បុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តីម៉ារីញញឹម (តាកែវ) “ព្រះវិញ្ញាណដ៏វិសុទ្ធជម្រុញយើងឱ្យយើងទៅប្រកាសដំណឹងល្អ”

បងប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ដែល​យើង​គោរព​បុណ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​យើង​ទន្ទឹង​រង់​ចាំ។ យើង​បាន​រៀប​ចំ​ផ្កា ដែល​មាន​រាង​ជា​បេះដូង​ក្រហម ហើយ​ពាក់​កណ្ដាល​មាន​ពណ៌​ស​ដែរ​។ ផ្កា​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដែល​យាង​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ពី​ព្រះឈើ​ឆ្កាង យើង​មាន​ក្រណាត់​ក្រហម និង​ក្រណាត់​ពណ៌​មាស ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​របៀប​ដែល​ព្រះជាម្ចាស់​ស្រឡាញ់​យើង របៀប​ដែល​ព្រះជាម្ចាស់​បាន​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះអង្គ​តែ​ម្ដង​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ពិត​មែន​ជា​ពេល​វេលា​ដើម្បី​ទូល​អង្វរ​ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក។

ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក​សណ្ឋិត​លើ​យើង មក​សណ្ឋិត​លើ​យើង​រៀងៗ​ខ្លួន ដូច​កាល​ពី​ដើម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​សណ្ឋិត​លើ​ក្រុម​គ្រីស្ត​ទូត។

ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​សង្គម​របស់​យើង​បច្ចុប្បន្ន​នេះ ដូច​ពី​ដើម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​សណ្ឋិត​លើ​ទីក្រុង​យេរ៉ូសាឡឹម។

ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​ព្រះសហគមន៍​យើង​ខ្ញុំ ដូច​កាល​ពី​ដើម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​សណ្ឋិត​លើ​ក្រុម​គ្រីស្ត​ទូត ដែល​បាន​ជួប​ជុំ​គ្នា​ជា​មួយ​ព្រះនាង​ម៉ារី ជា​មួយ​គ្រីស្ត​បរិស័ទ​ខ្លះៗ​ដែល​កំពុង​អធិដ្ឋាន។

បងប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​អត្ថបទ​ទី​២ យើង​បាន​ស្ដាប់​ផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ ”សេចក្តី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ បរិសុទ្ធ ជំនឿ ចិត្ត​លើក​លែង​ទោស”។ ប៉ុន្តែ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​ណែនាំ​ឱ្យ​យើង​ទទួល​ព្រះអំណោយ​ទាន​ដ៏​ពិសេស​ទាំង​៧។ ថ្ងៃ​នេះ ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ខ្ញុំ​ដែល​ជា​អភិបាល​របស់​ព្រះសហគមន៍​កាតូលិក គឺ​ជា​ពេល​វេលា​ដើម្បី​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស ដល់​បងប្អូន​ដែល​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក។ ថ្ងៃ​នេះ​យើង​ធ្វើ​មិន​បាន ប៉ុន្តែ​ថ្ងៃ​នេះ​យើង​ភ្ជាប់​ចិត្ត​រួម​ជា​មួយ​ប្អូនៗ ដែល​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក ដោយ​ទូល​អង្វរ​ដល់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​សូម​យាង​មក។ប៉ុន្តែ​មិន​មែន​តែ​សណ្ឋិត​លើ​គេ គឺ​សណ្ឋិត​លើ​យើង​ដែរ។

ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​មាន​ប្រាជ្ញា​ឈ្លាសវៃ
ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​ស្គាល់​សេចក្តី​ពិត
ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​មាន​យោបល់​ល្អ
ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​ចេះ​ទទួល​ខុស​និង​ត្រូវ
ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​មាន​ចិត្ត​អង់​អាច​ក្លាហាន
ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​គោរព​ព្រះអម្ចាស់​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង
ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​នៅ​ក្នុង​ជីវិត។

នេះ​ជា​ព្រះអំណោយ​ទាន​ទាំង​៧​ដែល​យើង​បាន​ទទួល ជា​ព្រះអំណោយ​ទាន​ទាំង​៧​ដែល​បាន​ណែនាំ​ឱ្យ​យើង​អាច​គិត​ពិចារណា សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​សង្គម​ដែល​កំពុង​រស់​នៅ​ក្នុង​ការ​ទុក្ខ​លំបាក។ តើ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ អាច​ណែនាំ​យើង​ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី​ដូច​ម្ដេច? ណែនាំ​យើង​ឱ្យ​យើង​មាន​គំនិត​ថ្មីៗ ណែនាំ​យើង​ឱ្យ​យើង​ចេះ​ទទួល​ខុស​ត្រូវ​យ៉ាង​ច្បាស់​លាស់ ណែនាំ​យើង​ឱ្យ​យើង​មាន​សេចក្តី​ក្លាហាន​អង់​អាច ណែនាំ​យើង​ឱ្យ​យើង​យក​ព្រះជាម្ចាស់​ជា​ទី​ពឹង​តែ​មួយ​ព្រះអង្គ​គត់ ដើម្បី​ធ្វើ​ដំណើរ​នៅ​ក្នុង​ព្រះសហគមន៍ និង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ តាម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​បើក​ផ្លូវ​ដ៏​អស្ចារ្យ​សម្រាប់​ជីវិត​របស់​យើង​ពិត​មែន។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ប្រសិន​បើ​យើង​ពិចារណា​អំពី​ស្ថានភាព​សព្វ​ថ្ងៃ យើង​បាន​ឃើញ​ចាប់​ពី​ថ្ងៃ​នេះ​ប្រហែល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​បាន​គង់​នៅ​ដែរ រាជធានី​ភ្នំពេញ​ដូច​ជា​បាន​បើក​ទ្វារ​សារជាថ្មី ផ្សារ​សាធារណៈ​ក៏​បាន​បើក​ទ្វារ​សារជាថ្មី ការ​បិទ​បម្រាម​គោចរ​ក៏​ត្រូវ​បាន​បញ្ចប់។ យើង​អាច​និយាយ​បាន​ថា រាជធានី​ភ្នំពេញ​នៅ​សល់​តែ​តំបន់​ពណ៌​លឿង និង​នៅ​សល់​តំបន់​ពណ៌​ទឹក​ក្រូច​ចាស់​តែ​៥​កន្លែង នេះ​ជា​អ្វី​ដែល​យើង​បាន​ឃើញ។ ប៉ុន្តែ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ស្ថានភាព​នានា​ដែរ ហើយ​កូវីដ-១៩​ដែល​បាន​ថយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត។ ដោយសារ ប្រសិន​បើ​យើង​មើល​នៅ​តាម​ខេត្ត​នីមួយៗ ជា​រៀង​រាល់​ថ្ងៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ពី​៥០​ដល់​១០០​នាក់ ឬ​លើស​ហ្នឹង​ក្នុង​ករណី​ថ្មីៗ។ ដូច្នេះ នៅ​ពេល​នេះ​យើង​មិន​អាច​និយាយ​ថា យើង​នៅ​ក្នុង​ពេល​វេលា​ដែល​ពោរពេញ​ដោយ​សុវត្ថិភាព​បាន​ទេ។ ប្រសិន​បើ យើង​មើល​ហើយ​ពិចារណា​សាលា​ក៏​នៅ​តែ​បន្ត​បិទ​ទ្វារ​ដដែល យើង​បាន​ឃើញ​សកម្មភាព​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​ធំ ឬ​អាពាហ៍ពិពាហ៍ ឬ​ពិធី​បុណ្យ​នានា ក៏​នៅ​តែ​មិន​ទាន់​ដំណើរ​ការ​បាន​ដដែល។ យើង​ឃើញ​សកម្មភាព​សាសនា​នានា ក៏​នៅ​តែ​មិន​អាច​ធ្វើ​ដដែល ហើយ​ថ្ងៃ​នេះ​ដែល​ខ្ញុំ​បាន​ថ្វាយ​អភិបូជា ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ក្នុង​ខេត្ត​តាកែវ យើង​ក៏​ដឹង​ថា​មាន​ប៉ុន្មាន​ព្រះសហគមន៍​ក៏​នៅ​តែ​មិន​ទាន់​មាន​អភិបូជា​ដដែល ទោះ​បី​ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​ផង និង​ជា​បុណ្យ​ឱឡារឹក​ដ៏​កំពូល​របស់​ព្រះសហគមន៍​ផង។

ប្រសិន​បើ យើង​ស្ដាប់​ស្ថាន​ភាព​របស់​ពិភព​លោក យើង​បាន​ដឹង​ថា​មាន​ជិត ៣​លាន​នាក់ ដែល​បាន​ទទួល​មរណៈភាព​ដោយ​សារ​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ យើង​អាច​គុណ​ចំនួន​នេះ​ជា​២​ឬ​ជា​៣ សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ពី​ឆ្នាំ​២០១៩ ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ដោយសារ​រង​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​ជំងឺ​កូវីដ-១៩។ ដោយសារ មនុស្ស​ដែល​ខ្វះ​ម្ហូប​អាហារ​ក៏​មាន​ច្រើន​ថែម​ទៀត មនុស្ស​ដែល​មិន​អាច​មាន​លទ្ធភាព​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​ទទួល​ការ​ព្យាបាល​ក៏​មាន​ច្រើន​ថែម​ទៀត។ ដូច្នេះ ស្ថាន​ភាព​របស់​ពិភព​លោក​ក៏​នៅ​តែ​មិន​ទាន់​ស្រួល​សោះ។ ហេតុ​នេះ​ហើយ ប្រសិន​បើ​យើង​មើល​ទាំង​ឥទ្ធិពល​ផ្ទាល់​ដែល​យើង​ទទួល​ពី​ជំងឺ​កូវីដ-១៩ ទាំង​ឥទ្ធិ​ពល​ដែល​យើង​ទទួល​ផ្សេងៗ​ពី​ជំងឺ​កូវីដ-១៩ ក៏​បាន​ណែនាំ​ឱ្យ​យើង​បន្ត​រស់​នៅ​ក្នុង​បរិយា​កាស ដែល​ធ្វើ​ឱ្យ​យើង​ភ័យ​ខ្លាច​ជានិច្ច។ សង្គម​របស់​យើង​បាន​ធ្លាក់​ចុះ សេដ្ឋកិច្ច​របស់​យើង​ក៏​បាន​ធ្លាក់​ចុះ និង​ជា​ពិសេស​សេដ្ឋកិច្ច​គ្រួសារ​មួយ​ចំនួន​យ៉ាង​ធំ​ក៏​បាន​ធ្លាក់​ចុះ សកម្មភាព​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង​ក៏​បាន​ធ្លាក់​ចុះ។ ប្រសិន​បើ យើង​ពិចារណា​ពី​ប៉ុន្មាន​ខែ​កន្លង​មក សកម្មភាព​របស់​យើង​ដូច​ជា​ជិត​អស់​ហើយ លើក​លែង​តែ​សញ្ញា​នៃ​ធម៌​មេត្តា​ករុណា​ដែល​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​នៅ​តាម​កន្លែង​នីមួយៗ។

ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​នៅ​ពេល​ដែល​យើង​បាន​ស្ដាប់ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក​ដើម្បី​ឱ្យ​យើង​មាន​ប្រាជ្ញា​ស្លៀងវៃ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យើង​មក​ដើម្បី​ឱ្យ​យើង​មាន​គំនិត​ល្អ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក​ដើម្បី​ឱ្យ​យើង​ចេះ​ទទួល​ខុស​និង​ត្រូវ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក​ដើម្បី​ឱ្យ​យើង​មាន​សេចក្តី​ក្លាហាន។ សប្តាហ៍​មុន ខ្ញុំ​បាន​អញ្ជើញ​មណ្ឌល​សកម្មភាព​នីមួយៗ​ក្នុង​ភូមិភាគ​ភ្នំពេញ ឱ្យ​យើង​ប្រមូល​បញ្ជី​ឈ្មោះ​បេក្ខជន​អ្នក​ដែល​ទទួល​ការ​អប់រំ​ជំនឿ។ នៅ​ក្នុង​នេះ មាន​អ្នក​ដែល​កំពុង​ត្រៀម​ទទួល​ជំហាន​ទី​១ និង​អ្នក​ដែល​កំពុង​ត្រៀម​ជំហាន​ទី​២ ក្មេងៗ​ដែល​កំពុង​ត្រៀម​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត និង​យុវជន​ក៏​ដូចជា​មនុស្ស​ពេញ​វ័យ​ដែល​កំពុង​ត្រៀម​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ក៏​ដូច​ជា​ក្រុម​ពន្លក​ថ្មី។ សរុប​មក ខ្ញុំ​បាន​ទទួល​ចម្លើយ​តែ​២​មណ្ឌល​សកម្មភាព ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​តាម​មណ្ឌល​សកម្មភាព​នីមួយៗ ដើម្បី​រៀប​ចំ​ជា​បន្ទាន់។ ហេតុ​នេះ​ហើយ យើង​អាច​រៀប​ចំ​កម្មវិធី​អប់រំ​ជំនឿ​ពី​ចម្ងាយ (តាម Online) ដោយ​សារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​ណែនាំ​ឱ្យ​យើង​មាន​គំនិត​ល្អ ណែ​នាំ​ឱ្យ​យើង​មាន​សេចក្តី​ក្លាហាន ណែ​នាំ​ឱ្យ​យើង​ទទួល​ខុស​ត្រូវ​យ៉ាង​ខ្ពស់ មិន​មែន​ទទួល​ខុស​ត្រូវ​ល្មមៗ​ទេ។

ដូច្នេះ នេះ​ជា​ពេល​វេលា​ដើម្បី​ឱ្យ​សប្តាហ៍​ក្រោយ ខ្ញុំ​សុំ​ឱ្យ​មណ្ឌល​សកម្មភាព​នីមួយៗ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​លោក​ឪពុក​កំពុង​ស្ដាប់​ខ្ញុំ ឱ្យ​យើង​មាន​កម្មវិធី​អប់រំ​ជំនឿ​ចាប់​ពី​ម៉ោង ៧.៣០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​៨.៣០​នាទី​ព្រឹក។ ម៉ោង​ជិត ៩.០០​ព្រឹក​យើង​អាច​ចូល​អភិបូជា​ពី​ចម្ងាយ (តាម Online ក្នុង​ហ្វេសបុក​ភេច https://www.facebook.com/LiveCatholicChannel)។ ប្រសិន​បើ យើង​ពិចារណា​អភិបូជា​ពី​ចម្ងាយ (តាម Online) យើង​មាន​ប្រហែល​តែ​១០០​នាក់​ជាង ដែល​បាន​ចូល​ប្រចាំ​រាល់​សប្តាហ៍។ ប៉ុន្តែ ប្រសិន​បើ​យើង​មិន​បាន​ចូល​ថ្វាយ​អភិបូជា​ជា​ពី​ចម្ងាយ (តាម Online) ជា​មួយ​ភូមិភាគ មាន​ន័យ​ថា​ជា​មួយ​ខ្ញុំ តើ​យើង​ចូល​អភិបូជា​របៀប​ណា​សព្វ​ថ្ងៃ? អត់​មាន ដោយសារ​អភិបូជា​ពី​ចម្ងាយ (តាម Online) មាន​តែ​មួយ គឺ​អភិបូជា​ដែល​លោក​អភិបាល​ថ្វាយ​ថ្ងៃ​អាទិត្យ ហើយ​តាម​កន្លែង​ផ្សេងៗ​សព្វ​ថ្ងៃ​យើង​ប្រហែល​ជា​អត់​មាន​អភិបូជា​ទេ ឬ​អាច​មាន​កន្លែង​ខ្លះ​ដែល​មាន​ថ្វាយ​អភិបូជា​ជា​មួយ​គ្រីស្ត​បរិស័ទ​តែ​៤​ឬ​៥​នាក់​តែ​ប៉ុណ្ណឹង។ ដូច្នេះ យើង​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បំភ្លឺ​យើង ពិត​មែន​យើង​មិន​ចែក​តាម​ផ្លូវ​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ។ ប៉ុន្តែ យើង​អាច​មាន​យោបល់​ល្អ​ថែម​ទៀត យើង​អាច​មាន​មធ្យោបាយ​ល្អ​ថែម​ទៀត ដើម្បី​ឱ្យ​អភិបូជា​និង​ការ​អធិដ្ឋាន​បាន​ទៅ​ដល់​កន្លែង​នីមួយៗ។ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ដែរ​ដើម្បី​នឹក​ឃើញ ជា​ពិសេស​ដល់​កុមារ​ព្រោះ​ថា យើង​ជិត​ដល់​ថ្ងៃទី​១ ខែ​មិថុនា​ដែល​ជា​ទិវា​គោរព​សិទ្ធិ​កុមារ​អន្តរ​ជាតិ ដល់​យុវជន​យុវនារី ដល់​ជំទង់។

ពី​ម្សិល​មិញ ខ្ញុំ​បាន​ប្រជុំ​ជា​មួយ​មេ​ក្រុម​កាយ​រិទ្ធ​នៅ​ក្នុង​តំបន់​ភ្នំពេញ តំបន់​តាខ្មៅ តំបន់​បាសាក់ និង​តំបន់​មេគង្គ។ យើង​ក៏​បាន​ស្ដាប់​សក្ខីភាព​របស់​មេ​កាយ​រិទ្ធិ ដែល​ពី​ប៉ុន្មាន​ខែ​យើង​មិន​អាច​ជួប​ជុំ​គ្នា​មែន (ដោយសារ​តែ​យើង​មិន​មាន​ឱកាស​ដើម្បី​ជួប​ជុំ​គ្នា) ប៉ុន្តែ​យើង​អត់​មាន​សកម្មភាព​ផ្សេងៗ​ដែរ សកម្មភាព​ពី​ចម្ងាយ (តាម Online) ក៏​អត់ ការ​ចុះ​សួរ​សុខ​ទុក្ខ​ក៏​អត់​ក៏​ពិបាក​មែន​ទែន។ ដូច្នេះ ជា​ពេល​វេលា​មួយ​ដើម្បី​ឱ្យ​នៅ​ក្នុង​សប្តាហ៍​នេះ ខ្ញុំ​ផ្ញើ​ឯកសារ​ទៅ​តាម​លោក​ឪពុក​នីមួយៗ​នៅ​ក្នុង​មណ្ឌល​សកម្មភាព​ទាំង​៩ ដើម្បី​បញ្ចូល​ឈ្មោះ​យ៉ាង​ច្បាស់​លាស់ ប្រធាន​ក្រុម​កាយ​រិទ្ធិ ប្រធាន​ក្រុម​យុវជន និង​ប្រធាន​ក្រុម​ជំទង់ ដើម្បី​ឱ្យ​យើង​គិត​ថែម​ទៀត។ ដោយសារ ជា​មួយ​ការិយាល័យ​យុវជន ជំទង់ និង​កុមារ យើង​មាន​សកម្មភាព​ច្រើន ប៉ុន្តែ​សកម្មភាព​របស់​យើង​ជា​មួយ​តំណាង។ ដូច​ពី​ម្សិល​មិញ ខ្ញុំ​មាន​តំណាង​ត្រឹម​តែ​១៨​ទៅ​២០​នាក់​តែ​ប៉ុណ្ណឹង ប៉ុន្តែ​យើង​ដឹង​ថា​តាម​ព្រះសហគមន៍​នីមួយៗ យើង​មាន​មេ​កាយ​រិទ្ធិ​១០​នាក់ ២០​នាក់ ៣០​នាក់។ ម្សិលមិញ ជួប​ជា​មួយ​យើង​តែ​តំណាង ដូច្នេះ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឱ្យ​តំណាង​ផ្សាយ​ត​ដល់​សមាជិក​ក្នុង​ក្រុម​របស់​ខ្លួន ដែល​មាន​១០​នាក់ ដែល​មាន​២០​នាក់ តាម​មូល​ដ្ឋាន តាម​ព្រះសហគមន៍​នីមួយៗ និង​តាម​ព្រះវិហារ​នីមួយៗ។

ជួន​កាល យើង​និយាយ​ថា​អប់រំ​ជំនឿ​ពិបាក​ណាស់ យាយ​ចាស់ៗ​ដែល​អត់​ចេះ​ប្រើ​ទូរស័ព្ទ​ទំនើប ឬ​មិន​ចេះ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណេត។ ប៉ុន្តែ ពួក​គាត់​ក៏​មាន​កូន​ចៅ​នៅ​ក្បែរ​ដែល​អាច​ជួយ​បង្ហាញ​គាត់​បាន​ដែរ។ យុវជន​យុវនារី ដែល​យើង​កំពុង​តែ​និយាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ពិសេស នៅ​ក្នុង​ទីក្រុង​តាខ្មៅ​ជាពិសេស នៅ​ទីក្រុង​នានា​ដែល​យើង​មាន នៅ​តាម​ភូមិ​នានា។ សព្វថ្ងៃ ដែល​កំពុង​រៀន​ពី​ចម្ងាយ (តាម Online) មាន​ខ្លះ​គេ​រៀន​ពី​ចម្ងាយ (តាម Online) មួយ​ថ្ងៃ​៦​ម៉ោង មាន​ខ្លះ​គេ​រៀន​តាម​ពី​ចម្ងាយ (តាម Online) ថ្ងៃ​សៅរ៍​ថ្ងៃ​អាទិត្យ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ ខ្ញុំ​ជឿ​ថា​យើង​ជា​ព្រះសហគមន៍​កាតូលិក យើង​មាន​មធ្យោបាយ​ដើម្បី​ទៅ​ដល់​យុវជន​យុវនារី​របស់​យើង យ៉ាង​តិច​នៅ​ក្នុង​មួយ​សប្តាហ៍​មួយ​ម៉ោង​ឬ​ពីរ​ម៉ោង ដើម្បី​អប់រំ ដើម្បី​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។

ខ្ញុំ​ក៏​សូម​អរគុណ និង​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដោយសារ​ខ្ញុំ​បាន​ឃើញ​ផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ពី​ប៉ុន្មាន​ដង ខ្ញុំ​បាន​ចូល​ពី​ចម្ងាយ (តាម Online) ក្នុង​កម្មវិធី ZOOM ឬ​ហ្វេសប៊ុក ជា​មួយ​យុវជន គឺ​ជា​ពេល​វេលា​មួយ​ដែល​យុវជន​ម្នាក់ៗ​ចែក​អំពី​ទុក្ខ​លំបាក អំពី​អំណរ​សប្បាយ អំពី​សេចក្តី​សង្ឃឹម និង​អំពី​សំណូម​ពរ​របស់​គាត់ នេះ​ជា​ភាព​កក់​ក្តៅ​សម្រាប់​គាត់។ ដូច្នេះ យើង​ត្រូវ​ការ​បន្ត​ទៅ​ដល់​កន្លែង​នីមួយៗ​ដ៏​តូច កុំ​ឱ្យ​យើង​គិត​តែ​កម្រិត​ភូមិភាគ​ភ្នំពេញ​តែ​ប៉ុណ្ណឹង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ត្រូវ​តែ​មាន​គំនិត​ថ្មី យើង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​យ៉ាង​ខ្ពស់ យើង​ត្រូវ​តែ​មាន​សេចក្តី​ក្លាហាន​ជានិច្ច។

ដូច្នេះ នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា កម្មវិធី​សិទ្ធិ​កុមារ​អន្តរជាតិ​យើង​លើក​ដល់​ថ្ងៃ​អាទិត្យ (២​សប្តាហ៍​ទៀត)។ នៅ​ពេល​នោះ យើង​ទៅ​សួរ​សុខ​ទុក្ខ​កូន​ក្មេង​តាម​ផ្ទះ ដែល​យើង​នឹង​ចែក​ជូន​សម្ភារៈ​ការ​សិក្សា​ជា​ពិសេស ឱ្យ​កូន​ក្មេង​សប្បាយ​ចិត្ត​អាន​សៀវភៅ មាន​សៀវភៅ​ផាត់​ពណ៌ មាន​នំ​ខ្លះៗ មាន​ស្វាយ​ខ្លះៗ។ ប៉ុន្តែ មាន​ការ​លើក​ទឹក​ចិត្ត​សម្រាប់​កុមារ ដើម្បី​ឱ្យ​គេ​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ត​ទៅ​ទៀត។

ព្រះសហគមន៍​របស់​យើង គឺ​ជា​គ្រួសារ​តែ​មួយ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ពិត​មែន ឱ្យ​ព្រះសហគមន៍​របស់​យើង​ចេញ​សញ្ញា​សម្គាល់​នៃ​សេចក្តី​ស្រឡាញ់​នេះ ដើម្បី​ឱ្យ​យើង​រួម​គ្នា​កសាង​សង្គម​ថ្មី​តាមរយៈ​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ពិត​មែន បង​ប្អូន​ជា​ទី​ស្រឡាញ់​ថ្ងៃ​នេះ​យើង​ពោរ​ពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជម្រុញ​យើង​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ នៅ​ក្នុង​ស្ថាន​ភាព​សព្វ​ថ្ងៃ បី​កុំ​បី​ការពារ​និង​បី​ថែរក្សា ប៉ុន្តែ​យើង​អាច​ធ្វើ​បាន ដូច្នេះ​យើង​ត្រូវ​តែ​ឈរ​ឡើង​ដើម្បី​ឱ្យ​យើង​រួម​គ្នា​ប្រកាស​ដំណឹង​ល្អ​ត​ទៅ​ទៀត។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​បុណ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ខ្ញុំ​ថ្វាយ​អភិបូជា​អន្តរ​ជាតិ​រួម​ជា​មួយ​គ្រប់​សហគមន៍។ នៅ​ក្នុង​នេះ យើង​មាន​សហគមន៍​និយាយ​ភាសា​អង់គ្លេស យើង​មាន​សហគមន៍​និយាយ​ភាសា​បារាំង យើង​មាន​សហគមន៍​និយាយ​ភាសា​កូរ៉េ។ រួម​ជា​មួយ​គ្នា យើង​មាន​អភិបូជា​នៅ​ផ្សារតូច​ជា​រៀង​រាល់​ឆ្នាំ ហើយ​ឆ្នាំ​នេះ​ដែល​យើង​មិន​អាច​ធ្វើ​បាន ប៉ុន្តែ​ខ្ញុំ​ក៏​សូម​អនុញ្ញាត​ផ្ដាំ​សួរ​សុខ​ទុក្ខ​ដល់​បង​ប្អូន​នៃ​សហគមន៍​ជនជាតិ​បរទេស​ទាំង​អស់​ផង។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ
ប្រទេស​កម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email