សម្តេច ហ៊ុន សែន ៖ គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុង​សង្គមឲ្យបានគង់វង្ស​

«គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុង​សង្គមឲ្យបានគង់វង្ស» នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ទៅកាន់ ថ្នាក់ដឹកនាំគ្រីស្តបរិស័ទជាង៣០០០​នាក់ ក្នុងនោះ​រួម​មាន​ ថ្នាក់ដឹកនាំ ព្រះវិហារ សមាគម ក្រុមប្រឹក្សា ព្រះសហគមន៍នានាទូទាំងប្រទេសកម្ពុជា បានមកជួបជុំគ្នា នៅក្នុងពិធីសំណេះ​សំណាល និងពិសាអាហារសាមគ្គី ដែលមានសម្តេច ហ៊ុន សែនជាអធិបតីដ៏ខ្ពង់ខ្ពស់ កា​ល​ពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចបានអំពាវនាវថា៖  «គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុង​សង្គមឲ្យបានគង់វង្ស ពីព្រោះបើមិនមានសន្តិភាពទេ កុំនិយាយពីការរីកចម្រើនខាងសាសនាឲ្យសោះ មានសន្តិភាព យើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង»។ សម្តេចតេជោក៏បាន អំពាវនាវផងដែរឲ្យគ្រីស្តបរិស័ទ ត្រូវចូលរួមអនុវត្តឲ្យបានខ្ចាប់ខ្ចួន នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ មួយទៀត តាមសហគមន៍ ឬតាមវិហារសាសនា ត្រូវចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀនខុសច្បាប់ផ្សេងៗ។ មួយទៀត ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ដែលជាបញ្ហាសំខាន់ក្នុងប្រទេសរបស់យើង។ ដូច្នេះក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ថ្ងៃនេះ ថ្ងៃស្អែក​កុំឲ្យ​មានគ្រោះថ្នាក់ចរាចរណ៍។

សម្តេចតេជោបន្តថា  គ្រីស្តបរិស័ទត្រូវបន្តការយកចិត្តទុកដាក់លើការធ្វើសុខដុមនីយកម្មសាសនា កិច្ចសន្ទនាអន្តរជំនឿ (គ្រីស្តសាសនា និងគ្រីស្តសាសនា) និង មានទំនាក់ទំនងល្អជានិច្ច ជាមួយសាសនាដទៃទៀតផងដែរ។ និងចុងក្រោយគឺ ត្រូវបន្តធ្វើការបណ្តុះបណ្តាលធនធានមនុស្សឲ្យបានច្រើនបន្ថែមទៀត ដើម្បីងាយស្រួលចូលរួមចំណែកក្នុងសង្គម និងអភិវឌ្ឍ​លើវិស័យផ្សេងៗ​ទៀត​ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយសប្បាយចិត្ត ដែលបានអញ្ជើញចូលរួមសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនគ្រីស្តបរិស័ទនាពេលនេះ។ នេះជាលើកទី៤ ហើយដែលសម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបងប្អូនគ្រីស្តបរិស័ទ ដើម្បីសុខដុមនីយកម្មវិស័យគ្រីស្តសាសនានៅក្នុងប្រទេសកម្ពុជា។ 

សម្តចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សាសនាធំៗនៅកម្ពុជាមាន៣ធំៗរួមមាន៖ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានឥស្លាមសាសនា និងគ្រីស្តសាសនា។ សាសនាទាំងអស់ អាចរស់នៅជាមួយគ្នាបានដោយមិនមានជម្លោះសាសនានោះទេ ហើយរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាសនិងគាំទ្រចំពោះសាសនាទាំងអស់នោះដោយមិនមានការបំបិទសិទ្ធអ្នកកាន់សាសនាអ្វីឡើយ។​កម្ពុជាពិតជាមានមោទនភាពចំពោះសាសនាទាំងអស់ដែលបានរស់នៅមិនមានជម្លោះនឹងគ្នា ហើយក៏មិនមានការវាយប្រហារខាងណានោះទេ។ សម្រាប់ប្រទេសកម្ពុជាបងប្អូនជឿទៅលើសាសនាមួយណា គឺជាសិទ្ធសេរីភាពរបស់បងប្អូន។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជាបានរស់ឡើងវិញក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ។

តាមរបាយការណ៍របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរដែលបានជឿលើព្រះយេស៊ូគ្រីស្ត មានចំនួនសរុប ១១៤,៤០២នាក់។​ លោកបន្តថា គ្រីស្តសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា វៀរចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូសរ៉ាយ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។

ទាក់ទងនឹងការអំពាវនាវរបស់សម្តេចនាយក​រដ្ឋមន្ត្រី ​អំពីសុខដុមរមនាសាសនា លោក បូ រ៉ាវុធ តំណាងគ្រីស្តបរិស័ទកាតូលិក មកពីបាត់ដំបងបានឲ្យថា ពិតប្រាកដ១០០% មានសុខដុមរមនា ខាងសាសនា ក្នុងតំបន់របស់លោក គឺមានសេចក្តីសុខ និងគ្មានវិវាទអ្វីនោះទេ។ ចំពោះទំនាក់ទំនងជាមួយអាជ្ញាធរទៀតសោត គឺគ្មានបញ្ហាអ្វីសោះឡើយ។ លោកបញ្ជាក់ថា ពេលយើងសុំច្បាប់ប្រារព្ធបុណ្យទានម្តងៗ គឺអាជ្ញាធរតែងជួយគាំពារយើងជានិច្ច។ លិខិតស្នាមនានាទាក់ទងនឹងបេសកជន សាសនទូត មានការធានា ត្រឹមត្រូវតាមច្បាប់ អាជ្ញាធរតែយកចិត្តទុកដាក់ គាំពារជានិច្ចផងដែរ។ ចំពោះកិច្ចសន្ទនា អន្តរជំនឿ ឬអន្តរសាសនា គឺព្រះសហគមន៍ក្នុងភូមិភាគបាត់ដំបងបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានទំនាក់ទំនងល្អជានិច្ច។​   

ក្នុងពិធីដ៏វិសេសវិសាលនោះ តំណាងថ្នាក់ដឹកនាំគ្រីស្តបរិស័ទ មានព្រឹទ្ធាចារ្យ គ្រូគង្វាល និងបូជាចារ្យ បានប្រកាស​គោលជំហរយ៉ាងឱឡារិកគាំទ្រជានិច្ចនិងទាំងស្រុង ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចហ៊ុន សែនជានាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីពលរដ្ឋកម្ពុជាមានស្នាមញញឹម រីកចម្រើន និង សន្តិភាព។ ព្រមទាំងបានអធិដ្ឋានសូមព្រះជាម្ចាស់ ថែរក្សា និងប្រទានឲ្យប្រទានពរដល់មុខរាជរដ្ឋាភិបាលមានសុខភាពល្អ និងទទួលបានជោគជ័យជានិច្ច៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email