អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍កោះនរា មេគង្គ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ សុភាសិត ៨,២២-៣១ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះ‌អង្គ។ សុភ ៨,៣០អត្ថបទ​ទី​២៖ រ៉ូម ៥,១-៥ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ ហើយ​ការ​ស៊ូ‌ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។ រម ៥,៤ដំណឹងល្អ៖ យ៉ូហាន ១៦,១២-១៥ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា។ យហ ១៦,១២

“ស្វាគមន៍ ចែក​រំលែក និង​បម្រើ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ព្រះសហគមន៍​ណែនាំ​ឱ្យ​យើង​គោរព​បុណ្យ​លើក​តម្កើង​ព្រះត្រៃឯក នេះ​ជា​ពេល​វេលា​មួយ​ដ៏​ពិសេស​ដើម្បី​ឱ្យ​យើង​ចូល​នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់។ យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជាប់​ជា​មួយ​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ប្រសិន​បើ​ប្អូន​ចាំ សញ្ញា​ដែល​យើង​បាន​ទទួល​ពី​ឪពុក​ម្តាយ​មុន​គេ​បង្អស់ គឺ​គូស​សញ្ញា​ឈើ​ឆ្កាង ប្រហែល​មុន​យើង​រៀន​ធម៌​បពិត្រ​ព្រះនាង​ម៉ារី មុន​យើង​រៀន​ធម៌​ឱ​ព្រះបិតា យើង​ត្រូវ​តែ​ចូល​នៅ​ក្នុង​ការ​អធិដ្ឋាន​របស់​យើង ដោយ​គូស​សញ្ញា​ឈើ​ឆ្កាង (ដោយ​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ)។

ជួន​កាល​យើង​ចេះ​តែ​គូស​ដូច​ជា​ទម្លាប់ ប៉ុន្តែ​នៅ​ពេល​យើង​គូស​សញ្ញា​ឈើ​ឆ្កាង​យើង​មិន​តែ​នឹក​ឃើញ​ដល់​ព្រះយេស៊ូ​ដែល​សោយ​ទិវង្គត យើង​និយាយ​ថា “ដោយ​ព្រះនាម​ព្រះបិតា ព្រះបុតា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ ដូច្នេះ ទោះ​បី​យើង​មិន​សូវ​គិត​វែង​ឆ្ងាយ យើង​មិន​សូវ​ដឹង​ខ្លួន ប៉ុន្តែ​តាម​ពិត​នៅ​ពេល​ហ្នឹង​យើង​កំពុង​ប្រកាស​ថា “ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ ខ្ញុំ​ជឿ​លើ​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ ដែល​មាន​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” ជា​បី​អង្គ​នៅ​ក្នុង​មួយ​អង្គ។ ព្រះជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គ ដែល​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង​ណាស់ ព្រះអង្គ​បាន​ឃើញ​ប៉ុន្មាន​ដង​យើង​វង្វេង​ផ្លូវ ប៉ុន្មាន​ដង​យើង​មិន​ដឹង​ខ្លួន។ ព្រះជាម្ចាស់​បាន​បង្កើត​យើង​ជា​បុរស​ជា​ស្ត្រី ឱ្យ​យើង​មាន​សេចក្តី​សុខ មាន​សុភមង្គល ឱ្យ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ខ្លួន​របស់​យើង។ ប៉ុន្តែ ប៉ុន្មាន​ដង​យើង​ដើរ​ខុស​ផ្លូវ វង្វេង​ភ្លេច​ព្រះជាម្ចាស់ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ការ​សង្រ្គោះ​យើង​បាន​ឃើញ​អស់​ហើយ អាដាំ អេវ៉ា កាអ៊ិន អាបិល។ ក្រោយ​មក មាន​លោក​ណូអេ​ដែល​ខិត​ខំ​សង្រ្គោះ​មនុស្ស​លោក ដោយ​សារ​មនុស្ស​លោក​វង្វេង​អស់​ហើយ។ ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​អត់​ធ្មត់​ជា​មួយ​យើង ព្រះជាម្ចាស់​បាន​ចាត់​ព្រះបុត្រា​គឺ​ព្រះយេស៊ូ​ផ្ទាល់ ឱ្យ​យាង​មក​ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​មនុស្ស​លោក ដើម្បី​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់​ថែម​ទៀត។

ថ្ងៃ​នេះ យើង​បាន​ស្តាប់​នៅ​ពេល​ព្រះយេស៊ូ​បាន​យាង​ឡើង​ស្ថាន​បរម​សុខ យើង​ថា​យើង​វង្វេង​ទៀត​ដោយ​សារ​យើង​អស់​ព្រះយេស៊ូ​ម្តង​ទៀត។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ព្រះយេស៊ូ​បាន​ប្រទាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដើម្បី​ឱ្យ​យើង​ធ្វើ​ដំណើរ​ត​ទៅ​ទៀត ដោយ​យើង​ស្គាល់​ព្រះជាម្ចាស់​ថែម​ទៀត ដោយ​យើង​មាន​កម្លាំង​ថែម​ទៀត។ យើង​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​ពេល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក លោក​ឪពុក​បាន​និយាយ​ថា “ខ្ញុំ​ជ្រមុជ​ទឹក​កូន​នៅ​ក្នុង​នាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ យើង​ពោរពេញ​ដោយ​កម្លាំង​នៅ​ក្នុង​ព្រះជាម្ចាស់ ថ្ងៃ​នេះ​ដែល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ​យើង​មាន​កម្លាំង​ថែម​ទៀត ដើម្បី​ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​រឹង​មាំ​នៅ​ក្នុង​ជីវិត​របស់​យើង។ គ្រីស្ត​បរិស័ទ​ដែល​រឹង​មាំ ជា​គ្រីស្ត​បរិស័ទ​ដែល​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។

ម្សិលមិញ នៅ​តាំង​គោក​យើង​បាន​គោរព​មរណៈ​សាក្សី មាន​ន័យ​ថា​គោរព​គ្រីស្ត​បរិស័ទ​មួយ​ចំនួន ដូច​ជា​លោក ឆ្មារ សាឡាស់ លោក ឆ្មារ សាឡឹម បង​ស្រី​និង​គ្រីស្ត​បរិស័ទ​មួយ​ចំនួន ដែល​បាន​លះ​បង់​ចោល​សម្រាប់​ព្រះជាម្ចាស់។ នៅ​ពេល​នោះ ខ្ញុំ​បាន​និយាយ​ទៅ​គ្រីស្ត​បរិស័ទ​ថា មើល​ទៅ យើង​បាន​ធ្វើ​ដំណើរ​រយៈពេល​២​ឆ្នាំ​នៅ​ក្នុង​បញ្ហា​កូវីដ-១៩ ប៉ុន្មាន​ដង​យើង​បាត់​សេចក្តី​សង្ឃឹម​យើង យើង​ចូល​ព្រះវិហារ​មិន​បាន យើង​មាន​ទុក្ខ​លំបាក​នៅ​ក្នុង​ការ​រក​ស៊ី។ ដូច្នេះ យើង​បាន​ជួប​ទុក្ខ​លំបាក​ច្រើន​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ប៉ុន្តែ​ទោះ​បី​យើង​មាន​ទុក្ខ​លំបាក​ក៏​ដោយ ពេល​យើង​មើល​ឃើញ​មរណៈ​សាក្សី​របស់​យើង នៅ​ក្នុង​សម័យ​ប៉ុល​ពត​ដែល​សម្លាប់​ប្រជាជន​ជាង​២​លាន​នាក់​។ នៅ​ពេល​នោះ យើង​ត្រូវ​តែ​នឹក​ឃើញ​ដល់​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ ម្ហូប​អាហារ​ក៏​មិន​គ្រប់​គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព ធ្វើ​ការ​ងារ​ធ្ងន់ គ្មាន​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ គ្មាន​សាលា​រៀន… គ្មាន​អ្វី​ដែល​ណែនាំ​ឱ្យ​មនុស្ស​យើង​មាន​សេចក្តី​សុខ​សោះ។ ប៉ុន្តែ បាន​ឆ្លង​ផុត​រហូត​ដល់​សព្វ​ថ្ងៃ​ព្រះសហគមន៍​របស់​យើង​នៅ​មាន​ជីវិត ដោយសារ​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម។

ថ្ងៃ​នេះ យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “ព្រោះ​តែ​ព្រះគ្រីស្ត និង​ដោយសារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​ទាំង​ភ្ជាប់​ខ្លួន​យ៉ាង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរីរុងរឿង​របស់​ព្រះជាម្ចាស់”។ នេះ​ជា​បទ​ពិសោធន៍​របស់​មរណៈ​សាក្សី​យើង ទោះ​បី​ពិបាក​ក៏​ដោយ ទោះ​បី​អស់​សង្ឃឹម​ក៏​ដោយ គេ​ដឹង​ថា​គេ​មាន​សេចក្ដី​សង្ឃឹម។ មិន​មែន​គេ​មាន​សេច​ក្តី​សង្ឃឹម​ដោយ​សារ​អាច​រក​ស៊ី​បាន មិន​មែន​គេ​មាន​សេចក្តី​សង្ឃឹម​ដោយសារ​អាច​ដើរ​ទៅ​ណា​ក៏​បាន។ មាន​សេចក្តី​សង្ឃឹម ដោយសារ​បាន​ទទួល​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​សម័យ​ដែល​មាន​សុខ​សន្តិភាព ប៉ុន្តែ​ជួន​កាល​ណែនាំ​ឱ្យ​យើង​ភ្លេច​គោល​ដៅ​នៃ​ជីវិត​របស់​យើង។ សេចក្តី​សុខ​សាន្ត​សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ មិន​មែន​តែ​យើង​រក​ស៊ី​បាន យើង​ដើរ​លេង​បាន យើង​មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់ មាន​ទ្រព្យ​សម្បត្តិ​ច្រើន។ សេច​ក្តី​សុខ​សាន្ត​របស់​យើង គឺ​យើង​ដឹង​ថា​យើង​មាន​ព្រះជាម្ចាស់​ដែល​ស្រឡាញ់​យើង យើង​ដឹង​ថា​យើង​មាន​ផ្លូវ​នៅ​ថ្ងៃ​អានាគត​នៅ​ស្ថាន​បរម​សុខ ដែល​មាន​ព្រះជាម្ចាស់​ទទួល​ស្វាគមន៍​យើង។ យើង​ដឹង​ថា យើង​មាន​សមត្ថភាព​ដើម្បី​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ នេះ​ជា​សេចក្ដី​សង្ឃឹម​របស់​យើង។

លោក​ប៉ូល​បាន​និយាយ​ថា “ពិត​មែន យើង​រង​ទុក្ខ​វេទនា យើង​រង​ទុក្ខ​លំបាក ក៏​ប៉ុន្តែ​ទុក្ខ​វេទនា​ណែនាំ​ឱ្យ​យើង​ចេះ​អត់​ធ្មត់ ការ​អត់​ធ្មត់​ណែនាំ​ឱ្យ​យើង​ចេះ​ស៊ូ​ទ្រាំ ការ​ស៊ូ​ទ្រាំ​ណែនាំ​ឱ្យ​យើង​មាន​សេចក្តី​សង្ឃឹម”។ នេះ​ជា​ជីវិត​របស់​មរណៈ​សាក្សី​ពី​ដើម វេទនា​ប៉ុន្តែ​អត់​ធ្មត់ អត់ធ្មត់​ណែនាំ​ឱ្យ​ចេះ​តស៊ូ តស៊ូ​ណែនាំ​ឱ្យ​មាន​សេចក្ដី​សង្ឃឹម​ដើម្បី​ទៅ​មុខ ដោយ​ដឹង​ថា​អនាគត​របស់​យើង​គឺ​ព្រះជាម្ចាស់​ផ្ទាល់។ ខ្ញុំ​មិន​ដឹង​ថា នៅ​ក្នុង​ពេល​វេលា​ដែល​មាន​ជំងឺ​កូវីដ-១៩​រាត​ត្បាត តើ​បង​ប្អូន​បាន​គិត​អំពី​អ្វី? ជួន​កាល​យើង​មើល​មិន​ឃើញ​អនាគត បើក​ព្រំ​ដែន​ហើយ​បិទ​វិញ បើក​ផ្សារ​ហើយ​បិទ​វិញ​។ ដូច្នេះ ប៉ុន្មាន​ខែ​កន្លង​មក​យើង​វង្វេង​អស់​ហើយ យើង​មិន​ដឹង​ថា​អនាគត​របស់​យើង​ទៅ​ណា ប៉ុន្តែ​ប្រសិន​បើ​យើង​គិត​ពិចារណា​យើង​ជា​គ្រីស្ត​បរិស័ទ អនាគត​យើង​នៅ​មាន។ ជា​អនាគត​ស្ថិត​ស្ថេរ សិរីរុងរឿង​រួម​ជា​មួយ​ព្រះជាម្ចាស់ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង​ដែល​យើង​បាន​ទទួល។

បង​ប្អូន​ជា​ទី​ស្រឡាញ់ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ថែរក្សា​សេចក្តី​សង្ឃឹម​នេះ? ថ្ងៃ​នេះ​យើង​មាន​ប្អូន​ៗ​៤៥​នាក់​នឹង​ទទួល​ព្រះអំណោយ​ទាន​ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ព្រះអំណោយ​ទាន​នេះ​រួម​មាន៖

  • មាន​ប្រាជ្ញា​ឈ្លាស​វៃ
  • ចេះ​ពិចារណា​ដឹង​ខុស​ដឹង​ត្រូវ
  • ដឹង​សេចក្តី​ពិត
  • មាន​យោបល់​ល្អ
  • មាន​សេចក្តី​អង់​អាច (សេច​ក្តី​ក្លាហាន)
  • ប្រព្រឹត្ត​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ
  • គោរព​កោត​ខ្លាច​ព្រះបិតា។

នេះ​ជា​ព្រះអំណោយ​ទាន​ទាំង​៧​ដែល​យើង​ទទួល​ថ្ងៃ​នេះ ប្រាជ្ញា​ឈ្លាស​វៃ ដឹង​ខុស​ដឹង​ត្រូវ ដឹង​សេចក្ដី​ពិត មាន​យោបល់​ល្អ មាន​ចិត្ត​ក្លាហាន ប្រព្រឹត្តិ​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ និង​គោរព​កោត​ខ្លាច​ព្រះបិតា។ អំណោយ​ទាន​នេះ មិន​និយាយ​អំពី​ការ​រក​ស៊ី​បាន ដើរ​កំសាន្ត​បាន គឺ​និយាយ​អំពី​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ជីវិត​របស់​យើង។ ហេតុ​នេះ​ហើយ នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ទោះ​បី​ពិបាក​ក៏​ដោយ ទោះ​បី​យើង​រស់​នៅ​យ៉ាង​ស្រួល​ក៏​ដោយ យើង​ដឹង​ថា​យើង​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ជា​អំណោយ​ទាន ដែល​ណែនាំ​ឱ្យ​យើង​ឆ្លង​ផុត​ទុក្ខ​លំបាក​ទាំង​អស់ ដូច្នេះ​ពេល​លោក​ប៉ូល​និយាយ​អំពី “ទុក្ខ​វេទនា​ណែនាំ​ឱ្យ​យើង​មាន​ចិត្ត​អត់​ធ្មត់ ចិត្ត​អត់​ធ្មត់​ណែនាំ​ឱ្យ​យើង​ស៊ូ​ទ្រាំ ស៊ូ​ទ្រាំ​ណែនាំ​ឱ្យ​យើង​មាន​សេចក្ដី​សង្ឃឹម”។ យើង​អាច​ធ្វើ​បាន ដោយសារ​យើង​ភ្ជាប់​ជា​មួយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដ៏​ពិត​ប្រាកដ ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​មុខ​។

ថ្ងៃ​នេះ យើង​គោរព​ព្រះត្រៃឯក​ដែល​មាន​រូប​មួយ​បង្ហាញ​អំពី​លោក​អប្រាហាំ​ដែល​ទទួល​ភ្ញៀវ​៣​នាក់​។ មាន​ថ្ងៃ​មួយ លោក​អប្រាហាំ​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ឈើ ហើយ​មាន​ភ្ញៀវ​៣​នាក់​មក​សួរ​សុខ​ទុក្ខ​គាត់ លោក​អប្រាហាំ​បាន​រៀប​ចំ​ជប់​លៀង​ស្វាគមន៍​ភ្ញៀវ​ទាំង​៣​នាក់​នោះ។ មុន​៣​នាក់​នោះ ជា​ភ្ញៀវ​គាត់​មិន​ដែល​ស្គាល់​ចេញ​ធ្វើ​ដំណើរ​ត​ទៅ​ទៀត គេ​បាន​ប្រាប់​លោក​អប្រាហាំ​ថា “បន្តិច​ទៀត​យាយ​សារា​និង​មាន​ផ្ទៃ​ពោះ”។ យាយ​សារា​ជា​ស្ត្រី​ចំណាស់​មិន​ដែល​មាន​កូន​សោះ ណែនាំ​ឱ្យ​យាយ​សារា​មិន​ជឿ ប៉ុន្តែ​ក្រោយ​មក​កើត​ឡើង​មែន។ គាត់​មាន​ផ្ទៃ​ពោះ បង្កើត​បាន​កូន​ម្នាក់​ឈ្មោះ​អ៊ីសាក់ នេះ​ជា​ដំណឹង​ល្អ​ដែល​ភ្ញៀវ​ទាំង​៣​នាក់​នោះ​បាន​ប្រាប់​គាត់។ មិន​មែន​ជា​ទេវ​ទូត​កាព្រីអែល​ដែល​ប្រាប់​ដំណឹង​ល្អ​ដូច​ព្រះនាង​ម៉ារី គឺ​៣​នាក់​នេះ ដែល​ណែនាំ​ឱ្យ​យើង​យល់​ថា នេះ​ជា​ព្រះជាម្ចាស់​ផ្ទាល់ គឺ​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​យាង​មក​ជួប​ជា​មួយ​លោក​អប្រាហាំ។ នៅ​ពេល​នោះ គេ​បាន​រួម​តុ​ហូប​អាហារ​ជា​មួយ​គ្នា លោក​អប្រាហាំ​បាន​ស្វាគមន៍​គេ​យ៉ាង​កក់​ដៅ។

ខ្ញុំ​មាន​៣​ចំណុច​សម្រាប់​បង​ប្អូន ដើម្បី​រស់​នៅ​ក្នុង​សេចក្ដី​សង្ឃឹម​បច្ចុប្បន្ន​នេះ អំពី​ការ​ទទួល​ភ្ញៀវ​ទាំង​បី​នាក់​របស់​លោក​អប្រាហាំ។ ចំណុច​ទី​១ លោក​អប្រាហាំ​មិន​ស្គាល់​គេ ប៉ុន្តែ​គាត់​បាន​ស្វាគមន៍​គេ​យ៉ាង​រាក់​ទាក់។ ចំណុច​ទី​២ គាត់​បាន​ចែក​រំលែក​ម្ហូប​អាហារ​ដែល​គាត់​មាន​ដល់​គេ​យ៉ាង​បរិបូណ៌។ ចំណុច​ទី​៣ នៅ​ពេល​គេ​កំពុង​បរិភោគ​គាត់​បាន​បម្រើ​គេ។ នេះ​ជា​ចំណុច​ទាំង​៣ ដែល​ខ្ញុំ​ចង់​ឱ្យ​ប្អូនៗ​ទុក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ។ ស្វាគមន៍​បង​ប្អូន​ឯទៀតៗ​យ៉ាង​រាក់​ទាក់ ដោយសារ​នៅ​ក្នុង​បង​ប្អូន​ឯទៀតៗ​យើង​មាន​វត្តមាន​របស់​ព្រះជាម្ចាស់។ ចែក​រំលែក​អ្វី​ដែល​យើង​មាន​ដល់​បង​ប្អូន មិន​មែន​តែ​លុយ មាន​ម្ហូប​អាហារ ពេល​វេលា សេចក្ដី​ស្រឡាញ់ ការ​លើក​ទឹក​ចិត្ត…។ ចែក​រំលែក កុំ​ឱ្យ​យើង​ទុក​អំណោយ​ទាន​ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​យើង អំណរ​សប្បាយ សេចក្តី​សុខ​ដែល​យើង​មាន​ចែក​រំលែក​ជា​មួយ​បង​ប្អូន​ឯទៀតៗ។ បម្រើ​បង​ប្អូន​ឯទៀតៗ ដើម្បី​ឱ្យ​គេ​មាន​សេចក្ដី​សុខ យើង​បម្រើ​ដោយ​សេចក្តី​ស្រឡាញ់ យើង​ជួយ​ដោយ​សេចក្ដី​ស្រឡាញ់។ នេះ​ជា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ផ្សេង​ពី​លោកីយ៍​មិន​ដែល​ជួយ​ដោយ​គ្មាន​ការ​តប​ស្នង​នោះ​ទេ ថ្ងៃ​នេះ​យើង​មាន​៣​ចំណុច​នេះ ស្វាគមន៍ ចែក​រំលែក និង​បម្រើ។

ថ្ងៃ​នេះ យើង​អធិដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ឱ្យ​យើង​ចូល​បន្តិច​ម្តងៗ​នៅ​ក្នុង​ព្រះជាម្ចាស់​របស់​យើង ដែល​ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង។ ព្រះជាម្ចាស់ ដែល​បាន​ណែនាំ​ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​យ៉ាង​សកម្ម ដែល​ចេះ​ស្វាគមន៍​យ៉ាង​រាក់​ទាក់ ដែល​ចេះ​ចែក​រំលែក និង​ដែល​ចេះ​បម្រើ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត អស់​ពី​សេចក្ដី​ស្រឡាញ់​សម្រាប់​បង​ប្អូន​ឯទៀតៗ​ជានិច្ច។ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង​ទាំង​អស់​គ្នា ដើម្បី​ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​លោកីយ៍​នេះ និង​ឱ្យ​យើង​រស់​នៅ​ក្នុង​សេចក្តី​សុខ​ជានិច្ច។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email