អភិបូជា​នៅ​ព្រះសហគមន៍​សន្ត​អូគូស្តាំង

កំពត ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០២២

សេចក្តី​ស្រឡាញ់

បង​ប្អូន​ជា​ទី​ស្រឡាញ់

អំបាញ់​មិញ យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ ដូច​ជា​សំណូម​ពរ​ដែល​យើង​ទាំង​អស់​គ្នា​មាន សម្រាប់​យើង​ជា​កុមារ យើង​ជា​ជំទង់ យើង​ជា​យុវជន យើង​ជា​មនុស្ស​ចាស់។ “ចូរ​បង់​ប្រាជ្ញា​ចង់​បាន​ព្រះអំណោយ​ទាន​ណា​ដែល​សំខាន់ៗ​ជាង​គេ” ចម្លើយ​នៃ​សេចក្តី​ត្រូវ​ការ​របស់​យើង អំណោយ​ទាន​ដែល​យើង​ចង់​បាន​ទាំង​អស់​គ្នា គឺ​សេចក្តី​ស្រឡាញ់។ លោក​ប៉ូល​បាន​បំភ្លឺ​យើង​ថា “អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ ប្រសិន​បើ​យើង​ធ្វើ​ដោយ​ឥត​មាន​សេចក្តី​ស្រឡាញ់​ទេ ឥត​សូវ​មាន​ផល​ផ្លែ”។

សម្រាប់​ជីវិត​របស់​យើង​ក៏​ដូច​គ្នា នៅ​ពេល​យើង​បាន​ទទួល​ការ​អប់រំ​ក្នុង​សិក្ខា​២​ថ្ងៃ​នេះ អំពី​ទំនាក់​ទំនង អំពី​សុខភាព អំពី​ពេល​វេលា អំពី​គ្រួសារ អំពី​ការ​សិក្សា អំពី​មិត្ត​សម្លាញ់ អំពី​បរិស្ថាន…។ ប្រសិន​បើ យើង​បង្កើត​ទំនាក់​ទំនង​ដែល​ខ្វះ​សេច​ក្តី​ស្រឡាញ់ ទំនាក់​ទំនង​របស់​យើង​មិន​អាច​បាន​យូរ​ទេ។ បរិស្ថាន ប្រសិន​បើ​យើង​គ្មាន​សេចក្តី​ស្រឡាញ់​ដែល​ចេញ​ពី​ចិត្ត​របស់​យើង​ទេ បន្តិច​ក្រោយ​មក​យើង​ភ្លេច​ខ្លួន​អស់​ហើយ យើង​ចោល​សម្រាម​យើង​ភ្លេច​រើស…។ ដោយសារ នៅ​ពេល​យើង​មាន​សេចក្តី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ​ចំពោះ​មនុស្ស​ម្នាក់ (ឧទាហរណ៍ ឪពុក​ម្តាយ​របស់​យើង) យើង​យក​ចិត្ត​ទុក​ដាក់​គោរព​និង​ស្រឡាញ់​គាត់​មែន​ទែន។ យើង​យក​ចិត្ត​ទុក​ដាក់​ជួយ​ឪពុក​ម្តាយ យើង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ឪពុក​ម្តាយ ដោយសារ​យើង​ស្រឡាញ់​ឪពុក​ម្តាយ​ដែល​បាន​បង្កើត​យើង។ ប្រសិន​បើ យើង​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​បរិស្ថាន​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​យើង​ឃើញ​មាន​សម្រាម​ណា​មួយ យើង​រើស​សម្រាម​នោះ​ទៅ​បោះ​ចោល​ក្នុង​ធុង​សម្រាម។ នៅ​ពេល​យើង​ស្រឡាញ់​មិត្ត​ភក្តិ​ដ៏​ពិត​ប្រាកដ យើង​យក​ចិត្ត​ទុក​ដាក់​បង្កើត​ទំនាក់​ទំនង​ជា​មួយ​គាត់ និយាយ​លេង​ជា​មួយ​គាត់ សួរ​សុខ​ទុក្ខ​គាត់។ នៅ​ពេល​គាត់​ពិបាក យើង​ជួយ​គាត់ លើក​ទឹក​ចិត្ត​គាត់ នៅ​ពេល​គាត់​សប្បាយ​យើង​អបអរ​គាត់ ចែក​រំលែក​ជា​មួយ​គាត់ ដើរ​លេង​ជា​មួយ​គ្នា នេះ​ជា​សេចក្តី​ស្រឡាញ់​ដែល​ចេញ​យ៉ាង​ជាក់​ស្តែង។

ថ្ងៃ​នេះ យើង​បាន​ឃើញ​សេចក្តី​ស្រឡាញ់​ជា​អ្វី​ដែល​សំខាន់​បំផុត សេចក្តី​ស្រឡាញ់​ណែនាំ​ឱ្យ​មាន​ចិត្ត​ស្រឡាញ់។ មាន​ន័យ​ថា តែង​តែ​អត់​ធ្មត់ មិន​ចេះ​ឈ្នានីស​គេ​ទេ យើង​មិន​វាយ​ឬក​ខ្ពស់ មិន​អួត​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មួរ​ម៉ៅ មិន​ចង​គំនុំ មិន​អប​អរ​នៅ​ពេល​គេ​មាន​ការ​ពិបាក។ ប៉ុន្តែ មាន​អំណរ​សប្បាយ​នៅ​ពេល​ឃើញ​គេ​មាន​អំណរ​សប្បាយ អ្នក​មាន​ចិត្ត​ស្រឡាញ់​អត់​អោន​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំទ្រ​ទាំង​អស់។ សេចក្តី​ស្រឡាញ់​ណែនាំ​ឱ្យ​យើង​តស៊ូ ណែនាំ​ឱ្យ​យើង​មាន​ចិត្ត​អត់​ធ្មត់ ណែនាំ​ឱ្យ​យើង​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ផ្ទុយ​ទៅ​វិញ ណែ​នាំ​ឱ្យ​មនុស្ស​ទាំង​អស់​មាន​សេចក្តី​សុខ​ដោយសារ​យើង សេចក្តី​ស្រឡាញ់​ណែនាំ​ឱ្យ​យើង​រីក​ចម្រើន​នៅ​ក្នុង​ជីវិត។

ការ​សិក្សា​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​យើង​មិន​បាន​ទៅ​សាលា​ជិត​មួយ​ឆ្នាំ​កន្លង​មក តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​រៀន​ពី​ចម្ងាយ​ឬ​ទេ? តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​មើល​មេ​រៀន​ដែល​លោក​គ្រូ​អ្នក​គ្រូ​បាន​ឱ្យ​ឬ​ទេ? ដោយសារ​សេចក្តី​ស្រឡាញ់​សម្រាប់​ការ​សិក្សា ណែនាំ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់។ យើង​មិន​ត្រូវ​ការ​មាន​លោក​គ្រូ​អ្នក​គ្រូ​ដែល​ស្តី​ឱ្យ​យើង​រហូត មិន​ត្រូវ​ការ​មាន​ឪពុក​ម្តាយ​ដែល​ស្តី​ឱ្យ​យើង​រហូត ផ្ទុយ​ទៅ​វិញ​យើង​ធ្វើ​ដោយសារ​យើង​មាន​ចិត្ត​ស្រឡាញ់។ ចិត្ត​ស្រឡាញ់ ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​ពេញ​ខ្លួន ដើម្បី​ទៅ​មុខ ដើម្បី​រីក​ចម្រើន​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​ប្រចាំ​ថ្ងៃ។ ជួន​កាល យើង​ចេះ​តែ​ចាំ​ឱ្យ​គេ​ស្តី​ឱ្យ​យើង ពេល​គេ​ស្តី​ឱ្យ​យើង​ទើប​យើង​ធ្វើ ទើប​យើង​ទៅ​សាលា ទើប​យើង​ជួយ​ឪពុក​ម្តាយ ទើប​យើង​រើស​សម្រាម…។ ដោយសារ​យើង​ភ័យ យើង​ខ្លាច​គេ​ពិន័យ យើង​ខ្លាច​គេ​ស្តី​ឱ្យ ដូច្នេះ​យើង​ភ័យ​យើង​ធ្វើ។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​មិន​ណែនាំ​ឱ្យ​យើង​ភ័យ​ទេ សេចក្តី​ស្រឡាញ់​ណែនាំ​ឱ្យ​យើង​ធ្វើ​អស់​ពី​ដួង​ចិត្ត។ ដូច​លោក​ប៉ូល​បាន​បន្ថែម​ថា “ឥឡូវ​នេះ​មាន​សេចក្តី​៣​យ៉ាង គឺ​ជំនឿ សេច​ក្តី​សង្ឃឹម និង​សេច​ក្តី​ស្រឡាញ់ ប៉ុន្តែ​សេចក្តី​ស្រឡាញ់​ពិសេស​ជាង​គេ​បំផុត”។ សេចក្តី​ស្រឡាញ់ ជា​អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត​សម្រាប់​យើង​ម្នាក់ៗ។

ដូច្នេះ ពេល​យើង​ទៅ​វិញ​ឱ្យ​យើង​ភ្ញាក់​ស្មារតី​ម្តង​ទៀត តើ​យើង​មាន​សេចក្តី​ស្រឡាញ់​ដូច​ម្តេច​ចំពោះ​ឪពុក​ម្តាយ ចំពោះ​គ្រួសារ​យើង ចំពោះ​មិត្ត​ភក្តិ​យើង ចំពោះ​សាលា​យើង ចំពោះ​បរិស្ថាន ចំពោះ​ព្រះជាម្ចាស់? ថ្ងៃ​នេះ​យើង​បាន​ស្តាប់​ចម្លើយ​របស់​ប្អូនៗ​ល្អ​ដែរ ពេល​យើង​ឈឺ​ចិត្ត​យើង​អាន​គម្ពីរ យើង​អធិដ្ឋាន​តេហ្សេ យើង​ស្រឡាញ់​ព្រះយេស៊ូ យើង​ជួយ​ព្រះសហគមន៍ យើង​ទៅ​សួរ​សុខ​ទុក្ខ​ចាស់​ជរា យើង​ជួយ​សំអាត​បរិស្ថាន…។ យើង​បាន​លឺ​ច្រើន​ណាស់​ថ្ងៃ​នេះ ដូច្នេះ​ពេល​យើង​ទៅ​វិញ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នៅ​តាម​ព្រះសហគមន៍​ដ៏​តូច​របស់​យើង ដើម្បី​ឱ្យ​សេចក្តី​ស្រឡាញ់​ដែល​ចាប់​ផ្តើម​រីក​ចម្រើន​នៅ​ក្នុង​ជីវិត​របស់​យើង អាច​រីក​ចម្រើន​ធំ​ទៅៗ ឱ្យ​យើង​ក្លាយ​ទៅ​ជា​កូន​ក្មេង យុវជន​ដ៏​ពិសេស​នៅ​ក្នុង​សង្គម។ អ្វី​ដែល​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​ក៏​សំខាន់​ដែរ នៅ​ពេល​ព្រះយេស៊ូ​បាន​អាន​គម្ពីរ ណែនាំ​ឱ្យ​យើង​យល់​ថា​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ក្រីក្រ។ ណែនាំ​ឱ្យ​យើង​យល់​ថា​មនុស្ស​ខ្វាក់​មើល​ឃើញ​បាន មនុស្ស​ដែល​មាន​ពិការភាព​អាច​ដើរ​បាន អ្នក​ជំងឺ​អាច​ជា​សះស្បើយ​បាន។ ព្រះយេស៊ូ​បាន​ថែម​ព្រះបន្ទូល​ថា “ហេតុការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដូច​អ្នក​រាល់​គ្នា​ទើប​តែ​ស្តាប់​អំបាញ់​មិញ​បាន​កើត​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ”។ មាន​ន័យ​ថា រឿង​ព្រះយេស៊ូ​មិន​មែន​ជា​រឿង​២០០០​ឆ្នាំ​មុន​ទេ រឿង​ព្រះយេស៊ូ​ជា​រឿង​ថ្ងៃ​នេះ ថ្ងៃ​នេះ​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង ថ្ងៃ​នេះ​ព្រះយេស៊ូ​ជម្រុញ​យើង មិន​មែន​សម្រាប់​ថ្ងៃ​ស្អែក មិន​មែន​សម្រាប់​១០​ឆ្នាំ​ទៀត។ អ្វី​ដែល​យើង​បាន​ធ្វើ​ល្អ​ថ្ងៃ​នេះ អាច​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​យើង​អស់​មួយ​ជីវិត។

សម្រាប់​ប្អូន​ដែល​កំពុង​រៀន​ថ្នាក់​បឋម​សិក្សា ឬ​អនុ​វិទ្យាល័យ អ្វី​ដែល​យើង​សាង​សង់​ជា​ចំណេះ​ដឹង​របស់​យើង យើង​ដឹង​ថា​នៅ​ពេល​យើង​ដល់​ថ្នាក់​ទី​៩​យើង​ជាប់​ឌីប្លូម​យ៉ាង​ស្រួល។ ពេល​យើង​ទៅ​ដល់​ថ្នាក់​ទី​១២​យើង​ជាប់​បាក់​ឌុប​យ៉ាង​ស្រួល ដោយសារ​យើង​បាន​ខិតខំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប្អូន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​មិត្ត​ភក្តិ ២០​ឆ្នាំ​៣០​ឆ្នាំ​ទៀត​ដឹង​ថា​មិត្ត​ភក្តិ​របស់​យើង​នៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា​ដដែល មិន​ក្បត់​យើង មិន​បោក​យើង មិន​ធ្វើ​ឱ្យ​យើង​ពិបាក​ចិត្ត ដោយសារ​ជា​មិត្ត​ភាព​ដែល​យើង​បាន​ខិត​ខំ​សាង​សង់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ សព្វ​ថ្ងៃ យើង​បាន​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ឪពុក​ម្តាយ នៅ​ពេល​គាត់​ចាស់​ទៅ​ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​ទំនុក​តម្កើង​អំបាញ់​មិញ​ថា “ឱ​ព្រះជាម្ចាស់​អើយ សក់​ស​ទៅ​ហើយ ធ្មេញ​បាត់​ផង ខ្ញុំ​ចាស់​ជរា​នេះ​ម្តង សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​ឡើយ ដើម្បី​ឱ្យ​ខ្ញុំ​អាច​ប្រកាស ពី​ស្នា​ព្រះហស្ត​ព្រះជាម្ចាស់​ថ្លៃ ប្រាប់​អ្នក​ជាន់​ក្រោយ​ឱ្យ​យល់​ន័យ ឫទ្ធ​បារមី​ព្រះជាម្ចាស់”។ នេះ​យើង​បាន​ឃើញ ឱ្យ​ឪពុក​ម្តាយ​និយាយ​ដល់​យើង​នៅ​ពេល​យើង​មាន​អាយុ​២០​ឆ្នាំ ៣០​ឆ្នាំ ពេល​ឪពុក​ម្តាយ​ចាស់​ហើយ​អស់​កម្លាំង​ហើយ ឱ្យ​យើង​ដឹង​ថា​យើង​ជា​សសរ​ដដែល ដោយ​ថែរក្សា​ឪពុក​ម្តាយ​របស់​យើង។

ហេតុ​នេះ​ហើយ អ្វីៗ​ទាំង​អស់​ដែល​យើង​កំពុង​ធ្វើ​សព្វ​ថ្ងៃ សម្រាប់​អនាគត​របស់​យើង​១០​ឆ្នាំ ២០​ឆ្នាំ ៣០​ឆ្នាំ​ទៀត។ យើង​បាន​និយាយ​អំពី​សុខភាព យើង​គិត​ថា​មិន​អី​ទេ​ខ្ញុំ​អាយុ​១០​ឆ្នាំ ២០​ឆ្នាំ ៣០​ឆ្នាំ ខ្ញុំ​នៅ​មាន​សុខ​ភាព​ល្អ រឹងមាំ​ឥត​មាន​បញ្ហា​សោះ។ យើង​បាន​ឃើញ​កុមារ​ដែល​នៅ​មត្តេយ្យ​សិក្សា ធ្មេញ​ដង្កូវ​ស៊ី​អស់​ហើយ​ដោយសារ​ស្ករ ទោះ​យើង​ខិត​ខំ​បង្រៀន​ឱ្យ​គេ​ចេះ​ដុស​ធ្មេញ សំអាត​ធ្មេញ​ក៏​ដោយ។ ក្រោយ​មក​យើង​ថា​មិន​អី​ទេ ដោយសារ​ធ្មេញ​វា​ដូរ​ដូច្នេះ​ពេល​មាន​អាយុ​៧​ឆ្នាំ ៨​ឆ្នាំ​មាន​ធ្មេញ​ថ្មី។ ប៉ុន្តែ ចាំ​មើល​កូន​ក្មេង​ដែល​ធ្លាប់​មាន​ធ្មេញ​ដង្កូវ​ស៊ី (ធ្មេញ​ខ្មៅ) ៣០​ឆ្នាំ​ទៀត​ធ្មេញ​យើង​នឹង​មាន​បញ្ហា​អ្វី។ ដូច្នេះ ពេល​យើង​មាន​បញ្ហា​ណា​មួយ សុខភាព​របស់​យើង​ធ្លាក់​ចុះ។ អ្វី​ដែល​យើង​កំពុង​សាង​សង់​សព្វ​ថ្ងៃ​ជា​មួយ​សុខ​ភាព​របស់​យើង ជា​ទ្រព្យ​សម្បត្តិ​សម្រាប់​២០​ឆ្នាំ ៣០​ឆ្នាំ ៥០​ឆ្នាំ​ទៅ​មុខ។

យើង​ត្រូវ​ការ​នឹក​ឃើញ​ថា សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​សព្វ​ថ្ងៃ គឺ​យើង​កំពុង​រៀប​ចំ​អនាគត​របស់​យើង​ដ៏​ពិត​ប្រាកដ។ អ្វីៗ​ដែល​សព្វ​ថ្ងៃ​យើង​ទុក​ចោល ២០​ឆ្នាំ ៣០​ឆ្នាំ វា​នឹង​ត្រលប់​មក​វិញ នៅ​ពេល​នោះ​ប្រហែល​យើង​ចាំ​សម្តីរ​របស់​លោក​អភិបាល​ថ្ងៃ​នេះ។ ដែល​លោក​បាន​ណែនាំ​ឱ្យ​ខ្ញុំ​ថែរក្សា​សុខភាព ថែរក្សា​ឪពុក​ម្តាយ ថែរក្សា​ការ​សិក្សា ថែរក្សា​បរិស្ថាន តែ​ខ្ញុំ​មិន​បាន​ធ្វើ ឥឡូវ​នេះ​ខ្ញុំ​ពិបាក។ ឬ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ខិត​ខំ​ធ្វើ​ល្អ​ណាស់ ឥឡូវ​នេះ​ខ្ញុំ​មាន​បណ្ឌិត​ហើយ ខ្ញុំ​មាន​គ្រួសារ​ពោរពេញ​ដោយ​សេចក្តី​សុខ ខ្ញុំ​មាន​សុខភាព​ល្អ ឪពុក​ម្តាយ​ខ្ញុំ​មាន​អំណរ​សប្បាយ​ដោយសារ​គាត់​ឃើញ​ខ្ញុំ​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត។ ដូច្នេះ អ្វីៗ​ទាំង​អស់​ដែល​យើង​បាន​ធ្វើ​ថ្ងៃ​នេះ អនាគត​យើង​មើល​ឃើញ​ផ្លែ​ដ៏​ពិត​ប្រាកដ ដោយ​ដឹង​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​មាន​ព្រះយេស៊ូ​ដែល​គង់​នៅ​ជា​មួយ​យើង ដែល​លើក​ទឹក​ចិត្ត​យើង ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង និង​ដែល​ណែនាំ​ឱ្យ​យើង​ទទួល​សេចក្តី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email