អាទិត្យ​ទី​១៦​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១ “សុខ​សន្តិភាព ដែល​មក​ពី​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់”

បងប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​បាន​ឃើញ​របៀប​ព្រះយេស៊ូ​ជា​មួយ​ក្រុម​គ្រីស្ត​ទូត ក្រុម​គ្រីស្ត​បាន​ទៅ​ប្រកាស​ដំណឹង​ល្អ​ហើយ​វិល​ត្រលប់​មក​វិញ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ក្រុម​គ្រីស្ត​ទូត​រៀប​រាប់​ទូល​ព្រះអង្គ អំពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្តី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។ តាម​ពិត ព្រះយេស៊ូ​បាន​ប្រមូល​ក្រុម​គ្រីស្ត​ទូត​សារជាថ្មី​ដើម្បី​ធ្វើ​របាយការណ៍​អំពី​កិច្ចការ នៅ​ក្នុង​មួយ​ខែ​កន្លង​មក​បាន​ធ្វើ​អ្វី​ខ្លះ? បាន​ទៅ​ដល់​ភូមិ​ណា​ខ្លះ? បាន​ទៅ​ប្រកាស​ដំណឹង​ល្អ​របៀប? បាន​ទៅ​បង្រៀន​មហាជន​របៀប​ណា? បាន​ជួប​បញ្ហា​អ្វី​ខ្លះ? តើ​មាន​អ្វី​ដែល​យើង​ត្រូវ​តែ​កែ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​?

ថ្មីៗ​នេះ ខ្ញុំ​បាន​ជួប​ជា​មួយ​ប្រធាន​ការិយាល័យ​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ដើម្បី​ធ្វើ​របាយការណ៍​ដែរ។ ខ្ញុំ​បាន​និយាយ​ទៅ​ប្រធាន​ការិយាល័យ​នីមួយៗ ដែល​យើង​មាន​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ថា “របាយការណ៍​ដែល​យើង​បង្ហាញ​ថ្ងៃ​នេះ មិន​មែន​ជា​របាយការណ៍​ដែល​យើង​រៀបចំ​កន្លះ​ម៉ោង​មុន​ប្រជុំ ប៉ុន្តែ របាយការណ៍​ដែល​ចេញ​ពី​ស្នាដៃ​របស់​យើង​ពោរពេញ​ដោយ​អត្ថន័យ ពោរពេញ​ដោយ​តម្លៃ”។ ដោយសារ​ពេញ​មួយ​ឆ្នាំ​កន្លង​មក យើង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​របស់​យើង។ ជួន​កាល​យើង​លឺ​ថា​សព្វ​ថ្ងៃ មាន​កន្លែង​ខ្លះ​នៅ​តាម​សាលា​រៀន​ពិបាក​ប្រមូល​សិស្ស ពិបាក​បង្រៀន​ពី​ចម្ងាយ​ត្រឹម​ត្រូវ ប៉ុន្តែ​ប្រចាំ​ខែ​របាយការណ៍​បាន​ចេញ​យ៉ាង​ពេញ​លក្ខណៈ។ មាន​ពិន្ទុ​គ្រប់ មាន​វត្តមាន​សិស្ស​គ្រប់ ជួន​កាល​ណែនាំ​ឱ្យ​យើង​ឆ្ងល់​ដែរ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​សម្រាប់​យើង យើង​ដឹង​ថា​អ្វី​ដែល​យើង​បាន​ធ្វើ​យើង​ធ្វើ​រួច​ហើយ អ្វី​ដែល​យើង​មិន​បាន​ធ្វើ​គឺ​យើង​មិន​បាន​ធ្វើ។ ហេតុ​នេះ​ហើយ នៅ​ពេល​យើង​បង្ហាញ​របាយ​ការណ៍​ណា​មួយ របាយ​ការណ៍​នេះ​ចេញ​អំពី​ការងារ​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ទៅ​មុខ ដោយសារ​របាយ​ការណ៍​ជា​របៀប​ដែល​យើង​វាយ​តម្លៃ។ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គេ​វាយ​តម្លៃ ដើម្បី​មើល​ឃើញ​អ្វី​ដែល​ល្អ អ្វី​ដែល​ស្ទើ អ្វី​ដែល​ខ្វះ ដើម្បី​ទៅ​មុខ​ត​ទៅ​ទៀត។ សម្រាប់​យើង នៅ​ក្នុង​ព្រះសហគមន៍​ក៏​ដូច​គ្នា​ដែរ នៅ​តាម​កន្លែង​ធ្វើ​ការ​របស់​យើង​ម្នាក់ៗ​ក៏​ដូច​គ្នា​ដែរ យើង​វាយ​តម្លៃ​មើល​អ្វី​ដែល​ខ្វះ អ្វី​ដែល​ល្អ អ្វី​ដែល​ស្ទើ អ្វី​ដែល​ត្រូវ​ការ​កែ នេះ​ជា​កម្លាំង​មួយ​យ៉ាង​ពិសេស។

ប្រសិន​បើ យើង​មើល​របៀប​របស់​ព្រះយេស៊ូ​ថែម​ទៀត ព្រះយេស៊ូ​ដូចជា​មាន​ព្រះហឫទ័យ​អាណិត​មេត្តា​ដល់​ក្រុម​គ្រីស្ត​ទូត។ ដោយសារ បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​ប្រកាស​ដំណឹង​ល្អ​អស់​ពី​សមត្ថភាព ព្រះយេស៊ូ​ចង់​ឱ្យ​គេ​ទៅ​កន្លែង​ស្ងាត់​ដើម្បី​សម្រាក​បន្តិច។ ប៉ុន្តែ ជា​មួយ​មហា​ជន​គេ​ធ្វើ​មិន​បាន​ទេ ដោយសារ​មហាជន​មាន​សេចក្តី​ត្រូវ​ការ​ច្រើន​ណាស់។ ដូច្នេះ ពេល​មហា​ជន​បាន​ឃើញ​ព្រះយេស៊ូ​និង​ក្រុម​សាវ័ក​ជិះ​ទូក​ទៅ​មុខ​បន្តិច គេ​នាំ​គ្នា​រត់​ដើម្បី​ទៅ​ដល់​មុន។ នៅ​ពេល​ព្រះយេស៊ូ​និង​ក្រុម​សាវ័ក​ទៅ​ដល់​មាន​មហា​ជន​អង្គុយ ដើម្បី​រង់​ចាំ​ស្តាប់​ការ​បង្រៀន​ថែម​ទៀត ដូច្នេះ​គ្មាន​ពេល​ដើម្បី​សម្រាក។ ប៉ុន្តែ យើង​ដឹង​ថា​ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​ទាំង​ក្រុម​គ្រីស្ត​ទូត ទាំង​មហា​ជន ដោយ​យល់​ថា​មហា​ជន​ដូច​ជា​ខ្វះ​គ្រូ​គង្វាល​ដើម្បី​ថែ​ទាំ។ ដូច្នេះ ព្រះយេស៊ូ​បន្ត​បង្រៀន លើក​ទឹក​ចិត្ត ព្យាបាល ធ្វើ​ដំណើរ​ជា​មួយ​គេ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ សប្តាហ៍​មុន​ខ្ញុំ​បាន​អញ្ជើញ​ឱ្យ​យើង​ទាំង​អស់​គ្នា​ជា​គ្រីស្ត​បរិស័ទ ជា​បូជាចារ្យ ជា​បង​ប្រុស​បង​ស្រី ជា​អ្នក​ស្ម័គ្រ​ចិត្ត ជា​អង្គការ​កាតូលិក ជា​គ្រូ​គង្វាល​នៅ​ក្នុង​ព្រះសហគមន៍​ឱ្យ​គិត​ពិចារណា​អំ​ពី​៤​ចំណុច​គឺ ជីវិត​ខាង​ផ្លូវ​វិញ្ញាណ អប់រំ​ជំនឿ​និង​អប់រំ​យុវជន​យុវនារី អប់រំ​សិក្សា​នៅ​ក្នុង​សាលា​កាតូលិក​យើង និង​ធម៌​មេត្តា​ករុណា។ ដោយសារ​ទោះ​មាន​ឬ​គ្មាន​កូវីដ-១៩ យើង​ត្រូវ​តែ​បន្ត​ប្រកាស​ដំណឹង​ល្អ ជា​តួនាទី​ដែល​ព្រះយេស៊ូ​ប្រទាន​ឱ្យ​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ជា​តួនាទី​ដែល​ព្រះយេស៊ូ​ប្រទាន​ឱ្យ​យើង​សព្វ​ថ្ងៃ។ ប្រកាស​ដំណឹង​ល្អ ផ្សព្វផ្សាយ​អំពី​ដំណឹង​ល្អ ព្រះយេស៊ូ​កំពុង​យាង​មក ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​សុខសន្តិភាព ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដើម្បី​ឱ្យ​យើង​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​អំពី​អំណរ​សប្បាយ និង​សេចក្តី​ស្រឡាញ់​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់។ សព្វ​ថ្ងៃ យើង​ត្រូវ​ការ​ពារ​ថែ​រក្សា​ខ្លួន​កុំ​ឱ្យ​យើង​ឆ្លង​ជំងឺ​កូវីដ-១៩​មែន ប៉ុន្តែ​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ចម្លង​អំពី​អំណរ​សប្បាយ​ដែល​យើង​មាន។ ដោយសារ ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​ដឹកនាំ​ជីវិត​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​បំផ្លាញ​ជញ្ជាំង​ដែល​យើង​បង្កើត​រវាង​មនុស្ស​នឹង​មនុស្ស រវាង​ជាតិ​សាសន៍​មួយ​នឹង​ជាតិ​សាសន៍​មួយ​ទៀត។

សព្វ​ថ្ងៃ យើង​កំពុង​ភ័យ​ម្តង​ទៀត​ព្រោះ​ថា​ប៉ុន្មាន​ថ្ងៃ​មុន​យើង​បាន​ស្តាប់​ក្រសួង​សុខាភិបាល បាន​ប្រកាស​ថា កូវីដ-១៩​ប្រភេទ​ថ្មី​កំពុង​ចូល​ដល់​ទឹក​ដី​ខ្មែរ។ វា​បាន​ចូល​ដល់​ប៉ុន្មាន​ប្រទេស​ហើយ ដែល​ណែនាំ​ឱ្យ​យើង​ឆ្លង​ភ្លាម (១៥​វិនាទី​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត)។ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​កម្ពុជា​យើង​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​ហើយ ស្រប​ពេល​ដែល​ប្រទេស​ជិត​ខាង​បាន​តែ​មួយ​ចំនួន​តូច។ ដូច្នេះ ប្រទេស​កម្ពុជា​យើង​បាន​ចាក់​វ៉ាក់សាំង​បន្ទាន់ ដើម្បី​ការពារ​ថែរក្សា​ជំងឺ​កូវីដ-១៩​កុំ​ឱ្យ​ចូល​ក្នុង​ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់ៗ។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​មិន​អាច​ចាក់​វ៉ាក់សាំង​ដើម្បី​ឱ្យ​យើង​ស្ពឹក​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ។ ផ្ទុយ​ទៅ​វិញ យើង​មាន​កម្លាំង​ដែល​មក​ពី​ព្រះជាម្ចាស់ ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់ ពោរពេញ​ដោយ​ជំនឿ ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ឱ្យ​យើង​ផ្សាយ​ដំណឹង​ល្អ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ឱ្យ​ដំណឹង​ល្អ​នេះ​ឆ្លង​ឆាប់ៗ។

យើង​បាន​ស្តាប់ “ព្រះយេស៊ូ​នេះ​ហើយ ដែល​ជា​សន្តិភាព​របស់​យើង បាន​រំលំ​ជញ្ជាំង​ដែល​ធ្វើ​ឱ្យ​សាសន៍​ដទៃ​នៅ​ដាច់​ពី​គ្នា ហើយ​ជា​បញ្ជ​មិត្ត​នឹង​គ្នា ផ្ទុយ​ទៅ​វិញ​ព្រះយេស៊ូ​គ្រីស្ត​ណែនាំ​ឱ្យ​មនុស្ស​យើង ទៅ​ជា​មិត្ត​សំលាញ់​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត ទៅ​ជា​រូប​កាយ​តែ​មួយ​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត ព្រះអង្គ​បាន​យាង​មក​ដើម្បី​នាំ​ដំណឹង​ល្អ​អំពី​សន្តិភាព មក​ឱ្យ​បង​ប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្តិភាព​មក​ឱ្យ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ” នេះ​ជា​ដំណឹង​ល្អ​ដែល​យើង​បាន​ទទួល​ថ្ងៃ​នេះ។ ប៉ុន្តែ បើ​យើង​មើល​ក្នុង​អត្ថបទ​ទី​១ ថ្ងៃ​នេះ​ព្រះជាម្ចាស់​ដូច​ជា​បាន​ណែនាំ​ឱ្យ​យើង​ភ្ញាក់​ស្មារតី យើង​ជា​លោក​អភិបាល យើង​ជា​គ្រូ​គង្វាល យើង​ជា​គ្រូ​អប់រំ​ជំនឿ យើង​ជា​មេ​ក្រុម​យុវជន យើង​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​សាលា​កាតូលិក​នានា។ថ្ងៃ​នេះ យើង​បាន​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ “អ្នក​រាល់​គ្នា​ជា​គង្វាល​ដែល​បោះបង់​ហ្វូង​ចៀម​របស់​យើង ឱ្យ​គេ​ខ្ចាត់​ខ្ចាយ​មុខ​ជា​ត្រូវ​វេទនា​ពុំ​ខាន អ្នក​រាល់​គ្នា​បាន​បោះបង់​ចោល​កូន​ចៀម​របស់​យើង​ឱ្យ​ខ្ចាត់​ខ្ចាយ ហើយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ទេ”។ ឱ្យ​យើង​មាន​កម្លាំង កុំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ការ​ស្តី​បន្ទោស​ពី​ព្រះជាម្ចាស់​សម្រាប់​យើង​ផ្ទាល់ ផ្ទុយ​ទៅ​វិញ​ឱ្យ​យើង​ដឹង​ថា​យើង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់។ ដូច​ព្រះជាម្ចាស់​ផ្ទាល់​ដែល​មាន​ព្រះបន្ទូល​ថា “ឥឡូវ​នេះ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា គឺ​ដាក់​ទោស​តាម​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត និង​យើង​យក​ចិត្ត​ទុក​ដាក់​ប្រមូល​កូន​ចៀម​របស់​យើង​ដែល​នៅ​សេសសល់​ពី​គ្រប់​ស្រុក ដែល​យើង​បាន​កំចាត់​កំចាយ​ទៅ​នោះ​ឱ្យ​ត្រឡប់​មក​វិញ”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ជួន​កាល​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ដោយសារ ពី​ប៉ុន្មាន​ខែ​កន្លង​មក​យើង​ផ្សាយ​ទាំង​អភិបូជា ទាំង​អធិដ្ឋាន ទាំង​ប្រជុំ​ពី​ចម្ងាយ ទាំង​បង្រៀន​ពី​ចម្ងាយ…។ ដូច​ជា​យើង​រក​មិន​ឃើញ​ពេល​វេលា​ដើម្បី​សម្រាក យើង​រក​មិន​ឃើញ​ពេល​វេលា​ដើម្បី​បន្ធូរ​អារម្មណ៍ យើង​រក​មិន​ឃើញ​ពេល​វេលា​ដើម្បី​បង្កើត​ទំនាក់​ទំនង​សារជាថ្មី។ ផ្ទុយ​ទៅ​វិញ ពេល​យើង​ស្តាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យើង​ចង់​ភ័យ​ខ្លាច​ថែម​ទៀត។ ប៉ុន្តែ យើង​ដឹង​ថា​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​តស៊ូ យើង​ដឹង​ថា​នឹម​របស់​យើង​ដូច​ជា​ស្រាល​ដោយសារ​ព្រះយេស៊ូ​ផ្ទាល់។ បន្ទុក​ដែល​យើង​ទទួល​ពី​ព្រះយេស៊ូ​ក៏​មិន​ធ្ងន់​ដែរ ដោយសារ​ព្រះយេស៊ូ​គង់​នៅ ព្រះយេស៊ូ​ជា​ម្ចាស់​នៃ​សន្តិភាព។ ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ទៅ​មុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​បងប្អូន​ឯទៀតៗ​តាម​តួនាទី​ផ្ទាល់​ខ្លួន។ ដោយ​យក​ចិត្ត​ទុក​ដាក់ ណែនាំ​ឱ្យ​មនុស្ស​យើង​រក​ឃើញ​សុខ​សន្តិភាព និង​សុភមង្គល​ដែល​ហៀរ​ចេញ​ពី​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់។

ថ្ងៃ​នេះ តាម​ពិត​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​សារជាថ្មី យើង​ពោរពេញ​ដោយ​កម្លាំង​សារជាថ្មី យើង​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​របាយការណ៍​ទៅ​ព្រះយេស៊ូ​អំពី​កិច្ចការ​របស់​យើង។ យើង​ត្រៀម​ខ្លួន ដើម្បី​យក​ចិត្ត​ទុក​ដាក់​ដល់​បង​ប្អូន​របស់​យើង​ដែល​កំពុង​អស់​កម្លាំង យើង​ត្រៀម​ខ្លួន​ដើម្បី​រក​ឃើញ​កម្លាំង​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់។ ជា​អ្នក​ដឹក​នាំ ដើម្បី​បន្ត​ធ្វើ​តាម​កាលៈទេសៈ​ដោយ​ដឹង​ថា​យើង​យក​ចិត្ត​ទុក​ដាក់​អស់​ពី​សមត្ថភាព ដើម្បី​ប្រកាស​អំពី​សុខ​សន្តិភាព។ ថ្ងៃ​នេះ​ទំនុក​តម្កើង​លេខ​២៣ ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សុខ ដូច្នេះ​មុន​ចូល​ដេក​យប់​នេះ​សូម​មើល​ទំនុក​តម្កើង​នេះ​ម្តង​ទៀត។ ដោយសារ នេះ​ជា​កម្លាំង​របស់​ព្រះជាម្ចាស់​ដែល​ប្រទាន​មក​យើង “ឱ​ព្រះអម្ចាស់​ជា​គង្វាល មើល​ឥត​រយាល​ណែនាំ​ខ្ញុំ ឱ្យ​ដើរ​តាម​ផ្លូវ​ដែល​សាក​សម ភោគ​ផល​ជិត​ជុំ​ឥត​ខ្វះ​ឡើយ ព្រះអង្គ​ប្រទាន​សុភមង្គល ហឫទ័យ​ខ្វាយ​ខ្វល់​ដោយ​អាសូរ មក​ទូល​បង្គំ​ជា​ហែហូរ ឥត​មាន​ឈប់​ឈរ​មួយ​ជីវិត ដរាប​ណា​ជីវិត​នៅ​មាន ខ្ញុំ​រស់​សុខ​សាន្ត​ឥត​មាន​គិត ក្នុង​ព្រះដំណាក់​ល្អ​ប្រណិត ព្រះអម្ចាស់​ស្ថិត​ស្ថេរ​ជានិច្ច”។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email