“យើង​ជា​ថ្ម​ដ៏​មាន​ជីវិត​ដូច​សន្ត​សិលា​និង​សន្ត​ប៉ូល”

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស

នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី

ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទ​ទី​១៖ កិច្ចការ​គ្រីស្ត​ទូត ១២,១-១១
«សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!»។ កក ១២,៨
អត្ថបទ​ទី​២៖ ធីម៉ូថេ ទី​២ ៤,៦-៨,១៧-១៨
ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។ ២​ធម ៤,៧
ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩
នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍​របស់​ខ្ញុំ។ មថ ១៦,១៨

បង​ប្អូន​ជា​ទី​ស្រឡាញ់!

មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?” នេះ​ជា​សំណួរ​ដែល​ព្រះយេស៊ូ​បាន​សួរ​ក្រុម​គ្រីស្ត​ទូត​នៅ​ព្រឹក​នេះ។ នៅ​ពេល​លោក​ម៉ូសេ បាន​សួរ​ទៅ​ព្រះជាម្ចាស់​ថា តើ​ព្រះអង្គជានរណា? ព្រះជាម្ចាស់​បាន​ឆ្លើយ​ថា “ខ្ញុំជាខ្ញុំ” ចម្លើយ​នេះ​ជា​ចម្លើយ​ដែល​ណែនាំ​ឲ្យ​មាន​អាថ៌​កំបាំង​មែន​ទែន ដោយសារ​មាន​តែ​ខ្ញុំ​ផ្ទាល់​ដែល​ដឹង​ថា​ខ្ញុំ​ជា​នរណា។ ថ្ងៃ​នេះ យើង​បាន​ស្ដាប់​ចម្លើយ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឲ្យ​យើង​គិត​ពិចារណា សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ សម្រាប់​យើង​ដែល​ដើរ​តាម​ព្រះយេស៊ូ តើចម្លើយខ្ញុំជាខ្ញុំជាចម្លើយគ្រប់គ្រាន់ទេ? សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ការ​ពិចារណា​អំពី​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។

បង​ប្អូន​ដែល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ថ្ងៃ​នេះ យើង​ដឹង​ថា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​រក​ឃើញ​អត្ថន័យ​ដ៏​ថ្លៃ​ថ្នូរ នៅ​ពេល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ ថ្ងៃ​នេះ ដែល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ជា​ពេល​វេលា​ដើម្បី​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំជានរណាដែលជាសាវ័ករបស់ព្រះយេស៊ូ? តើ​ខ្ញុំជានរណាជាខ្មែរមួយរូបដែលដើរតាមព្រះយេស៊ូ? តើ​អត្តសញ្ញាណរបស់ខ្ញុំ​មាន​អ្វី​ខ្លះ?

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​មាន​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​ជា​គំរូ​ពិសេស​ដើម្បី​ដឹកនាំ​យើង និង​ដើម្បី​ឲ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ពិត​មែន ខ្ញុំ​ជា​ខ្ញុំ ប៉ុន្តែ​តើ​ខ្ញុំផ្ទាល់ជានរណា? បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រឹក​ឡើង​ពេល​យើង​ភ្ញាក់​ពី​ដេក ឲ្យ​យើង​មើល​ព្រះជាម្ចាស់ ឲ្យ​យើង​ជម្រាប​សួរ​ព្រះជាម្ចាស់ និង​ឲ្យ​យើង​ទូល​អង្វរ​ព្រះជាម្ចាស់ ឱ​ព្រះជាម្ចាស់​អើយ! ថ្ងៃ​នេះ​តើ​ព្រះអង្គ​ចង់ឲ្យខ្ញុំធ្វើអ្វីខ្លះ? ថ្ងៃ​នេះ​តើ​ព្រះអង្គ​ចង់ឲ្យខ្ញុំទៅណា? នៅ​ក្នុង​អត្ថបទ​ទី​២ ដែល​យើង​បាន​ស្ដាប់​អំបាញ់មិញ ជា​អត្ថបទ​យ៉ាង​ពិរោះ​បំផុត​ដែល​លោក​ប៉ូល​បង្ហាញ​អំពី​របៀប​ដែល​គាត់​យក​ចិត្ត​ទុក​ដាក់ រត់​អស់​មួយ​ជីវិត​ដល់​គោល​ដៅ​របស់​គាត់។ គោល​ដៅ​របស់​គាត់ គឺ​សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ពិត​មែន យើង​ទទួល​ស្គាល់​គោល​ដៅ​នៃ​ជីវិត​របស់​យើង គឺ “តយុទ្ធ​ល្អ​ប្រសើរ​ដើម្បីរត់ដល់គោលដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល”។ ទោះ​បី​ពិបាក​ក៏​ដោយ ទោះបី​អស់​កម្លាំង​ក៏​ដោយ ទោះ​បី​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម​ក៏​ដោយ យើង​មាន​ជំនឿ​របស់​យើង​ដែល​ជម្រុញ​ឲ្យ​យើង​ធ្វើ​ដំណើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឲ្យ​ដល់​គោល​ដៅ​របស់​យើង គឺ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។

ថ្ងៃ​នេះ ព្រះសហគមន៍​ឲ្យ​យើង​លើក​តម្កើង​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​ជា​គ្រីស្ត​ទូត​ទាំង​ពីរ ដែល​បាន​ទទួល​មរណភាព​ជា​មរណ​សាក្សី​នៅ​ទី​ក្រុង​រ៉ូម។ លោក​សិលា​ស្លាប់ ដោយ​គេ​ឆ្កាង​បញ្ច្រាស ឲ្យ​ក្បាល​នៅ​ក្រោម​ជើង​នៅ​លើ រី​ឯ​លោក​ប៉ូល​បាន​ស្លាប់​នៅ​ខាង​ក្រៅ​ទីក្រុម​រ៉ូម​ដោយ​គេ​កាត់​ក​របស់​គាត់។ នៅ​ពេល​ក្បាល​របស់​សន្ត​ប៉ូល ធ្លាក់​ដល់​ដី​បាន​លោត​បី​ដង នឹង​មាន​ទឹក​ផុស​ចេញ​ពី​កន្លែង​នោះ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​មាន​គំរូ​ពិសេស ថ្ងៃ​នេះ​យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ព្រះយេស៊ូ​បាន​ដាក់​ឈ្មោះ​ឲ្យ​លោក​សិលា សិលា​គឺ​ថ្ម​ដ៏​ពិសេស​ដែល​ព្រះយេស៊ូ​បាន​យក​ដើម្បី​កសាង​ព្រះសហគមន៍​របស់​ព្រះអង្គ។ ប្រសិន​បើ យើង​ពិចារណា​ថ្ម​រឹង​មាំ​ណាស់ ពេល​លោក​សិលា​បាន​ឆ្លើយ​តប​ការ​ត្រាស់​ហៅ​របស់​ព្រះយេស៊ូ ភ្លាម​គាត់​លះ​បង់​អ្វីៗ​ទាំងអស់​ដើម្បី​ទៅ​ជា​អ្នក​នេសាទ​មនុស្ស។ នៅ​ពេល​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​គាត់ គាត់​បាន​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​នៅ​ជា​មួយ​ព្រះយេស៊ូ​រហូត ជា​លោក​សិលា​ដែល​បាន​ឆ្លើយ​មុន​គេ​បង្អស់ “ព្រះអង្គជាព្រះសង្គ្រោះ ព្រះអង្គជាព្រះមេស៊ី”។ លោក​សិលា បាន​ប្រកាស​ថា​នៅ​ពេល​ព្រះអង្គ​ទៅ​ណា​ខ្ញុំ​ទៅ​ដែរ​ខ្ញុំ​មិន​ចង់​ចោល​ព្រះអង្គ​ទេ ជា​លោក​សិលា​ដែល​បាន​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ជា​ថ្ម​រឹង​មាំ​ដើម្បី​ណែនាំ​ឲ្យ​ព្រះសហគមន៍​របស់​យើង​មាន​ជំនឿ​ទៅ​លើ​ព្រះយេស៊ូ​គ្រីស្ត​ជា​ព្រះអម្ចាស់។

ប៉ុន្តែ យើង​មាន​ថ្ម​ល្មម​ដែរ ដែល​គេ​ដាក់​នៅ​ក្នុង​គ្រឹះ​ពេល​គេ​សាង​សង់​ផ្ទះ លោក​សិល​ជា​ថ្ម​ហ្នឹង​ដើម្បី​កសាង​មូល​ដ្ឋាន​គ្រឹះ​នៃ​ព្រះសហគមន៍ ជា​ថ្ម​សំខាន់​ដែល​ជា​ត្រី​វិស័យ​ដែល​ណែនាំ​ឲ្យ​យើង​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ។ ប្រសិន​បើ នៅ​ក្នុង​ជីវិត​របស់​យើង​អត់​មាន​គោល​ដៅ យើង​អត់​មាន​ត្រី​វិស័យ​ដើម្បី​ដឹកនាំ​យើង អត់​មាន​ផ្កាយ​ដែល​ភ្លឺ​នៅ​លើ​ផ្ទៃ​មេឃ​នៃ​ជីវិត​របស់​យើង យើង​អត់​ដឹង​ទៅ​ណា​ទេ។ លោក​សិលា​ជា​ត្រី​វិស័យ​នេះ លោក​សិលា​ជា​ផ្កាយ​ហ្នឹង ដែល​ដឹក​នាំ​ជីវិត​របស់​យើង​ឲ្យ​យើង​ចេះ​សម្លឹង​មើល​ព្រះយេស៊ូ​គ្រីស្ត ឲ្យ​យើង​ដឹង​ថា​នៅ​ពេល​យើង​ដើរ​តាម​លោក​សិលា​យើង​មិន​វង្វេង​ផ្លូវ​ទេ។ នៅ​ពេល​យើង​ប្រកាស​ជំនឿ​របស់​យើង តើជឿលើព្រះសហគមន៍? តើជឿលើព្រះយេស៊ូគ្រីស្ត? តើជឿលើព្រះជាម្ចាស់? តើជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ? យើង​ឆ្លើយ​ថា​ខ្ញុំ​ជឿ។ យើង​អាច​ជឿ​នៅ​ក្នុង​ជំនឿ​របស់​លោក​សិលា​ពី​ដើម នេះ​ជា​ថ្ម​ដ៏​សំខាន់។

យើង​មាន​ថ្ម​មួយ​ប្រភេទ​ទៀត គឺ​ថ្ម​តូចៗ​នៅ​លើ​ផ្លូវ ជួន​កាល​ពេល​យើង​ដើរ​នៅ​លើ​ផ្លូវ​ពេល​មាន​ថ្ម​នេះ​ណែនាំ​ឲ្យ​យើង​ដួង។ យើង​ដឹង​ថា ជីវិត​លោក​សិលា​ក៏​ដូច​គ្នា​ដែរ លោក​សិលា​បាន​ដួល លោក​សិលា​ជា​មនុស្ស​សាមញ្ញ​ធម្មតា។ នៅ​ពេល​គេ​សួរ​គាត់ តើ​អ្នក​ជាសាវ័ករបស់យេស៊ូ​នេះ​មែន​ទេ?លោក​សិលា​បាន​បដិសេធ​៣​ដង ថា​មិន​ស្គាល់ព្រះអង្គ។ នៅ​ពេល​មាន់​រងាវ​ហើយ លោក​សិលា​នៅ​ទល់​មុខ​ព្រះយេស៊ូ ព្រះអង្គ​បែរ​ព្រះភ័ក្ត្រ​មើល​លោក​សិលា ពេល​លោក​សិលា​មើល​ភ្នែក​របស់​ព្រះយេស៊ូ​លោក​សិលា​បាន​យំ។ ដោយសារ គាត់​នឹក​ឃើញ​ពិត​មែន​ខ្ញុំ​ជា​មនុស្ស​ទន់​ខ្សោយ ខ្ញុំ​ដួល​ហើយ។ នេះ​ជា​ថ្ម​តូច​ណាស់ នៅ​តាម​ផ្លូវ​ដែល​ណែនាំ​ឲ្យ​យើង​ដួល​ជីវិត​របស់​យើង។

ប៉ុន្តែ នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូ​យាង​មក​ដើម្បី​មក​ជួប​លោក​សិលា​ផ្ទាល់ ដោយ​សួរ​សំណួរ​ដល់​លោក​សិលា​៣​ដង​ថា តើ​លោក​ស្រឡាញ់ខ្ញុំទេ? លោក​សិលា​ឆ្លើយ​ថា “ខ្ញុំស្រឡាញ់” នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​លើក​លែង​ទោស​ឲ្យ​គាត់។ អំពើ​បាប​របស់​គាត់ ភាព​ទន់​ខ្សោយ​របស់​គាត់ ជា​អ្វី​ដែល​ណែនាំ​ឲ្យ​គាត់​ទៅ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ។ ជា​មនុស្ស​ទន់​ខ្សោយ ដោយ​ដឹង​ថា​ទោះ​បី​ទន់​ខ្សោយ​ក៏​ដោយ មាន​ព្រះជាម្ចាស់​ដែល​លើក​លែង​ទោស​ឲ្យ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​គំរូ​សម្រាប់​យើង ដូច្នេះ​នៅ​ពេល​យើង​សួរ​ខ្ញុំ​ជា​នរណា? ខ្ញុំ​មិន​មែន​ខ្ញុំ​តែ​ប៉ុណ្ណឹង ប៉ុន្តែ​ខ្ញុំ​ជា​សាវ័ក​របស់​ព្រះយេស៊ូ ខ្ញុំ​ជា​គ្រីស្ត​ទូត​មួយ​រូប​ដូច​លោក​សិលា ជួន​កាល​ខ្ញុំ​រឹង​មាំ​ដូច​ភ្នំ​ថ្ម ជួន​កាល​ខ្ញុំ​ជា​មូល​ដ្ឋាន​គ្រឹះ​មួយ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ជួន​កាល​ខ្ញុំ​ខ្សោយ​ដែរ ខ្ញុំ​ដួល​ដែរ។ នេះ​ជា​កម្លាំង​របស់​យើង ដោយ​ដឹង​ថា​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​យើង​មាន​សេចក្ដី​សង្ឃឹម​ជានិច្ច ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ។

លោក​ប៉ូល ដែល​បាន​រត់​អស់​មួយ​ជីវិត នៅ​ពេល​គាត់​បាន​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់ គាត់​នឿយ​ហត់​ណាស់ គាត់​ខិត​ខំ​ណាស់។ ប៉ុន្មាន​ដង​គាត់​អស់​សង្ឃឹម ដោយសារ​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​ព្រះសហគមន៍​ដំបូង​វង្វេង ដើរ​តាម​ផ្លូវ​ខុស អស់​កម្លាំង ខ្ជិល វង្វេង​ផ្លូវ។ ប៉ុន្តែ លោក​ប៉ូល​បន្ត​តស៊ូ​ដើម្បី​ប្រកាស​ដំណឹង​ល្អ ធ្វើ​ដំណើរ​ពេល​ខ្លះ​សំពៅ​លិច​ទឹក ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត។ គាត់​បានធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ សរសេរ​សារ​លិខិត​ដល់​គ្រីស្ត​បរិស័ទ​នៅ​ទីក្រុង​កាឡាទី នៅ​ថេស្សាឡូនិក នៅកូឡូស…។ គាត់​បាន​បន្ត​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្ដាល​នៃ​ពិភព​លោក​គឺ​ទីក្រុង​រ៉ូម។ គាត់​បាន​ចេញ​ធ្វើ​ដំណើរ​នៅ​ក្នុង​ពេល​វេលា​ដ៏​ពិបាក​មែន​ទែន ឥត​មាន​យន្ត​ហោះ ឥត​មាន​កប៉ាល់​ដែល​មាន​សុវត្ថិភាព មាន​តែ​សំពៅ​ល្មមៗ​ដើម្បី​ធ្វើ​ដំណើរ​តាម​សមុទ្រ។ ប៉ុន្តែ គាត់​បាន​ទៅ​ដល់​ទីក្រុម​រ៉ូម ដោយសារ​ដឹង​ថា​កន្លែង​នេះ​ជា​កន្លែង​ពិសេស ជា​កណ្ដាល​នៃ​ពិភព​លោក គាត់​ត្រូវ​ការ​ទៅ​ដល់​ទី​នោះ​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ទោះ​បី​ពិបាក​ក៏​ដោយ ទោះ​បី​ជាប់​គុក​ក៏​ដោយ ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​គ្រីស្ត​ជា​ព្រះអម្ចាស់ អំពី​ព្រះយេស៊ូ​គ្រីស្ត​ដែល​ជា​ជីវិត​អស់​កល្ប​ជានិច្ច។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​សម្លឹង​មើល​សន្ត​សិលា​និង​សន្ត​ប៉ូល យើង​រក​ឃើញ​គំរូ​ពិសេស​ដើម្បី​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​របស់​យើង ជា​គ្រីស្ត​បរិស័ទ ជា​យុវជន​យុវនារី​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល។ យើង​ត្រូវ​ដាក់​សំណួរ​ដ៏​សំខាន់​៣​សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ៖

សំណួរទី​១ តើខ្ញុំពោពេញដោយសេចក្ដីស្រឡាញ់ ដ៏ពេញលក្ខណៈ​សម្រាប់ព្រះជាម្ចាស់ និងសម្រាប់ព្រះសហគមន៍របស់ខ្ញុំ​ឬ​ទេ? តើខ្ញុំមានសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈ​ចំពោះព្រះសហគមន៍ និងចំពោះព្រះជាម្ចាស់​ឬ​ទេ? តើសេចក្ដីស្រឡាញ់នេះ ខ្ញុំប្រើរបៀបណាដើម្បីស្រឡាញ់បងប្អូនឯទៀតៗ ដើម្បីកសាងព្រះសហគមន៍ ដើម្បីប្រកាសដំណឹងល្អ ដើម្បីរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ ដោយថែរក្សាអត្តសញ្ញាណរបស់ខ្ញុំជាគ្រីស្តបរិស័ទ? ដូច​សន្ត​ប៉ូល សន្ត​សិលា គាត់​រស់​នៅ​ក្នុង​សង្គម​ដែល​មាន​បរិយាកាស​មួយ​ដ៏​ពិបាក​បំផុត​សម្រាប់​គ្រីស្ត​បរិស័ទ គេ​ស្អប់​គ្រីស្ត​បរិស័ទ។ នៅ​ឆ្នាំ​៦៤​ទីក្រុង​រ៉ូម​បាន​ឆេះ នៅ​ពេល​នោះ​ចៅ​អធិរាជ​ដែល​ឈ្មោះ ណេរុន គាត់​បាន​ចោទ​ប្រកាន់​គ្រីស្ត​បរិស័ទ​ដែល​ដឹក​នាំ​ដោយ​លោក​ប៉ូល ថា​បាន​ណែនាំ​ឲ្យ​ទីក្រុម​រ៉ូម​ឆេះ។ បរិយាកាស​នៅ​សម័យ​នោះ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ពិបាក​ណាស់ ប៉ុន្តែ​អត់​ដែល​លះ​បង់​ចោល​អ្វី​សោះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ តើយើងមានសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈ​នៅក្នុងបរិយាកាសសង្គម​សព្វ​ថ្ងៃ​នេះ ដើម្បីរស់នៅដោយថែរក្សាអត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទ ដែលប្រកាសដំណឹងល្អ ដែលពោពេញដោយសេចក្ដីស្រឡាញ់ដែលមកពីព្រះជាម្ចាស់​ឬ​ទេ?

សំណួរទី​២ តើយើងជាថ្មដ៏រឹងមាំដើម្បីឲ្យព្រះសហគមន៍របស់យើងបានសង់បន្តិចម្ដងៗ ជាព្រះសហគមន៍ដ៏មានជីវិត​ទេ? ឬ​យើង​ជា​ថ្ម​ដ៏​តូច​ដែល​ណែនាំ​ឲ្យ​យើង​ដួល​នៅ​តាម​ផ្លូវ ដោយសារ​យើង​ដើរ​មើល​មិន​ឃើញ។ តើយើងជាថ្មរឹងមាំដែលណែនាំឲ្យព្រះសហគមន៍របស់យើង អាចសាងសង់ជាព្រះសហគមន៍ដែលពោពេញ​ដោយ​ជីវិត ដែលមកពីព្រះជាម្ចាស់​ឬ​ទេ? ថ្ងៃ​នេះ ទូទាំង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី យើង​មាន​៦៨​នាក់​ដែល​ត្រូវ​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស តើយើងមកតែថ្ងៃនេះដើម្បីទទួលអគ្គសញ្ញាលាបថ្ងាស​ឬ? ក្រោយ​មក យើង​ទៅ​កំពង់ស្ពឺ​វិញ យើង​ទៅ​ត្រែងត្រយឹង​វិញ យើងទៅ​ពោធិ៍ចិនតុង​វិញ យើង​ទៅ​ភ្នំពេញ​ថ្មី​វិញ ហើយ​យើង​លែង​ចូល​ព្រះវិហារ​អស់​ហើយ។ យើង​មិន​មែន​ប្រលង​ជាប់​ទេ ដើម្បី​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស យើង​បង្ហាញ​អំពី​ជំនឿ​របស់​យើង យើង​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន។ ដោយសារ ពេល​យើង​ប្រលង​ជាប់​មាន​ន័យ​ថា​ថ្ងៃ​នេះ​ខ្ញុំ​ចែក​សញ្ញា​បត្រ ពេល​ទទួល​សញ្ញា​បត្រ​ហើយ​យើង​លែង​ចូល​ព្រះវិហារ។ ដូច្នេះ ថ្ងៃ​នេះ​យើង​មិន​ទទួល​សញ្ញា​បត្រ​ទេ ថ្ងៃ​នេះ​យើង​បាន​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​ណែនាំ​ឲ្យ​ខ្ញុំ​ទៅ​ជា​ថ្ម​ដ៏​រឹង​មាំ ដែល​ខ្ញុំ​អាច​កសាង​ព្រះសហគមន៍​ស្អាត​ទៅៗ។

សំណួរទី​៣ តើយើងទទួលស្គាល់ភាពទន់ខ្សោយរបស់យើង​ឬ​ទេ? តើយើង​ប្រើ​ភាពទន់ខ្សោយរបស់យើងដើម្បីលើកតម្កើង​សិរីរុងរឿងរបស់ព្រះជាម្ចាស់​ឬ​ទេ? កុំ​ឲ្យ​យើង​គិត​ថា​យើង​ជា​មនុស្ស​អស្ចារ្យ យើង​ជា​មនុស្ស​ដែល​មាន​គ្រប់​សមត្ថភាព យើង​ជា​មនុស្ស​ដែល​គ្មាន​ភាព​ទន់​ខ្សោយ យើង​ជា​មនុស្ស​ដែល​អត់​ត្រូវ​ការ​ទី​ពឹង​ទៅ​លើ​ព្រះជាម្ចាស់​ទេ។ ផ្ទុយ​ទៅ​វិញ ភាព​ទន់​ខ្សោយ​របស់​យើង ព្រះជាម្ចាស់​ប្រើ​ដើម្បី​ឲ្យ​យើង​កែ​ប្រែ​ចិត្ត​គំនិត​បន្តិច​ម្ដងៗ ដោយ​ទទួល​អគ្គ​សញ្ញា​លើក​លែង​ទោស ដោយ​ទទួល​ព្រះកាយ​ព្រះគ្រីស្ត។ លោក​ប៉ូល​ធ្លាប់​មាន​ប្រសាសន៍​ថា “ភាពខ្សោយរបស់ខ្ញុំជាទ្រព្យសម្បត្តិ​ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ស្តាប់​លឺ តើ​ខ្ញុំជានរណា? ឲ្យ​យើង​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាវ័ក​របស់​ព្រះអង្គ​ដ៏​តូច​តាច​ម្នាក់។ ប៉ុន្តែ ដែល​ព្រះអង្គ​ស្រឡាញ់ ដែល​ព្រះអង្គ​លើក​លែង​ទោស​ឲ្យ ខ្ញុំ​មាន​សេចក្ដី​ក្លាហាន ខ្ញុំ​មាន​យោបល់​ល្អ ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត ខ្ញុំ​មាន​ជំនឿ​រឹង​មាំ ខ្ញុំ​ថែរក្សា​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ខ្ញុំ​មាន​ចិត្ត​ល្អ​សម្រាប់​បង​ប្អូន​ឯទៀតៗ។ ប៉ុន្តែ ខ្ញុំ​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​ដូច​សន្ត​ប៉ូល ដូច​សន្ត​សិលា ដូច​ព្រះយេស៊ូ​បាន​លាង​ជើង​ឲ្យ​ក្រុម​គ្រីស្ត​ទូត។ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​តាម​រយៈ​សន្ត​សិលា​និង​សន្ត​ប៉ូល។ នៅ​ក្នុង​អគ្គ​សញ្ញា​លាប​ថ្ងាស សម្រាប់​ព្រះសហគមន៍​យើង​ទាំង​មូល​យើង​រក​ឃើញ​កម្លាំង​ថ្មី ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ដោយ​ដឹង​ថា ព្រះជាម្ចាស់​បាន​ជ្រើស​រើស​យើង​ឲ្យ​យើង​ទៅ​ជា​គ្រីស្ត​ទូត​ដ៏​តូច​តាច​ម្នាក់ ប៉ុន្តែ​ពោរពេញ​ដោយ​តម្លៃ។ ដោយសារ យើង​មាន​សមត្ថភាព​ដើម្បី​ទៅ​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។

នៅ​ពេល​នេះ យើង​អធិដ្ឋាន​សម្រាប់​ព្រះសហគមន៍​របស់​យើង​ទាំង​អស់ នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ឲ្យ​យើង​ទៅ​ជា​អ្នក​កសាង​សុខ​សន្តិភាព ឲ្យ​យើង​ទៅ​ជា​អ្នក​ដែល​ពោរពេញ​ដោយ​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ថែរក្សា​សុខដុមរមនា ដើម្បី​ថែរក្សា​ជីវិត​ដ៏​ពិសេស​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់។ ពិត​មែន គោល​ដៅ​នៃ​ជីវិត​របស់​យើង គឺ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email