អភិបូជា​ពិធី​សុំ​ចូល​ព្រះសហគមន៍ (ជំហាន​ទី​១)

ធ្វើ​នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង

តាកែវ ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២២

“ការ​ចង​ចាំ និង​អត្ត​សញ្ញាណ​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​កម្ពុជា”

អត្ថបទ​ទី១៖ អេសាយ ៦៦,១៨-២១យើង​ជ្រើស‌រើស​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ និង​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​ពួក​លេវី។ អស ៦៦,២១អត្ថបទ​ទី២៖ ហេប្រឺ ១២,៥-៧.១១-១៣ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត​ទុក​ជា​ផល។ ហប ១២,១១ដំណឹងល្អ៖ លូកា ១៣,២២-៣០ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផង។ លក ១៣,២៥

បង​ប្អូន​ជា​ទី​ស្រឡាញ់

ពិធី​ដែល​យើង​ប្រារព្ធ​ធ្វើ​ថ្ងៃ​នេះ សុំ​ចូល​ព្រះសហគមន៍ (ជំហាន​ទី​មួយ) ជា​ពិធី​មួយ​ដែល​ពោរពេញ​ដោយ​អត្ថន័យ សម្រាប់​ព្រះសហគមន៍​យើង​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល យើង​ស្វាគមន៍​ប្អូន​១២​នាក់​ដែល​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូ។

នៅ​ពេល​ខ្ញុំ​បាន​ទៅ​លេង​ប្រទេស​បារាំង​មួយ​ខែ រាល់​អាទិត្យ​ខ្ញុំ​ទៅ​តាម​ព្រះវិហារ​មួយ​ចំនួន ជា​ព្រះវិហារ​ចាស់ មាន​កន្លែង​ខ្លះ​១០០០​ឆ្នាំ និង​ខ្លះ​៥០០​ឆ្នាំ កន្លែង​ខ្លះ​៨០០​ឆ្នាំ។ ពេល​ថ្វាយ​អភិបូជា​នៅ​ក្នុង​ព្រះវិហារ​ទាំង​នោះ ខ្ញុំ​នឹក​ឃើញ​ដល់​ព្រះសហគមន៍​ដែល​ធ្វើ​ដំណើរ​ពី​រាប់​សតវត្ស។ នៅ​ពេល​នោះ ខ្ញុំ​ក៏​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះសហមគន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពិត​មែន​មាន​អាយុ​ច្រើន​ដែរ​តាំង​ពី​ឆ្នាំ​១៥៥៥។ ប៉ុន្តែ នៅ​ឆ្នាំ​១៩៧៥-១៩៧៩ ប្រទេស​កម្ពុជា​យើង​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល ហើយ​ព្រះសហគមន៍​ចាប់​ផ្តើម​មាន​ជីវិត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩០។ ដូច្នេះ ពេល​យើង​គិត​ពី​ឆ្នាំ​១៩៩០ រហូត​ដល់​ឆ្នាំ​២០២២ យើង​មាន​តែ​៣០​ឆ្នាំ​តែ​ប៉ុណ្ណឹង។ សម្រាប់​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម​ចំការទៀង​នេះ​មាន​អាយុ​តែ​២២​ឆ្នាំ សម្រាប់​ព្រះសហគមន៍​ត្រពាំងក្រញូង​មាន​អាយុ​តែ​៥​ឆ្នាំ អត់​ទាន់​មាន​ព្រះវិហារ​ទៀត។

ប៉ុន្តែ នៅ​ពេល​គេ​ស្ដាប់​សក្ខីភាព​ដែល​ខ្ញុំ​ផ្ដល់ អំពី​ព្រះសហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​បាន​ចាប់​អារម្មណ៍​មែន​ទែន។ ចាប់​អារម្មណ៍​អំពី​បង​ប្អូន​ដែល​ជា​យុវជន​យុវនារី ជួន​កាល​ដែល​ជា​យុវចាស់​ដែល​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដូច​ថ្ងៃ​នេះ​ជា​មួយ​ព្រះយេស៊ូ។ ចាប់​ផ្ដើម​គិត តើជីវិតរបស់ខ្ញុំទៅណា? ថ្ងៃ​នេះ​យើង​បាន​ស្ដាប់ នៅ​ពេល​សុំ​ចូល​ព្រះសហគមន៍ ខ្ញុំ​បាន​សួរ តើបងប្អូនសុំអ្វីពីព្រះសហគមន៍របស់ព្រះជាម្ចាស់? សូម​ចាំ​មួយ​ជីវិត​ចម្លើយ​ដែល​យើង​បាន​ឆ្លើយ​នៅ​ថ្ងៃ​នេះ គឺ​សុំ​ជំនឿ។ សុំ​ជំនឿ​ដោយសារ​យើង​ដឹង​ថា ជំនឿ​ផ្ដល់​ជីវិត​អស់​កល្ប​ជានិច្ច នេះ​ជា​ព្រះសហគមន៍​របស់​យើង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​មើល​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដែល​មាន​អាយុ​ជាង​២០០០​ឆ្នាំ​តាម​ព្រះយេស៊ូ​ដែល​សោយ​ទិវង្គត ២០០០​ឆ្នាំ​មុន ដែល​មាន​អាយុ​ចាស់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដែល​មាន​អាយុ​ក្មេង​នៅ​ក្នុង​ប្រទេស​យើង។ យើង​ត្រូវ​ការ​នឹក​ឃើញ យើង​មាន​គោល​ដៅ​តែ​មួយ គឺ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ដោយ​សារ​ជំនឿ។ ថ្ងៃ​នេះ យើង​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដូច​នៅ​ក្នុង​អត្ថបទ​ទី​១​ថ្ងៃ​នេះ។

រូប​គំនូរ​ដែល​មាន​នៅ​លើ​ជញ្ជាំង​ព្រះវិហារ​នេះ មាន​ផ្លូវ​ដែល​ព្រះយេស៊ូ​បាន​ដើរ ពី​ថ្ងៃ​ដែល​ព្រះយេស៊ូ​ត្រាស់​ហៅ​ក្រុម​សាវ័ក ឡើង​លើ​ភ្នំ ក្រោយ​មក​ព្រះយេស៊ូ​ធ្វើ​ដំណើរ​ដើម្បី​ជួប​ជា​មួយ​អ្នក​ខ្វាក់ ជួប​ជា​មួយ​កូន​ក្មេង ជួប​ជា​មួយ​អ្នក​ក្រីក្រ ជួប​ជា​មួយ​លោក​សាខេ ជួប​ជា​មួយ​ស្រ្ដី​សាម៉ារី ឡើង​លើ​ភ្នំ​ជា​មួយ​ក្រុម​សាវ័ក​ម្តង​ទៀត។ ថ្ងៃ​នេះ ដែល​យើង​ធ្វើ​ជំហាន​ទី​មួយ យើង​ចូល​នៅ​ក្នុង​ដំណើរ​របស់​ព្រះយេស៊ូ​ដែរ យើង​ចាប់​ផ្ដើម​ដើរ​តាម​ព្រះយេស៊ូ។ តាម​ពិត​នៅ​ពេល​ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​ក្រុម​សាវ័ក​ពី​ដើម គេ​អត់​ដឹង​ថា​គេ​ទៅ​ណា គេ​ធ្លាប់​សួរ​តើ​ព្រះយេស៊ូ​មក​ពី​ណា? តើ​ព្រះយេស៊ូ​មាន​កន្លែង​ស្នាក់​នៅ​ទី​ណា? ព្រះយេស៊ូ​ឆ្លើយ​ថា “សូម​ដើរ​តាម​ខ្ញុំ នោះ​អ្នក​នឹង​ឃើញ”។ នេះ​ជា​ពិធី​ដែល​យើង​ចាប់​ផ្ដើម​ថ្ងៃ​នេះ យើង​អត់​ទាន់​ស្គាល់​ព្រះយេស៊ូ​ប៉ុន្មាន​ទេ យើង​អត់​ទាន់​ស្គាល់​ព្រះសហគមន៍​ប៉ុន្មាន​ទេ យើង​អត់​ទាន់​ស្គាល់​ព្រះបន្ទូល​ប៉ុន្មាន​ទេ។ ប៉ុន្តែ អំបាញ់​មិញ​យើង​បាន​ប្រកាស​យ៉ាង​ឱឡារឹក ដោយ​ថ្វាយ​បង្គំ​ដល់​ឈើ​ឆ្កាង “ខ្ញុំ​យក​ព្រះយេស៊ូ​ជា​ទី​ពឹង” ដោយ​ថ្វាយ​បង្គំ​ដល់​ព្រះគម្ពីរ “ខ្ញុំ​យក​ព្រះបន្ទូល​ជា​ទី​ពឹង” ដោយ​ថ្វាយ​បង្គំ​មុខ​ព្រះសហគមន៍​ទាំង​មូល “ខ្ញុំ​យក​ព្រះសហគមន៍​ជា​ទី​ពឹង”។

ជីវិត​ដែល​គ្មាន​ទី​ពឹង​ជា​ជីវិត​ឯកោ​ណាស់ ជីវិត​ដែល​គ្មាន​ទី​ពឹង​ជា​ជីវិត​កំសត់ ប៉ុន្តែ​ថ្ងៃ​នេះ​នៅ​ពេល​យើង​សុំ​ជីវិត​អស់​កល្ប​ជានិច្ច យើង​ដឹង​ថា​ផ្លូវ​ដែល​យើង​ដើរ​ត្រូវ​តែ​ណែនាំ​យើង ឲ្យ​យើង​រក​ឃើញ​ជីវិត​អស់​កល្ប​ជានិច្ច។ រូប​នៅ​លើ​ជញ្ជាំង​ដដែល ព្រះយេស៊ូ​បន្ត​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡឹម ពី​ទីក្រុង​យេរូសាឡឹម​ព្រះយេស៊ូ​ឡើង​លើ​ភ្នំ​ដើម្បី​អធិដ្ឋាន​នៅ​សួន​កេតសេម៉ានី។ ក្រោយ​មក គេ​កាត់​ក្ដី​ព្រះយេស៊ូ ព្រះយេស៊ូ​សោយ​ទិវង្គត ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូ​មាន​ព្រះជន្ម​ថ្មី ក្រុម​គ្រីស្ត​ទូត​បន្ត​ធ្វើ​ដំណើរ ជា​ព្រះសហគមន៍​ដំបូង។ ប្រសិន​បើ​យើង​បន្ត​មើល​ទៀត មាន​ផ្លូវ​មួយ​ទៀត​ឡើង​ដល់​ព្រះវិហារ​ចំការទៀង ដល់​សាលា​សន្ត​ហ្វ្រង់ស្វ័រ យើង​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ និង​ព្រះយេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​យើង។ ដូច្នេះ យើង​លែង​ឯកោ​ទៀត​ហើយ​ដោយសារ​យើង​មាន​ព្រះយេស៊ូ​ជា​ទី​ពឹង នេះ​ជា​អ្វី​ដែល​យើង​បាន​ប្រកាស។

ដោយសារ​យើង​មាន​ព្រះបន្ទូល​ជា​ពឹង ដើម្បី​ដឹក​នាំ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តើយើងត្រូវការធ្វើ​អ្វី​ខ្លះ? នៅ​ពេល​យើង​ស្តាប់​ព្រះបន្ទូល​ដូច​ថ្ងៃ​នេះ យើង​បាន​ឃើញ​ព្រះយេស៊ូ​ថា “ពិតមែនទ្វារ​ដើម្បីដើរតាមព្រះយេស៊ូ ទ្វារ​ដើម្បីចូលនៅក្នុងជីវិតអស់ល្ប​ជានិច្ច ជាទ្វារ​ចង្អៀត”។ ក៏​ប៉ុន្តែ ទោះបី​ចង្អៀត​ក៏​ដោយ​យើង​ដឹង​ថា យើង​មាន​ព្រះយេស៊ូ​ដែល​គង់​នៅ លុះត្រាតែ​យើង​ថែរក្សា​ជំនឿ​របស់​យើង លុះត្រាតែ​យើង​ស្រឡាញ់​ព្រះជាម្ចាស់​ពិត លុះត្រាតែ​យើង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​បង​ប្អូន​ឯទៀតៗ។

យើង​យក​ព្រះសហគមន៍​ជា​ទី​ពឹង យើង​ត្រូវ​ការ​ចូល​នៅ​ក្នុង​ជីវិត​នៃ​ព្រះសហគមន៍​របស់​យើង ដើម្បី​ឲ្យ​យើង​ចាក់​គ្រឹះ​នៅ​លើ​ទឹក​ដី​កម្ពុជា។ ទោះ​បី ព្រះសហគមន៍​របស់​យើង​នៅ​ចំការទៀង​នេះ​មាន​អាយុ​តែ​២០​ឆ្នាំ ប៉ុន្តែ​យើង​ចូល​នៅ​ក្នុង​ជីវិត​នៃ​ព្រះសហគមន៍​កម្ពុជា​សិន។ យើង​ត្រូវ​ការ​ទទួល​មរតក​ទាំង​អស់ យើង​ត្រូវ​ការ​ចូល​នៅ​ក្នុង​ការ​ចង​ចាំ ដើម្បី​រក​ឃើញ​អត្ត​សញ្ញាណ​របស់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ។ យើង​ត្រូវ​ការ​មើល​ឃើញ​ពី​សម័យ​ដើម​ឆ្នាំ​១៥៥៥ ដែល​មាន​សាសនា​ទូត​ចាប់​ផ្ដើម​ចូល​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ការ​នឹក​ឃើញ​ដល់​ជន​ជាតិ​ជប៉ុន​ដែល​គេច​ខ្លួន​ពី​ប្រទេស​គេ ដោយសារ​រដ្ឋ​អំណាច​កំពុង​សម្លាប់​គ្រីស្ត​បរិស័ទ។ ដូច្នេះ គេ​ចេញ​ពី​ប្រទេស​ជប៉ុន​មក​ដល់​ប្រទេស​កម្ពុជា ជិត​ពញាឮ​នៅ​ក្នុង​ខេត្ត​កណ្ដាល យើង​ត្រូវ​ការ​មើល​ឃើញ​ជន​ជាតិ​ឥណ្ឌូនេស៊ី ដែល​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ដែរ ដែល​ចូល​នៅ​ទឹក​ដី​កម្ពុជា​ពី​ដើម។ យើង​ត្រូវ​ការ​នឹក​ឃើញ​ដល់​គ្រីស្ត​បរិស័ទ​មួយ​ចំនួន ដែល​ជា​ជន​ជាតិ​ខ្មែរ​ចាប់​ផ្ដើម​ដើរ​តាម​ព្រះយេស៊ូ​ពី​រាប់​រយ​ឆ្នាំ​មុន។ យើង​ត្រូវ​ការ​នឹក​ឃើញ មុន​សម័យ​ប៉ុល​ពត​ដែល​យើង​មាន​បូជាចារ្យ​ខ្មែរ​បួន​ប្រាំ​អង្គ មាន​លោក​អភិបាល​ខ្មែរ​មួយ​អង្គ គឺ​លោក​អភិបាល ឆ្មារ សាឡាស់ និង​មាន​លោក ទេព អ៊ឹម មួយ​អង្គ​ទៀត។ យើង​ត្រូវ​ការ​នឹក​ឃើញ​គ្រីស្ត​បរិស័ទ ដែល​បាន​តស៊ូ​នៅ​ក្នុង​សម័យ​ប៉ុល​ពត ដោយ​បាន​ស្លាប់​យ៉ាង​ច្រើន​ជា​ពិសេស​បង​ស្រី លោក​ឪពុក លោក​អភិបាល និង​គ្រីស្ត​បរិស័ទ​មួយ​ចំនួន។

ប៉ុន្តែ ទោះ​បី​ពិបាក​ក៏​ដោយ​បាន​តស៊ូ​នៅ​ក្នុង​ជំនឿ ដោយ​ដឹង​ថា​ព្រះជាម្ចាស់​មិន​លះ​បង់​ចោល។ យើង​ត្រូវ​ការ​នឹក​ឃើញ ដល់​គ្រីស្ត​បរិស័ទ​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៩០ ដែល​អត់​មាន​អភិបូជា​ទេ​ដោយសារ​អត់​មាន​បូជាចារ្យ។ គេ​បាន​ធ្វើ​ដំណើរ​ដល់​ព្រំដែន​ថៃ ដោយ​ដឹង​ថា​នៅ​ប្រទេស​ថៃ​យើង​មាន​សាសនា​ទូត​ខ្លះ​ធ្លាប់​នៅ​ខ្មែរ លោក​បាន​ផ្ញើ​ព្រះកាយ​ព្រះគ្រីស្ត​ឲ្យ​គេ​នៅ​តាម​ព្រំដែន។ យើង​ត្រូវ​ការ​នឹក​ឃើញ​ដល់​គ្រីស្ដ​បរិស័ទ ដែល​ត្រឡប់​ពី​ជំរំ​វិញ​ជា​ពិសេស​នៅ​ជុំ​គិរី គាត់​បាន​ទទួល​ជីវិត​ថ្មី​នៅ​ក្នុង​ជំរំ​នៅ​ប្រទេស​ថៃ។ យើង​ត្រូវ​ការ​នឹក​ឃើញ ដល់​លោក​អភិបាល អ៊ីវ និង​លោក​អភិបាល អេមីល ដែល​បាន​ថ្វាយ​អភិបូជា​ដំបូង​នៅ​ឆ្នាំ​១៩៩០ នៅ​ពេល​បុណ្យ​ចម្លង នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ។ អត់​មាន​អភិបូជា​ពី​ឆ្នាំ​១៩៧៧ នៅ​ពេល​លោក ឆ្មារ សាឡាស់ លោក ឆ្មារ សាឡឹម និង​លោក សម្រើន បាន​ស្លាប់។ យើង​ត្រូវ​ការ​នឹក​ឃើញ ដល់​ព្រះសហគមន៍​របស់​យើង​ដែល​ចាប់​ផ្ដើម​ដើរ​បន្តិច​ម្ដងៗ យើង​មាន​លោក​គ្រូ​ជៀង​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​ឆ្នាំ​១៩៩៨។ នឹក​ឃើញ​ដល់​លោក​ឪពុក អ៊ុន សុន ដែល​មាន​ស្រុក​កំណើត​នៅ​ភូមិ​ចំការទៀង​នេះ និង​ដែល​បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ​នៅ​ឆ្នាំ​២០០១។ នឹក​ឃើញ​ដល់​សាសនា​ទូត ដែល​បាន​មក​ប្រកាស​ដំណឹង​ល្អ​ប្រចាំ​នៅ​នេះ នឹក​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដើម្បី​ប្រកាស​ដំណឹង​ល្អ​ពី​ព្រះសហគមន៍​តែ​មួយ រហូត​ដល់​សព្វ​ថ្ងៃ​យើង​មាន​ព្រះសហគមន៍​៨ ប្រហែល​ជិត​៩​ដែរ​។

ដូច្នេះ ពេល​យើង​ថា​ព្រះសហគមន៍​ជា​ទី​ពឹង យើង​មិន​តែ​នឹក​ឃើញ​មនុស្ស​ដែល​យើង​ឃើញ​មុខ​ពេល​នេះ។ ប៉ុន្តែ យើង​ត្រូវ​ការ​យល់​ថា​យើង​ចូល​នៅ​ក្នុង​មរតក​ពិសេស​ពី​ក្រុម​គ្រីស្ត​ទូត​មែន ប៉ុន្តែ​មរតក​របស់​យើង​នៅ​ក្នុង​ប្រទេស​យើង។ យើង​ដឹង​ថា យើង​ចូល​នៅ​ក្នុង​មរតក​ពិសេស​ហ្នឹង​ដែល​ជា​កម្លាំង ដើម្បី​ឲ្យ​យើង​ដែល​ជា​ជំនាន់​ថ្មីៗ​បន្ត​រស់​នៅ​ជា​មួយ​ព្រះយេស៊ូ និង​ណែនាំ​ឲ្យ​ព្រះសហគមន៍​យើង​មាន​ជីវិត។ យើង​ត្រូវ​ការ​អធិដ្ឋាន ដើម្បី​ឲ្យ​យើង​មាន​យុវជន​មួយ​ចំនួន​សុខ​ចិត្ត​ឆ្លើយ​តប​ទៅ​ព្រះសហគមន៍ ទៅ​ព្រះជាម្ចាស់ ដើម្បី​បម្រើ​ព្រះសហគមន៍​ធ្វើ​ជា​បូជាចារ្យ ធ្វើ​ជា​បង​សី្រ។ ព្រះសហគមន៍​ដែល​អត់​មាន​បូជាចារ្យ​នៅ​ក្នុង​ប្រទេស ជា​ព្រះសហគមន៍​ដែល​ត្រូវ​តែ​ងាប់ ដោយសារ​នៅ​ថ្ងៃ​ណា​មួយ​មាន​បញ្ហា​ធំ​ណាស់ ដែល​អត់​មាន​លោក​ចេញ​ពី​ប្រទេស​ផ្ទាល់។ មាន​លោក​ធ្វើ​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត​ដែល​ផ្ដល់​ជីវិត អគ្គ​សញ្ញា​លើក​លែង​ទោស​ដែល​ផ្ដល់​កម្លាំង​ថ្មី អគ្គ​សញ្ញា​អាពាហ៍​ពិពាហ៍​ទៅ​ជា​ប្ដី​ប្រពន្ធ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ អគ្គ​សញ្ញា​សម្រាប់​អ្នក​ជម្ងឺ​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុង​ការ​ពិបាក​និង​ទុក្ខ​លំបាក។

អាទិត្យ​មុន​ខ្ញុំ​នៅ​ប្រទេស​ឡាវ ដើម្បី​ចូល​រួម​ពិធី​តែង​តាំង​លោក​អភិបាល​ថ្មី​ជា​ជន​ជាតិ​ឡាវ ព្រះសហគមន៍​ឡាវ​មាន​គ្រីស្ត​បរិស័ទ​៥០០០០​នាក់ នៅ​ក្នុង​ចំណោម​ប្រជាជន​តែ​៦​លាន​នាក់។ ដូច្នេះ បើ​គិត​ជា​ភាគរយ​ច្រើន​ជាង​ខ្មែរ​យើង​ឆ្ងាយ ដោសសារ​យើង​គ្រីស្ត​បរិស័ទ​តែ​២០០០០​នាក់ ក្នុង​ចំណោម​ប្រជាជន​ជាង​១៦​លាន​នាក់។ ព្រះសហគមន៍​ឡាវ ជា​ព្រះសហគមន៍​មួយ​ដែល​នៅ​ឆ្នាំ​១៩៧៥ រដ្ឋាភិបាល​បាន​បណ្ដេញ​សាសនា​ទូត​ទាំង​អស់​ទៅ​គេ​ប្រទេស​វិញ។ ខ្មែរ​យើង​ឆ្នាំ​នោះ​បាន​ចូល​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​បាត់​បង់​សេរីភាព​ទាំង​អស់ តែ​នៅ​ប្រទេស​ឡាវ​គេ​ចូល​នៅ​ក្នុង​របប​គមុយនីស្ត។ នៅ​របប​គមុនីស្ត​មិន​មែន​ធ្ងន់​ធ្ងរ​ដូច​ប៉ុល​ពត​ទេ អត់​បាន​វាយ​ព្រះវិហារ​ចោល​ប៉ុន្តែ​បាន​សម្លាប់​បូជាចារ្យ គ្រូ​អប់រំ​ជំនឿ អស់​១៧​នាក់​ដែល​ជា​មរណសាក្សី​ផ្លូវ​ការ។ សព្វ​ថ្ងៃ ប្រទេស​ឡាវ​នៅ​កាន់​របប​គមុយនីស្ត​ដដែល អត់​សូវ​មាន​សេរីភាព​ដើម្បី​ប្រកាស​ដំណឹង​ល្អ ហេតុ​នេះ​ហើយ​សាសនា​ទូត​ពី​ប្រទេស​ផ្សេងៗ​មិន​អាច​ចូល​ប៉ុន្មាន​ទេ។ ដូច្នេះ គេ​ទី​ពឹង​លើ​បូជាចារ្យ​ឡាវ គេ​ទី​ពឹង​លើ​បង​ស្រី​ឡាវ នៅ​ក្នុង​អនុ​ទេវ​វិទ្យាល័យ​ដែល​គេ​កំពុង​ត្រៀម​ខ្លួន​ចូល​ឆ្នាំ​ទី​មួយ នៅ​ទេវ​វិទ្យាល័យ គេ​មាន​១៨​នាក់​ជា​ជន​ជាតិ​ឡាវ​ទាំង​អស់ នៅ​ក្នុង​ទេវ​វិទ្យាល័យ​គេ​មាន​គ្នា​ជិត​២០​នាក់ រាល់​ឆ្នាំ​គេ​តែង​តាំង​លោក​បូជាចារ្យ​ពីរ​បី​នាក់។

ដូច្នេះ​យើង​ត្រូវ​ការ​គិត ពេល​យើង​មើល​ឃើញ​ព្រះសហគមន៍​ឡាវ​ដែល​មាន​សមត្ថភាព​តូច ប៉ុន្តែ​មាន​កម្លាំង ដោយសារ​មាន​បូជាចារ្យ មាន​បង​ស្រី​ជា​ជន​ជាតិ​ផ្ទាល់​ខ្លួន​ដើម្បី​បម្រើ។ ព្រះសហគមន៍​កម្ពុជា​យើង មាន​សាសនា​ទូត​ច្រើន​មក​ពី​បរទេស នៅ​ភ្នំពេញ​យើង​មាន​សាសនា​ទូត​២០០​នាក់ ទាំង​បង​ស្រី ទាំង​បង​ប្រុស ទាំង​បូជាចារ្យ ទាំង​គ្រីស្ត​បរិស័ទ​ដែល​សុខ​ចិត្ត​បម្រើ ប៉ុន្តែ​គេ​មក​ពី​២៥​ប្រទេស។ ភូមិភាគ​ភ្នំពេញ យើង​នៅ​សល់​លោក​បូជាចារ្យ​ខ្មែរ​តែ​២​អង្គ បង​ស្រី​សានី មក​ពី​ក្រុម​ឧបការគុណ និង​បង​ស្រី​បួន​ប្រាំ​នាក់​នៅ​ក្រុម​សាលេស៊ាន​ដុនបូស្កូ។ ដូច្នេះ ជា​ពេល​វេលា​មួយ​ដើម្បី​នឹក​ឃើញ​ដល់​ព្រះសហគមន៍​របស់​យើង នេះ​មិន​មែន​ព្រះសហគមន៍​គេ មិន​មែន​ព្រះសហគមន៍​របស់​ជន​បរទេស។ ថ្ងៃ​ស្អែក យើង​បើក​មហា​សន្និបាត FABC គឺ​សហគមន៍​របស់​ក្រុម​លោក​អភិបាល​នៅ​ក្នុង​ទ្វីប​អាស៊ី មាន​ជាង​២០​ប្រទេស​ដែល​ចូល​រួម មាន​លោក​អភិបាល​បរទេស​តែ​៣​អង្គ​គត់ មាន​លោក គីកេ លោក អូលីវីយ៉េ និង​លោក​ម្នាក់​នៅ​ប្រទេស​ម៉ុងហ្គូលី​តែ​ប៉ុណ្ណឹង ប្រទេស​ផ្សេង​សុទ្ធ​តែ​លោក​អភិបាល​ជន​ជាតិ​ផ្ទាល់​ខ្លួន។ ដូច្នេះ យើង​ត្រូវ​ការ​គិត​មែន​ទែន​សម្រាប់​ព្រះសហគមន៍​របស់​យើង ឲ្យ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​ព្រះសហគមន៍​បន្ត​មាន​ជីវិត។ ដោយសារ គ្រីស្ត​បរិស័ទ​ចាក់​គ្រឹះ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត ប៉ុន្តែ​ចាក់​គ្រឹះ​ដើម្បី​ឲ្យ​មាន​ផ្លែ​នៅ​ថ្ងៃ​អនាគត។

រុក្ខជាតិ​ពេល​ផ្កា​ងាប់​ផ្កា​នេះ​ទៅ​ជា​ផ្លែ ដូច​ជា​ដើម​ស្វាយ​ពេល​ផ្កា​វា​ងាប់​បាន​ក្លាយ​ជា​ផ្លែ ជួន​កាល​ផ្កា​មួយ​ទង​បាន​ប៉ុន្មាន​ផ្លែ​ច្រើន​ណាស់។ ប៉ុន្តែ នៅ​ក្នុង​៥០​ផ្លែ​នេះ វា​អាច​ក្លាយ​ជា​ផ្លែ​ធំ​ដែល​យើង​អាច​ញ៉ាំ​បាន​ប្រហែល​នៅ​សល់​តែ​មួយ​ពីរ​តែ​ប៉ុណ្ណឹង ផ្លែ​តូចៗ​មាន​ច្រើន​ណាស់​ប៉ុន្តែ​ទឹក​ដែល​ផ្តល់​ជីវិត​អត់​ទៅ​ដល់​វា ធ្វើ​ឱ្យ​វា​ងាប់​ទៅ​វិញ​នៅ​សល់​តែ​ផ្លែ​មួយ​ពីរ។ ដូច្នេះ ខ្ញុំ​ឃើញ​ផ្កា​ច្រើន​ណាស់​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង ប៉ុន្តែ​ជា​ពេល​វេលា​សម្រាប់​គ្រីស្ត​បរិស័ទ​ចាស់ សម្រាប់​គ្រូ​អប់រំ​ជំនឿ សម្រាប់​ឪពុក​ម្ដាយ​ដែល​ជា​គ្រីស្ត​បរិស័ទ ដើម្បី​ស្រោច​ទឹក​យ៉ាង​ច្បាស់​លាស់​ឲ្យ​ផ្កា​នេះ​ចេញ​ជា​ផ្លែ។ យើង​អាច​និយាយ​បាន​ថា ឃ្មុំ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដែល​ណែនាំ​ឲ្យ​យើង​មាន​ផ្លែ។ ប៉ុន្តែ ប្រសិន​បើ​យើង​មិន​បើក​ចិត្ត​គំនិត​ដើម្បី​ទទួល​ស្គាល់​សេចក្ដី​ស្រឡាញ់​នេះ​ដ៏​ពេញ​លក្ខណៈ យើង​បង្កើត​ផ្លែ​អត់​កើត​ទេ។ នៅ​ក្នុង​គំនូរ​នេះ មាន​ស្រែ​មួយ​ដែល​មាន​បន្លា ដូច្នេះ​ស្មៅ​និង​ស្រូវ​ចេញ​ជា​មួយ​គ្នា ក្រោយ​មក​វា​ងាប់​អស់​ហើយ​ដោយ​សារ​បន្លា​ធ្វើ​ឲ្យ​វា​ងាប់ ស្រែ​មួយ​ទៀត​សុទ្ធ​តែ​ថ្ម​មាន​ដី​តិចៗ​ដំបូង​ស្រូវ​លូត​លាស់​ល្អ​ណាស់ តែ​ក្រោយ​មក​ស្វិត​អស់​ហើយ​ព្រោះ​មាន​សុទ្ធ​តែ​ថ្ម។ ប៉ុន្តែ ស្រែ​ទី​បី​ដែល​បាន​ទទួល​ស្រូវ​យ៉ាង​ច្រើន ដោយសារ​ដី​ល្អ ដី​ល្អ​ដោយ​សារ​មាន​ម្ចាស់​ចម្ការ​ដែល​បាន​ថែរក្សា ហើយ​ម្ចាស់​ចម្ការ​គឺ​ព្រះជាម្ចាស់​ផ្ទាល់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ដែល​ជា​ថ្ងៃ​ពិសេស​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល ជា​ពេល​វេលា​ដើម្បី​អធិដ្ឋាន​ឲ្យ​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ យើង​ថែរក្សា​អំណោយ​ទាន​ពិសេស ទ្រព្យ​សម្បត្តិ​ដ៏​ពិសេស​ដែល​យើង​បាន​ទទួល គឺ​ជំនឿ។ យើង​ធ្វើ​ឲ្យ​ជំនឿ​នេះ​មាន​ផ្លែ ផ្លែ​ដើម្បី​ឲ្យ​ព្រះសហគមន៍​របស់​យើង​មាន​ជីវិត ដើម្បី​ឲ្យ​ព្រះសហគមន៍​របស់​យើង​អាច​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ស្រឡាញ់​មែន។ ប៉ុន្តែ ឲ្យ​យើង​មាន​គ្នា​យើង​ដោយ​ដឹង​ថា នេះ​ជា​ព្រះហគមន៍​ខ្ញុំ នេះ​ជា​គ្រួសារ​ខ្ញុំ នេះ​ជា​ផ្ទះ​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ថែរក្សា​ស្រឡាញ់​ផ្ទះ​ខ្ញុំ គ្រួសារ​ខ្ញុំ ព្រះសហគមន៍​ខ្ញុំ ដោយ​បម្រើ​មិន​ទុក​ឲ្យ​អ្នក​ផ្សេង​បម្រើ​រហូត។ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​សូម​ឲ្យ​យើង​មាន​លោក​ឪពុក​យ៉ាង​ច្រើន បង​ស្រី​យ៉ាង​ច្រើន ដើម្បី​ឲ្យ​ព្រះសហគមន៍​របស់​យើង​អាច​ទៅ​មុខ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​រួម​ជា​មួយ​គ្នា។

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email