លោក​បូជាចារ្យ​ហុង ឲ្យ​គ្រីស្ត​បរិស័ទ​ស៊ូទ្រាំ​អធិដ្ឋាន

«នៅពេលយើងអត់ធ្មត់​ក្នុងការអធិដ្ឋាន គឺជាការបង្ហាញជំនឿ។ ការអធិដ្ឋានធ្វើឱ្យមានក្ដីសង្ឃឹម។» នេះ​ជាការ​លើក​ឡើង​របស់​លោក​បូជាចារ្យ យ៉ូហាន បាទីស្ត​ ប្រាក់​ ប៊ុន​ហុង ក្នុងពិធី​ថ្វាយ​អភិបូជាលើក​ដំបូង​របស់​លោក​នៅ​ព្រះវិហារ​ព្រះកុមារយេស៊ូ​បឹងទំពុន នារាជធានីភ្នំពេញ​ កាលពីពេល​ថ្មីៗនេះ។

តប​តាម​ការ​អញ្ជើញ​របស់​ព្រះសហគមន៍​ព្រះវិហារ​ព្រះកុមារ​យេស៊ូបឹងទំពុន លោក​បូជាចារ្យ​ទើប​នឹង​តែ​ងតាំង​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា​រូបនេះ​បាន​មាន​ប្រសាសន៍ទៀតថា ការអធិដ្ឋាន ដូចជាការ​ប្រើពាក្យ៣ គឺទូលសុំ គោះទ្វារ និងស្វែងរក។

ក្នុង​ធម្មទេសនា​ដែល​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​២៤ កក្កដា លោក​បូជាចារ្យ​រូប​នេះ បន្ថែម​ថា ការអធិដ្ឋាន គឺសន្ទនាទៅព្រះជាម្ចាស់ ដោយកសាងទំនាក់ទំនងដូចមិត្តសម្លាញ់។ ម្យ៉ាងទៀត ការអធិដ្ឋាន គឺជាការតស៊ូទទួលផលផ្លែ ដូចយើងបានស្ដាប់ព្រះយេស៊ូមានបន្ទូលអំពីអ្នកគោះទ្វារ។

លោក​បន្ត​ថា ការអធិដ្ឋានសំខាន់ណាស់ ទោះបីព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង​ហើយ ព្រះអង្គ​ក៏នៅតែ​អធិដ្ឋាន។ លោក​បូជាចារ្យ​ហុង​រំលឹក​ថា នៅពេល​យើងមានទុក្ខព្រួយ យើងត្រូវអអិដ្ឋាន។  អធិដ្ឋានគឺជាការទូលសុំ ការស្វែងរក ការគោះទ្វារ និងជាការឆ្លើយតបរបស់ព្រះជាម្ចាស់ ទោះបីជាយឺតយ៉ាវ ប៉ុន្តែនឹងបានផលក្នុងថ្ងៃណាមួយ។

ការ​អធិដ្ឋាន​មាន​ច្រើន​ប្រភេទ ដែលមាន​ដូចជា លក្ខណៈផ្ទាល់ខ្លួន ដូចព្រះយេស៊ូ និងលោកអប្រាហាំ។ ការអធិដ្ឋាន ជារបៀបសូត្រផ្គាំ ឬប្រើ​ជា​ទំនុក​បទ​កំណាព្យ។ ការ​អធិដ្ឋាន​ជាក្រុម​ ជាមួយសហគមន៍ ឬអ្នកជឿ។

លោក​បញ្ជាក់ទៀថា ការ​អធិដ្ឋាន​ក៏​អាច​​ធ្វើ​តាមរបៀបស្ងៀមស្ងាត់ ដូចលោកអូហ្គូស្ទីន ដែលជា​បិតា​នៃ​ទេវវិទ្យា​របស់ព្រះសហគមន៍ផងដែរ។ លោក​បន្ថែម​ថា  «មាត់យើងបិទ តែបេះដូងស្រែករកព្រះជាម្ចាស់។»

ក្នុងពិធី​អភិបូជាលើក​ដំបូង​នេះ លោក​បូជាចារ្យ​ប្រាក់ ប៊ុន​ហុង បាន​រំលឹក​អំពី​អនុស្សាវរីយ៍​របស់​លោក​ទាក់​ទង​ទៅ​នឹង​ការ​ត្រាស់​ហៅ​ជីវិត​ជា​បូជាចារ្យ ដោយបាន​បញ្ជាក់ថា «​នៅពេល​ខ្ញុំ​មក​បឹង​ទំពុន​ ខ្ញុំ​ឃើញព្រះវិហារ​រាល់​ថ្ងៃ​ និង​អាច​ចាប់​ផ្ដើម​រិះ​គិត​ថា ​ចង់​បម្រើព្រះជាម្ចាស់​ដោយ​សារ​ជីវិត​នៅ​ក្នុង​មណ្ឌល​ជាប់​ជាមួយ​ព្រះសហគមន៍​។»

លោក​ពុក​ហុង ដែលកាលពី​មុន​ជា​សិស្ស​នៅ​ក្នុងមណ្ឌលសន្ត​មីកាអែល ​ជា​កន្លែង​ទទួល​យុវជន​កាតូលិក​ឲ្យសិក្សា​រៀន​សូត្រ និង​រិះគិត​អំពី​ជីវិត​នៃការ​ត្រាស់ហៅរបស់ព្រះជាម្ចាស់។

នៅ​ក្នុងមណ្ឌល​នេះ លោក​បាន​ស្វែង​រក​ព្រះជាម្ចាស់​ ដោយ​មាន​លោក​បូជាចារ្យ​ខាងផ្លូវ​វិញ្ញាណ​ជួយ​ណែនាំផងដែរ។

ជាមួយគ្នានេះ លោក​បូជាចារ្យ​ហុង ជំរុញ​ឲ្យ​​​យុវជន​យុវនារី​ កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​​ឆ្លើយ​តប​អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់​។ លោក​សូម​ឲ្យ​ពួកគាត់​ទាំង​អស់​រំលឹក​ម្តង​ហើយ​ម្តងទៀត​អំពី​ការ​ត្រាស់ហៅក្នុងជីវិត​រស់នៅ​ជា​ប្រចាំ​ថ្ងៃ។

តាម​បទពិសោធ​របស់លោក​បូជាចារ្យរូបនេះ បាន​ឲ្យដឹងថា «ខ្ញុំត្រូវ​រំឭក​រាល់​ថ្ងៃ​ថា ​ចង់​បម្រើព្រះជាម្ចាស់​ ទោះបីជាពេល​ខ្លះ​យើង​វង្វេង តែព្រះវិញ្ញាណ​នឹង​ដាស់​មនសិការបស់​យើង​ជានិច្ច។​»

លោកក៏​ស្នើ​ដល់​ព្រះសហគមន៍​ អស់លោក​បូជាចារ្យ​គួរ​តែ​គាំ​ទ្រ​យុវជន​ទាំងអស់​ដែល​ចង់​ថ្វាយ​ខ្លួន​ទៅជាបូជាចារ្យ បងប្រុស​ បង​ស្រី ​ ដោយ​​ជំរុញ​ពួក​គេ​ឱ្យ​ស្គាល់​ពី​ព្រះសហគមន៍​ឱ្យ​បាន​ច្រើន​ ស្គាល់ពីជីវិត​អ្នក​បួស​ឱ្យ​បាន​ច្រើន និង​ឱ្យ​គេ​មាន​ភាព​ជិត​ស្និទ្ធដូចបងប្អូន​ លើក​ទឹក​ចិត្ត​គេ​ឱ្យ​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​និង​ចង់​ជួយ​ចង់​បម្រើ​ព្រះសហគមន៍។​

និស្សិត​ទេវវិទ្យាល័យ​​ វី សំណាង ដែល​នឹង​ត្រូវ​ទទួល​តែង​តាំង​ជា​ឧបដ្ឋាក​ក្នុងពេល​ខាង​មុខ​នេះ មាន​ប្រសាសន៍​ថា បូជាចារ្យ​ថ្មីនេះ​ជាសញ្ញាមួយ​បង្ហាញ​ថា​ព្រះសហគមន៍​កម្ពុជា​របស់​យើង​ដើរ​ទៅ​មុខ​ និងមាន​ការ​រីក​ចម្រើន​ ដោយ​មាន​បូជាចារ្យ​មួយ​រូប​នៅក្នុង​ស្រុក​របស់​យើង ជាកម្លាំង​សម្រាប់​យុវជនរបស់​យើង។

លោក​បញ្ជាក់ថា «យើង​​ឃើញ​ថា​ព្រះសហគមន៍​របស់​យើង​ត្រូវ​ការ​បូជាចារ្យ​នៅក្នុង​ស្រុក​។»

លោក​បន្ថែមថា ថ្វីត្បិត​តែ​ព្រះសហគមន៍​របស់​យើង​នៅកម្ពុជា​នៅ​តូច ហើយ​ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ស្ដាប់​នូវ​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់ ​ដើម្បី​ធ្វើ​ការ​នៅក្នុង​ស្រែ​របស់​ព្រះអង្គ។

លោក​បូជាចារ្យ​យ៉ូហាន បាទីស្ត​ប្រាក់​ ប៊ុនហុង​ជា​បូជាចារ្យ​ខ្មែរ​ទី​១០ និង​ជា​បូជាចារ្យ​ខ្មែរ​ជាតិ​ពូណង​ដំបូង​គេ​ដែល​មាន​កំណើត​នៅ​ខេត្ត​មណ្ឌល​គិរី។ សព្វ​ថ្ងៃ​លោកកំពុង​បម្រើការងារ​នៅ​ព្រះសហគមន៍​រតនគិរី ក្នុងភូមិភាគ​កំពង់ចាម។

បច្ចុប្បន្ន​ព្រះសហគមន៍កាតូលិក​នៅប្រទេស​កម្ពុជា​មាន​គ្រីស្ត​បរិស័ទ​ប្រមាណ​២ម៉ឺននាក់ ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​១៦​លាន​នាក់៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email