អភិបូជាបិទសិក្ខាសាលាអ្នកបម្រើអាសនៈ ធ្វើនៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់

ភ្នំពេញ​ខាង​ត្បូង ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២

“លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់”

អត្ថបទ​ទី១៖ បេនស៊ីរ៉ាក ៣,១៧-១៨.២០.២៨-២៩ទឹក​ពន្លត់​ភើ្លង​ដែល​ឆេះ​សន្ធោ​សន្ធៅ​យ៉ាង​ណា ការ​ដាក់​ទាន​ក៏​លុប​លាង​បាប​យ៉ាង​នោះ​ដែរ។ បសរ ៣,២៨អត្ថបទ​ទី២៖ ហេប្រឺ ១២,១៨-១៩.២២-២៤កបង‌ប្អូន​ចូល​មក​ជិត​ព្រះ‌យេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​ថ្មី។ ហប ១២,២៤ដំណឹងល្អ៖ លូកា ១៤,១.៧-១៤អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ លក ១៤,

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ​ជា​ពេល​វេលា​មួយ ដើម្បី​ចូល​នៅ​ក្នុង​របៀប​ដែល​យើង​ជា​គ្រីស្ត​បរិស័ទ យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ពិធី​អភិបូជា ដែល​ជា​ពិធី​សក្ការៈ​បំផុត​សម្រាប់​យើង។ នៅ​ពេល​យើង​មើល​ឃើញ​កូន​បម្រើ​អាសនៈ ពេល​យើង​ស្ដាប់​អត្ថបទ​ទី​១ “ចូរ​មានចិត្តស្លូតបូតនៅក្នុងគ្រប់កិច្ចការដែលកូនធ្វើ មនុស្សម្នានិងស្រឡាញ់កូនជាងអ្នកមានចិត្តទូលាយទៅទៀត”។ ខ្ញុំ​គិត​ថា ព្រះបន្ទូល​នេះ​ដែល​ចេញ​ពី​បេនស៊ីរ៉ាក់ គឺ​ជា​ព្រះបន្ទូល​ដែល​ត្រូវ​តែ​ចូល​នៅ​ក្នុង​ចិត្ត​គំនិត​របស់​អ្នក​បម្រើ​អាសនៈ “ចូរ​មានចិត្តស្លូតបូតនៅក្នុងគ្រប់កិច្ចការ”។ ជា​ពិសេស នៅ​ក្នុង​កិច្ច​ការ​មួយ​ដែល​យើង​បាន​ទទួល​តួនាទី គឺ​បម្រើ​ដើម្បី​ឲ្យ​អភិបូជា ដើម្បី​ឲ្យ​ពិធី​ដ៏​សក្ការៈ​បំផុត ទៅ​ជា​ពិធី​មួយ​យ៉ាង​ឱឡារិក ណែ​នាំ​ឲ្យ​បង​ប្អូន​ដែល​ជា​គ្រីស្ត​បរិស័ទ អាច​ចូល​យ៉ាង​ជិត​ស្និត​ថែម​ទៀត​ជា​មួយ​ព្រះជាម្ចាស់។

តាម​ពិត លោក​ឪពុក​ថ្វាយ​អភិបូជា​ម្នាក់​ឯង​ក៏​បាន​ដែរ ប៉ុន្តែ​នៅ​ពេល​យើង​មាន​បង​ប្អូន​ដែល​ជា​អ្នក​បម្រើ​អាសនៈ ចូល​នៅ​ក្នុង​ពិធី​យើង ដូច​យើង​ឃើញ​អំបាញ់​មិញ។ នៅ​ពេល​ឈរ នៅ​ពេល​យើង​រៀប​ចំ​កំញាណ នៅ​ពេល​យើង​កាន់​ទៀន នៅ​ពេល​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ បន្តិច​ទៀត​នៅ​ពេល​បម្រើ​អាសនៈ​ដើម្បី​រៀប​ចំ​តុ​សក្ការៈ។ នៅ​ពេល​ហ្នឹង ហាក់​បី​ដូច​ជា​វត្តមាន​របស់​កូន​បម្រើ​អាសនៈ ណែនាំ​ឲ្យ​ពិធី​របស់​យើងឱឡារិក​ទៅៗ ណែនាំ​ឲ្យ​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​ដូច​ជា​រំភើប​នៅ​ក្នុង​ការ​ចូល​ក្នុង​ពិធី​ដ៏​សក្ការៈ។ ណែនាំ​ឲ្យ​យើង​ទី​មួយ​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់ និង​ទី​ពីរ​ណែនាំ​ឲ្យ​យើង​ជួប​ជា​មួយ​ព្រះជាម្ចាស់​ផ្ទាល់។

នៅ​កម្ពុជា​យើង​អត់​ទាន់​មាន​វិសាល​វិហា ឬ​អាសនៈ​វិហារ​ទេ នៅ​ពេល​ខ្ញុំ​អាយុ​៨​ឆ្នាំ​ម្តាយ​ខ្ញុំ​បាន​ណែនាំ​ឲ្យ​ខ្ញុំ​ចូល​នៅ​ក្នុង​ពិធី​តែង​តាំង​បូជាចារ្យ នៅ​ក្នុង​អាសនៈ​វិហារ​ដ៏​ធំ​នៅ​ក្នុង​ភូមិភាគ​កំណើត​របស់​ខ្ញុំ។ នៅ​ពេល​នោះ មាន​បូជាចារ្យ​ជាង​៤០០​អង្គ នៅ​ពេល​ហែ​ចូល​មាន​ប្រវែង​ជិត​១០០​ម៉ែត្រ អ្វី​ដែល​ខ្ញុំ​ចាំ​គឺ​ពិធី​យ៉ាង​ឱឡារិក​បំផុត វា​ចូល​នៅ​ក្នុង​ខ្លួន​ធ្វើ​ឲ្យ​យើង​រំភើប​រហូត​ដល់​សព្វ​ថ្ងៃ។ ខ្ញុំ​ជឿ​ថា ប្អូនៗ​ដែល​មាន​តួនាទី​នេះ​ទោះ​បី​យើង​នៅ​ក្មេង​ក៏​ដោយ ប្រហែល​អត់​ទាន់​យល់​អស់ ប៉ុន្តែ​ថ្ងៃ​ណា​មួយ​ក៏​យល់​ដែរ។ ដូច​យើង​បាន​ស្ដាប់​សក្ខីភាព​របស់​បង​ប្រុស វី សំណាង អំបាញ់មិញ យើង​នឹក​ឃើញ​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​យើង​អាយុ​ប្រាំ​ពីរ​ប្រាំ​បី​ឆ្នាំ។ ពេល​យើង​ចូល​អភិបូជា​ដំបូង ពេល​យើង​ចាប់​ផ្ដើម​មើល​លោក​បូជាចារ្យ ដែល​យក​ចិត្ត​ទុក​ដាក់​ថ្វាយ​អភិបូជា​យ៉ាង​ស្អាត ពេល​យើង​ចូល​នៅ​ក្នុង​ពិធី​យ៉ាង​ឱឡារិក​បំផុត។ វា​ប៉ះ​នឹង​ដួង​ចិត្ត​របស់​យើង​រហូត​ដល់​យើង​យល់​ថា ពេល​ក្រោយ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ជួប​ជា​មួយ​ព្រះជាម្ចាស់​ផ្ទាល់។

ខ្ញុំ​សង្ឃឹម​ថា ប្អូនៗ​នឹង​មាន​បទ​ពិសោធន៍​នេះ​ថ្ងៃ​ណា​មួយ នៅ​ពេល​ចូល​អភិបូជា​ដោយ​បម្រើ​យ៉ាង​ជិតៗ​អាសនៈ កំពុង​មើល​ព្រះកាយ​ព្រះគ្រីស្ត​គិត​ថា ថ្ងៃ​នេះ​ខ្ញុំ​បាន​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់​មែន​ទែន។ នេះ​ជា​បទ​ពិសោធន៍​ដែល​បាន​ភ្ជាប់​អស់​មួយ​ជីវិត​នៅ​ក្នុង​អំណរ​សប្បាយ ដោយ​ដឹង​ថា​យើង​បាន​មាន​ចិត្ត​ស្លូត​បូត យើង​បាន​យក​ចិត្ត​ទុក​ដាក់​បម្រើ​ព្រះជាម្ចាស់​នៅ​ក្នុង​អភិបូជា ដោយ​សេចក្ដី​ស្រឡាញ់ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​ទទួល។ សម្រាប់​យើង​នៅ​ពេល​យើង​ចូល​នៅ​ក្នុង​អភិបូជា​ក៏​ដូច​គ្នា​ដែរ យើង​មិន​ចូល​នៅ​ក្នុង​ពិធី​មួយ​ធម្មតា​ទេ យើង​មិន​ចូល​នៅ​ក្នុង​ពេល​វេលា​មួយ​ដែល​ណែនាំ​ឲ្យ​យើង​នឹក​ឃើញ​នេះ​នឹក​ឃើញ​នោះ យើង​ចូល​នៅ​ក្នុង​សក្ការ​បូជា​របស់​ព្រះយេស៊ូ​គ្រីស្ត។ ហេតុ​នេះ​ហើយ យើង​ដឹង​ថា​នៅ​ពេល​នោះ យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ នៅ​ពេល​នោះ​យើង​ទទួល​ព្រះកាយ​ព្រះគ្រីស្ត ដើម្បី​ភ្ជាប់​ជិត​ស្និត​ថែម​ជា​មួយ​ព្រះជាម្ចាស់ ដើម្បី​យល់​ថា​ពិត​មែន​ព្រះអង្គ​គង់​នៅ​ជា​មួយ​ខ្ញុំ។

ថ្ងៃ​នេះ យើង​គោរព​សន្ត​អូគូស្តាំង គាត់​បាន​ដើរ​តាម​ផ្លូវ​ផ្សេងៗ រក​មិន​ឃើញ​ព្រះជាម្ចាស់ និង​ម្ដាយ​គាត់​ឈ្មោះ មូនីកា គាត់​យំ​និង​អធិដ្ឋាន​ឲ្យ​កូន​គាត់​កែ​ប្រែ​ចិត្ត​គំនិត រក​ឃើញ​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​គាត់។ ដោយសារ ការ​អធិដ្ឋាន​របស់​ម្ដាយ​គាត់ គាត់​បាន​រក​ឃើញ​ព្រះជាម្ចាស់​ពិត​មែន ប៉ុន្តែ​មិន​មែន​រក​ឃើញ​ព្រះជាម្ចាស់​នៅ​ខាង​ក្រៅ មិន​មែន​រក​ឃើញ​ព្រះជាម្ចាស់​នៅ​ក្នុង​ពិធី​អភិបូជា​ទេ គាត់​បាន​រក​ឃើញ​ព្រះជាម្ចាស់​នៅ​ក្នុង​ចិត្ត​របស់​គាត់។ គាត់​ភ្ញាក់​ពី​ដេក និង​គាត់​យល់​ថា​ខ្ញុំ​ស្វែង​យល់​ព្រះជាម្ចាស់​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​ឥលូវ​នេះ​ខ្ញុំ​យល់​ព្រះជាម្ចាស់​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ​ពី​ដើម​រៀង​មក។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​គិត​ថា​នៅ​ពេល​បង​ប្អូន​ចូល​នៅ​ក្នុង​ពិធី​អភិបូជា​ម្តងៗ ជា​ពេល​វេលា​ដើម្បី​មាន​បទ​ពិសោធន៍​នេះ​ម្ដង​ទៀត គឺ​ព្រះជាម្ចាស់​តាម​រយៈ​ព្រះបន្ទូល តាម​រយៈ​ព្រះកាយ​ព្រះគ្រីស្ត យក​ចិត្ត​ទុក​ដាក់​នឹង​យើង ដើម្បី​យក​យើង​ជា​ទី​លំ​នៅ ជា​ព្រះដំណាក់​របស់​ព្រះអង្គ។ ដោយ​ដឹង​ថា​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ។

ថ្ងៃ​នេះ យើង​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ អំពី​របៀប​ដែល​យើង​ត្រូវ​ការ​អញ្ជើញ​ភ្ញៀវ មិន​មែន​អញ្ជើញ​តែ​មិត្ត​សម្លាញ់ ឬ​អ្នក​ដែល​យើង​មាន​និស្ស័យ។ ប៉ុន្តែ អញ្ជើញ​ភ្ញៀវ​ណា​ក៏​បាន ជា​ពិសេស​អ្នក​ក្រី​ក្រ អ្នក​តូច​តាច ជន​មាន​ពិការភាព អ្នក​ដែល​គ្មាន​ទី​ពឹង។ ដោយ​ដឹង​ថា គេ​អត់​មាន​អ្វី​សង​គុណ​ដល់​យើង​បាន​ទេ យើង​ត្រូវ​តែ​អញ្ជើញ​គេ​ទទេ។ ប៉ុន្តែ ពេល​យើង​ចូល​នៅ​ក្នុង​ពិធី​អភិបូជា នៅ​ពេល​នោះ​យើង​ជា​ព្រះសហគមន៍ ជា​សហគមន៍​របស់​គ្រីស្ត​បរិស័ទ​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ។ មាន​ន័យ​ថា នៅ​ពេល​យើង​ចូល​ពិធី​អភិបូជា​គឺ​យើង​ទទួល​លិខិត​អញ្ជើញ​យ៉ាង​ពិសេស​បំផុត គឺ​ព្រះជាម្ចាស់​ផ្ទាល់​ដែល​អញ្ជើញ​យើង​ជា​ភ្ញៀវ​កិត្តិយស។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​ពិធី​អភិបូជា​យើង​មាន​មហា​កិត្តិយស ដោយសារ​ជា​ព្រះយេស៊ូ​ផ្ទាល់​ដែល​អញ្ជើញ​យើង។ ដូច្នេះ កុំ​ឲ្យ​យើង​ខ្លាច​មក​ជិត​អាសនៈ ដើម្បី​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់។ ជួន​កាល ខ្ញុំ​អត់​សូវ​យល់​មូល​ហេតុ​អ្វី​យើង​ចង់​អង្គុយ​នៅ​ខាង​ក្រៅ ខ្ញុំ​ទេសនា​អ្វី​ក៏​បាន​ព្រោះ​ស្ដាប់​មិន​ឮ មើល​មិន​ឃើញ។

ប៉ុន្មាន​អាទិត្យ​មុន ខ្ញុំ​នៅ​ប្រទេស​បារាំង នៅ​ភូមិ​កំណើត​របស់​ខ្ញុំ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ដែល​ខ្ញុំ​ធ្លាប់​ទៅ​ពេល​ខ្ញុំ​នៅ​ក្មេង​រហូត​ដល់​អាយុ​១៨​ឆ្នាំ ដែល​ខ្ញុំ​ទទួល​ការ​ត្រាស់​ហៅ។ ខ្ញុំ​បាន​មើល​ឃើញ​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​អង្គុយ ដោយសារ​រាល់​អាទិត្យ​ជា​មួយ​ឪពុក​ម្ដាយ​ខ្ញុំ​អង្គុយ​នៅ​កៅ​អី​ទី​មួយ​ខាង​ស្ដាំ ខ្ញុំ​ចូល​ចិត្ត​នៅ​មុខ​ដើម្បី​ស្ដាប់ ដើម្បី​មើល ដើម្បី​ដឹង​ថា​យើង​ជា​ភ្ញៀវ​ដែល​ព្រះជាម្ចាស់​អញ្ជើញ។ នៅ​ពេល​នោះ ខ្ញុំ​ប្រហែល​ជា​មិន​នឹក​ឃើញ តែ​នៅ​ពេល​នេះ​ខ្ញុំ​នឹក​ឃើញ​ដែរ។ ដូច្នេះ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស​នៅ​ក្នុង​អភិបូជា​ដោយ​ដឹង​ថា គឺ​ទី​១​ព្រះជាម្ចាស់​អញ្ជើញ​យើង នៅ​ពេល​នោះ​កុំ​ភ្លេច​ព្រះជាម្ចាស់​អញ្ជើញ​យើង ប៉ុន្តែ​ព្រះជាម្ចាស់​មិន​ទន្ទឹង​រង់​ចាំ​អ្វី​ពី​យើងទេ។ ដោយសារ ព្រះជាម្ចាស់​ជា​ព្រះជាម្ចាស់​ដ៏​ពេញ​លក្ខណៈ ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​វិសុទ្ធ។ ក៏​ប៉ុន្តែ វត្តមាន​របស់​យើង​សំខាន់​ណាស់ រាល់​ថ្ងៃ​អាទិត្យ​ឲ្យ​យើង​យល់​ថា​ពេល​យើង​ភ្ញាក់​ពី​ដេក ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ ថ្ងៃ​នេះ​ខ្ញុំ​រៀប​ចំ​ខ្លួន​ដើម្បី​ចូល​អភិបូជា។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ ឥរិយា​បថ​ក៏​សំខាន់ សម្លៀក​បំពាក់​របស់​យើង​ក៏​សំខាន់​ដែរ យើង​ទុក​សម្លៀក​បំពាក់​មួយ​កំផ្លេរ​ពិសេស ដើម្បី​ចូល​អភិបូជា​ថ្ងៃ​អាទិត្យ។ កុំ​ឲ្យ​យើង​ចូល​អភិបូជា​ពាក់​ខោ​សេរី​ថ្មី ដែល​រហែក​អស់​ហើយ ពេល​យើង​ចូល​អភិបូជា​យើង​ដឹង​ថា​ដូច​យាយៗ​ចូល​វត្ត។ យើង​ចូល​នៅ​ក្នុង​ពិធី​ដ៏​សក្ការៈ យើង​ជា​ភ្ញៀវ​កិត្តិយស​របស់​ព្រះជាម្ចាស់។ ទោះ​បី ព្រះជាម្ចាស់​មិន​បាន​សរសេរ​លិខិត​អញ្ជើញ ប៉ុន្តែ​យើង​ដឹង​ថា​យើង​ជា​ភ្ញៀវ​កិត្តិយស។

ដូច្នេះ ថ្ងៃ​នេះ​យើង​ត្រូវ​តែ​រៀប​ចំ​ឥរិយា​បថ​របស់​យើង ដើម្បី​ចូល​រួម​ពិធី​អភិបូជា​ជា​រៀង​រាល់​អាទិត្យ ជា​ពិសេស​ដើម្បី​ដឹង​ថា​វត្តមាន​របស់​យើង គឺ​ណែនាំ​វត្តមាន​របស់​ព្រះជាម្ចាស់​គឺ​មិន​មាន​អ្វី​ថែម​ទៀត​នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះអង្គ។ ប៉ុន្តែ ដឹង​ថា​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​ពោរពេញ​ដោយ​ព្រះហឫទ័យ​ស្រឡាញ់​យើង នៅ​ថ្ងៃ​ណា​មួយ​យើង​នឹង​ទទួល​សិរីរុងរឿង​រួម​ជា​មួយ​ព្រះអង្គ​នៅ​ស្ថាន​បរម​សុខ។ ដូច្នេះ ឲ្យ​យើង​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ដឹង​ថា នៅ​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ដែល​ព្រះជាម្ចាស់​អញ្ជើញ​យើង​ជា​ភ្ញៀវ​កិត្តិយស។ យើង​មាន​អ្នក​បម្រើ​អាសនៈ​ដែល​បម្រើ​យើង​មែន ដែល​ស្វាគមន៍​យើង​មែន ប៉ុន្តែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​បម្រើ​ដែរ យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ទទួល​ស្វាគមន៍​ទាំង​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង ទាំង​បង​ប្អូន​ឯទៀតៗ​ដើម្បី​បង្កើត​គ្រួសារ​មួយ។ យើង​អាច​ធ្វើ​បាន លុះ​ត្រា​តែ ”យើងមានចិត្តស្លូតបូតនៅក្នុងគ្រប់កិច្ចការដែលកូនធ្វើ” ដូច​ក្នុង​អត្ថបទ​បេនស៊ីរ៉ាក​ថ្ងៃ​នេះ។

ប៉ុន្មាន​ថ្ងៃ​ទៀត ព្រះសហគមន៍​មាន​អំណរ​សប្បាយ​តែង​តាំង​ឧបដ្ឋាក​បី​នាក់ ឧបដ្ឋាក​មាន​ន័យ​ថា​បម្រើ។ នៅ​ពេល​បងប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក នៅ​ពេល​នោះ​យើង​ទទួល​ឋានៈ​បី ជា​ព្រះមហាក្សត្រ ជា​បូជាចារ្យ និង​ជា​ព្យាការី។ យើង​មិន​មែន​បូជាចារ្យ​ដែល​ទទួល​អគ្គសញ្ញា​តែង​តាំង ប៉ុន្តែ​យើង​ជា​បូជាចារ្យ​នៅ​ក្នុង​អត្ថន័យ​ថា យើង​គ្រីស្ត​បរិស័ទ​យើង​ចូល​រួម​ដើម្បី​ថ្វាយ​បង្គំ​ដែរ យើង​ចូល​រួម​ដើម្បី​អធិដ្ឋាន​ដែរ។ ថ្ងៃ​នេះ តាម​ពិត​ខ្ញុំ​ចង់​ថែម​ថា មិន​មែន​តែ​បូជាចារ្យ​ទេ យើង​ជា​ឧបដ្ឋាក​ដែរ នៅ​ក្នុង​ឋានៈ​ជា​អ្នក​បម្រើ។ យើង​ជា​អ្នក​បម្រើ​ផង យើង​ជា​អ្នក​ថ្វាយ​បង្គំ​គោរព​ដល់​ព្រះជាម្ចាស់ ដើម្បី​ទទួល​ជីវិត​ថ្មី​ផ្ទាល់​ខ្លួន និង​ណែនាំ​ដើម្បី​ឲ្យ​បង​ប្អូន​ឯទៀតៗ​ទទួល​ជីវិត​ថ្មី។ ដូច្នេះ ថ្ងៃ​នេះ​យើង​អធិដ្ឋាន​ដើម្បី​យើង​ជា​ព្រះសហគមន៍​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ដើម្បី​ឲ្យ​ពិធី​នីមួយៗ​ទៅ​ជា​ពិធី​សក្ការៈ។ ប៉ុន្តែ មិន​មែន​តែ​សក្ការៈ​ដោយសារ​អ្នក​បម្រើ​អាសនៈ ដោយសារ​លោក​បូជាចារ្យ តែ​សក្ការៈ​ដោយសារ​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​វិសុទ្ធ​គង់​នៅ​ជា​មួយ​យើង។ ប៉ុន្តែ សក្ការៈ​ដោយសារ​យើង​ដែរ របៀប​ដែល​យើង​ចូល​រួម របៀប​ដែល​យើង​យក​ចិត្ត​ទុក​ដាក់ របៀប​ដែល​យើង​អត់​មាន​អវត្តមាន។

ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​របស់​យើង កំពុង​រង​ទុក្ខ​លំបាក​ដោយសារ​ប៉ុន្មាន​ថ្ងៃ​ទៀត​យើង​បាត់​លោក​បូជាចារ្យ​ច្រើន​អង្គ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ អ្វី​ដែល​ជា​សំខាន់​គឺ​យើង​ដែល​ស្ថិត​ស្ថេរ លោក​បូជាចារ្យ​មិន​ស្ថិត​ស្ថេរ​ទេ អាស្រ័យ​លើ​ប្រធាន​ក្រុម​របស់​លោក​ចាត់​ឱ្យ​ទៅ​បម្រើ។ តែ​យើង​ស្ថិត​ស្ថេរ តើយើងត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យព្រះសហគមន៍​បន្ត​មានជីវិត បន្តអធិដ្ឋាន បន្តបម្រើអ្នកក្រីក្រ បន្តប្រកាសដំណឹងល្អ? យើង​អធិដ្ឋាន​សម្រាប់​ព្រះសហគមន៍​យើង ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ប្រទាន​លោក​មួយ​ចំនួន ឲ្យ​យើង​អធិដ្ឋាន ឲ្យ​យើង​បម្រើ ឲ្យ​យើង​ប្រកាស​ដំណឹង​ល្អ​គ្រប់​ពេល​វេលា៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email