ព្រះសហគមន៍​ដ៏​មាន​ជីវិត”

អភិបូជា​និង​ប្រសិទ្ធី​ពរ​លើ​អាគារ​ថ្មី

នៅ​ព្រះសហគមន៍​សន្ត​សិលា ពោធិ៍ធំ

ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៣

អត្ថបទ​ទី​១៖ អេសាយ ២២,១៩-២៣យើង​នឹង​តាំង​គាត់​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម។ អស ២២,អត្ថបទ​ទី​២៖ រ៉ូម ១១,៣៣-៣៦តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះ‌អង្គ? រម ១១,៣៤ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-២០នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍*​របស់​ខ្ញុំ។ មថ ១៦,១៨

បង​ប្អូន​ជា​ទី​ស្រឡាញ់!

ពិត​មែន សំណួរ​ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ ជា​សំណួរ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​តែ​ស្ដាប់​សម្រាប់​យើង​ដែរ។ ព្រះយេស៊ូ​សួរ​ដល់​ក្រុម​គ្រីស្ត​ទូត​ថា “តើ​ខ្ញុំជានរណា?” នេះ​ជា​សំណួរ​ដែល​ព្រះយេស៊ូ​សួរ​ដល់​យើង​ដែរ។

ថ្ងៃ​នេះ ខ្ញុំ​ចង់​ឲ្យ​យើង​មើល​អំពី​លោក​សិលា ឲ្យ​យើង​មើល​អំពី​របៀប​ដែល​ព្រះសហគមន៍​រស់​នៅ​សព្វ​ថ្ងៃ និង​ចែក​តួនាទី​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ នៅ​ពេល​លោក​សិលា​បាន​ឆ្លើយ​ដោយ​នាម​ក្រុម​គ្រីស្ត​ទូត​ទាំង​អស់​ថា “លោកជាព្រះគ្រីស្ត លោកជាព្រះសង្គ្រោះ លោកដែលយាងមកដើម្បីនៅជាមួយយើង ដែល​មានព្រះជន្ម​គង់នៅ”។ មាន​តែ​លោក​សិលា​ដែល​មាន​ចម្លើយ​យ៉ាង​ត្រឹម​ត្រូវ អ្នក​ផ្សេង​គេ​ថា​ជា​លោក​អេលី ជា​ព្យាការី​ណា​ម្នាក់…។ ប៉ុន្តែ លោក​សិលា​បាន​ឆ្លើយ​យ៉ាង​ច្បាស់​ថា “លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ”។ ចម្លើយ​នេះ ណែនាំ​ឲ្យ​លោក​សិលា​ទទួល​តួនាទី​ថ្មី​មួយ​ភ្លាម “ខ្ញុំសូមប្រាប់អ្នកថា អ្នកឈ្មោះសិលាហើយនៅលើផ្ទាំងសិលានេះ ខ្ញុំ​នឹសង់ព្រះសហគមន៍របស់ខ្ញុំ”។ នៅ​ពេល​លោក​សិលា បាន​ឆ្លើយ​យ៉ាង​ច្បាស់​លាស់​អស់​ពី​ជំនឿ​របស់​គាត់​ថា ពិត​មែន​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត។ ប៉ុន្តែ គាត់​មិន​គិត​ថា​គាត់​នឹង​ត្រូវ​ទៅ​ជា​អ្នក​ដឹក​នាំ​ក្រុម​គ្រីស្ត​ទូត និង​ទទួល​តួនាទី​ជា​សម្ដេចប៉ាប​ដំបូង​នោះ​ទេ។ លោក​សិលា គាត់​ខិតខំ​ឆ្លើយ​អ្វី​ដែល​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​ជួយ​បំភ្លឺ​គាត់។ នៅ​ពេល​នោះ គាត់​ទទួល​តួនាទី​មួយ​យ៉ាង​ពិសេស​បំផុត គឺ​ដឹក​នាំ​នៅ​ក្នុង​របៀប​មួយ​ដែល​គាត់​មាន​អំណាច ដើម្បី​ណែនាំ​ឲ្យ​មនុស្ស​ឡើង​ស្ថាន​បរម​សុខ ដើម្បី​ណែនាំ​ឲ្យ​មនុស្ស​មាន​សេចក្ដី​សុខ និង​ជីវិត​អស់​កល្ប​ជានិច្ច។ រហូត​ដល់​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះអង្គ​មាន​ព្រះបន្ទូល​ម្ដង​ទៀត ឲ្យ​គាត់​ទទួល​ព្រះសហគមន៍ ឲ្យ​គាត់​ទៅ​ជា​គ្រីស្ត​ទូត​ទី​មួយ ដើម្បី​ដឹក​នាំ​ក្រុម​គ្រីស្ត​ទូត និង​ដើម្បី​រៀបចំ​ព្រះសហគមន៍។ ជីវិត​ជា​សម្ដេច​ប៉ាប​របស់​គាត់​ជា​ជីវិត​ខ្លី​ណាស់ នៅ​ពេល​គាត់​ចេញ​ពី​ទីក្រុង​យេរូសាឡឹម​ទៅ​ដល់​ទីក្រុម​រ៉ូម ភ្លាមៗ​មាន​គេ​មក​ចាប់​គាត់​នឹង​សម្លាប់​គាត់ ដោយ​ឆ្កាង​ដូច​ព្រះយេស៊ូ​តែ​ដាក់​ក្បាល​ចុះ​ក្រោម។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​ព្រះសហគមន៍​របស់​យើង និង​សព្វ​ថ្ងៃ​ពី​សម័យ​លោក​សិលា​ជាង​២០០០​ឆ្នាំ​មុន​រហូត​មក​ដល់​ពេល​នេះ យើង​មាន​សម្ដេច​ប៉ាប​ដែល​ទទួល​ខុស​ត្រូវ។ ព្រះសហគមន៍​បាន​រៀប​ចំ​រចនា​សម្ពន្ធ ប៉ុន្តែ​របៀប​ដែល​ព្រះសហគមន៍​បាន​រៀប​ចំ មិន​មែន​ដូច​របៀប​ដែល​គេ​រៀប​ចំ​តាម​ប្រទេស​នីមួយៗ។ នៅ​ក្នុង​ព្រះសហគមន៍ មាន​ការ​បោះ​ឆ្នោត​តែ​មួយ​គត់​គឺ​ជ្រើសរើស​សម្ដេច​ប៉ាប ដោយ​ទីប្រឹក្សា​ជា​លោក​កាឌីណាល់ ដែល​មាន​សរុប​ជាង​១២០​នាក់។ សម្រាប់​លោក​កាឌីណាល់​ដែល​មាន​អាយុ​ក្រោម​៨០​ឆ្នាំ មាន​សិទ្ធិ​ឈ្មោះ​ជា​បេក្ខជន​សម្តេចប៉ាប ដើម្បី​ឱ្យ​ក្រុម​លោក​កាឌីណាល់​បោះ​ឆ្នោត​ជ្រើស​រើស នៅ​ពេល​សម្ដេច​ប៉ាប​ចាស់​សោយ​ទិវង្គត។ នៅ​ពេល​នោះ​លោក​កាឌីណាស់​ជួប​ជុំ​គ្នា ដោយ​អធិដ្ឋាន​ដើម្បី​ជ្រើស​រើស​សម្តេចប៉ាប​ថ្មី​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ ដោយ​ទទួល​ពន្លឺ​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នេះ​ជា​កាឌីណាល់​ម្នាក់​ដែល​អាច​ទទួល​តួនាទី​ដំណែង​ជា​សម្ដេច​ប៉ាប ដើម្បី​ដឹក​នាំ​ព្រះសហគមន៍។ ក្រោយ​មក សម្ដេច​ប៉ាប​បាន​ជ្រើស​រើស​លោក​អភិបាល ដោយ​គ្មាន​ការ​បោះឆ្នោត​គ្រីស្ត​បរិស័ទ​ឬ​ពី​ក្រុម​បូជាចារ្យ​ទេ។ តាម​រយៈ​តំណាង​របស់សម្តេចប៉ាប ជា​អ្នក​មើល​ថា​បូជាចារ្យ​ជា​បេក្ខជន​អាច​ធ្វើ​ជា​លោក​អភិបាល ដើម្បី​បន្ត​តួនាទី​ពី​ក្រុម​គ្រីស្ត​ទូត​នៅ​តាម​ភូមិភាគ​នីមួយៗ។ លោក​អភិបាល ចាត់​តាំង​ឱ្យ​បូជាចារ្យ​ទទួល​ខុស​ត្រូវ​តាម​ព្រះសហគមន៍​នីមួយៗ នៅ​ក្នុង​ភូមិភាគ​ដែល​លោក​គ្រប់​គ្រង។

ជាក់​ស្តែង នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​មាន​មណ្ឌល​សកម្មភាព​៩ ខ្ញុំ​បាន​ជ្រើស​រើស​លោក​បូជាចារ្យ​ដើម្បី​ដឹកនាំ​មណ្ឌល​សកម្មភាព​នីមួយៗ នៅ​ក្នុង​ការ​អធិដ្ឋាន​ជា​មួយ​ទីប្រឹក្សា​ដែល​ខ្ញុំ​មាន និង​តាម​ចំនួន​លោក​បូជាចារ្យ​ដែល​យើង​មាន​ដែរ។ ភូមិភាគ​ភ្នំពេញ យើង​មាន​បូជាចារ្យ​ក្នុង​ប្រទេស​តិច​បំផុត​ដែល​សព្វ​ថ្ងៃ​យើង​មាន​លោក សុខ​ណា លោក សុន លោក​លី ដែល​ទៅ​ជា​អភិបាល​នៅ​កំពង់ចាម​មួយ​ឆ្នាំ​ហើយ។ យើង​មាន​លោក​ឧបដ្ឋាក​៣ ដែល​ត្រូវ​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​បូជាចារ្យ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ខាង​មុខ​នេះ។ ក្រោយ​មក យើង​មាន​សាសនា​ទូត​ចំនួន​២០អង្គ មក​ពី​៨​ក្រុម​បូជាចារ្យ ដូចជា PIME, MEP, TMS, KMS, LW…ជាដើម។ មាន​លោក​បូជាចារ្យ​ដែល​ស្ម័គ្រ​ចិត្ត​មក​ជួយ​មួយ​រយៈ​ពេល ដូច​លោក​ឪពុក​ដាវីឌ ដែល​ជា​លោក​ស្ម័គ្រ​ចិត្ត​មក​ពី​ភូមិភាគ​មូយ​នៅ​ប្រទេស​បារាំង។ ក្រោយ​មក យើង​មាន​លោក​បូជាចារ្យ​មួយ​ចំនួន​ត្រូវ​ចេញ​ពី​ភូមិភាគ​ភ្នំពេញ ដើម្បី​ទៅ​បន្ត​ការ​សិក្សា ឬ​ទៅ​បំពេញ​បេសកកម្ម​ផ្សេងៗ។ កន្លង​មក យើង​មាន​លោក​ឪពុក ហ្គូត្រាវ៉ូ ទៅ​រៀន​៤​ឆ្នាំ លោក​ឪពុក លី ទៅ​ជា​អភិបាល​នៅ​កំពង់ចាម លោក​ឪពុក ដាមីយ៉ាំង គេ​ជ្រើស​រើស​គាត់​ជា​ទីប្រឹក្សា​ក្រុម​ MEP នៅ ទីក្រុង ប៉ារីស…។ យើង​ឃើញ​ស្ថាន​ភាព​និង​យើង​ឃើញ​របៀប​ដែល​ព្រះសហគមន៍​រស់​នៅ ឲ្យ​យើង​យល់​ថា​ព្រះសហគមន៍​មិន​មែន​ជា​គម្រោង​ការ​តាម​មនុស្ស​ចង់​បាន ព្រះសហគមន៍​រស់​នៅ​តាម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដឹក​នាំ។

នៅ​ក្នុង​អត្ថបទ​ទី​១ “យើង​នឹបណ្ដេញអ្នកចេញពីមុខ​តំណែង ហើយដកបុណ្យស័ក្តិរបស់អ្នកទៀតផង នៅថ្ងៃនេះយើង​នឹហៅអ្នក​បម្រើ​របស់យើងឲ្យមក គឺអេលីហ្សាគីមដែលត្រូវជាកូនរបស់លោក”។ នេះ​ជា​របៀប ដែល​ព្រះសហគមន៍​របស់​យើង​ភ្ជាប់​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ នៅ​ពេល​លោក​សិលា​បាន​ឆ្លើយ​ថា “លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់” ព្រះជាម្ចាស់​បាន​ជ្រើស​រើស​គាត់​ឲ្យ​ដឹកនាំ​ព្រះសហគមន៍។ នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ឆ្លើយ​ថា “ខ្ញុំ​ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ សូម​ធ្វើតាមព្រះហទ័យរបស់ព្រះអង្គ​ចុះ” ព្រះជាម្ចាស់​បាន​ជ្រើស​រើស​គាត់​ធ្វើ​ជា​ម្ដាយ​របស់​ព្រះជាម្ចាស់​ផ្ទាល់។ នៅ​ក្នុង​សុបិន​របស់​លោក​យ៉ូសែប ព្រះជាម្ចាស់​បាន​ជ្រើស​រើស​លោក​យូសែប​ធ្វើ​ជា​ស្វាមី​របស់​ព្រះនាង​ម៉ារី និង​ដើម្បី​ទៅ​ជា​បិតា​ថែរក្សា​ព្រះយេស៊ូ​ដែរ។ នៅ​ក្នុង​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​មាន​តួនាទី ព្រះសហគមន៍​របស់​យើង​មិន​រស់​ដោយសារ​តែ​លោក​ឪពុក​ទេ។

ព្រះសហគមន៍​របស់​យើង ជា​ព្រះសហគមន៍​ដែល​យើង​ជួប​ជុំ​គ្នា​ជា​គ្រីស្ត​បរិស័ទ​ដូច​ពី​សម័យ​ដើម។ នៅ​ពេល ក្រុម​គ្រីស្ត​ទូត​ចាប់​ផ្ដើម​ចែក​តួនាទី​នៅ​ក្នុង​ព្រះសហគមន៍​ក្នុង​ក្រុង​យេរូសាឡឹម គេ​នៅ​គ្នា​តែ​១២​នាក់​តែ​ប៉ុណ្ណឹង។ ជា​មួយ​លោក​ប៉ូល គេ​បាន​ចាប់​ផ្ដើម​ទៅ​ភូមិ ទៅ​ទីក្រុង​ផ្សេងៗ នៅ​ពេល​នោះ​ព្រះសហគមន៍​រស់​នៅ​យ៉ាង​សកម្ម​ដោយសារ​គ្រីស្ត​បរិស័ទ​ដែល​ទទួល​ខុស​ត្រូវ។ គ្រីស្ត​បរិស័ទ ដែល​យក​ចិត្ត​ទុក​ដាក់​ទាំង​ចូល​រួម និង​ស្ដាប់​ការ​អប់រំ​អំពី​ក្រុម​គ្រីស្ត​ទូត ទាំង​អធិដ្ឋាន​ជា​មួយ​ក្រុម​គ្រីស្ត​ទូត ទាំង​បម្រើ​តុ​ជា​មួយ​ក្រុម​ឧបដ្ឋាក។ មាន​ន័យ​ថា ពី​សម័យ​ដើម​យើង​មាន​គណៈកម្មការ​ទាំង​បី​ម្យ៉ាង គណៈកម្មការ​ពិធី​បុណ្យ​ដើម្បី​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ការ​អធិដ្ឋាន គណៈ​កម្មការ​អប់រំ​ជំនឿ​ដើម្បី​បន្ត​ជំនឿ​ពី​ក្រុម​គ្រីស្ត​ទូត​ពី​ដើម និង​គណៈ​កម្មការ​សង្គហៈ​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ក្រីក្រ។

សព្វ​ថ្ងៃ ព្រះសហគមន៍​ដែល​មាន​តែ​លោក​ឪពុក​ធ្វើ​ទាំង​អស់ ជា​ព្រះសហគមន៍​ដែល​ត្រូវ​តែ​ងាប់ ព្រះសហគមន៍​រស់​នៅ​ដោយសារ​យើង​មាន​គ្រីស្ត​បរិស័ទ​ដែល​យក​ចិត្ត​ទុក​ដាក់។ យក​ចិត្ត​ទុក​ដាក់​ដើម្បី​អប់រំ​ជំនឿ យក​ចិត្ត​ទុក​ដាក់​ដើម្បី​រៀបចំ​ពិធី​បុណ្យ រៀប​ចំ​អធិដ្ឋាន យក​ចិត្ត​ទុក​ដាក់​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ សួរ​សុខ​ទុក្ខ​អ្នក​ក្រីក្រ សួរ​សុខ​ទុក្ខ​បង​ប្អូន​ដែល​គ្មាន​ទី​ពឹង នៅ​ក្នុង​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់។ នេះ​ជា​ព្រះសហគមន៍​ដ៏​មាន​ជីវិត ម្យ៉ាង​ទៀត​ព្រះសហគមន៍​បាន​ទទួល​អំណោយ​ទាន​ពិសេស​តាម​រយៈ​បុព្វជិត​បុព្វជីតា។ ព្រះសហគមន៍​ដ៏​មាន​ជីវិត មាន​គ្រូ​គង្វាល​ដែល​ដឹកនាំ​ដោយ​នាម​លោក​អភិបាល មាន​គ្រីស្ត​បរិស័ទ​ដែល​យក​ចិត្ត​ទុក​ដាក់​ទទួល​ខុសត្រូវ។ ដូច​នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់ ពេញ​មួយ​ឆ្នាំ​ទោះ​បី​អត់​មាន​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ប្រចាំ ព្រះសហគមន៍​នៅ​តែ​មាន​ជីវិត។ ដោយសារ យើង​មាន​គណៈ​កម្មការ យើង​មាន​គ្រីស្ត​បរិស័ទ​ដែល​យល់​ថា យើង​ចូល​ព្រះវិហារ​ជា​តួនាទី​របស់​យើង ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ទទួល​ព្រះកាយ​ព្រះគ្រីស្ត ដើម្បី​ទទួល​ជីវិត​ជា​គ្រីស្ត​បរិស័ទ និង​មាន​កម្លាំង​ដើម្បី​រស់​នៅ​ក្នុង​សង្គម។ ព្រះសហគមន៍​ដ៏​មាន​ជីវិត ដោយសារ​យើង​មាន​គ្រីស្ត​បរិស័ទ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​តាម​តួនាទី ជា​មួយ​កូន​ក្មេង ជា​មួយ​យុវជន ជា​មួយ​អ្នក​អប់រំ​ជំនឿ ជា​មូយ​ពិធី​បុណ្យ…។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ត្រូវ​ការ​យល់​ថា​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ប្រទាន និង​ជួន​កាល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដក​ចេញ នេះ​ជា​សេចក្ដី​ពិត​នៃ​ព្រះសហគមន៍។ លោក​អភិបាល​មាន​សេរីភាព​នៅ​ក្នុង​ព្រំដែន​នៃ​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​ព្រំដែន​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែរ។ ព្រះសហគមន៍​កម្ពុជា​យើង​បាន​ឆ្លង​កាលៈ​ទេសៈ​យ៉ាប់​ណាស់ អភិបូជា​បុណ្យ​ចម្លង​ចុង​ក្រោយ​នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៥ នៅពោធិ៍ធំ​នេះ​ជា​មួយ​លោក ឆ្មារ សាឡឹម។ នៅ​ពេល​នោះ មាន​គ្រីស្ត​បរិស័ទ​ចាស់ៗ​មួយ​ចំនួន​ហាម​គាត់​កុំ​ឱ្យ​ថ្វាយ​អភិបូជា ដើម្បី​សុវត្ថភាព។ ប៉ុន្តែ លោក​បាន​ឆ្លើយ​ថា មាន​អ្វី​ក៏​ដោយ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដូច្នេះ​ខ្ញុំ​នៅ​ស្ងៀម​ស្ងាត់​មិន​បាន​ទេ ខ្ញុំ​ត្រូវ​ការ​ថ្វាយ​អភិបូជា​នៅ​ទី​នេះ។ លោក ឆ្មារ​សាឡាស់ បាន​ថ្វាយ​អភិបូជា​ចុង​ក្រោយ​នៅ​ពោធិ៍ធំ​នេះ នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ២​សប្តាហ៍​ក្រោយ​មក​ខ្មែរ​ក្រហម​បណ្ដេញ​គេ​ទៅ​តាំងគោក។

យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​អធិដ្ឋាន យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​បម្រើ​ព្រះសហគមន៍​របស់​យើង យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​អប់រំ​ជំនឿ។ យើង​អធិដ្ឋាន ដើម្បី​ឲ្យ​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់ គ្រីស្ត​បរិស័ទ​មិន​មែន​តែ​អង្គុយ​ក្រោម​ដើម​ស្វាយ​ដែល​ចាំ​ម៉ោង​ចូល​អភិបូជា​តែ​ប៉ុណ្ណឹង។ គ្រីស្ត​បរិស័ទ​ជា​គ្រីស្ត​បរិស័ទ​ដែល​អធិដ្ឋាន ជា​គ្រីស្ត​បរិស័ទ​សកម្ម ព្រះសហគមន៍​ពោធិ៍ធំ​ជា​ព្រះសហគមន៍​ដែល​បាន​បង្កើត​មរណ​សាក្សី​ពីរ ជា​ព្រះសហគមន៍​ដែល​បាន​បង្កើត​លោក​អភិបាល​មួយ​នៅ​កំពង់ចាម គឺ​លោក​លី។ ព្រះសហគមន៍​យើង ជា​ព្រះសហគមន៍​ដែល​ភ្ជាប់​នឹង​ផ្លូវ​នៃ​ការ​បូជា​ជីវិត យើង​នឹក​ឃើញ​ដល់​ព្រះនាង​ម៉ារី​នៅ​អរិយក្សត្រ នឹក​ឃើញ​ដល់​មរណ​សាក្សី​របស់​យើង​នៅ​ពោធិ៍ធំ យើង​នឹក​ឃើញ​លោក យៀប នៅ​ផ្លូវ​ត្រី។

ខ្ញុំ​សង្ឃឹម​ថា យើង​ជា​ព្រះសហគមន៍​ដែល​យក​ចិត្ត​ទុក​ដាក់ ដើម្បី​បង្ហាញ​ពិត​មែន​យើង​ចេះ​ស្រឡាញ់​ព្រះជាម្ចាស់ ពិត​មែន​យើង​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ពិត​មែន​យើង​ស្រឡាញ់​ព្រះសហគមន៍។ យើង​ចង់​ធ្វើ​ជា​គំរូ ដោយ​សំលឹង​មើល​ព្រះនាង​ម៉ារី​ជានិច្ច ដោយ​សំលឹង​មើល​មរណ​សាក្សី ដោយ​សំលឹង​មើល​សន្ត​សន្តី​ដែល​ជា​គំរូ​ដ៏​ពិសេស​សម្រាប់​ជីវិត​របស់​យើង។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email