អគ្គសញ្ញាលាបថ្ងាសជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ

«អគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ ខ្ញុំយល់ថាបានទទួលនូវជីវិតថ្មីបន្ថែមលើអគ្គសញ្ញាជ្រមុជទឹក។» នេះជាការលើកឡើងរបស់យុវជន ម៉ៅ គឹមសេង បេក្ខជនម្នាក់ក្នុងចំណោម​បេក្ខជនអគ្គសញ្ញាលាប​ថ្ងាស១៩នាក់។

ក្នុងសម្លៀកបំពាក់ចងក្បិននិងពានាកន្សែងក្រហមច្រាល ជារបៀបប្រពៃណីខ្មែរ គឹមសេងបន្តថា អគ្គសញ្ញានេះ ធ្វើឱ្យជីវិតជាគ្រីស្តបរិស័ទរបស់គាត់ពេញលេញ ហើយផ្ដល់កម្លាំងឱ្យគាត់អាច​ក្លាយជាគ្រីស្តបរិស័ទ មានភាពជឿជាក់ និងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ ដោយទទួលបានព្រះវិញ្ញាណ​ដ៏វិសុទ្ធ។

គឹមសេងនិងបេក្ខជន១៨នាក់ផ្សេងទៀត បានទទួលអគ្គសញ្ញាលាបថ្ងាស នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ នៅព្រះវិហារ​សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។

បេក្ខជនគឹមសេងបញ្ជាក់ថា ព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ដល់កម្លាំង ភាពក្លាហាន ប្រាជ្ញាឈ្លាសវៃ ការ​កោត​ខ្លាចព្រះជាម្ចាស់កាន់តែ​ខ្លាំងឡើងថែមទៀត។ លោកបញ្ជាក់ថា «ខ្ញុំនឹងបន្តប្រកាស​ដំណឹងល្អ​តាមរយៈ​ស្ថានភាព តាមរយៈពាក្យសម្ដី តាមរយៈអំពើល្អ ដែលព្រះជាម្ចាស់បានបង្ហាញមកដល់ខ្ញុំ។ ខ្ញុំនឹងបង្ហាញ​សេចក្ដីស្រឡាញ់​របស់ខ្ញុំ​ដល់អ្នកដទៃដូចគ្នា។»

នៅក្នុងពិធីនេះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាន៍ថា  ថ្ងៃនេះជាពេលវេលាដែលយើងទន្ទឹងរង់​ចាំ​​ព្រះយេស៊ូប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឱ្យយើង ដើម្បីចេញទៅប្រកាសដំណឹងល្អ ដោយរស់នៅ​បង្ហាញ​វត្តមាន​របស់ព្រះជាម្ចាស់។

មាន​ប្រសាសន៍រំលឹក​ដល់​បេក្ខជន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស​នៅ​ក្នុង​ថ្ងៃនេះ គង្វាល​ព្រះសហគមន៍​ណែនាំថា « ថ្ងៃនេះ​បងប្អូន​ទាំង១៩នាក់​ជាសញ្ញាសំគាល់មួយពិសេស ដើម្បីឲ្យយើងយល់ថា នៅ​ពេលដែលយើងសុខចិត្តធ្វើដំណើរ​តាមព្រះយេស៊ូ យើងលេងនៅឯកោ។ ដូចព្រះយេស៊ូមាន​ព្រះបន្ទូល​សន្យា ខ្ញុំនឹងផ្ញើព្រះវិញ្ញាណដ៏វិសុទ្ធដែលជាព្រះអង្គដែលជួយការពារនិង បង្រៀន ដឹកដៃអ្នករាល់គ្នា​នឹង​រំលឹកអ្វីដែលខ្ញុំបានប្រាប់ឲ្យអ្នករាល់គ្នាផង។»

ក្នុងនោះ​ដែរ​លោកអភិបាល​បាន​រំលឹក​អំពី​ដំណើរ​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​រួម​ជាមួយ​គ្រីស្ត​បរិស័ទ​ក្នុងពេល​ដែល​រង​ទុក្ខ​លំបាក​ក្នុងសម័យ​ប្រល័យពូជសាសន៍ប៉ុល​ពត និង​ជំងឺ​រាតត្បាត​កន្លង​មក​ថា ទោះ​នៅ​ក្នុង​កាលៈទេសៈ​បែប​ណាក៏ដោយ ទាំង​ពេលមាន​សេរីភាព ទាំង​ពេល​មាន​ភាព​តឹងតែង​ «ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធយាងមក ធ្វើឱ្យយើង​ទៅជាបុត្រ​ធីតា​របស់ព្រះជាម្ចាស់​ លែងភ័យខ្លាច ដើម្បីកសាង​សន្តិភាពក្នុងដួងចិត្តរបស់យើង ដើម្បីរស់នៅក្នុងសេចក្ដីសុខសាន្ត។»

លោកអភិបាល​បន្ត​ថា ព្រះវិញ្ញាណយាងមកដើម្បីរំដោះយើងឱ្យរួចពីបាប ដោយរំដោះ​យើងពីការ​ឈឺ​ចាប់ និង រស់នៅក្នុងជីវិតនិងព្រះជន្មរបស់ព្រះជាម្ចាស់ផ្ទាល់។

លោក រំឭកទៀតថា ទោះ​គ្រីស្ត​​បរិស័ទ​បាត់​បង់​សេរីភាព​ ក្នុងសម័យខ្មែរក្រហមពិតមែន ក៏ប៉ុន្តែសក្ខីភាព​របស់ពួកគាត់​បង្ហាញ​ថា ពួកគាត់​នៅ​ទុក​ពេលវេលា​មួយពិសេស ​ដើម្បីអធិដ្ឋាននៅក្នុងដួង​ចិត្ត​ផ្ទាល់​ខ្លួន​។  

ជីវិតរបស់យើងពោរពេញដោយកម្លាំងថ្មី ពោរពេញដោយសេរីភាពយ៉ាងប្លែកៗ​តាមរយៈ​អំណោយទាន​ទាំង៧​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដែល​នាំ​ឲ្យ​យើងរស់នៅក្នុងរបៀបថ្មីនៅក្នុងធម៌មេត្តាករុណា​ ក្នុងការ​អធិដ្ឋាន និងនៅក្នុងការបម្រើ ដែល​នេះ​ជា​ផល​ផ្លែ នាំឱ្យយើងឈ្នះឧបសគ្គទាំងអស់។ លោកអភិបាល​អូលីវីយ៉េ សង្កត់​ធ្ងន់​ដូច្នេះ។

ក្នុង​ធម្មទេសនា​នាឱកាសនោះ លោកអភិបាល​ភូមិភាគ​ភ្នំពេញ​បាន​​រំលឹក​អំពី​ការ​រួ​មដំណើរ​ជាមួយ​គ្នា​របស់​គ្រីស្ត​បរិស័ទ​ក្នុង​សន្និបាត​​២០២១-២០២៣ ដែល​កន្លងទៅនេះ ភូមិភាគភ្នំពេញ​បាន​សរុប​​ចម្លើយខ្លះ​ផ្ញើទៅទីក្រុងរ៉ូម ដែល​ក្នុង​នោះ​មាន​៦​ចំណុច​សំខាន់ៗ​រួមមាន៖

១.ធ្វើដំណើររួមគ្នានៅក្នុងព្រះសហគមន៍ដោយទុកឱ្យព្រះវិញ្ញាណដ៏វិសុទ្ធរីកចម្រើន​នៅក្នុងខ្លួនរបស់យើង ដោយ​យើង​ខិត​ខំកែប្រែចិត្តគំនិត

២. ធ្វើធម៌មេត្តាករុណាចេញជា​សកម្មភាព​ជាក់ស្តែងគ្រប់ពេលវេលានៅក្នុងជីវិតរបស់យើង

៣.ឱ្យយើងចេះសហការគ្នា នៅក្នុងព្រះសហគមន៍

៤.ធ្វើដំណើររួមជាមួយគ្នាដោយរកឃើញរបៀបថ្មីក្នុងការប្រកាសដំណឹងល្អ កុំឱ្យយើងភ័យខ្លាច

៥. ឱ្យយើងទៅជាសាសនាទូតនៃសុខសន្តិភាព

៦. វិញ្ញាណដ៏រិសុទ្ធណែនាំ​យើងឲ្យយើងធ្វើដំណើររួមជាមួយគ្នា នៅក្នុងព្រះសហគមន៍នៅជាមួយ ព្រះនាងម៉ារី ដែលជាមាតាព្រះសហគមន៍ និងជាមាតាយើង។

លោកអភិបាល​បាន​បញ្ជាក់ថា ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ណែនាំ​ព្រះសហគមន៍ជាង​២០០០ឆ្នាំ​មក​ហើយគឺ​ឲ្យ​យើងរកឃើញផ្លូវថ្មីជានិច្ច នាំឱ្យយើងទទួលក្រុមគ្រីស្តទូតពីដើម ឱ្យយើងទៅជាបុត្រ​ធីតារបស់ព្រះជាម្ចាស់។

ក្នុង​អគ្គសញ្ញាលាប​ថ្ងាសនេះ លោកអភិបាល​អូលីវីយ៉េ ទ្រាបដៃទៅលើបេក្ខជនទាំងអស់ ដើម្បីសូមព្រះវិញ្ញាណ​មក​តាំង​លំនៅ​ក្នុង​បេក្ខជន និង​ឲ្យពួកគេទទួលបានផលផ្លែនៃព្រះវិញ្ញាណដវិសុទ្ធ។ បន្ទាប់​មក​ លោកអភិបាល​បានយកប្រេងគ្រីស្មាមក​ដៅជាសញ្ញាឈើឆ្កាង​ លើថ្ងាសបេក្ខជនដោយប្រកាសថា «ខ្ញុំសុំដៅ (ឈ្មោះបេក្ខជន) ដោយព្រះវិញ្ញាណដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់» ដែលជាសញ្ញាសម្គាល់​នៃការទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ។

ក្នុងថ្ងៃបុណ្យព្រះវិញ្ញាណយាងមកនេះ ព្រះសហគមន៍ក៏បានរៀបចំធម៌អង្វរសាកលគ្រប់ភាសា ដូចក្រុមគ្រីស្តទូតពីដើមចេញទៅនិយាយគ្រប់ភាសា បន្ទាប់ពីទទួលព្រះវិញ្ញាណ​ដ៏វិសុទ្ធ៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email