មណ្ឌល​មេត្តាករុណា​ជួយដល់​កុមារពិកាសតិបញ្ញានិង​សេវាសុខភាព

មណ្ឌល​មេត្តាករុណា​ដែលជាអតីតអាគារ​ព្រះវិហារ​ចាស់នៃព្រះសហគមន៍​ជុំគិរី​ បានកែច្នៃ​ពង្រីក​និង​​សម្ពោធប្រើប្រាស់​​ជាផ្លូវការ ដើម្បីផ្ដល់​សេវាសុខភាពដល់​ពលរដ្ឋ កុមារ​ពិការ​សតិបញ្ញា និង​កុមារ​ដែល​មាន​បញ្ញាលូតលាស់យឺត។

មណ្ឌល​នេះ​ធ្វើ​ឡើង​​ដើម្បីជួយ​បងប្អូន​ដែល​កំពុង​តែ​មាន​ទុក្ខលំបាកខាង​ផ្នែក​សុខភាពទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ និង​ជួយ​ដល់​កុមារ​ពិការ​អាច​មាន​កន្លែង​ធ្វើ​ចលនាផងដែរ។ នេះ​បើតាម​ប្រសាសន៍​របស់លោក​បូជាចារ្យ​ យ៉ាំង​លូកា អ្នក​ផ្ដួច​ផ្ដើម​បង្កើត​ឱ្យ​មានមណ្ឌល​មេត្តាករុណានេះ។

មណ្ឌល​មេត្តា​ករុណា​ ស្ថិត​នៅ​ក្នុង​ ភូមិតារាជ ​ឃុំត្រពាំង​រាំង​​ ស្រុក​ជុំគិរី ខេត្ត​កំពត។

លោកបូជាចារ្យ​រូបនេះ​បន្ថែម​ថា កិច្ច​ការងារ​នេះ គឺធ្វើ​ឡើង​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូ ដែល​ផ្តាំ​ឲ្យ​គ្រីស្ត​បរិស័ទ​យក​ចិត្ត​ទុកដាក់​ចំពោះអ្នក​តូច​តាច។ លោក​បញ្ជាក់ថា «ជួយ​អ្នក​ជំងឺ​ជាអ្វី​ដែល​ព្រះសហគមន៍យើង​ធ្វើ​តាំងពី​ដើម​មក។»

អគារ​នេះ​ជា​អគារ​ចាស់របស់ព្រះវិហារ​សន្ត​យ៉ូសែប នៃ​ព្រះសហគមន៍ជុំគិរី​ ហើយ​ត្រូវបាន​ជួសជុល​និង​បង្កើត​ជា​សកម្មភាព​មេត្តាករុណា​នេះ​ឡើង​​។ លោក​បូជាចារ្យយ៉ាំង​លូកា បន្ថែមថា គម្រោង​នេះ បាន​ក្រោយពេល​​យើង​ធ្វើ​ព្រះវិហារ​ថ្មី យើង​យល់​ថា​ព្រះវិហារ​ចាស់​នឹង​ធ្វើ​សកម្មភាពនោះ។

​​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ២០២២ អគារនេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​មណ្ឌល​មេត្តាករុណា ក្រោម​អធិបតី​ភាព លោក​បូជាចារ្យ​ម៉ារី​យ៉ូ​ហ្គេហ្ស៊ី ប្រធាន​ក្រុម​យុវជន​នៃក្រុម​គ្រឹះស្ថានសម្ដេចប៉ាបដើម្បី​ប្រកាសដំណឹងល្អ( PIME) និង​លោក​បូជាចារ្យ តាវ៉ូឡា យ៉ាំង​លូកាប្រធានព្រះសហគមន៍​មណ្ឌលសកម្មភាព​កំពត​​។

លោក​បូជាចារ្យ យ៉ាំង​លូកា បាន​រំលឹក​ថា លោក​សូម​អរគុណ​​ដល់​គំរូ​របស់​គ្រីស្ត​បរិស័ទ​ដើម​ដំបូង​ម្នាក់​ឈ្មោះ​ជូ ​អាន ដែល​​​ធ្វើ​ឱ្យ​ព្រះសហគមន៍​ជុំគិរី​មាន​អត្ត​សញ្ញាណ​ចេះជួយនិង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ក្រីក្រ និង​អ្នក​ជំងឺ។​

អាគារមណ្ឌល​មេត្តាករុណា​មាន១៦​បន្ទប់ ដើម្បី​បម្រើសេវាកម្ម​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត ដោយ​សហការជាមួយ​អង្គការ​ម៉ារីណុល​ផ្នែកកម្មវិធី​​សុខភាព​ផ្លូវចិត្ត​។ ក្នុង​នេះ​មាន​ បន្ទប់ទទួលភ្ញៀវ២បន្ទប់ ​ការិយាល័យមួយ បន្ទប់​អប់រំពិសេសមួយ បន្ទប់​ហាត់ចលនាមួយ​  បន្ទប់​ហាត់​ភាសាមួយ​ បន្ទប់ពិគ្រោះសុខភាព​ផ្លូវកាយមួយ​ បន្ទប់​សុខភាព​ផ្លូវចិត្តមួយ​ បន្ទប់​ប្រឹក្សាផ្លូវចិត្តមួយ ឃ្លាំងដាក់​សម្ភារ​​មួយ​ និង​បន្ទប់​ទឹក​ចំនួន​ប្រាំមួយ​បន្ទប់។

លោក​បូជាចារ្យ​បន្ត​ថា យើង​​មាន​ទស្សន​វិស័យ​ជួយ​ដល់​អ្នក​ក្រីក្រ និង​កុមារពិការនិង​ខ្សោយ​សតិបញ្ញា​ឱ្យ​ទទួលបាន​ការអប់រំរៀនសូត្រ ទទួល​បាន​ការព្យាបាល​ទាំងសុខភាព​ផ្លូវកាយ ផ្លូវចិត្ត​ ស្មារតី ដើម្បីឱ្យជីវិត​ពួកគេ​ប្រកបដោយ​សេចក្ដីសុខសាន្ត និង​មាន​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​សង្គម។​

នៅ​ក្នុងប្រទេស​កម្ពុជា កុមារ​ខ្សោយ​សតិ​បញ្ញា មាន​ការ​កើន​ចំនួន​។ បើ​តាម​អង្គការសាលា​រៀន​ទន្សាយ​ដែល​មានទីតាំង​ស្ថិតនៅ​ក្នុង​រាជធានភ្នំពេញ គិត​ត្រឹម​ឆ្នាំ២០១៨​ ​បាន​ទទួល​សិស្ស​ឱ្យ​ចូល​រៀន​និង​ព្យាបាល​ប្រមាណ​ជិត​៦០០នាក់។​ អង្គការ​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា​ រាជធានី​ភ្នំពេញ​មាន​កុមារ​ពិការ​សតិបញ្ញា​ជិត​១០០នាក់​ទៀត​ដែល​មិន​ទាន់​បាន​ចូល​សាលា។​

រីឯ​សាលា​អប់រំ​ពិសេស​នៃការ​លូតលាស់ដែល​មានទីតាំង​នៅ​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​រាជធានីភ្នំពេញ​ ជាសាលា​មួយ​របស់​ព្រះសហគមន៍កាតូលិក​បាន​ឲ្យដឹងថា ក្នុង​ឆ្នាំ​២០២១ សាលានេះ​បាន​ទទួល​សិស្ស​ចំនួន​១៥៥នាក់ និង​មាន​សិស្ស​ស្ថិត​ក្នុងបញ្ជី​រង់ចាំ​ចំនួន​៥០នាក់​ផ្សេងទៀត។

តាម​ការ​ឱ្យ​ដឹង​ពី​លោក ភន សំ​ អ្នក​សម្រមសម្រួល​មណ្ឌល​មេត្តាករុណា បាន​ឱ្យ​ដឹង​ថា កម្មវិធី សុខភាព​ផ្លូវ​ចិត្ត​ បាន​បង្កើត​ឡើង​​តាំងពី​២០១៩ ប៉ុន្តែ​សម្រាប់​កុមារ​សតិបញ្ញា ព្រះសហគមន៍ទើប​ចាប់​ផ្តើម​ទទួល កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ២០២២។​

លោក​សំ បន្ថែម​ថា «បច្ចុប្បន្ន​មាន​កុមារ​យឺតយ៉ាវបញ្ញា​ចំនួន​១៤នាក់​ ​​ដោយ​មាន​របៀប​ខុសពីការ​​អប់រំកុមារ​ទូទៅ​ធម្មតា។»

កម្មវិធី​នេះ​បើក​ទទួល​កុមារ​​​ឱ្យ​ចូល​រៀន​រៀង​រាល់​ថ្ងៃ​ចន្ទដល់​សុក្រ ចាប់​ពី​ម៉ោង​៧៖​៣០ ដល់ម៉ោង៣​រសៀល។

លោកសំបន្ត​​ថា មណ្ឌលនេះ​មិន​តម្រូវ​ឲ្យអាណាព្យាបាល​​បង់​ប្រាក់​ប្រចាំ​ខែឡើយ «គឺ​ពួកគាត់​អាច​​ស្ម័គ្រ​ចិត្តបរិច្ចាគ​ជាអង្ករ ឬថវិកាមក​មណ្ឌល​បាន​។»​

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email