សារសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូសម្រាប់រដូវអប់រំពិសេស២០២២LENT 2022

***

«យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់» (កាឡាទី ៦,៩-១០)។

បងប្អូនជាទីស្រឡាញ់

រដូវ៤០ថ្ងៃ ឬរដូវអប់រំពិសេសគឺជាពេលវេលាដ៏សំខាន់ ដើម្បីចាប់ផ្តើមសារជាថ្មីសម្រាប់បុគ្គលម្នាក់ៗ និងសហគមន៍ ធ្វើដំណើរឆ្ពោះទៅរកបុណ្យចម្លងរបស់ព្រះយេស៊ូគ្រីស្ត ដែលសោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ការធ្វើដំណើរក្នុងអំឡុងពេលរដូវអប់រំពិសេសឆ្នាំ២០២២នេះ យើងគប្បីរួមគ្នារិះគិតអំពីពាក្យទូន្មានរបស់សន្តប៉ូលនៅក្នុងលិខិតផ្ញើជូនគ្រីស្តបរិស័ទក្រុងកាឡាទីថាៈ «យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់» (កាឡាទី ៦,៩-១០)។

១. ការសាបព្រោះ និងការប្រមូលផល

ឃ្លាព្រះបន្ទូលខាងលើនេះ គ្រីស្តទូតប៉ូលលើកយកនិមិត្តរូបអំពីការសាបព្រោះ និងការប្រមូលផល ដែលមានសារសំខាន់សម្រាប់ព្រះយេស៊ូ(ម៉ាថាយ ១៣)។ គ្រីស្តទូតប៉ូលថ្លែងឱ្យយើងដឹងអំពីឱកាស គឺជាពេលវេលាដ៏សំខាន់សម្រាប់សាបព្រោះអំពើល្អដើម្បីអាចប្រមូលផលបាន។ តើឱកាសសម្រាប់យើងសាបព្រោះអំពើល្អនៅពេលណា? ពិតមែន នៅក្នុងរដូវអប់រំពិសេសគឺជាឱកាសល្អ ប៉ុន្តែ គ្រប់ពេលវេលាទាំងអស់នៃជីវិតរបស់មនុស្សនៅក្នុងលោកនេះ គឺជាឱកាសសម្រាប់ប្រព្រឹត្តអំពើល្អ។ រីឯ រដូវអប់រំពិសេសគ្រាន់តែជានិមិត្តរូបមួយ[1]។ នៅក្នុងជីវិតរបស់យើង យើងមានចិត្តអំនួត មានចិត្តលោភលន់មិនចេះស្កប់ស្កល់ យើងតែងតែមានចិត្តចង់បានហើយចង់បានទៀត ដូចមានថ្លែងជាពាក្យប្រស្នាក្នុងគម្ពីរដំណឹងល្អស្តីអំពីបុរសឆោតល្ងង់ម្នាក់ដែលអរសប្បាយ ហើយពឹងផ្អែកលើភោគផលស្តុកស្តម្ភ ដែលគាត់បានប្រមូលទុកនៅក្នុងជង្រុក(លូកា ១២,១៦-២១)។ រដូវអប់រំពិសេសអញ្ជើញយើងឱ្យកែប្រែចិត្តគំនិត ផ្លាស់ប្តូរការគិត ដើម្បីឱ្យជីវិតមានសេចក្តីពិត និងមានសោភ័ណភាព ដោយអាស្រ័យលើការធ្វើទាន ជាជាងការចង់បានធ្វើជាកម្មសិទ្ធិ និងដោយអាស្រ័យលើការសាបព្រោះទង្វើល្អ ព្រមទាំងចេះចែករំលែក ជាជាងការចង់បានហើយចង់បានទៀតឥតឈប់ឈរ។

កសិករទី១គឺជាព្រះជាម្ចាស់ផ្ទាល់ប្រកបដោយព្រះហឫទ័យសប្បុរស «បន្តសាបព្រោះសេចក្តីល្អក្នុងមនុស្ស» (Enc. Fratelli tutti, លេខ ៥៤)។ នៅក្នុងអំឡុងពេលរដូវអប់រំពិសេស ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យឆ្លើយតបដោយស្តាប់ព្រះបន្ទូល «ដ៏​មាន​ជីវិត និង​មាន​មហិទ្ធិ‌ឫទ្ធិ​» (ហប ៤,១២)។ យើងយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ ដើម្បី​ញ៉ាំងឱ្យមានចិត្ត​ស្លូត‌បូត(យ៉ាកុប ១,២១) នាំឱ្យជីវិតអាចបង្កើតផលផ្លែបានល្អ។ ប្រសិនបើព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យស្តាប់ព្រះបន្ទូល នាំឱ្យយើងមានអំណរទៅហើយ ចុះទម្រាំបើព្រះអង្គត្រាស់ហៅយើងឱ្យ «​ធ្វើ​ការ​រួម​ជា​មួយ​ព្រះអង្គ»(១កូរិនថូស ៣,៩) ដើម្បីសាបព្រោះទង្វើល្អ ក្នុងពេលបច្ចុប្បន្នកាលនេះ (អេភេសូ ៥,១៦) នោះយើងនឹងរឹតតែមានអំណរថែមទៀតជាពុំខាន។ កុំគិតថា ការត្រាស់ហៅឱ្យសាបព្រោះទង្វើល្អក្លាយជាបន្ទុកឡើយ គប្បីយល់ថាជាព្រះអំណោយទាន ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យបង្រួបបង្រួមយើងឱ្យចូលរួមយ៉ាងសកម្មក្នុងគម្រោងការរបស់ព្រះអង្គ។

ចំណែកឯការប្រមូលផលវិញ? តើយើងសាបព្រោះ មិនមែនដើម្បីប្រមូលផលទេឬ? ពិតមែនការសាបព្រោះដើម្បីប្រមូលផល។ សន្តប៉ូលបានបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងរវាងការសាបព្រោះ និងការប្រមូលផល ដោយរម្លឹកយ៉ាងច្បាស់ថាៈ «អ្នក​ណា​ព្រោះ​តិច អ្នក​នោះ​ក៏​ច្រូត​បាន​ផល​តិច​ដែរ រីឯ​អ្នក​ដែល​ព្រោះ​ច្រើន​បរិបូណ៌ ក៏​ច្រូត​បាន​ផល​ច្រើន​បរិបូណ៌​ដែរ»(២កូរិនថូស ៩,៦)។ តើប្រមូលផលអ្វី? ផលដំបូងដែលបានសាបព្រោះ គឺនៅក្នុងខ្លួនយើង និងនៅក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់យើង រហូតដល់ទង្វើតូចតាចដ៏ល្អ។ ក្នុងព្រះជាម្ចាស់ គ្រប់ទង្វើនៃសេចក្តីស្រឡាញ់ និងចិត្តសប្បុរសទាំងអស់ ទោះបីតូចតាចក្តី មិនចេះសាបសូន្យឡើយ (សូមមើល អំណរហូរមកពីដំណឹងល្អ  លេខ ២៧៩)។ អំពើល្អសាយក្លិនក្រអូបរបស់ព្រះគ្រីស្តដល់ពិភពលោក (២កូរិនថូស ២,១៥) ដូចគេស្គាល់ដើមឈើតាមរយៈផ្លែរបស់វា(ម៉ាថាយ ៧,១៦-២០) ដូចជីវិតមានពន្លឺត្រចេះត្រចង់ដោយសារអំពើល្អ (ម៉ាថាយ ៥,១៤-១៦)។ ការបម្រើព្រះជាម្ចាស់ដោយមិនប្រព្រឹត្តអំពើបាប នឹងប្រមូលផលភាពដ៏វិសុទ្ធសម្រាប់ការសង្រ្គោះរបស់មនុស្សទាំងអស់(រ៉ូម ៦,២២)។

ជាការពិត យោងតាមសុភាសិតក្នុងគម្ពីរដំណឹងល្អៈ «ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត» (យ៉ូហាន ៤,៣៧) នាំឱ្យយើងអាចមើលឃើញផលផ្លែមួយចំណែកតូចដែលយើងបានសាបព្រោះ។ ការសាបព្រោះទង្វើល្អចំពោះអ្នកដទៃ បានចូលរួមយ៉ាងខ្ពង់ខ្ពស់ជាមួយព្រះជាម្ចាស់ៈ «ការដាក់សេចក្តីសង្ឃឹមរបស់យើងក្នុងឫទ្ធានុភាពដ៏អាថ៌កំបាំងនៃគ្រាប់ពូជដែលយើងសាបព្រោះ ហើយទុកឱ្យវាបង្កើតផលដើម្បីឱ្យអ្នកដទៃប្រមូលពិតជាការប្រពៃណាស់» (Fratelli tutti, លេខ ១៩៦)។ សាបព្រោះអំពើល្អចំពោះអ្នកដទៃ ជួយយើងឱ្យរំដោះខ្លួនចេញពីគំនិតនៃការចង់ចំណេញសម្រាប់តែខ្លួនឯង ហើយផ្តល់ឱ្យយើងចេះប្រព្រឹត្តទង្វើដោយមិនគិតពីរង្វាន់ ដើម្បីចូលរួមក្នុងគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។

ព្រះបន្ទូលព្រះជាម្ចាស់ជួយយើងឱ្យចេះមើលទូលំទូលាយ និងខ្ពង់ខ្ពស់។ ព្រះបន្ទូលប្រកាសឱ្យយើងដឹងអំពីការប្រមូលផលពិតប្រាកដនៅគ្រាអាវសានកាលនៃពិភពលោក គឺនៅគ្រាចុងក្រោយបំផុត ពោលគឺពេលចុងក្រោយដែលគ្មានព្រះអាទិត្យអស្តង្គត។ ផលផ្លែ និងទង្វើនៅក្នុងជីវិតរបស់យើងគឺ «ផលផ្លែនៃជីវិតអស់កល្បជានិច្ច» (យ៉ូហាន ៤,៣៦) ដែលជា «កំណប់របស់យើងនៅស្ថានបរមសុខ» (លូកា ១២,៣៣; ១៨,២២)។ ព្រះយេស៊ូប្រើប្រាស់និមិត្តរូបអំពីគ្រាប់ពូជ ដែលងាប់នៅក្នុងដី ហើយបង្កើតផល ដើម្បីឆ្លុះបញ្ចាំងអំពីការអាថ៌កំបាំងដែលព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ(យ៉ូហាន ១២,២៤)។ សន្តប៉ូលបានលើកយកនិមិត្តរូបនេះ ដើម្បីថ្លែងអំពីរូបកាយរបស់យើងដែលរស់ឡើងវិញ «រូប​កាយ​ដែល​គេ​កប់​ក្នុង​ដីរមែង​តែង‌តែ​រលួយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ មិន​ចេះ​រលួយ​ទេ។ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ថោក​ទាប រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរី‌រុង​រឿង រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ទន់​ខ្សោយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី​ជា​រូប​កាយ​ធម្ម‌ជាតិ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ។» (១កូរិនថូស ១៥,៤២-៤៤)។ សេចក្តីសង្ឃឹមដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញផ្តល់ឱ្យពិភពលោកនេះមានពន្លឺត្រចេះត្រចង់ «ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​ព្រះ‌គ្រីស្ត សម្រាប់​តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ យើង​ជា​អ្នក​វេទនា​ជាង​គេ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ហើយ! ប៉ុន្តែ ព្រះ‌គ្រីស្ត​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់​។» (១កូរិនថូស ១៥,១៩-២០)។ ចំពោះអស់អ្នកដែលរួមក្នុងសេចក្តីស្រឡាញ់ជាមួយព្រះគ្រីស្ត «ក៏​នឹង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ» (រ៉ូម ៦,៥) គឺបានរួមជាមួយព្រះអង្គ ដែលមានព្រះជន្មរស់ឡើងវិញសម្រាប់ជីវិតអស់កល្បជានិច្ច(យ៉ូហាន ៥,២៩)។ «មនុស្ស​សុចរិត​វិញ គេ​នឹង​ស្ថិត​នៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ព្រះ‌បិតា​របស់​គេ ទាំង​បញ្ចេញ​រស្មី​ភ្លឺ​ដូច​ព្រះ‌អាទិត្យ»(ម៉ាថាយ ១៣,៤៣)។

២. យើងមិនត្រូវនឿយ‌ណាយនឹងប្រព្រឹត្តអំពើល្អឡើយ

ព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញប្រទានឱ្យយើងមានសេចក្តីសង្ឃឹម គឺ«សេចក្តីសង្ឃឹមថានឹងបាន»ជីវិតអស់កល្បជានិច្ចនៅក្នុងលោកនេះ និងផ្តល់ឱ្យយើងទទួលការសង្គ្រោះនាពេលបច្ចុប្បន្ននេះផងដែរ (BENOIT XVI, Enc. Spe salvi, លេខ ៣​ និង ៧)។ ការប្រឈមមុខនឹងភាពល្វីងជូចត់ចំពោះការខកចិត្តក្នុងក្តីស្រម៉ៃ ការប្រឈមមុខនឹងក្តីបារម្ភចំពោះឧបសគ្គដែលកើតមាននៅចំពោះមុខ ការប្រឈមមុខនឹងការធ្លាក់ទឹកចិត្តចំពោះភាពក្រីក្រដែលខ្វះមធ្យោបាយដោះស្រាយ នាំឱ្យមានការល្បួងបែរទៅរកការពឹងពាក់តែលើភាពអាត្មានិយមផ្ទាល់ខ្លួន និងពឹងផ្អែកទៅលើទុក្ខលំបាករបស់អ្នកដទៃ។ ជាក់ស្តែង ទោះបីមនុស្សមានកម្លាំងដ៏អស្ចារ្យយ៉ាងណា ក៏មនុស្សនៅមានព្រំដែន «ក្មេង​ជំទង់ៗ​តែង​នឿយ‌ហត់ និង​អស់​កម្លាំង ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​» (អេសាយ ៤០,៣០) តែព្រះជាម្ចាស់ «ព្រះ‌អង្គ​ប្រទាន​កម្លាំង‌ពលំដល់​អ្នក​នឿយ‌ហត់ និង​ខ្សោះ​ល្វើយ[…] រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ តែង‌តែ​មាន​កម្លាំង​ថ្មី​ជា‌និច្ច ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។» (អេសាយ ៤០,២៩.៣១)។ រដូវអប់រំពិសេសរម្លឹកយើងឱ្យផ្ញើជំនឿ និងសេចក្តីសង្ឃឹមក្នុងព្រះអម្ចាស់ (១សិលា ១,២១) ដ្បិតមានតែការសម្លឹងមើលព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញប៉ុណ្ណោះ (ហេប្រឺ ១២,២) ទើបអាចឱ្យយើងស្តាប់ពាក្យដែលគ្រីស្តទូតបានទូន្មានៈ «យើងមិនត្រូវនឿយ‌ណាយនឹងប្រព្រឹត្តអំពើល្អឡើយ» (កាឡាទី ៦,៩)។  

យើងមិនត្រូវនឿយណាយនឹងការអធិដ្ឋានឡើយ។ ព្រះយេស៊ូបានបង្រៀន ត្រូវតែ«អធិដ្ឋានឥតឈប់ឈរ»(លូកា ១៨,១)។ យើងត្រូវអធិដ្ឋាន ដ្បិតយើងត្រូវការព្រះជាម្ចាស់។ ការយល់ឃើញថា ការពឹងផ្អែកតែលើកម្លាំងខ្លួនឯងគឺគ្រប់គ្រាន់ហើយ ជាការយល់ច្រឡំដ៏គ្រោះថ្នាក់។ ប្រសិនបើជំងឺរាតត្បាតបង្ករផលប៉ះពាល់ឱ្យយើងទទួលស្គាល់ពីភាពទន់ខ្សោយទាំងបុគ្គល និងសង្គម សូមឱ្យរដូវអប់រំពិសេសនេះជួយយើងឱ្យមានបទពិសោធន៍ជំនឿរឹងប៉ឹងក្នុងព្រះជាម្ចាស់ ដែលជាទីពឹងរបស់យើង (អេសាយ ៧,៩)។ គ្មាននរណាម្នាក់អាចសង្គ្រោះខ្លួនឯងបានឡើយ ដ្បិតយើងទាំងអស់គ្នានៅក្នុងទូកដែលត្រូវខ្យល់ព្យុះនៃប្រវត្តិសាស្រ្តកំពុងបក់បោក[2]។ គ្មាននរណាម្នាក់អាចសង្គ្រោះខ្លួនឯងដោយគ្មានព្រះជាម្ចាស់បានឡើយ ដ្បិតមានតែការអាថ៌កំបាំងនៃបុណ្យចម្លងរបស់ព្រះយេស៊ូគ្រីស្តប៉ុណ្ណោះ ដែលផ្តល់ជ័យជំនេះនៅលើទឹកនៃសេចក្តីស្លាប់។ ជំនឿមិនបង្វែរទុក្ខលំបាកចេញពីជីវិតរបស់យើងទេ តែជំនឿផ្តល់ឱ្យយើងឆ្លងកាត់ទុក្ខលំបាកទាំងនោះដោយរួមជាមួយព្រះជាម្ចាស់ក្នុងអង្គព្រះយេស៊ូគ្រីស្ត ដែលប្រទានឱ្យយើងមានសេចក្តីសង្ឃឹមយ៉ាងមុតម៉ាំ និងមិនបណ្តោយឱ្យយើងខកចិត្តឡើយ ហើយព្រះវិញ្ញាណដ៏វិសុទ្ធក៏ចាក់បង្ហូរសេចក្តីស្រឡាញ់មកបញ្ចាំក្នុងចិត្តរបស់យើងផងដែរ(រ៉ូម ៥,១-៥)។

យើងមិនត្រូវនឿយណាយនឹងការលុបបំបាត់អំពើអាក្រក់ចេញពីក្នុងជីវិតរបស់យើងឡើយ។ សូមឱ្យការតមអាហារខាងរូបកាយក្នុងរដូវអប់រំពិសេស ពង្រឹងស្មារតីរបស់យើងប្រឆាំងនឹងអំពើបាប។ យើងមិនត្រូវនឿយណាយនឹងការស្នើសុំការលើកលែងទោសក្នុងអគ្គសញ្ញាស្រាយបាប និងសម្រុះសម្រួលឡើយ។ យើងគប្បីដឹងថា ព្រះជាម្ចាស់មិននឿយហត់នឹងលើកលែងទោសឱ្យយើងនោះទេ[3]។ យើងមិនត្រូវនឿយណាយប្រឆាំងនឹងកាមតណ្ហាឡើយ។ វាគឺជាភាពទន់ខ្សោយដែលជំរុញយើងឱ្យក្លាយទៅជាអាត្មានិយម និងប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង។ នៅគ្រប់សម័យទាំងអស់ គេសង្កេតឃើញមនុស្សមានមធ្យោបាយជាច្រើន ដែលបណ្តាលឱ្យខ្លួនធ្លាក់ទៅក្នុងអំពើបាប (cf. Enc. Fratelli tutti, លេខ ១៦៦)។ មធ្យោបាយទាំងនោះរួមមាន ការញៀននឹងបណ្តាញព័ត៌មានឌីជីថល ដែលញ៉ាំងឱ្យទំនាក់ទំនងរបស់មនុស្សកាន់តែខ្សោយទៅ។ រដូវអប់រំពិសេសគឺជាពេលវេលាដ៏សំខាន់ ដើម្បីប្រឆាំងរាល់ឧបសគ្គទាំងនេះ ហើយជួយឱ្យយកចិត្តទុកដាក់បង្កើតទំនាក់ទំនងទាំងស្រុងជាមួយគ្នាទៅវិញទៅមក (ឯកសារដដែល លេខ​ ៤៣) គឺការបង្កើតទំនាក់ទំនងជាក់ស្តែង (ឯកសារដដែល លេខ ៥០) ទល់មុខគ្នា។

យើងមិននឿយណាយនឹងប្រព្រឹត្តអំពើល្អ ដោយធ្វើកិច្ចការសប្បុរសជាក់ស្តែងចំពោះបងប្អូនឯទៀតឡើយ។ ក្នុងរដូវអប់រំពិសេស យើងធ្វើទានដោយមានចិត្តអរសប្បាយ (២កូរិនថូស ៩,៧)។ ព្រះ‌អង្គ​ដែល«ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឱ្យ​គេ​ផងដែរ» (២កូរិនថូស ៩,១០) ដើម្បីផ្គត់ផ្គង់ឱ្យយើងម្នាក់ៗ មិនមែនគ្រាន់តែមានអាហារបរិភោគប៉ុណ្ណោះទេ គឺឱ្យយើងចេះចែករំលែកដោយចិត្តសប្បុរសដោយប្រព្រឹត្តអំពើល្អចំពោះបងប្អូនឯទៀតផងដែរ។ ប្រសិនបើនៅក្នុងឆាកជីវិតរបស់យើងទាំងមូល គឺជាពេលវេលាដើម្បីសាបព្រោះអំពើល្អ សូមយកពេលវេលាក្នុងឱកាសរដូវអប់រំពិសេសនេះជួយថែរក្សាបងប្អូនឯទៀតៗ ដើម្បីឱ្យយើងបានជិតស្និទ្ធជាមួយបងប្អូនរបស់យើង ដែលកំពុងមានរបួសនៅលើមាគ៌ានៃជីវិត(លូកា ១០,២៥-៣៧)។ រដូវអប់រំពិសេស គឺជាឱកាសដ៏ល្អ ដើម្បីស្វែងរក ហើយមិនមែនគេចចេញពីបងប្អូនដែលត្រូវការជំនួយឡើយ។ ចូរហៅ ហើយកុំធ្វើព្រងើយចំពោះអស់បងប្អូន ដែលត្រូវការស្តាប់ពាក្យពេចន៍ដ៏ពិរោះ។ ចូរសួរសុខទុក្ខ និងកុំបោះបង់បងប្អូន ដែលរងទុក្ខដោយសារភាពឯកោ។ ចូរយើងប្រព្រឹត្តអំពើល្អចំពោះបងប្អូនទាំងអស់ ដោយយកពេលវេលាស្រឡាញ់បងប្អូនតូចតាច និងគ្មានទីពឹង បងប្អូនដែលត្រូវគេបោះបង់ចោល និងបងប្អូនដែលត្រូវគេមើលងាយ បងប្អូនជនរងគ្រោះដោយសារការរើសអើង និងបងប្អូនដែលគ្មានតម្លៃកំពុងឋិតនៅខាងក្រៅសង្គម (cf. Enc. Fratelli tutti, លេខ ១៩៣)។

៣. ​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន

រដូវអប់រំពិសេសរម្លឹកយើងជារៀងរាល់ឆ្នាំគឺ «អំពើល្អ សេចក្តីស្រឡាញ់ យុត្តិធម៌ និងសាមគ្គីភាព មិនមែនធ្វើតែម្តងរួចរាល់នោះទេ ត្រូវតែអនុវត្តជារៀងរាល់ថ្ងៃ» (ឯកសារដដែល លេខ ១១)។ ចូរអង្វរព្រះជាម្ចាស់ប្រទានឱ្យមានចិត្តអត់ធ្មត់ជានិច្ច ដើម្បីក្លាយជាអ្នកបង្កើតផល(យ៉ាកុប ៥,៧) ដែលប្រព្រឹត្តអំពើល្អជាប្រចាំ។ សូមឱ្យអស់បងប្អូនដែលដួលឈោងដៃចាប់ព្រះហស្តព្រះជាម្ចាស់លើកខ្លួនឡើង។ សូមឱ្យបងប្អូនដែលវង្វេងស្មារតី បណ្តោយខ្លួនធ្លាក់ទៅតាមការទាក់ទាញរបស់មារ បែរមករកព្រះអម្ចាស់វិញ «​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់ទោសទូលំ‌ទូលាយ» (អេសាយ ៥៥,៧)។ នៅក្នុងពេលវេលានៃការប្រែចិត្តគំនិតនេះ ចុះពឹងផ្អែកលើព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះជាម្ចាស់ និងពឹងផ្អែកលើការរួបរួមគ្នាជាធ្លុងតែមួយរបស់ព្រះសហគមន៍។ សូមយើងកុំនឿយណាយនឹងសាបព្រោះអំពើល្អឡើយ។ តមអាហារគឺជាការរៀបចំដី អធិដ្ឋានគឺជាការស្រោចទឹក កិច្ចការសប្បុរសគឺជាការបង្កើតផល។ យើងទុកចិត្តច្បាស់លាស់នៅក្នុងជំនឿថា «យើងនឹងច្រូតបានផលជាមិនខាន ប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ» រួមនឹងអំណោយទានដោយចិត្តស៊ូទ្រាំ យើងនឹងទទួលផលតាមព្រះបន្ទូលសន្យា(ហេប្រឺ ១០,៣៦) សម្រាប់ការសង្រ្គោះរបស់យើង និងបងប្អូនឯទៀតជាមិនខាន(១ធីម៉ូថេ ៤,១៦)។ ការប្រព្រឹត្តសេចក្តីស្រឡាញ់ជាភាតរភាពចំពោះមនុស្សគ្រប់គ្នា នាំយើងឱ្យរួបរួមជាមួយព្រះគ្រីស្ត ដែលបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង (២កូរិនថូស ៥,១៤-១៥) ដើម្បីប្រទានឱ្យយើងមានអំណរនៃព្រះរាជស្ថានបរមសុខ ដល់ពេលព្រះជាម្ចាស់ «​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ក្នុង​គ្រប់​ប្រការ​ទាំង​អស់» (១កូរិនថូស ១៥,២៨)។

បពិត្រព្រះនាងម៉ារី ព្រះសង្គ្រោះបានចាប់កំណើតក្នុងផ្ទៃព្រះនាង
ព្រះនាងបានចងចាំហេតុទាំងអស់
ហើយថែមទាំងរិះគិតពិចារណា
នៅក្នុងដួងចិត្តទៀតផង (លូកា ២,១៩)។
សូមព្រះនាងប្រទានឱ្យយើងទទួលព្រះអំណោយទាននូវចិត្តស៊ូទ្រាំ
និងបានរួមជិតស្និទ្ធជាមួយព្រះអម្ចាស់តាមរយៈព្រះមាតាព្រះអង្គ
ដើម្បីឱ្យពេលវេលានៃការប្រែចិត្តគំនិតនេះ
ទទួលផលនៃការសង្គ្រោះអស់កល្បជានិច្ចផង។

ធ្វើនៅទីក្រុងរ៉ូម ព្រះវិសាលវិហារ សន្តយ៉ូហាន ឡាត្រង់
ក្នុងឱកាសបុណ្យរម្លឹកសន្តម៉ាតាំង ជាលោកអភិបាល
ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១


[1] Cf. SAINT AUGUSTIN , Serm. 243, 9,8 ; 270, 3 ; Fr. dans Ps. 110, 1.
[2] Cf. Moment extraordinaire de prière en temps d’épidémie (27 mars 2020).
[3] Cf. Angélus du 17 mars 2013.

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email