ឪពុក​ជា​ទី​ស្រឡាញ់ ពិត​មែន​យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ ការ​ប្រយុទ្ធ​របស់​យើង​គឺ​ជា​ការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​សេរីភាព ដើម្បី​រំដោះ​មនុស្ស​លោក​ឱ្យ​រក​ឃើញ​ផ្លូវ​នៃ​ជីវិត​អស់​កល្ប​ជានិច្ច។ អាវុធ​របស់​យើង គឺ​ជំនឿ គឺ​សេចក្តី​ស្រឡាញ់ គឺ​ធម៌​មេត្តា​ករុណា និង​សេចក្តី​សង្ឃឹម។ សមរភូមិ​របស់​យើង​គឺ​ដួង​ចិត្ត​របស់​យើង​យ៉ាង​ពិត​ប្រាកដ ដោយសារ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​មាន​ការ​ប្រយុទ្ធ​យ៉ាង​ច្រើន។ ប៉ុន្តែ ជា​ពិភព​លោក​ទាំង​មូល​ដែល​យើង​ឃើញ​មាន​ការ​ចង​ដៃ​ចង​ជើង ដែល​ណែនាំ​ឱ្យ​យើង​បាត់​បង់​សេរីភាព។ សេរីភាព​ដែល​យើង​បាន​ទទួល​យ៉ាង​ពេញ​លក្ខណៈ នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​យើង​ជា​បុរស​ជា​ស្ត្រី ជា​តំណាង ជា​រូបរាង​របស់​ព្រះជាម្ចាស់។ លក្ខន្តិក​របស់​យើង គឺ​ព្រះពន្ទូល​របស់​ព្រះជាម្ចាស់។

យើង​ឃើញ​ព្រះអាទិត្យ​កំពុង​លិច ពន្លឺ​កំពុង​បាត់ ប៉ុន្តែ​កុំ​ឱ្យ​យើង​ចេញ​តាម​ទ្វារ​ដ៏​តូច​មួយ ដូច​លោក​យូដា​ដែល​បាន​ចេញ​ពី​ពិធី​ជប់លៀង​ជាមួយ​ព្រះយេស៊ូ នៅ​ពេល​នោះ​យប់​ងងឹត​ហើយ។ ថ្ងៃ​នេះ នៅ​ម៉ោង​៦​ល្ងាច​យើង​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ គឺ​ភព​ព្រះច័ន្ទ ភព​សុក្រ ភព​ព្រហស្បតិ៍ ភព​អង្គារ​ដែល​បាន​នៅ​ត្រង់​ជួរ​គ្នា ហេតុការណ៍​នេះ​កើត​ឡើង​១០០​ឆ្នាំ​ម្តង។ យប់​នេះ លោក​អភិបាល លោក​បូជាចារ្យ នឹង​ប្រកាស​ពាក្យ​សច្ចា​សាជាថ្មី នៅ​ក្នុង​អគ្គ​សញ្ញា​ជា​អភិបាល ជា​បូជាចារ្យ សូម​ផ្ញើ​បេសកកម្ម​របស់​យើង ជីវិត​របស់​យើង​ទៅ​លើ​ព្រះនាង​ម៉ារី។ ដោយសារ ពិត​មែន​ព្រះនាង​ម៉ារី​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ​មុន​គេ​បង្អស់ ចាប់​ផ្តើម​តាំង​ពី​ពេល​ព្រះនាង​បាន​ឆ្លើយ​ថា “នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់ សូម​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ”។ នៅ​ពេល​នោះ ព្រះនាង​ម៉ារី​ឈរ​ឡើង និង​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើរ​ដើម្បី​ចែក​រំលែក​ដំណឹង​ល្អ​នេះ​ដល់​យាយ​អេលីសាប៊េត​។

លោក​ឪពុក​ជា​ទី​ស្រឡាញ់ ឱ្យ​យើង​ឈរ​ឡើង ឱ្យ​យើង​ប្រញាប់​ប្រញាល់ ដើម្បី​ចែក​រំលែក​ដំណឹង​ល្អ​ដល់​ជន​ក្រីក្រ ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​បាន​រក​ឃើញ​ជីវិត​ថ្មី ដោយ​ដោះ​គ្រប់​ចំណង​ដៃ​ចំណង​ជើង ដែល​ណែនាំ​ឱ្យ​យើង​វង្វេង​នៅ​ក្នុង​ផ្លូវ​ងងឹត ជា​ពិសេស​ការ​ច្រណែន ការ​លោភ​លន់។ ឱ្យ​យើង​ប្រញាប់ ដើម្បី​បើក​ភ្នែក​របស់​បង​ប្អូន​ដែល​យើង​ទទួល​ខុស​ត្រូវ ដើម្បី​មើល​ឃើញ​ការ​អស្ចារ្យ​នៃ​ជីវិត ជា​អំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់។ លោក​ឪពុក​ជា​ទី​ស្រឡាញ់ យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ សូម​ឈរ​ឡើង​ឱ្យ​យើង​ដើរ​ត្រង់​នៅ​ក្នុង​អំណរ​សប្បាយ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់។ ព្រះជាម្ចាស់​ជា​ខែល ដើម្បី​ការពារ​យើង​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ងងឹត។

ប៉ុន្មាន​ថ្ងៃ​មុន ខ្ញុំ​បាន​ចូល​រួម​កម្មវិធី​បូជនីយេសចរ​ជា​មួយ​យុវជន​ភូមិភាគ​ភ្នំពេញ ជាង​២០០​នាក់។ នៅ​ពេល​យើង​ឃើញ​គេ​កំពុង​ដើរ កំពុង​អធិដ្ឋាន កំពុង​ស្តាប់​ព្រះបន្ទូល កំពុង​ស្តាប់​ការ​អប់រំ… ខ្ញុំ​មាន​សំណួរ​មួយ​ថា តើ​យើង​ត្រូវ​ចែក​រំលែក​អ្វី​ខ្លះ​ដល់​ពួក​គាត់? តើ​យើង​ត្រូវ​និយាយ​អ្វី​ខ្លះ​ដល់​ពួក​គាត់​ដើម្បី​ឱ្យ​គេ​ភ្លឺ​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន? នៅ​ពេល​នោះ​ខ្ញុំ​បាន​នឹក​ឃើញ​ដល់​លិខិត​របស់​សន្ត​ម្នាក់ ដែល​បាន​សរសេរ​សៀវភៅ “ព្រះអម្ចាស់​ដ៏​តូច”។ នៅ​ឆ្នាំ​១៩៤៤ គាត់​ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​មុន​គាត់​ស្លាប់​ជូន​មេ​ទាហាន​ម្នាក់ គាត់​ក៏​បាន​ដាក់​សំណួរ​ថា តើ​យើង​ត្រូវ​ការ​និយាយ​អ្វី​ខ្លះ​ដល់​មនុស្ស​លោក? គាត់​បាន​និយាយ​ថា តាម​ពិត​មាន​បញ្ហា​តែ​មួយ​សម្រាប់​មនុស្ស​លោក គឺ​ធ្វើ​ដូច​ម្តេច​ឱ្យ​មនុស្ស​លោក​រក​ឃើញ​តម្លៃ​នៃ​ជីវិត​នៅ​ក្នុង​វិញ្ញាណ ឱ្យ​មនុស្ស​លោក​ចាប់​អារម្មណ៍ និង​ព្រួយ​បារម្ភ​អំពី​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ។ យើង​មិន​អាច​រស់​នៅ​ក្នុង​សម្ភារៈ​និយម នៅ​ក្នុង​ជីវិត​នយោបាយ ដោយ​ធ្វើ​របាយ​ការណ៍ ឬ​គម្រោង​ការ​តែ​ប៉ុណ្ណឹង។ ប៉ុន្តែ យើង​ត្រូវ​ការ​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​ពិសេស​ដែល​មក​ពី​ព្រះជាម្ចាស់។ សព្វ​ថ្ងៃ មនុស្ស​នៅ​លើ​ពិភព​លោក​ជាង​២០០០​លាន​នាក់ ចេះ​តែ​ស្ដាប់​សំលេង​របស់​មនុស្ស​យន្ត (Robots) ចេះ​តែ​យក​សំលេង​របស់​មនុស្ស​យន្ត (Robots) និង​ចេះ​តែ​ធ្វើ​តាម​គំនិត​របស់​មនុស្ស​យន្ត (Robots) តែ​ប៉ុណ្ណឹង។

នៅ​ថ្ងៃ​អាទិត្យ យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១ “ប្រជារាស្ត្រ​របស់​យើង​អើយ ពេល​យើង​បើក​ផ្នូរ​ហើយ​នាំ​អ្នក​រាល់​គ្នា​ចេញ​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន យើង​នឹង​ដាក់​វិញ្ញាណ​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ”។ ចេញ​ពី​ផ្នូរ ទទួល​ព្រះវិញ្ញាណ​ដើម្បី​ទទួល​ជីវិត​របស់​ព្រះជាម្ចាស់​ដ៏​ពេញ​លក្ខណៈ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ត្រូវ​ការ​មាន​អ្នក​ចម្បាំង​ការពារ​ពន្លឺ ដើម្បី​បើក​កូន​សោរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ដែល​រារាំង​ផ្លូវ ដើម្បី​ណែនាំ​ឱ្យ​យើង​បំផ្លាញ​ភាព​ងងឹត​នៅ​ក្នុង​ពិភព​លោក។ ដោយ​ដឹង​ថា ភាព​ងងឹត​មាន​ភាព​ដ៏​ស្អាត​បំផុត ដែល​ណែនាំ​ឱ្យ​យើង​វង្វេង​ច្រឡំ​យ៉ាង​ច្រើន ដូច​ពាក្យ​របស់​មារសាតាំង​និយាយ​ទៅ​ព្រះយេស៊ូ។ ល្អ​ស្ដាប់​ណាស់ ចង់​គ្រប់​គ្រង​ទី​ក្រុង ចង់​បាន​នំបុ័ង ចង់​បាន​អំណាច ខ្ញុំ​ឱ្យ​ទាំង​អស់ ជា​ពិសេស​នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​ឃ្លាន។ ប្រសិន​បើ យើង​មើល​ពិភព​លោក​របស់​យើង​សព្វ​ថ្ងៃ ណែនាំ​ឱ្យ​យើង​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ធម្មជាតិ ដោយ​សាង​សង់​សុទ្ធ​តែ​ទី​ក្រុង អាគារ​បេតុង ដែល​ញុំាំ​តែ​ម្ហូប​អាហារ​ដែល​គេ​កែច្នៃ។ សព្វ​ថ្ងៃ ពិភព​លោក​របស់​យើង​ណែនាំ​ឱ្យ​រូប​កាយ​របស់​យើង ប្រាជ្ញា​របស់​យើង​ទៅ​ឆ្ងាយ​ពី​ជម្រៅ​ចិត្ត​នៃ​សេចក្ដី​ត្រូវ​ការ។ ពិភព​លោក​របស់​យើង​សព្វ​ថ្ងៃ ណែនាំ​ឱ្យ​យើង​ផ្តាច់​ទំនាក់​ទំនង​ជា​ពិសេស​ជា​មួយ​ផ្លូវ​វិញ្ញាណ ដែល​ណែនាំ​ឱ្យ​វត្តមាន​របស់​ព្រះជាម្ចាស់​ចេញ​ពី​សង្គម​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​ដើរ​ឆ្ងាយ​ពី​ព្រះជាម្ចាស់​នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​មើល​ឃើញ។

យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ កុំ​ឱ្យ​យើង​ខ្លាច​អី ឱ្យ​យើង​សំឡឹង​មើល​ព្រះយេស៊ូ​គ្រីស្ត​នៅ​លើ​ឈើឆ្កាង ជា​ពិសេស​នៅ​ពេល​ព្រះយេស៊ូ​គ្រីស្ត​លាង​ជើង​ដល់​ក្រុម​សាវ័ក ជា​ពិសេស​នៅ​ពេល​ព្រះយេស៊ូ​អធិដ្ឋាន​នៅ​សួន​កេតសេម៉ានី ជា​ពិសេស​នៅ​ពេល​ព្រះយេស៊ូ​នៅ​ស្ងៀម​ស្ងាត់​នៅ​ក្បែរ​លោក​ប៉ុនពីឡាត់។ នៅ​ពេល​ព្រះយេស៊ូ​ដួល​លើក​ទី​មួយ លើក​ទី​ពីរ លើក​ទី​បី ដោយសារ​ឈើឆ្កាង នៅ​ពេល​ព្រះយេស៊ូ​សោយ​ទិវង្គត​នៅ​លើ​ព្រះឈើឆ្កាង ដោយ​ផ្ញើ​វិញ្ញាណ​ទៅ​លើ​ព្រះជាម្ចាស់ “សព្វគ្រប់​ហើយ”។

លោក​ឪពុក​ជា​ទី​ស្រឡាញ់ ពិត​មែន​យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ ដើម្បី​ធ្វើ​បាន​យើង​ត្រូវ​ការ​មាន​គុណធម៌​នៅ​ក្នុង​ជីវិត​របស់​យើង៖

ទី​១ ភក្តី​ភាព ភក្ដី​ភាព​ចំពោះ​ព្រះសហគមន៍ ភក្តី​ភាព​ចំពោះ​ព្រះជាម្ចាស់ ភក្តី​ភាព​ចំពោះ​ប្រជារាស្ត្រ​របស់​យើង​ដែល​កំពុង​ទន្ទឹង​រង់​ចាំ​សេចក្តី​ពិត និង​ចំពោះ​បេសកកម្ម​របស់​យើង។

ទី​២ ចិត្ត​អត់​ធ្មត់ តាម​ពិត​អ្នក​ចម្បាំង​ការពារ​ពន្លឺ​ដើរ​មួយៗ ដោយ​សារ​គាត់​ដឹង​ថា​គាត់​ចូល​រួម​នៅ​ក្នុង​ពេល​វេលា​ដ៏​សំខាន់​នៃ​ប្រវត្តិ​របស់​មនុស្ស​លោក។ មុន​ណែនាំ​ឱ្យ​មនុស្ស​លោក​កែ​ប្រែ យើង​ត្រូវ​ការ​កែ​ប្រែ​ខ្លួន​ឯង នេះ​ជា​ចំណុច​សំខាន់​បំផុត​ដើម្បី​ទៅ​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ។ នៅ​ក្នុង​ភាព​អត់​ធ្មត់ យើង​ត្រូវ​តែ​អធិដ្ឋាន​ទៅ​ព្រះជាម្ចាស់​កែ​ប្រែ​ដួង​ចិត្ត​របស់​យើង តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដើម្បី​យល់​ចិត្ត​បង​ប្អូន​ដែល​យើង​ទទួល​នៅ​ក្នុង​បេសកកម្ម និង​ព្រះសហគមន៍​របស់​យើង។

ទី​៣ មាន​ជំនាញ​ប៉ិន​ប្រសប់ យើង​ជា​កូន​ពន្លឺ​ដែល​ត្រូវ​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​តូច ប៉ុន្តែ​ដោយ​ដឹង​ថា​ការ​ប្រយុទ្ធ​នីមួយៗ​មាន​តម្លៃ​ណាស់។ យើង​ត្រូវ​ការ​វាយ​តម្លៃ តាម​ព្រះពន្លឺ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ យើង​ទទួល​ជីវិត​ដ៏​តូច​តាច ជីវិត​ដ៏​មាន​តម្លៃ​បំផុត ជីវិត​របស់​បង​ប្អូន​ម្នាក់ៗ​ដែល​យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា ដើម្បី​មើល​ឃើញ​ពន្លឺ។

ទី​៤ មាន​ចិត្ត​សប្បុរស​និង​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ លោក​ឪពុក​ជា​ទី​ស្រឡាញ់​យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ​យើង​ត្រូវ​ការ​មាន​នេះ។ យើង​មិន​ត្រូវ​មាន​ចិត្ត​ស្អប់ ឬ​ចិត្ត​ច្រណែន ផ្ទុយ​ទៅ​វិញ​យើង​ដើរ​ដោយ​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជានិច្ច “សូម​ស្រឡាញ់​ស​ត្រូវ សូម​ធ្វើ​អំពើ​ល្អ​ដល់​មនុស្ស​ដែល​ស្អប់​យើង ជា​ពិសេស​សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ”។

ទី​៥ ថែរក្សា ពិត​មែន​អ្នក​ចម្បាំង​ការពារ​ពន្លឺ​ថែរក្សា​រហូត ពាក្យ​ប្រស្នា​របស់​ព្រះយេស៊ូ​អំ​ពី​មនុស្ស​សប្បុរស​កំពុង​ធ្វើ​ដំណើរ​ដោយ​ចេះ​មើល​អ្នក​ដែល​កំពុង​រង​ទុក្ខ​លំបាក ដោយ​យក​ចិត្ត​ទុក​ដាក់ ដោយ​ស្រឡាញ់ ដោយ​ណែនាំ​ឱ្យ​គេ​មាន​ជីវិត​ថ្មី។

ទី​៦ បូជា លះ​បង់ និង​តស៊ូ អ្នក​ចម្បាំង​ការពារ​ពន្លឺ​ជា​អ្នក​ដែល​បូជា លះបង់ និង​តស៊ូ ដោយ​នឹក​រលឹក​ទុក្ខ​លំបាក​របស់​យើង​ទាំង​អស់។ នឹក​រលឹក​របួស​របស់​យើង នឹក​រលឹក​អំពើ​បាប​របស់​យើង ដោយ​ដឹង​ថា​ព្រះយេស៊ូ​បាន​លាង​ជម្រះ​នៅ​ក្នុង​ព្រះលោហិត​របស់​ព្រះគ្រីស្ត នេះ​ជា​កម្លាំង​របស់​យើង​សព្វ​ថ្ងៃ​ដើម្បី​ចូល​នៅ​ក្នុង​សង្រ្គាម ប្រយុទ្ធ​រវាង​ភាព​ងងឹត​និង​ពន្លឺ។

ទី​៧ ថែរក្សា​ស្នាម​ញញឹម ដោយ​សារ​អ្នក​ចម្បាំង​ការពារ​ពន្លឺ​ញញឹម​គ្រប់​ពេល​វេលា មិន​ដែល​ភ័យ​ខ្លាច ដោយ​សារ​គាត់​ដឹង​ថា​មាន​សេចក្ដី​ក្លាហាន​ទៅ​មុខ​ជានិច្ច។ ដោយសារ​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ ណែនាំ​ឱ្យ​គាត់​បើក​ទ្វារ​ទាំង​អស់ ជា​ពិសេស​ទ្វារ​ដែល​រារាំង​ផ្លូវ​នៃ​ជីវិត។

បង​ប្អូន​ជា​ទី​ស្រឡាញ់ តាម​ពិត​ការ​ប្រយុទ្ធ​តែង​នៅ​ក្បែរ​ទ្វារ ក្បែរ​ដួង​ចិត្ត ក្បែរ​ភ្នែក​របស់​យើង ហេតុ​នេះ​ហើយ​ថ្ងៃ​នេះ​ឱ្យ​យើង​ក្រោក​ឈរ​ឡើង ដើម្បី​ធ្វើ​ជា​អ្នក​ប្រឆាំង​នឹង​ភាព​ងងឹត ដើម្បី​យើង​ធ្វើ​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ។ ដោយ​ឈរ​ឡើង ស្តាប់​សន្ត​ប៉ូល​ដែល​ណែនាំ​យើង “ដូច្នេះ ចូរ​មាន​ជំហរ​រឹង​ប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវ៉ាត់​ចង្កេះ យក​សេច​ក្ដី​សុចរិត​ធ្វើ​ជា​អាវ​ក្រោះ យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខ​សាន្ត មក​ពាក់​ជា​ស្បែក​ជើង ជា​ពិសេស​ចូរ​យក​ជំនឿ​ជា​ខែល​ដើម្បី​ឱ្យ​បង​ប្អូន​អាច​ពន្លត់​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារ​កំណាច ចូរ​ទទួល​ការ​សង្រ្គោះ​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះវិញ្ញាណ ចូរ​អធិដ្ឋាន​គ្រប់​ពេល​វេលា​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិដ្ឋាន​និង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូល​អង្វរ​ព្រះជាម្ចាស់​ដោយ​ចិត្ត​ព្យាយាម​បំផុត សម្រាប់​ប្រជាជន​ដ៏​វិសុទ្ធ​ទាំង​អស់”។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email