អភិបូជាប្រសិទ្ធីពរលើព្រះវិហារថ្មី ធ្វើនៅព្រះសហគមន៍សន្តអូគូស្តាំង កំពត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ នេហេមី ៨,២-១១នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មិន‌មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ​ឡើយ។ នហ ៨,៩អត្ថបទ​ទី២៖ កិច្ចការ ២៨,១៦-២០.៣០-៣១លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។ កក ២៨,៣០ដំណឹងល្អ៖ យ៉ូហាន ២១,២០-២៥ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!។ យហ ២១,២៣

“យើង​ទាំង​អស់​គ្នា​ជា​គ្រីស្ត​ទូត”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ជា​ពេល​វេលា​ដែល​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១ មិន​មែន​ជា​ពេល​វេលា​ដើម្បី​យំ “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។ ថ្ងៃ​នេះ យើង​សុំ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​ព្រះវិហារ​ថ្មី​សន្ត​អូគូស្តាំង ជា​ពេល​វេលា​ដ៏​សក្ការៈ​ពិត​មែន ដែល​យើង​ថ្វាយ​ទៅ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ទាំង​អស់​គ្នា។

គម្ពីរ​ដំណឹង​ល្អ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ ជា​អត្ថបទ​ចុង​ក្រោយ​នៅ​ក្នុង​គម្ពីរ​របស់​សន្ត​យ៉ូហាន​ជា​អ្នក​និពន្ធ ដើម្បី​ឱ្យ​យើង​នឹក​ឃើញ​អ្វីៗ​ទាំង​អស់​ដែល​កើត​ឡើង​ជា​មួយ​ព្រះយេស៊ូ ជា​មួយ​ក្រុម​សាវ័ក ជា​មួយ​ក្រុម​គ្រីស្ត​ទូត​ពី​ដើម។ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ចូល​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្លះៗ​អំពី​ព្រះសហគមន៍​កំពត​នៅ​ទី​នេះ។ នៅ​ពេល​លោក​អភិបាល អេមីល បាន​ចាត់​ខ្ញុំ​ឱ្យ​ទៅ​កំពត​នៅ​ខែ​កញ្ញា ឆ្នាំ​២០០១ គាត់​ឱ្យ​ខ្ញុំ​ទៅ​ជា​មួយ​លោក លី ប៉ុន្តែ​គាត់​មិន​ទាន់​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ​ទេ។ ដូច្នេះ ត្រូវ​ចាំ​ដល់​ខែ​មករា ឆ្នាំ​២០០២ ក្រោយ​លោក លី ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ ដើម្បី​ឱ្យ​ខ្ញុំ​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​កំពត និង​ចាប់​ផ្តើម​រួម​ជា​មួយ​គ្នា។ ហេតុ​តែ​ចង់​ស្គាល់​កំពត ខ្ញុំ​បាន​ជិះ​ម៉ូតូ (បាហ្សា) ពី​កំពង់​សោម​មក​កំពត ដោយ​មាន​ផ្លូវ​មហា​ពិបាក​ហើយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត។ ពេល​ខ្ញុំ​មក​ដល់​កំពត ខ្ញុំ​បាន​ឃើញ​ទី​ក្រុង​ចាស់ ខ្ញុំ​មើល​ហើយ​ក៏​ទៅ​ភ្នំពេញ​វិញ នឹង​រង់ចាំ​ដល់​ពេល​វេលា​ដើម្បី​ធ្វើ​ដំណើរ​មក​ជា​មួយ​លោក​ឪពុក លី។

នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០០២ ខ្ញុំ​បាន​ទៅ​ចំការទៀង​លើក​ទី​មួយ​ដើម្បី​ជួប​ជា​មួយ​លោក​គ្រូ​ជៀង និង​ជួប​ជា​មួយ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តាកែវ នៅ​មន្ទីរ​ពេទ្យ​ភ្នែក​តាកែវ។ ខ្ញុំ​បាន​ដួល​ម៉ូតូ ពេល​ខ្ញុំ​ទៅ​ដល់​មន្ទីរ​ពេទ្យ​ភ្នែក​ខ្ញុំ​ពោរពេញ​ដោយ​ឈាម ក្រោយ​មក​ខ្ញុំ​បាន​តស៊ូ​ជិះ​ម៉ូតូ​បន្ត​មក​ជួប​លោក​ឪពុក លី នៅ​កំពត​ទៀត។ ក្រោយ​មក​យើង​បាន​ជួល​ផ្ទះ ខ្ញុំ​ជា​មួយ​លោក​ឪពុក លី បាន​នៅ​កំពត​អស់​រយៈ​ពេល​មួយ​ឆ្នាំ យើង​មាន​ជីវិត​ដូច​តា​ឥសី​ម្យ៉ាង។ មាន​ន័យ​ថា យើង​រស់​នៅ​តែ​ពីរ​នាក់ អធិដ្ឋាន​ពេល​ព្រឹក ពេល​ល្ងាច ទេសនា​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ក្រោយ​មក​មាន​ក្មួយ​លោក​ឪពុក លី (សាម៉ន)។ យើង​បាន​ចែក​ការងារ​គ្នា ដោយ​លោក​ឪពុក លី ទៅ​ជុំ​គិរី​ដែល​មាន​គ្រួសារ​មួយ (មីង​អាន) ខ្ញុំ​ទៅ​ចំការទៀង​ដោយ​មាន​គ្រីស្ត​បរិស័ទ​ម្នាក់ (លោក​គ្រូ​ជៀង)។ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ យើង​នៅ​កំពត​ពីរ​នាក់ យើង​បាន​រស់​នៅ​របៀប​នេះ​រហូត​ដល់​យើង​បាន​ឃើញ នៅ​ក្បែរ​ព្រះវិហារ​យើង​មាន​កន្លែង​មួយ (អូស្កូ)។ អូស្កូ ជា​អាគារ​ចាស់​ពី​សម័យ​ឆ្នាំ​១៩៩៣ ក្រោយ​មក​យើង​បាន​ទិញ ហើយ​ខ្ញុំ​ទាំង​ពីរ​នាក់​បាន​រិះ​គិត​ជា​មួយ​គ្នា​ថា ដើម្បី​ចាប់​ផ្តើម​យើង​បាន​ប្រមូល​សិស្ស-និស្សិត​ខ្លះៗ។ ដូច្នេះ យើង​បាន​ប្រមូល​ពី​ចំការទៀង​ខ្លះៗ ដើម្បី​ចាប់​ផ្តើម​បេសកកម្ម​នៅ​កំពត​យ៉ាង​ពេញ​លក្ខណៈ។

នៅ​ឆ្នាំ​២០០៤ បង​ស្រី ស៊ីងកូ (បង​ស្រី​ជប៉ុន) បាន​មក​ដល់​កំពត ដើម្បី​ចាប់​ផ្តើម​បេសកកម្ម​តាម​រយៈ​សាលា​មត្តេយ្យ ការ​អប់រំ និង​ជាពិសេស​គាត់​បាន​ទទួល​ខុស​ត្រូវ​មណ្ឌល​យុវនារី។ ដូច្នេះ យើង​មាន​មណ្ឌល​យុវនារី​ជា​មួយ​បង​ស្រី យើង​មាន​មណ្ឌល​យុវជន អូស្កូ ដែល​មាន ហ៊ុន អាន និង​សិស្ស​ខ្លះៗ​បាន​រស់​នៅ​ជា​មួយ​គ្នា។ នេះ​ជា​ពូជ​ដំបូង​នៃ​ព្រះសហគមន៍​នៅ​កំពត ខ្ញុំ​និង​លោក​ឪពុក លី បាន​រស់​នៅ​ទី​នេះ​ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០០៧។ នៅ​ឆ្នាំ​២០០៧ លោក​ឪពុក លី ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង ហើយ​ខ្ញុំ​ត្រូវ​បាន​លោក​អភិបាល អេមីល ឱ្យ​ធ្វើ​ជា​តំណាង​ពេញ​សិទ្ធិ។ ដោយសារ​ខ្ញុំ​មាន​ការងារ​ច្រើន លោក​អភិបាល អេមីល ក៏​បាន​បែង​ចែក​តំបន់​កំពត​និង​តាកែវ ដែល​មាន​លោក​ឪពុក សុន ជា​អ្នក​ទទួល​ខុស​ត្រូវ​កំពត​នៅ​ខែ​សីហា ឆ្នាំ​២០០៧។ ដូច្នេះ ពី​ដើម​ឆ្នាំ​រហូត​ដល់​ខែ​សីហា ខ្ញុំ​រត់​កំពត​និង​តាកែវ​ម្នាក់​ឯង មាន​លោក​តា​ម្នាក់​នៅ​ត្រពាំងរពៅ បាន​មក​ស្តី​ឱ្យ​ខ្ញុំ​ថា “លោក​ឪពុក​មិន​ដែល​ទៅ​ថ្វាយ​អភិបូជា​នៅ​កន្លែង​យើង​សោះ”។

ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ ដែល​ខ្ញុំ​និង​លោក​ឪពុក លី បាន​នៅ​ជា​មួយ​គ្នា​ពីរ​នាក់ យើង​បាន​ធ្វើ​ឱ្យ​កំពត ជុំគិរី ចំការទៀង បាន​រីក​ចម្រើន។ ត្រពាំងរពៅ​បាន​នៅ​ជា​មួយ​ព្រែកប្រស់ និង​បាន​ចាប់​ផ្តើម​ជា​មួយ​កោះស្លា​តិច​តួច ក្រោយ​មក​លោក​ឪពុក សុន ជា​អ្នក​ដែល​បាន​សាង​សង់​ច្រើន​នៅ​ទី​នោះ។ ខ្ញុំ​បាន​ទៅ​ដល់​ភ្នំ​វល្លិ៍ កន្លែង​ដែល​បង​ស្រី​ម៉ារីអង់​នៅ​សព្វ​ថ្ងៃ ដើម្បី​ជួយ​ក្រុម​គ្រួសារ​ដែល​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍។ បន្តិច​ម្តងៗ យើង​បាន​ទិញ​ផ្ទះ​នៅ​កំពត​នេះ (ជា​ព្រះវិហារ​ចាស់) ក្នុង​បន្ទប់​អធិដ្ឋាន​យើង​មាន​រូប​នៅ​ក្នុង​កញ្ចក់​ដែល​មាន​ភ្នំ​បូកគោ មាន​សមុទ្រ​កែប មាន​ព្រះយេស៊ូ​ដែល​ចាប់​កំណើត​ជា​មនុស្ស​ដ៏​ពិត​ប្រាកដ បាន​ដើរ​តាម​ឆ្នេរ​សមុទ្រ​ដើម្បី​ត្រាស់​ហៅ​សាវ័ក​ដំបូង។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​គម្ពីរ​ថ្ងៃ​នេះ “ចំពោះ​អ្នក​វិញ​សូម​អញ្ជើញ​មក​តាម​ខ្ញុំ”។ នេះ​ជា​ព្រះយេស៊ូ​ដែល​បាន​ចាប់​ផ្តើម ដើម្បី​ប្រមូល​បង​ប្អូន និង​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​ធម៌​មេត្តា​ករុណា។ បន្តិច​ម្តងៗ តាម​រយៈ​ធម៌​មេត្តា​ករុណា​យើង​បាន​ចាប់​ផ្តើម​មាន​វត្ត​មាន​ជា​មួយ​ចាស់​ជរា ជា​មួយ​កូន​ក្មេង ជា​ពិសេស​យើង​ចាប់​ផ្តើម​មាន​សាលា​រៀន បង្រៀន​គួរ។ រហូត​ដល់​បង​ស្រី​ជប៉ុន បាន​សាង​សង់​ជា​មជ្ឈមណ្ឌល​វប្បធម៌ ដែល​មាន​បណ្ណាល័យ មាន​កន្លែង​ហាត់​របាំ មាន​បន្ទប់​ហូប​ទឹក​តែ​បែប​ជប៉ុន មាន​បន្ទប់​កុំព្យូទ័រ និង​សាលា​បង្រៀន​ភាសា​អង់គ្លេស។

លោក​ឪពុក លូកា បាន​បន្ត​ពី​លោក​ឪពុក សុន ពី​ឆ្នាំ​២០១០​រហូត​មក​ដល់​ឆ្នាំ​២០២២​នេះ បាន​ជួយ​បម្រើ​ដើម្បី​ឱ្យ​កន្លែង​យើង​ចាប់​ផ្តើម​មាន​ជីវិត។ នៅ​ទីក្រុង​រ៉ូម នៅ​ព្រះវិហារ​សន្ត​ក្លេម៉ង់ នៅ​ជាន់​ក្រោម​មាន​គេ​គោរព​ព្រះអាទិទេព ក្រោយ​មក​មាន​កន្លែង​ដែល​គ្រីស្ត​បរិស័ទ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ ក្រោយ​មក​ទៀត​មាន​កូន​ព្រះវិហារ​មួយ​នៅ​ខាង​លើ។ នៅ​កំពត​នេះ​ក៏​ដូច​គ្នា​ដែរ ដំបូង​យើង​មាន​ផ្ទះ​ចាស់​ដែល​ខ្ញុំ​បាន​ទិញ ក្រោយ​មក​មាន​ស្នាដៃ​របស់​លោក​ឪពុក សុន និង​ក្រោយ​មក​ទៀត​មាន​ស្នាដៃ​របស់​លោក​ឪពុក លូកា។ ប៉ុន្តែ អ្វី​ដែល​យើង​ដឹង​គឺ​យើង​បាន​បន្ត​ពី​ដើម​បន្តិច​ម្តងៗ ដើម្បី​សាប​ព្រោះ ដើម្បី​ឱ្យ​ព្រះសហគមន៍​មាន​ជីវិត។ នេះ​ជា​ប្រវត្តិ​សាស្ត្រ​ខ្លីៗ ដោយ​ចាប់​ផ្តើម​ជីវិត​ជា​តា​ឥសី ដោយ​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់ និង​បន្ត​ជា​មួយ​បង​ប្អូន​ដើម្បី​ឱ្យ​បង​ប្អូន​ទៅ​ជា​គ្រីស្ត​ទូត ទៅ​ជា​សាសនៈ​ទូត។ ដោយសារ​នៅ​កំពត​នេះ យើង​មិន​បាន​ចាប់​ផ្តើម​ព្រះសហគមន៍​ជា​មួយ​បង​ប្អូន​នៅ​កំពត​ប៉ុន្មាន​ទេ យើង​មាន​លោក​យាយ​ម្នាក់ យើង​មាន​លោក​តា​លក់​នំបុ័ង​ដែល​បាន​ទទួល​ការ​អប់រំ​ជំនឿ​និង​ពិធី​ជ្រមុជ​ទឹក។ ដូច្នេះ ជីវិត​របស់​ព្រះសហគមន៍​យើង​មក​ដោយសារ​គ្រីស្ត​ទូត​ពី​ដើម​មក​ពី​ចំការទៀង មក​ពី​ជុំគិរី មក​ពី​កោះស្លា មក​ពី​ត្រពាំងរពៅ មក​ពី​ព្រែកប្រស់ មក​ពី​កែប។ ដោយ​ដឹង​ថា យើង​ទាំង​អស់​គ្នា​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ផ្តល់​សក្ខីភាព​អំពី​ជីវិត​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ​យើង។

ព្រះសហគមន៍​របស់​យើង​ដូច​ពី​ដើម “លោក​ប៉ូល​បាន​ស្នាក់​នៅ​ផ្ទះ​ដែល​លោក​បាន​ជួល​នោះ​អស់​រយៈ​ពេល​២​ឆ្នាំ”។ នេះ​ជា​របៀប ជា​ផ្លូវ ដើម្បី​ឱ្យ​យើង​បន្ត​ប្រកាស​ដំណឹង​ល្អ លោក​ប៉ូល​បាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន “តែង​តែ​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក លោក​ប្រកាស​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​បង្រៀន​សេចក្តី​អំពី​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ត ដោយ​ចិត្ត​អង់​អាច និង​ដោយ​គ្មាន​អ្វី​មក​រារាំង​លោក​ឡើយ”។ គាត់​បាន​យក​ចិត្ត​ទុក​ដាក់ ទី​មួយ​ដើម្បី​ស្វាគមន៍​មនុស្ស​ដែល​មក​ជួប​គាត់ ទី​ពីរ​ដើម្បី​ប្រកាស​ដំណឹង​ល្អ ដោយសារ​គោល​ដៅ​របស់​យើង​គឺ​ធ្វើ​ដូច​ម្តេច​ដើម្បី​និយាយ​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។ ពោរពេញ​ដោយ សេចក្តី​សុខ​សាន្ត សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់ ចេះ​យល់​ចិត្ត​គ្នា ចេះ​បង្កើត​សុខ​សន្តិភាព ចេះ​បង្កើត​សុខដុមរមនា។

នៅ​ឆ្នាំ​២០០៤ យើង​បាន​ចាប់​ផ្តើម​កម្មវិធី​សួរ​សុខ​ទុក្ខ​អ្នក​ដែល​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង បន្តិច​ម្តងៗ​យើង​បាន​ចូល​ជា​មួយ​អន្តរ​សាសនា​ក្នុង​កម្មវិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ យើង​បាន​ប្រកាស​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​មិន​មែន​ដោយ​បង្ខំ ប៉ុន្តែ​ដោយ​ផ្តល់​សក្ខីភាព​អំពី​ជីវិត ជីវិត​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ។ ដោយ​យក​ចិត្ត​ទុក​ដាក់​អប់​រំ​ដូច​លោក​ប៉ូល​ពី​ដើម គាត់​អប់រំ​ដោយ​មាន​ចិត្ត​អង់​អាច ប៉ុន្តែ​អប់រំ​អំពី​ព្រះយេស៊ូ​គ្រីស្ត មិន​មែន​តែ​អប់រំ​ទូទៅ។ ដូច្នេះ ពេល​យើង​ឃើញ​បី​ចំណុច​នេះ ខ្ញុំ​គិត​ថា​សម្រាប់​លោក​ឪពុក​ទាំង​អស់​ដែល​ទទួល​ព្រះសហគមន៍​ថ្មីៗ ឱ្យ​យើង​យក​របៀប​លោក​ប៉ូល។ លោក​ប៉ូល​គាត់​នៅ និង​ស្វាគមន៍​បង​ប្អូន​ដែល​មក​ជួប​គាត់ គាត់​ប្រកាស​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ គាត់​បង្រៀន​អំពី​ព្រះយេស៊ូ​គ្រីស្ត​ដោយ​ចិត្ត​ក្លាហាន។ ដូច្នេះ នេះ​ជា​ផ្លូវ​សម្រាប់​យើង​ជា​លោក​ឪពុក សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ សម្រាប់​យើង​ដែល​ជា​សាសនៈ​ទូត។ យើង​ជា​សាសនៈ​ទូត​ទាំង​អស់​គ្នា ដើម្បី​ណែនាំ​ឱ្យ​ដំណឹង​ល្អ​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ជីវិត​របស់​យើង ទៅ​ដល់​បង​ប្អូន​ទាំង​អស់។

ចំពោះ​អ្នក​វិញ​សូម​អញ្ជើញ​មក​តាម​ខ្ញុំ” នេះ​ជា​អ្វី​ដែល​ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​យើង មិន​មែន​តែ​អង្គុយ​នៅ​ក្នុង​បន្ទប់​របស់​យើង ប៉ុន្តែ​យើង​ចេញ​ដើម្បី​ទៅ​កន្លែង​ដែល​បង​ប្អូន​កំពុង​មាន​សេចក្តី​ត្រូវ​ការ ដើម្បី​ទៅ​កន្លែង​ដែល​មាន​បង​ប្អូន​កំពុង​រង​ទុក្ខ​លំបាក។ យើង​ដឹង​ថា​ព្រះសហគមន៍​នៅ​កំពត ជា​ព្រះសហគមន៍​ដែល​នៅ​ខ្សោយ​មិន​ទាន់​រឹង​មាំ​ទេ ដូច្នេះ​យើង​ត្រូវ​តែ​បន្ត​ប្រកាស​ដំណឹង​ល្អ។ យើង​កុំ​ភ្លេច​ថា ព្រះយេស៊ូ​គ្មាន​កន្លែង​ដើម្បី​ស្នាក់​នៅ​ទេ ព្រះយេស៊ូ​ទៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដើម្បី​ប្រកាស​ដំណឹង​ល្អ ដើម្បី​ណែនាំ​ឱ្យ​ដី​អាថ៌​មាន​ជីវិត។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​ទៅ​ជា​គ្រីស្ត​ទូត ទៅ​ជា​សាសនៈ​ទូត ដើម្បី​ឱ្យ​ព្រះវិហារ​ថ្មី​នេះ​ទៅ​ជា​ព្រះដំណាក់​ដែល​ស្វាគមន៍​បង​ប្អូន ដែល​ជា​បង​ប្អូន​របស់​យើង​ពិត​មែន។ ថ្ងៃ​នេះ យើង​ឧទ្ទិស​ព្រះវិហារ​នេះ​ដល់​សន្ត អូគូស្តាំង ខ្ញុំ​រំភើប​ដោយសារ​ថ្ងៃ​នេះ​យើង​មាន​ធាតុ​របស់​សន្ត អូគូស្តាំង។ សន្ត អូគូស្តាំង ដែល​រស់​នៅ​ក្នុង​សតវត្សរ៍​ទី​៤ មាន​ន័យ​ថា​ជាង​១៧០០​ឆ្នាំ​មុន យើង​មាន​ធាតុ​របស់​គាត់​ដែល​យើង​នឹង​ដាក់​នៅ​ក្នុង​អាសនៈ​នៃ​ព្រះវិហារ​ថ្មី​នេះ។ យើង​ត្រូវ​ការ​នឹក​ឃើញ​ម្តាយ​របស់​សន្ត អូគូស្តាំង ដែល​ឈ្មោះ ម៉ូនីកា គាត់​បាន​អធិដ្ឋាន​ច្រើន​ដើម្បី​ឱ្យ​កូន​គាត់​ដែល​វង្វេង​រក​ឃើញ​ផ្លូវ​របស់​ព្រះជាម្ចាស់។ ម្តាយ​បាន​យំ​ហើយ​យំ​ទៀត ដើម្បី​ឱ្យ​កូន​កែ​ប្រែ​ចិត្ត​គំនិត គាត់​បាន​អធិដ្ឋាន​រហូត​ដល់​កូន​របស់​គាត់ (អូគូស្តាំង) បាន​ភ្ញាក់​ស្មារតី។ ថ្ងៃ​នោះ​គាត់​ភ្ញាក់​ដោយ​និយាយ​ថា “ខ្ញុំ​ល្ងង់​ម្ល៉េះ យូរ​ឆ្នាំ​ហើយ​ខ្ញុំ​ចង់​រក​ឃើញ​ផ្លូវ​នៃ​ជីវិត ខ្ញុំ​មិន​ដែល​យល់​ថា​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​ខ្ញុំ​ពី​ដើម ព្រះជាម្ចាស់​បាន​កសាង​ព្រះ​ដំណាក់​របស់​ព្រះអង្គ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ​ពី​ដើម ខ្ញុំ​មិន​ដែល​ដឹង ប៉ុន្តែ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស​ដោយសារ​ថ្ងៃ​នេះ ខ្ញុំ​បាន​រក​ឃើញ​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិត​មែន​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ព្រះវិហារ​ដ៏​សក្ការៈ​របស់​ព្រះជាម្ចាស់ មិន​មែន​តែ​អាគារ​ទេ​ប៉ុន្តែ​ជា​ដួង​ចិត្ត​របស់​យើង ជា​យើង​រៀងៗ​ខ្លួន​ដែល​ពោរពេញ​ដោយ​វត្តមាន​របស់​ព្រះជាម្ចាស់។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​អធិដ្ឋាន​ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​នៅ​កំពត ព្រះសហគមន៍​របស់​យើង​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ និង​ប្រទេស​កម្ពុជា ទៅ​ជា​ព្រះសហគមន៍​មួយ​ដែល​មើល​ឃើញ​វត្ត​មាន​របស់​ព្រះជាម្ចាស់ ដែល​គង់​នៅ​ជា​មួយ​យើង ដែល​ស្រឡាញ់​យើង ដែល​ជម្រុញ​យើង ឱ្យ​យើង​ទៅ​ប្រកាស​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ដែល​កំពុង​យាង​មក។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email