បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១

ឆ្នាំ​ថ្មី​យើង​បាន​ឃើញ​ជីវិត​ថ្មី​កំពុង​ផុស​ឡើង

សួស្ដី​ឆ្នាំ​ថ្មី

បងប្អូន​ជាទី​ស្រឡាញ់

ថ្ងៃ​នេះ ដើម្បី​អបអរ​សាទរ​ឆ្នាំ​ថ្មី​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “ចូរ​មាន​សុភមង្គល” ព្រះយេស៊ូ​មាន​ព្រះបន្ទូល​នេះ​ប្រាំង​បី​ដង។ តាម​ពិត នៅ​ម៉ោង​បួន​ទៀប​ភ្លឺ​ពេល​យើង​បាន​ចូល​ឆ្នាំ​ថ្មី គឺ​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២១​នេះ យើង​បាន​ឃើញ​នៅ​ក្នុង​វាល​ស្រែ​របស់​យើង​មាន​ទឹក​ភ្លៀង​ដែល​បាន​ធ្លាក់​មក​ខ្លះៗ។ នៅ​ពេល​នោះ ខ្ញុំ​បាន​ស្ដាប់​បក្សាបក្សី​ដែល​កំពុង​ច្រៀង​យ៉ាង​សប្បាយ ខ្ញុំ​បាន​ឃើញ​កង្កែប​ដែល​កំពុង​លោត​ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយ ដែល​ពោរពេញ​ទៅ​ដោយ​អំណរ​សប្បាយ។ ខ្ញុំ​បាន​ឃើញ នៅ​មុខ​សាលា​សន្ត​ហ្រ្វង់ស្វ័រ​មាន​ផ្កា​ពណ៌​លឿង ផ្កា​ពណ៌​ផ្កាឈូក ដែល​កំពុង​រីក​ដូចជា​ពោរពេញ​ទៅ​ដោយ​អំណរ​សប្បាយ។ ខ្ញុំ​បាន​ឃើញ វាល​ស្រែ​របស់​យើង​ដែល​បាន​ស្វាគមន៍​ទឹក​ភ្លៀង​នេះ ពោរពេញ​ដោយ​សេចក្តី​សុខ ដោយសារ​វាល​ស្រែ​របស់​យើង​នៅ​ក្នុង​រដូវ​កូវីដ-១៩ ទៅ​ជា​ចំការ​បន្លែ​វិញ។

ពិត​មែន ឆ្នាំ​ថ្មី​យើង​បាន​ឃើញ​ជីវិត​ថ្មី​កំពុង​ផុស​ឡើង ប្រសិន​បើ​យើង​មើល​មួយ​ភ្លែត​យើង​មាន​អារម្មណ៍​ថា អ្វីៗ​ទាំង​អស់​ដូច​ជា​ស្ងៀម​ស្ងាត់ ធម្មជាតិ សត្វ​ទាំង​ឡាយ​ដូចជា​ពោរពេញ​ដោយ​អំណរ​សប្បាយ។ ផ្ទៃ​មេឃ​ណែនាំ​ឱ្យ​យើង​បាន​ទទួល​ទឹក​ភ្លៀង​ល្មមៗ ដើម្បី​កុំ​ឱ្យ​យើង​ក្រៅ​ពេក ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​កូវីដ-១៩​កំពុង​នៅ ប្រសិន​បើ​យើង​មើល​ហ្វេសប៊ុក ប្រសិន​បើ​យើង​ស្ដាប់​វិទ្យុ ប្រសិន​បើ​យើង​មើល​ទូរទស្សន៍​មួយ​ភ្លែត យើង​បាន​ឃើញ​អប្សរា​ដែល​ពាក់​ម៉ាស់ យើង​ឃើញ​ទេវតា​ដែល​ចុះ​ពី​ឋាន​លើ​មក ត្រូវ​តែ​វាស់​កំដៅ​សិន​មុន​អនុញ្ញាត​ឱ្យ​ចូល​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ម៉ោង​បួន​ទៀប​ភ្លឺ យើង​មិន​បាន​ឮ​សូរ​សំឡេង​ដែល​គេ​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ​ឡើយគឺ​មាន​សភាព​ស្ងៀម​ស្ងាត់ ខារ៉ាអូខេ​តាម​ផ្ទះ​ក៏​មាន​សភាព​ស្ងៀម​ស្ងាត់ ផ្ទះ​នីមួយៗ​ក៏​នៅ​ស្ងៀម​ស្ងាត់​ដែរ។ កន្លែង​ដែល​យើង​ធ្លាប់​ជួប​ជុំ​គ្នា ដើម្បី​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក៏​ទទេ​អត់​មាន​មនុស្ស​ដែរ។ ផ្សារ​នីមួយៗ ភោជនីយដ្ឋាន ហាង​កាហ្វេ ដែល​ធ្លាប់​តែ​អ៊ូអរ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ក៏​បាន​បិទ​ទ្វារ​អស់​ហើយ។

តាម​ពិត នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដែល​ខ្ញុំ​បាន​រស់​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​អត់​បាន​ឃើញ​បង​ប្អូន​សប្បាយ លេង​ល្បែង រាំ​វង់ អត់​បាន​ស្ដាប់​បទ​ចំរៀង​ប្រពៃណី អត់​បាន​ឃើញ​បង​ប្អូន​ចេញ​សួរ​សុខ​ទុក្ខ​គ្នា​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដើម្បី​លេង​ជា​មួយ​គ្នា ដើម្បី​ហូប​បាយ​ជា​មួយ​គ្នា ដើម្បី​សួរ​សុខ​ទុក្ខ​គ្នា ដើម្បី​ជូន​ពរ​គ្នា។ តាម​ពិត កូវីដ​-១៩​ដ៏​តូច​នេះ​បាន​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ពេល​វេលា​ដ៏​ពិបាក ជា​ពិសេស​តាំង​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ​មក​ម្ល៉េះ​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​យើង។

នៅ​ពេល​នេះ ខ្ញុំ​នឹក​រលឹក​ដល់​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ដែរ ដែល​លោក​ឪពុក ឆ្មារ សាឡាស់ បាន​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​អភិបាល​ឧបត្ថម្ភក​សម្រាប់​ភូមិភាគ​ភ្នំពេញ។ នៅ​ក្នុង​បរិយាកាស​ដូច​សព្វ​ថ្ងៃ​ដែរ គឺ​បរិយាកាស​ស្ងៀមស្ងាត់ គ្រីស្ត​បរិស័ទ​ចូល​រួម​ក៏​មិន​បាន លោក​អភិបាល​ក៏​មាន​តែ​ពីរ​អង្គ​ដើម្បី​តែង​តាំង​គាត់​ជា​អភិបាល។ ពិត​មែន នោះ​ជា​ប្រវត្តិសាស្ត្រ​ផ្សេង​ដោយសារ​នៅ​ឆ្នាំ​១៩៧៥ គឺ​ជា​ពេល​វេលា​ដែល​យើង​ពោរពេញ​ដោយ​សង្រ្គាម​ស៊ីវិល ជា​ពេល​វេលា​ដែល​ខ្មែរ​ក្រហម​កំពុង​ត្រៀម​ខ្លួន​ចូល​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ បរិយាកាស​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ គឺ​បរិយាកាស​ដែល​បាន​ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច គឺ​បរិយាកាស​ដែល​ណែនាំ​ឱ្យ​យើង​សង្ស័យ​លើ​គ្នា​ទៅ​វិញ​ទៅ​មក ប្រហែល​អ្នក​នោះ​មាន​ជំងឺ​កូវីដ-១៩ ប្រហែល​នេះ​បាន​ជាប់​ដោយ​ប្រយោល​ជា​មួយ​អ្នក​ជំងឺ​កូវីដ-១៩ ប្រហែល​អ្នក​នោះ​ធ្លាប់​បាន​ទាក់​ទង​ជា​មួយ​មនុស្ស​ម្នាក់​ដែល​បាន​កើត​កូវីដ-១៩…។ យើង​ចេះ​តែ​សង្ស័យ​និង​ភ័យ ផ្ទុយ​ទៅ​វិញ​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​យើង​បាន​ឃើញ​ផ្ទាល់​ដែរ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​បងប្អូន​ចែក​រំលែក​ម្ហូប​អាហារ បាន​ឃើញ​សកម្មភាព​នៃ​សាមគ្គីភាព ដែល​អ្នក​មាន​ល្មមៗ​ទៅ​ជួយ​ដល់​អ្នក​ដែល​ខ្វះ​ខាត អ្នក​ក្រីក្រ ក្នុង​នេះ​ក៏​មាន​គ្រីស្ត​បរិស័ទ​របស់​យើង​ដែរ។

យើង​ដឹង​ថា បង​ប្អូន​យ៉ាង​ច្រើន​ដែល​ភ្ជាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ សព្វ​ថ្ងៃ​ក៏​ពិបាក​បំផុត​អត់​មាន​ឱកាស​ដើម្បី​ទៅ​រក​ស៊ី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដូច​ពី​មុន ដូចជា​អ្នក​រត់​កង់បី (PassApp) អ្នក​ដែល​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​ស៊ី​ឈ្នួល​នៅ​ក្នុង​ការដ្ឋាន​សំណង់ ជា​អ្នក​ដែល​ធ្លាប់​លក់​ដូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូចជា​លក់​បបរ លក់​បាយ លក់​នំបញ្ចុក លក់​មាន់​ដុត លក់​ទា​អាំង​ទឹក​ឃ្មុំ ឬ​ត្រី​ដុត​អំបិល​ជាដើម។ ប៉ុន្តែ ឥឡូវ​នេះ​លែង​មាន​អស់​ហើយ ផ្លូវ​នៅ​ទទេ​ស្ងប់​ស្ងាត់​បំផុត ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​បាន​បិទ​ទ្វារ​អស់​ហើយ រាជធានី​ភ្នំពេញ​ដូចជា​ស្ងប់​ស្ងាត់​គួរ​ឱ្យ​ភ័យ​ខ្លាច។ ម្យ៉ាង​យើង​អាច​និយាយ​បាន​ថា កូវីដ-១៩​មាន​អំណាច​ខ្លាំង​ណាស់ ជា​មេរោគ​ដ៏​តូច​បំផុត​ប៉ុន្តែ​ដូចជា​ភាវរកម្ម​ថ្មី​ដែល​បាន​ធ្វើ​ឱ្យ​ពិភព​លោក​ទាំង​មូល​តាំង​ពី​ខែ​មករា ឆ្នាំ​២០២០ ភ័យ​ណាស់ ហើយ​បាន​ណែនាំ​ឱ្យ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ប្រែ​ប្រួល។ ប៉ុន្តែ មិន​មែន​ប្រែប្រួល​នៅ​ក្នុង​សេចក្តី​សុខ មិន​មែន​ប្រែ​ប្រួល​នៅ​ក្នុង​កម្លាំង​កាយ​កម្លាំង​ចិត្ត​វិញ គឺ​ប្រែ​ប្រួល​ដោយ​ភ្ជាប់​ជា​មួយ​ការ​ភ័យ​ខ្លាច បាត់​បង់​សេចក្តី​សង្ឃឹម។

ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​យើង​គោរព​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​ជាតិ​ខ្មែរ យើង​បាន​ស្តាប់​ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ថា “ចូរ​មាន​សុភមង្គល អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រខ្សត់ អ្នក​ណា​សោកសៅ អ្នក​ណា​មាន​ចិត្ត​ស្លូត​បូត អ្នក​ណា​ស្រេក​ឃ្លាន​សេចក្តី​សុចរិត អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ អ្នក​ណា​កសាង​សុខ​សន្តិភាព អ្នក​ណា​មាន​ចិត្ត​មេត្តា​ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ”។ ធម្មជាតិ បក្សាបក្សី សត្វ​ទាំង​ឡាយ កង្កែប គីង្គក់ ដូចជា​មាន​សេចក្តី​សុខ​មែន ប៉ុន្តែ​ដួង​ចិត្ត​របស់​យើង​តើ​មាន​សេចក្តី​សុខ​អ្វី​ខ្លះ?

ព្រឹក​នេះ យើង​ត្រូវ​តែ​មាន​សេចក្តី​សង្ឃឹម ដោយសារ​ព្រឹក​នេះ​យើង​ដឹង​ថា​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ឱ្យ​យើង​ទាំង​អស់​សម្រាប់​ឆ្នាំ​ថ្មី​នេះ។ សូម​ឱ្យ​ព្រះពរ​របស់​ព្រះជាម្ចាស់​ប្រទាន​កម្លាំង​កាយ​កម្លាំង​ចិត្ត សេចក្តី​អង់អាច​ក្លាហាន និង​សេចក្តី​សង្ឃឹម​សារជាថ្មី។ ពិតមែន សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បង​ប្អូន​រៀងៗ​ខ្លួន ដល់​គ្រួសារ​របស់​យើង​នីមួយៗ សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​អ្នក​ដឹកនាំ​ប្រទេស​របស់​យើង​គ្រប់​ឋានៈ។ សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​ក្រុម​គ្រូ​ពេទ្យ និង​បុគ្គលិក​សុខាភិបាល​ទាំង​អស់ សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​អ្នក​ជំងឺ ដល់​អ្នក​ដែល​បាន​បាត់​បង់​បង​ប្អូន​ដោយសារ​ជំងឺ​កូវីដ-១៩។ សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​សម្រាប់​បងប្អូន​ទាំង​អស់ ដែល​កំពុង​ភ្ជាប់​ដោយសារ​កូវីដ-១៩​ហ្នឹង ដែល​បាត់បង់​ការ​ងារ។ សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដ៏​បរិបូណ៌ សម្រាប់​ប្រទេស​កម្ពុជា​របស់​យើង​ទាំង​មូល សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដ៏​បរិបូណ៌​សម្រាប់​ព្រះសហគមន៍ សម្រាប់​គ្រូ​គង្វាល សម្រាប់​បង​ស្រី​បង​ប្រុស សម្រាប់​គ្រីស្ត​បរិស័ទ​របស់​យើង​ទាំង​អស់​គ្នា។

បងប្អូន​ជា​ទី​ស្រឡាញ់

នៅ​ពេល​ខ្ញុំ​បាន​ស្ដាប់ និង​អធិដ្ឋាន​អំពី​ធម្មទេសនា​ដំបូង​របស់​ព្រះយេស៊ូ​នៅ​លើ​ភ្នំ ពេល​ខ្ញុំ​បាន​នឹក​ឃើញ​ដល់​បី​កុំ​បី​ការពារ ណែនាំ​ឱ្យ​ខ្ញុំ​គិត​ខ្លះៗ។ ប៉ុន្តែ កុំ​យល់​ច្រឡំ​អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ពេល​នេះ​មិន​មែន​ដើម្បី​កុំ​ឱ្យ​យើង​អនុវត្ត។ យើង​នៅ​តែ​បន្ត​អនុវត្តន៍​៣​កុំ​និង​៣​ការពារ​អស់​ពី​សមត្ថភាព​រហូត​ដល់​អស់​កូវីដ-១៩​នៅ​លើ​ទឹក​ដី​កម្ពុជា​យើង។

ក៏​ប៉ុន្តែ នៅ​ពេល​យើង​អស់​កូវីដ-១៩​នៅ​លើ​ទឹក​ដី​កម្ពុជា សូម​ពិចារណា​ដោយសារ​ខ្ញុំ​គិត​ថា បី​កុំ​បី​ការពារ​ប្រៀប​ធៀប​នឹង​ព្រះគម្ពីរ​ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ ណែនាំ​ឱ្យ​យើង​រក​ឃើញ​ផ្លូវ​ថ្មី ដើម្បី​រស់​នៅ​នៅ​ក្នុង​សេចក្តី​សុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​ក្នុង​ពិភព​លោក​នា​ថ្ងៃ​អនាគត។ ប៉ុន្តែ សូម​កុំ​ស្តាប់​ច្រឡំ​សូម​បន្ត​អនុវត្តន៍​សិន​រហូត​ដល់​កូវីដ-១៩​អស់ ពេល​អស់​ហើយ​សូម​គិត​អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ពេល​នេះ។

៣​ការពារ

ទី​មួយ ពាក់​ម៉ាស់ នៅ​ពេល​យើង​ពាក់​ម៉ាស់​យើង​លាក់​មុខ ស្នាម​ញញឹម​យើង​លែង​មើល​ឃើញ ទឹក​ភ្នែក​លែង​មើល​ឃើញ យើង​លាក់​មុខ លាក់​អារម្មណ៍​ដែល​ចេញ​លើ​ទឹក​មុខ​របស់​យើង លែង​មើល​ឃើញ។ ការ​និយាយ​របស់​យើង​ក៏​លែង​ស្ដាប់​ឮ​ច្បាស់​ដែរ ដោយសារ​យើង​លែង​បើក​មាត់​និង​សំឡេង​យើង​មិន​សូវ​ឮ​ប៉ុន្មាន​ទេ។ ដូច្នេះ នៅ​ពេល​នោះ​យើង​យល់​ថា​ទំនាក់​ទំនង​ដែល​យើង​បង្កើត តាម​ស្នាម​ញញឹម តាម​កាយ​វិការ​មុខ​មាត់​របស់​យើង តាម​សំដី​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សំខាន់​ណាស់។ ទំនាក់​ទំនង ដែល​យើង​បង្កើត​តាមរយៈ​មុខ​របស់​យើង​សព្វ​ថ្ងៃ​យើង​កំពុង​លាក់ វា​សំខាន់​ណាស់​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​ឯទៀតៗ ដើម្បី​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​របៀប​សាមញ្ញ​បំផុត​នៃ​ជីវិត​ប្រចាំ​ថ្ងៃ។ ដូច្នេះ នៅ​ពេល​ដែល​យើង​ស្ដាប់​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ អ្នក​នោះ​មាន​សុភមង្គល​ហើយ”។ នៅ​ពេល​យើង​លែង​ពាក់​ម៉ាស់ សូម​គិត​ពិចារណា យើង​គួរ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចែក​រំលែក​ស្នាម​ញញឹម​ដ៏​ពេញ​លក្ខណៈ។

ទី​ពីរ លាង​ដៃ ខ្ញុំ​គិត​ថា​នេះ​ជា​មេរៀន​ដ៏​ពិសេស​បំផុត​នៅ​ក្នុង​សម័យ​កូវីដ-១៩​នេះ ជា​មេរៀន​ដែល​ណែនាំ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​លើ​អនាម័យ​យ៉ាង​ខ្លាំង​បំផុត យក​ចិត្ត​ទុក​ដាក់​នឹង​សុខភាព​របស់​យើង រូប​កាយ​របស់​យើង។ ប៉ុន្តែ ជា​ពេល​វេលា​ដើម្បី​គិត​ដែរ កុំ​ឱ្យ​យើង​តែ​លាង​ដៃ​របស់​យើង​តែ​ប៉ុណ្ណឹង កុំ​ឱ្យ​យើង​តែ​បាញ់​អាកុល​តែ​ប៉ុណ្ណឹង ដូច​គណៈ​ផារីស៊ី​ពី​សម័យ​ដើម។ ប៉ុន្តែ ឱ្យ​យើង​លាង​ចិត្ត​គំនិត លាង​បេះដូង​របស់​យើង លាង​ផ្លូវ​វិញាណ​របស់​យើង​ដែរ កុំ​ឱ្យ​អំពើ​បាប​ធ្វើ​បាប​យើង។ ដូច​យើង​បាន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ថា “អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ អ្នក​នោះ​មាន​សុភមង្គល​ហើយ”។

ទី​បី រក្សា​គម្លាត​សង្គម គម្លាត​បុគ្គល​ទៅ​បុគ្គល​ឆាប់​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង​ទៅ តាម​ពិត​ពេល​យើង​និយាយ​អំពី​សង្គម​ជាប់​នឹង​បុគ្គល​នៅ​ក្នុង​ការ​នៅ​ឆ្ងាយ​ពី​គ្នា ណែនាំ​ឱ្យ​យើង​យល់​ច្រឡំ​ខ្លះៗ និង​ណែនាំ​ឱ្យ​យើង​ធ្វើ​ឱ្យ​មនុស្ស​ប៉ុន្មាន​នាក់​ដូចជា​ឯកោ​មែន​ទែន ដោយសារ​លែង​មាន​ទំនាក់​ទំនង។ មិន​មែន​តែ​នៅ​ឆ្ងាយ​ពី​គ្នា​មួយ​ម៉ែត្រ​កន្លះ ប៉ុន្តែ​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ដាច់​ខាត​តែ​ម្ដង គឺ​ឆ្ងាយ​ពី​គ្នា​ដាច់​ដោយ​ឡែក​មែន​ទែន។ តាម​ពិត ធម្មជាតិ​របស់​មនុស្ស​យើង​នៅ​ក្នុង​សង្គម​គឺ​យើង​បង្កើត​ទំនាក់​ទំនង មនុស្ស​យើង​ជា​សត្វ​ដែល​រស់​នៅ​ក្នុង​សង្គម​ដែល​បង្កើត​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ។ ដូច្នេះ យើង​សង្ឃឹម​នៅ​ពេល​យើង​បាន​បញ្ចប់​ការ​បៀតបៀន​របស់​ជំងឺ​កូវីដ-១៩ យើង​យក​ពេល​វេលា​ដើម្បី​បង្កើត​ទំនាក់​ទំនង​ផ្ទាល់​សារជាថ្មី។ មិន​មែន​តែ​ទំនាក់​ទំនង​ក្លែងក្លាយ​តាម​ទូរស័ព្ទ តាម​ហ្វេសប៊ុក តាម​យូធូប តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម ប៉ុន្តែ​ជា​ទំនាក់​ទំនង​ផ្ទាល់​ដែល​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សុខ។ ដោយ​យើង​និយាយ​ផ្ទាល់​មាត់​ដូច​ជា “សូម​ជម្រាប​សួរ ទៅ​ណា? មក​ពី​ណា? ហូប​បាយ​ហើយ​ឬ​នៅ?” នេះ​ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “អ្នក​ណា​មាន​ចិត្ត​មេត្តា​ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ”។

៣​កុំ

ទី​មួយ កុំ​ចូល​នៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​ចូល និង​ប្រើ​ម៉ាស៊ីន​ត្រជាក់​ច្រើន នេះ​ជា​ស្មារតី​ថ្មី​មួយ​ទៀត​សម្រាប់​យើង​នៅ​ក្នុង​រដូវ​កូវីដ-១៩។ របៀប​រស់​នៅ​ថ្មី នៃ​សង្គម​របស់​យើង​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ ណែនាំ​ឱ្យ​យើង​គិត​ចង់​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ។ ពី​កូន​មត្តេយ្យ​មក​ម្លេះ ពេល​យើង​សួរ​គាត់​ថា តើ​អនាគត​ចង់​ធ្វើ​អ្វី? គាត់​ឆ្លើយ​ថា គាត់​ចង់​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ មូល​ហេតុ​អ្វី? គាត់​ថា ដោយសារ​គាត់​អង្គុយ​យ៉ាង​ស្រួល​ដែល​មាន​ម៉ាស៊ីន​ត្រជាក់។ អរគុណ​កូវីដ-១៩​សម្រាប់​នេះ ឱ្យ​យើង​យល់​ថា​ជីវិត​របស់​យើង មិន​មែន​តែ​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ​ដោយ​បិទ​ទ្វារ​បង្អួច បើក​ម៉ាស៊ីន​ត្រជាក់។ ផ្ទុយ​ទៅ​វិញ ឱ្យ​យើង​យល់​ថា​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ការពារ​ធម្មជាតិ ដែល​យើង​បាន​ទទួល គិត​ទៅ​កុំ​ឱ្យ​យើង​ចេះ​តែ​ចាក់​បេតុង​សាង​សង់​អាគារ​ជិតៗ។ សូម​បង​ប្អូន​ចាប់​អារម្មណ៍ កូវីដ-១៩​លូត​លាស់​មិន​មែន​នៅ​ជនបទ ដែល​មាន​កន្លែង​វាល​ធំ ដែល​មាន​ផ្ទះ​ឆ្ងាយៗ​ពី​គ្នា ប៉ុន្តែ​គឺ​លូត​លាស់​នៅ​ភ្នំពេញ​ដែល​យើង​មាន​ផ្ទះ​នៅ​ក្បែរ​គ្នា នៅ​ជាប់​គ្នា។ ឧទាហរណ៍​ដូច​ជា​នៅ​ក្នុង​បុរី នៅ​តាម​ផ្ទះ​ល្វែង កន្លែង​ដែល​អត់​មាន​ខ្យល់​ធម្មជាតិ គឺ​នៅ​មាន​តែ​ម៉ាស៊ីន​ត្រជាក់​ដោយ​បិទ​ទ្វារ​យ៉ាង​ជាប់។ នេះ​ជា​មេរៀន​ថ្មី ដោយសារ​យើង​ភ្លេច​ប្រពៃណី​និង​វប្បធម៌​របស់​យើង​ពី​ដើម ផ្ទះ​ថ្មីៗ​នៅ​តាម​ស្រុក​ស្រែ​សព្វ​ថ្ងៃ លែង​ធ្វើ​ដូច​ពី​ដើម​យើង​សាង​សង់​ជញ្ជាំង និង​បង្អួច​តូច​មែន​ទែន យើង​អង្គុយ​នៅ​ក្នុង​បន្ទប់​របស់​យើង ពេល​យប់​បែក​ញើស​អស់​ហើយ​ដូច្នេះ​យើង​ត្រូវ​ការ​បើក​ម៉ាស៊ីន​ត្រជាក់ ស៊ី​ភ្លើង​អស់​លុយ​ច្រើន​ណាស់។ ប៉ុន្តែ ពី​សម័យ​ដើម​យើង​ដេក​នៅ​លើ​គ្រែ​ក្រោម​ផ្ទះ ដែល​គ្មាន​ជញ្ជាំង ដែល​មាន​ខ្យល់​ចេញ​ចូល ដែល​មាន​ទឹក​ភ្លៀង ដែល​មាន​ក្លិន​អាចម៍​គោ ដែល​មាន​មាន់​រងាវ​ឬ​មាន់​មក​រំខាន​យើង​តាំង​ពី​ព្រលឹម គឺ​នៅ​ពេល​នោះ​មិន​មាន​ជំងឺ​កូវីដ-១៩​ទេ។ ដូច្នេះ យើង​យល់​ថា​ឱ្យ​យើង​រស់​នៅ នៅ​ក្នុង​របៀប​សាមញ្ញ​ធម្មតា​សារជាថ្មី ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រខ្សត់ អ្នក​នោះ​មាន​សុភមង្គល​ហើយ”។

ទី​ពីរ កុំ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន នេះ​គឺ​ជា​បញ្ហា​មែន​ទែន​ដែល​កូវីដ-១៩​ណែនាំ​ឱ្យ​យើង​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ណែនាំ​ឱ្យ​យើង​បាក់​បែក​គ្នា។ គ្រួសារ​របស់​យើង នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​អត់​បាន​ជួប​ជុំ​គ្នា​ដូច​រាល់​ឆ្នាំ យើង​ត្រូវ​ការ​នៅ​ឆ្ងាយ​ពី​គ្នា​នៅ​ក្នុង​វិហារ នៅ​ក្នុង​វិហារ​ពុទ្ធ​សាសនា​ក្តី ឥស្លាម​សាសនា​ក្តី គ្រីស្ត​សាសនា​ក្តី។ យើង​មិន​អាច​ជួប​ជុំ​គ្នា​ដូច​ពី​មុន ដូច្នេះ​យើង​ត្រូវ​ការ​អធិដ្ឋាន​ដើម្បី​ឱ្យ​កូវីដ-១៩​ងាប់​យ៉ាង​លឿន​បំផុត ដើម្បី​ឱ្យ​យើង​រក​ឃើញ​ទំនាក់​ទំនង​នៅ​កន្លែង​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន ឱ្យ​យើង​សប្បាយ​រួម​ជា​មួយ​គ្នា ជា​មួយ​មិត្ត​ភ័ក្ត ជា​មួយ​គ្រួសារ នៅ​ក្នុង​វិហារ នៅ​ក្នុង​វត្ត នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​ធ្លាប់​មាន​កម្ម​វិធី​បុណ្យ។ សព្វ​ថ្ងៃ យើង​នៅ​សល់​តែ​បុណ្យ​សព​កំសត់​ណាស់ ប៉ុន្តែ​តែ​បុណ្យ​សប្បាយៗ​ដែល​លើក​តម្កើង​ជីវិត ដូចជា​ពិធី​អាពាហ៍ពិពាហ៍ ខួប​កំណើត ទទួល​ស្វាគមន៍​កូន​ថ្មី ឬ​ឡើង​ផ្ទះ​អស់​ហើយ។ ដូច្នេះ យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​ឆាប់ៗ​នេះ​យើង​មាន​ជីវិត​ដូច​កាល​ពី​មុន ដោយ​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ដើម្បី​ឱ្យ​យើង​តស៊ូ​នៅ​ក្នុង​ចិត្ត “អ្នក​ណា​ត្រូវ​គេ​បៀតបៀន អ្នក​នោះ​មាន​សុភមង្គល​ហើយ”។

ទី​បី កុំ​ប៉ះ​ពាល់​គ្នា កុំ​ចាប់​ដៃ កុំ​កៀក​ស្មា កុំ​អោប​គ្នា​ជាដើម ពិតមែន​កូវីដ-១៩​ដែល​ជា​មេរោគ​ដ៏​តូច​បំផុត តែ​សាហាវ​ណាស់ វា​សាហាវ​មែន​ទែន​ដោយសារ​គ្រប់​កាយ​វិការ​យ៉ាង​សាមញ្ញ​បំផុត ដែល​បង្ហាញ​អំពី​ភាព​ថ្នាក់ថ្នម អំពី​សេចក្តី​ស្រឡាញ់ អំពី​ការ​លើក​ទឹក​ចិត្ត អំពី​ការ​ស្វាគមន៍ អំពី​ការ​លើក​បង​ប្អូន​ដែល​កំពុង​អស់​កម្លាំង យើង​មិន​អាច​ធ្វើ​បាន។ នឹក​ឃើញ​ដល់​ស្នាម​ព្រះហស្ថ​របស់​ព្រះយេស៊ូ ដែល​ប៉ះ​អ្នក​ជំងឺ ដែល​ប៉ះ​ជន​ពិការ ដែល​ប៉ះ​អ្នក​ខ្វាក់ ដែល​ប៉ះ​មនុស្ស​កើត​ជំងឺ​ឃ្លង់ លែង​ធ្វើ​បាន​ហើយ។ ដូច្នេះ ឱ្យ​យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​កូវីដ-១៩​ងាប់​យ៉ាង​ឆាប់ៗ ដើម្បី​ឱ្យ​យើង​មាន​កាយ​វិការ​យ៉ាង​ជិត​ស្និទ្ធ ថ្នាក់​ថ្នម ឱ្យ​យើង​ភ្ជាប់​គ្នា​ជា​មួយ​ជីវិត ជា​មួយ​សេចក្តី​សុខ។ យើង​មើល​ទៅ សង្សារ​លែង​សប្បាយ​អស់​ហើយ ប្ដី​ប្រពន្ធ​លែង​សប្បាយ​អស់​ហើយ មិត្ត​សម្លាញ់​លែង​សប្បាយ​អស់​ហើយ បង​ប្អូន​ដែល​ធ្លាប់​តែ​ដើរ​លេង​ជា​មួយ​គ្នា​លែង​សប្បាយ​អស់​ហើយ។ ដូច្នេះ យើង​អធិដ្ឋាន​ដោយ​នឹក​ឃើញ​ដល់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “អ្នក​ណា​កសាង​សុខ​សន្តិភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិត​មែន​ព្រឹក​នេះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​មាន​សុភមង្គល​ដ៏​ពេញ​លក្ខណៈ”។ ដូច្នេះ ថ្ងៃ​នេះ​សូម​គោរព​បី​កុំ សូម​គោរព​បី​ការពារ​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ឱ្យ​ថ្ងៃ​ស្អែក​យើង​អាច​រក​ឃើញ កាយ​វិការ ស្នាម​ញញឹម អំណរ​សប្បាយ​ដ៏​សាមញ្ញ​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​ឱ្យ​ថ្ងៃស្អែក​យើង​រក​ឃើញ​សេចក្តី​សុខ និង​សុភមង្គល​ដ៏​ពេញ​លក្ខណៈ​នៅ​ក្នុង​ជីវិត​របស់​យើង។ ក៏​ប៉ុន្តែ ថ្ងៃ​នេះ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ដំណើរ​យ៉ាង​ជិត​ស្និទ្ធ ជា​មួយ​បង​ប្អូន​ដែល​កំពុង​ស្រេក​ឃ្លាន​យុត្តិធម៌ ជា​មួយ​បង​ប្អូន​ដែល​កំពុង​យំ​សោក ដើម្បី​ឱ្យ​សុភមង្គល​ដែល​ព្រះអង្គ​ប្រទាន​ដល់​យើង​ថ្ងៃ​នេះ តាមរយៈ​ព្រះពរ​របស់​ព្រះជាម្ចាស់ អាច​ចែក​រំលែក​ជា​មួយ​បងប្អូន​ឯទៀតៗ ដើម្បី​ឱ្យ​ធម្មទេសនា​និង​ព្រះបន្ទូល​ដ៏​ពិសេស​បំផុត​របស់​ព្រះយេស៊ូ​សម្រាប់​យើង​ថ្ងៃ​នេះ ដល់​បងប្អូន​ឯទៀតៗ​ដែរ។

សូម​សុភមង្គល​មាន​ដល់​បង​ប្អូន​របស់​យើង​ទូទាំង​ប្រទេស​កម្ពុជា
សិរី​សួស្ដី​ឆ្នាំ​ថ្មី សូម​បង​ប្អូន​ទាំង​អស់​ពោរពេញ​ដោយ​សេចក្តី​សុខ
ពោរ​ពេញ​ដោយ​ព្រះពរ​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់
អាលេលូយ៉ា អាលេលូយ៉ា អាម៉ែន៕

+លោក​អភិបាល អូលីវីយ៉េ ជ្មីតហរស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ
ប្រទេស​កម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email