អភិបូជា​បើក​សន្និបាត​ព្រះសហគមន៍​កាតូលិក ពី​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២១ “យើង​ជា​ឧបករណ៍​នៃ​ការ​សង្រ្គោះ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

នៅ​ពេល​យើង​បាន​ឃើញ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ជីវិត​ព្រះសហគមន៍​មុន​កូវីដ-១៩។ ដោយសារ ជួន​កាល​ការ​ចង​ចាំ​របស់​យើង​ខ្លី​បន្តិច ដូច្នេះ​យើង​នឹក​ឃើញ​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ យើង​នៅ​ទី​នេះ​ដើម្បី​ធ្វើ​ជំហាន​ទី​២។ ក្រោយ​ពេល​យើង​ទទួល​ដំណឹង​ថា មាន​កូវីដ-១៩​កំពុង​ផ្ទុះ​នៅ​ក្នុង​សហគមន៍ ដូច្នេះ​នៅ​ពេល​នោះ​យើង​បាន​សង្ខេប​ពិធី​ជំហាន​ទី​២ ដើម្បី​ឱ្យ​បង​ប្អូន​វិល​ទៅ​តាម​កន្លែង​របស់​ខ្លួន​វិញ​ភ្លាមៗ។ រហូត​មក​ដល់​ថ្ងៃ​នេះ យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ​ដោយសារ​យើង​ឆ្លៀត​ឱកាស ដើម្បី​បើក​សន្និបាត​ព្រះសហគមន៍​កាតូលិក ២០២១-២០២៣ នៅ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី។

ថ្ងៃ​នេះ ជា​មហា​គ្រួសារ​នៃ​ព្រះសហគមន៍​ដែល​កំពុង​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ប្រសិន​បើ​បង​ប្អូន​មើល​រូប​ភាព​អាច​រក​ឃើញ​សកម្មភាព​តាម​មណ្ឌល​សកម្មភាព​នីមួយៗ សកម្មភាព​តាម​ការិយាល័យ​នីមួយៗ។ កន្លែង​ដែល​យើង​មាន​នៅ​ក្នុង​ភូមិភាគ បព្វជិត​បព្វជីតា ទេវ​វិទ្យាល័យ មណ្ឌល​និស្សិត នេះ​ជា​ជីវិត​របស់​យើង យើង​ដឹង​ថា​ជីវិត​ត្រូវ​តែ​បន្ត យើង​ជា​មហា​គ្រួសារ​នៅ​ក្នុង​ព្រះសហគមន៍។ នេះ​ជា​ឱកាស​មួយ ដើម្បី​ចូល​រួម​ជា​មួយ​ព្រះសហគមន៍​សកល ដោយសារ​ភូមិ​ភាគ​ភ្នំពេញ​មិន​មែន​ជា​ភូមិ​ភាគ​ឯកោ យើង​នៅ​ជា​មួយ​បាត់ដំបង​និង​កំពង់ចាម។ ព្រះសហគមន៍​កាតូលិក​កម្ពុជា​មិន​មែន​ជា​ព្រះសហគមន៍​ឯកោ គឺ​យើង​នៅ​ជា​មួយ​ប្រទេស​ឡាវ។ ព្រះសហគមន៍​ឡាវ-កម្ពុជា​មិន​មែន​ជា​ព្រះសហគមន៍​ឯកោ យើង​នៅ​ក្នុង​សមាគមន៍​លោក​អភិបាល​ក្នុង​ទី្វប​អាស៊ី (FABC)។ ព្រះសហគមន៍​កាតូលិក​ក្នុង​ទ្វីប​អាស៊ី​មិន​មែន​ឯកោ យើង​នៅ​ជា​មួយ​ព្រះសហគមន៍​ក្នុង​ទ្វីប​ទាំង​ប្រាំ​ដែល​មាន​ព្រះសហគមន៍​កាតូលិក។ ព្រះសហគមន៍​កាតូលិក​ទាំង​មូល មាន​គ្រូ​គង្វាល​ដ៏​សប្បុរស គឺ​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ដែល​សប្តាហ៍​មុន​បាន​បើក​ឱ្យ​ព្រះសហគមន៍​ទាំង​អស់​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​ពិភព​លោក នៅ​តាម​តំបន់ និង​នៅ​តាម​ភូមិភាគ​នីមួយៗ ក៏​ដូច​ជា​នៅ​តាម​ព្រះសហគមន៍​តូចៗ​របស់​យើង​នីមួយៗ​ដែរ។

តើ​យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដើម្បី​អ្វី? នេះ​ជា​ចំណុច​មួយ​ដែល​យើង​បាន​ឃើញ​គឺ​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ នេះ​ជា​បេសកកម្ម ដែល​យើង​ជា​គ្រីស្ត​បរិស័ទ​បាន​ទទួល​ពី​ថ្ងៃ​ដែល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក យើង​ដឹង​ហើយ​ថា​យើង​ជា​បូជាចារ្យ យើង​ជា​ព្រះមហាក្សត្រ យើង​ជា​ព្យាការី។ តួនាទី​របស់​យើង​គឺ​អធិដ្ឋាន តួនាទី​របស់​យើង​គឺ​បម្រើ និង​តួនាទី​របស់​យើង​គឺ​ថ្លែង​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​មនុស្ស​ស្តាប់​ឮ។ ហេតុ​នេះ​ហើយ ថ្ងៃ​នេះ​នៅ​ពេល​យើង​ជួប​ជុំ​គ្នា​យើង​នឹក​ឃើញ​បេសកកម្ម​របស់​យើង គឺ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​គ្រីស្ត ព្រះយេស៊ូ​គ្រីស្ត​ដែល​ណែនាំ​ឱ្យ​យើង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ ពិត​មែន បង​ប្អូន​ជា​ទី​ស្រឡាញ់​ព្រះសហគមន៍​របស់​យើង​មិន​មែន​ជា​សមាគមន៍​មួយ ឬ​ជា​អង្គការ​មួយ​ដែល​សម្តែង​មេត្តា​ករុណា​តែ​ប៉ុណ្ណឹង។ ព្រះសហគមន៍​របស់​យើង រស់​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ក្នុង​ព្រះជាម្ចាស់​ដែល​ណែនាំ​ឱ្យ​យើង​ទទួល​អំណោយ​ដ៏​សំខាន់​បំផុត​សម្រាប់​យើង​ទាំង​អស់​គ្នា​គឺ​ជំនឿ ជំនឿ​ណែនាំ​ឱ្យ​យើង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។

ហេតុ​នេះ​ហើយ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជា​ពិសេស​នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩​នេះ ដែល​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​សង្គហៈ ចែក​អំណោយ​ដើម្បី​បង្ហាញ​ធម៌​មេត្តា​ករុណា​ដល់​បង​ប្អូន​របស់​យើង​ដែល​កំពុង​រង​ទុក្ខ​លំបាក នេះ​ផ្លែ​នៃ​ជំនឿ​របស់​យើង។ ប្រសិន​បើ​យើង​គ្រាន់​តែ​ចែក​អំណោយ បង្ហាញ​ធម៌​មេត្តា​ករុណា ដោយ​ភ្លេច​ប្រភព​របស់​យើង នោះ​យើង​លែង​ជា​ព្រះសហគមន៍​កាតូលិក​ទៀត​ទេ។ ដូច្នេះ ខ្ញុំ​ជឿ​ថា​ពេល​វេលា​ដែល​យើង​កំពុង​បើក​ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា ជា​ពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់ “ឱ​ព្រះបិតា​អើយ សូម​ប្រទាន​ជំនឿ​រឹង​មាំ​ឱ្យ​ខ្ញុំ ឱ្យ​ព្រះសហគមន៍​របស់​យើង​ខ្ញុំ ដើម្បី​ឱ្យ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​អាច​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា និង​ឱ្យ​យើង​រក​ឃើញ​អត្ថន័យ​នៃ​ជីវិត​របស់​យើង”។ អត្ថន័យ​នៃ​ជីវិត​របស់​យើង មើល​ឃើញ​នៅ​ក្នុង​គោល​ដៅ​គឺ​ប្រកាស​ដំណឹង​ល្អ ដើម្បី​ឱ្យ​សេចក្តី​សង្ឃឹម ដើម្បី​ឱ្យ​ជីវិត​របស់​ព្រះជាម្ចាស់​ទៅ​នៅ​ក្នុង​គ្រប់​ទីកន្លែង​ដែល​យើង​នៅ​សព្វ​ថ្ងៃ។

តើ​អ្នក​ណា​ដែល​ត្រូវ​ប្រកាស​ដំណឹង​ល្អ? តើ​ជា​លោក​អភិបាល​តែ​ប៉ុណ្ណឹង តើ​ជា​លោក​ឪពុក​តែ​ប៉ុណ្ណឹង តើ​ជា​បង​ប្រុស​បង​ស្រី​តែ​ប៉ុណ្ណឹង នេះ​មិន​មែន​ជា​ព្រះសហគមន៍​ទេ។ យើង​បាន​ឃើញ លូហ្គូ​ដែល​មាន​នៅ​ក្នុង​ព្រះឈើឆ្កាង នៅ​ក្រោម​ព្រះពន្លឺ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នៃ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ យើង​បាន​ឃើញ​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​ដែល​កំពុង​ធ្វើ​ដំណើរ។ ដែល​មាន​កូន​ក្មេង យុវជន​យុវនារី មីង​ពូ លោក​តា​លោក​យាយ ជន​មាន​ពិការភាព បង​ស្រី​បង​ប្រុស លោក​ឪពុក និង​លោក​អភិបាល យើង​ជា​ក្រុម​គ្រួសារ​តែ​មួយ​ដែល​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។ ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា មាន​ន័យ​ថា​យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​អំណរ​សប្បាយ​ក្តី នៅ​ក្នុង​ទុក្ខ​លំបាក​ក្តី។ ព្រឹក​មិញ ខ្ញុំ​បាន​ណែនាំ​ឱ្យ​ក្រុម​យើង​គិត​អំពី​អំណរ​សប្បាយ​សិន​ដោយសារ​អំណរ​សប្បាយ​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង ណែនាំ​ឱ្យ​យើង​មាន​សេចក្តី​សង្ឃឹម។ ប្រសិន​បើ យើង​ចេះ​តែ​មើល​ឧបសគ្គ​ណែនាំ​ឱ្យ​យើង​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​យើង​ធ្លាក់​ទឹក​ចិត្ត​យើង​មិន​ដឹង​ថា​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​មុខ។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​ចាប់​ផ្តើម​ឱ្យ​យើង​រិះ​គិត តើ​អំណរ​សប្បាយ​របស់​យើង​គឺ​អ្វី​ខ្លះ? ទោះ​បី​កូវីដ-១៩​ក៏​ដោយ​ខ្ញុំ​បាន​ស្តាប់​ក្រុម​នីមួយៗ ទោះ​បី​យើង​មាន​ព្រំដែន​យ៉ាង​ច្រើន ប៉ុន្តែ​យើង​បាន​ឃើញ​ព្រះសហគមន៍​របស់​យើង​មាន​ជីវិត​ដោយសារ​ព្រះជាម្ចាស់ ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជម្រុញ​យើង​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​ក្លាហាន​និង​កម្លាំង​កាយ​កម្លាំង​ចិត្ត។

ហេតុ​នេះ​ហើយ សម្រាប់​យើង​ថ្ងៃ​នេះ​ឱ្យ​យើង​នឹក​ឃើញ​ថា យើង​ទាំង​អស់​គ្នា​យើង​ជា​គ្រីស្ត​ទូត។ មាន​ន័យ​ថា យើង​ទាំង​អស់​គ្នា​ពី​កូន​ក្មេង​ដ៏​តូច​រហូត​ដល់​លោក​តា​លោក​យាយ បព្វជិត​បព្វជីតា លោក​ឪពុក លោក​អភិបាល គ្រប់​ការិយាល័យ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ យើង​ជា​ទូត​របស់​ព្រះគ្រីស្ត​ដើម្បី​ឱ្យ​យើង​រួម​គ្នា​ធ្វើ​ដំណើរ​បំពេញ​គោល​ដៅ​របស់​យើង​គឺ​ប្រកាស​ដំណឹង​ល្អ។ ដើម្បី​ប្រកាស​ដំណឹង​ល្អ​នេះ យើង​ត្រូវ​ការ​មាន​មធ្យោបាយ​គឺ​ឱ្យ​យើង​ការពារ​ថែរក្សា​ភាព​តែ​មួយ អង្គ​តែ​មួយ ធ្លុង​តែ​មួយ។ យើង​មិន​មែន​ជា​គ្រួសារ​តែ​បាក់​បែក​គ្នា ដែល​ច្រណែន​គ្នា គាត់​មាន​អំណាច គាត់​មាន​កម្លាំង យើង​ចេះ​តែ​ប្រៀប​ធៀប។ ផ្ទុយ​ទៅ​វិញ យើង​ដឹង​ថា​នៅ​ក្នុង​គ្រួសារ​ម្នាក់ៗ​មាន​តួនាទី ម្នាក់ៗ​មាន​កម្លាំង ម្នាក់ៗ​ត្រូវ​តែ​ចូល​រួម។ មើល​គ្រួសារ​មួយ​ដែល​មាន​លោក​តា​លោក​យាយ ឪពុក​ម្តាយ កូន រួម​គ្នា​ជា​គ្រួសារ​មួយ​ដែល​ចេះ​ធ្វើ​ដំណើរ​នៅ​ក្នុង​សេចក្តី​សុខសាន្ត។ ប្រសិន​បើ​ម្តាយ​ធ្វើ​ជំនួស​ឪពុក ប្រសិន​បើ​ឪពុក​ធ្វើ​ជំនួស​កូន ប្រសិន​បើ​កូន​ធ្វើ​ជំនួស​លោក​តា​លោក​យាយ ធ្វើ​ឱ្យ​មាន​ភាព​រញេ​រញៃ មិន​អាច​ទៅ​មុខ​បាន​ទេ។ គ្រួសារ​មួយ ជា​គ្រួសារ​ដែល​ពោរពេញ​ដោយ​សេចក្តី​សុខ​នៅ​ពេល​យើង​ចេះ​សហការ​គ្នា​នៅ​ក្នុង​សេចក្តី​ស្រឡាញ់។ ប៉ុន្តែ ដើម្បី​ថែរក្សា​ធ្លុង​តែ​មួយ ភាព​តែ​មួយ យើង​ត្រូវ​ការ​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់ ឥត​មាន​ផ្លូវ​ពីរ​ទេ។

ខ្ញុំ​បាន​ឮ​គេ​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃ​គ្រីស្ត​បរិស័ទ​លែង​រវី​រវល់​ជា​មួយ​សាសនា ដោយសារ​គេ​រវី​រវល់​តែ​ជា​មួយ​កូវីដ-១៩។ ពាក្យ​នេះ​យើង​មិន​អាច​ទទួល​បាន​ទេ សម្រាប់​យើង​ដែល​ជា​បូចាចារ្យ សម្រាប់​យើង​ដែល​ជា​អ្នក​ដឹក​នាំ​ព្រះសហគមន៍ សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​។ ផ្ទុយ​ទៅ​វិញ ឱ្យ​នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩ ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​រីក​ចម្រើន​នៅ​ក្នុង​ខ្លួន​របស់​យើង។ ប្រសិន​បើ យើង​មាន​ជំងឺ​កូវីដ-១៩​ដំណាក់​កាល​ចុង​ក្រោយ ហើយ​យើង​បាន​ចោល​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់ យើង​នៅ​សល់​ទី​ពឹង​អ្វី អនាគត​របស់​យើង​ទៅ​ណា។ នៅ​ពេល​បង​ប្អូន​របស់​យើង​មាន​ជំងឺ​កូវីដ-១៩ តើ​យើង​រក​កម្លាំង​ពី​ណា​ដើម្បី​លើក​ទឹក​ចិត្ត​គេ ដើម្បី​នៅ​ជា​មួយ​គេ​ថែម​ទៀត? នៅ​ក្នុង​ខែ​ឧសភា​កន្លង​មក ពេល​បិទ​រាជធានី​ភ្នំពេញ​ដោយ​នាម​ជំនឿ​របស់​យើង ដោយ​នាម​សេចក្តី​ស្រឡាញ់​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បាន​មូល​កម្លាំង​ជា​មួយ​អង្គការ​ការីតាស ដើម្បី​ជួយ​រាប់​ម៊ឺន​គ្រួសារ។ ដូច្នេះ ទាំង​អស់​យើង​អាច​ធ្វើ​បាន​ដោយ​សារ​យើង​រវី​រវល់​នឹង​កិច្ច​ការ​របស់​ព្រះជាម្ចាស់ យើង​មិន​មែន​ជា​មនុស្ស​ពីរ។ ក្នុង​ពេល​កូវីដ-១៩​ពេល​មាន​ទុក្ខ​លំបាក​យើង​ចោល​ព្រះជាម្ចាស់ នៅ​ពេល​យើង​មាន​អំណរ​សប្បាយ​ខ្លះៗ​យើង​នឹក​ឃើញ​ដល់​ព្រះជាម្ចាស់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​មាន​ផ្លូវ​តែ​មួយ​ដើម្បី​ថែរក្សា​ធ្លុង​តែ​មួយ ភាព​ឯកភាព​គ្នា គឺ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ជានិច្ច។ ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់ ដោយ​ស្តាប់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បំភ្លឺ​យើង តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​ព្រះសហគមន៍​សព្វ​ថ្ងៃ? តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​បម្រើ​បង​ប្អូន​ឯទៀតៗ? ថ្ងៃ​នេះ​គម្ពីរ​ដែល​យើង​បាន​ស្តាប់ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​ម្នាក់​ចង់​ធ្វើ​មេ​គេ​ត្រូវ​ធ្វើ​ជា​ទាសករ​របស់​គេ​គ្រប់​គ្នា​សិន ត្បិត​បុត្រ​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ​មិន​មែន​ដើម្បី​ឱ្យ​គេ​បម្រើ​លោក​ឡើយ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត​ដើម្បី​ឱ្យ​មនុស្ស​លោក​ទទួល​ការ​សង្រ្គោះ”។ យើង​បាន​មើល​ឃើញ​អស់​ហើយ​នៅ​ក្នុង​នេះ មើល​ទាំង​ឥរិយាបថ​របស់​យើង​ជា​អ្នក​បម្រើ គោល​ដៅ​របស់​យើង​គឺ​ទទួល​ការ​សង្រ្គោះ​ពី​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់ តួនាទី​របស់​យើង​គឺ​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ​ចូល​នៅ​ក្នុង​គម្រោងការ​នៃ​ការ​សង្រ្គោះ។

ដូច្នេះ ថ្ងៃ​នេះ​នៅ​ក្នុង​ការ​ឯកភាព​គ្នា ភាព​ជា​ធ្លុង​តែ​មួយ គ្រួសារ​តែ​មួយ យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ដោយ​ដឹង​ថា ឥត​មាន​ម្នាក់​ដែល​មាន​សិទ្ធិ​ដេក​លក់ យើង​គ្មាន​សិទ្ធិ​ទៅ​ជា​មនុស្ស​ខ្ជិល មនុស្ស​អសកម្ម។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ពីរ​ខែ​ខាង​មុខ​នេះ​ខ្ញុំ​សូម​អញ្ជើញ​ឱ្យ​ព្រះសហគមន៍​នៅ​ក្នុង​មណ្ឌល​សកម្មភាព​នីមួយៗ ការិយាល័យ​នីមួយៗ អង្គការ​នីមួយៗ ស្ថាប័ន​នីមួយៗ បព្វជិត​បព្វជីតា​ម្នាក់ បូជាចារ្យ​ម្នាក់ៗ គិត​ជា​មួយ​ព្រះសហគមន៍​នៅ​ក្នុង​សំណួរ​ទាំង​បី៖

សំណួរ​ទី​១ តើ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ដើម្បី​រួម​រស់ ធ្វើ​ដំណើរ​ជា​មួយ​គ្នា និង​ប្រកាស​ដំណឹង​ល្អ? កុំ​ឱ្យ​យើង​គិត​ទូទៅ គិត​អំពី​ខ្ញុំ​ផ្ទាល់​ខ្លួន​សិន។

សំណួរ​ទី​២ តើ​យើង​ចូល​រួម​ដូច​ម្តេច​ដើម្បី​ប្រកាស​ដំណឹង​ល្អ? រួម​គ្នា​យើង​ជួប​ឧបសគ្គ​អ្វី​ខ្លះ អំណរ​សប្បាយ​អ្វី​ខ្លះ។

សំណួរ​ទី​៣ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​កែ​របៀប កែ​ចិត្ត​គំនិត កែ​របៀប​ដែល​យើង​ប្រកាស​ដំណឹង​ល្អ ដើម្បី​ទៅ​ដល់​គោល​ដៅ​របស់​យើង? ឱ្យ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​យាង​ចូល​នៅ​ក្នុង​គ្រប់​វិស័យ នៃ​ជីវិត​របស់​យើង​ជា​ប្រចាំ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ភ្លេច​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​ឧបករណ៍​នៃ​ការ​សង្រ្គោះ ដោយសារ​យើង​ជា​អ្នក​ស្ម័គ្រ​នៃ​ព្រះសហគមន៍។ ព្រះសហគមន៍​ជា​អគ្គ​សញ្ញា នៃ​ព្រះគ្រីស្ត​នៅ​លើ​ផែនដី​នេះ ហើយ​យើង​ទាំង​អស់​គ្នា​យើង​ជា​ឧបករណ៍​នៃ​ការ​សង្រ្គោះ។ ដូច្នេះ ពេល​យើង​ពិចារណា​បន្តិច​យើង​យល់​ថា បេសកកម្ម​របស់​យើង​ធំ​ណាស់ អស្ចារ្យ​ណាស់​ដោយសារ​យើង​ជា​ឧបករណ៍​នៃ​ការ​សង្រ្គោះ។ ហេតុ​នេះ​ហើយ យើង​មិន​អាច​អង្គុយ​លេង យើង​មិន​អាច​ចាំ​មើល​សិន ដោយសារ​ពេល​វេលា​គឺ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​ហួស​ពេល​ហើយ​គឺ​ថ្ងៃ​នេះ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់​ដើម្បី​ឱ្យ​យើង​នៅ​ក្នុង​ព្រះសហគមន៍ យើង​ថែរក្សា​ជំនឿ​របស់​យើង​យ៉ាង​រឹង​មាំ យើង​យក​ចិត្ត​ទុក​ដាក់​បង្ហាញ​ធម៌​មេត្តា​ករុណា​គ្រប់​ពេល​វេលា និង​យើង​ធ្វើ​ដំណើរ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​ជានិច្ច។ សូម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បំភ្លឺ​យើង​គ្រប់​ពេល​វេលា ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ទ្វីប​អាស៊ី និង​នៅ​ក្នុង​ពិភព​លោក។ ដោយ​ដឹង​ថា ព្រះយេស៊ូ​ជា​គ្រីស្ត​ជា​ព្រះសិរសា​ដែល​ដឹក​នាំ​យើង​គ្រប់​ពេល​វេលា។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email