គណៈប្រតិភូព្រះសហគមន៍កាតូលិក ចូលជួបសម្តែងការគួរសមលោករដ្ឋមន្ត្រីថ្មីនៃក្រសួងធម្មការនិងសាសនា

លោកអភិបាលអូលីវីយេ បានដឹកនាំគណៈប្រតិភូ នៃព្រះសហគមន៍កាតូលិក ចូលជួបសំណេះសំណាលការងារជាមួយ ឯកឧត្តម ឈិត សុខុន​ រដ្ឋមន្ត្រី​ក្រសួងធម្មការ និងសាសនា​ដែល​ទើប​ចូល​កាន់​តំណែង​នា​ពេល​ថ្មី​នេះ ដើម្បី​ជម្រាប​ជូន​នូវ​កិច្ចការ​សាសនា​របស់​ព្រះសហគមន៍កាតូលិកនៅ​កម្ពុជា​នៅព្រឹកថ្ងៃទី ២៦ ​ខែឧសភា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងធម្មការ និងសាសនា រាជធានីភ្នំពេញ។

ក្នុងពិធីសំណេះសំណាលនេះ​ លោកអភិបាល អូលីវីយេ បានជំរាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អំពីរចនាសម្ពនព្រះសហគមន៍​កាតូលិកនៅកម្ពុជា ដែលជាមានសម្តេចប៉ាបជាប្រមុខដឹកនាំ  ហើយក៏ជាមេដឹកនាំប្រទេសមួយដែរ ដែលមាន​ចំណងការទូតចំនួន​ប្រមាណជា១៩០ប្រទេស លើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

ប្រវត្តិ​ព្រះសហគមន៍នៅ​កម្ពុជា៖

លោកអភិបាលអូលីវីយេ បានលើកឡើងអំពីប្រវត្តិរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលបាននាំដំណឹងល្អមកដល់ទឹកដីដ៏ល្អនេះ នៅឆ្នាំ១៥៥៥។ បន្តិចម្តងៗមានការរីកចម្រើន។ លោកអភិបាលក៏បានជំរាបជូនលោករដ្ឋមន្ត្រី អំពីទីតាំងប្រវត្តិសាស្ត្ររបស់​ព្រះសហគមន៍​កាតូលិក ដែល​មាន​ប្រមាណ​២៣​ទីតាំង នៅ​ទីក្រុង​ភ្នំពេញ​ដែលជាអតីត​កម្មសិទ្ធិរបស់ព្រះសហគមន៍កាតូលិកពីដើម​មុន​សម័យសង្គ្រាមស៊ីវិល ដែលមនុស្សវ័យ​ចំណាស់​​ធ្លាប់នៅភ្នំពេញបានស្គាល់និងចាំឈ្មោះមាន សាលាមីស សាលាដូនជី ​នៅ​ជ្រោយ​ចង្វារ​​មាន​ទេវវិទ្យាល័យ អារ៉ាម​​បងស្រីកាម៉ែល វិសាលវិហារ និងអាគារនៃសាលារាជធានីភ្នំពេញ​ជាអតីតគេហដ្ឋានរបស់លោកអភិបាលព្រះសហគមន៍ពីដើម។

លោកអភិបាលក៏បញ្ជាក់ដែរថា រាល់កម្មសិទ្ធិ និង​វិហារទាំងឡាយត្រូវបំផ្លាញទាំងស្រុង សល់តែអាគារព្រះវិហារចំនួនបីកន្លែង គឺវិហារនៅបូកគោ ព្រះវិហារនៅកំពង់សោម និង វិហារតូចនៅផ្សារតូចភ្នំពេញ។

ក្រៅពី​អចលនវត្ថុ​ ព្រះសហគមន៍ក៏​បាត់​បង់​នូវ​ធន​ធាន​មនុស្ស​ជាច្រើន​ ដោយ​រួម​ទាំង​លោក​អភិបាល​ជាតិ​ខ្មែរ​មួយ​រូប​ដំបូង​គេផង គឺ លោក​អភិបាល​ឆ្មារ សាឡាស់​ ដែលទទួលអគ្គសញ្ញាតែងតាំង ក្នុងឆ្នាំនៃ​ការ​ផ្ទុះ​សង្គ្រាម។

លោកអភិបាលបន្តថា «ឆ្នាំ​៧៥​ យើង​បាត់​បង់​ទាំង​អស់។ យើង​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​៩០។ នៅ​ឆ្នាំ​៧៥​ នៅ​ថ្ងៃទី​១៤ ខែ​មេសា បាន​តែង​តាំង​លោកអភិបាល​ខ្មែរ​ទី១ ឈ្មោះឆ្មារ​ សាឡាស់។ ក្រោយ​មក​ជន​បរទេស​ត្រូវ​ចេញ ត្រូវ​បណ្តេញពី​ប្រទេស​កម្ពុជា ប៉ុន្តែ​ លោកឆ្មារ​​ សាឡាស់ ជាមួយ​បង​ប្អូន​គាត់​ដែល​ជា​បូជាចារ្យ​ខ្លះដែរ ត្រូវជម្លៀសទៅ​ដល់​តាំង​គោក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។ នៅ​ឆ្នាំ​៧៧ គាត់​ស្លាប់ ដូច្នេះ​យើង​អត់មាន​អ្នក​ដឹក​នាំ​សាសនានៅ​ក្នុងប្រទេស​កម្ពុជា​ពី​ឆ្នាំ៧៧ រហូត​ដល់​ឆ្នាំ​៩០។ ឆ្នាំ​៩០ សាសនទូត​ចាស់បាន​ត្រឡប់​មក​វិញ​មួយ​ចំនួន ជា​លោកអភិបាល​ពីដើមគឺ​អភិបាល​អ៊ីវរ៉ាមូស»។

លោកអភិបាលបានលើកបង្ហាញជូនរដ្ឋមន្ត្រីនូវ​ឈើឆ្កាងលោកអភិបាល ដោយបញ្ជាក់ថា ឈើ​ឆ្កាង​នេះ​ មាន​អាយុ​ជាង១០០​ឆ្នាំ ជាឈើ​ឆ្កាង​លោកអភិបាល​ភ្នំពេញក្នុងឆ្នាំ​១៩០០ ហើយ​ត្រូវ​បាន​បញ្ជូន​បន្ត​រហូត​ដល់​លោក​ជា​អភិបាល​សព្វ​ថ្ងៃ ដែល​ជា​អភិបាល​ជំនាន់​ទី​២៤នៃ​ភូមិភាគ​ភ្នំពេញ​។ លោក​អភិបាល​បាន​រំលឹក​ថា ​នៅ​ពេល​​​លោកឆ្មារ​ សាឡាស់​​តែង​តាំង​ជា​អភិបាល​ បាន​ទទួល​ឈើ​ឆ្កាង​នេះ​ ហើយ​​ម្តាយរបស់​​គាត់​បាន​លាក់​ឈើ​ឆ្កាង​នេះ​នៅ​ក្នុង​សំបុក​មាន់ កុំ​ឲ្យ​ខ្មែរ​ក្រហម​រក​ឃើញ​។ ដូច្នេះ​ ឈើ​ឆ្កាង​នេះជាវត្ថុ​​ប្រវត្តិ​សាស្ត្រ​ និង​បាន​​ឆ្លង​សតវត្ស​​និងឆ្លង​សម័យ​ខ្មែរ​ក្រហម។

បច្ចុប្បន្នភាព​របស់​ព្រះសហគមន៍៖

ក្រោយ​សង្គ្រាម​ស៊ីវិល​បញ្ចប់​ សាសនទូត​បាន​វិល​មក​កម្ពុជា​វិញ​ ហើយនៅ​ឆ្នាំ​១៩៩៣ ​បាន​ទិញ​​ដី​ព្រះវិហារ​នៅ​​ផ្សារតូច ដែល​ពី​ដើម​ជា​អនុទេវវិទ្យាល័យ។ លោកអភិបាលអូលីវីយេក៏បញ្ជាក់លោករដ្ឋមន្ត្រីដែរថា ​នៅ​ឆ្នាំ​២០១០ ក្នុងនាម​ជា​​លោកអភិបាល​​ លោក​បាន​ទិញ​ដី​សម្រាប់​​ព្រះសហគមន៍​កាតូលិ​ក​​នៅ​ភ្នំពេញ​ថ្មី ដែល​ជា​ទីតាំង​សកម្មភាព​មួយ និង​ជា​កន្លែងរស់នៅនិង​ធ្វើ​ការងារ​របស់​លោក​អភិបាល​ផ្ទាល់។ ព្រះសហកមន៍កាតូលិក​បាន​ចាប់​ផ្តើម​រីក​ចម្រើន​បន្តិច​ម្តងៗ​។

លោក​មាន​ប្រសាសន៍ទៀត​ថា «ឆ្នាំ​២០០២  ​ខ្ញុំ​នៅ​តាកែវ ដូច្នេះនៅ​តាកែវ​បាន​ចាប់​ផ្តើម​ច្រើន​ក្នុងវិស័យអប់រំសិក្សា មានដូចជា​ វិទ្យាស្ថាន​សន្ត​ប៉ូល សាលាផ្សេងៗ និង​សកម្មភាព​អភិវឌ្ឍ​ច្រើនប្រហែល​ឯក​ឧត្តម​ធ្លាប់​ឃើញ។ នៅ ឆ្នាំ​២០០២ ខ្ញុំ​ជិត​ស្និទ្ធ​មែន​ទែន​ជាមួយ​ឯក​ឧត្តម​ចាន់​សារ៉ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។ ឯក​ឧត្តម​បាន​ដើរ​ជាមួយ​ខ្ញុំ​ បាន​ជម្រុង​ខ្ញុំ បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ បាន​ណែនាំ​ឲ្យ​យើង​បាន​ជោគ​ជ័យកម្មវិធី​កសិកម្មផង សាលា​ឯកទេសផង វិទ្យាស្ថាន​ផង រហូតដល់​ខ្ញុំបាន​ចូល​សញ្ជាតិ​ខ្មែរ​នៅ​ឆ្នាំ​២០១០ តាមរយៈ​ឯកឧត្តម​ចាន់​សារ៉ុន»។

សម្រាប់កិច្ចការ​សង្គមផ្សេងទៀត លោអភិបាលភូមិភាគ​ភ្នំពេញ​ ក៏បានលើកឡើងពី សម្ពន្ធអង្គការកាតូលិក ចំនួន២៧ ក្នុងនោះមានអង្គការការីតាសកម្ពុជា​ផងដែរ ដែលកំពុងបំពេញមុខងារយ៉ាងសកម្មបម្រើប្រជាពលរដ្ឋកម្ពុជា ក្នុងវិស័យការសិក្សា​ អភិវឌ្ឍ​ជន​បទ កសិកម្ម និង​សង្គម​កិច្ច ជាដើម ។  ជាមួយគ្នានេះព្រះសហគមន៍បានខិតខំ កសាងកិច្ចសន្ទនាបែបអន្តរសាសនា ជាមួយសាសនាទាំងបីយ៉ាងសកម្ម ដើម្បី​សុខដុមនីយកម្ម​សាសនា​និង​សាសនានៅ​កម្ពុជា។

សកម្មភាព​របស់​ព្រះសហគមន៍​ក្នុង​សង្គម និង​កិច្ចការ​សាសនាក្នុងអំឡុពេល​កូវីដ​១៩៖

ព្រះសហគមន៍កាតូលិក​នៅកម្ពុជា បានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ ១៩ រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយគោរពតាមការណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងអប់រំ និងក្រសួងធម្មការជាដើម។

លោក​អភិបាល​បាន​បន្ថែម​ថា ចាប់តាំងពីថ្ងៃទី​១៧ ​ខែមីនា ឆ្នាំ ២០២០ ព្រះសហគមន៍ផ្អាកដំណើរការ​​សាលារៀន ដោយបង្កើតកម្មវិធី​រៀនពីចម្ងាយ​តាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់កម្មវិធីសិក្សាគ្រប់កំរិត។ ពិធីសាសនា ក៏​ត្រូវ​ផ្អាក ទោះបី​ចំពេលបុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ជាបុណ្យធំសំខាន់បំផុត​សម្រាប់ព្រះសហគមន៍កាតូលិកក៏ដោយ។ ប៉ុន្តែ​​យើងប្រារព្ធតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

ទោះ​ជា​យ៉ាង​នេះ​ក្តី​លោក​អភិបាល​ជម្រាប​ថា «គឺមិនស្រួលឡើយ។ យើង​បាន​ពិបាក ប៉ុន្តែ​យើង​បាន​តស៊ូ​មែន​ទែន ។ យើង​ LIVE អភិបូជា​ សូត្រ​ធម៌ យើង​ធ្វើ​សរុប​រហូត​ដល់​សព្វ​ថ្ងៃ​ចំនួន​៦៩​កម្ម​វិធីតាម​ LIVE​តាម​អ៊ីនធឺណេត តាម​YOUTUBE, FACEBOOK ប៉ុន្តែនេះ​ក៏ពិបាក​ដែរ​»។

លោក​បញ្ជាក់​ថា គេ​មើល​​តាម​ផ្ទះ​ជួន​កាល​គេ​មើល​ មិន​មើល ​យាយៗ​តាៗដែល​អត់​មាន​អ៊ីធឺណេត «ខ្ញុំ​មាន​មួយ​ចំនួន​ទោះ​បី​ខ្ញុំ​ផ្ញើ​ឯកសារ​ក៏ដោយ​ក៏​អត់​ចេះ​អានទេ អត់​ចេះ​អាន​គម្ពីរ»។ លោកបាន​សម្តែង​ក្តី​បារម្ភ​ទៀត​ថា «គ្រីស្ត​បរិស័ទ​កាតូលិក​ ជា​គ្រីស្ត​បរិស័ទ​ជំនាន់​ទី១អត់មាន​ឫស​ជ្រៅ​​នៅ​ក្នុងជំនឿផ្ទាល់ខ្លួន»។

ក្នុងអំឡុង​ពេល​កូវីដ១៩​ តើ​ព្រះសហគមន៍​អាច​ជួបជុំ​លក្ខណៈ​ក្រុម​តូច​ៗ​បាន​ទេ?

ទាក់​ទង​នឹង​ក្តីបារម្ភ​ខាង​លើ លោក​អភិបា​ល​បាន​លើក​ពី​ប្រសាសន៍​របស់​សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ​​​តែ​មិន​មែន​លក្ខណៈធំ «ខ្ញុំ​ចង់​សួរ​ឯក​ឧត្តម តើ​ខាង​យើង ទោះ​បី​ពុទ្ធ​សាសនាតាម​ពិត​ជួប​ជុំ​គ្នា​ខ្លះៗ តើ​យើង​អាច​ជួប​ជុំ​គ្នា​ខ្លះៗ​ជា​ក្រុម​តូច​ ដើម្បី​ថ្វាយ​បង្គំ ជា​ថ្ងៃ​សីល​របស់​យើង កុំ​ឲ្យ​យើង​បាត់​បង់។ ដោយសារ​អត់​ដឹង​មាន​គំនិត​បើក​សាលា សាសនា​វិញ​នៅ​ពេលណា? ប្រហែលយូរ​ខែ​ទៀត និង​យើង​យូរ​ខែ​ទៀតខ្លាច​គ្រីស្ត​បរិស័ទបីដូចជា​ស្វិត រីង​ដូច​សព្វ​ថ្ងៃដូច​បឹង​ស្ទឹង​ចាប់​ផ្តើម​រីង​នៅ​កំពង់ធំ។ ខ្ញុំ​ខ្លាច​គ្រីស្ត​បរិស័ទរបស់​ខ្ញុំ ជីវិត​ខា​ង​ផ្លូវ​វិញ្ញាណវា​ស្វិត​ទៅ​ៗ និង​អស់​រលីង​ហើយ ដោយ​សារ​តាម​អ៊ីធឺណេត​វា​អត់សូវ​ស្រួល​ទេ។ ដូច្នេះ​ប្រសិន​បើ​ខ្ញុំ​អាច​រៀបចំជា​ក្រុម​តូចៗ មិន​និយាយ​អី​ជា​ផ្លូវការ​មហាកំពូល ប៉ុន្តែ​គ្រាន់​តែ​និយាយ​ខ្លះៗជា​ព្រះសហគមន៍អាច​ទៅ​មុខកុំ​ឲ្យ​ដាច់ៗ​អុកស៊ីសែន។ ឯកឧត្តមយល់យ៉ាងណាដែរ?»។

ជាការឆ្លើយតម ឯកឧត្តម ឈិត សុខុន បានបញ្ជាក់ថា «​សុខា​ភិបាល​​គេ​ប្រាប់​ថា កុំ​ឲ្យ​យើងជួបជុំគ្នាក្នុងបុណ្យធំ ហើយរក្សាគម្លាត។ ពេលជួបជុំ គឺក្រុមធំមានគ្នាច្រើន មិនអាចរក្សាគម្លាតបានទេ ១ម៉ែត្រ​កន្លះ​ទៅ ២ ម៉ែត្រ​ទេ​ ទោះបីសាល​ធំ​ម៉េចក៏ដោយ។ បើធ្វើខុសពីហ្នឹង បើមានបញ្ហា នោះមិនបានទេ វាមិនស្វិតទេ​គឺស្លាប់តែម្តង។ បើគ្រាន់តែស្វិត ស្រោចទឹកឡើងវិញ គឺលាស់ឡើងវិញស្រស់​។ តែបើស្លាប់​មិនលាស់ទេ»។

រួម​ជាមួយ​គ្នានេះដែរ លោក​រដ្ឋ​មមន្ត្រីក៏​បាន​លើក​ឡើង​អំពី​រដ្ឋ​ធម្មនុញ្ញ​ ជាច្បាប់កំពូលរបស់កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ​ជឿលើ​សាសនាអ្វីក៏បាន ហើយ​ក៏​បាន​​រំលឹក​អំពី​ការ​រក្សា​សុខដុមនីកម្ម​​សាសនា​និង​សាសនា​ ដែល​ជា​ទិសដៅ​របស់​រដ្ឋាភិបាល​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណផងដែរ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព។ លោក​រដ្ឋ​មន្ត្រី «សាសនាទាំងអស់ ត្រូវរស់នៅដោយសុខដុមនីយកម្ម មានន័យថាមានទាំងអស់គ្នា ហើយឲ្យសុខសប្បាយ កុំឲ្យមានទុក្ខ កុំឲ្យមានភ័យ មានរឿង»។

​លោក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍ទៀត​ថា «សូមថ្លែង អំណរគុណណាស់ចំពោះប្រតិភូព្រះសហគមន៍កាតូលិក​ ដឹកនាំដោយលោកអភិបាល​អូលីវិយេ​ដែលអញ្ជើញមក ក្រសួងធម្មការនិងសាសនានេះ! សំខាន់ជួយដល់ ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរង់ផលប៉ះពាល់ដោយសារជំងឺ កូវីដ១៩នេះ។ អំណោយរបស់​លោកនៅពេលនេះគឺមានសារៈសំខាន់ណាស់ សម្រាប់អាយុជីវិត របស់ប្រជាពលរដ្ឋ។​យើងខ្ញុំនឹងខិតខំ យកអំណោយទំាងនេះទៅចែកចាយដល់បងប្អូន»។

ក្នុងដំណើរជួបសំណេះសំណាលនេះ ព្រះសហគមន៍ដែលមានអង្គការការីតាសកម្ពុជាក៏បានជូន​សម្ភារ អនាម័យដល់ក្រសួងធម្មការ និងសាសនា មានផ្ទាំងផ្សព្វផ្សាយប្រឆាំងកូវីដ​ចំនួន ៦០០សន្លឹក ម៉ាស់ ការពារ​២០០ប្រអប់ សាប៊ូ ២០០០ដុំ និងទឹកអាល់កុលចំនួន ២០០លីត។ ជាមួយគ្នានេះដែរ លោកអភិបាលក្នុងនាមព្រះសហគមន៍កាតូលិក បានចូលរួម​វិភាគ​ទាន​នូវថវិកាចំនួន១០០០​ដុល្លាផងដែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email