លោកអភិបាលជួបសំណេះសំណាលជាមួយពលរដ្ឋមានមេរោគអេដស៍

ពិធីសំណេះសំណាលនិងចែកអំណោយដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ចំនួន ១០០ គ្រួសារនៅវិទ្យាល័យបច្ចេកទេសឯកជនសន្តហ្រ្វង់ស្វ័រ នៅអង្គតាសោម ខេត្តតាកែវ ក្រោមអធិបតីភាពរបស់លោក អភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោក គាំ ដាំផេង អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

លោកអភិបាលអូលីវីយេមានប្រសាសន៍ថា “យើងធ្វើកម្មវិធីនេះនៅថ្ងៃបុណ្យរំលឹកអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះយេស៊ូ ដើម្បីនឹកអំពីព្រះបន្ទូលរបស់ព្រះយេស៊ូ សូមបើកឡើង អេផាថា ដូចជាឱ្យបងប្អូនមានកម្លាំងនៅក្នុងចិត្តគំនិត មានកម្លាំងនៅក្នុងសេចក្តីស្រឡាញ់ មិនឯកោ មិននៅម្នាក់ឯង។ យើងមានសហគមន៍យើង យើងមានព្រះសហគមន៍យើងជាអ្នកជួយ”។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលបានចូលរួមលោកអភិបាលនិយាយថា សូមឱ្យពួកគាត់គិតគូរអំពីសុខភាពផ្ទាល់ខ្លួន ធ្វើបុណ្យទានឱ្យបានច្រើនតាមរបៀបសាសនារបស់ពួកគាត់។ លោកមានប្រសាសន៍ថា “ជីវិតរបស់យើងគឺត្រៀមត្រូវខ្លួនជានិច្ច”។

ក្នុងនោះដែរលោកអូលីវីយេក៏បានជម្រុញឪពុកម្តាយដែលមានកូនកំពុងសិក្សា ឱ្យពួកគាត់ចូលរួមអប់រំនិងបង្រៀនកូនរបស់ពួកគាត់បន្ថែមនៅតាមផ្ទះ និងរៀនតាមលទ្ធភាពដែលមាននៅក្នុងគ្រួសារ។

លោកប្រាប់ថា “ទោះបីអត់បើកសាលា អត់ទូរសព្ទ តែអាចយកសៀវភៅមកអាន ជួយកូនៗឱ្យជុំគ្នាអាន។ ការសិក្សាជាចំណេះដឹងសម្រាប់អនាគតកូនៗរបស់យើង”។

លោកអភិបាលបន្ថែមថាកុំភ្លេចខ្លួនអំពីសាសនា ព្រោះវាជួយឱ្យយើងមិនឯកោ។ លោកក៏បានជម្រុញឱ្យពួកគាត់ដាំបន្លែសម្រាប់ញ៉ាំខ្លួនឯង ដើម្បទទួលបានវីតាមីន សម្រាប់សុខភាព។

ក្នុងនោះដែរលោកអភិបាលបានសំណូមពរឱ្យអាជ្ញាធរគិតគូរអំពីការបើកផ្លូវសាលានៅផ្លូវជាតិលេខ៣ បើកសាលាឡើងវិញ និងបើកកម្មវិធីសាសនាផងដែរ។

លោកអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ មានប្រសាសន៍ថ្លែងអំណរគុណលោកពុកអូលីវីយេ ដែលតែងតែគាំទ្រដល់អ្នកជំងឺអេដស៍ ជារៀងរាល់ឆ្នាំ។ លោកដាំផេង បន្ថែមថា “ខ្ញុំសូមកោតសរសើរលោកពុកអូលីវីយេ និងសមាជិកដែលបានខិតខំគោរពប្រណិប័តន៍សាសនា សម្អាតកាយវាចាចិត្ត ជម្រះសេចក្តីសៅហ្មងនិងអំពើអាក្រក់ទាំងឡាយ ធ្វើដំណើរតាមគន្លងព្រះធម៌ ដែលមានសេចក្តីជ្រះថ្លា ប្រមូលផ្ដុំ អភិរក្ស អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យសេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ”។

នេះជាចំនួនលើកទី៥ដែលព្រះសហគមន៍កាតូលិកបានរៀបចំពិធីសំណេះសំណាលជាមួយប្រជាជនដែលមានមេរោគអេដស៍និងជំងឺអេដស៍។ ប្រជាជនចំនួន១០០គ្រួសារក្នុងពេលនេះមកពីភូមិចំនួន៤៧ ក្នុងឃុំចំនួន១១នៃស្រុកចំនួន៣ក្នុងខេត្តតាកែវ។

កម្មវិធីនេះបានធ្វើឡើងស្របតាមការណែនាំរបស់សុខាភិបាលនិងក្រសួងធម្មការ ដោយមានការជួបជុំពីរវគ្គ ដោយចែកជាពីរក្រុម ដោយលើកនេះធ្វើនៅវិទ្យាល័យបច្ចេកទេសឯកជនសន្តហ្រ្វង់ស្វ័រ ដែលមានទីធ្លាទូលាយ ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម។

លោកដាំផេងក៏បានរំលឹកអ្នកចូលរួម ឱ្យគោរពតាមវេជ្ជបញ្ជាពេទ្យ លេបថ្នាំតាមពេលកំណត់ និងថែរក្សាសុខភាពក្នុងអំឡុងពេលកូវីដ១៩នេះ។ អំណោយផ្តល់ជូនដល់គ្រួសារចំនួន១០០នោះរួមមានអង្ករមាន១០គីឡូ មី ទឹកត្រី សាប៊ូ ម៉ាស់ ស្ករស និងនំមួយចំនួន។

អ្នកស្រីវ៉ាន់ ចន្ធូ ជាអ្នកផ្តល់ប្រឹក្សាអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ និងជាតំណាងប្រជាពលរដ្ឋ ឱ្យដឹងថា ការចែកជូននេះ គឺផ្តល់អាទិភាពដល់អ្នកជំងឺដែលមានជីវភាពក្រីក្រខ្លាំង។ អ្នកស្រីបន្តថា “យើងសូមអរគុណដល់លោកពុក(អូលីវីយេ)ដែលជួយដល់អ្នកមានមេរោគអេដស៍ មិនទុកអោយយើងនៅឯកោ ដែលយើងរងគ្រោះហើយ ត្រូវបោះបង់ចោលនោះទេ”។

អ្នកស្រីបន្តថាក្នុងខេត្តតាកែវ មានអ្នកមានមេរោគអេដស៍និនជំងឺអេដស៍ចំនួន៧០០នាក់ដែលកំពុងទទួលសេវាសុខភាពពីមណ្ឌលសុខភាព ប៉ុន្តែមនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់នឹងជំងឺរបស់ខ្លួនឡើយ។ អ្នកស្រីសំណូមពរដល់អ្នកចូលរួម សូមកុំធ្វេសប្រហែស សូមតាមដានសុខភាពនៅតាមមណ្ឌលសុខភាពតាមការណាត់ជួប។

លោកហៀម សុភ័ក្រ្ត អាយុ៣៩ឆ្នាំ សព្វថ្ងៃនេះដោយសារតែកូវីដ១៩ លោកនិងភរិយាសម្រាកនៅផ្ទះចិញ្ចឹមសត្វនិងដាំបន្លែបន្តិចបន្តួច ដោយមានកូន៣នៅក្នុងបន្ទុក បានរៀបរាប់ថា ជីវភាពរបស់គាត់មិនសូវធូរធារឡើយតាំងពីកូវីដ១៩កើតឡើង។ លោកសុភ័ក្រ្តបញ្ជាក់ថា “ពីមុនដើរលេងអ័រកាដង់ ពេលការ ពេលបុណ្យ តែដល់ពេលគេបិទ អត់អីធ្វើ”។ និយាយអំពីការសិក្សារបស់កូនៗ លិកបានឱ្យដឹងថា ដោយសារគាត់មានកូនប្រុសបួសជាសង្ឃគង់នៅវត្ត ដូច្នេះកូនៗ៣នាក់ផ្សេងទៀតបានទៅរៀនេជាមួយលោកនៅវត្ត តាំងពីពេលសាលាបានបិទ។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានមេរោគនិងជំងឺអេដស៍ទាំងអស់ឱ្យខំថែរក្សាសុខភាពក្នុងអំឡុងពេលកូវីដ១៩នេះ។ លោកក៏សូមអរគុណដល់ព្រះសហគមន៍កាតូលិកដែលយកចិត្តទុកដាក់ជាមួយមនុស្សមានមេរោគអេដស៍និងជំងងអេដស៍កន្លងមក។

មុនពេលបញ្ចប់កម្មវិធីសំណេះសំណាលនេះ លោកអភិបាលអូលីវីយេបានប្រកាស អាហារូបករណ៍ដល់កូនអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ទាំងអស់ ដែលចង់រៀន ដោយចប់ថ្នាក់ទី៩ឡើងទៅ។ គឺអាចរៀននៅវិទ្យាល័យបច្ចេកទេសឯកជនសន្តហ្រ្វង់ស្វ័រ និងវិទ្យស្ថានសន្តប៉ូល ដែលជាសាលារបស់ព្រះសហគមន៍កាតូលិកនៅខេត្តតាកែវ។

បន្ទាប់មកលោកបាន ប្រោសទឹកព្រះពរដល់អ្នកចូលរួមទាំងអស់ និងផ្តល់ថវិកា៤០០០០៛បន្ថែមទៀតដល់គ្រួសារនីមួយៗ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email