ធម្មទេសនា ឆ្នាំ២០២២

ធម្មទេសនា ឆ្នាំ២០២២

ត្រៀម​ខ្លួន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស ពី​ព្រះសហគមន៍​សំរោង​ធំ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៦,១-២ក.៣-៨ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ។ អស ៦,៥អត្ថបទ​ទី២៖ កូរិនថូស​ទី​១ ១៥,១-១១បង‌ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម‌រយៈ​ដំណឹង‌ល្អ។ ១ករ ១៥,២ដំណឹងល្អ៖ លូកា ៥,១-១១ព្រះ‌អង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក។ លក ៥,៣ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​ចូល​នៅ​ក្នុង​អាទិត្យ​ទី​៦​នៃ​រដូវ​ធម្មតា ថ្ងៃ​នេះ​យើង​យក​ពេល​វេលា​ដើម្បី​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស។ អគ្គ​សញ្ញា​លាប​ថ្ងាស គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​ជីវិត​ផ្ទាល់​របស់​ព្រះជាម្ចាស់ ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់​ផ្ទាល់។ ជា​សេចក្ដី​ក្លាហាន​និង​កម្លាំង​របស់​ព្រះជាម្ចាស់​ផ្ទាល់​ដែល​នឹង​សណ្ឋិត​លើ​បង​ប្អូន ដូច​យើង​បានស្ដាប់​នៅក្នុង​អត្ថបទ​ទី​មួយ ពី​ដើម​នៅ​ពេល​ក្រុម​គ្រីស្ត​ទូត​កំពុង​ភ័យ​ខ្លាច។ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ហើយ មាន​គេ​ចង់​បៀត​បៀន​ក្រុម​សាវ័ក​របស់​ព្រះយេស៊ូ ហេតុ​នេះ​ហើយ​គេ​អធិដ្ឋាន​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ ដោយ​បិទ​ទ្វារ បិទ​បង្អួច។ ប៉ុន្តែ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​យាង​មក​ដូច​ខ្យល់​ដែល​បក់​គេ​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​គេ​ចាប់​ផ្ដើម​ទៅ​ជា​សាក្សី​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​មនុស្ស​យ៉ាង​ច្រើន។ ការ​អស្ចារ្យ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ គឺ​មាន​មហា​ជន​ដែល​មក​ពី​ស្រុក​នា​នា ដែល​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា នៅ​ពេល​គេ​ជួប​ជា​មួយ​ក្រុម​គ្រីស្ត​ទូត ដូច​ជា​គេ​ស្ដាប់​បាន​អ្វី​ដែល​ក្រុម​គ្រីស្ត​ទូត​កំពុង​ប្រកាស​អំពី​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ អំពី​ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​មនុស្ស​យើង​មាន​សេចក្ដី​សុខ អំពី​ព្រះយេស៊ូ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នៅ​ពេល​នោះ ទោះ​បី​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា​គេ​ស្ដាប់​បាន ដោយសារ​គេ​យល់​ចិត្ត​គ្នា ដូច​ពី​ដើម​នៅ​ពេល​ព្រះយេស៊ូ​នៅ​ជា​មួយ​មហា​ជន នៅ​ពេល​នោះ​ជួន​កាល​មាន​៥០០០​នាក់ ជួន​កាល​មាន​១០០០០​នាក់ ទោះ​បី​គ្មាន​ឧបករណ៍​បំពង​សំលេង​ដូច​ពេល​នេះ មហា​ជន​គេ​ស្ដាប់​បាន និង​គេ​ស្ដាប់​ឮ​ទៀត។ ប៉ុន្តែ ប្រហែល​គេ​ឮ​មិន​សូវ​ច្បាស់ តែ​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​គេ​បាន​ទទួល​ព្រះបន្ទូល​ដែល​ព្រះយេស៊ូ​ដែល​កំពុង​ចែក​រំលែក។ នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ គេ​ទទួល​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​ដែល​គង់​នៅ​ជា​មួយ​គេ អំពី​ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​ជីវិត​របស់​គេ​រក​ឃើញ​អត្ថន័យ ជាពិសេស គេ​យល់​ថា​ព្រះជាម្ចាស់​ស្រឡាញ់​គេ និង​ព្រះជាម្ចាស់​ចង់​ឱ្យ​គេ​មាន​សុភមង្គល។ ក្នុង​កម្មវិធី​បូជនីយចរ​យុវជន​អាទិត្យ​មុន ខ្ញុំ​បាន​យក​ប្រធាន​បទ ”ព្រះជាម្ចាស់​ចង់​ឱ្យ​យើង​មាន​សុភមង្គល​រួម​ជា​មួយ​ព្រះយេស៊ូ”។ សុភមង្គល​ដែល​ព្រះជាម្ចាស់​ចង់​ឱ្យ​យើង​មាន គឺ​ពី​ដើម​រៀង​មក​ព្រះជាម្ចាស់​បាន​បង្កើត​យើង​ជា​បុរស​ជា​ស្រ្តី ឱ្យ​រស់​នៅ​ក្នុង​សេចក្ដី​សុខ​សាន្ត​របស់​ព្រះជាម្ចាស់។ ពី​ដើម​រៀង​មក ព្រះជាម្ចាស់​បាន​ប្រទាន​វិន័យ​ទាំង​ដប់​ប្រការ ដើម្បី​ណែនាំ​ឱ្យ​មនុស្ស​មាន​របៀប​រស់​នៅ​ក្នុង​សង្គម របៀប​ដើម្បី​ស្រឡាញ់​ព្រះជាម្ចាស់។ សង្ឃឹម​យើង​ចាំ​វិន័យ​ទាំង​១០​ប្រការ ៤​ដំបូង​គោរព​ព្រះជាម្ចាស់ និង​៦​បន្ទាប់​គឺ​រស់​នៅ​ក្នុង​សង្គម កុំ​សម្លាប់​ជីវិត កុំ​កុហក កុំ​យក​ប្រពន្ធ​គេ កុំ​ក្បត់… ដើម្បី​ឱ្យ​យើង​ធ្វើ​ដំណើរ​នៅ​ក្នុង​សង្គម​យ៉ាង​សុខសាន្ត។ ដោយសារ នេះ​ជា​គោល​ដៅ​របស់​ព្រះជាម្ចាស់​សម្រាប់​យើង នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ថ្ងៃ​នេះ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​យើង​មើល​មួយ​ជំហាន​ទៀត ដែល​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​មនុស្ស​យើង​មាន​សុភមង្គល។ សុភមង្គល​ណែនាំ​ឱ្យ​យើង​យល់​ថា ទោះ​បី​យើង​មាន​ទុក្ខ​លំបាក ទោះ​បី​យើង​ពិបាក​ចិត្ត ទោះ​បី​ស្រេក​ឃ្លាន ទោះ​បី​យើង​យំ​សោក ក៏​យើង​រក​ឃើញ​សុភមង្គល​បាន​ដែរ។ “អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រខ្សត់​អើយ អ្នក​មាន​សុភមង្គល​ហើយ​ត្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះរាជ​របស់​ព្រះជាម្ចាស់ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ អ្នក​មាន​សុភមង្គល​ហើយ​ត្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ អ្នក​មាន​សុភមង្គល​ហើយ​ត្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេកអរ”។ ដូច្នេះ យើង​មើល​ឃើញ​ព្រះជាម្ចាស់​កែប្រែ​ជីវិត​របស់​យើង ជា​អ្នក​ក្រខ្សត់​ឱ្យ​មាន​សុភមង្គល​ដោយសារ​យើង​បាន​ទទួល​ទ្រព្យ​សម្បត្តិ​មួយ​យ៉ាង​ពិសេស គឺ​ព្រះរាជ​របស់​ព្រះជាម្ចាស់។ ទទួល​សម្បត្តិ​មួយ​យ៉ាង​ពិសេស គឺ​ព្រះជាម្ចាស់​ផ្ទាល់​ដែល​បាន​ណែនាំ​ឱ្យ​ថ្ងៃ​អនាគត​របស់​យើង​មាន​សុភមង្គល​នៅ​ស្ថាន​បរម​សុខ។ អ្នក​ដែល​កំពុង​ឃ្លាន ពេល​យើង​ឃ្លាន​បាយ​យើង​អត់​មាន​សុភមង្គល​ទេ ប៉ុន្តែ​ព្រះជាម្ចាស់​កែប្រែ​ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​មាន​សុភមង្គល ដោយសារ​យើង​បាន​ទទួល​ជីវិត​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ជីវិត​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ ណែនាំ​ឱ្យ​យើង​ឆ្អែត​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ ឆ្អែត​នៅ​ក្នុង​សុភមង្គល។ ប៉ុន្តែ មិន​មែន​ឆ្អែត​ណែនាំ​ឱ្យ​យើង​ឈឺ ឆ្អែត​ណែនាំ​ឱ្យ​យើង​ពោរពេញ​ទៅ​ដោយ​កម្លាំង ថាមពល ដើម្បី​ប្រកាស​ដំណឹង​ល្អ ដើម្បី​រស់​នៅ​និង​តស៊ូ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ អ្នក​ដែល​កំពុង​យំ​សោក តាម​ពិត​យើង​មិន​ខ្វះ​ទឹក​ភ្នែក​នៅ​ក្នុង​ជីវិត​របស់​យើង ប៉ុន្តែ​យើង​ដឹង​ថា​ព្រះជាម្ចាស់​កែប្រែ​ទឹក​ភ្នែក​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​អស់​កម្លាំង ណែនាំ​ឱ្យ​យើង​កម្សត់​ទុរគត ទៅ​ជា​មនុស្ស​ពោរពេញ​ដោយ​អំណរ​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ថ្ងៃ​នេះ ដែល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ជា​ជំហាន​មួយ​ទៀត​ដើម្បី​ចូល​នៅ​ក្នុង​សុភមង្គល​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ឱ្យ​យើង ដើម្បី​ចូល​នៅ​ក្នុង​ជីវិត​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​ឱ្យ​យើង​នៅ​លើ​ផែនដី​នេះ ប៉ុន្តែ​ដើម្បី​ត្រៀម​ខ្លួន​នៅ​ស្ថាន​បរម​សុខ។ ដូច​យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ទី​២​ថ្ងៃ​នេះ “ដោយសារ​ព្រះយេស៊ូ​មាន​ព្រះជន្ម​ថ្មី​ដ៏​រុង​រឿង​មែន ណែនាំ​ឱ្យ​មនុស្ស​យើង​ទាំង​អស់​ដែល​ស្លាប់​នៅ​លើ​ផែនដី​នេះ បាន​ទទួល​ព្រះជន្ម​ថ្មី​ដ៏​រុង​រឿង​ដែរ​នៅ​ស្ថាន​បរម​សុខ”។ យើង​មាន​យុវជន​យុវនារី​ច្រើន​ដែល​ទទួល​អគ្គ​សញ្ញា​ថ្ងៃ​នេះ សូម​គិត​អំពី​ជីវិត​នៅ​លើ​ផែនដី​នេះ​សិន ដោយ​ដឹង​ថា​អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ល្អ​សព្វ​ថ្ងៃ ជា​មរតក​សម្រាប់​យើង​នៅ​ក្នុង​ថ្ងៃ​អនាគត។ ដោយសារ នៅ​ពេល​យើង​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់ ព្រះអង្គ​នឹង​សួរ​ដល់​យើង តើ​យើង​បាន​ស្រឡាញ់​គេ​ឬទេ? តើ​យើង​បាន​ស្រឡាញ់​ព្រះជាម្ចាស់​អស់​ពី​ដួង​ចិត្ត​ឬទេ? តើ​យើង​បាន​អធិដ្ឋាន​អស់​ពី​ដួង​ចិត្ត​ឬទេ? តើ​យើង​បាន​ជួយ​បង​ប្អូន​ឯទៀតៗ​ឬ​ទេ? តើ​យើង​បាន​ខិត​ខំ​ណែនាំ​ឱ្យ​មនុស្ស​ដែល​កំពុង​ពិបាក មាន​កម្លាំង​សាជាថ្មី​ឬ​ទេ? តើ​យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជម្ងឺ និង​អ្នក​ដែល​មាន​បញ្ហា​នៅ​ក្នុង​ជីវិត​ឬ​ទេ? តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​បង្ហាញ​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង​ឬទេ? នេះ​ជា​សំណួរ​ដែល​យើង​នឹង​ទទួល សំណួរ​នេះ​យើង​ឆ្លើយ​បាទ ចាស យើង​បាន​ខិត​ខំ​ស្រឡាញ់ យើង​បាន​ខិត​ខំ​លើក​លែង​ទោស យើង​បាន​ខិត​ខំ​អធិដ្ឋាន​លុះត្រាតែ​យើង​បាន​ធ្វើ​ពិត​មែន មិន​អាច​និយាយ​កុហក​ទៅ​ព្រះជាម្ចាស់​បាន​ទេ។ ដូច្នេះ នៅ​ពេល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ថ្ងៃ​នេះ ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ ជា​ជីវិត​របស់​ព្រះអង្គ ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់ ជា​សេចក្ដី​ក្លាហាន ជា​ថាមពល ជា​កម្លាំង​របស់​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​យើង​អាច​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ​មែន។ កុំ​ឱ្យ​យើង​ចេះ​តែ​ស្រឡាញ់​ដោយ​បបូរ​មាត់ ប៉ុន្តែ​ឱ្យ​យើង​ចេះ​ស្រឡាញ់​យ៉ាង​ជាក់​ស្ដែង នៅ​ក្នុង​សកម្មភាព​ដែល​យើង​មាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ស្រឡាញ់​ព្រះជាម្ចាស់ ដោយ​ស្ដាប់​ព្រះបន្ទូល ដោយ​អធិដ្ឋាន ដោយ​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត អគ្គ​សញ្ញា​លើក​លែង​ទោស។ ជា​ពិសេស នៅ​ពេល​យើង​ចូល​ក្នុង​រដូវ​៤០​ថ្ងៃ ដើម្បី​កែប្រែ​ចិត្ត​គំនិត​ម្ដង​ទៀត។ ថ្ងៃ​នេះ ប្អូនៗ​ដែល​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដ៏​ពេញ​លក្ខណៈ ជា​ពេល​វេលា​មួយ​ដើម្បី​ទទួល​កម្លាំង​មួយ​ប្លែក​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់ និង​ដើម្បី​អនុវត្ត​ដល់​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ដូច្នេះ ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដល់​យើង “សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ” នៅ​ពេល​ហ្នឹង​យើង​ទទួល​សុភមង្គល​ដ៏​ពិត​ប្រាកដ។ សូម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ សូម​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ដែល​ភ្លឺ​ស្វាង​សម្រាប់​យើង​ផ្ទាល់ សម្រាប់​គ្រួសារ​របស់​យើង និង​សម្រាប់​បងប្អូន​ឯទៀតៗ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ជួនកាល យើង​ភ័យ​ខ្លាច​ដោយ​សារ​ជំងឺ​កូវីដ-១៩​ពី​ប៉ុន្មាន​ឆ្នាំមកហើយ ឥលូវ​នេះ​យើង​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ជា​ទី​ពឹង​មួយ​យ៉ាង​ពិសេស​បំផុត​ដែល​ណែនាំ​ឱ្យ​យើង អាច​ទៅ​មុខ​បន្តិច​ម្តងៗ​នៅ​ក្នុង​ជីវិត​របស់​យើង ណែនាំ​ឱ្យ​យើង​ថែរក្សា​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ជីវិត​របស់​យើង ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​ជំនឿ។ បន្តិច​ទៀត​ខ្ញុំ​ប្រកាស​នៅ​មុខ​ព្រះសហគមន៍ នៅ​មុខ​ព្រះជាម្ចាស់ មុន​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ដែល​ជា​ជីវិត ដែល​ជា​ដង្ហើម​ដ៏​ពេញ​លក្ខណៈ​របស់​ព្រះជាម្ចាស់ ដែល​យាង​ចូល​នៅ​ក្នុង​សួត​របស់​យើង នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង នៅ​ក្នុង​ជីវិត​របស់​យើង ជីវិត​នៃ​ព្រះសហគមន៍​និង​ជីវិត​នៃ​សង្គម។ ថ្ងៃ​នេះ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​គង់​នៅ​ជា​មួយ​យើង ដែល​បាន​ថែរក្សា​យើង ដែល​បាន​ជ្រើស​រើស​យើង ដើម្បី​ឱ្យ​យើង​ធ្វើ​ដំណើរ​នៅ​លើ​ផែនដី​នេះ ដោយ​ត្រៀម​ខ្លួន​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ អាម៉ែន៕ + លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ

បើក​ទំព័រ​ថ្មី​នៃ​ការ​សហការ

អភិបូជា​ប្រសិទ្ធីពរ​លើ​គ្លីនិក​កូមីសូ ធ្វើ​នៅ​គ្លីនិក​កូមីសូ ព្រៃស ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​១ ៨,២២-២៣.២៧-៣០ព្រះ‌អង្គ​រក្សា​សម្ពន្ធ‌មេត្រី។ ១ពង្ស ៨,២ដំណឹងល្អ៖ ម៉ាកុស ៧,១-១៣អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​ពុត។ មក ៧,៦ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​សុំ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​មន្ទីរ​ពេទ្យ​ថ្មី ជា​កន្លែង​មួយ​ដើម្បី​ទទួល​ស្វាគមន៍​អ្នក​ជំងឺ។ តាម​ពិត ពី​ប៉ុន្មាន​ថ្ងៃ​យើង​បាន​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះយេស៊ូ ដែល​ធ្វើ​ដំណើរ​ប្រកាសដំណឹង​ល្អ។ យើង​បាន​ឃើញ ព្រះយេស៊ូ​បាន​ព្យាបាល​ណែនាំ​ឱ្យ​អ្នក​ជំងឺ​យ៉ាង​ច្រើន​បាន​ជា​សះស្បើយ។ ម្សិលមិញ យើង​បាន​ឃើញ​ព្រះយេស៊ូ​ទៅ​កន្លែង​ណា​មួយ មហា​ជន​ក៏​ទៅ​ហ្នឹង​ជា​មួយ​អ្នក​ជំងឺ​គ្រប់​ប្រភេទ។ គេ​គ្រាន់​តែ​ពាល់​តែ​អាវ​របស់​ព្រះយេស៊ូ គេ​ដឹង​ថា​ពិត​មែន​គេ​ជា​សះស្បើយ ព្រះយេស៊ូ​យាង​មក​ដើម្បី​ព្យាបាល​មនុស្ស។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “មនុស្ស​ដែល​អត់​មាន​ជំងឺ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ ប៉ុន្តែ​ខ្ញុំ​មក​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ ខ្ញុំ​មក​ដើម្បី​ព្យាបាល​គេ​ឱ្យ​គេ​ទៅ​ជា​មនុស្ស​ថ្មី”។ មនុស្ស​ថ្មី​នៅ​ក្នុង​ពីរ​វិស័យ គឺ​ទី​មួយ សុខភាព រូប​កាយ​របស់​យើង និង​ទី​ពីរ ផ្លូវ​វិញ្ញាណ ដើម្បី​ព្យាបាល​យើង។ យើង​ដឹង​ថា យើង​មិន​អាច​ព្យាបាល​តែ​រូប​កាយ​ទេ យើង​ត្រូវ​ការ​មើល​មនុស្ស​ដ៏​ពេញ​លក្ខណៈ ទាំង​ព្រលឹង ទាំង​វិញ្ញាណ ទាំង​ចិត្ត ទាំង​កម្លាំង ទាំង​ប្រវត្តិសាស្រ្ត ទាំង​សុខភាព ទាំង​អ្វី​ដែល​មាន​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម ដើម្បី​យល់​អំពី​អ្នក​ជំងឺ និង​ដើម្បី​ណែនាំ​ឱ្យ​អ្នក​ជំងឺ​បាន​ជា​សះស្បើយ។ ខ្ញុំ​សង្ឃឹម​ថា គ្លីនិក​នេះ​នឹង​ទៅ​ជា​កន្លែង​មួយ​ដែល​មិន​មែន​ព្យាបាល​តែ​រូប​កាយ ប៉ុន្តែ​យល់​យ៉ាង​ច្បាស់​លាស់​អំពី​អ្នក​ជំងឺ​ម្នាក់ៗ អំពី​សេចក្ដី​ត្រូវ​ការ​របស់​គាត់ អំពី​បញ្ហា​របស់​គាត់ ដើម្បី​ឱ្យ​គាត់​បាន​ទទួល​ការ​ព្យាបាល​ជា​សះ​ស្បើយ នៅ​ក្នុង​សេចក្ដី​សុខ​សាជាថ្មី ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​ឆ្នាំ​២០២១-២០២៣ ជា​ពេល​វេលា​មួយ​ដើម្បី​នឹក​ឃើញ​ដល់​សន្និបាត​ព្រះសហគមន៍​កាតូលិក ដែល​សម្ដេច​ប៉ាប​បាន​អញ្ចើញ​ឱ្យ​យើង​ចូល​រួម​ទាំង​អស់​គ្នា ក្រោម​ប្រធាន​បទ “ដើរ​រួម​ជា​មួយ​គ្នា”។ ដើរ​រួម​ជា​មួយ​គ្នា ទី​មួយ​ប្រកាស​ដំណឹង​ល្អ ទី​ពីរ​ទៅ​ជា​ធ្លុង​តែ​មួយ និង​ទី​បី​ចូល​រួម​យ៉ាង​សកម្ម។ នេះ​ជា​គោល​ដៅ​របស់​យើង​ទាំង​អស់ យើង​ជា​បូជាចារ្យ យើង​ជា​បងប្រុស​បងស្រី យើង​ជា​គ្រីស្ត​បរិស័ទ យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​ព្រះសហគមន៍។ ជា​ពិសេស ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ដើម្បី​ឱ្យ​យើង​រួម​គ្នា​យើង​ពិចារណា តើ​យើង​ប្រកាស​ដំណឹង​ល្អ​រួម​ជា​មួយ​គ្នា​យ៉ាង​ដូច​ម្ដេច? តាម​រយៈ​ការ​សិក្សា តាម​រយៈ​វិស័យ​សុខភាព តាម​រយៈ​ការ​អភិវឌ្ឍន៍​ជនបទ តាម​រយៈ​វិស័យ​សង្គម​កិច្ច។ ជា​ពេល​វេលា​មួយ​ដែរ ដែល​យើង​អាច​ប្រកាស​ដំណឹង​ល្អ យើង​មិន​ធ្វើ​ទូ​ទៅ ប៉ុន្តែ​យើង​ធ្វើ​ដោយ​នាម​ព្រះយេស៊ូ​ដែល​បាន​អញ្ជើញ​យើង ចាត់​យើង​ឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ។ ហេតុ​នេះ​ហើយ កន្លែង​នេះ​ជា​កន្លែង​មួយ​ដើម្បី​ប្រកាស​ដំណឹង​ល្អ ដោយ​នាម​ជំនឿ​របស់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ។ កន្លែង​នីមួយៗ​ដែល​យើង​មាន​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ទោះបី​យើង​ជួយ​សង្គម​ក៏​ដោយ ក៏​ជា​ឱកាស​មួយ​ដើម្បី​គិត​សាជាថ្មី តាម​រយៈ​កម្មវិធី​ការ​សិក្សា​របស់​ខ្ញុំ តាម​រយៈ​កម្ម​វិធី​អភិវឌ្ឍន៍​ជនបទ តាមរយៈ​កម្មវិធី​សុខភាព តើ​ខ្ញុំ​ជា​សាក្សី​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​ណែនាំ​ឱ្យ​អ្នក​តូច​តាច ជា​ពិសេស​អ្នក​ដែល​គ្មាន​សេចក្ដី​សង្ឃឹម ឬ​ខ្វះ​ទី​ពឹង​អាច​រក​ឃើញ​ផ្លូវ​ថ្មី​នៅ​ក្នុង​ជីវិត​របស់​គាត់ និង​ទទួល​ពន្លឺ​ថ្មី ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ។ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​នេះ យើង​បាន​និយាយ​អំពី​ធ្លុង​តែ​មួយ ខ្ញុំ​គិត​ថា​នេះ​ជា​ពេល​វេលា​មួយ​ដើម្បី​គិត​សាជាថ្មី​ដែរ។ ជា​មូល​ហេតុ​ដែល​យើង​មក​នៅ​ប្រទេស​កម្ពុជា ក្រុម KMS ក្ដី MEP​ក្ដី យ៉េអូម៉ាល់​ក្ដី ក្រុម​សាសន​ទូត​នីមួយៗ ដើម្បី​កសាង​ព្រះសហគមន៍​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ។ ភូមិ​ភាគ​យើង​ប្លែក ដោយសារ​យើង​មាន​សានស​ទូត​ជិត​២០០​នាក់ មក​ពី​ជាង​២០​ប្រទេស យើង​មាន​អ្នក​ដែល​ជា​កូន​ចៅ​យើង ធ្វើ​ជា​បង​ស្រី​ឬ​ជា​បូជាចារ្យ​តិច​ណាស់។ យើង​មាន​តិច ដែល​ជា​បូជាចារ្យ ដែល​ជា​បង​ស្រី មក​ពី​ប្រទេស​យើង។ ហេតុ​នេះ​ហើយ តួនាទី​របស់​យើង​គឺ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឱ្យ​គ្រីស្ត​បរិស័ទ​ខ្មែរ​យើង អាច​យល់​ថា​ព្រះសហគមន៍​ខ្មែរ​ជា​ព្រះសហគមន៍​របស់​គេ ជា​ផ្ទះ​របស់​គេ។ ដូច្នេះ នេះ​ជា​គោល​ដៅ​របស់​យើង​ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​លោក​អភិបាល ធ្វើ​ដំណើរ​ជា​មួយ​លោក​អភិបាល​ជា​ធ្លុង​តែ​មួយ។ មាន​ន័យ​ថា យើង​ទាំង​អស់​យើង​ជា​បព្វ​ជិត​បព្វ​ជីតា ជា​ក្រុម​សាសន​ទូត​ទាំង​អស់ យើង​ជា​គ្រីស្ត​បរិស័ទ យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដោយ​ចែក​រំលែក​បទ​ពិសោធន៍​រួម​ជា​មួយ​គ្នា យើង​មាន​កន្លែង​ដើម្បី​ចែក​រំលែក។ សព្វ​ថ្ងៃ យើង​មាន​បព្វ​ជិត​បព្វ​ជីតា​មួយ​ចំនួន​ដែល​ចូល​នៅ​ប្រទេស​កម្ពុជា ជា​លក្ខណៈ​អង្គការ ដូច​ជា ដុនបូស្កូ MC DC និង KMS តាម​រយៈ​កូមីសូ ជាដើម។ ដូច្នេះ យើង​ជា​បព្វ​ជិត​បព្វ​ជីតា​ដែល​ចូល​យ៉ាង​ជិត​ស្និទ្ធ​នៅ​ក្នុង​សង្គម តាម​រយៈ​សកម្មភាព​របស់​យើង។ ប៉ុន្តែ យើង​មាន​កន្លែង​មួយ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ដើម្បី​ជួប​ជុំ​គ្នា​ដែរ យើង​មាន​សម្ព័ន្ធ​កាតូលិក​ដើម្បី​អភិវឌ្ឍន៍​និង​មេត្តា​ករុណា ដែល​យើង​ប្រជុំ​មួយ​ឆ្នាំ​៤​ដង។ ទោះ​បី​មាន​កូវីដ-១៩ ឬ​អត់​កូវីដ-១៩ យើង​មាន​ប្រជុំ​មួយ​ឆ្នាំ​៤​ដង ដើម្បី​ជួប​ជុំ​គ្នា​ជា​មួយ​បព្វ​ជិត​បព្វ​ជីតា ដែល​ធ្វើ​ការ​តាម​វិស័យ​នីមួយៗ ជា​មួយ​ការិយាល័យ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ជា​មួយ​អង្គការ​ការីតាស ដែល​ជា​អង្គការ​កាតូលិក​សំខាន់​ណាស់​នៅ​ក្នុង​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សព្វ​ថ្ងៃ យើង​មាន​ទំនាក់​ទំនង​និង​មាន​អនុស្សរណៈ​នៃ​ការ​យោគ​យល់ (MOU) ជា​មួយ​ក្រសួង​ចំនួន​៧។ ណែនាំ​ឱ្យ​យើង​ជា​គ្រួសារ​តែ​មួយ ដើម្បី​ចែក​បទ​ពិសោធន៍ ចែក​រំលែក និង​ខិត​ខំ​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​ការ​ចូល​រួម។ យើង​មិន​មែន​ជា​គ្រួសារ​មួយ​នៅ​ដោយ​ឡែក​ពី​គ្នា រៀងៗ​ខ្លួន​យើង​ធ្វើ​សកម្មភាព​របស់​យើង យើង​ជា​គ្រួសារ​មួយ​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក យើង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក។ ហេតុ​នេះ​ហើយ វត្តមាន​របស់​ខ្ញុំ​ថ្ងៃ​នេះ​សំខាន់​ណាស់ ខ្ញុំ​សង្ឃឹម​ថា​វត្តមាន​របស់​ខ្ញុំ​ថ្ងៃ​នេះ មិន​មែន​តែ​មក​ឱ្យ​ព្រះពរ។ វត្តមាន​របស់​ខ្ញុំ គឺ​ដើម្បី​យល់​ថា​យើង​ធ្វើ​ការ​ជា​មួយ​គ្នា យើង​សហការ​ជា​មួយ​គ្នា នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​យើង​មាន​ការិយាល័យ​សុខភាព សំខាន់​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា នៅ​ក្នុង​វិស័យ​សុខភាព រួម​ជា​មួយ​ភូមិភាគ​ភ្នំពេញ។ ទោះ​បី យើង​ដឹង​ថា​កន្លែង​នេះ​មាន​ទី​តាំង​ដោយ​ឡែក​សព្វ​ថ្ងៃ តែ​យើង​ដឹង​ថា​នៅ​ថ្ងៃ​អនាគត​វា​នឹង​នៅ​កណ្ដាល​ទីក្រុង ដូច​ដុនបូស្កូ​សំរោងអណ្តែង​ពីដើម។ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​មិន​មែន​ឆ្ងាយ​ពី​គេ​ដោយសារ​ទី​តាំង កុំ​ឱ្យឆ្ងាយ​ពី​គេ​ដោយសារ​យើង​ខ្វះ​ទំនាក់​ទំនង រួម​ជា​មួយ​ភូមិភាគ​ភ្នំពេញ និង​រួម​ជា​មួយ​ការិយាល័យ​សុខភាព​របស់​ព្រះសហគមន៍​យើង។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថ្ងៃ​នេះ​វត្តមាន​របស់​ខ្ញុំ គឺ​ណែនាំ​ឱ្យ​យើង​យល់​ថា យើង​ធ្វើ​ការ​តាម​វិស័យ​សុខភាព​យ៉ាង​ច្រើន ការីតាស​និង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ដែល​មាន​គម្រោង​ការ​រៀប​ចំ​មន្ទីរ​ពេទ្យ​មួយ​ដែរ។ សព្វ​ថ្ងៃ យើង​មាន​សន្ត​លូកា សន្តី​អេលីសាប៊ែត ជា​កន្លែង​តែ​មួយ​នៅ​ព្រះសហគមន៍​បឹងទំពន់ យើង​មាន​សន្ត​បឺន័រ​សម្រាប់​ត្រចៀក នៅ​ក្នុង​អគារ​កូរ៉េ​ភ្នំពេញ​ថ្មី។ ដូច្នេះ យើង​ដឹង​ថា​វិស័យ​សុខភាព​អាច​ទៅ​មុខ លុះត្រាតែ​យើង​ធ្វើ​ការ​ជា​មួយ​គ្នា សហការ​ជា​មួយ​គ្នា នេះ​ជា​អ្វី​ដែល​សំខាន់។ ថ្ងៃ​នេះ ខ្ញុំ​សង្ឃឹម​ថា​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​យើង​ទាំង​អស់​គ្នា ដើម្បី​បើក​ទំព័រ​ថ្មី​មួយ​នៅ​ក្នុង​ការ​សហការ នៅ​ក្នុង​ការ​យល់​ដឹង​អំពី​តួនាទី​របស់​យើង។ ជា​សាសន​ទូត ជា​បូជាចារ្យ ជា​បង​ស្រី ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ​របស់​ព្រះជាម្ចាស់ តាម​វិស័យ​នីមួយៗ​នៅ​ក្នុង​សង្គម។ ប៉ុន្តែ ណែនាំ​ឱ្យ​ពន្លឺ​របស់​ព្រះយេស៊ូ​អាច​បំភ្លឺ​ដល់​បង​ប្អូន​យ៉ាង​ច្រើន និង​ទទួល​ជីវិត​ថ្មី​ដើម្បី​ទៅ​មុខ ដើម្បី​ទៅ​ជា​ពលរដ្ឋ​ដែល​ពោរពេញ​ដោយ​សុខភាព​ល្អ ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម ពោរពេញ​ដោយ​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​កសាង​គ្រួសារ ដើម្បី​កសាង​សង្គម​របស់​យើង និង​ដើម្បី​កសាង​ព្រះសហគមន៍​របស់​យើង។ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​យើង​ជួប​ជុំ​គ្នា​នៅ​ទី​នេះ ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​ថ្មី ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​គ្រួសារ​តែ​មួយ ដែល​ជា​គ្រួសារ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ។ ដើម្បី​ឱ្យ​យើង​រួម​គ្នា​ណែនាំ​ឱ្យ​ព្រះរាជ​របស់​ព្រះជាម្ចាស់ កើត​ឡើង​យ៉ាង​ជាក់​ស្ដែង​លើ​ទឹក​ដី​របស់​យើង ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ អាម៉ែន៕ + លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ

យើង​ជា​សាក្សី​របស់​ព្រះយេស៊ូ

អភិបូជា​បិទ​កម្មវិធី​បូជនីយ៍ចរ ធ្វើ​នៅ​កសិដ្ឋាន​ឋាន​សួគ៌ ភ្នំវល្លិ៍ ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៦,១-២ក.៣-៨តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង? អស ៦,៨អត្ថបទ​ទី២៖ កូរិនថូសទី១ ១៥,១-១១បង‌ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម‌រយៈ​ដំណឹង‌ល្អ។ ១ករ ១៥,២ដំណឹងល្អ៖ លូកា ៥,១-១១គេ​បោះ‌បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ លក ៥,១១ បង​ប្អូន​ជា​ទី​ស្រឡាញ់ “សូម​ឱ្យ​នាំ​គ្នី​គ្នា​ច្រៀង​រាំ តម្កើង​កិច្ចការ ថា​ព្រះអម្ចាស់​រុង​រឿង​អស្ចារ្យ ឧត្ដម​ថ្លៃ​ថ្លា​បំផុត​គ្មាន​ពីរ” ពី​យប់​មិញ​យើង​បាន​រាំ យើង​បាន​ច្រៀង ប៉ុន្តែ​មិន​មែន​តែ​រាំ​ច្រៀង​ដើម្បី​សប្បាយៗ​គ្នា​យើង រាំ​ច្រៀង​ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ នៅ​ពេល​យើង​ដើរ យើង​នឿយ​ហត់ ក្ដៅ​ផង សប្បាយ​ផង ឈឺ​ជើង​ផង ជាប់​សាច់​ដុំ​ផង… យើង​ដឹង​ថា​យើង​បាន​ដើរ​នៅ​ក្នុង​ការ​តស៊ូ យើង​បាន​បែក​ញើស​នៅ​ក្នុង​ការ​តស៊ូ។ ប៉ុន្តែ យើង​ក៏​មាន​ពេល​ដើម្បី​អធិដ្ឋាន ដើម្បី​សូត្រ​ផ្គាំ ដើម្បី​សម្លឹង​មើល​ទេសភាព​យ៉ាង​ពិសេស ដែល​មាន​នៅ​ក្នុង​តំបន់​ភ្នំ​វល្លិ៍​នេះ ដែល​ជា​ស្នាដៃ​របស់​ព្រះជាម្ចាស់។ ហេតុ​នេះ​ហើយ យប់​មិញ​នៅ​ពេល​យើង​សប្បាយ​រួម​គ្នា ជា​ពេល​វេលា​មួយ​ដើម្បី​បង្ហាញ​អំណរ​សប្បាយ​ដែល​យើង​មាន។ ដោយសារ ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង ព្រះជាម្ចាស់​ស្រឡាញ់​យើង។ បង​ប្អូន​ដែល​ជា​យុវជន​យុវនារី ដែល​បាន​ចូល​ជា​មួយ​យើង​រយៈ​ពេល​ពីរ​ថ្ងៃ ក៏​ដូច​ជា​បង​ប្អូន​យុវជន​យុវនារី​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ដែល​ភ្ជាប់​ជា​មួយ​ឆ្នាំ​សិក្សា​ថ្មី ដែល​ភ្ជាប់​នៅ​ក្នុង​ឆ្នាំ​សកម្មភាព​នៅ​ក្នុង​ព្រះសហគមន៍​ថ្មី។ ដោយសារ ពេល​វេលា​ប្រែប្រួល​អស់​ហើយ ព្រោះ​តែ​កូវីដ-១៩ ជា​កម្លាំង​ដែល​យើង​ទទួល​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត។ ពី​ម្សិល​មិញ យើង​បាន​ឃើញ​ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះជាម្ចាស់​ស្រឡាញ់​យើង និង​ព្រះជាម្ចាស់​មាន​គម្រោងការ​តែ​មួយ​គឺ​ណែនាំ​ឱ្យ​យើង​ទាំង​អស់​គ្នា ពោរពេញ​ដោយ​សុភមង្គល។ ថ្ងៃ​នេះ យើង​បាន​ឃើញ​ព្រះយេស៊ូ​កំពុង​ត្រាស់​ហៅ​សាវ័ក ពី​សម័យ​ដើម​ព្រះយេស៊ូ​នៅ​ក្នុង​សមុទ្រ​ទីបេរីយ៉ា ក្នុង​ប្រទេស​អ៊ីស្រាអែល។ ប៉ុន្តែ តាម​ពិត​យើង​ដឹង​ថា​ពី​ម្សិលមិញ​យើង​ឃើញ​នៅ​ក្នុង​វិហារ​យើង មាន​កញ្ចក់​មួយ​ផ្ទាំង​ដែល​មាន​រូប​ព្រះយេស៊ូ ដែល​កំពុង​ត្រាស់​ហៅ​សាវ័ក​នៅ​សមុទ្រ​កែប​និង​ភ្នំ​បូកគោ។ ដោយសារ អ្វី​ដែល​កើត​ឡើង​២០០០​ឆ្នាំ​មុន​នៅ​ស្រុក​កាលីឡេ គឺ​កើត​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ព្រះយេស៊ូ​ត្រាស់​ហៅ​យើង​សព្វ​ថ្ងៃ ព្រះយេស៊ូ​ចង់​ឱ្យ​យើង​ទាំង​អស់​គ្នា​ធ្វើ​ដំណើរ​រួម​ជា​មួយ​ព្រះអង្គ។ សំណួរ​ដែល​យើង​ត្រូវ​ការ​ទុក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​គឺ តើ​យើង​សុខ​ចិត្ត​លះ​បង់​ចោល​អ្វីៗ​ទាំង​អស់ ដើម្បី​ដើរ​តាម​ព្រះយេស៊ូ​ដែរ​ឬទេ? ប្រសិន​បើ យើង​សុខ​ចិត្ត​យើង​ថា​ទាំង​អស់​គ្នា​យើង​ទៅ​ជា​បង​ប្រុស​បង​ស្រី ជា​បូជាចារ្យ ប៉ុន្តែ​​យើង​ជា​គ្រីស្ត​បរិស័ទ​ធម្មតា យើង​ក៏​ត្រូវ​តែ​ធ្វើ​ជា​សាក្សី​អំពី​ជំនឿ​ដែល​យើង​បាន​ទទួល សាក្សី​អំពី​កម្លាំង​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ សាក្សី​អំពី​សេចក្ដី​ស្រឡាញ់។ យើង​បាន​ចាប់​អារម្មណ៍​អំពី​អត្ថបទ​ទី​២ លោក​ប៉ូល​គាត់​ផ្ដល់​សក្ខីភាព​អំពី​អ្វី​ដែល​គាត់​បាន​ស្ដាប់ ពី​សាក្សី​បន្ទាល់​ដែល​បាន​ឃើញ​ព្រះយេស៊ូ​ផ្ទាល់។ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត ព្រះយេស៊ូ​បាន​ចូល​នៅ​ក្នុង​ផ្នូរ ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ លោក​ប៉ូល​បាន​ស្ដាប់​ពី​គេ ដោយសារ​លោក​ប៉ូល​អត់​ដែល​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម។ លោក​ប៉ូល​ស្ដាប់​ពី​គេ មាន​ខ្លះ​គេ​ស្លាប់​ហើយ​ប៉ុន្តែ​គេ​បន្ត​ផ្ដល់​សក្ខីភាព​តៗ​គ្នា សព្វ​ថ្ងៃ​ដល់​យើង​នៅ​ប្រទេស​កម្ពុជា ដល់​យើង​ជា​យុវជន​យុវនារី​នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ។ ផ្ដល់​សក្ខីភាព​តៗ​គ្នា ជាង​២០០០​ឆ្នាំ​ដែល​ក្រុម​គ្រីស្ត​ទូត​បាន​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់ ដែល​បាន​ស្ដាប់​ព្រះយេស៊ូ​ផ្ទាល់ ដែល​មើល​ឃើញ​ព្រះយេស៊ូ​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង​ផ្ទាល់ ដែល​បាន​ឃើញ​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ផ្ទាល់។ ក្រោយ​មក គេ​ចាប់​ផ្ដើម​ផ្ដល់​សក្ខីភាព​តៗ​គ្នា​ដោយ​ស្ដាប់ ដូច​យើង​កំពុង​ស្ដាប់​ដែរ យើង​ស្ដាប់​លោក​តា​លោក​យាយ​ដែល​ផ្ដល់​សក្ខីភាព អំពី​ជីវិត​មុន​សម័យ​ប៉ុល ពត អំពី​ជីវិត​នៅ​ក្នុង​សម័យ​ប៉ុល ពត អំពី​ជីវិត​នៅ​ក្នុង​សម័យ​ក្រោយ​ប៉ុល ពត យើង​ស្ដាប់​ឪពុក​ម្ដាយ​ដែល​ផ្ដល់​សក្ខីភាព។ ដូច្នេះ សម្រាប់​យើង​ថ្ងៃ​នេះ​ទោះ​បី​យើង​នៅ​ក្មេង​ក៏​ដោយ យើង​ទទួល​តួនាទី​មួយ​យ៉ាង​ពិសេស គឺ​យើង​ជា​សាក្សី​ដែល​ផ្ដល់​សក្ខីភាព​អំពី​ព្រះយេស៊ូ ដែល​គង់​នៅ​ជា​មួយ​យើង​សព្វ​ថ្ងៃ។ បទ​ពិសោធន៍​ដែល​យើង​មាន​ប៉ុន្មាន​ថ្ងៃ​កន្លង​មក គឺ​ជា​បទ​ពិសោធន៍​ដែល​ណែនាំ​ឱ្យ​យើង​មាន​អំណរ​សប្បាយ​រួម​គ្នា។ ប៉ុន្តែ អំណរ​សប្បាយ​នេះ​មិន​មែន​ជា​អំណរ​សប្បាយ​ដែល​មក​ពី​លោកីយ ជា​អំណរ​សប្បាយ​ដែល​មាន​ដោយសារ​យើង​ជួប​ជុំ​គ្នា​ដោយ​នាម​ព្រះជាមា្ចស់។ ពេល​យើង​ចាប់​ផ្ដើម​ប្រមូល​យុវជន​យុវនារី​តាម​កន្លែង​នីមួយៗ ជា​របៀប​ដែល​យើង​ត្រាស់​ហៅ​ដែរ ជា​របៀប​ព្រះយេស៊ូ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​យើង​ដែរ។ តាមរយៈ ការិយាល័យ​យុវជន តាមរយៈ​លោក​ឪពុក ដែល​បាន​ប្រមូល និង​យើង​បាន​ឆ្លើយ​តប​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម​។ យើង​បាន​ទុក​ចោល​តួនាទី ការងារ ការ​សិក្សា​របស់​យើង ពីរ​បី​ថ្ងៃ ដើម្បី​ជួប​ជុំ​គ្នា​នៅ​កំពត ដើម្បី​ដើរ​រួម​គ្នា ដើម្បី​ស្ដាប់​ព្រះបន្ទូល ដើម្បី​បង្កើត​ទំនាក់​ទំនង​ជា​មួយ​មិត្ត​សម្លាញ់​ថ្មី ដើម្បី​មើល​ឃើញ​ស្នាព្រះហស្ត​របស់​ព្រះជាម្ចាស់ ដែល​បាន​បង្កើត​ពិភព​លោក​ទាំង​មូល។ យើង​បាន​លះ​បង់​ចោល សុខ​ចិត្ត​ដើរ​ជា​មួយ​ព្រះយេស៊ូ​នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ។ នៅ​ពេល​យើង​ត្រឡប់​ទៅ​វិញ នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង​ផ្ទាល់ ឱ្យ​យើង​បន្ត​ធ្វើ​ជា​សាក្សី​ដែល​យើង​ទទួល​សក្ខីភាព​យើង ទទួល​តួនាទី​មួយ​សំខាន់ គឺ​យើង​ផ្ដល់​សក្ខីភាព​ដល់​យុវជន​តៗ។ មាន​ប៉ុន្មាន​កន្លែង​ដែល​យុវជន​ចង់​មក​ច្រើន ដូច្នេះ​យើង​ជា​តំណាង​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស ពេល​យើង​ទៅ​វិញ​ឱ្យ​យើង​គិត​ជា​មួយ​លោក​ឪពុក ជា​មួយ​បងប្រុស​បងស្រី តើ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ប្រមូល​យុវជន​យុវនារី​យើង​តៗ? កុំ​ឱ្យ​កម្លាំង​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ជា​កម្លាំង​ណែនាំ​ឱ្យ​យើង​សប្បាយ​មែន ណែនាំ​ឱ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​មែន ប៉ុន្តែ​ក្រោយ​មក​បន្តិច​ម្ដងៗ​វា​ចុះ​ទៅៗ។ ផ្ទុយ​ទៅ​វិញ ឱ្យ​វា​រីក​ចម្រើន​ទៅៗ​ដើម្បី​ណែនាំ​ឱ្យ​កន្លែង​នីមួយៗ ដឹង​ថា​នៅ​ក្នុង​ភូមិភាគ​យើង យើង​មាន​ព្រះវិហារ​៥០​កន្លែង​ដែល​មាន​យុវជន​យុវនារី ដែល​ចង់​ស្ដាប់​ដំណឹង​ល្អ ដូច​ពី​ដើម​លោក​ប៉ូល​ណែនាំ​ឱ្យ​ដំណឹង​ល្អ​ទៅ​គ្រប់​ទី​កន្លែង។ តាម​ពិត យើង​ទាំង​អស់​គ្នា​យើង​ជា​គ្រីស្ត​ទូត​តូច​មួយ ប៉ុន្តែ​មិន​មែន​តូច​ដោយសារ​យើង​អត់​មាន​អំណាច អត់​មាន​ឋានៈ យើង​ជា​គ្រីស្ត​ទូត​ដ៏​តូច​មួយ​ពោរពេញ​ដោយ​អត្ថន័យ។ ដែល​ណែនាំ​ឱ្យ​ព្រះបន្ទូល​ទៅ​មុខ​បាន ដែល​ណែនាំ​ឱ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ទៅ​ដល់​គ្រប់​ទី​កន្លែង។ អាទិត្យ​មុន ខ្ញុំ​បាន​ស្ដាប់​ក្រុម​ជំទង់​ដែល​ថា យើង​ខិត​ខំ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ យើង​ខិត​ខំ​បម្រើ​អសានៈ យើង​ខិត​ខំ​ច្រៀង យើង​ខិត​ខំ​សម្អាត​បរិវេណ​ព្រះវិហារ គេ​បាន​ផ្តល់​សក្ខីភាព​របស់​គេ។ យើង​ជា​យុវជន​យុវនារី​នៅ​ទី​នេះ តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឱ្យ​សេចក្ដី​ស្រឡាញ់​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ អាច​ទៅ​ជា​សេចក្ដី​ស្រឡាញ់​សម្រាប់​បង​ប្អូន​ឯទៀតៗ? ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ព្រះជាម្ចាស់​ណែនាំ​ឱ្យ​យើង​ទៅ​ជា​សាក្សី​នៃ​សេចក្ដី​ស្រឡាញ់។ ហេតុ​នេះ​ហើយ ពេល​យើង​ទៅ​វិញ​ឱ្យ​យើង​ប្រមូល​យុវជន​យុវនារី​របស់​យើង ដើម្បី​បន្ត​រស់​នៅ​ក្នុង​អំណរ​សប្បាយ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ណែនាំ​ឱ្យ​ជីវិត​របស់​យើង​ទៅ​ជា​មាន​សេចក្ដី​សុខ និង​មាន​សុខដុមរមនា។ យើង​ជា​និស្សិត យើង​ជា​សិស្ស​សាលា យើង​ជា​អ្នក​ធ្វើ​ការ នេះ​ជា​ជីវិត​ធម្មតា​របស់​យើង ប៉ុន្តែ​ជីវិត​ធម្មតា​របស់​យើង​ទទួល​ពន្លឺ​ពី​ព្រះជាម្ចាស់​ផ្ទាល់ ពន្លឺ​ពី​សេចក្ដី​ស្រឡាញ់​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់។ ហេតុ​នេះ​ហើយ យើង​បាន​នឹក​ឃើញ​ក្នុង​ជីវិត​របស់​យើង យើង​មាន​ជីវិត​ធម្មតា ប៉ុន្តែ​យើង​មាន​សេចក្ដី​ស្រឡាញ់​តាម​រយៈ​វិន័យ​របស់​លោក​ម៉ូសេ​ទាំង​១០​ប្រការ។ ប៉ុន្តែ តាម​រយៈ​វិន័យ​របស់​ព្រះយេស៊ូ “សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ”។ ព្រះយេស៊ូ​បាន​ស្រឡាញ់​យើង​រហូត​ដល់​បូជា​ជីវិត​នៅ​លើ​ឈើ​ឆ្កាង ប៉ុន្តែ​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ទាំង​អស់​ទៅ​ជា​សាក្សី​នៃ​សេចក្ដី​ស្រឡាញ់​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដូច្នេះ ខ្ញុំ​សូម​អញ្ជើញ​ឱ្យ​បង​ប្អូន​ទាំង​អស់​គ្នា ខិត​ខំ​អស់​ពី​សមត្ថភាព យើង​បាន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ថ្ងៃ​នេះ “កុំ​ខ្លាច​អី ខ្ញុំ​ណែនាំ​ឱ្យ​អ្នក​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ”។ យើង​ទាំង​អស់​គ្នា​យើង​ជា​អ្នក​នេសាទ មិន​មែន​នេសាទ​ត្រី មិន​មែន​នេសាទ​មនុស្ស​ដោយ​ចាប់​គេ​ឱ្យ​គេ​បាត់​បង់​សេរីភាព។ ផ្ទុយ​ទៅ​វិញ នេសាទ​មនុស្ស​ដោយ​ផ្ដល់​សក្ខីភាព ដើម្បី​ឱ្យ​មនុស្ស​មួយ​ចំនួន​យ៉ាង​ធំ អាច​ស្ដាប់​ដំណឹង​ល្អ​ដែល​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​ថ្មី ដើម្បី​រស់​នៅ​ជា​មនុស្ស​យ៉ាង​ត្រឹម​ត្រូវ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ខ្ញុំ​អធិដ្ឋាន​ទូល​អង្វរ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ សម្រាប់​យុវជន​យុវនារី​ដែល​នៅ​ទី​នេះ ដែល​ជា​គ្រីស្ត​ទូត ដែល​ជា​កីឡាករ​របស់​ព្រះជាម្ចាស់ ដែល​ជា​ទាហាន​របស់​ព្រះជាម្ចាស់ ដែល​តស៊ូ​ជានិច្ច ដែល​ដើរ​ជានិច្ច ទៅ​មុន​ជានិច្ច។ ណែនាំ​ទៅ​យុវជន​ថែម​ទៀត អាច​ទទួល​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​គង់​នៅ អំពី​ព្រះជាម្ចាស់​ដែល​បាន​បង្កើត​យើង អំពី​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ពិភព​លោក​ទាំង​មូល​ដើម្បី​ឱ្យ​យើង​គ្រប់​គ្រង ដើម្បី​ឱ្យ​យើង​រស់​នៅ​ជា​គ្រួសារ​តែ​មួយ​ដែល​ពោរពេញ​ដោយ​កម្លាំង​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ សូម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​គង់​នៅ​ជា​មួយ​យុវជន​យុវនារី​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ដើម្បី​ឱ្យ​ឆ្នាំ​២០២២​នេះ ទៅ​ជា​ឆ្នាំ​ដែល​យើង​ដើរ​រួម​ជា​មួយ​គ្នា ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ដែល​យើង​ទាំង​អស់​គ្នា ចូល​រួម​យ៉ាង​សកម្ម​បំផុត ដើម្បី​ឱ្យ​ព្រះសហគមន៍​យើង​រី​កចម្រើន និង​ឱ្យ​សង្គម​យើង​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម​ថែម​ទៀត។ រីក​ចម្រើន​លូត​លាស់ ដើម្បី​ទៅ​ជា​សង្គម​ដែល​ទទួល​សេចក្ដី​ស្រឡាញ់ ទទួល​យុត្តិធម៌​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​យើង​ដឹង​ថា យើង​ជា​សាក្សី​របស់​ព្រះយេស៊ូ ដែល​សោយ​ទិវង្គត​និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះយេស៊ូ​ដែល​គង់​នៅ​សព្វ​ថ្ងៃ

Subscribe to our newsletter

Don't miss new updates on your email