អភិបូជា​អាទិត្យ​ទី​៥​ក្នុង​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​មីកាអែល

កំពង់សោម ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ អេសាយ ៤៣,១៦-២១ ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក។ អស ៤៣,១៩ អត្ថបទ​ទី២៖ ភីលីព ៣,៨-១៤ ខ្ញុំ​បាន​សុចរិត ដោយ​ជឿ​លើ​ព្រះ‌គ្រីស្ត។ ភីល ៣,៩ ដំណឹងល្អ៖ យ៉ូហាន ៨,១-១១ ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុំ​ឲ្យ​អ្នក​ដែល​គ្មាន​បាប​សោះ យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ។ យហ ៨,៧

“កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​ធ្វើ​ជា​មនុស្ស​ថ្មី”

បង​ប្អូន​ជា​ទី​ស្រឡាញ់

នៅ​ក្នុង​អាទិត្យ​ទី​៥​នៃ​រដូវ​អប់រំ​ពិសេស យើង​បាន​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​ដែល​ណែនាំ​ឱ្យ​យើង​គិត​ច្រើន​។ នៅ​ក្នុង​គម្ពីរ​នេះ មាន​ពួក​ខាង​គណៈផារីស៊ី​និង​ពួក​បណ្ឌិត​ខាង​វិន័យ បាន​ដែល​ទៅ​ជួប​ជា​មួយ​ព្រះយេស៊ូ។ នៅ​ពេល​នោះ គេ​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​មើល​ស្ត្រី​ម្នាក់ ជា​ស្ត្រី​ដែល​បាន​ធ្វើ​អំពើ​បាប​យ៉ាង​ច្រើន។ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​កាត់​ក្តី​គាត់ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​ដាក់​ទោស​គាត់ ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​អ្វី​ទាំង​អស់។ ព្រះអង្គ​កំពុង​គូស​វាស​នៅ​លើ​ដី​ខ្សាច់ (យើង​ដឹង​ហើយ​ថា​នៅ​ពេល​មាន​ខ្យល់​ឬ​មាន​ទឹក​វា​រលប់​អស់​ហើយ)។ ក្រោយ​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​យ៉ាង​ខ្លី​ថា “ប្រសិន​បើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មនុស្ស​ម្នាក់​ដែល​មិន​បាន​ធ្វើ​អំពើ​បាប​សោះ សូម​យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ”។ នៅ​ពេល​នោះ​អស់​មនុស្ស​ហើយ នៅ​ពេល​ព្រះយេស៊ូ​ងើប​ព្រះភ័ក្ត្រ​គេ​បាន​ទៅ​អស់​ហើយ ដោយសារ​គេ​ដឹង​ខ្លួន​ឯង​ថា​បាន​ប្រព្រឹត្តិ​អំពើ​បាប​យ៉ាង​ច្រើន​ដែរ។ ព្រះយេស៊ូ​មិន​វិនិច្ឆ័យ​គាត់ មិន​កាត់​ក្តី​គាត់ ផ្ទុយ​ទៅ​វិញ​ព្រះយេស៊ូ​បាន​លើក​លែង​ទោស​ឱ្យ​គាត់​ដោយសារ​ជំនឿ។

នៅ​ពេល​យើង​បាន​ឃើញ​រឿង​នេះ កុំ​ឱ្យ​យើង​គិត​ភ្លាមៗ​ថា យើង​មិន​មែន​ដូច​ពួក​បណ្ឌិត​ខាង​វិន័យ យើង​មិន​មែន​ដូច​ពួក​ខាង​គណៈផារីស៊ី យើង​មិន​ចេះ​វិនិច្ឆ័យ​គេ យើង​មិន​ចេះ​កាត់​ក្តី​គេ។ ឬ​កុំ​ឱ្យ​យើង​គិត​ថា យើង​ជា​អ្នក​មាន​បាប​ដូច​ស្ត្រី​នេះ ឬ​គិត​ថា​យើង​ជា​អ្នក​ដែល​លើក​លែង​ទោស​ឱ្យ​គេ​ជានិច្ច ឬ​យើង​ជា​មនុស្ស​សុចរិត​ដ៏​ល្អ​ប្រសើរ។

ប្រហែល​យើង​នៅ​ក្នុង​ក្រុម​ទាំង​៣​ដែរ៖

ក្រុម​ទី​១ អ្នក​ដែល​ពូកែ​វិនិច្ឆ័យ អ្នក​ពូកែ​កាត់​ក្តី អ្នក​ពូកែ​មើល​គេ​និង​ដឹង​ថា​មនុស្ស​នេះ​ល្អ​ឬ​មនុស្ស​នេះ​អាក្រក់។ អ្នក​ដែល​ពូកែ​និយាយ​ដើម​គេ ដោយ​ភ្លេច​មើល​ខ្លួន​ឯង ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “យើង​ពូកែ​មើល​ធូលី​នៅ​ក្នុង​ភ្នែក​របស់​គេ ប៉ុន្តែ​យើង​មិន​ចេះ​មើល​ធ្នើម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​យើង ដែល​ជា​អំពើ​បាប​របស់​យើង”។ នេះ​ជា​ក្រុម​ទី​១ ជា​ក្រុម​បណ្ឌិត​ខាង​វិន័យ ក្រុម​គណៈផារីស៊ី ជួន​កាល​យើង​គិត​ថា​យើង​មិន​មែន​ដូច​គេ។ ប៉ុន្តែ ឱ្យ​យើង​ពិចារណា​នៅ​ក្នុង​រដូវ​៤០​ថ្ងៃ នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត ដើម្បី​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​កែប្រែ​ចិត្ត​គំនិត កុំ​ឱ្យ​យើង​ភ្ជាប់​ជា​មនុស្ស​ដែល​ចេះ​តែ​កាត់​ក្តី ចេះ​តែ​វិនិច្ឆ័យ ចេះ​តែ​មើល​ងាយ​គេ ចេះ​តែ​និយាយ​ដើម​គេ ចេះ​តែ​ទុក​ចោល​មនុស្ស​មួយ​ចំនួន​ដោយ​ដឹង​ថា មនុស្ស​នេះ​អាក្រក់​ណាស់ មនុស្ស​នេះ​មិន​ល្អ​សោះ។

ក្រុម​ទី​២ ឱ្យ​យើង​ទៅ​ជា​អ្នក​មាន​បាប អ្នក​មាន​បាប​ដូច​ស្ត្រី​នោះ នៅ​ពេល​យើង​ជា​អ្នក​មាន​បាប​យើង​ដឹង​ដែរ។ យើង​មាន​របៀប​ពីរ មាន​បៀប​មួយ​យើង​មិន​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង ដោយ​គិត​ថា​យើង​ធ្វើ​អំពើ​បាប​ហើយ​ថា​មិន​អី​ទេ​ជា​រឿង​តូច​តាច។ របៀប​មួយ​ទៀត​យើង​ដាក់​ខ្លួន ដូច​ពី​ម្សិលមិញ​យើង​បាន​ទទួល​អគ្គ​សញ្ញា​លើក​លែង​ទោស នេះ​ជា​ពេល​វេលា​ដើម្បី​ដាក់​ខ្លួន ដើម្បី​ទទួល​ស្គាល់​នៅ​ក្បែរ​សេចក្តី​ស្រឡាញ់​ដ៏​ធំ​របស់​ព្រះជាម្ចាស់។ នៅ​ពេល​យើង​មើល​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ យើង​អាច​ទទួល​ថា​ពិត​មែន​សេចក្តី​ស្រឡាញ់​របស់​យើង​មាន​ព្រំដែន ពិត​មែន​ជីវិត​របស់​យើង​មាន​ព្រំដែន យើង​ជា​អ្នក​ដែល​ដើរ​តាម​ផ្លូវ​ខុស យើង​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង។ នៅ​ពេល​យើង​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង​ហើយ ឱ្យ​យើង​សម្រេច​ចិត្ត យើង​មាន​ប្រាជ្ញា​ថា យើង​សុខ​ចិត្ត​ទៅ​ជា​មនុស្ស​ថ្មី យើង​សុខ​ចិត្ត​កែ​ប្រែ​ចិត្ត​គំនិត។ នៅ​ពេល​នោះ​យើង​ស្តាប់​ព្រះបន្ទូល​ដែល​ស្ត្រី​នេះ​បាន​ស្តាប់ “ខ្ញុំ​មិន​ដាក់​ទោស​នាង​ទេ ខ្ញុំ​លើក​លែង​ទោស​នាង​ឱ្យ​កម្លាំង​ថ្មី សូម​អញ្ជើញ​ទៅ​ចុះ តែ​ពី​ពេល​នេះ​ត​ទៅ​កុំ​ប្រព្រឹត្តិ​អំពើ​បាប​ទៀត​ឡើយ”។ នេះ​ជា​ព្រះបន្ទូល​ដែល​យើង​រៀងៗ​ខ្លួន​ចង់​ស្តាប់ ប៉ុន្តែ​យើង​ស្តាប់​លុះត្រាតែ​យើង​ជា​មនុស្ស​ដែល​ទទួល​ស្គាល់​អំពើ​បាប និង​មាន​គោល​បំណង​មួយ​គឺ​ទៅ​ជា​មនុស្ស​សុចរិត ទៅ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​ស្រឡាញ់ ដែល​ដើរ​តាម​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។

ក្រុម​ទី​៣ ជួន​កាល​យើង​ត្រូវ​ការ​ធ្វើ​ដូច​ព្រះយេស៊ូ ដូច​ព្រះយេស៊ូ​ដែល​លើក​លែង​ទោស ដូច​ព្រះ​យេស៊ូ​ដែល​មិន​វិនិច្ឆ័យ ដូច​ព្រះយេស៊ូ​ដែល​មិន​កាត់​ក្តី ដូច​ព្រះយេស៊ូ​ដែល​ទុក​ឱកាស​ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី។ ឱ្យ​យើង​ទុក​ឱកាស​ដើម្បី​ឱ្យ​បងប្អូន​របស់​យើង ឱ្យ​មនុស្ស​ដែល​យើង​ចង់​មើល​ងាយ មនុស្ស​ដែល​យើង​ថា​ជា​អ្នក​មាន​បាប ឱ្យ​គេ​មាន​ឱកាស​ដើម្បី​ទៅ​ជា​មនុស្ស​ថ្មី។ ដូច្នេះ ថ្ងៃ​នេះ​ជា​ពេល​វេលា​ដើម្បី​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធ្វើ​ជា​មនុស្ស​ថ្មី​តាម​របៀប​ព្រះយេស៊ូ យើង​ទទួល​ការ​លើក​លែង​ទោស និង​យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​លើក​លែង​ទោស​ឱ្យ​គេ​ដែរ ដើម្បី​ទុក​ឱ​កាស​ឱ្យ​ទៅ​ជា​មនុស្ស​ថ្មី។

ថ្ងៃ​នេះ យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ ជា​របៀប​លោក​ប៉ូល​ដែល​មាន​បំណង​តែ​មួយ “បំណង​របស់​ខ្ញុំ​គឺ​ចង់​ស្គាល់​ព្រះគ្រីស្ត និង​ស្គាល់​ឫទ្ធានុភាព​ដែល​បាន​ប្រោស​ព្រះអង្គ​ឱ្យ​មាន​ព្រះជន្មថ្មី ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះអង្គ​ដែល​រង​ទុក្ខ​លំបាក ហើយ​ឱ្យ​បាន​ដូច​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត ដើម្បី​ឱ្យ​ខ្ញុំ​មាន​ជីវិត​ថ្មី​ដ៏​ពេញ​លេញ”។ សម្រាប់​យើង នៅ​ក្នុង​អាទិត្យ​ចុង​ក្រោយ​នៃ​រដូវ​៤០​ថ្ងៃ​នេះ ប្រហែល​យើង​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ ប្រហែល​យើង​មាន​គោល​បំណង​ដូច​គ្នា​ដែរ គឺ​ស្គាល់​ព្រះយេស៊ូ​ថែម​ទៀត។ ជា​ពិសេស​ចូល​នៅ​ក្នុង​ទុក្ខ​លំបាក​របស់​ព្រះអង្គ ដើម្បី​ទទួល​ព្រះជន្ម​ថ្មី​រួម​ជា​មួយ​ព្រះអង្គ​ដែរ នេះ​ជា​គោល​បំណង​នៃ​ជីវិត​របស់​យើង​ដ៏​ធំ​ណាស់។ នេះ​ជា​របៀប​លោក​ប៉ូល ជា​របៀប​របស់​យើង នៅ​សល់​ពេល​ខ្លះៗ​ទៀត យើង​ដឹង​ថា​ដូច​លោក​ប៉ូល “ខ្ញុំ​រត់​តម្រង់​ទៅ​រក​ទី​ដៅ ដើម្បី​ឱ្យ​បាន​ទទួល​រង្វាន់​ពី​ព្រះជាម្ចាស់ ដែល​ទ្រង់​បាន​ត្រាស់​ហៅ​ឱ្យ​យើង​ពី​ស្ថាន​បរម​សុខ ឱ្យ​ទទួល​រួម​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត​យេស៊ូ”។ យើង​ឃើញ​អត្ថបទ​នេះ ដែល​លោក​ប៉ូល​ផ្តល់​សក្ខីភាព លោក​ប៉ូល​មិន​មែន​អង្គុយ​ចាំ លោក​ប៉ូល​មិន​មែន​ដេក​លក់​ដោយ​អស់​សង្ឃឹម។ ផ្ទុយ​ទៅ​វិញ លោក​ប៉ូល​រត់​ទៅ​មុខ​ដល់​គោល​ដៅ​របស់​គាត់ ដើម្បី​មើល​ឃើញ​ព្រះយេស៊ូ ដើម្បី​ទៅ​ជា​មនុស្ស​សុចរិត។ ដោយសារ ព្រះយេស៊ូ​ជា​មនុស្ស​សុចរិត​គាត់​អាច​ទៅ​ជា​មនុស្ស​សុចរិត​ដែរ។ ដូច្នេះ គាត់​ខិត​ខំ​ដើម្បី​ទៅ​មុខ គាត់​បាន​លើក​ឧទាហរណ៍​ថា​គាត់​ជា​កីឡាករ​ដែល​រត់​ដើម្បី​ទៅ​ដល់​គោល​ដៅ​របស់​គាត់។ គោល​ដៅ​របស់​គាត់ មិន​មែន​ជា​គោល​ដៅ​តូច​តាច​ទេ គឺ​ទទួល​រង្វាន់​ពី​ព្រះជាម្ចាស់ ជា​ជីវិត​អស់​កល្ប​ជានិច្ច។

ថ្ងៃ​នេះ យើង​មាន​ពីរ​នាក់​ដែល​នឹង​ធ្វើ​ពិធី​ជម្រះ​ចិត្ត​គំនិត ជា​ពេល​វេលា​សម្រាប់​ទាំង​ពីរ​នាក់ និង​សម្រាប់​យើង​ទាំង​អស់​គ្នា ដើម្បី​ទូល​អង្វរ​ព្រះជាម្ចាស់ ឱ្យ​យើង​រត់​ដូច​លោក​ប៉ូល។ កុំ​ឱ្យ​យើង​អង្គុយ​ចាំ កុំ​ឱ្យ​យើង​ដេក​លក់​មិន​ដឹង​ខ្លួន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ឱ្យ​យើង​ឈរ​ឡើង ឱ្យ​យើង​រត់​ទៅ​ដល់​គោល​ដៅ​នៃ​ជីវិត។ គោល​ដៅ​នៃ​ជីវិត​លើ​ផែនដី​នេះ​សិន ស្រឡាញ់ លើក​លែង​ទោស​ឱ្យ​គេ មិន​វិនិច្ឆ័យ​គេ មិន​កាត់​ក្តី​គេ ធ្វើ​ដំណើរ​ជា​បង​ប្អូន​គ្នា​នៅ​ក្នុង​ពិភព​លោក​តែ​មួយ។ នៅ​ពេល​យើង​បាន​ឃើញ​សង្រ្គាម​មិន​បាន​បញ្ចប់​នៅ​លើ​ពិភព​លោក យើង​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់​ថែម​ទៀត។ យើង​ដឹង​ថា ប្រភព​នៃ​សង្រ្គាម ប្រភព​នៃ​ជំទាស់ ប្រភព​ទាំង​អស់​មក​ពី​យើង​មិន​ចេះ​ទទួល​ស្គាល់​ថា យើង​មាន​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់ យើង​មាន​កម្លាំង​មួយ​យ៉ាង​ពិសេស ឫទ្ធានុភាព​មួយ​យ៉ាង​ពិសេស​ដែល​មក​ពី​ព្រះជាម្ចាស់។

យើង​អធិដ្ឋាន ដើម្បី​ឱ្យ​ជីវិត​ដែល​មក​ពី​ព្រះជាម្ចាស់​យាង​ចូល​នៅ​ក្នុង​ខ្លួន​របស់​យើង​ដ៏​ពេញ​លក្ខណៈ​។ ដូច​លោក​ប៉ូល​ដែល​ទន្ទឹង​ជីវិត​ដ៏​ពេញ​លក្ខណៈ ឱ្យ​យើង​ទទួល​ជីវិត​ដ៏​ពេញ​លក្ខណៈ​ដែរ ដើម្បី​ទៅ​ជា​មនុស្ស​ថ្មី ដូច​ស្ត្រី​នេះ​ទៅ​ជា​មនុស្ស​ថ្មី។ នៅ​ពេល​គាត់​បាន​ស្តាប់​សូម​អញ្ជើញ​ទៅ​ចុះ ដោយសារ​នេះ​ជា​របៀប​ជា​មួយ​ព្រះយេស៊ូ ដូច​លោក​ប៉ូល​បាន​យល់​ច្បាស់​មិន​អង្គុយ​មិន​ដេក​លក់ សូម​ទៅ​ចុះ។ គាត់​ទៅ​ណា​យើង​មិន​ដឹង​ទេ តែ​យើង​ដឹង​ថា​គាត់​ទៅ​នៅ​ក្នុង​អំណរ​សប្បាយ ដោយ​មាន​កម្លាំង​ថ្មី លែង​ធ្វើ​អំពើ​បាប លែង​វង្វេង​ផ្លូវ​នៅ​ក្នុង​ជីវិត។ ដោយសារ គាត់​បាន​ជួប​ជា​មួយ​ព្រះយេស៊ូ​ដែល​ជា​ទឹក ដែល​ជា​ជីវិត ដែល​ជា​ផ្លូវ ដែល​បាន​ណែនាំ​ឱ្យ​គាត់​ធ្វើ​ដំណើរ​ត​ទៅ​ទៀត កុំ​ឱ្យ​គាត់​ដួល កុំ​ឱ្យ​គាត់​ធ្លាក់ ប៉ុន្តែ​ឱ្យ​គាត់​អាច​ធ្វើ​ដំណើរ​ត​ទៅ​ទៀត។ យើង​អធិដ្ឋាន​ថែម​ទៀត ឱ្យ​យើង​ធ្វើ​ជា​មនុស្ស​ថ្មី ដែល​ធ្វើ​ដំណើរ​គ្រប់​ពេល​វេលា​ដល់​គោល​ដៅ​របស់​យើង គឺ​មើល​ឃើញ​ព្រះយេស៊ូ​ផ្ទាល់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email