សាសនាទូតPIMEដំបូងមកកម្ពុជាទទួលមរណភាព

«អ្នកដែលបានជួបលោកពុក បានភ្លក់និងស្គាល់រសជាតិនៃស្ថានបរមសុខ។ នេះជាអ្វីដែលព្រះជាម្ចាស់សង្ឃឹមយើងម្នាក់ៗ ហើយតាមគំរូលោកពុកនាំឲ្យយើងយល់ថា យើងត្រូវច្បាស់លាស់នៅក្នុងគោលដៅនេះ»។ នេះសម្តីរបស់លោកបូជាចារ្យយ៉ាំងលូកា អតីតប្រធានក្រុមគ្រឹះស្ថានសម្តេចប៉ាបសម្រាប់សាសនទូតក្រៅប្រទេស (PIME)នៅកម្ពុជា នៅក្នុងពិធីបុណ្យសពរបស់លោកបូជាចារ្យតូនី វីនដ្រាមីន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅព្រះវិហារសន្តយ៉ូសែប(ផ្សារតូច) នារាជធានីភ្នំពេញ។

ក្នុងធម្មទេសនា ក្នុងពិធីបុណ្យដែលមានអ្នកចូលរួមតិចតួចនៅក្នុងវិហារ ព្រោះតែការរាលដាលនៃជំងឺកូវីដ១៩ លោកបូជាចារ្យ យ៉ាំងលូការ តាវ៉ូឡា មានប្រសាសន៍ទៀតថា លោកបូជាចារ្យតូនីមានទស្សនៈមួយយ៉ាងច្បាស់លាស់ ហើយគាត់តែងតែយល់និងផ្ទេរគំនិតមួយដល់យើងទាំងអស់គ្នាដែលបានជួបគាត់ «គឺសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ត្រូវតែជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់បងប្អូនរបស់យើងម្នាក់ៗ»។

«នៅពេលនេះ យើងសូមថ្វាយវិញ្ញាណក្ខន្ធលោកពុកតូនី ទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ សូមលោកឪពុកទទួលសេចក្តីសុខសាន្តនៅស្ថានបរមសុខ ជាមួយព្រះជាម្ចាស់អស់កល្បជានិច្ច» លោកបូជាចារ្យយ៉ាំងលូកាបន្ថែម។

ក្នុងកិច្ចការបម្រើព្រះជាម្ចាស់ចាប់តាំងពីតែងតាំងជាបូជាចារ្យ លោកបូជាចារ្យតូនី ខិតខំនិងយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រកាសដំណឹងល្អរបស់ព្រះយេស៊ូ ដោយបម្រើអ្នកតូចតាច ដោយបន្ទាបខ្លួន និងមានចិត្តសុភាពរាបសារ។ លោកបូជាចារ្យតូនី បានបម្រើនៅក្នុងព្រះសហគមន៍នៅប្រទេសបង់ក្លាដេស អស់រយៈពេល១៥ ឆ្នាំ ហើយបានបន្តដំណើរមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩០ ដោយបានជួយកសាង និងបង្កើតព្រះសហគមន៍មួយចំនួន ជួយគាំទ្រដល់កិច្ចការងារក្នុងសង្គម ជាពិសេសគឺឲ្យមនុស្សតូចតាចមានជីវិតរស់នៅសមរម្យ ក្រោយពេលប្រទេសកម្ពុជាបានរួចផុតពីសង្គ្រាមប្រល័យពូជសាសន៍ប៉ុលពត រហូតដល់ពេលបច្ចុប្បន្ន។ 

នៅក្នុងពេលនេះដែរ លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ ជាអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកបូជាចារ្យតូនី និងនឹករលឹកអំពីក្រុមមនុស្សជាច្រើនដែលលោកបូជាចារ្យតូនីបានជួយគាំទ្រ តាមរយៈសកម្មភាពរបស់លោកក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។ ក្នុងនោះរួមមាន ក្រុមគ្រួសារសាសនទូទ PIME បុគ្គលិកនិងបងប្អូនដែលបានធ្វើការងារនិងទទួលផលពីអង្គការមនុស្សលោកថ្មី និងព្រះសហគមន៍ដែលលោកបានណែនាំ។

លោកអភិបាលបានឲ្យដឹងថា តាមរយៈកិច្ចការរបស់លោកបូជាចារ្យតូនី « ណែនាំឲ្យមនុស្សយ៉ាងច្រើន ជាពិសេសបងប្អូនរបស់យើងតូចតាច  ដែលសង្គមពូកែភ្លេច រកឃើញសេចក្តីសង្ឃឹមដ៏ពិតប្រាកដ»។

លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ទៀតថា លោកតូនីជាមនុស្សសាមញ្ញ ដាក់ខ្លួនជានិច្ចដើម្បីបម្រើបងប្អូនឯទៀតៗ។ យើងអធិដ្ឋានដើម្បីឲ្យគំរូនៃជីវិតរបស់លោកតូនី ណែនាំឲ្យយើងមានកំលាំងកាយកំលាំងចិត្ត ដើម្បីបន្តធ្វើដំណើរលើផែនដីនេះ ។ លោកអភិបាលបន្ថែមថា «ពិតមែនលោកតូនីបានធ្វើការងារអស្ចារ្យលើផែនដីនេះ ដោយពោរពេញដោយសេចក្តីស្រឡាញ់ដ៏ធំធេង»។

បងស្រីប៉ាទីណា នៃក្រុមគ្រួសារបងស្រីមេត្តាករុណា (Missionary of Charity Sisters) បានធ្វើសក្ខីភាពអំពីលោកបូជាចារ្យតូនី យ៉ាងនេះថា លោកបូជាចារ្យតូនី ជាអ្នកមនុស្សមានជំនឿរឹងមាំ និងពិតជាសាសនទូតយ៉ាងពិតប្រាកដ ជាមនុស្សស្តាប់បង្គាប់និងជឿទុកចិត្ត។ នៅគ្រាដំបូងនោះ អ្នកម្តាយតេរេសាបានស្នើសុំលោកឲ្យមកបម្រើការងារនៅក្នុងប្រទេសកម្ពុជា គាត់ឆ្លើយមិនស្ទាក់ស្ទើរចំពោះបេសកកម្មនេះ គឺបានចូលរួមជាមួយយើងតាមព្រះបំណងរបស់ព្រះជាម្ចាស់ ទោះបីជាគាត់និងក្រុមបងស្រីមេត្តាករុណាមិនដឹងថា តើអនាគតទៅមុខនឹងយ៉ាងណានៅក្នុងប្រទេសកម្ពុជាក៏ដោយ។

«មានថ្ងៃមួយក្រោយអភិបូជា លោកពុកបានលេងជាមួយក្មេងៗក្នុងមណ្ឌលរបស់យើង។ មានក្មេង២នាក់ពិការភ្នែក លោកពុកបានជួយពួកគេឲ្យចូលរៀន ហើយពេលនេះ ពួកគេជាគ្រូបង្រៀន និងមានគ្រួសារអស់ហើយ» បងស្រីបញ្ជាក់។

បងស្រីប៉ាទីណាបន្ថែមថា លោកឪពុកតែងតែទៅជួបនិងថ្វាយអភិបូជាជាភាសាអង់គ្លេសនៅក្នុងពន្ធនាគារជាមួយក្រុមបងប្រុសមេត្តាករុណាផងដែរ។

លោកបូជាចារ្យ តូនី វីនដ្រាមីន ជាបូជាចារ្យ នៃគ្រឹះស្ថានសម្តេចប៉ាបសម្រាប់សាសនទូតក្រៅប្រទេស (PIME)។ លោកប្រសូតនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៤២ នៅបាដូរ៉េ ប្រទេសអ៊ីតាលី។ លោកទទួលអគ្គសញ្ញា តែងតាំងជាបូជាចារ្យ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៦៩។ លោកទៅបម្រើកិច្ចការជាសាសនទូត នៅប្រទេសបង់ក្លាដែសអស់រយៈពេល ១៥ ឆ្នាំ ពីឆ្នាំ១៩៧៥ – ឆ្នាំ១៩៩០។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៩០ លោកឪពុក តូនីបានមកដល់ ប្រទេសកម្ពុជា ដើម្បីរួមដំណើរជាមួយ បងស្រីមេត្តាករុណា នៃអ្នកម្តាយ តេរេសា នៅគុលគូថា តាមការអញ្ជើញរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋកម្ពុជា។ លោកឪពុកជាសាសនទូត PIME ដំបូងគេដែលបានមកដល់ប្រទេសកម្ពុជា។

លោកបានជួយពង្រឹងគុណភាពអប់រំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញទី២។ លោកធ្វើកិច្ចការអភិវឌ្ឍសហគមន៍ ផ្នែកសុខភាព បម្រើជនមានពិការភាព ជួយផ្តល់ឱកាសឲ្យកុមារ និងយុជនមានការអប់រំសិក្សាខ្ពង់ខ្ពស់ ផ្តាស់ប្តូរជីវិតរស់នៅរបស់ពួកគេឲ្យប្រសើរឡើង។ ដើម្បីសម្រេចគោលដៅខាងលើនេះបាន លោកឪពុកតូនី បានបង្កើតអង្គការ ក្រៅរដ្ឋាភិបាលមួយ ឈ្មោះថា «មនុស្សលោកថ្មី » នៅក្នុងឆ្នាំ១៩៩៣។ អង្គការនេះជាឧបករណ៍មួយ បង្ហាញពីវត្តមានរបស់ព្រះជាម្ចាស់ នៅកណ្តាលចំណោមប្រជាជន។ លោកទៅសួរសុខទុក្ខជនជាប់ឃុំ និងលើកទឹកចិត្តដល់អ្នកជាប់ឃុំជាជនបរទេស។

លោកបង្រៀនវិទ្យាផ្សេងៗក្នុងព្រះសហគមន៍ និងដល់និស្សិតទេវិទ្យាល័យ។ លោកបម្រើតាមព្រះវិហារ នានានៅពោធិចិនតុង និង អំពៅព្រៃ ជាដើម។

លោកជាសមាជិក សកម្ម នៃគណៈកម្មការអន្តរភូមិភាគ ក្នុងកិច្ចការបកប្រែ សៀវភៅក្បួនពិធីបុណ្យ អភិបូជាថ្មី ដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃ។ មានកិច្ចការជាច្រើនទៀតដែលយើងមិនអាចរៀបរាប់អស់។ 

នៅរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ព្រះជាម្ចាស់បានត្រាស់ហៅលោកទៅឯព្រះអង្គវិញ ក្នុងជន្មាយុ ៧៩ឆ្នាំ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email