យុវជនជាកម្លាំងនៃព្រះសហគមន៍

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោកបូជាចារ្យ យុវជន យុវនារីចំនួន២៤រូប ដែលដឹកនាំដោយការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ ទៅចូលរួមទិវាយុវជនអាស៊ីអាគ្នេយ៍១ (ដែលមានប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសឡាវ) នៅប្រទេសមីយ៉ាន់ម៉ា ក្រោមប្រធានបទ “កុំបណ្តោយអោយនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង” ស្របពេលដែលព្រះសហគមន៍នៅប្រទេសមីយ៉ាន់ម៉ា បើកឆ្នាំយុវជនរបស់ខ្លួនផងដែរ។ 

លោកកាឌីណាល់ Charles Maung Bo ជាអគ្គអភិបាលព្រះសហគមន៍កាតូលិកមីយ៉ាន់ម៉ា បានថ្លែងក្នុងធម្មទេសនាបើកឆ្នាំនៃយុវជនរបស់ព្រះសហគមន៍កាតូលិកមីយ៉ាន់ម៉ា ថា យុវជនគួរតែស្រឡាញ់ភាពយុវវ័យរបស់ខ្លួនយ៉ាងពិសេស ដោយសារយើងដឹងថាយុវជនជាកម្លាំងនៃព្រះសហគមន៍នាបច្ចុប្បន្ននេះ។ អំណរសប្បាយរបស់យុវជន ទៅបីមានវប្បធម៌ខុសគ្នា នៅក្នុងជីវភាពខុសគ្នា ឬនៅក្នុងស្ថានភាពណាក៏ដោយ សូមយុវជនមានអំណរសប្បាយជានិច្ច ដោយសារអំណរសប្បាយរបស់យើង ណែនាំឲ្យយុវជនដទៃទៀតអាចបន្តធ្វើដំណើរតទៅមុខទៀតបាន ដោយមានការតស៊ូ មានសេចក្តីសង្ឃឹម និងការជឿជាក់លើជីវិតរបស់គេកាន់តែល្អប្រសើរ។ លោកកាឌីណាល់បានបន្តថា គំរូរបស់ព្រះនាងម៉ារីដែលបានឆ្លើយតបព្រះបំណងរបស់ព្រះជាម្ចាស់ ដោយសេរីភាពប្រកបដោយអំណរសប្បាយរីករាយ ពោរពេញដោយជំនឿ ទោះបីព្រះនាងម៉ារីពេលនោះមានអាយុតែ១៥ ឬ១៦ឆ្នាំតែប៉ុណ្ណោះ តែព្រះនាងម៉ារីបានឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះគំរោងការណ៍របស់ព្រះជាម្ចាស់។

លោក Joseph Er Khaw Htoo ជាបូជាចារ្យទទួលខុសត្រូវកម្មវិធីយុវជនព្រះសហគមន៍កាតូលិកទូទាំងប្រទេសមីយ៉ាន់ម៉ា បានចែករំលែកបទពិសោធន៍ដល់សិក្ខាកាមទាំងអស់ថា កម្មវិធីយុវជនព្រះសហគមន៍កាតូលិកនៅប្រទេសមីយ៉ាន់ម៉ា បានចូលរួមការទប់ស្កាត់លើបញ្ហាជួញដូរមនុស្ស ដោយមានកម្មវិធីអប់រំ សិក្ខាសាលាខ្លះ ណែនាំយុវជន និងប្រជាពលរដ្ឋមួយចំនួនដែលកំពុងប្រឈមបញ្ហានេះ។ ការសន្ទនាជាមួយសាសនានានា ជាពិសេសសាសនាព្រះពុទ្ធ ជាការងារសំខាន់សម្រាប់យុវជនឲ្យមានភាពជិតស្និទ្ធជាមួយបងប្អូនដែលកាន់សាសនាផ្សេងៗ។ លោកបូជាចារ្យ យ៉ូសែប បន្តថាលោកក៏បានរៀបចំសិក្ខាសាលាទាក់ទងនឹងផ្លូវវិញ្ញាណ ទាក់ទងនឹងជំនឿ ដោយជំរុញយុវជនឲ្យយកចិត្តទុកដាក់លើការសិក្សារបស់ខ្លួន។ អ្វីដែលពិសេស គឺការចុះសួរសុខទុក្ខយុវជន ដើម្បីស្តាប់សម្លេងរបស់គេ សេចក្តីត្រូវការ បញ្ហា សុបិនរបស់គេ ដើម្បីលើកទឹកចិត្តដល់ពួកគេ។

លោកបូជាចារ្យ អារ៉ាងហ្គោ សាប៉ាតា ហ្វេរណាន់ដូន ជាបូជាចារ្យទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ មានប្រសាសន៍ថាទិវាយុវជនអាស៊ីអាគ្នេយ៍១នេះ បានណែនាំឲ្យយុវជនរបស់យើងពីប្រទេសទាំងបួនដែលបានចួលរួមមានភាពជិតស្និទ្ធរវាងគ្នានឹងគ្នា ទីពីរ ណែនាំឲ្យយុវជនយើងចេះបើកចិត្តគំនិតឲ្យបានធំក្នុងទំនាក់ទំនងទៅបីមានវប្បធម៌ផ្សេងគ្នា ភាសាផ្សេងគ្នា របៀបផ្សេងគ្នាក៏ដោយ តែយើងរួមគ្នាជាធ្លុងតែមួយក្នុងអង្គព្រះយេស៊ូគ្រីស្ត។ អ្វីដែលពិសេសនោះ គឺវាជាពេលវេលាមួយដែលណែនាំឲ្យយុវជនរបស់យើង បើកភ្នែកមើលការគោរពប្រណិបត្តិសាសនាយ៉ាងភ្ជាប់ភ្ជួនរបស់ប្រជាជនមីយ៉ាន់ម៉ា ទាំងព្រះពុទ្ធសាសនា ទាំងអ៊ីស្លាមសាសនា ទាំងគ្រីស្តសាសនា គឺគេគោរពដោយចិត្តបរិសុទ្ធ។

លោក ស៊ាន់ សារឿន ប្រធានការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ បានប្រាប់ពីគោលបំណងនៃទិវាយុវជនអាស៊ីអាគ្នេយ៍១នេះថា ទីមួយ គឺកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយយុវជននៃប្រទេសក្នុងតំបន់ឲ្យបានល្អប្រសើរ ទីពីរ ដើម្បីទទួលស្គាល់នូវជំនឿរបស់យុវជននៃព្រះសហគមន៍ប្រទេសមីយ៉ាន់ម៉ា តាមរយៈការស្តាប់ប្រវត្តិរបស់ព្រះសហគមន៍ ទីបី ដើម្បីស្វែងយល់ពីភាពចម្រុះវប្បធម៌របស់ព្រះសហគមន៍នៅប្រទេសមីយ៉ាន់ម៉ា តាមរយៈការទស្សនកិច្ចកន្លែងផ្សេងៗ ទីបួន គឺលើកទឹកចិត្តយុវជនថ្មីៗ កុំឲ្យភ័យខ្លាចក្នុងការឆ្លើយតបនៅគម្រោងការរបស់ព្រះជាម្ចាស់ តាមរយៈការជ្រើសរើសការត្រាស់ហៅរបស់ពួកគេ។

តំណាងយុវជនកាតូលិកកម្ពុជា ដែលបានចូលរួមទិវាយុវជនអាស៊ីអាគ្នេយ៍១នៅប្រទេសមីយ៉ាន់ម៉ា បានថ្លែងស្រដៀងៗគ្នាថា កម្មវិធីនេះពិតជាបានណែនាំឲ្យយើងមាន ទីមួយ ភាពសហការគ្នារវាងយុវជននិងយុវជនទោះបីមកពីប្រទេសដែលមានវប្បធម៌ ភាសាផ្សេងគ្នាក៏ដោយ។ ទីពីរ មានការធ្វើការងារនិងជីវិតជាក្រុមបានល្អមែនទែន ដោយចេះលើកទឹកចិត្ត យោគយល់ និងជួយគ្នាទៅវិញទៅមក។ ទីបី ការគោរពប្រពៃណីទំនៀមទំលាប់ និងការគោរពប្រណិបត្តិសាសនារបស់ប្រជាជនមីយ៉ាន់ម៉ា ជាគំរូដ៏ល្អដែលយុវជនកម្ពុជាយើងគួរតែទទួលយក។ ទីបួន យកព្រះបន្ទូល “អ្នកណាអង្វររកព្រះនាមព្រះជាម្ចាស់អ្នកនោះនឹងទទួលការសង្រ្គោះ ប៉ុន្តែឲ្យគេអង្វររកព្រះអង្គដូចម្តេចកើតបើគេមិនជឿ ឲ្យគេជឿលើព្រះអង្គដូចម្តេចកើតបើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល ឲ្យគេឮដូចម្តេចកើតបើគ្មាននរណាប្រកាស ឲ្យគេប្រកាសដូចម្តេចកើតបើគ្មានអ្នកណាដែលចាត់គេឲ្យទៅផងនោះ…” យកមករិះគិតហើយអនុវត្តតាម។ ទីប្រាំ ឃើញថាព្រះសហគមន៍ទៅប្រទេសមីយ៉ាន់ម៉ា មានការសហការគ្នាយ៉ាងខ្លាំង ទាំងលោកបូជាចារ្យ ទាំងបងប្រុសបងស្រី ទាំងយុវជនយុវនារី ដើម្បីឲ្យកម្មវិធីយុវជនទៅមុខបានយ៉ាងប្រសើរ។

គួរបញ្ជាក់ផងដែរថា ក្នុងទិវាយុវជនអាស៊ីអាគ្នេយ៍១នេះ មានការចូលរួមពីយុវជនយុវនារីពីប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា ដោយឡែកប្រទេសឡាវត្រូវបានអវត្តមាន។ យុវជនទាំងបួនប្រទេសបានធ្វើទស្សនកិច្ចតាមកន្លែងផ្សេងៗជាច្រើនរួមគ្នាដូចជា អាសនៈវិហារព្រះនាងម៉ារីនៃទីក្រុងយ៉ាំងហ្គន ទេវវិទ្យាល័យសន្តយ៉ូសែបនៃទីក្រុងយ៉ាំងហ្គន តំបន់ទេសចរណ៍មួយចំនួន ជាពិសេសបានចូលរួមរើសសម្រាមសម្អាត់ទីក្រុងបាហ្គូ (Bago) ដើម្បីការពារបរិស្ថានដោយអំណរសប្បាយរួមជាមួយគ្នា។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email