អភិបូជាបិទសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ខ្ញុំជានរណា?”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​មាន​សំណួរ​ពិសេស​ដែល​ចេញ​ពី​ព្រះយេស៊ូ​តែ​ម្តង ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា “តើ​មនុស្ស​ទាំង​ឡាយ​ថា​ខ្ញុំ​ជា​នរណា?”។ មនុស្ស​ទាំង​ឡាយ ប្រសិន​បើ​យើង​ទៅ​សួរ​ដល់​ប្រជាជន​កម្ពុជា​ដែល​ជា​ពុទ្ធ​បរិស័ទ ឬ​ឥស្លាម​បរិស័ទ ថា តើ​ព្រះយេស៊ូ​ជា​នរណា? គេ​ធ្លាប់​ឮ​អំពី​ព្រះយេស៊ូ​ដែរ​ដូច្នេះ​ប្រហែល​គេ​មាន​ចម្លើយ​មួយ ជា​មនុស្ស​អស្ចារ្យ ជា​អ្នក​បង្កើត​សាសនា ជា​មនុស្ស​ម្នាក់​ដែល​បាន​ជួយ​អ្នក​ក្រី​ក្រ​យ៉ាង​ច្រើន ជា​មនុស្ស​ម្នាក់​ដែល​ជា​តំណាង​របស់​ព្រះជាម្ចាស់​លើ​ផែនដី​នេះ… នេះ​ជា​ចម្លើយ​ទូទៅ។ ប៉ុន្តែ បង​ប្អូន​ជា​ទី​ស្រឡាញ់​ជា​ពិសេស​យុវជន​យុវនារី ថ្ងៃ​នេះ​យើង​មាន​ព្រះបន្ទូល​មួយ​សម្រាប់​យើង​ផ្ទាល់។ ថ្ងៃ​នេះ ព្រះយេស៊ូ​បាន​សួរ​ដល់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ ជា​សាវ័ក​របស់​ព្រះយេស៊ូ ចុះ​អ្នក​រាល់​គ្នា​វិញ​តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា? ខ្ញុំ​មិន​អាច​ឆ្លើយ​ជំនួស​បង​ប្អូន​ទេ យើង​រៀងៗ​ខ្លួន​យើង​មាន​ចម្លើយ​របស់​យើង។

ខ្ញុំ​ចាំ​បាន​ថា នៅ​ពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ថ្នាក់​ទី​១១ យើង​មាន​ម៉ោង​រៀន​អំពី​សាសនា​លោក​គ្រូ​បាន​សួរ​ថា សម្រាប់​យើង​ផ្ទាល់​តើ​ព្រះយេស៊ូ​ជា​នរណា? នៅ​ពេល​នោះ ដើម្បី​បាន​ចម្លើយ​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​យ៉ាង​ច្រើន​របស់​ឪពុក​ខ្ញុំ ខ្ញុំ​បាន​សរុប​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​ពី​សៀវភៅ​ទាំង​នោះ ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត ព្រះយេស៊ូ​ជា​ព្រះមេស៊ី ព្រះយេស៊ូ​បាន​ធ្វើ​ការ​អស្ចារ្យ…។ នៅ​ពេល​នោះ ខ្ញុំ​មិន​ទាន់​មាន​ចម្លើយ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ទេ ព្រោះ​ទាំង​នេះ​ជា​ចម្លើយ​ដែល​ចេញ​ពី​ចំណេះ​ដឹង​ច្រើន​ជាង។

តាម​ពិត បន្តិច​ម្តងៗ​ខ្ញុំ​បាន​ចូល​នៅ​ក្នុង​បទ​ពិសោធ​ផ្ទាល់​ជា​មួយ​ព្រះយេស៊ូ ព្រះយេស៊ូ​មិន​មែន​ជា​ព្រះយេស៊ូ​ដែល​យើង​បាន​រៀន​នៅ​ក្នុង​ម៉ោង​អប់រំ​ជំនឿ ព្រះយេស៊ូ​មិន​មែន​ជា​មនុស្ស​ម្នាក់​ដែល​យើង​អាច​ស្គាល់​ដោយ​គ្រាន់​តែ​អាន​ប្រវត្តិសាស្ត្រ​បាន​ទេ។ ព្រះយេស៊ូ​ជា​ព្រះជា​ម្ចាស់​ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស ដែល​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ បន្តិច​ម្តងៗ​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់ យើង​ចាប់​ផ្តើម​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះយេស៊ូ។ ដូច​ពី​យប់​មិញ នៅ​ពេល​យើង​អង្គុយ​ក្បែរ​ឈើ​ឆ្កាង ដូច​នៅ​ប៉ុន្តែ​កន្លែង​យើង​អង្គុយ​នៅ​ក្បែរ​ព្រះកាយ ដូច​នៅ​ពេល​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ជា​ពេល​វេលា​ដើម្បី​បង្កើត​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​ព្រះយេស៊ូ។ ហេតុ​នេះ​ហើយ ចម្លើយ​របស់​យើង​មិន​ចេញ​ពី​ចំណេះ​ដឹង​មួយ មិន​ចេញ​ពី​សៀវភៅ​ដែល​ស្តី​អំពី​ព្រះយេស៊ូ ប៉ុន្តែ​ចេញ​ពី​បទ​ពិសោធ​ផ្ទាល់​ដែល​យើង​មាន​នៅ​ក្នុង​ជីវិត​របស់​យើង។

ចម្លើយ​ដែល​យើង​បាន​ទទួល​ពី​លោក​សិលា​ថា “លោក​ជា​ព្រះគ្រីស្ត” នៅ​ពេល​លោក​សិលា​បាន​ឆ្លើយ​ដូច​នេះ​មិន​មែន​ជា​ចម្លើយ​ដែល​មក​ពី​ចំណេះ​ដឹង​របស់​គាត់ មិន​មែន​ជា​ចម្លើយ​នៅ​ក្នុង​ការ​អប់រំ​ជំនឿ​ដែល​គាត់​បាន​ទទួល។ ប៉ុន្តែ ជា​ចម្លើយ​ដែល​មក​ពី​ជំនឿ​របស់​គាត់​ដែល​គាត់​បាន​ទទួល​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ផ្ទាល់​ខ្លួន​គាត់​មិន​អាច​មាន​ចម្លើយ​ដូច​នេះ​បាន​ទេ ប៉ុន្តែ​ដោយសារ​គាត់​មាន​បទ​ពិសោធ​ជា​មួយ​ព្រះយេស៊ូ ដើរ​ជា​មួយ​ព្រះយេស៊ូ ហូប​បាយ​ជា​មួយ​ព្រះយេស៊ូ អធិដ្ឋាន​ជា​មួយ​ព្រះយេស៊ូ ស្តាប់​ព្រះយេស៊ូ​បង្រៀន មើល​ព្រះយេស៊ូ​បង្ហាញ​ការ​អស្ចារ្យ ជួយ​អ្នក​ក្រី​ក្រ ជួយ​ព្យាបាល​អ្នក​ជំងឺ ជួយ​ផ្តល់​សេចក្តី​សង្ឃឹម​ឱ្យ​ប្រជាជន ជួយ​ឱ្យ​ម្តាយ​ក្មេក​គាត់ (លោក​សិលា) បាន​ជា​ពី​ជំងឺ គាត់​បាន​ឃើញ​ផ្ទាល់។ នៅ​ពេល​គាត់​បាន​ឆ្លើយ​ថា “ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត” មាន​ន័យ​ថា​ព្រះយេស៊ូ​ជា​ព្រះសង្រ្គោះ​ដែល​ណែនាំ​ឱ្យ​យើង​មាន​ជីវិត។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​នេះ យើង​បាន​ចែក​រំលែក​បទ​ពិសោធ​របស់​យើង​ដែរ។ គ្រប់​បទ​ពិសោធ​ដែល​យើង​ចែក ចេញ​ពី​បទ​ពិសោធ​ជាក់​ស្តែង​នៅ​ក្នុង​ជីវិត​យើង អំណរ​សប្បាយ សុបិន ទុក្ខ​លំបាក ការ​ភ័យ​ខ្លាច ការ​សង្ស័យ នេះ​ជា​បទ​ពិសោធ​របស់​យើង​ទាំង​អស់​។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​មួយ​ក្នុង​អត្ថបទ​អេសាយ​បាន​បង្ហាញ​អំពី​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​សម្រាប់​យើង។ ខ្ញុំ​បាន​ឱ្យ​ប្អូន​រំលឹក​ដល់​ថ្ងៃ​ដែល​ចាប់​កំណើត​នៅ​លើ​ផែនដី​នេះ ដែល​យើង​បាន​ទទួល​ជីវិត​ពី​ឪពុក​ម្តាយ​មែន ប៉ុន្តែ​ដែល​យើង​ទទួល​ជីវិត​ពី​ព្រះជាម្ចាស់។ ខ្ញុំ​បាន​ណែនាំ​ឱ្យ​បង​ប្អូន​ដែល​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ហើយ ឱ្យ​យើង​នឹក​ឃើញ​ដល់​ថ្ងៃ​ដែល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ជា​ថ្ងៃ​ដែល​យើង​ទទួល​យ៉ាង​ឱឡារិក ជា​ឋានៈ​ពិសេស​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ ជា​ថ្ងៃ​ដែល​យើង​បាន​បំពាក់​ព្រះយេស៊ូ។ នេះ​ទាំង​អស់ ជា​បទ​ពិសោធ​ដែល​យើង​បាន​ធ្វើ នៅ​ក្នុង​បទ​ពិសោធ។ តាម​ពិត​ប្រសិន​បើ យើង​បើក​ភ្នែក​របស់​យើង បើក​ដួង​ចិត្ត​របស់​យើង នៅ​ក្នុង​បទ​ពិសោធ​នីមួយៗ​មាន​វត្តមាន​របស់​ព្រះជាម្ចាស់។ ព្រះជាម្ចាស់​ឥត​មាន​វត្ត​មាន​នៅ​ក្នុង​សៀវភៅ​ដែល​យើង​អាន ព្រះជាម្ចាស់​ឥត​មាន​វត្ត​មាន​នៅ​ក្នុង​មេរៀន​ដែល​យើង​រៀន ព្រះជាម្ចាស់​មាន​នៅ​ក្នុង​បទ​ពិសោធ​នៃ​ជីវិត​របស់​យើង។ ជីវិត​របស់​យើង​នៅ​ពេល​យើង​អធិដ្ឋាន នៅ​ពេល​យើង​បាន​ទទួល​អគ្គ​សញ្ញា​នានា នៅ​ពេល​យើង​បាន​ភ្ជាប់​ជា​មួយ​បង​ប្អូន​ឯទៀតៗ នៅ​ពេល​យើង​លើក​លែង​ទោស​ឱ្យ​គេ នៅ​ពេល​យើង​ខិត​ខំ​ស្រឡាញ់​មនុស្ស​ទាំងអស់… នៅ​ពេល​ហ្នឹង​យើង​មាន​បទ​ពិសោធ​ជាក់​ស្តែង​អំពី​ព្រះយេស៊ូ។

កុំ​ភ្លេច អ្នក​ម្តាយ​តេរេសា​ដែល​បាន​ចាប់​ផ្តើម​ណែនាំ​ឱ្យ​សុបិន​ពិសេស​របស់​គាត់​កើត​ឡើង គឺ​នៅ​ថ្ងៃ​ដែល​គាត់​បាន​ជួប​ជា​មួយ​មនុស្ស​ម្នាក់​ដែល​ជិត​ស្លាប់​នៅ​តាម​ផ្លូវ។ នៅ​ពេល​គាត់​បាន​ដើរ​ហួស​បន្តិច គាត់​បាន​នឹក​ឃើញ​ថា​មុខ​អ្នក​ជំងឺ​នោះ​ដូច​ជា​បាន​ភ្ជាប់​ជា​មួយ​ព្រះភ័ក្ត្រ​របស់​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង។ នៅ​ពេល​ហ្នឹង គាត់​មាន​បទ​ពិសោធ​មួយ​យ៉ាង​ពិសេស នៅ​ក្នុង​អ្នក​ជំងឺ​ដែល​កំពុង​ជិត​ស្លាប់​នៅ​តាម​ផ្លូវ តាម​ពិត​គឺ​ព្រះយេស៊ូ​ផ្ទាល់​ដែល​កំពុង​ស្រេក​ទឹក ដែល​កំពុង​ទន្ទឹង​រង់​ចាំ​សេច​ក្តី​ស្រឡាញ់។ ដូច​ពី​ព្រឹក​មិញ ព្រះយេស៊ូ​អង្គុយ​នៅ​មាត់​អណ្តូង​ទឹក​ដើម្បី​ចាំ​សុំ​ទឹក​ពី​ស្ត្រី​សាម៉ារី ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ស្ត្រី​សាម៉ារី​មាន​បទ​ពិសោធ​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់ ជីវិត​របស់​គាត់​បាន​ប្រែ​ប្រួល​អស់​ហើយ។ ជីវិត​របស់​គាត់​ដែល​ប្រែ​ប្រួល​ដោយ​ផ្តាច់​ចំណង​ដែល​ណែនាំ​ឱ្យ​គាត់​គាំ ដោយ​បើក​ព្រំដែន​ដែល​ណែនាំ​ឱ្យ​គាត់​ស្ទះ​នៅ​ក្នុង​ជីវិត​របស់​គាត់​ពី​យូរ​មក​ហើយ។ ដែល​ណែនាំ​ឱ្យ​គាត់​បង្កើត​ទំនាក់​ទំនង​សារជាថ្មី​ជា​មួយ​បង​ប្អូន​នៅ​ក្នុង​ភូមិ បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ដែល​ត្រូវ​តែ​គោរព​នៅ​ក្នុង​សេចក្តី​ពិត​និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។

ទំនាក់​ទំនង ជា​បទ​ពិសោធ​មួយ​ដែល​ណែនាំ​ឱ្យ​យើង​ភ្ញាក់​ស្មារតី​នៅ​ក្នុង​សម័យ​កូវីដ-១៩​នេះ យើង​បាត់​ទំនាក់​ទំនង​ផ្ទាល់​ដោយសារ​កូវីដ-១៩។ ប៉ុន្តែ នៅ​ពេល​ហ្នឹង​យើង​បាន​នឹក​ឃើញ​ទំនាក់​ទំនង​ផ្ទាល់​សំខាន់​ណាស់ ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ផ្ទាល់​យើង​មិន​អាច​បាត់​បាន​ទេ។ បន្ត​រស់​នៅ​ក្នុង​សេចក្តី​សង្ឃឹម និង​ជា​ពិសេស​នៅ​ក្នុង​ជំនឿ​ដែល​យើង​បាន​ទទួល។ សូម​បង​ប្អូន​អាច​ចាប់​អារម្មណ៍​អំពី​អត្ថបទ​ទី​២​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ “ប្រសិន​បើ​បង​ប្អូន​ប្រុស​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀក​បំពាក់ និង​គ្មាន​ម្ហូប​អាហារ​បរិភោគ​រាល់​ថ្ងៃ ហើយ​មាន​ម្នាក់​នៅ​ក្នុង​ចំណោម​បង​ប្អូន​ពោល​ទៅ​គាត់​ថា សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត សូម​ឱ្យ​បាន​កក់​ក្តៅ សូម​បរិភោគ​ឱ្យ​បាន​ឆ្អែត តែ​មិន​ឱ្យ​អ្វី​ដែល​គេ​ត្រូវ​ការ តើ​ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី? សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត សូម​អញ្ជើញ​ទៅ​រក​ម្ហូប​អាហារ សូម​មាន​ភាព​កក់​ក្តៅ ប៉ុន្តែ​គាត់​ឥត​មាន​ភួយ​ដដែល គាត់​ឥត​មាន​ម្ហូប​អាហារ​ដដែល។

នេះ​ជា​មូល​ហេតុ ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដល់​ក្រុម​គ្រីស្ត​ទូត​នៅ​ពេល​មាន​មហា​ជន​ប្រាំ​ពាន់​នាក់ ដែល​កំពុង​អង្គុយ​ទន្ទឹង​រង់​ចាំ​ម្ហូប​អាហារ។ ព្រះយេស៊ូ​មិន​បាន​បណ្តេញ​គេ​ឱ្យ​ទៅ​តាម​ផ្លូវ​ដើម្បី​រក​ចំណី ព្រះយេស៊ូ​បាន​ប្រាប់​ដល់​ក្រុម​គ្រីស្ត​ទូត​ទាំង​១២​នាក់​ដែល​កំពុង​បើក​ភ្នែក​ធំៗ ឱ្យ​ម្ហូប​ទៅ​គេ​ចុះ។ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​ម្ហូប​ទៅ​គេ​សម្រាប់​ប្រាំ​ពាន់​នាក់? យើង​មាន​ត្រី​ខ្លះៗ មាន​នំបុ័ង​ខ្លះៗ ឱ្យ​យើង​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ទៅ។ ព្រះយេស៊ូ​បាន​យក​នំបុ័ង និង​ត្រី​ហ្នឹង​ទូល​អង្វរ​ទៅ​ព្រះបិតា​ដែល​បាន​ចិញ្ចឹម​យើង​រាល់​ថ្ងៃ ហើយ​ចែក​រំលែក​ឱ្យ​គេ​បាន​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។ នេះ​ជា​ការ​អស្ចារ្យ​ដែល​យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង មិន​ឱ្យ​គេ​ទៅ​វិញ ឱ្យ​គេ​ធ្វើ​ទៅ ក្រុម​គ្រីស្ត​ទូត​គេ​គាំង​ដោយសារ​គេ​នឹក​មិន​ឃើញ​ឬទ្ធានុភាព​របស់​ព្រះជាម្ចាស់ គេ​មិន​យល់​អំពី​បារមី​ដ៏​ពិសេស​របស់​ព្រះយេស៊ូ​ផ្ទាល់។ ដែល​ណែនាំ​ឱ្យ​អ្វី​ដែល​យើង​គិត​ថា តាម​មនុស្ស​យើង​មិន​អាច​ធ្វើ​បាន តាម​ព្រះជាម្ចាស់​អាច​ធ្វើ​បាន ដូច​ទេវទូត​ដែល​បាន​និយាយ​ទៅ​ព្រះនាង​ម៉ារី​ថា “អ្វីៗ​ទាំង​អស់​ព្រះជាម្ចាស់​អាច​ធ្វើ​បាន” នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ក្រោយ​មក​ព្រះនាង​ម៉ារី​ទៅ​ជា​ម្តាយ​របស់​ព្រះជាម្ចាស់​ពិត​មែន។

ហេតុ​នេះ​ហើយ សូម​បង​ប្អូន​ទុក​អត្ថបទ​ទី​២​របស់​សន្ត​យ៉ាកុប​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង “អ្នក​ឯង​មាន​ជំនឿ រី​ឯ​ខ្ញុំ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ល្អ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​គ្មាន​ប្រព្រឹត្ត​អំពើ​ល្អ​ឱ្យ​ខ្ញុំ​មើល​មក នោះ​ខ្ញុំ​នឹង​បង្ហាញ​ឱ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ​ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត”។ ជំនឿ​របស់​យើង ណែនាំ​ឱ្យ​មាន​ផ្លែ ជំនឿ​របស់​យើង​ត្រូវ​ការ​មាន​ផ្លែ ផ្លែ​ដែល​ឆ្ងាញ់​បំផុត ដែល​ផ្អែម​បំផុត គឺ​សេចក្តី​ស្រឡាញ់។ ប្រសិន​បើ ជំនឿ​របស់​យើង​ឥត​មាន​ផ្លែ​សោះ មាន​តែ​ការ​អធិដ្ឋាន មាន​តែ​ការ​ទូល​អង្វរ​ព្រះជាម្ចាស់​លើក​លែង​ទោស​ឱ្យ​យើង ហើយ​ទុក​ចោល​បង​ប្អូន​ដែល​កំពុង​ជិត​ដាច់​ដង្ហើម ជំនឿ​របស់​យើង​ជា​ជំនឿ​បី​ដូច​ជា​ជំនឿ​សាប​សូន្យ។ សន្ត វ៉ាំងសង់ឌឺប៉ូល ជា​សន្ត​ដែល​បាន​ខិត​ខំ​បង្ហាញ​ធម៌​មេត្តា​ករុណា​អស់​មួយ​ជីវិត​របស់​គាត់ នៅ​ពេល​មាន​ស្ត្រី​ម្នាក់​មក​សួរ​គាត់​ថា “លោក​ឪពុក​ខ្ញុំ​កំពុង​អធិដ្ឋាន​នៅ​ក្បែរ​ព្រះកាយ​ព្រះគ្រីស្ត និង​ប្រសិន​បើ​មាន​អ្នក​សុំ​ទាន​មក​រំខាន​ខ្ញុំ​ដើម្បី​សុំ​ឱ្យ​ខ្ញុំ​ទៅ​ជួយ​គាត់ តើ​ឱ្យ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី? ឱ្យ​ខ្ញុំ​បន្ត​អធិដ្ឋាន ឬ​ឱ្យ​ខ្ញុំ​ទៅ​ជួយ​គាត់”។ លោក​ឪពុក​គាត់​បាន​ឆ្លើយ​ថា “ដូច​គ្នា នៅ​ពេល​យើង​អង្គុយ​អធិដ្ឋាន​ក្បែរ​ព្រះយេស៊ូ និង​នៅ​ពេល​យើង​កំពុង​ជួយ​បង​ប្អូន​ដែល​មាន​ទុក្ខ​លំបាក យើង​ជួប​ជា​មួយ​ព្រះយេស៊ូ​ដូច​គ្នា” ដោយសារ​នេះ​ជា​ផ្លែ​នៃ​ជំនឿ​របស់​យើង គឺ​សេចក្តី​ស្រឡាញ់។

ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​ឱ្យ​យើង​យល់​ថា​ពិត​មែន ព្រះជាម្ចាស់​បាន​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​សេចក្តី​សង្ឃឹម ព្រះជាម្ចាស់​បាន​ប្រទាន​ជំនឿ​ឱ្យ​យើង​ដើម្បី​មាន​កម្លាំង​ទៅ​មុខ។ ជំនឿ​របស់​យើង ត្រូវ​ការ​ចែក​រំលែក​នៅ​ក្នុង​ផ្លែ​ដ៏​ពិសេស​គឺ​ចិត្ត​មេត្តា​ករុណា ចិត្ត​អាណិត​អាសូរ​យ៉ាង​ជាក់​ស្តែង។ ខ្ញុំ​បាន​ឃើញ​វីដេអូ​របស់​ប្អូនៗ មាន​ច្រើន​បាន​រើស​វីដេអូ​បង្ហាញ​អំពី​ការ​ចែក​រំលែក​ដល់​ចាស់​ជរា ដល់​កូន​ក្មេង ដល់​អ្នក​ជំងឺ ដល់​អ្នក​សុំ​ទាន​តាម​ផ្លូវ។ ជា​ស្នាដៃ​របស់​យើង​នៅ​ក្នុង​ជំនឿ​របស់​យើង មាន​ខ្លះ​ទៀត​បង្ហាញ​នៅ​ពេល​គេ​អធិដ្ឋាន នៅ​ពេល​គេ​រៀប​ចំ​ព្រះវិហារ នេះ​ជា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ទាំង​ការ​អធិដ្ឋាន ទាំង​ការ​បម្រើ​នៅ​ក្នុង​ជំនឿ ដើម្បី​បង្ហាញ​ផ្លែ​ដែល​យើង​បាន​ទទួល​។ ហេតុ​នេះ​ហើយ ខ្ញុំ​សូម​អញ្ជើញ​ព្រះសហគមន៍​នីមួយៗ ឱ្យ​បន្ត​ផ្លូវ​ដែល​យើង​បាន​ចាប់​ផ្តើម​នៅ​ក្នុង​សន្និបាត​នេះ។ មាន​ព្រះសហគមន៍​ខ្លះ មិន​បាន​ជួប​ជុំ​គ្នា​ជា​មួយ​យុវជន​ពី​យូរ​ខែ​មក​ហើយ ដូច្នេះ​ក្នុង​សន្និបាត​នេះ​យើង​បាន​ឃើញ​ព្រះសហគមន៍​ធំ​ក្តី តូច​ក្តី បាន​យក​ចិត្ត​ទុក​ដាក់។ យើង​បាន​ឃើញ​យុវជន​ពោរពេញ​ដោយ​ថាមពល ពោរពេញ​ដោយ​កម្លាំង​កាយ​កម្លាំង​ចិត្ត​លុះត្រាតែ​យើង​ថែរក្សា​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គាត់។ ដូច្នេះ ខ្ញុំ​សូម​អញ្ជើញ​ព្រះសហគមន៍​នីមួយៗ​តាម​រយៈ​លោក​ឪពុក តាម​រយៈ​បង​ប្រុស​បង​ស្រី​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ផ្លូវ​ដែល​យើង​បាន​ចាប់​ផ្តើម​ថ្ងៃ​នេះ។

ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដោយសារ​ខ្ញុំ​ឃើញ​ជំងឺ​កូវីដ-១៩​បាន​ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច​មែន​ទែន កូវីដ-១៩​បាន​ណែនាំ​ឱ្យ​បង​ប្អូន​ជា​ច្រើន​បាត់​បង់​ជីវិត បាត់​បង់​មុខ​របរ បាត់​បង់​ការងារ​…។ ប៉ុន្តែ កូវីដ-១៩​បាន​ណែនាំ​ឱ្យ​យើង​ប្រហែល​ជិត​ស្និទ្ធ​ជា​មុន ជិតស្និទ្ធ​នៅ​ក្នុង​របៀប​ថ្មី យើង​បាន​ឃើញ​ថ្ងៃ​នេះ​យ៉ាង​ជាក់​ស្តែង ទំនាក់​ទំនង​ដែល​យើង​ធ្លាប់​បង្កើត​ពី​មុន នៅ​ក្នុង​របៀប​ពេល​ហ្នឹង​ណែនាំ​ឱ្យ​ទំនាក់​ទំនង​របស់​យើង​ដូច​ជា​រីក​ចម្រើន​ថែម​ទៀត បាន​ទៅ​មុខ​ថែម​ទៀត។ យើង​ធ្លាប់​និយាយ​ថា ការ​សួរ​សុខ​ទុក្ខ​គ្នា​សំខាន់​ណាស់ ប៉ុន្តែ​នៅ​ក្នុង​ទំនាក់​ទំនង​ពី​ចម្ងាយ (Online) តាម​របៀប​ដែល​យើង​បាន​ជួប​ជុំ​គ្នា​នៅ​កន្លែង​នីមួយៗ យើង​បាន​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។ ជាក់​ស្តែង​នៅ​ក្នុង​ទំនាក់​ទំនង​ផ្ទាល់​តាម​កន្លែង​នីមួយៗ និង​រួម​គ្នា​តាម​រយៈ​ជួប​គ្នា​ពី​ចម្ងាយ យើង​បាន​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ឱ្យ​យើង​ពោរពេញ​ដោយ​មោទនភាព។ ខ្ញុំ​សង្ឃឹម​ថា នៅ​តាម​កន្លែង​នីមួយៗ នៅ​តាម​ព្រះសហគមន៍​នីមួយៗ នៅ​តាម​មណ្ឌល​សកម្មភាព​នីមួយៗ នៅ​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​ក្លាហាន ឱ្យ​យើង​ពោរពេញ​ដោយ​កម្លាំង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​អាច​ធ្វើ​បាន​នៅ​ក្នុង​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដល់​ស្ត្រី​សាម៉ារី “ប្រសិន​បើ​ស្គាល់​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ នាង​នឹង​ពោរ​ពេញ​ដោយ​សេចក្តី​សុខ​និង​សុភមង្គល”។ ខ្ញុំ​ជឿ​ថា យើង​មាន​សំណាង​ណាស់​ដោយសារ​យើង​បាន​ស្គាល់​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់​ខ្លះៗ​ហើយ។ យើង​មិន​ទាន់​ស្គាល់​ពេញ​លក្ខណៈ យើង​ស្គាល់​ខ្លះៗ​ណែនាំ​ឱ្យ​យើង​អាច​ទៅ​មុខ​ត​ទៅ​ទៀត ណែនាំ​ឱ្យ​យើង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន​។ ជា​មួយ​ទំនុក​តម្កើង​ដែល​យើង​បាន​ស្មូត្រ​នៅ​ថ្ងៃ​នេះ យើង​អាច​ទុក​សម្រាប់​ជីវិត​របស់​យើង “ខ្ញុំ​ស្រឡាញ់​ព្រះម្ចាស់ ត្បិត​ទ្រង់​ព្រះសន្តាប់​ខ្ញុំ ខ្ញុំ​លែង​សោក​ទួញ​យំ ទទួល​សុំ​ទូល​អង្វរ”។ ពិត​មែន​ខ្ញុំ​ស្រឡាញ់​ព្រះជាម្ចាស់ ព្រះជាម្ចាស់​ទ្រង់​ស្តាប់​ខ្ញុំ នៅ​ពេល​ខ្ញុំ​យំ នៅ​ពេល​ខ្ញុំ​អស់​សង្ឃឹម ក៏​ព្រះអង្គ​ទទួល​ដែរ។

សូម​ព្រះអង្គ​ប្រទាន​ព្រះពរ​ដល់​ព្រះសហគមន៍​របស់​យើង ដល់​យុវជន​យុវនារី​ទាំង​អស់ ដើម្បី​ឱ្យ​យើង​រួម​គ្នា​យើង​បន្ត​ធ្វើ​ដំណើរ នៅ​ក្នុង​សេចក្តី​ស្រឡាញ់​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់​ផ្ទាល់​។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email