អភិបូជា​បើក​ឆ្នាំ​សិក្សា​ថ្មី​របស់​ទេវ​វិទ្យាល័យ សន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណេ ភ្នំពេញ​ថ្មី ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ “ធ្វើ​ជា​ទូត​របស់​ព្រះគ្រីស្ត”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ដែល​យើង​បើក​ឆ្នាំ​សិក្សា​ថ្មី​របស់​ទេវ​វិទ្យាល័យ សន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណេ យើង​បាន​ទទួល​ដំណឹង​ល្អ​ដែល​បំភ្លឺ​យើង​មែន​ទែន។ ជា​ពិសេស​ថ្ងៃ​នេះ យើង​សប្បាយ​ចិត្ត​ស្តាប់​លោក​ប៉ូល​ដែល​និយាយ​ថា “បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មិន​ខ្មាស់​នឹង​ប្រកាស​ដំណឹង​ល្អ​ទេ ព្រោះ​ដំណឹង​ល្អ​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ សម្រាប់​សង្រ្គោះ​អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះអង្គ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក​សាសន៍​ក្រិច” ហើយ​បន្ត​មក​ទៀត​ជន​ជាតិ​ខ្មែរ។ ហេតុ​នេះ​ហើយ យើង​បាន​ចូល​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បេសកកម្ម​របស់​យើង ជា​ពិសេស​នៅ​ក្នុង​ខែ​តុលា​នេះ ជា​ខែ​ដែល​យើង​ត្រូវ​អធិដ្ឋាន​ដើម្បី​ឱ្យ​ព្រះសហគមន៍​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ។ ប៉ុន្តែ ការ​ប្រកាស​ដំណឹង​ល្អ​ណែនាំ​ឱ្យ​យើង​ត្រូវ​តែ​មើល​ឃើញ អ្វីៗ​ដែល​ភ្នែក​របស់​យើង​ទូទៅ​មើល​មិន​ឃើញ។

នៅ​ក្នុង​ទំនុក​តម្កើង “ផ្ទៃ​មេឃ​ថ្លាថ្លែង រុងរឿង​ស្ញប់ស្ញែង របស់​ព្រះម្ចាស់ អាកាស​វេហាស៍ ក៏​បាន​ប្រកាស ពី​ស្នាព្រះហស្ត របស់​ព្រះអង្គ”។ ប្រសិន​បើ យើង​ចេះ​បើក​ភ្នែក​យើង​អាច​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង អំពី​វត្ត​មាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង​ប្រចាំ។ តាមរយៈ​អាកាស​វេហាស៍ តាមរយៈ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត តាម​ស្នាដៃ​របស់​ព្រះអង្គ​នៅ​កន្លែង​នីមួយៗ នៅ​ក្នុង​ជីវិត​របស់​យើង​ប្រចាំ។ ប៉ុន្តែ ប្រហែល​ជា​ពេល​វេលា​ដើម្បី​សួរ​ខ្លួន​ឯង​ដែរ តើ​យើង​បាន​មើល​ឃើញ​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​ពិភព​លោក នៅ​ក្នុង​ជីវិត​របស់​យើង​ឬ​ទេ? តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ អាច​មើល​ឃើញ​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ពិភព​របស់​យើង​បច្ចុប្បន្ន​នេះ និង​ស្នាព្រះហស្ត​របស់​ព្រះអង្គ​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ដែរ?ដោយសារ​ខ្ញុំ​មិន​ខ្មាស់​នឹង​ប្រកាស​ដំណឹង​ល្អ​ទេ ព្រោះ​ដំណឹង​ល្អ​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ សម្រាប់​សង្រ្គោះ​អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះអង្គ”។ គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​ហ្នឹង មនុស្ស​សុចរិត​ដោយសារ​ជំនឿ​យើង​មាន​ជីវិត យើង​ចង់​មាន​ជីវិត ជីវិត​របស់​យើង​យើង​អាច​ទទួល​នៅ​ក្នុង​ជំនឿ​ទៅ​លើ​ព្រះអង្គ​តែ​ម្តង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដែល​យើង​រស់​នៅ​ក្នុង​បរិយាកាស​នៃ​ជំងឺ​កូវីដ-១៩ ខ្ញុំ​គិត​ថា​សម្រាប់​កូន​សិស្ស​លោក​អភិបាល​ក៏​ជា​ពេល​វេលា​មួយ​ដើម្បី​គិត​ពិចារណា​ដែរ។ តើ​នៅ​ក្នុង​រដូវ​កូវីដ-១៩​យើង​បាន​រៀន​អ្វី​ខ្លះ? តើ​យើង​បាន​រៀន​អ្វី​ខ្លះ​នៅ​ក្នុង​ជិវិត​របស់​យើង​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ? តើ​យើង​បាន​រៀន​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​យើង ដែល​កំពុង​ត្រៀម​ខ្លួន​ទៅ​ជា​បូជាចារ្យ​បម្រើ​ព្រះសហគមន៍ និង​បម្រើ​មនុស្ស​លោក? ប្រកាស​ដំណឹង​ល្អ​ដើម្បី​ឱ្យ​មនុស្ស​យ៉ាង​ច្រើន​ទទួល​ជីវិត គឺ​ជីវិត​អស់​កល្ប​ជានិច្ច។ ខ្ញុំ​គិត​ថា​យើង​ទាំង​អស់​គ្នា​បាន​រៀន​យ៉ាង​តិច​៣​ចំណុច​ដ៏​សំខាន់​គឺ៖

ចំណុច​ទី​១ យើង​បាន​រៀន​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង ប្រសិន​បើ​យើង​បាត់​បង់​ទំនាក់ទំនង​ផ្ទាល់ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ប្រកាស​ដំណឹង​ល្អ? ប្រសិន​បើ​យើង​បាត់​បង់​ទំនាក់ទំនង​ផ្ទាល់ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់ ដំណឹង​ល្អ​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ទៅ​ដល់​មនុស្ស​យ៉ាង​ពិត​ប្រាកដ? ពិត​មែន​យើង​មាន​មធ្យោបាយ​ទំនើបៗ​ច្រើន យើង​អាច​ប្រជុំ​/​សិក្ខា​សាលា​ពី​ចម្ងាយ យើង​មាន​ហ្វេសបុក យើង​មាន​យូធូប យើង​មាន​ការ​ផ្សាយ​អភិបូជា​ពី​ចម្ងាយ យើង​មាន​កម្ម​វិធី​ច្រើន​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ តាមរយៈ​មធ្យោបាយ​ទាំង​អស់​នេះ តើ​យើង​អាច​ប្រកាស​ដំណឹង​ល្អ​ដល់​ណា? ជួន​កាល​មាន​រាប់​ម៊ឺន​នាក់​ដែល​មើល ប៉ុន្តែ​ពេល​មាន​រាប់​ម៊ឺន​នាក់​ដែល​មើល​គឺ​នៅ​ពេល​យើង​ពិចារណា​អំពី​រឿង​ប្លែក ដូចជា​វប្បធម៌ របាំ…។ ប៉ុន្តែ នៅ​ពេល​យើង​ចូល​នៅ​ក្នុង​ជំនឿ​យ៉ាង​ជ្រៅ ពិបាក​ដើម្បី​ឱ្យ​គេ​ចូល​មើល។ ដោយសារ​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះយេស៊ូ គឺ​ព្រះអង្គ​បាន​ដើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ព្រះអង្គ​ទៅ​ជួប​ជា​មួយ​មហា​ជន ព្រះអង្គ​អង្គុយ​ជា​មួយ​ក្រុម​សាវ័ក ព្រះអង្គ​ចាប់​ដៃ​អ្នក​ជំងឺ ព្រះអង្គ​នៅ​ជា​មួយ​អ្នក​បាប ព្រះអង្គ​ហូប​បាយ​ជា​មួយ​គេ។ ហេតុ​នេះ​ហើយ ទំនាក់ទំនង​ផ្ទាល់​មាន​សារៈសំខាន់​បំផុត ដែល​យើង​យល់​ថា​នៅ​រដូវ​កូវីដ-១៩​នេះ ណែនាំ​ឱ្យ​យើង​បាត់​ទំនាក់​ទំនង​ជា​មួយ​បង​ប្អូន​ឯទៀតៗ។ តួនាទី​របស់​យើង គឺ​ណែនាំ​ឱ្យ​ដំណឹង​ល្អ​ទៅ​ដល់​ជីវិត​របស់​បង​ប្អូន​ឯទៀតៗ តាមរយៈ ZOOM ហ្វេសបុក យូធូប តាម​រយៈ​ទំនាក់ទំនង​សប្បនិមិត្ត​មិន​អាច​ចូល​ដល់​ជីវិត​បង​ប្អូន​បាន​ទេ។ ព្រះសហគមន៍​របស់​យើង បាន​រីក​ចម្រើន​ពី​សម័យ​ដំបូង​មុន​គេ​បង្អស់​ជា​មួយ​សាសន៍​យូដា បន្ទាប់​មក​សាសន៍​ក្រិច បន្ទាប់​មក​សាសន៍​រ៉ូមុំាង បន្ទាប់​មក​អឺរ៉ុប អាមេរិក អាហ្រ្វិច អាស៊ី។ បាន​ទៅ​ដល់​កន្លែង​ទាំង​នោះ ដោយសារ​អ្នក​ប្រកាស​ដំណឹង​ល្អ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង។ ការ​ធ្វើ​ដំណើរ​ពី​ដើម គឺ​ថ្មើរ​ជើង ក្រោយ​មក​ជិះ​កប្បាល់​ទឹក ក្រោយ​មក​ទៀត​ជិះ​យន្តហោះ ប៉ុន្តែ​យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​កន្លែង ដើម្បី​បង្កើត​ទំនាក់ទំនង។ បង្កើត​ទំនាក់ទំនង​ដូច​ព្រះយេស៊ូ​ពី​ដើម អង្គុយ​ជា​មួយ​ស្ត្រី​សាសន៍​សាម៉ារី ដើម្បី​បង្ហាញ​ប្រសិន​បើ​នាង​ដឹង​អំពី​អំណោយ​ទាន​របស់​ព្រះជាម្ចាស់។ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​យើង​ត្រូវ​ការ​ថែរក្សា​ទំនាក់ទំនង​ត​ទៅ​ទៀត ដោយ​យល់​ថា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​អាច​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​បង​ប្អូន​ឯទៀតៗ​បាន លុះត្រាតែ​យើង​អង្គុយ​ដើម្បី​ជួប​គ្នា ដើម្បី​បង្កើត​ទំនាក់ទំនង​ដ៏​ពិត​ប្រាកដ។

ចំណុច​ទី​២ នៅ​ក្នុង​រដូវ​កូវីដ-១៩​នេះ​យើង​បាន​យល់​ដែរ អំពី​សារៈសំខាន់​នៃ​ការ​សិក្សា ដោយសារ​នៅ​ពេល​យើង​ខ្វះ​យើង​យល់​អំ​ពី​អ្វី​ដែល​មាន​សារៈសំខាន់។ នៅ​ពេល​រដ្ឋាភិបាល​ប្រកាស​បិទ​សាលា​រៀន​ទាំង​អស់ សិស្ស​សាលា​ត្រូវ​រៀន​ពី​ចម្ងាយ មាន​មួយ​ចំនួន​អាច​រៀន​បាន មួយ​ចំនួន​ទៀត​មិន​អាច​រៀន​បាន។ ថ្ងៃ​នេះ នៅ​ក្នុង​ការ​ប្រជុំ​ជា​មួយ​លោក​បូជាចារ្យ​ភូមិភាគ​ភ្នំពេញ យើង​បាន​ស្តាប់​អំពី​របាយការណ៍​របស់​ការិយាល័យ​សិក្សា​កាតូលិក​ភូមិភាគ​ភ្នំពេញ។ ឃើញ​ថា មាន​សាលា​មត្តេយ្យ​មួយ​ចំនួន​បាត់​កូន​ក្មេង​ច្រើន មាន​កូន​ក្មេង​មួយ​ចំនួន​ដែល​បាត់​បង់​ការ​សិក្សា​មួយ​ឆ្នាំ​ពីរ​ឆ្នាំ នេះ​ណែនាំ​ឱ្យ​យើង​ឈឺ​ចិត្ត​ណាស់។ ប៉ុន្តែ ការ​សិក្សា​របស់​និស្សិត​ទេវ​វិទ្យាល័យ​មិន​ដែល​បាត់​មួយ​ម៉ោង នេះ​ដោយសារ​យើង​បាន​រៀន​ពី​ចម្ងាយ​ផង លោក​មក​បង្រៀន​ផ្ទាល់​ផង ខ្ញុំ​សូម​អរគុណ​ដល់​លោក​គ្រូ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បង្រៀន។ ការ​សិក្សា​សំខាន់​ណាស់ ដោយសារ​ពេល​យើង​ចង់​ជួប​ជា​មួយ​បង​ប្អូន​ឯទៀតៗ ដើម្បី​និយាយ​អំពី​ដំណឹង​ល្អ​យើង​ត្រូវ​ការ​ចូល​នៅ​ក្នុង​ដំណឹង​ល្អ​យ៉ាង​ច្បាស់​លាស់ តាម​រយៈ​ការ​សិក្សា​របស់​យើង តាម​ទស្សនៈ​វិជ្ជា តាម​ទេវ​វិទ្យា តាម​គម្ពីរ​វិទ្យា តាម​សង្គម​វិជ្ជា តាម​ព្រះសហគមន៍​វិជ្ជា តាម​វិជ្ជា​នីមួយៗ​ដែល​ណែនាំ​ឱ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អាថ៌​កំបាំង​នៃ​ជំនឿ ដើម្បី​ឱ្យ​ជីវិត​របស់​យើង​ភ្ជាប់​នៅ​ក្នុង​គ្រប់​វិស័យ​ជា​មួយ​ព្រះជាម្ចាស់។

ចំណុច​ទី​៣ នៅ​ក្នុង​ពេល​វេលា​នៃ​កូវីដ-១៩ យើង​បាន​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​អធិដ្ឋាន យើង​មាន​ពេល​ច្រើន​ជាង​មុន​ដើម្បី​អធិដ្ឋាន។ ជួន​កាល​យើង​ធ្លាប់​និយាយ​ថា ជីវិត​របស់​យើង​ដូច​ជា​ជីវិត​របស់​បង​ស្រី​សម្ងាត់​ដែរ។ ព្រោះ​ថា បង​ស្រី​សម្ងាត់​តាម​ពិត​ជីវិត​របស់​គាត់​នៅ​តែ​ដដែល ទោះ​បី​មាន​កូវីដ​ឬ​អត់​មាន​កូវីដ នៅ​តែ​ក្នុង​អារាម​អធិដ្ឋាន។ ប៉ុន្តែ សម្រាប់​យើង​ជា​បទ​ពិសោធ​ថ្មី​ដោយសារ ប៉ុន្មាន​ខែ​យើង​បាន​រស់​នៅ​ក្នុង​ភាព​សម្ងាត់​ដែរ។ ដោយ​យល់​ថា យើង​នៅ​សល់​ព្រះជាម្ចាស់ ដែល​ជួន​កាល​យើង​មាន​អារម្មណ៍​ថា​ឯកោ ប៉ុន្តែ​ដោយ​សារ​យើង​មាន​ព្រះជាម្ចាស់​យើង​មិន​នៅ​ម្នាក់​ឯង​ទេ។ ការ​អធិដ្ឋាន ណែនាំ​ឱ្យ​យើង​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់ ខ្ញុំ​ជឿ​ថា​នៅ​ក្នុង​ពេល​វេលា​ហ្នឹង​យើង​បាន​ភ្ជាក់​ស្មារតី​សារជាថ្មី។ ការ​អធិដ្ឋាន​តាម​មាលា គោរព​ព្រះកាយ​ព្រះគ្រីស្ត អធិដ្ឋាន​តេហ្សេ អធិដ្ឋាន​ពេល​ចូល​អភិបូជា នេះ​បាន​ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង​មាន​ជីវិត និង​ផ្ទាល់​ខ្លួន​មាន​ជីវិត​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់។

ហេតុ​នេះ​ហើយ ទំនាក់ទំនង ការ​សិក្សា អធិដ្ឋាន អាច​ណែនាំ​ឱ្យ​យើង​ទៅ​ជា​សាសនា​ទូត​ពិត​មែន សាសនា​ទូត​ក្នុង​ន័យ​ថា​ជា​គ្រីស្ត​ទូត។ ទូត​របស់​ព្រះគ្រីស្ត ដើម្បី​ឱ្យ​ការ​សង្រ្គោះ​បាន​ទៅ​ដល់​បង​ប្អូន​ឯឯទៀតៗ តាមរយៈ​ការ​ប្រកាស​ដំណឹង​ល្អ និង​តាមរយៈ​អគ្គ​សញ្ញា​នានា។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​អាទិត្យ​នេះ យើង​នឹង​ចូល​នៅ​ក្នុង​សន្និបាត​ដើម្បី​ឱ្យ​យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។ សប្តាហ៍​មុន​ចេញ​ពី​ទីក្រុង​រ៉ូម អាទិត្យ​នេះ​ទៅ​ដល់​ព្រះសហគមន៍​នៅ​ក្នុង​ភូមិភាគ​នីមួយៗ ដើម្បី​ឱ្យ​យើង​រួម​គ្នា​ជា​មួយ​គ្នា។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ជា​ពេល​វេលា​សម្រាប់​និស្សិត​ទេវ​វិទ្យាល័យ​២​នាក់​ដែល​នឹង​ត្រូវ​នៅ​រៀន​បន្ត និស្សិត​ដែល​ត្រៀម​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​ឧបដ្ឋាក ប្អូន​យើង​ដែល​រៀន​នៅ​ប្រទេស​ថៃ និង​ប្អូន​ដែល​ត្រៀម​ទៅ​រៀន​នៅ​ប្រទេស​ថៃ ដើម្បី​ថែរក្សា​ទំនាក់​ទំនង ថែរក្សា​ការ​សិក្សា ថែរក្សា​ការ​អធិដ្ឋាន ដើម្បី​ទៅ​ជា​ទូត​របស់​ព្រះគ្រីស្ត​ដ៏​ពិត​ប្រាកដ ដែល​ចេះ​ស្រឡាញ់​ព្រះយេស៊ូ និង​ណែនាំ​ឱ្យ​ព្រះយេស៊ូ​ទៅ​ជា​ដំណឹង​ល្អ​សម្រាប់​បង​ប្អូន​ឯទៀតៗ។ ពិត​មែន ការ​សង្រ្គោះ​ណែនាំ​ឱ្យ​យើង​មាន​ជីវិត​ជីវិត​អស់​កល្ប​ជានិច្ច មុន​គេ​បង្អស់​គឺ​សាសន៍​យូដា បន្ទាប់​មក​សាសន៍​ក្រិច បន្ទាប់​មក​សាសន៍​ខ្មែរ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email