អភិបូជា​ខួប​៩​ឆ្នាំ​នៃ​ការ​ស្រង់​រូប​សំណាក​ព្រះនាង​ម៉ារី​ពី​បាត​ទន្លេ​មេគង្គ

ពី​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាព

អរិយក្សត្រ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ នៅ​ក្នុង​ពេល​វេលា​ដែល​យើង​គោរព​ព្រះនាង​ម៉ារី យើង​ទទួល​អំណោយ​ពិសេស​សម្រាប់​សង្គម​យើង ក៏​ដូច​ជា​ព្រះសហគមន៍​យើង។ គឺ​យើង​អាច​ជួប​ជុំ​គ្នា​ដើម្បី​អធិដ្ឋាន ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដើម្បី​អប់រំ​ជំនឿ យើង​ជួប​ជុំ​គ្នា​ដោយ​ឥត​ភ័យ​ខ្លាច។ ដូច្នេះ នេះ​ជា​ពេល​វេលា​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់​ពិត​មែន យើង​ដឹង​ថា​យើង​បាន​ទទួល​ព្រះពរ​យ៉ាង​ពេញ​លក្ខណៈ តាមរយៈ​ព្រះនាង​ម៉ារី​សម្រាប់​ជីវិត​របស់​យើង សម្រាប់​ព្រះសហគមន៍​របស់​យើង​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល។

នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ថ្ងៃ​នេះ មាន​ទេវទូត​ដែល​ជួប​ជា​មួយ​គ្រូ​គង្វាល ហើយ​បាន​អញ្ជើញ​គ្រូ​គង្វាល​ទៅ​ជួប​ជា​មួយ​ព្រះយេស៊ូ ទៅ​សួរ​សុខ​ទុក្ខ​ព្រះនាង​ម៉ារី លោក​យ៉ូសែប ដែល​ជា​ឪពុក​ម្តាយ​ពោរ​ពេញ​ដោយ​សេចក្តី​សុខ ជា​ពិសេស​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ព្រះយេស៊ូ​ផ្ទាល់។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​ពាក្យ “សួរ​សុខ​ទុក្ខ” ប្រហែល​ទៅ​ជា​ពាក្យ​ដែល​យើង​ប្រើ​ក្នុង​របៀប​ថ្មី​ដើម្បី​អនុវត្តន៍ ដោយ​សួរ​សុខ​ទុក្ខ​តាម​ទូរស័ព្ទ តាម​ប្រអប់​សារ តាម​ហ្វេសបុក…(ជា​ការ​សួរ​សុខ​ទុក្ខ​ពី​ចម្ងាយ)។ ប៉ុន្តែ ឥត​មាន​ការ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់ តែ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​យើង​អាច​ទៅ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់​បាន​ហើយ។ ពេល​យើង​ពិចារណា​អំពី​ជីវិត​របស់​ព្រះនាង​ម៉ារី ជីវិត​របស់​ព្រះនាង​ម៉ារី​ពោរពេញ​ដោយ​ការ​សួរ​សុខ​ទុក្ខ​ផ្សេងៗ​ពី​គ្នា​ដូច​ជា៖

ទី​១ ព្រះនាង​ម៉ារី​បាន​ទទួល​ការ​សួរ​សុខ​ទុក្ខ​ពី​ទេវ​ទូត​កាព្រីអែល នៅ​ពេល​នោះ​ទេវទូត​កាព្រីអែល​បាន​យាង​មក​ដើម្បី​សួរ​សុខ​ទុក្ខ​ព្រះនាង​ម៉ារី ដើម្បី​ណែនាំ​ឱ្យ​ព្រះនាង​ម៉ារី​ទទួល​ដំណឹង​ល្អ​ដ៏​ពិសេស​បំផុត គឺ​ទៅ​ជា​មាតា​របស់​ព្រះជាម្ចាស់។

ទី​២ នៅ​ពេល​ព្រះនាង​ម៉ារី បាន​ទទួល​ការ​សួរ​សុខ​ទុក្ខ​ពី​ព្រះជាម្ចាស់​ផ្ទាល់ គឺ​ព្រះនាង​ម៉ារី​បាន​ប្រញាប់​ប្រញាល់​ទៅ​សួរ​សុខ​ទុក្ខ​យាង​អេលីសាបែត។ នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ទៅ​សួរ​សុខ​ទុក្ខ​យាយ​អេលីសាបែត បី​ដូចជា​ព្រះយេស៊ូ​និង​យ៉ូហាន​ប៉ាទីស្ទ​បាន​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​។ នៅ​ពេល​នោះ​យាយ​អេលីសាបែត​ដូចជា​គាត់​ឆ្ងល់ ព្រោះ​ថា​ពេល​ព្រះនាង​ម៉ារី​មក​ដល់​ភ្លាម​កូន​នៅ​ក្នុង​ផ្ទៃ​ពោះ​គាត់​បម្រះ​ឡើង ពោរពេញ​ដោយ​អំណរ​សប្បាយ។ នេះ​ជា​ព្រះជាម្ចាស់​ដែល​បាន​ជួប​លោក​យ៉ូហាន​បាទីស្ទ នេះ​ជា​ព្រះនាង​ម៉ារី​ដែល​បាន​ជួប​យាយ​អេលីសាបែត ដើម្បី​ចែក​រំលែក​អំណរ​សប្បាយ​ដ៏​ពិសេស​ដោយ​ផ្ទាល់។

ទី​៣ នៅ​ពេល​ព្រះយេស៊ូ​ប្រសូត​ហើយ សុទ្ធ​តែ​ការ​សួរ​សុខ​ទុក្ខ មាន​ការ​សួរ​សុខ​ទុក្ខ​ពី​គ្រូ​គង្វាល​ដូច​យើង​ស្តាប់​ថ្ងៃ​នេះ។ មាន​ការ​សួរ​សុខ​ទុក្ខ​ពី​ទេវទូត​ទាំង​ឡាយ ដែល​បាន​សម្តែង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់ ដែល​ពោរពេញ​ដោយ​សេចក្តី​សុខ។ មាន​ការ​សួរ​សុខ​ទុក្ខ​ពី​ហោរាចារ្យ ដែល​បាន​ធ្វើ​ដំណើរ​ពី​ចម្ងាយ ដើម្បី​សួរ​សុខ​ទុក្ខ​ដល់​ព្រះឱរស​យេស៊ូ ដល់​ព្រះនាង​ម៉ារី ដល់​លោក​យ៉ូសែប​។

ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​នៅ​ពេល​យើង​បាន​ឃើញ​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ថា​ការ​សួរ​សុខ​ទុក្ខ​មាន​របៀប​ខុសៗ​គ្នា​មាន​ដូច​ខាង​ក្រោម៖

ទី​១ ការ​សួរ​សុខ​ទុក្ខ​ដែល​សំខាន់​បំផុត គឺ​ព្រះជាម្ចាស់​ផ្ទាល់​ដែល​បាន​សួរ​សុខ​ទុក្ខ​ដល់​យើង ភាសា​ខ្មែរ​គឺ​សួរ​អំពី​សុខ​និង​អំពី​ទុក្ខ មាន​ន័យ​ថា​ចាប់​អារម្មណ៍។ ព្រះជាម្ចាស់​បាន​សួរ​សុខ​ទុក្ខ​យើង ព្រះជាម្ចាស់​បាន​ចាប់​អារម្មណ៍​អំពី​យើង​ជានិច្ច។ នេះ​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា តើ​យើង​ផ្ទាល់​ខ្លួន យើង​មាន​សមត្ថភាព​ដើម្បី​ទទួល​ស្វាគមន៍​ការ​សួរ​សុខ​ទុក្ខ​ពី​ព្រះជាម្ចាស់​ឬ​ទេ? យើង​មើល​ព្រះនាង​ម៉ារី នៅ​ពេល​ព្រះនាង​បាន​ទទួល​ការ​សួរ​សុខ​ទុក្ខ​ពី​ទេវទូត​កាព្រីអែល ភ្លាម​ព្រះនាង​ម៉ារី​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់ សូម​ឱ្យ​បាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ”។ នៅ​ពេល​ហ្នឹង ព្រះនាង​ម៉ារី​ដូច​ជា​បាន​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ពី​ដើម​រៀង​មក ហេតុ​នេះ​ហើយ​នៅ​ពេល​ព្រះជាម្ចាស់​យាង​មក​នៅ​ក្នុង​ទេវទូត​កាព្រីអែល ព្រះនាង​ម៉ារី​មាន​សមត្ថភាព​ដើម្បី​ឆ្លើយ​តប។ តើ​យើង​បាន​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ល្មម ដើម្បី​ទទួល​ស្វាគមន៍​ព្រះជាម្ចាស់​ដែល​កំពុង​យាង​មក​នៅ​ក្នុង​ជីវិត​របស់​យើង​ឬ​នៅ? ប៉ុន្មាន​ខែ​កន្លង​មក​យើង​មិន​ដែល​ចូល​ព្រះវិហារ ប្រហែល​យើង​ភ្លេច​អធិដ្ឋាន ប៉ុន្តែ​នៅ​ពេល​នេះ​ជា​ពេល​វេលា​ដើម្បី​ភ្ញាក់​ស្មារតី។ ដើម្បី​យក​ចិត្ត​ទុក​ដាក់​ចូល​ព្រះវិហារ​សាជាថ្មី ដើម្បី​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​សាជាថ្មី ដើម្បី​អធិដ្ឋាន​ខ្លាំង​ទៅៗ។ ដើម្បី​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​ព្រះជាម្ចាស់​ដែល​កំពុង​យាង​មក​សួរ​សុខ​ទុក្ខ​យើង និង​ដើម្បី​ឆ្លើយ​តប​ទៅ​ព្រះជាម្ចាស់​ដោយ​ស្វាគមន៍​ព្រះអង្គ​នៅ​ក្នុង​អំណរ​សប្បាយ នៅ​ក្នុង​សេចក្តី​សុខ នៅ​ក្នុង​កម្លាំង​កាយ​កម្លាំង​ចិត្ត។

ទី​២ យើង​បាន​ឃើញ​គ្រូ​គង្វាល គឺ​ជា​តំណាង​នៃ​មហាជន ជា​តំណាង​នៃ​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​ដល់​ព្រះយេស៊ូ​ផ្ទាល់ ដូច​ព្រះនាង​ម៉ារី​បាន​ទៅ​សួរ​សុខ​ទុក្ខ​យាយ​អេលីសាបែត។ ដូច្នេះ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឱ្យ​យើង​ផ្ទាល់​ទៅ​សួរ​សុខ​ទុក្ខ​ដល់​ព្រះជាម្ចាស់ ព្រះជាម្ចាស់​យាង​មក​សួរ​សុខ​ទុក្ខ​យើង យើង​សួរ​សុខ​ទុក្ខ​ដល់​ព្រះអង្គ។ នៅ​ពេល​យើង​អធិដ្ឋាន ឱ្យ​យើង​អង្គុយ​ដើម្បី​សម្លឹង​មើល​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង សម្លឹង​មើល​ព្រះយេស៊ូ​នៅ​ក្នុង​ព្រះកាយ​ព្រះគ្រីស្ត។ ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​សួរ​សុខ​ទុក្ខ​ដល់​ព្រះជាម្ចាស់ ជា​ពិសេស​ដល់​ព្រះយេស៊ូ​ដែល​គង់​នៅ​ជា​មួយ​យើង​ហើយ ដែល​ទន្ទឹង​រង់​ចាំ​សំលេង​របស់​យើង ទន្ទឹង​រង់​ចាំ​ការ​សួរ​សុខ​ទុក្ខ​របស់​យើង​ដល់​ព្រះអង្គ​ផ្ទាល់។ ជួន​កាល​យើង​ភ្លេច​នេះ យើង​ចេះ​តែ​ទូល​សុំ​នៅ​ពេល​យើង​ត្រូវ​ការ ប៉ុន្តែ​ឱ្យ​យើង​ចេះ​សួរ​សុខ​ទុក្ខ​ដល់​ព្រះជាម្ចាស់​ដែល​បាន​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង។ នេះ​ជា​របៀប​ដែល​គ្រូ​គង្វាល បាន​ទៅ​សួរ​សុខ​ទុក្ខ​ដល់​ព្រះឱរស​យេស៊ូ​ផ្ទាល់ ជា​របៀប​ដែល​យើង​ជា​គ្រីស្ត​បរិស័ទ​ត្រូវ​តែ​សួរ​សុខ​ទុក្ខ​ដល់​ព្រះយេស៊ូ ដល់​ព្រះជាម្ចាស់​ផ្ទាល់។

ទី​៣ នៅ​ពេល​យើង​មើល​ព្រះនាង​ម៉ារី​ទៅ​សួរ​សុខ​ទុក្ខ​យាយ​អេលីសាបែត ព្រះនាង​ម៉ារី​បាន​ទៅ​សួរ​សុខ​ទុក្ខ​និង​នៅ​បម្រើ​យាយ​អេលីសាបែត​អស់​រយៈ​ពេល​៣​ខែ ដើម្បី​ជួយ​គាត់​នៅ​ពេល​មាន​ផ្ទៃ​ពោះ។ ដើម្បី​បម្រើ​គាត់ ដើម្បី​លើក​ទឹក​ចិត្ត​គាត់ ដើម្បី​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះនាង​មាន​ចំពោះ​យាយ​អេលីសាបែត​និង​កូន​នៅ​ក្នុង​ផ្ទៃ។ ទោះបី​ព្រះនាង​ម៉ារី​មាន​ផ្ទៃ​ពោះ ព្រះនាង​ម៉ារី​អស់​កម្លាំង ចាញ់​កូន… ប៉ុន្តែ​ព្រះនាង​បាន​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​យាយ​អេលីសាបែត​យ៉ាង​សកម្ម​។ ដូច្នេះ នេះ​ជា​មេរៀន​សម្រាប់​យើង គឺ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​សួរ​សុខ​ទុក្ខ​បង​ប្អូន​ឯទៀតៗ​ដោយ​ផ្ទាល់ ដើម្បី​ជួប ដើម្បី​សួរ ដើម្បី​យល់​អំពី​ចិត្ត​គំនិត អំពី​បញ្ហា អំពី​ទុក្ខ​លំបាក អំពី​សេចក្តី​សង្ឃឹម អំពី​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ចិត្ត។

ថ្ងៃ​នេះ យើង​ត្រូវ​ការ​យល់​ថា​ជីវិត​របស់​យើង​ទទួល​ការ​សួរ​សុខ​ទុក្ខ​ពី​ព្រះជាម្ចាស់ យើង​សួរ​សុខ​ទុក្ខ​ទៅ​ព្រះជាម្ចាស់ និង​សួរ​សុខ​ទុក្ខ​ដល់​បង​ប្អូន​ឯទៀតៗ។ ឱ្យ​យើង​សម្លឹង​មើល​ព្រះនាង​ម៉ារី នៅ​ក្នុង​គ្រប់​កាលៈទេសៈ នៅ​ក្នុង​គ្រប់​ព្រឹត្តិការណ៍​ដែល​កើត​ឡើង ព្រះនាង​ម៉ារី​បាន​ចាំ​ហេតុ​ការណ៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ព្រម​ទាំង​រិះ​គិត​ពិចារណា​ថែម​ទៀត។ ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​ទទួល​ព្រះអំណោយ​ទាន​ពិសេស​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ថ្ងៃ​នេះ ព្រះនាង​ម៉ារី​បាន​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ ដែល​កំពុង​ប្រគល់​ព្រះយេស៊ូ​ឱ្យ​មនុស្ស​យើង។ ដូច្នេះ ថ្ងៃ​នេះ​យើង​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​តាម​រយៈ​ព្រះនាង​ម៉ារី យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ​ដូច​ព្រះនាង​ម៉ារី​។ យើង​ដឹង​ថា ពិត​មែន​ថ្ងៃ​នេះ​គឺ​ព្រះជាម្ចាស់​ផ្ទាល់​ដែល​យាង​មក​សួរ​សុខ​ទុក្ខ​យើង ថ្ងៃ​នេះ​យើង​ស្វាគមន៍​ព្រះយេស៊ូ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ថ្ងៃ​នេះ យើង​គិត​ពិចារណា​ធ្វើ​ដូច​ម្តេច​ដើម្បី​សួរ​សុខ​ទុក្ខ​ទៅ​ដល់​ព្រះជាម្ចាស់​ថែម​ទៀត​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់។ ថ្ងៃ​នេះ យើង​សម្រេច​ចិត្ត​យក​ចិត្ត​ទុក​ដាក់​សួរ​សុខ​ទុក្ខ​ដល់​បង​ប្អូន​ឯទៀតៗ ដើម្បី​បង្ហាញ​ថា​ពិត​មែន​យើង​ជា​គ្រួសារ​តែ​មួយ​។

យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ សម្រាប់​ពេល​វេលា​ថ្មី​ដែល​កំពុង​កើត​ឡើង សិទ្ធិ​សេរីភាព​ដើម្បី​ជួប​ជុំ​គ្នា សិទ្ធិ​សេរីភាព​ដើម្បី​អធិដ្ឋាន សិទ្ធិ​សេរីភាព​ដើម្បី​សួរ​សុខ​ទុក្ខ​ទៅ​ព្រះជាម្ចាស់ បី​ដូច​ជា​សួរ​សុខ​ទុក្ខ​ដល់​បង​ប្អូន​ឯទៀតៗ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email