ព្រះជាម្ចាស់​យាង​ឡើង​ស្ថាន​បរម​សុខ ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១ ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ)

“ទៅ​ដល់​ទី​កន្លែង​ដើម្បី​ផ្តល់​សក្ខីភាព”
បងប្អូន​ជា​ទី​ស្រឡាញ់

សប្ដាហ៍​មុន យើង​បាន​ស្ដាប់ “បី​ថែរក្សា” ដែល​យើង​មាន “បី​កុំ បី​ការពារ” របស់​រាជរដ្ឋាភិបាល។ បី​ថែរក្សា ដែល​ណែនាំ​ឱ្យ​យើង​ទទួល​ខុស​ត្រូវ​ខ្ពស់ ណែនាំ​ឱ្យ​យើង​បង្ហាញ​អំពី​សាមគ្គីភាព និង​ណែនាំ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន។

ថ្ងៃ​នេះ ដែល​ព្រះយេស៊ូ​ឡើង​ស្ថាន​បរមសុខ ជា​ពេល​វេលា​សម្រាប់​យើង​ដែល​ជា​ក្រុម​សាវ័ក​របស់​ព្រះអង្គ​នៅ​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​បន្ត​គិត​ពិចារណា តើ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​បង​ប្អូន​ឯទៀតៗ? សេចក្តី​ស្រឡាញ់ ដែល​យើង​ត្រូវ​ការ​បង្ហាញ​យ៉ាង​ជាក់​ស្ដែង ជា​ពិសេស​នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩ គឺ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ការពារ បី​កុំ បី​ការពារ និង​បី​ថែរក្សា។ ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​២ លោក​ប៉ូល​ដែល​បង្ហាញ​អត្ថន័យ​បន្ថែម​ទៀត​អំពី​សេចក្តី​ស្រឡាញ់​គឺ “សូម​ដាស់​តឿន​បងប្អូន​នៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា ដោយ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន ចូរ​រស់​នៅ​ឱ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នេះ​ទៅ ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់ធ្មត់ ព្រម​ទាំង​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្តី​ស្រឡាញ់ យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ឯកភាព ដែល​មក​ពី​ព្រះវិញ្ញាណ ដោយ​យក​សេចក្តី​សុខ​សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់​ទង​គ្នា”។ នៅ​ពេល​ដែល​យើង​បាន​ស្ដាប់​នេះ យើង​បាន​ឃើញ​បី​ចំណុច​ធំ ដែល​ណែនាំ​ឱ្យ​យើង​យល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​របៀប​ដែល​ព្រះសហគមន៍ របៀប​ដែល​ព្រះជាម្ចាស់​ផ្ទាល់​ណែនាំ​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

ឥរិយាបថ​នៃ​ជីវិត​របស់​យើង ឥរិយាបថ​ដែល​យើង​ត្រូវ​ការ​បង្កើត​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង និង​ឥរិយាបថ​នេះ​គឺ​ឱ្យ​យើង​ដាក់​ខ្លួន ឱ្យ​យើង​បន្ទាប​ខ្លួន។ យើង​មិន​មែន​អ្នក​ធំ ដែល​ត្រូវ​ការ​តែ​ចាំ​គេ​បម្រើ​យើង យើង​មិន​មែន​ជា​អ្នក​ធំ ដែល​ចង់​ចាំ​អ្វីៗ​ទាំង​អស់​ពី​បងប្អូន​ឯទៀតៗ។ ផ្ទុយ​ទៅ​វិញ ទោះ​បី​យើង​មាន​ឋានៈ​ខ្ពស់​ក៏​ដោយ ទោះ​បី​យើង​មាន​ឋានៈ​ទាប​ក៏​ដោយ នៅ​ក្នុង​ព្រះសហគមន៍​ក្តី នៅ​ក្នុង​សង្គម​ក្តី នៅ​ក្នុង​ការិយាល័យ​នីមួយៗ​របស់​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ក្តី យើង​ដឹង​ថា​យើង​ជា​អ្នក​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ឥរិយាបថ​នេះ​សំខាន់​ណាស់ ឱ្យ​យើង​សុខ​ចិត្ត​បន្ទាប​ខ្លួន ដាក់​ខ្លួន ដើម្បី​ឱ្យ​ខ្លួន​របស់​យើង​យក​ចិត្ត​ទុក​ដាក់​បម្រើ​បងប្អូន​ឯទៀតៗ​អស់​ពី​សមត្ថភាព។ នេះ​គឺ​ជា​សេចក្តី​ស្រឡាញ់ ដែល​អាច​បង្ហាញ​យ៉ាង​ជាក់​ស្ដែង។

ព្រះជាម្ចាស់​បាន​បន្ត ដើម្បី​ឱ្យ​យើង​ចេះ​ស្រឡាញ់​តាម​របៀប​សន្ត ប៉ូល បាន​ទទួល​ព្រះពន្លឺ​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ​ឱ្យ​យើង​មាន​ចិត្ត​ស្លូត​បូត និង​មាន​ចិត្ត​អត់​ធ្មត់។ ចិត្ត​អត់​ធ្មត់ សំខាន់​ណាស់​ដោយ​សារ​ប៉ុន្មាន​ដង​ប៉ុន្មាន​សារ យើង​ចង់​ឱ្យ​បាន​ភ្លាមៗ​ប៉ុន្តែ​យើង​ត្រូវ​ការ​រំលឹក យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។ នេះ​ជា​ឥរិយាបថ​របស់​គ្រីស្ត​បរិស័ទ ឥរិយាបថ​នៃ​គ្រីស្ត​បរិស័ទ​ដើម្បី​រស់​នៅ​ក្នុង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​យ៉ាង​ពិត​ប្រាកដ​មែន គឺ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត មាន​ចិត្ត​អត់​ធ្មត់ ដើម្បី​ធ្វើ​ការ​ជា​មួយ​គ្នា។ នេះ​ហើយ យើង​អាច​មាន​សកម្មភាព​យ៉ាង​ជាក់​ស្ដែង ប៉ុន្តែ​តើ​សកម្មភាព​នោះ​មាន​ន័យ​ដូច​ម្ដេច? សន្ត ប៉ូល បាន​បន្ត​ថា “ព្រម​ទាំង​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក”។ ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នេះ​មាន​អត្ថន័យ​ច្រើន​ណាស់ អត្ថន័យ​មួយ​គឺ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក អត្ថន័យ​មួយ​ទៀត​គឺ​តស៊ូ​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អត្ថន័យ​មួយ​ទៀត​គឺ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក អត្ថន័យ​មួយ​ទៀត​គឺ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​គិត​ថា នេះ​ជា​របៀប​មួយ​ដែល​នាំ​ឱ្យ​យើង​មាន​ផល​ផ្លែ​យ៉ាង​ច្រើន នៅ​ក្នុង​សកម្មភាព​របស់​យើង​ជា​ព្រះសហគមន៍ ជា​គ្រីស្ត​បរិស័ទ គឺ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឱ្យ​សេចក្តី​ស្រឡាញ់ ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ដែល​យើង​ថែរក្សា​នៅ​ក្នុង​ឥរិយាបថ​ដាក់​ខ្លួន នៅ​ក្នុង​ឥរិយាបថ​មាន​ចិត្ត​អត់​ធ្មត់ មាន​ចិត្ត​ស្លូត​បូត បាន​ចេញ​ផ្លែ​យ៉ាង​ជាក់​ស្ដែង។ នឹង​ផ្លែ​នេះ គឺ​ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង ក៏​ដូច​ជា​សង្គម​របស់​យើង អាច​ទទួល​សេចក្តី​សុខ​ដ៏​ពិត​ប្រាកដ យល់​ចិត្ត​គ្នា តស៊ូ​ជា​មួយ​គ្នា លើក​ទឹក​ចិត្ត​គ្នា ធ្វើ​ដំណើរ​ជា​មួយ​គ្នា ដូច​របៀប​ព្រះយេស៊ូ​ពី​ដើម។

សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯកភាព ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​យើង​ឥត​មាន​គណបក្ស ឥត​មាន​គណបក្ស​ប្រឆាំង ឥត​មាន​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​មួយ​ដែល​យើង​គិត​ថា​នេះ​យើង​គាំ​ទ្រ នោះ​យើង​មិន​គាំ​ទ្រ។ នៅ​ក្នុង​ព្រះសហគមន៍ យើង​ដឹង​ថា​យើង​មាន​ព្រះយេស៊ូ​គ្រីស្ត ដែល​ជា​ព្រះសិរសារ​ដែល​បាន​ដឹក​នាំ​យើង។ ដូច​សន្ត ប៉ូល បាន​រំលឹក​នៅ​ក្នុង​អត្ថបទ​ទី​២​ដដែល “យើង​ជា​ព្រះកាយ​ព្រះគ្រីស្ត” ដូច្នេះ បង​ប្អូន​ទាំង​អស់​មាន​ដៃ មាន​ជើង មាន​ភ្នែក មាន​ត្រចៀក មាន​ច្រមុះ មាន​មាត់ ហើយ​យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ដោយ​មាន​ព្រះសិរសារ​តែ​មួយ គឺ​ព្រះយេស៊ូ​គ្រីស្ដ។ ជា​ពិសេស យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្ដែង នៅ​ក្នុង​ព្រះសហគមន៍​នីមួយៗ។ ដូចជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ យើង​មាន​សម្ដេច​ប៉ាប​ដែល​ដឹក​នាំ​យើង ហើយ​យើង​សហការ​ជា​មួយ​សម្ដេច​ប៉ាប ដើម្បី​ប្រកាស​ដំណឹង​ល្អ ដោយ​សម្ដែង​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​យ៉ាង​ពិត​ប្រាកដ​មែន។ ដូច្នេះ នៅ​ក្នុង​ព្រះសហគមន៍​យើង​អត់​មាន​ក្រុម​មួយ​ដែល​ថា ខ្ញុំ​មិន​ធ្វើ​ទេ ខ្ញុំ​អន់​ចិត្ត ឬ​ខ្ញុំ​ខឹង ឬ​ខ្ញុំ​ឈប់… មិន​មែន​ទេ។ យើង​ខិត​ខំ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ថែរក្សា​ឯកភាព​គ្នា។

ខ្ញុំ​គិត​ថា​នៅ​ក្នុង​រដូវ​កូវីដ-១៩ សម្រាប់​យើង​ជា​ព្រះសហគមន៍​ដែល​សព្វ​ថ្ងៃ យើង​ជួប​ជុំ​គ្នា​មិន​បាន​យ៉ាង​ជាក់​ស្ដែង ដែល​យើង​អត់​មាន​ឱកាស​ដើម្បី​អប់​រំ​ជំនឿ​យ៉ាង​ជាក់​ស្ដែង ដែល​យើង​អត់​មាន​ឱកាស​ដើម្បី​មាន​សកម្មភាព​រួម​គ្នា។ ប៉ុន្តែ យើង​យក​ចិត្ត​ទុក​ដាក់​ពី​ជិត ពី​ចម្ងាយ ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​ក្រុម​គ្រួសារ​តែ​មួយ។ ជួន​កាល យើង​មាន​យោបល់​ផ្សេង​គ្នា​ពិត​មែន ប៉ុន្តែ​ចុង​ក្រោយ​បំផុត​ដើម្បី​ឯកភាព​គ្នា ដើម្បី​បង្កើត​ផ្លែ។ ដោយសារ ឯកភាព​គ្នា​ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​មាន​ផ្លែ មាន​ផ្លែ​សំខាន់​បំផុត​គឺ​សេចក្តី​ស្រឡាញ់​ដែល​យក​គោល​គឺ​សេចក្តី​សុខ​សាន្ត។ សេច​ក្តី​សុខ​សាន្ត ដែល​ជា​ផ្លែ​ចុង​ក្រោយ​បំផុត​ដែល​យើង​ទាំង​អស់​គ្នា ចង់​មាន និង​ចង់​បាន។

ដូច្នេះ ថ្ងៃ​នេះ​បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រះសហគមន៍​របស់​យើង រំឭក​អំពី​របៀប​ដែល​យើង​ត្រូវ​តែ​ស្រឡាញ់​គ្នា ទាំង​ឥរិយាបថ ទាំង​សកម្មភាព ទាំង​ការ​ថែរក្សា​ឯកភាព​គ្នា ដោយ​ដឹង​ថា​នៅ​ក្នុង​ហ្នឹង​យើង​អាច​ទៅ​ជា​សាវ័ក​របស់​ព្រះយេស៊ូ​គ្រីស្ត ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ដោយសារ នេះ​ជា​ព្រះបន្ទូល​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ​នៅ​លើ​ផែនដី​នេះ​គឺ “ចូរ​នាំ​គ្នា​ទៅ​គ្រប់​ទី​កន្លែង នៅ​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ”។ មើល​ទៅ បេសកកម្ម​ដែល​យើង​បាន​ទទួល​មិន​ធម្មតា​ទេ មិនមែន​ជា​បេសកកម្ម​ចង្អៀត​ចង្អល់​មួយ មិន​មាន​ជា​បេសកកម្ម​ដែល​ព្រះយេស៊ូ​បាន​ប្រទាន​ដល់​ក្រុម​សាវ័ក​សម្រាប់​ស្រុក​កាលីឡេ​មួយ។ ប៉ុន្តែ ព្រះយេស៊ូ​មាន​ទស្សន​វិស័យ​ទូលំ​ទូលាយ​ណាស់ ដូច​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដែល​គ្មាន​ព្រំដែន​។ ព្រះយេស៊ូ បាន​ណែនាំ​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​ទាំង​អស់ ដល់​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក។ ដូច្នេះ ប្រសិន​បើ​យើង​ពិចារណា​មួយ​ភ្លែត យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​នៅ​លើ​ទឹក​ដី​ភូមិភាគ​ភ្នំពេញ ជា​ពិសេស​នៅ​ក្នុង​បរិយាកាស​កូវីដ-១៩​នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​យ៉ាង​ជាក់​ស្ដែង ដើម្បី​ប្រកាស​ដំណឹង​ល្អ?

នៅ​ក្នុង​នេះ មាន​ចំណុច​២​ដែល​សំខាន់​បំផុត​គឺ ផ្ដល់​សក្ខីភាព ថ្ងៃ​នេះ​យើង​ប្រារព្ធ​ទិវា​ទី​៥៥ នៃ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ព្រះសហគមន៍​កាតូលិក។ សម្តេច​ប៉ាប មាន​សារ​លិខិត​មួយ​ដែល​មាន​ចំណង​ជើង​ថា “សូម​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ”។ តាម​ពិត អ្នក​កាសែត ជា​ពិសេស​អ្នក​កាសែត​កាតូលិក អ្នក​ផ្សាយ​ព័ត៌មាន យើង​នឹក​ឃើញ​ដល់​ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​កាតូលិក​កម្ពុជា (CSC)។ យើង​សូម​អរគុណ​ដល់ (CSC) ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ផ្សព្វផ្សាយ​ដំណឹង​ល្អ​ផង ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ផង ដែល​នាំ​ឱ្យ​គ្រីស្ត​បរិស័ទ​របស់​យើង​មិន​មាន​ភាព​ឯកោ ណែនាំ​ឱ្យ​បងប្អូន​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ក៏​ដូច​ជា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អាច​មាន​ឱកាស ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ជា​ពិសេស តាមរយៈ​ហ្វេស​ប៊ុក​ភេច​ថ្មី​ដែល​យើង​បាន​បង្កើត​គឺ https://www.facebook.com/LiveCatholicChannel

យើង​អាច​ផ្សាយ​តាម យូធូប តាម​ហ្វេបុក យើង​អាច​ប្រមូល​ព័ត៌មាន​ពី​គេ​នឹង​ផ្សាយ​ត យើង​ក៏​អាច​ប្រមូល​ព័ត៌មាន​នៅ​ក្នុង​ពិភព​លោក​ដើម្បី​ផ្សាយ​បន្ត​នៅ​ក្នុង​ការិយាល័យ​យើង។ យើង​អង្គុយ​ហើយ​ប្រមូល​ព័ត៌មាន​តិចៗ ដែល​យើង​បាន​ទទួល​ពី​គេ​នឹង​ផ្សាយ​បន្ត។ ប៉ុន្តែ សម្ដេច​ប៉ាប​បាន​រំលឹក​យើង​ថា “ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​អញ្ជើញ​មក​អ្នក​នឹង​បាន​ឃើញ”។ មាន​ន័យ​ថា យើង​ផ្ដល់​សក្ខីភាព យើង​ជា​សាក្សី​បន្ទាល់ អ្នក​កាសែត​ក្តី អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្តី គ្រីស្ត​បរិស័ទ​យើង​ក្ដី យើង​ផ្ដល់​សក្ខីភាព​អំពី​អ្វី​ដែល​យើង​បាន​មើល​ឃើញ​យ៉ាង​ជាក់​ស្ដែង មិន​មែន​ឮ​គេ​ថា មិន​មែន​ប្រមូល​ព័ត៌មាន​នៅ​ក្នុង​ការិយាល័យ​របស់​យើង​ពី​គេ។ ប៉ុន្តែ យើង​ទៅ​ដល់​ទី​កន្លែង​ដែល​ពិបាក​ជា​ពិសេស ដោយសារ​បេសកកម្ម​របស់​យើង ជា​ពិសេស​បេសកកម្ម​របស់​ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ព្រះសហគមន៍​កាតូលិក​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ជា​បេសកកម្ម​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​ដែរ គឺ​ទៅ​ផ្ដល់​សក្ខីភាព​ដល់​ទី​កន្លែង​ដែល​ពិបាក​បំផុត។ បេសកកម្ម ដែល​យើង​បាន​ទទួល​ពី​ព្រះយេស៊ូ បេសកកម្ម​ដែល​លោក ឆ្មារ សាឡាស់ បាន​រំលឹក​មុន​គាត់​ចេញ​ធ្វើ​ដំណើរ​ទៅ​តាំងគោក “សូម​និយាយ​អំពី​យើង​ដល់​ពិភព​លោក” នេះ​ខ្ញុំ​រំលឹក​និង​រំលឹក​ម្ដង​ទៀត។

ដូច្នេះ សព្វ​ថ្ងៃ​យើង​ត្រូវ​តែ​និយាយ​មិន​មែន​ទូ​ទៅ ប៉ុន្តែ​យើង​ទៅ​ដល់​កន្លែង​ដែល​ពិបាក នឹង​ផ្សាយ​ដំណឹង​អំពី​អ្នក​នោះ​ដែល​ខ្វះ​ម្ហូប​អាហារ អ្នក​នោះ​ដែល​កំពុង​ជួប​អយុត្តិធម៌ ស្ត្រី​មេម៉ាយ​នោះ​ដែល​កំពុង​ពិបាក​មែន​ទែន។ យើង​ត្រូវ​ការ​ទៅ​ដល់​ទី​កន្លែង ដើម្បី​ផ្ដល់​សក្ខីភាព ក្រោយ​ពេល​យើង​ផ្ដល់​សក្ខីភាព​ហើយ​ដើម្បី​សម្រុះ​សម្រួល។ ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក ព្រះសហគមន៍​របស់​យើង ជា​ពិសេស​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​ដល់​គ្រួសារ​ដែល​ពិបាក​បំផុត យក​ចិត្ត​ទុក​ដាក់​ចែក​បាយ​ប្រអប់​ដល់​កម្មករ​កម្មការិនី ជាង​សំណង់ អ្នក​នេសាទ​ត្រី ដែល​ពិបាក​មែន​ទែន។ យើង​ត្រូវ​តែ​បន្ត នេះ​ជា​សក្ខីភាព​ដែល​យើង​ផ្ដល់​ដល់​បង​ប្អូន​ឯទៀតៗ។ សក្ខីភាព​នេះ យើង​ត្រូវ​ការ​ចែក​រំលែក​ដល់​បងប្អូន​ឯទៀតៗ​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ពិភព​លោក។

នៅ​ក្នុង​ខែ​ឧសភា​នេះ គឺ​ជា​ខែ​​ដែល​យើង​គោរព​ព្រះនាង​ម៉ារី សម្ដេច​ប៉ាប​បាន​អញ្ជើញ​៣០​កន្លែង​នៅ​ក្នុង​ពិភព​លោក ដែល​គេ​គោរព​ព្រះនាង​ម៉ារី ដើម្បី​អធិដ្ឋាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នៅ​ក្នុង​ចិត្ត​ខ្ញុំ ដែល​ជា​អភិបាល​ភូមិភាគ​ភ្នំពេញ ខ្ញុំ​សោក​ស្ដាយ​ដោយ​សារ​នៅ​ក្នុង​៣០​កន្លែង​នោះ ឥត​មាន​អរិយក្សត្រ។ អរិយក្សត្រ ជា​កន្លែង​ពិសេស​ដែល​យើង​អធិដ្ឋាន​សម្រាប់​ព្រះនាង​ម៉ារី ដែល​ជា​ព្រះមហា​ក្សត្រី​នៃ​សន្តិភាព។ ដូច្នេះ តាម​ពិត​យើង​បាន​ឃើញ​ហើយ​ព្រះសហគមន៍​តូច​តាច កន្លែង​តូច​តាច​មិន​សូវ​មាន​សំឡេង​ទេ។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​សូម​អញ្ជើញ​ជា​ពិសេស​ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​កាតូលិក (CSC) ដើម្បី​ទៅ​ដល់​កន្លែង​ដែល​មនុស្ស​គ្មាន​សំឡេង គ្មាន​សមត្ថភាព ដើម្បី​ប្រកាស​អ្វី​ដែល​គេ​មាន​នៅ​ក្នុង​ដួង​ចិត្ត​គេ ឱ្យ​យើង​ទៅ​ធ្វើ​ជា​សំឡេង​របស់​គេ ឱ្យ​យើង​ទៅ​ផ្ដល់​សក្ខីភាព​អំពី​គេ ដើម្បី​ឱ្យ​សង្គម​របស់​យើង​ដឹង យល់ កុំ​ឱ្យ​គេ​គិត​ថា មិន​អី​ទេ សព្វ​ថ្ងៃ​គ្មាន​បញ្ហា​ទេ…។ យើង​ផ្ទាល់​ខ្លួន យើង​មាន​ម្ហូប​អាហារ​គ្រប់គ្រាន់ ប៉ុន្តែ​ពីរ​បី​គ្រួសារ​ដែល​នៅ​ជិត​យើង តើ​គេ​មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់​ដែរ​ឬ​ទេ? យើង​សព្វ​ថ្ងៃ យើង​មាន​សុខ​ភាព​ល្អ​មិន​អី​ទេ ប៉ុន្តែ​អ្នក​ជិត​ខាង​របស់​យើង​ដែល​រស់​នៅ​ក្រោម​ស្ពាន តើ​គាត់​មាន​សុខភាព​ល្អ​ឬ​ទេ? នេះ​គឺ​ជា​តួនាទី​របស់​យើង​យ៉ាង​ជាក់​ស្ដែង “សូម​អញ្ជើញ​មក​អ្នក​នឹង​បាន​ឃើញ”។ នេះ​ជា​អ្វី​ដែល​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ធ្វើ នៅ​ពេល​យើង​ផ្ដល់​សក្ខីភាព​យ៉ាង​ជាក់​ស្ដែង​យ៉ាង​ពិត​ប្រាកដ ណែនាំ​ឱ្យ​យើង​យល់​ថា​យើង​អាច​ចូល​នៅ​ក្នុង​ចិត្ត​បង​ប្អូន​ឯទៀតៗ។ យើង​មិន​មាន​តែ​ផ្ដល់​សក្ខីភាព ដោយ​មិន​ដាក់​ចិត្ត​របស់​យើង​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ បទ​ពិសោធន៍​ដែល​គេ​មាន ទៅ​ជា​បទ​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់ ទុក្ខ​លំបាក​ដែល​គេ​មាន ទៅ​ជា​ទុក្ខ​លំបាក​របស់​ខ្ញុំ​ផ្ទាល់ ការ​ឈឺ​ចាប់​ដែល​គេ​មាន ទៅ​ជា​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​ផ្ទាល់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​គឺ​ជា​របៀប​ដែល​ព្រះយេស៊ូ​បាន​ធ្វើ ព្រះយេស៊ូ​មិន​បាន​អង្គុយ​នៅ​ក្នុង​ការិយាល័យ​របស់​ព្រះអង្គ ដោយ​ទន្ទឹង​រង់​ចាំ​ព័ត៌មាន​ពី​គេ។ ព្រះយេស៊ូ​បាន​ទៅ​ដល់​ផ្ទះ ព្រះយេស៊ូ​បាន​ទៅ​ដល់​កន្លែង ព្រះយេស៊ូ​បាន​ទៅ​លើក​ទឹក​ចិត្ត​គេ។ សព្វ​ថ្ងៃ ពិត​មែន​យើង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង ដោយសារ​យើង​មាន​ព្រំដែន​ធ្វើ​ដំណើរ យើង​អត់​មាន​សិទ្ធិ​ជួប​ជុំ​គ្នា។ ក៏​ប៉ុន្តែ យើង​មាន​របៀប​ផ្សេងៗ​ទៀត​ដើម្បី​ផ្ដល់​សក្ខីភាព ជា​ពិសេស​តាមរយៈ​ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​កាតូលិក​របស់​យើង។ យើង​អាច​ទៅ​ដល់​កន្លែង ដើម្បី​ចែក​រំលែក​ជា​មួយ​បង​ប្អូន​ឯទៀតៗ ទាំង​អំណរ​សប្បាយ ទាំង​សេចក្តី​សង្ឃឹម ទាំង​គម្រោង​ការណ៍​ដែល​យើង​កំពុង​ធ្វើ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ក្រីក្រ ទាំង​ទុក្ខ​លំបាក ទាំង​ការ​ពិបាក​ចិត្ត​របស់​គេ។

បទ​ចម្រៀង​ថ្មី ដែល​យើង​បាន​បង្កើត “មេត្តា​ករុណា” គឺ​ជា​បទ​ចម្រៀង​មួយ​បទ​ដែល​គេ​ថា ជា​បទ​កំសត់​ណាស់។ ពិត​មែន​វា​កំសត់ ប៉ុន្តែ​ជា​បទ​ចម្រៀង​ដែល​សម្ដែង​យ៉ាង​ជាក់​ស្ដែង អំពី​ទុក្ខ​លំបាក​របស់​បងប្អូន​យើង។ នេះ​គឺ​ជា​បទ​ចម្រៀង​មួយ​បទ ដែល​បង្ហាញ​អំពី​ធម៌​មេត្តា​ករុណា​មែន ប៉ុន្តែ​បង្ហាញ​ជា​ពិសេស​អំពី​របៀប​ដែល​យើង​ជា​គ្រីស្ត​បរិស័ទ​ត្រូវ​តែ​យល់​ចិត្ត​គ្នា។ ចូល​នៅ​ក្នុង​ចិត្ត ចូល​នៅ​ក្នុង​ទុក្ខ​លំបាក​របស់​បងប្អូន​ឯទៀតៗ នឹង​ព្រះយេស៊ូ​ទន្ទឹង​រង់​ចាំ​ទៅ​លើ​យើង។ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​ទៅ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​លោក សូម​ទៅ​ប្រកាស​ដំណឹង​ល្អ​ឱ្យ​គេ​ស្គាល់​ជីវិត ឱ្យ​គេ​មាន​សេចក្តី​សង្ឃឹម កុំ​ឱ្យ​គេ​ស្លាប់​ដោយ​ការ​អស់​សង្ឃឹម”។

បង​ប្អូន​ជា​ទី​ស្រលាញ់ នៅ​ថ្ងៃ​នេះ​យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ និង​យើង​ទូល​អង្វរ​ព្រះអង្គ​សូម​ឱ្យ​ព្រះអង្គ​ជម្រុញ​យើង ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ និង​ជា​ពិសេស​ឱ្យ​ព្រះសហគមន៍​នីមួយៗ​ទៅ​ជា​ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​កាតូលិក (CSC) ដ៏​តូច​មួយ ដើម្បី​ជួយ​ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​កាតូលិក​ភូមិភាគ​ភ្នំពេញ ក៏​ដូច​ជា​ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​កាតូលិក​កម្ពុជា ឱ្យ​ផ្សាយ​ដំណឹង​ល្អ​ទៅ​ដល់ ផ្សាយ​អំពី​ទុក្ខ​លំបាក។ ទៅ​ជា​សក្ខីភាព ទៅ​ជា​សាក្សី​អំពី​ទុក្ខ​លំបាក​គ្រប់​ទី​កន្លែង នេះ​សំខាន់​ណាស់។ ដូច្នេះ កុំ​ឱ្យ​ព្រះសហគមន៍​នីមួយៗ​ទម្លាក់​ទៅ​លើ​ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​យើង​នៅ​ភ្នំពេញ។ ផ្ទុយ​ទៅ​វិញ យើង​ជា​ព្រះសហគមន៍​នីមួយៗ យើង​ជា​គ្រីស្ត​បរិស័ទ​ម្នាក់ៗ ឱ្យ​យើង​ចែក​រំលែក​អ្វី​ដែល​យើង​បាន​មើល​ឃើញ ប៉ុន្តែ​ចែក​រំលែក​សេចក្តី​ពិត​។ កុំ​ឱ្យ​យើង​ធ្លាក់​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត យើង​ជា​អ្នក​ដែល​មើល​ផ្ទាល់​ភ្នែក យើង​ជា​អ្នក​ដែល​ផ្ដល់​សក្ខីភាព​ផ្ទាល់ យើង​ជា​អ្នក​ដែល​សម្ដែង​សេចក្តី​ស្រឡាញ់​ពី​ដួង​ចិត្ត​របស់​យើង​ផ្ទាល់​។

បង​ប្អូន​ជា​ទី​ស្រឡាញ់ រួម​ជា​មួយ​ព្រះជាម្ចាស់​យើង​ទូល​អង្វរ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​កាពារ​ថែរក្សា​ព្រះសហគមន៍​យើង ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ការពារ​ថែរក្សា​ប្រទេស​កម្ពុជា​របស់​យើង ជា​ពិសេស​ការពារ​ថែរក្សា​ការ​ឯកភាព​គ្នា។

នៅ​ពេល​នេះ យើង​រួម​ជា​មួយ​សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស្កូ យើង​អធិដ្ឋាន​នៅ​ក្នុង​ឱកាស​ទិវា​ទី​៥៥ សម្រាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​កាតូលិក៖

ទិវា​សារ​គមនាគមន៍​ពិភព​លោក​លើក​ទី​៥៥ ឆ្នាំ​២០២១

“សូម​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ” យ៉ូហាន ១,៤៦

ការ​ប្រាស្រ័យ​ទាក់​ទង ដោយ​ជួប​ផ្ទាល់​ជា​មួយ​ប្រជាជន​នៅ​កន្លែង​ដែល​គេ​នៅ

ឱ​ព្រះអម្ចាស់​អើយ សូម​បង្រៀន​យើង​ខ្ញុំ​ឱ្យ​ចេះ​លះបង់ និង​ចេះ​ស្វែង​រក​សេចក្តី​ពិត

សូម​បង្រៀន​យើង​ខ្ញុំ​ឱ្យ​ចេះ​ចេញ​ទៅ​ក្រៅ និង​ចេះ​បើក​ភ្នែក

សូម​បង្រៀន​យើង​ខ្ញុំ​ឱ្យ​ចេះ​ស្ដាប់ សូម​កុំ​ឱ្យ​យើង​ខ្ញុំ​មាន​ចិត្ត​បុរេវិនិច្ឆ័យ ឬ​សន្និដ្ឋាន​លឿន​ពេក​ឡើយ

សូម​បង្រៀន​យើង​ខ្ញុំ​ឱ្យ​ចេះ​ដើរ​ទៅ​រក​កន្លែង​ដែល​គ្មាន​នរណា​ចង់​ទៅ ដោយ​យក​ពេល​ចាំ​បាច់​ដើម្បី​ស្វែង​យល់ យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​សំខាន់

សូម​កុំ​ឱ្យ​យើង​ខ្ញុំ​ចាញ់​ការ​ល្បួង​លោកិយ៍​ឡើយ សូម​ឱ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​បង្ហាញ​សេចក្តី​ពិត

ឱ​ព្រះអម្ចាស់​អើយ សូម​ប្រទាន​ឱ្យ​យើង​ខ្ញុំ​ចេះ​មើល​ឃើញ​វត្តមាន​របស់​ព្រះអង្គ ក្នុង​ពិភព​លោក​នេះ

សូម​ឱ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ត្រង់ ក្លាហាន​ធ្វើ​សេចក្តី​រាយការណ៍​អ្វីៗ​ដែល​យើង​ខ្ញុំ​បាន​ឃើញ​ផង។

នៅ​ទីក្រុង​រ៉ូម ព្រះវិហារ​សន្ត យ៉ូហាន ឡាតេរ៉ង់ ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២១

បុណ្យ​រំលឹក​សន្ត ហ្វ្រង់ស្វ័រ ដឺលាស

សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស្កូ
+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ
ប្រទេស​កម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email