អាទិត្យ​ទី​២៣​នៃ​រដូវ​ធម្មតា ព្រះសគមន៍​សន្តី​ម៉ារី​ញញឹម ចំកាទៀង ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ “ចូរ​បើក​ឡើង”

បងប្អូន​ជា​ទី​ស្រឡាញ់!

នៅ​ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​កញ្ញា ពេល​យើង​ចូល​នៅ​ក្នុង​ខែ​ថ្មី​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​ថ្មី​ដែរ។ ព្រះបន្ទូល​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ទី​មួយ​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម ទី​ពីរ​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ដល់​តម្លៃ​នៃ​យុត្តិធម៌។ ព្រះបន្ទូល​ដែល​ព្រះយេស៊ូ​មាន​ថ្ងៃ​នេះ​ដល់​អ្នក​ថ្លង់​ម្នាក់​ថា “អេហ្វាថា” មាន​ន័យ​ថា “ចូរ​បើក​ឡើង” បង​ប្អូន​ដែល​ធ្លាប់​ធ្វើ​ជំហាន​ទី​មួយ​ក៏​នឹក​ឃើញ។ នៅ​ពេល​យើង​ធ្វើ​ជំហាន​ទី​មួយ យើង​បាន​គូរ​សញ្ញា​ឈើ​ឆ្កាង​លើ​ត្រចៀក លើ​ភ្នែក លើ​បបូរ​មាត់ លើ​ទ្រូង លើ​ដៃ ដោយ​និយាយ​ថា “ចូរ​បើក​ឡើង”។

នៅ​ពេល​យើង​ស្តាប់​ពាក្យ “បើក​ឡើង” ណែ​នាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​នៅ​ក្នុង​កាលៈទេសៈ​និង​បរិយាកាស​របស់​យើង។ ពី​ប៉ុន្មាន​ខែ​កន្លង​មក​យើង​បាន​បិទ​សកម្មភាព​ទាំង​អស់ ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អេហ្វាថា​/​ចូរ​បើក​ឡើង”។ តាម​ពិត​ជា​អ្វី​ដែល​បាន​កើត​ឡើង ពី​ប៉ុន្មាន​ថ្ងៃ​នេះ​យើង​បាន​ស្តាប់​ព័ត៌មាន​ថា​សាលា​ជិត​បើក​វិញ កន្លែង​រក​ស៊ី​នានា​ជិត​បើក​វិញ ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ជាពិសេស សម្រាប់​សិស្សា​នុសិស្ស​និង​បង​ប្អូន​អាជីវករ​ដែល​រក​ស៊ី ដោយ​សង្ឃឹម​ថា​បន្តិច​ទៀត​ប្រទេស​កម្ពុជា​របស់​យើង​អាច​រស់​នៅ​ក្នុង​របៀប​ធម្មតា​វិញ​។ ក៏​ប៉ុន្តែ ទោះបី​យើង​បាន​ស្តាប់​ពាក្យ “ចូរ​បើក​ឡើង” ទោះ​បី​យើង​បាន​សង្ឃឹម​យើង​អាច​បើក​កន្លែង​នានា ពេល​យើង​ស្តាប់​ព័ត៌មាន​យើង​ឃើញ​ថា​មាន​កន្លែង​ខ្លះ​គេ​នៅ​បន្ត​បិទ ជាក់​ស្តែង​ដូចជា​នៅ​ផ្សារ​ត្រាំកក់ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក៏​នៅ​បិទ​ដដែល។

ហេតុ​នេះ​ហើយ ទោះ​បី​យើង​និយាយ​ថា “ចូរ​បើក​ឡើង” ទោះ​បី​យើង​សង្ឃឹម​ថា​យើង​អាច​បើក​សាលា​រៀន​ឆាប់ៗ បើក​កន្លែង​រក​ស៊ី​បាន ជីវិត​របស់​យើង​ធម្មតា​ដូច​ពី​មុន។ យើង​ត្រូវ​ការ​យល់​ថា ទោះ​បី​បើក​ក៏​ដោយ​ខ្ញុំ​សូម​អញ្ជើញ​បង​ប្អូន​ជា​គ្រីស្ត​បរិស័ទ ជា​ពិសេស​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ កុំ​ភ្លេច​ខ្លួន​៣​កុំ​៣​ការពារ​យើង​ត្រូវ​ការ​អនុវត្ត​ដដែល។ ដោយសារ ខ្ញុំ​បាន​ឃើញ​មាន​ប៉ុន្មាន​កន្លែង​យើង​ចាប់​ផ្តើម​ភ្លេច​ខ្លួន​នៅ​តាម​ព្រះសហគមន៍​កាតូលិក​កម្ពុជា នេះ​ណែនាំ​ឱ្យ​ថ្ងៃ​ណា​មួយ​អាច​មាន​បញ្ហា​ធំ​ណាស់។ យើង​ជា​អ្នក​ដឹក​នាំ​សាសនា យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​ពលរដ្ឋ​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ត​ទៀត។ ប៉ុន្តែ យើង​ដឹង​ថា​ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សម្រាប់​យើង​ផ្ទាល់ ដូច្នេះ​ថ្ងៃ​នេះ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​មិន​មែន​សម្រាប់​រដ្ឋាភិបាល​ណា​មួយ​នៅ​ក្នុង​ពិភព​លោក មិន​មែន​សម្រាប់​អ្នក​ដឹក​នាំ​ណា​ម្នាក់។ ប៉ុន្តែ​សម្រាប់​យើង​ផ្ទាល់ ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដល់​យើង​ថា “អេហ្វាថា​/​ចូរ​បើក​ឡើង” នៅ​ពេល​យើង​មើល​ឃើញ​ជីវិត​របស់​អ្នក​ម្តាយ​តេរេសា អ្នក​ម្តាយ​តេរេសា​បាន​ណែនាំ​ឱ្យ​មនុស្ស​មួយ​ចំនួន អាច​រស់​នៅ​សារជាថ្មី​ក្នុង​សេចក្តី​សង្ឃឹម។

អត្ថបទ​ទី​១​បាន​ថ្លែង​ថា “ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ មនុស្ស​ថ្លង់​នឹង​ស្តាប់​ឮ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ពពែ ហើយ​មនុស្ស​គ​នឹង​ច្រៀង​យ៉ាង​រីក​រាយ ត្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោ​ស្ថាន”។ ពេល​យើង​ស្តាប់​អត្ថបទ​នេះ ពិត​មែន​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម យើង​ត្រូវ​តែ​នឹក​ឃើញ​ដល់​ជីវិត​របស់​អ្នក​ម្តាយ​តេរេសា ដែល​យើង​គោរព​ថ្ងៃ​នេះ។ ថ្ងៃ​ទី​០៥ ខែ​កញ្ញា គឺ​ជា​ថ្ងៃ​ដែល​អ្នក​ម្តាយ​តេរេសា​ជា​ដូន​ជី​ម្នាក់ ជា​គ្រូ​បង្រៀន​នៅ​សាលា​រៀន​នៅ​ប្រទេស​ឥណ្ឌា គាត់​បាន​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ។ នៅ​ពេល​នោះ​គាត់​បាន​ឃើញ​អ្នក​ក្រីក្រ​ម្នាក់ ដែល​កំពុង​ជិត​ស្លាប់​នៅ​តាម​ដង​ផ្លូវ​នោះ គាត់​បាន​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត។ នៅ​ពេល​គាត់​នឹក​ឃើញ​ដល់​អ្នក​ក្រីក្រ​នោះ ខួរ​ក្បាល​គាត់​ដូច​ជា​ឃើញ​មុខ​អ្នក​ក្រីក្រ​ភ្ជាប់​ជា​មួយ​ព្រះភក្រ្ត​របស់​ព្រះយេស៊ូ​តែ​ម្តង។ គាត់​លែង​មើល​ឃើញ​មុខ​អ្នក​ក្រីក្រ​នោះ បែរ​ជា​មើល​ឃើញ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូ នៅ​លើ​ឈើ​ឆ្កាង​ដែល​កំពុង​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ស្រេក”។ នៅ​ពេល​នោះ អ្នក​ម្តាយ​តេរេសា​ក៏​បាន​ត្រលប់​ទៅ​វិញ​ដើម្បី​មើល​អ្នក​ក្រីក្រ​នោះ ដោយ​យល់​ថា​នៅ​ក្នុង​អ្នក​ក្រីក្រ​ដែល​កំពុង​ជិត​ស្លាប់​នេះ មាន​វត្តមាន​របស់​ព្រះយេស៊ូ​ដ៏​ពេញ​លក្ខណៈ។

នេះ​ជា​ជំហាន​ទី​មួយ នៃ​ការ​ត្រាស់​ហៅ​របស់​អ្នក​ម្តាយ​តេរេសា ដើម្បី​ចាប់​ផ្តើម​បម្រើ​អ្នក​ក្រីក្រ​នៅ​ក្នុង​របៀប​អស្ចារ្យ​ពិសេស។ នេះ​ជា​របៀប​ដំបូង ដែល​អ្នក​ម្តាយ​តេរេសា​បាន​ប្រមូល​ស្ត្រី​មួយ​ចំនួន​ដែល​ជា​សិស្ស​សាលា ជា​អ្នក​គ្រូ​នៅ​ក្នុង​សាលា​ដែល​គាត់​ធ្វើ​ការ ដើម្បី​បង្កើត​មណ្ឌល​មួយ​ទទួល​អ្នក​ក្រីក្រ​ដែល​កំពុង​ជិត​ស្លាប់​នៅ​តាម​ផ្លូវ ដើម្បី​ណែនាំ​ឱ្យ​គេ​ស្លាប់​នៅ​ក្នុង​តម្លៃ​ថ្លៃថ្នូរ។ ទោះ​បី​ព្យាបាល​មិន​បាន ប៉ុន្តែ​ឱ្យ​គេ​ស្លាប់​នៅ​ក្នុង​តម្លៃ​ថ្លៃថ្នូរ នេះ​ជា​អ្វី​ដែល​សំខាន់​បំផុត។ ដូច្នេះ​ថ្ងៃ​នេះ ពេល​យើង​ឮ​ថា “មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ មនុស្ស​ថ្លង់​នឹង​ស្តាប់​ឮ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ពពែ មនុស្ស​គ​នឹង​ច្រៀង​យ៉ាង​រីករាយ” ណែនាំ​ឱ្យ​យើង​យល់​ថា​យើង​ទាំង​អស់​គ្នា​យើង​ជា​មនុស្ស​គ ជា​មនុស្ស​ថ្លង់ ជា​មនុស្ស​ខ្វិន ជា​មនុស្ស​ខ្វាក់ យើង​ទាំង​អស់​គ្នា​យើង​ត្រូវ​ការ​ព្យាបាល​ពី​ព្រះជាម្ចាស់។

ដូច្នេះ ថ្ងៃ​នេះ​ព្រះបន្ទូល​ដែល​យើង​បាន​ស្តាប់​យ៉ាង​ជាក់​ស្តែង “អេហ្វាថា​/​ចូរ​បើក​ឡើង” ជា​ព្រះបន្ទូល​សម្រាប់​យើង​សិន ដើម្បី​ឱ្យ​យើង​អនុវត្ត​ដូច​អ្នក​ម្តាយ​តេរេសា​បាន​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​គាត់ ដោយ​ណែនាំ​ឱ្យ​អ្នក​ក្រីក្រ​យ៉ាង​ច្រើន​មាន​សេចក្តី​សង្ឃឹម។ មនុស្ស​ដែល​កំពុង​ឈឺ​ធ្ងន់ អាច​ស្លាប់​នៅ​ក្នុង​តម្លៃ​ដ៏​ថ្លៃថ្នូរ​មិន​ស្លាប់​នៅ​តាម​ផ្លូវ ណែនាំ​ឱ្យ​គាត់​អនុវត្ត​ទំនុក​តម្កើង​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ “ព្រះជាម្ចាស់​គាំ​ទ្រ​ជន​បរទេស មេម៉ាយ​និង​អស់​ក្មេង​កំព្រារ តែ​ទ្រង់​ធ្វើ​ឱ្យ​គម្រោងការ​មនុស្ស​ខូច​វិនាស​បង់ ព្រះអម្ចាស់​ទ្រង់​នឹង​គ្រង​រាជ្យ អស់​កល្ប​ជានិច្ច​យូរ​លង់ ឱ្យ​ក្រុង​ស៊ីយូន​ដ៏​រុង​រឿង ព្រះអង្គ​នឹង​គ្រង​រាជ្យ​ត​ទៅ ដើម្បី​ណែនាំ​ឱ្យ​យើង​ទាំង​អស់​គ្នា​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម”។ ដូច្នេះ​ថ្ងៃ​នេះ ដែល​យើង​ត្រៀម​ខ្លួន​បើក​ស្ថាប័ន​នីមួយៗ​សារជាថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​ចាប់​ផ្តើម​ដោយ​បើក​ចិត្ត​គំនិត​របស់​យើង​សិន ដើម្បី​រស់​នៅ​ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដោយ​យក​អ្នក​ម្តាយ​តេរេសា​ជា​គំរូ។

ថ្ងៃ​នេះ ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​មើល​ឃើញ ព្រះជាម្ចាស់​យាង​មក​ដើម្បី​រក​ឃើញ​យុត្តិធម៌ “ព្រះអង្គ​រក​យុត្តិធម៌​ឱ្យ​ដល់​អ្នក​ទន់​ខ្សោយ​មិន​កែ​គិត ចែក​អាហារ​ដល់​អ្នក​ឃ្លាន​ស្រេក ហើយ​ទ្រង់​សម្រេច​លែង​អ្នក​ទោស” ព្រះជាម្ចាស់​ទៅ​រក​យុត្តិធម៌​សម្រាប់​យើង។ នៅ​ពេល​យើង​ស្តាប់​អត្ថបទ​ទី​២​យើង​បាន​ឃើញ របៀប​ដែល​លោក យ៉ាកុប អប់រំ​យើង ណែនាំ​ឱ្យ​យើង​ភ្ញាក់​ស្មារតី “ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ឧបមា​មាន​ម្នាក់​ចូល​មក​ទាំង​ពាក់​ចិញ្ចៀន​មាស និង​មាន​ខ្សែ​ក​ដ៏​ធំ​បំផុត និង​មាន​សម្លៀក​បំពាក់​ដែល​ភ្លឺ​ផ្លេក ហើយ​មាន​ម្នាក់​ទៀត​ជា​អ្នក​ក្រីក្រ ដែល​ស្លៀក​ពាក់​រហែក​ដែល​ណែនាំ​ឱ្យ​យើង​លែង​មើល​ឃើញ យើង​នឹង​អញ្ជើញ​អ្នក​មាន​នោះ សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​ឯ​នោះ ហើយ​ដេញ​អ្នក​ក្រីក្រ​ទៅ​អង្គុយ​នៅ​មាត់​ទ្វារ”។ នេះ​ជា​របៀប​របស់​មនុស្ស​លោកិយ នេះ​ជា​របៀប​របស់​យើង​ដែរ យើង​ចូល​ចិត្ត​មាន​ចិញ្ចៀន​មាស​ធំៗ​ណាស់ ក្រោយ​មក​យើង​ភ្លេច​នឹក​ឃើញ​ដល់​អ្នក​តូច​តាច។ ព្រះជាម្ចាស់​មើល​ឃើញ​មនុស្ស ព្រះជាម្ចាស់​មើល​ឃើញ​ចិត្ត​គំនិត ព្រះជាម្ចាស់​មើល​ឃើញ​របៀប​ដែល​យើង​ទន្ទឹង​រង់​ចាំ​ការ​សង្រ្គោះ​ពី​ព្រះអង្គ​ផ្ទាល់។ នេះ​ជា​អ្វី​ដែល​អ្នក​ម្តាយ​តេរេសា​បាន​ធ្វើ ដោយសារ​នៅ​ប្រទេស​ឥណ្ឌា​សម័យ​ហ្នឹង​ក៏​ដូច​ជា​នៅ​ប្រទេស​មួយ​ចំនួន​សម័យ​នេះ មាន​មនុស្ស​មួយ​ចំនួន​ដែល​ស្លាប់​នៅ​តាម​ផ្លូវ និង​មនុស្ស​មួយ​ចំនួន​ដែល​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ដែល​ចំណាយ​ក្នុង​មួយ​ថ្ងៃៗ​រាប់​ម៊ឺន​ដុល្លារ។ ប៉ុន្តែ លទ្ធ​ផល​ចុង​ក្រោយ​ស្លាប់​ដូច​គ្នា យើង​នៅ​លើ​គ្រែ​តម្លៃ​រាប់​ម៊ឺន​ដុល្លារ​ក្តី យើង​នៅ​លើ​កន្ទេល​ក្តី​លទ្ធ​ផល​គឺ​ស្លាប់​ដូច​គ្នា។ ដូច្នេះ​ហើយ អ្នក​ម្តាយ​តេរេសា​បាន​យល់​ថា​មនុស្ស​យើង​មាន​តម្លៃ​ណាស់ ហេតុ​នេះ​ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ឱ្យ​យើង​នឹក​ឃើញ​ដល់​តម្លៃ​នៃ​ជីវិត​របស់​យើង យើង​ជា​អ្នក​ក្រីក្រ​ក្តី យើង​ជា​អ្នក​មាន​ក្តី ក៏​លទ្ធ​ផល​ដូច​តែ​គ្នា។

ប៉ុន្មាន​ថ្ងៃ​មុន ខ្ញុំ​បាន​អាន​ព័ត៌មាន​មាន​គ្រួសារ​មួយ​បាន​ឈ្នះ​ឆ្នោត​អឺរ៉ុប​ប្រាំ​ឆ្នាំ​មុន គាត់​បាន​ប្រាក់​២០០​លាន​ដុល្លារ។ ប៉ុន្តែ សប្តាហ៍​មុន​កូន​របស់​គាត់​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ជិត​ស្លាប់ ទោះ​បី​គាត់​មាន​លុយ​ច្រើន​បំផុត​នៅ​ពេល​កូន​របស់​គាត់​កំពុង​ជិត​ស្លាប់ លុយ​នេះ​មិន​អាច​សង្រ្គោះ​កូន​គាត់​បាន​ទេ។ អ្នក​ម្តាយ​តេរេសា​គាត់​បាន​យល់​អំពី​រឿង​ហ្នឹង អ្នក​ម្តាយ​តេរេសា​ធ្លាប់​មក​ប្រទេស​កម្ពុជា​យើង​នៅ​ឆ្នាំ​១៩៩១ គាត់​បាន​រស់​នៅ​ក្នុង​របៀប​សាមញ្ញ​បំផុត។ គាត់​បាន​លះបង់​ចោល​ទ្រព្យ​សម្បត្តិ​លើ​លោកិយ​នេះ គាត់​រស់​នៅ​ក្នុង​ការ​អធិដ្ឋាន និង​បម្រើ​អ្នក​ក្រីក្រ។ ប៉ុន្មាន​ដង​អ្នក​ម្តាយ​តេរេសា​បាន​និយាយ​ថា “ដើម្បី​ថែទាំ​អ្នក​ដែល​កំពុង​ជិត​ស្លាប់ យើង​ត្រូវ​តែ​រក​ឃើញ​កម្លាំង​នៅ​ក្នុង​ការ​អធិដ្ឋាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ដោយសារ​កម្លាំង​ពី​មនុស្ស​យើង​មិន​គ្រប់​គ្រាន់​ទេ”។ មនុស្ស​ដែល​ពោរពេញ​ដោយ​របួស​មាន​ក្លិន​ណាស់ ពិបាក​បម្រើ​មែន​ទែន ដូច្នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គាត់​បាន​អធិដ្ឋាន​ពីរ​បី​ម៉ោង។ ណែនាំ​ឱ្យ​ក្រុម​បង​ស្រី​មេត្តា​ករុណា​សព្វ​ថ្ងៃ មាន​ពេល​វេលា​អធិដ្ឋាន​ច្រើន​ណាស់​ដើម្បី​រក​ឃើញ​កម្លាំង​នៅ​ក្នុង​ព្រះជាម្ចាស់​សម្រាប់​បម្រើ។ ប៉ុន្តែ ដើម្បី​យល់​ថា​ជីវិត​របស់​យើង​គឺ​ដូច​អ្វី​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ​ថា “ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អ្នក​ក្រ​នៅ​ក្នុង​លោក​នេះ ឱ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឱ្យ​ទទួល​ព្រះរាជ្យ​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​ឱ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ទុក​ជា​មរតក”។ តាម​ពិត យើង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក្តី យើង​ឥត​មាន​ទ្រព្យ​សម្បត្តិ​ក្តី សំខាន់​បំផុត​គឺ​របៀប​ដែល​យើង​រស់​នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

យើង​មិន​មើល​ងាយ​អ្នក​មាន​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ឱ្យ​យើង​យល់​ថា​ទ្រព្យ​សម្បត្តិ​លើ​លោកិយ​នេះ​មិន​សំខាន់។ អ្វី​ដែល​សំខាន់​គឺ​ផ្នែក​ខាង​ជំនឿ ផ្នែក​ខាង​វិញ្ញាណ របៀប​ដែល​យើង​ចេះ​ស្រឡាញ់​ឬ​មិន​ចេះ​ស្រឡាញ់ របៀប​ដែល​យើង​ចេះ​អាណិត​ឬ​មិន​ចេះ​អាណិត របៀប​ដែល​យើង​មាន​ចិត្ត​មេត្តា​ឬ​គ្មាន​ចិត្ត​មេត្តា របៀប​ដែល​យើង​ចេះ​លើក​លែង​ទោស​ឬ​មិន​លើក​លែង​ទោស​។ ដើម្បី​អ្វី? គឺ​ដើម្បី​ឱ្យ​យើង​ទទួល​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ទុក​ជា​មរតក គឺ​ប្រទាន​ឱ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ គឺ​មិន​មែន​សម្រាប់​មនុស្ស​ដែល​មាន​អ្វី​ពិសេស ប៉ុន្តែ​សំខាន់​បំផុត​គឺ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ។ ជីវិត​របស់​អ្នក​ម្តាយ​តេរេសា​គឺ​ហ្នឹង អ្នក​ម្តាយ​តេរេសា​មិន​មែន​ក្លាយ​ជា​សន្តី​ដោយ​សារ​គ្មាន​បាប ឬ​ដោយ​សារ​គាត់​នៅ​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​គ្រប់​ពេល​វេលា។ គាត់​បាន​ក្លាយ​ជា​សន្តី ដោយសារ​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ស្រឡាញ់​ព្រះអង្គ ជា​ពិសេស​តាម​រយៈ​អ្នក​តូច​តាច​បំផុត។ នៅ​ពេល​អ្នក​ម្តាយ​តេរេសា​ទទួល​មរណៈភាព គេ​បាន​រក​ឃើញ​កូន​សៀវភៅ​ដែល​គាត់​បាន​សរសេរ​គំនិត​គាត់​ប្រចាំ​ថ្ងៃ។ នៅ​ក្នុង​នេះ ប្រហែល​គាត់​បាន​សរសេរ​យូរ​ខែ​យូរ​ឆ្នាំ គាត់​មាន​អារម្មណ៍​ថា​បាត់​បង់​ជំនឿ​អស់​ហើយ គាត់​នៅ​ក្នុង​ភាព​ងងឹត​ដូច​ជា​នៅ​ឆ្ងាយ​ពី​ព្រះជាម្ចាស់។ ក៏​ប៉ុន្តែ គាត់​បាន​បន្ត​ខិត​ខំ​អធិដ្ឋាន បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។

ដូច្នេះ​ថ្ងៃ​នេះ តាម​ពិត​ព្រះជាម្ចាស់​បាន​ណែនាំ​ឱ្យ​យើង​រក​ឃើញ​យុត្តិធម៌​នៅ​ក្នុង​លោកិយ​នេះ​សម្រាប់​មនុស្ស​ទាំង​ឡាយ នេះ​ជា​បេសកកម្ម​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់។ កុំ​ភ្លេច នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​កាត់​ក្តី​យើង មិន​មែន​វិនិច្ឆ័យ​កាត់​ក្តី​យើង​លើ​ទ្រព្យ​សម្បត្តិ​ដែល​យើង​មាន ប៉ុន្តែ​វិនិច្ឆ័យ​កាត់​ក្តី​យើង​លើ​សេចក្តី​ស្រឡាញ់ ដែល​យើង​បាន​ចែក​រំលែក​ដល់​បង​ប្អូន​ឯទៀតៗ និង​ដែល​យើង​មាន​ចំពោះ​ព្រះជាម្ចាស់​ផ្ទាល់។ បង​ប្អូន​ជា​ទី​ស្រឡាញ់ សូម​បន្ត​រស់​នៅ​ក្នុង​សេចក្តី​សង្ឃឹម ដោយ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​យុត្តិធម៌​នៅ​លើ​ផែន​ដី​នេះ។ នេះ​ជា​បេសកកម្ម​ដែល​យើង​បាន​ទទួល​ពិត​មែន “អេហ្វាថា​/​ចូរ​បើក​ឡើង”។ នៅ​ចុង​សប្តាហ៍​ក្រោយ យើង​នឹង​មាន​សន្និបាត​យុវជន​យុវនារី​ភូមិភាគ​ភ្នំពេញ ក្រោម​ប្រធាន​បទ “យុវជន​ជា​សេចក្តី​ក្លាហាន​នៃ​ព្រះសហគមន៍​និង​សង្គម”។ សេចក្តី​ក្លាហាន​នេះ ត្រូវ​តែ​ហៀរ​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង​ទាំង​អស់ ដើម្បី​ឱ្យ​យើង​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​នៅ​ពេល​នេះ “អេហ្វាថា​/​ចូរ​បើក​ឡើង” បើក​ឡើង​ដៃ ជើង ភ្នែក ជាពិសេស​ដួង​ចិត្ត ដើម្បី​ឱ្យ​សេចក្តី​ស្រឡាញ់ និង​យុត្តិធម៌​របស់​ព្រះជាម្ចាស់​ផុស​ចេញ​ដូច​ទឹក​ផុស​ឡើង​ចេញ​ពី​ភ្នំ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email