អភិបូជាថ្ងៃអាទិត្យបុណ្យចម្លង ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១

ឈើ​ឆ្កាង​ជម្រះ​ចិត្ត​គំនិត

បងប្អូន​ជាទី​គោរព​ស្រឡាញ់!

ថ្ងៃ​នេះ យើង​សរុប​សេចក្តី​ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា យល់​ពី​អត្ថន័យ​ខ្លះៗ​អំពី​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ប៉ុន្តែ ដឹង​ថា​យើង​មិន​អាច​យល់​ទេ ដោយសារ​ដូច​យើង​បាន​ស្ដាប់​លោក​យ៉ូហាន​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ​ដែរ លោក​យ៉ូហាន​បាន​និយាយ​ថា “ពេល​នោះ​សាវ័ក​ទៅ​ដល់​មុន​ហើយ​បាន​ចូល​ទៅ​ខាង​ក្នុង​ដែរ ហើយ​គាត់​បាន​ឃើញ​ហើយ​គាត់​ជឿ ប៉ុន្តែ​ពេល​នោះ​សាវ័ក​ផ្សេងៗ​ក៏​មិន​ទាន់​យល់​អត្ថន័យ​គម្ពីរ​ដែល​បាន​ចែង​ទុក​ថា ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ឡើយ​ទេ”។ ខ្ញុំ​ជឿ​ថា សម្រាប់​យើង​ទាំង​អស់​យើង​អត់​ទាន់​ច្បាស់​ដល់​កំពូល​ដែរ ទោះ​បី​ព្រះយេស៊ូ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​២០០០​ឆ្នាំ​មុន​មក​ម្ល៉េះ យើង​មិន​ទាន់​យល់​អ្វីៗ​ទាំង​អស់។ ប៉ុន្តែ យើង​អាច​យល់​ដូច​លោក​យ៉ូហាន​ដែល​ជា​សាវ័ក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះយេស៊ូ គឺ​នៅ​ក្នុង​ជំនឿ​របស់​យើង​។ ដូច្នេះ ខ្ញុំ​អត់​មាន​សមត្ថភាព​ដើម្បី​ពន្យល់​បង​ប្អូន ប៉ុន្តែ​នៅ​ក្នុង​ជំនឿ​របស់​យើង​ដែល​ជា​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ យើង​ជឿ​ថា​ពិត​មែន​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។

នៅ​ថ្ងៃ​ដែល​យើង​គោរព​បុណ្យ​ហែ​ស្លឹក មុន​ព្រះយេស៊ូ​យាង​ចូល​ទី​ក្រុង​យេរ៉ូសាឡឹម ព្រះយេស៊ូ​បាន​ទៅ​ដល់​ផ្ទះ​មួយ​នៅ​ក្នុង​ភូមិ​បេថានី។ នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ដែល​កំពុង​លាង​ជើង​ព្រះយេស៊ូ ដោយ​ប្រើ​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​ថ្លៃ​បំផុត ធ្វើ​ឱ្យ​សាវ័ក​និង​ប្រជាជន​គេ​ស្ដាយ​លុយ​ដោយសារ​គេ​គិត​ថា​ប្រេង​នេះ​ថ្លៃ​ណាស់ ប្រើ​លាង​ជើង​ដើម្បី​អ្វី?

ម្សិល​មិញ​យើង​បាន​ស្ដាប់​ស្ត្រីៗ​ធ្វើ​ដំណើរ ដើម្បី​ទៅ​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ផ្នូរ។ ពេល​គេ​ដាក់​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ថ្ងៃ​សុក្រ ម៉ោង​បី​រសៀល​ក្រោយ​ពេល​សោយ​ទិវង្គត គេ​អត់​បាន​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ មូល​ហេតុ​ដោយសារ​ជា​ថ្ងៃ​សប្ប័ទ។ តាម​ប្រពៃណី​យូដា គេ​អត់​មាន​សិទ្ធិ​រៀបចំ​សព ដូច្នេះ​គេ​បាន​ទុក​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ផ្នូរ។ គេ​ចាំ​ដល់​ថ្ងៃ​អាទិត្យ​ព្រឹក ដើម្បី​រៀប​ចំ​ព្រះសព​របស់​ព្រះយេស៊ូ​យ៉ាង​ត្រឹម​ត្រូវ ហើយ​ដើម្បី​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ​គេ​បាន​រៀបចំ​ប្រេង​ក្រអូប​ម្ដង​ទៀត។ ដូច្នេះ យើង​ឃើញ​មាន​ទឹក​ក្រអូប​ពីរ​ដង ប៉ុន្តែ​ពេល​គេ​ទៅ​ដល់​ផ្នូរ គេ​មិន​បាន​ឃើញ​អ្វី​សោះ ព្រះសព​របស់​ព្រះយេស៊ូ​ដូច​ជា​បាត់​អស់​ហើយ។ ដូច​យើង​ស្ដាប់​ថ្ងៃ​នេះ ក្រុម​ស្ត្រីៗ​ផ្ដល់​សក្ខីភាព​ថា “យើង​បាន​ទៅ​ដល់​ផ្នូរ​ហើយ ប៉ុន្តែ​ឥត​ឃើញ​ព្រះសព​របស់​ព្រះអង្គ យើង​អត់​ដឹង​គេ​បាន​ដាក់​ព្រះសព​របស់​ព្រះអង្គ​នៅ​ឯ​ណា​ទេ”។

យប់​មិញ នៅ​ពេល​យើង​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​យើង​បាន​ប្រើ​ប្រេង​ម្ដង​ទៀត ប្រេង​នេះ​គឺ​ជា​ប្រេង​ពិសិដ្ឋ។ ជា​ប្រេង​ដែល​លោក​អភិបាល​បាន​រៀប​ចំ ជា​ប្រេង​ផ្សេង​ពី​ប្រេង​សម្រាប់​អ្នក​ជំងឺ ផ្សេង​ពី​ប្រេង​សម្រាប់​អ្នក​ដែល​កំពុង​ទទួល​ការ​អប់រំ​ជំនឿ គឺ​ជា​ប្រេង​មួយ​នៅ​ពេល​ដែល​យើង​រៀប​ចំ​យើង​ដាក់​ទឹក​ក្រអូប​លាយ​គ្នា និង​សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​លើ​ប្រេង​នេះ ដើម្បី​ធ្វើ​អគ្គ​សញ្ញា​ជ្រមុជទឹក អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ ឬ​ជា​អភិបាល និង​អគ្គ​សញ្ញា​លាប​ថ្ងាស។ ដូច្នេះ យើង​បាន​ឃើញ​ប្រេង​នេះ​ជា​ប្រេង​ដែល​មាន​ទឹក​ក្រអូប ដូច​យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ទី​១​ថ្ងៃ​នេះ “ព្រះយេស៊ូ​បាន​ទទួល​អភិសេក​ដើម្បី​ធ្វើ​ជា​ព្រះគ្រីស្ដ”។

ដូច្នេះ យើង​យល់​អស់​ហើយ​តាម​ពិត​ប្រេង​ក្រអូប​ដែល​គេ​ប្រើ​ដើម្បី​លាង​ជើង ជា​សញ្ញា​សម្គាល់​នៃ​ឋានៈ​របស់​ព្រះយេស៊ូ​ដែល​ជា​ព្រះគ្រីស្ត ដែល​បាន​ទទួល​អភិសេក។ ស្ត្រីៗ​ដែល​បាន​រៀប​ចំ​ទឹក​ក្រអូប ដើម្បី​រៀប​ចំ​ព្រះសព​របស់​ព្រះយេស៊ូ​មិន​អាច​លាប​បាន​ទេ ដោយសារ​ទឹក​ក្រអូប​នេះ​ជា​ទឹក​ក្រអូប​ដែល​មិន​ស្ថិតស្ថេរ និង​ព្រះយេស៊ូ​ស្ថិតស្ថេរ​ហើយ ដូច្នេះ​ទឹក​ក្រអូប​នេះ​ទុក។ ប៉ុន្តែ ប្រេង​ដែល​យើង​ប្រើ​ជា​រៀង​រាល់​ពេល​វេលា ពេល​យើង​មាន​អគ្គ​សញ្ញា​ជ្រមុជ​ទឹក អគ្គ​សញ្ញា​លាប​ថ្ងាស អគ្គ​សញ្ញា​តែងតាំង​ឧបដ្ឋាក តែងតាំង​បូជាចារ្យ តែងតាំង​អភិបាល ប្រេង​នេះ​ជា​ប្រេង​ដើម្បី​តែង​តាំង​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​អស់​កល្ប​ជានិច្ច។ ដូច្នេះ ជា​ប្រេង​ដែល​មាន​ទឹក​ក្រអូប​ដដែល ដើម្បី​បង្ហាញ​ថា​ព្រះយេស៊ូ​ជ្រាប​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង នៅ​ក្នុង​ជីវិត​របស់​យើង។ ប្រេង​មិន​មែន​តែ​លាប​អត់​ចូល​ទេ ប្រេង​វា​ចូល​នៅ​ក្នុង​ថ្ងាស ចូល​នៅ​ក្នុង​ក្បាល ចូល​នៅ​ក្នុង​ខ្លួន​យើង និង​ភ្ជាប់​ជា​មួយ​ក្លិន​ក្រអូប ដើម្បី​មើល​ឃើញ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​និង​គង់​នៅ។ ដោយសារ សព​របស់​មនុស្ស​ម្នាក់​ស្អុយ វា​នឹង​ស្អុយ​ខ្លាំង​ទៅ​ខ្លាំង​ទៅ​រហូត​ដល់​យើង​ធ្វើ​បុណ្យ​សព​បូជា។ ប៉ុន្តែ ព្រះសព​របស់​ព្រះយេស៊ូ​បាត់​ហើយ មិន​ដែល​មាន​ក្លិន​ស្អុយ មិន​ដែល​រលួយ ដោយសារ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ដូច្នេះ ប្រេង​ដែល​យើង​ប្រើ​គឺ​ជា​ប្រេង​ស្ថិតស្ថេរ ដែល​មាន​ក្លិន​ក្រអូប ដោយសារ​យើង​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង​ឥឡូវ​នេះ។

យើង​និយាយ​អំពី​កន្សែង​ដ៏​តូច​ដែល​ប្រឡាក់​និង​ស្អុយ ព្រះយេស៊ូ​បាន​លាង​ជើង​ក្រុម​សាវ័ក​ដូចជា​លាង​ជើង​យើង​ដែរ។ ជើង​គឺ​ជា​កន្លែង​ដែល​ស្អុយ​ជាង​គេ​និង​ប្រឡាក់​ជាង​គេ ដោយសារ​យើង​ដើរ​ជា​មួយ​ជើង​របស់​យើង ជា​កន្លែង​មួយ​ដូច​ជា​មិន​សូវ​មាន​អនាម័យ​ប៉ុន្មាន​ទេ។ ជា​ពិសេស​សម្រាប់​យើង​នៅ​ខ្មែរ យើង​មិន​សូវ​ចូល​ចិត្ត​ពាក់​ស្បែក​ជើង ហើយ​ម្យ៉ាង​ទៀត​យើង​មិន​ចូល​ចិត្ត​ប្រើ​ស្រោម​ជើង​ទៀត។ ដូច្នេះ ជើង​របស់​យើង​នៅ​ពេល​យើង​បាញ់​ទឹក​ឬ​ងូត​ទឹក សុទ្ធ​តែ​ដី​ក្រហម ដី​ខ្មៅ ធ្វើ​ឱ្យ​ប្រឡាក់​ពេញ​បន្ទប់​ទឹក។ ប៉ុន្តែ និមិត្ត​រូប​ដែល​ព្រះយេស៊ូ​ចង់​បង្ហាញ គឺ​ដាក់​ខ្លួន​ដោយសារ​ជា​ព្រះយេស៊ូ​ដែល​លាង​ជើង ប៉ុន្តែ​ព្រះយេស៊ូ​ដូច​ជា​បាន​ប្រមូល​អំពើ​បាប​របស់​យើង​ទាំង​អស់ នៅ​លើ​ក្រមា​នេះ។ ពេល​ព្រះយេស៊ូ​នៅ​លើ​ឈើឆ្កាង តាម​ពិត​ព្រះយេស៊ូ​នៅ​សល់​តែ​ក្រមា​តូច​មួយ គេ​បាន​ហែក​ខោអាវ​របស់​ព្រះយេស៊ូ​ទាំង​អស់​ចែក​គ្នា។ ប៉ុន្តែ នៅ​លើ​ឈើឆ្កាង​ព្រះយេស៊ូ​មិន​មែន​នៅ​ខ្លួន​ទទេ​ទេ គឺ​ព្រះអង្គ​នៅ​សល់​ក្រមា​ដ៏​តូច​មួយ គឺ​ជា​ក្រមា​តែ​មួយ​ដែល​ព្រះយេស៊ូ​បាន​ប្រើ​ដើម្បី​លាង​ជើង​ឱ្យ​ក្រុម​សាវ័ក។

នៅ​លើ​ឈើឆ្កាង ក្រមា​នោះ​ដូចជា​បាន​ប្រមូល​អំពើ​បាប​របស់​មនុស្ស​លោក ទុក​នៅ​ក្នុង​ព្រះយេស៊ូ​សោយ​ទិវង្គត។ នៅ​ពេល​ស្ត្រីៗ​និង​សាវ័ក​បាន​ទៅ​ដល់​ផ្នូរ គេ​បាន​ចូល​ហើយ​បាត់​ព្រះសព​របស់​ព្រះយេស៊ូ នៅ​សល់​តែ​សំពត់​ដែល​គេ​បាន​ប្រើ​សម្រាប់​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ និង​នៅ​សល់​តែ​ក្រណាត់​មួយ​ដែល​គេ​គ្រប​ព្រះសិរសា​របស់​ព្រះអង្គ។ នៅ​សល់​នេះ​តែ​ប៉ុណ្ណឹង ប៉ុន្តែ​នៅ​ក្នុង​លក្ខណៈ​ថ្មី លែង​ប្រឡាក់​ដោយ​សារ​ឆ្លង​ឈើឆ្កាង ឆ្លង​ការ​សោយ​ទិវង្គត អំពើ​បាប​របស់​យើង​ចូល​នៅ​ក្នុង​ភាព​ងងឹត​នៃ​ឋាន​ក្រោម។ បង​ប្អូន​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​រាត្រី​បុណ្យ​ចម្លង​ពី​យប់​មិញ យើង​បាន​និយាយ​ថា “រួម​ស្លាប់​រួម​រស់​ជា​មួយ​ព្រះយេស៊ូ”។ ពិធី​ជ្រមុជ​ទឹក គឺ​យើង​ចូល​នៅ​ក្នុង​ទឹក​ដើម្បី​ប្រមូល​អំពើ​បាប​របស់​យើង ឱ្យ​វា​ចូល​នៅ​ក្នុង​ទឹក​នេះ ឱ្យ​ពេល​យើង​ចេញ​ពី​ទឹក​មក​យើង​បាន​ស្អាត​បរិសុទ្ធ​ដោយ​មាន​ជីវិត​ថ្មី។ នេះ​គឺ​ជា​របៀប​នៃ​ការ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ពី​សម័យ​ដើម​នៅ​ក្នុង​ទន្លេ​យ័រដាន់ នេះ​ជា​អត្ថន័យ​នៃ​ពិធី​ជ្រមុជ​ទឹក នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ព្រះយេស៊ូ​បាន​ជម្រះ​ចិត្ត​គំនិត​របស់​យើង​ឱ្យ​ស្អាត​បរិសុទ្ធ។

ហេតុ​នេះ​ហើយ នៅ​ព្រឹក​ឡើង​ពេល​ទៅ​ដល់​ផ្នូរ​នៅ​សល់​តែ​ក្រមា​មួយ នៅ​សល់​តែ​កន្សែង ក្រណាត់​ដែល​គេ​បាន​ប្រើ​ដើម្បី​រុំ​ព្រះសព​របស់​ព្រះយេស៊ូ។ នៅ​ប៉ុន្មាន​សតវត្ស​មុន គេ​បាន​រក​ឃើញ​ក្រមា​ហ្នឹង ហើយ​ពេល​គេ​ដាក់​ហ្វីល​នៃ​ម៉ាស៊ីន​ថត​រូប ក្រម៉ា​នោះ​បាន​ចេញ​រូប​ប្លែក សព្វ​ថ្ងៃ​រូប​ហ្នឹង​នៅ​ក្នុង​ទី​ក្រុង​ចូរ៉ាន់​នៃ​ប្រទេស​អ៊ីតាលី។ តាម​ប្រពៃណី នេះ​ជា​ក្រណាត់​ដែល​គេ​បាន​រុំ​ព្រះសព​របស់​ព្រះយេស៊ូ និង​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ រូប​កាយ​និង​ព្រះសិរសា​របស់​ព្រះអង្គ មាន​ន័យ​ថា​ព្រះភ័ក្រ្ត​របស់​ព្រះយេស៊ូ​បាន​ភ្ជាប់​នឹង​ក្រមា​នេះ។ ពី​មុន ពេល​យើង​ថត​រូប​យើង​ប្រើ​ហ្វីល នៅ​ពេល​យើង​ដាក់​ហ្វីល​នៅ​កន្លែង​ងងឹត​វា​នៅ​ខ្មៅ​ដែរ ប៉ុន្តែ​នៅ​ពេល​យើង​ដាក់​ហ្វីល​នៅ​ផ្លាត​ជា​មួយ​ពន្លឺ​យើង​មើល​ឃើញ។ ក្រមា​នោះ​ក៏​ដូច​គ្នា​ដែរ តាម​ពិត​ពេល​យើង​ដាក់​នៅ​លើ​តុ​មួយ​វា​ស ប៉ុន្តែ​ពេល​យើង​ឱ្យ​វា​ផ្លាត​ជា​មួយ​ពន្លឺ យើង​មើល​ឃើញ​បី​ដូច​ជា​រូប​ថត​របស់​ព្រះយេស៊ូ​ពេល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ភ្ជាប់​ជា​មួយ​នឹង​ក្រមា​ហ្នឹង។

ដូច្នេះ ពី​ក្រម៉ា​ដ៏​តូច​ដែល​ប្រឡាក់​ជា​មួយ​អំពើ​បាប​របស់​យើង ឆ្លង​តាម​ព្រះឈើឆ្កាង​ដើម្បី​ជម្រះ​ចិត្ត​គំនិត ទៅ​ជា​ក្រមា​មួយ​ដែល​ភ្ជាប់​ជា​មួយ​រូប​កាយ​របស់​ព្រះយេស៊ូ ទាំង​រូប​កាយ ទាំង​ព្រះភ័ក្រ​របស់​ព្រះអង្គ។ នៅ​ពេល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក​យើង​បាន​ទទួល​អាវ​ស អាវ​ស​នេះ​គឺ​ព្រះយេស៊ូ​ផ្ទាល់​ដែល​ភ្ជាប់​ជា​មួយ​យើង​អស់​កល្ប​ជានិច្ច។ ដូច្នេះ យើង​មាន​នៅ​ក្នុង​ដួង​ចិត្ត​អស់​មួយ​ជីវិត​សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ដឹង​ថា​ឥឡូវ​នេះ​ព្រះយេស៊ូ​បាន​ភ្ជាប់​ជា​មួយ​យើង ដូច​ព្រះយេស៊ូ​បាន​ភ្ជាប់​នៅ​លើ​ក្រមា​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​អស់​កល្ប​ជានិច្ច។

យើង​អរ​ព្រះគុណ​ព្រះអង្គ ដែល​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ការ​អស្ចារ្យ​នៃ​អាថ៌កំបាំង​នៃ​ព្រះយេស៊ូ​សោយ​ទិវង្គត និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។

ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ អាលេលូយ៉ា អាលេលូយ៉ា

+លោក​អភិបាល អូលីវីយ៉េ ជ្មីតហរស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ

ប្រទេស​កម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email