គ្រីស្តបរិស័ទ​៣​ភូមិភាគ​គោរព​មរណសាក្សី​នៅកម្ពុជា

លោក​អភិបាល​ទាំង​បី​ភូមិភាគ លោក​បូជាចារ្យ និង​គ្រីស្ត​បរិស័ទ​ជិត​៣០០០នាក់​ពីគ្រប់​ភូមិភាគ ​បាន​ជួប​ជុំ​គ្នានៅ​លើ​ដី​មរណសាក្សី​កាលពី​ ថ្ងៃទី១៧ ខែមិថុនា ដើម្បី​រំឭក​អំពី​វីរភាព​​​របស់​អស់​លោក​ដែល​បាន​បូជាជីវិត​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ដោយ​សារ​តែ​ជំនឿ។

​កម្មវិធីនេះបាន​ប្រព្រឹត្ត​ទៅ​នៅព្រះសហគមន៍​តាំងគោក ស្ថិត​ក្នុងស្រុក​តាំង​គោក​ ​ក្នុង​ខេត្ត​កំពង់​ធំដែល​ជា​ចំណុច​កណ្តាល​នៃ​ប្រទេស​កម្ពុជា​​​មា​ន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។

ព្រះសហគមន៍​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​រំឭក​ខួប​នេះ​តាំង​ពី​ឆ្នាំ​២០០០ ពោល​គឺ​ក្រោយ​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់ និង​ប្រទេស​មានសន្តិភាព​ឡើង​វិញ ដោយរឭក​ដល់​អស់​អ្នក​ដែល​បាន​បូជាជីវិត​ដោយសារ​ជំនឿ​។​

ថ្លែងនៅក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ មានប្រសាសន៍ថា ទឹកដីតាំង​គោក​នេះមិនមែនជាដីធម្មតាទេ​ គឺ​ពោរពេញដោយបារមី ដោយ​នៅទីនេះមានវត្ថុស័ក្កិសិទ្ធ២ គឺ​គ្រែដែលលោក ឆ្មារ​ សាឡាស់ ថ្វាយអភិបូជា​រហូត​ដល់គាត់បានទទួលមរណភាពនៅឆ្នាំ១៩៧៦ ជាគ្រែដែលមានជីវិត។​

បច្ចុប្បន្ន​គ្រែ​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះសហគមន៍​តាំង​គោក ជា​ទីកន្លែងដែល​លោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់និង​សហការី​​ត្រូវបាន​ជម្លៀស​ពី​ភ្នំពេញតាម​គោលដៅ​របស់​អង្គការ​ខ្មែរ​ក្រហម។ លោក​និង​សហការី ដែលមាន​លោក​យ៉ូសែប ឆ្មារ សាឡឹម ដែល​ត្រូវ​ជា​ប្អូន លោក​ទ្រឿង សំរើន បាន​រស់នៅ​និង​ថ្វាយ​អភិបូជា​រៀង​រាល់​ថ្ងៃ​ ដោយ​លាក់កំបាំង​ពី​ភ្នែក​របស់​ឈ្លប។

គ្រែនេះ ត្រូវ​បាន​ថែរក្សា​ទុក​ ដើម្បី​គោរព​និង​រំឭក​ដល់​អស់​លោក​ដែល​បាន​ថ្វាយ​អភិបូជា​ ហើយ​ត្រូវ​បាន​ស្លាប់​និង​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​របប​វាល​ពិឃាត។

លោកអភិបាល​អូលីវីយ៉េ ​បន្ថែម​ថា វត្ថុទី២​គឺ​បន្តោង​​ឈើឆ្កាង ដែល​ត្រូវ​បាន​បញ្ជូន​បន្ត​ពី​លោក​អភិបាល​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​ពេលនេះ លោក​កំពុង​ថែរក្សា​និង​គ្រប់​គ្រង។

បន្តោង​ឈើ​ឆ្កាង​របស់​លោក​អភិបាល​នេះ​ បាន​បន្ត​ជូន​មក​លោក​អភិបាល​នៅកម្ពុជា​ចំនួន​៦ជំនាន់​មក​ហើយ ដែល​ធ្វើ​អំពី​មាស ហើយ​បានបញ្ជូន​បន្ត​ដល់​​លោក​អភិបាល​ឆ្មារ សាឡាស់ ក្នុងពិធី​តែង​តាំង​ជា​អភិបាល​ កាលពី​ថ្ងៃទី​១៤ មេសា ១៩៧៥ មុនពេល​របប​ប្រល័យ​ពូជាសាសន៍​ប៉ុល​ពត​បាន​ចាប់​ផ្ដើម​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ។​

អតីត​អភិបាលព្រះសហគមន៍​​ខ្មែរ​ដំបូង​គេ​រូប​នេះ បាន​រក្សា​ទុក​វា​នៅ​ក្រោម​សំបុក​មាន់ ដើម្បី​ចៀស​ពី​ការ​រុក​រក​របស់​ពួក​ខ្មែរ​ក្រហម ដែល​គេ​ហៅ​ថា​ «អង្គការ»។​ ក្រោយពេល​លោក​ស្លាប់​ ម្តាយ​របស់​លោក​បាន​រក្សា​វា​ទុក​ ហើយ​បំពាក់​បន្ត​ជូន​លោកអភិបាលអេមីល ដេតម្ប ហើយ​មក​ដល់​ពេលនេះ គឺ​លោក​អភិបា​ល​អូលីវីយ៉េ ជ្មីត​ហស្លេ។

លោក​អភិបាល​​អូលីវីយ៉េ បន្ថែម​ថា យើងជឿថាពេល​វត្ថុ​​​​ទាំងពីរជួបគ្នា គឺជាបារមីរបស់​ព្រះជាម្ចាស់ដ៏ពេញលក្ខណៈដែលគង់នៅជាមួយយើង ​ណែនាំឱ្យយើងមានសេចក្ដីសុខ ណែនាំ​ឱ្យ​យើងមានកម្លាំង ណែនាំឱ្យដឹងថាពិតមែន​ព្រះអំណោយ​ទានព្រះជាម្ចាស់គង់នៅ​ជាមួយ​យើង។

លោកអភិបាលបានណែនាំ​ឲ្យ​អ្នក​ចូលរួម​ទាំងអស់ នឹក​ដល់​ព្រះបន្ទូល​ព្រះជាម្ចាស់​ដែល​ថា «បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណាអ្នកបម្រើរបស់ខ្ញុំនឹង​នៅទីនោះ​ដែរ ​អ្នកណាបម្រើខ្ញុំ ព្រះបិតានឹង​លើក​កិត្តិយស​អ្នកនោះ»។

លោកបន្ថែមថា ព្រះបន្ទូលនេះ ណែនាំ​ឲ្យ​យើងជាអ្នកបម្រើ​របស់​ព្រះជាម្ចាស់​អាចទទួលជីវិតថ្មី​ជាមួយព្រះអង្គ​ ​ហើយជា​ពេល​វេលា​ដើម្បីអរព្រះគុណព្រះជាម្ចាស់ លើទឹកដីមរណសាក្សី ដែល​ណែ​នាំ​​ឱ្យព្រះសហគមន៍​មានជីវិត។

«នេះជាលើកទីមួយសម្រាប់ខ្ញុំដែលបានមកចូលរួមកម្មវិធីគោរពមរណសាក្សីនៅទីនេះហើយខ្ញុំ​​សូម​អរព្រះគុណព្រះជាម្ចាស់សម្រាប់ពេលវេលាដ៍មានតម្លៃមួយនេះ»នេះជាសម្ដីរបស់លោក ព្រិច ជុន អាយុ៥០ឆ្នាំ​ ជាគ្រីស្តរិស័ទមកពីព្រះសហគមន៍មណ្ឌលគិរីនៃភូមិភាគកំពង់ចាម។

លោក​ព្រិច ជុន​ វ័យ​៥២​ឆ្នាំ​មាន​ប្រសាសន៍ថា  ថ្ងៃនេះលោកពិតជាមានអំណរសប្បាយដែល​បាន​ចូលរួម​កម្មវិធីនេះជា​លើកទីមួយ។ លោក​បន្ថែម​ថា លោក​ពិតជាមានមោទនភាពដែលព្រះសហគមន៍កាតូលិកនៅកម្ពុជាមានលោកអភិបាល លោកបូជាចារ្យជាអ្នកគង្វាលដែលបានជួយការពារព្រះសហគមន៍នៅសម័យនោះ។

លោកបន្តទៀតថា តាមរយៈគំរូនិងឈាមរបស់មរណសាក្សីគឺពិតជាជួយដាស់តឿនដល់ជំនឿរបស់​យើង​ជា​គ្រី​ស្ត​បរិស័ទ។ លោក​ថា ​ដំបូងឡើយលោក​គិតថា មានតែជនជាតិបរទេសទេដែលមានជំនឿលើ​ព្រះជាម្ចាស់ ប៉ុន្តែឥលូវនេះ យើងមានលោកអភិបាលជាជនជាតិខ្មែរទៀតគឺហាក់ដូចជាដាស់តឿនឱ្យគ្រីស្តបរិស័ទមានជំនឿកាន់តែរឹងមាំនិងផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។

លោកស្រី​ ហួត ហ៊ាង អាយុ៦៩ឆ្នាំ ជាគ្រីស្តបរិស័ទមកពីព្រះសហគមន៍កោះរកាក្រៅនៃភូមិភាគ​កំពង់ចាម បានឱ្យដឹងថា កម្មវិធីថ្ងៃនេះធ្វើឱ្យគាត់​​នឹកដល់ការ​ត្រាស់ហៅរបស់​ព្រះជាម្ចាស់​ឲ្យ​យើង​ទៅ​ជាមរណសាក្សី ហើយ​​ព្រះជាម្ចាស់គង់នៅជាមួយ​យើង និង​​ប្រទានព្រះពរឱ្យយើងរហូត។

លោកស្រីហ៊ាង ​បន្តថា ការសម្ដែងរឿងអំពី​ជីវិត​មរណសាក្សី​នៅសម័យប៉ុលពត ធ្វើអោយគាត់សឹងតែស្រក់ទឹក​ភ្នែក ដោយ​នឹកឃើញថា អំពី​របៀបដែល​គ្រីស្ត​បរិស័ទ​សម័យ​នោះ​បាន​រក្សាជំនឿ។

«នោះមានលោកបូជាចារ្យ បងប្អូន​គ្រីស្ត​បរិស័ទ លាក់លៀមពីភ្នែកអង្គការដើម្បីទទួលព្រះកាយ ជាសញ្ញាសម្គាល់មួយថា ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ព្រះជាម្ចាស់គង់នៅជាមួយយើងជានិច្ច។» អ្នកស្រី​ហ៊ាង​បន្ថែម។

ព្រះសហគមន៍កាតូលិក​នៅ​កម្ពុជា បាន​រៀបចំ​ឯកសារ​​ជាច្រើន ដោយ​ចាត់​ឲ្យ​មាន​តុលាការ​មរណសាក្សី​ផង ដើម្បី​សើររើ​និង​ចង​ក្រង​​ឯកសារ​ពាក់​ព័ន្ធនានា​ដល់​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំនឿ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត ពី​ឆ្នាំ​១៩៧៥-១៩៧៩។

ក្នុងរបប​៣​ឆ្នាំ​៨​ខែ២០ថ្ងៃ ប្រទេស​កម្ពុជា​ត្រូវ​បាន​បំផ្លាញ ទាំង​ហេដ្ឋារចនា​សម្ព័ន្ធជាតិ សាសនា និង​ធនធាន​មនុស្ស។ ព្រះសហគមន៍កាតូលិក ក៏​ដូចជា​សាសនា​ឯទៀត បាន​រង​ការ​បំផ្លិច​បំផ្លាញ​ស្ទើរ​គ្មានសល់ ហើយ​គ្រីស្ត​បរិស័ទ​និង​ក្រុម​អ្នក​បួស​ជាច្រើន​បានស្លាប់​និង​ត្រូវ​បាន​សម្លាប់ ដោយ​រួម​ជា​ប្រជាជន​ខ្មែរ​ជិត​២​លាននាក់។

លោក​បូជាចារ្យ​ប៉ូល​ រឿង ឆ័ត្រសិរី ជា​អ្នក​រៀបចំ​ឯកសារ​នានា​ ឲ្យ​ដឹង​ថា ក្នុងពេលនេះ មាន​បក្ខភាព​អ្នក​បម្រើ​ព្រះជាម្ចាស់​ចំនួន​១៤រូប​ដែល​កំពុង​សិក្សា​និង​ស្រាវជ្រាវ​លើ​ប្រវត្តិរូប និង​ចងកង​ជា​ឯកសារ​សម្រាប់​ដាក់​ទៅ​កាន់​សន្ត​អាសនៈ ដើម្បី​ស្នើ​សុំ​អស់​លោក​​ក្លាយជា​មរណសាក្សី​សម្រាប់​ព្រះសហគមន៍​នៅកម្ពុជា ដែល​ក្នុង​នោះ​រួមមាន លោក​បូជាចារ្យ​និង​បព្វ​ជិត​ចំនួន​៧​រូប ដូនជី​ចំនួន​២​រូប លោកអភិបាល​ចំនួន​២​រូប និង​គ្រហស្ថចំនួន៣រូប៕​

ដោយ​ចាន់​ ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email