ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness

ការ​អប់រំ​ទី​៣​របស់​លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន

ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣

បង​ប្អូន​ជា​ទី​ស្រឡាញ់!

ថ្ងៃ​នេះ ដើម្បី​សាង​សង់​ដំបូល​នៃ​ជីវិត​របស់​យើង យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ស្គាល់​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់។ តាម​ពិត​អស់​មួយ​ជីវិត​របស់​យើង យើង​ស្វែង​យល់​និង​ស្វែង​រក​យើង​ផ្ទាល់​ខ្លួន​ជា​នរណា។ យើង​អាច​មើល​តាម​ពេល​វេលា តាម​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង បន្តិច​ម្តងៗ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ទៅៗ ខ្ញុំ​ជា​នរណា? កញ្ចក់​ដ៏​ពិសេស​ដែល​យើង​មាន ដើម្បី​ស្គាល់​ខ្លួន​ឯង​គឺ​បង​ប្អូន​ឯទៀតៗ ទំនាក់​ទំនង​ដែល​យើង​បង្កើត​ជា​មួយ​បង​ប្អូន​ឯទៀតៗ ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​ចាប់​ផ្តើម​យល់​យើង​ជា​មនុស្ស​របៀប​ណា។

ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​របស់​យើង គោលដៅ​កំពូល​នៃ​ជីវិត​របស់​យើង យើង​អាច​ចែក​ជា​៣​ជម្រើស គឺ​ទី​១ បង្កើត​គ្រួសារ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ទី​២ ចូល​ក្នុង​ក្រុម​បុព្វជិត​បុព្វជិតា ដែល​ថ្វាយ​ខ្លួន​ទៅ​លើ​ព្រះជាម្ចាស់ ទី​៣ ធ្វើ​ជា​បូជាចារ្យ។ យើង​មាន​សរសរ​៣​ដ៏​សំខាន់ ដើម្បី​ជំរុញ​យើង​ឱ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន៖

សរសរ​ទី​១ ជំនឿ ជំនឿ​ទៅ​លើ​ព្រះជាម្ចាស់​ដែល​ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​មាន​ប្រាជ្ញា​ឈ្លាសវៃ ចាស់​ទុំ។ មាន​អ្នក​ខ្លះ គេ​មាន​បទ​ពិសោធន៍​ទទួល​ខុស​ត្រូវ​ពី​ក្មេង ដូច្នេះ​គេ​បាន​កសាង​ជីវិត​ជា​មនុស្ស​ចាស់​ទុំ​ហើយ ដោយ​ចេះ​ទទួល​ខុស​ត្រូវ ចេះ​មើល​ឃើញ ចេះ​យល់​ដឹង…។ ព្រះនាង​ម៉ារី នៅ​ពេល​ទទួល​ដំណឹង​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ប៉ុន្តែ​ទោះ​បី​នៅ​ក្មេង​ក៏​ដោយ​គាត់​មាន​បទ​ពិសោធន៍​ជា​មួយ​ព្រះជាម្ចាស់​នៅ​ក្នុង​ជំនឿ​ពី​ដើម​រៀង​មក។ ទោះ​បី​យើង​មាន​បទ​ពិសោធន៍​ខ្លី​នៅ​ក្នុង​ជំនឿ អាស្រ័យ​លើ​យើង​ចូល​ជ្រៅ​នៅ​ក្នុង​ជំនឿ​នេះ​ឬ​អត់។ នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ជា​ពេល​វេលា​មួយ​ដោយ​ដឹង​ថា​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​បាន​ទទួល​ព្រះអំណោយ​ពិសេស​ដើម្បី​ដឹង​ខុស​ដឹង​ត្រូវ មាន​យោបល់​ល្អ គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដឹង​អំពី​សេចក្តី​ពិត…។ នេះ​ជា​ព្រះអំណោយ​ទាន​នៅ​ក្នុង​ជំនឿ ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ ដើម្បី​មាន​ប្រាជ្ញា​ឈ្លាស​វៃ​និង​ធ្វើ​ដំណើរ​ដល់​គោល​ដៅ​របស់​យើង។ គោល​ដៅ​ធំ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ គឺ​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ទៅ​ជា​អ្នក​ដ៏​វិសុទ្ធ ជា​សន្ត​សន្តី។ ពេល​យើង​និយាយ​អំពី​សន្ត​សន្តី យើង​មិន​និយាយ​ថា​យើង​ជា​មនុស្ស​បរិសុទ្ធ​ដ៏​ពេញ​លក្ខណៈ​ទេ ប៉ុន្តែ​យើង​ទៅ​ជា​មនុស្ស​ដ៏​វិសុទ្ធ។ ដ៏​វិសុទ្ធ មាន​ន័យ​ថា​យើង​ខិត​ខំ​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​ដ៏​វិសុទ្ធ​ដ៏​ពេញ​លក្ខណៈ ប៉ុន្តែ​យើង​ដឹង​ថា​ជួន​កាល​យើង​ដួល​ដែរ។ នៅ​ពេល​យើង​ដួល យើង​ដឹង​ថា​យើង​មាន​ព្រះជាម្ចាស់​ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង និង​លើក​លែង​ទោស​ឱ្យ​យើង​ដើម្បី​ឱ្យ​យើង​ទៅ​មុខ​ត​ទៅ​ទៀត។

សរសរ​ទី​២ ទំនាក់​ទំនង​និង​ធម៌មេត្តា ទំនាក់​ទំនង​ដែល​យើង​មាន​រវាង​គ្នា​និង​គ្នា​នៅ​ក្នុង​ធម៌​មេត្តា​ករុណា មនុស្ស​យើង​ត្រូវ​តែ​មាន​ទំនាក់​ទំនង។ នៅ​ក្នុង​ទំនាក់​ទំនង យើង​មាន​បទ​ពិសោធន៍​អំពី​ធម៌​មេត្តា​ករុណា ស្រឡាញ់​បង​ប្អូន​ឯទៀតៗ។ ប្រសិន​បើ យើង​គ្មាន​មេត្តា​ករុណា​នៅ​ក្នុង​ចិត្ត​របស់​យើង​ទេ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​សង្គម​បាន។ នេះ​ជា​បទ​ពិសោធន៍​ដែល​យើង​មាន អំពី​ព្រះជាម្ចាស់​ដែល​ជា​សេចក្តី​ស្រឡាញ់ យើង​អាច​មាន​បទ​ពិសោធន៍​ដ៏​ពិត​ប្រាកដ​នៅ​ពេល​យើង​អនុវត្ត​ជា​មួយ​បង​ប្អូន​ឯទៀតៗ។

សរសរ​ទី​៣ ថែរក្សា​សេចក្តី​សង្ឃឹម​ជានិច្ច នេះ​ជា​អត្ត​សញ្ញាណ​របស់​គ្រីស្ត​បរិស័ទ ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​ជា​ប្រជារាស្ត្រ​នៃ​សេចក្តី​សង្ឃឹម។ យើង​មិន​ដែល​បញ្ចប់​ជំនឿ​របស់​យើង ទៅ​លើ​ព្រះយេស៊ូ​នៅ​លើ​ព្រះឈើ​ឆ្កាង​ទេ ព្រះយេស៊ូ​នៅ​លើ​ព្រះឈើ​ឆ្កាង​ហើយ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នេះ​ជា​អ្វី​ដែល​ណែនាំ​ឱ្យ​យើង​ខុស​ពី​គេ នៅ​ក្នុង​ជំនឿ​របស់​យើង​យើង​ជឿ​ថា​ព្រះយេស៊ូ​សោយ​ទិវង្គត ដើម្បី​ណែនាំ​ឱ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ការ​សង្រ្គោះ និង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ នេះ​ជា​មូល​ហេតុ នៅ​ក្នុង​ព្រះវិហារ​កាតូលិក​យើង​មាន​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង និង​យើង​មាន​ពន្លឺ​ក្រហម​នៅ​ទូ​ព្រះកាយ ដែល​ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ព្រះយេស៊ូ​គង់​នៅ។ នេះ​ជា​អ្វី​ដែល​ជំរុញ​យើង ដើម្បី​ចូល​នៅ​ក្នុង​គម្រោង​ការ​នៃ​ជីវិត​របស់​យើង ដោយ​ដឹង​ថា​នៅ​លើ​ផ្លូវ​នៃ​ជីវិត​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​មាន​ទុក្ខ​លំបាក យើង​មាន​ឧបសគ្គ​ច្រើន។ សេចក្តី​សង្ឃឹម​របស់​យើង​មិន​អាច​បាត់​បង់​បាន​ទេ នៅ​ក្នុង​ជំនឿ​របស់​យើង​យើង​អាច​យក​ឈ្នះ​ឧបសគ្គ​ដោយសារ​យើង​បាន​អធិដ្ឋាន និង​យើង​មាន​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ។

យើង​មាន​សរសរ​ទាំង​៣​នេះ ដែល​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​គម្រោង​ការ​នៃ​ជីវិត​របស់​យើង យើង​ចង់​ធ្វើ​ជា​សន្ត​សន្តី​នៅ​ក្នុង​ក្រុម​ណា​មួយ ដោយ​ដឹង​ថា​យើង​មិន​ធ្វើ​ដើម្បី​យើង​ផ្ទាល់​ខ្លួន គឺ​ដើម្បី​កសាង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​លើ​ផែនដី​នេះ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ពិចារណា​ដែរ ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​ម្នាក់​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​កសាង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់? ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ មាន​ន័យ​ថា​យើង​កសាង​ពិភព​ថ្មី​រួម​ជា​មួយ​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នៅ​ពេល​យើង​ចេះ​ស្រឡាញ់ នៅ​ពេល​យើង​ចេះ​លើក​លែង​ទោស នៅ​ពេល​យើង​ចេះ​កសាង​សុខ​សន្តិភាព នៅ​ពេល​យើង​ស្រេក​ឃ្លាន​យុត្តិធម៌… នៅ​ពេល​ហ្នឹង​យើង​កំពុង​កសាង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​នៅ​លើ​ផែនដី។ ដើម្បី​ទៅ​មុខ​បាន​យើង​ត្រូវ​ការ៖

ទី​១ ស្គាល់​ខ្លួន​ឯង​ថា​ខ្ញុំ​ជា​ខ្ញុំ សម្រាប់​ព្រះជាម្ចាស់​យើង​ដឹង​ថា យើង​ជា​មនុស្ស​ម្នាក់​ដែល​មាន​តែ​មួយ ខ្ញុំ​ជា​ខ្ញុំ ខ្ញុំ​មិន​មែន​ជា​គេ ផ្លូវ​ខ្ញុំ​ជា​ផ្លូវ​ខ្ញុំ​មិន​មែន​ជា​ផ្លូវ​គេ។ ប្រសិន​បើ យើង​មិន​ស្គាល់​ខ្លួន​ឯង​ច្បាស់ យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​សមត្ថភាព​របស់​យើង​រីក​ចម្រើន។ ពេល​ខ្ញុំ​មាន​២​កាក់​ព្រះជាម្ចាស់​ថែម​២​កាក់​ពី​លើ ខ្ញុំ​មាន​៥​កាក់​ព្រះជាម្ចាស់​ថែម​៥​កាក់​ពី​លើ ប៉ុន្តែ​ពេល​ខ្ញុំ​មាន​១​កាក់​យក​ទៅ​លាក់​ព្រះជាម្ចាស់​ឱ្យ​សូន្យ។ ជីវិត​របស់​ខ្ញុំ ផ្លូវ​របស់​ខ្ញុំ​មាន​តែ​មួយ​គត់ គឺ​ផ្លូវ​ខ្ញុំ​ផ្ទាល់ ដោយ​ដឹង​ថា​យើង​ត្រូវ​ធ្វើ​អស់​ពី​សមត្ថភាព។ នៅ​ក្នុង​គ្រប់​វិស័យ​នៃ​ជីវិត សុខភាព ផ្លូវ​វិញ្ញាណ អប់រំ ទំនាក់​ទំនង ជំនឿ សេចក្តី​ស្រឡាញ់ ការ​អធិដ្ឋាន ពេល​យើង​ហាត់ ពេល​យើង​តស៊ូ យើង​អាច​ទៅ​មុខ។ ប៉ុន្តែ ដោយ​ដឹង​ថា​យើង​មើល​គោល​ដៅ​យើង​ទៅ​ជា​សន្ត​សន្តី ផ្លូវ​ខ្ញុំ​ជា​ផ្លូវ​ខ្ញុំ​មិន​មែន​ផ្លូវ​គេ តែ​យើង​មើល​ពី​គេ​ដែរ​ដើម្បី​យក​ចំណុច​ល្អ កម្លាំង​ល្អ​ដើម្បី​ទៅ​មុខ។

ទី​២ ទុក​ពេល​វេលា កុំ​ឱ្យ​យើង​ប្រញាប់​ពេក​យើង​ដឹង​ថា​អ្វីៗ​ទាំង​អស់​ត្រូវ​ការ​ពេល បូជនីយេសចរ​របស់​យើង​គឺ​យើង​ដើរ​មួយៗ​ដោយ​អធិដ្ឋាន ដោយ​គិត​អំពី​ព្រះជាម្ចាស់ ដោយ​គិត​អំពី​ជីវិត​យើង ដោយ​បង្កើត​ទំនាក់​ទំនង…។ ប្រសិន​បើ យើង​ចូល​ទេវៈវិទ្យាល័យ​មួយ​ខែ​ក្រោយ​មក​ខ្ញុំ​តែង​តាំង​ភ្លាម យើង​មិន​បាន​ទទួល​ការ​អប់រំ យើង​មិន​បាន​ទទួល​បទ​ពិសោធន៍ នៅ​ពេល​យើង​ទៅ​ជា​បូជាចារ្យ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ។ ដូច្នេះ យក​ពេល​ដើម្បី​ធ្វើ​ដំណើរ​ដូច​ព្រះនាង​ម៉ារី ប្រញាប់​ប្រញាល់​ដើម្បី​ឈរ​ឡើង​មិន​មែន​ដើម្បី​ទៅ​ដល់​កន្លែង។ យើង​ប្រញាប់​ប្រញាល់​តាម​របៀប​ព្រះនាង​ម៉ារី ប៉ុន្តែ​យើង​យក​ពេល​ដើម្បី​ធ្វើ​ដំណើរ ទុក​ពេល​វេលា​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជីវិត​យើង។

ទី​៣ សូម​យល់​ថា​ខ្ញុំ​បំភ្លឺ​បង​ប្អូន​ឯទៀតៗ​ដោយ​ពន្លឺ​ដែល​ចេញ​ពី​ដួង​ចិត្ត​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​ខ្ញុំ​ត្រូវ​ការ​ថែរក្សា​ពន្លឺ​នៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ។ យើង​ត្រូវ​ការ​ស្គាល់​ខ្លួន​ឯង ទើប​យើង​អាច​ថែរក្សា​ពន្លឺ​របស់​ខ្លួន​បាន។

ដូច្នេះ សរុប​សេចក្តី​យើង​មាន​សរសរ​៣​ដ៏​សំខាន់ ដើម្បី​ជំរុញ​យើង​ឱ្យ​ធ្វើ​ដំណើរ គឺ​ទី​១ ជំនឿ ទី​២ ទំនាក់​ទំនង​និង​មេត្តា​ករុណា ទី​៣ សេចក្តី​សង្ឃឹម​ដើម្បី​កសាង​ពិភព​ថ្មី។ ដើម្បី​ទៅ​មុខ​ដោយ​ដឹង​ថា ទី​១ ផ្លូវ​នៃ​ជីវិត​ខ្ញុំ​ជា​ផ្លូវ​នៃ​ជីវិត​ខ្ញុំ​មិន​មែន​របស់​គេ ទី​២ ខ្ញុំ​មាន​ពេល យើង​ទុក​ពេល​វេលា​ធ្វើ​ដំណើរ​មួយៗ​ដើម្បី​ដល់​គោល​ដៅ​របស់​យើង ទី​៣ យើង​ជា​ពន្លឺ​លុះត្រាតែ​យើង​បាន​ថែរក្សា​ពន្លឺ ដើម្បី​បំភ្លឺ​បង​ប្អូន​ឯទៀតៗ។ ដូច្នេះ ដើម្បី​ថែរក្សា​និង​ជោគជ័យ​នេះ​ទាំង​អស់​យើង​ត្រូវ​ការ​ស្គាល់​ខ្លួន​ឯង។

យើង​ជា​អ្នក​មាន​បាប​ដែល​ព្រះជាម្ចាស់​លើក​លែង​ទោស​ឱ្យ នេះ​ជា​កម្លាំង​មួយ​ដើម្បី​ទៅ​មុខ។ ព្រះយេស៊ូ​បាន​ធ្វើ​ដំណើរ​រហូត ប៉ុន្តែ​សង្គម​បច្ចុប្បន្ន​នេះ​ណែនាំ​ឱ្យ​យើង​អង្គុយ​រហូត។ បង្កើត​ទំនាក់​ទំនង​សព្វ​ថ្ងៃ មិន​មែន​ដូច​ពី​សម័យ​ព្រះនាង​ម៉ារី​ទៅ​ជួប​យាយ​អេលីសាប៊ិត​ទេ យើង​និយាយ​គ្នា​ពី​ចម្ងាយ (Online)។ យើង​ត្រូវ​ការ​ដើរ​រហូត ធ្វើ​នៅ​ដំណើរ​នៅ​ក្នុង​ដួង​ចិត្ត​ផង នៅ​ក្នុង​ជីវិត​ផង។

តស៊ូ​នៅ​លើ​ផ្លូវ​នៃ​ជីវិត​របស់​យើង​ដើម្បី​ទៅ​ដល់​គោល​ដៅ​ដូច​ព្រះនាង​ម៉ារី ព្រះនាង​ខុស​ពី​គ្រីស្ត​ទូត​ទាំង​អស់ គឺ​ព្រះនាង​ម៉ារី​ដែល​នៅ​ក្បែរ​ឈើ​ឆ្កាង។ ចាប់​ពី​ពេល​ដែល​ព្រះនាង​ឆ្លើយ​ថា “ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់” ព្រះនាង​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ នៅ​ក្បែរ​ព្រះយេស៊ូ​រហូត​ដល់​ឈើ​ឆ្កាង។ មាន​ន័យ​ថា​ព្រះនាង​ម៉ារី​បាន​តស៊ូ ដើម្បី​ទៅ​ដល់​គោល​ដៅ​របស់​ព្រះនាង តស៊ូ​ដើម្បី​ទៅ​ដល់​គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​សន្ត​សន្តី។ សន្ត​ប៉ូល​ធ្លាប់​និយាយ​ថា “ខ្ញុំ​បាន​តស៊ូ ខ្ញុំ​បាន​រត់​ដល់​គោល​ដៅ​ហើយ ខ្ញុំ​បាន​ថែរក្សា​ជំនឿ​របស់​ខ្ញុំ ខ្ញុំ​បាន​ថែរក្សា​សេចក្តី​សង្ឃឹម​របស់​ខ្ញុំ”។

តស៊ូ​នៅ​លើ​ផ្លូវ​នៃ​ជីវិត​របស់​យើង​ដើម្បី​ទៅ​ដល់​គោល​ដៅ!

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email