ព្រះសហគមន៍កាតូលិកកម្ពុជានៅតែចងចាំលោកអភិបាលអ៊ីវរ៉ាមូស

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ នា​ថ្ងៃទី​២៣ ខែមីនា​ ឆ្នាំ២០២១នេះ​បាន​​ជូន​​សៀវ​ភៅ​ដល់​​បងប្អូ​ន​គ្រីស្ត​បរិស័ទ​​​ទាំងអស់​តាម​រយៈ​​​បណ្ដាញ​សង្គម​ ស្ដី​អំពី អនុស្សាវរីយ៍​បុណ្យ​​សព​លោក​អភិបាល​អ៊ីវ​រ៉ាមូស ដែល​ត្រូវ​បាន​​ព្រះជាម្ចាស់​ត្រាស់​ហៅ​ ឱ្យ​ចូល​រួម​នៅក្នុង​ជីវិត​​អស់​កល្បជានិច្ច​ដោយ​សុខសាន្ត កាល​ពី​​​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ដោយសារ​ជំងឺ​កូវីដ​១៩ ។

នៅក្នុង​សៀវភៅ​នេះ​លោក​អភិបាល​អូលីវីយ៉េ បានប្រមូលនូវគ្រប់សាររំលែកមរណទុក្ខ សក្ខីភាព និង​ធម្ម​​ទេសនា​​​​ទាំងឡាយនៅក្នុងកម្មវិធីបុណ្យសព ដោយ​មាន​អត្ថបទខ្លះ​ជា​ភាសា​ខ្មែរ ​ខ្លះជាភាសាបារាំង និងខ្លះជាភាសាអង់គ្លេស។ ក្រៅ​​ពី​សារលិខិត​ទាំង​​នេះ​ លោក​បាន​ដាក់​​បញ្ចូល​នូវរូបភាពស្រស់ស្អាតជាច្រើន។ ជាពិសេស​លោក​បាន​ផ្ញើជូនបងប្អូន​គ្រីស្ត​បរិស័ទ​​នូវ​តំណ​ភ្ជាប់​តៅកាន់វីដេអូ អំពីជីវិតរបស់លោកអភិបាលអ៊ីវរ៉ាម៉ូស (ជាភាសាខ្មែរ និងមាន​អក្សរ​រត់​ជាភាសាអង់គ្លេស) ផងដែរ។​

លោក​អភិបាល​អូលីវីយ៉េ ក៏​មាន​ប្រសាសន៍​ថ្លែង​អំណរ​ព្រះគុណព្រះជាម្ចាស់ ដែល​បាន​ប្រទាន​លោកអភិបាលអ៊ីវរ៉ាម៉ូស​ ជា​ព្រះអំណោយ​សម្រាប់​ជីវិត​ព្រះសហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅក្នុង​សៀវ​ភៅ​អនុស្សាវរីយ៍​នេះ លោក​បូជាចារ្យជនជាតិ​ខ្មែរ​​ទម្លាប់ ​សុផល​ ជា​តំណាង​ព្រះសហគមន៍​​ភូមិភាគ​បាត់​ដំបង​ និង​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​លោក​អភិបាល​អ៊ីវ​ រ៉ាមូស​តាំង​ពី​ឆ្នាំ​១៩៨២តាំងពី​​នៅ​ជំរំ​ខាវអ៊ីដាង​ បាន​បង្ហាញ​សាក្ខីភាព​ និង​ការចង​ចាំ​អំពី​លោក​អភិបាល​អ៊ីវ រ៉ាមូស​គិត​ចាប់ពី​​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​១៩៨៩ កាល​លោក​នៅ​ម៉ុងត្រេអាល ប្រទេស​កាណាដា ពិត​ជា​មាន​សារសំខាន់​ចំពោះ​លោក​ព្រោះ​កាល​លោក​បាន​សម្រេច​ចិត្ត​ឈប់តាម​ការ​ត្រាស់​ហៅជា​បូជាចារ្យ​ ហើយ​ចាកចេញ​មក​រក​ស៊ី​ធម្ម​តា​វិញ​ ប៉ុន្តែ​លោកអភិបាល​អ៊ីវ​ រ៉ាមូស លោក​តា​ប៉ុង​សូដ៍ និង​លោក​វើណេ​ ត្រូវ​បាន​ព្រះជាម្ចាស់​ផ្ញើឱ្យ​ទៅ​រក​លោក។ លោក​សុផល បញ្ជាក់​នៅក្នុង​សារលិខិតថា លោក​ទាំងបី​ស្វែង​រក​ខ្ញុំ​ដើម្បី​និយាយ​ពី​ស្ថាន​ភាព​ព្រះសហគមន៍​នៅ​កម្ពុជា​។ លោក​បន្ត​រៀប​រាប់​ថា ក្រោយពេល​ដែល​លោក​ទទួល​ដំណឹង​ហើយ ចិត្ត​របស់​លោក​ក៏​ចាប់​ផ្ដើម​ប្រែ និង​យល់​ថា​នេះជា​សំឡេង​នៃ​ការ​ត្រាស់​ហៅ​ច្បាស់ ដែលព្រះជាម្ចាស់​បាន​រៀប​ចំ​ផ្លូវ​សម្រាប់​ខ្ញុំ​។ លោក​បញ្ជាក់​ទៀត​ថា ក្រោយ​មក​ខ្ញុំ​​បាន​ទទួល​អគ្គសញ្ញា​តែង​តាំង​ជាបូជាចារ្យ​ពី​លោក​អភិបាល អ៊ីវ រ៉ាមូស កាលពី​ថ្ងៃទី​២ កក្កដា ១៩៩៥ ហើយខ្ញុំ​ក៏ជា​បេក្ខជន​ចុង​ក្រោយ​ដែល​លោក​បាន​តែង​តាំង និង​ចាត់​ឱ្យ​ទៅ​តំបន់​កំពង់ធំ​។ លោក​សុផល រំឭក​ថា អនុស្សាវរីយ៍​ដែល​លោក​រ៉ាមូស​​ បាន​លើក​ទឹក​ចិត្ត​លោក​ក្រោយពេល​លោក​បាន​ទៅ​បំពេញ​បេសកកម្ម​ប្រកាស​ដំណឹង​ល្អ​នៅ​តំបន់​បាត់​ដំបង​ ដោយ​លោក​រ៉ាមូស​បាន​ខិត​ខំ​បើក​ឡាន​ទៅ​មក​​​ពី​ភ្នំពេញ​តែ​ម្នាក់ឯង៣ដង​ទោះបីជាស្ថាន​ភាព​ផ្លូវ​កាលនោះ​មាន​ភាព​លំបាក​ក៏​ដោយ។​

រីឯ​លោក​បូជាចារ្យ អ៊ុន សុន ក៏​បង្ហាញ​អំពី​សាក្ខីភាព​របស់​លោក​ជាមួយ​លោក​អភិបាល​អ៊ីវ​ រ៉ាមូស​ផងដែរ ដោយ​លោក​លើក​យក​អនុស្សាវរីយ៍​ដែល​បាន​ចួប​ជាមួយ​លោក​អភិបាល អ៊ីវ​ រ៉ាមូស​ លើក​ដំបូង​នា​ឆ្នាំ​១៩៨៩  នៅក្រុង​ប៉ារីស​ដើម្បី​ចូល​រួម​ប្រជុំ​អំពីព្រះសហគមន៍​កាតូលិក​កម្ពុជា និង​អ្នក​ដែល​ទទួល​ការ​ត្រាស់​ហៅ និង​ក្រោយ​មក​នៅជំរំជន​ផៀស​ខ្លួន​​ក្នុង​ប្រទេស​ថៃ។ លោក​សុន បាន​បញ្ជាក់​ថា ជាពិសេស​នៅ​ឆ្នាំ​១៩៩១ នៅក្រុង​ម៉ុង​ត្រេអាល ប្រទេស​កាណាដា ជាេពេល​ដេល​លោក​អ៊ីវ រ៉ាមូសបាន​ជួយ​ណែនាំ​ខ្ញុំ​ក្នុង​ការ​សម្រេចចិត្ត​ជ្រើស​រើស​ទី​កន្លែង​ និង​ព្រះ​សហគមន៍​ដែល​ខ្ញុំ​ត្រូវ​បម្រើ​នា​ពេល​អនាគត រវាង​ក្រុម​គ្រួសារ​បុត្រា​នៃ​មេត្តា​ករុណា និង​ព្រះសហគមន៍​​កាតូលិក​កម្ពុជា។​ លោក​សុន បន្ថែមថា ក្នុង​ឆ្នាំ​១៩៩២ ដល់​២០១៤ ខ្ញុំ​រស់​នៅ​ស្រុក​​ខ្មែរជា​មួយ​លោក​អភិបាល​រ៉ាមូស និង​ឆ្នាំ​២០១២ ខ្ញុំ​មាន​ឱកាស​បម្រើ​ព្រះសហគមន៍​មណ្ឌល​​សកម្មភាព​កំពង់សោម ពេល​នោះហើយ​ដែល​​ខ្ញុំ​បាន​រៀន​ពី​ស្នាដៃ​ដ៏​អស្ចារ្យ​ពី​លោក​ជាច្រើន​ដូចជា៖​ ជាអ្នក​គង្វាល​ដែល​មាន​សេចក្ដីស្រឡាញ់តាមរក​កូន​ចៀម​នៅគ្រប់​ប្រទេស​​ ជាស្ថាបនិក​ដែល​ធ្វើ​ឱ្យ​មណ្ឌល​សកម្មភាព​ក្រុង​ព្រះសីហនុ​ក្លាយទៅជា​កន្លែង​ទទួល​ស្វាគមន៍​ស្នាក់នៅ​សម្រាប់​សកម្មភាព​នានា ហើយ​លើសពីនេះ​ទៅ​ទៀត លោក​បាន​សាង​សង់​គ្រប់​អគារ​ ព្រះវិហារ ដែល​ស្ថិត​នៅក្នុង​មណ្ឌលសកម្មភាព​​ក្រុង​ព្រះសីហនុរួម​មាន​៦​ព្រះសហគមន៍ ព្រមទាំង​​កម្មវិធី​អប់រំ​ផងដែរ។​

លោក​បូជាចារ្យ សួន ហង្សលី ក៏​បាន​លើក​ឡើង​អំពី​សាក្ខីភាព​របស់​លោក​ ជាមួយ​លោក​អភិបាល​អ៊ីវ​ រ៉ាមូស កន្លងមក​ដែល​បាន​ធ្វើ​ឱ្យ​លោក​ចាប់​អារម្មណ៍​ទៅ​លើ​ពាក្យ​៣គឺ៖​សេចក្ដី​ស្រឡាញ់ ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ទទួល​រាក់​ទាក់ ដែលជាគំរូ​សម្រាប់​យើង​ទាំងអស់​គ្នា។ លោក​​លី​បន្ត​ថា សេចក្ដីស្រឡាញ់​របស់​លោក​អភិបាល នៅពេល​ដែល​ខ្មែរក្រហម​ចូលកាន់​កាប់​​ក្រុងភ្នំពេញ​គេ​បណ្ដេញជន​បរទេស​ទាំងអស់ ប៉ុន្តែ​លោក​អភិបាល​មិនចង់​ចាក​ចេញទេ និងពេល​លោក​ចេញទៅ​ក្រៅ​ប្រទេស លោក​មិនបាន​បោះបង់​ចោល​បងប្អូន​ខ្មែរទេដោយ​លោក​ដើរ​ស្វែងរកជន​ជាតិ​ខ្មែរ​ភៀស​ខ្លួននៅ​ក្រៅ​ប្រទេស​។ លោក​លី​ថ្លែងទៀតថា ក្នុង​សម័យ​ដែល​លំបាកមែនទែន លោក​អ៊ីវ រ៉ាមូស​មិន​ដែល​ត្អូញ​ត្អែរក្នុង​ការ​បម្រើ​ព្រះសហគមន៍ ហើយ​លោក​​តែង​តែ​ចាប់​អារម្មណ៍​ និង​យក​ចិត្ត​ទុកដាក់​នៅក្នុង​ប្រទេសកម្ពុជា​យើង។ លោក​បូជាចារ្យ​លី បន្ថែម​ថា លោក​អភិបាល​អ៊ីវ បាន​យក​សេចក្ដីសម្រេច​របស់​មហាសន្និបាតវ៉ាទីកង់​ទី​២មក​អនុវត្ត​ក្នុង​កម្ពុជា ដើម្បី​ឱ្យ​មាន​វប្បធម៌​ខ្មែរ​ចូល​ក្នុង​ពិធី​បុណ្យ​របស់ព្រះសហគមន៍ និង​បាន​យក​ចិត្ត​ទុក​ដាក់​រៀបចំទី​សក្ការបូជា ព្រមទាំង​​យក​ចិត្ត​ទុក​ដាក់​រៀប​ចំធម្ម​ទេសនា​បាន​ល្អ។​​

អ្នក​មីង យូរ ប្រាកដ បាន​រៀប​រាប់​ពី​ការចងចាំ​របស់​អ្នក​មីង​ដែល​បាន​ស្គាល់​លោក​អភិបាល​អ៊ីវ រ៉ាមូស​តាំង​ពី​អាយុ​១១ឆ្នាំ និង​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជទឹកពីលោក​កាលពីអាយុ​១៤ឆ្នាំ។ អ្នក​មីង​ប្រាកដ​រំឭក​ថា លោក​អភិបាល​អ៊ីវ រ៉ាមូសបាន​យក​ចិត្ត​ទុកដាក់​ប្រើគ្រប់​មធ្យោបាយ ដើម្បី​ជួយ​ដល់​អស់​បងប្អូន​ទាំងគ្រីស្ត​បរិស័ទ និង​មិនមែនជាគ្រីស្ត​បរិស័ទដែល​ត្រូវ​បានជិះជាន់​ដោយ​ទាហាន លន់ ណុល។ លោក​ត្រូវ​បាន​គេ​ដាក់​នៅក្នុង​បន្ទប់​ឃុំឃាំង អត់​បាយ អត់ទឹក អត់ថ្នាំ​ជាដើម។​ អ្នក​មីង​ប្រាកដ បន្ថែម​ថា នៅឆ្នាំ​១៩៧៩ លោក​បាន​វិល​ត្រលប់​ចូល​ស្រុក​ខ្មែរ​ម្ដងជាពីរដង ដើម្បី​ស្វែង​រក​គ្រីស្ត​បរិស័ទ​ និង​នៅឆ្នាំ​១៩៨៨ លោក​អភិបាល​​បាន​ចួបគ្រីស្ត​បរិស័ទ​៧ទៅ៨នាក់​ដែលរួចពីស្លាប់ និង​បាន​បង្កើត​គណៈកម្មការ ព្រម​ទាំង​​ឆ្លៀត​សរសេរ​ប្រវត្តិ​ព្រះសហគមន៍​កាតូលិក​នៅកម្ពុជា​​ និង​ទំនាក់​ទំនងជាមួយស្ថាប័ន​រដ្ឋ ហើយ​ជាលទ្ធផល​​​ព្រះសហគមន៍​កាតូលិក​មានសិទ្ធិក្នុង​ការ​ប្រកាស​ដំណឹងល្អ​របស់​ខ្លួន​ ​កាលពី​ថ្ងៃទី​១៤ មេសា ១៩៩០។​ អ្នកមីង​ប្រាកដ បន្តថា លោក​អភិបាល​បាន​ទៅ​គ្រប់​ទី​កន្លែង​ដើម្បី​ប្រមូល​គ្រីស្ត​បរិស័ទ​ និង​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​រក្សា​ជំនឿ​ដោយ​ទុក​ចិត្ត​លើព្រះជាម្ចាស់ ហើយ​លោក​អត់​មាន​ភ័យ​ខ្លាចអ្វី​ឡើយ​ ទោះ​ជាផ្លូវ​លំបាក​វេទនាយ៉ាងណា​ក៏​លោក​នៅតែតស៊ូ​ទៅគ្រប់​ទី​កន្លែងដើម្បី​​​ស្វែង​រក​កូនចៀម​របស់ព្រះជាម្ចាស់។​

លោក​អ៊ីវ​ រ៉ាមូស កើត​នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​១៩២៨ នៅ​ភូមិ​សែម​បាដែល Sembadel (Haute-Loire- France) ជាក្រុង​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​ភាគ​ពុយ។ ឪពុក​ឈ្មោះ​ យ៉ាគ រ៉ាមូស ជាបុគ្គលិក​ផ្លូវ​ដែក និង​ម្ដាយ​ឈ្មោះ​យូលី កាលែត។ លោក​ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​៣នាក់​។ នៅ​ឆ្នាំ​១៩៤២ លោក​ អ៊ីវ​រ៉ាមូស​ ចូល​សិក្សា​នៅ​អនុវិទ្យាល័យ​នៃ​ក្រុម​សាសនទូត​ក្រៅ​ប្រទេស​នា​ក្រុង​ប៉ារីស។ លោក​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​បូជាចារ្យ​នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​១៩៥៣។​ ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​ក្រុង​រ៉ូម​ ក្នុង​ឆ្នាំ​១៩៥៧ ​លោក​បាន​ចេញ​ដំណើរ​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៥៧។​

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email